ចូរប្រយ័ត្ននឹង«សំឡេងរបស់មនុស្សដទៃ»
«វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ»។—យ៉ូហាន ១០:៥
១, ២. (ក) នៅពេលដែលព្រះយេស៊ូហៅម៉ារាតាមឈ្មោះនោះ តើនាងមានប្រតិកម្មយ៉ាងណា? ហើយតើព្រឹត្ដិការណ៍នេះបញ្ជាក់អំពីពំនោលអ្វី ដែលព្រះយេស៊ូមានបន្ទូលមុនព្រឹត្ដិការណ៍នោះកើតឡើង? (ខ) តើអ្វីនឹងជួយយើងឲ្យស្ថិតនៅជិតព្រះយេស៊ូ?
ក្រោយពីព្រះយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញនោះ ទ្រង់បានឃើញស្ត្រីម្នាក់ឈរនៅក្បែររូងព្រះសពរបស់ទ្រង់ដែលនៅទទេ។ ព្រះយេស៊ូស្គាល់នាងយ៉ាងច្បាស់ នាងគឺម៉ារា ម៉ាក់ដាឡា។ ជិតពីរឆ្នាំមុននោះព្រះយេស៊ូបានប្រោសនាងឲ្យរួចពីឥទ្ធិពលនៃបិសាចដែលចូលខ្លួននាង។ តាំងពីពេលនោះមក នាងបានដើរជាមួយនឹងព្រះយេស៊ូនិងសាវ័ករបស់ទ្រង់ ទាំងជួយធ្វើការផងដែរ។ (លូកា ៨:១-៣) ក៏ប៉ុន្តែ នៅថ្ងៃនោះព្រះយេស៊ូបានឈរមើលនាងកំពុងតែយំសោកដោយព្រោះបានឃើញព្រះយេស៊ូសោយទិវង្គតតែបាត់ព្រះសពទ្រង់ទៀត! ដូច្នេះ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ! ហេតុអ្វីបានជាយំ? នាងរកអ្នកណា?»។ ដោយសារនាងស្មានថាទ្រង់ជាអ្នកថែសួនច្បារនោះ នាងនិយាយឆ្លើយថា៖ «លោកនាយអើយ! បើលោកបានយកព្រះសពចេញទៅឯណា នោះសូមប្រាប់ខ្ញុំ ឲ្យដឹងកន្លែងដែលបានទុកផង ខ្ញុំនឹងទៅនាំយកទៅ»។ ស្រាប់តែព្រះយេស៊ូមានបន្ទូលថា៖ «ម៉ារាអើយ!»។ មួយរំពេចនោះនាងស្គាល់សំឡេងរបស់ព្រះយេស៊ូហើយលាន់មាត់ដោយក្ដីអំណរថា៖ «លោកគ្រូអើយ!» ហើយនាងក៏មកឱបទ្រង់។—យ៉ូហាន ២០:១១-១៨
២ កំណត់ហេតុនេះធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅក្នុងចិត្តហើយក៏បង្ហាញយ៉ាងជាក់ស្តែងពីអ្វីដែលព្រះយេស៊ូបានមានបន្ទូលយូរបន្ដិចមុនពេលនោះ។ ព្រះយេស៊ូបានប្រៀបធៀបអង្គទ្រង់ទៅនឹងអ្នកគង្វាល ហើយអ្នកកាន់តាមទ្រង់ប្រៀបនឹងសត្វចៀម។ ព្រះយេស៊ូមានបន្ទូលថា អ្នកគង្វាលហៅចៀមតាមឈ្មោះនិមួយៗ ហើយចៀមក៏ស្គាល់សំឡេងទ្រង់។ (យ៉ូហាន ១០:៣, ៤, ១៤, ២៧, ២៨) ប្រាកដហើយ ម៉ារាបានស្គាល់ព្រះគ្រីស្ទជាអ្នកគង្វាលរបស់នាង ដូចសត្វចៀមដែលស្គាល់អ្នកគង្វាលពិត។ អ្នកកាន់តាមព្រះយេស៊ូនៅសព្វថ្ងៃនេះក៏ស្គាល់ទ្រង់ជាអ្នកគង្វាលដែរ។ (យ៉ូហាន ១០:១៦) ដូចសត្វចៀមដែលចេះតែនៅជិតអ្នកគង្វាលដោយសារស្គាល់សំឡេងគាត់ នោះយើងមានសមត្ថភាពវែកញែកខាងវិញ្ញាណដែលជួយយើងឲ្យដើរតាមលំអានរបស់ព្រះយេស៊ូគ្រីស្ទជាអ្នកគង្វាលល្អ។—យ៉ូហាន ១៣:១៥; យ៉ូហានទី១ ២:៦; ៥:២០
៣. រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីចៀមមួយហ្វូងនោះ តើបង្កើតឲ្យមានសំនួរអ្វីខ្លះ?
៣ ក៏ប៉ុន្តែ យោងទៅតាមរឿងប្រៀបប្រដូចនោះ សមត្ថភាពរបស់សត្វចៀមក្នុងការស្គាល់សំឡេងមនុស្សក៏អាចជួយវាឲ្យស្គាល់មិត្តផងនិងបច្ចាមិត្តដែរ។ នេះគឺសំខាន់មែន ពីព្រោះយើងមានអ្នកប្រឆាំងដែលលាក់កំនួច។ តើអ្នកណាជាអ្នកប្រឆាំងនោះ? តើពួកគេប្រព្រឹត្តយ៉ាងណា? តើយើងអាចការពារខ្លួនបានយ៉ាងណា? ដើម្បីឲ្យដឹង យើងសូមមើលរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូបន្ថែមទៅទៀតអំពីចៀមមួយហ្វូង។
‹អ្នកដែលចូលទៅក្នុងក្រោលចៀមមិនមែនតាមទ្វារ›
៤. យោងទៅតាមរឿងប្រៀបប្រដូចអំពីអ្នកគង្វាល តើហ្វូងចៀមដើរតាមអ្នកណា? ហើយតើវាមិនព្រមតាមអ្នកណា?
៤ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកដែលចូលតាមទ្វារ នោះជាអ្នកគង្វាលចៀមពិត។ អ្នកឆ្មាំទ្វារក៏បើកឲ្យអ្នកនោះ ហើយហ្វូងចៀមស្ដាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានិមួយៗនាំចេញទៅក្រៅ។ កាលបានបញ្ចេញចៀមខ្លួនទៅក្រៅអស់ហើយ នោះគាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់។ វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ»។ (យ៉ូហាន ១០:២-៥) សូមកត់សម្គាល់ថា ព្រះយេស៊ូប្រើពាក្យ«សំឡេង»បីដង។ ទ្រង់មានបន្ទូលពីរដងអំពីសំឡេងរបស់អ្នកគង្វាល តែលើកទីបីនោះទ្រង់សំដៅទៅ«សំឡេងរបស់មនុស្សដទៃ»។ តើមនុស្សដទៃដែលព្រះយេស៊ូសំដៅទៅលើនោះជាមនុស្សបែបណា?
៥. រីឯមនុស្សដទៃដែលត្រូវរៀបរាប់ក្នុងសៀវភៅយ៉ូហានជំពូកទី១០នោះ ហេតុអ្វីបានជាយើងមិនទទួលមនុស្សបែបនោះដោយរាក់ទាក់?
៥ ព្រះយេស៊ូមិនមានបន្ទូលអំពីមនុស្សដទៃដែលយើងគួរទទួលដោយសេចក្ដីចៅរ៉ៅឬចិត្តរាក់ទាក់នោះឡើយ ដ្បិតពាក្យចៅរ៉ៅឬរាក់ទាក់តាមភាសាដើមនៃព្រះគម្ពីរមានន័យថា «សេចក្ដីស្រឡាញ់ចំពោះមនុស្សដទៃ»។ (ហេព្រើរ ១៣:២) ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ មនុស្សដទៃនោះមិនមែនជាភ្ញៀវដែលបានត្រូវអញ្ជើញឲ្យចូលឡើយ។ មនុស្សដទៃនោះ‹ចូលទៅក្នុងក្រោលចៀមមិនមែនតាមទ្វារ តែឡើងចូលតាមកន្លែងផ្សេងទៀតវិញ›។ អ្នកនោះ«ជាចោរលួច ចោរប្លន់ហើយ»។ (យ៉ូហាន ១០:១) តើព្រះបន្ទូលរបស់ព្រះប្រាប់អំពីអ្នកណាជាបុគ្គលមុនបង្អស់ដែលក្លាយជាចោរលួចប្លន់? គឺអារក្សសាតាំង។ យើងឃើញភស្តុតាងនោះក្នុងសៀវភៅលោកុប្បត្តិ។
គ្រាឮសំឡេងមនុស្សដទៃលើកទីមួយ
៦, ៧. ហេតុអ្វីបានជាសមត្រឹមត្រូវឲ្យយើងហៅសាតាំងជាមនុស្សដទៃមួយរូប?
៦ លោកុប្បត្តិ ៣:១-៥ពិពណ៌នាអំពីការឮសំឡេងមនុស្សដទៃលើកទីមួយនៅលើផែនដី។ កំណត់ហេតុនោះរៀបរាប់ថា សាតាំងមានទំនាក់ទំនងជាមួយនឹងស្ត្រីទីមួយឈ្មោះអេវ៉ា តាមរយៈសត្វពស់ហើយវាបាននិយាយបោកបញ្ឆោតនាងផងដែរ។ ត្រូវមែន កំណត់ហេតុនោះមិនហៅសាតាំងជា«មនុស្សដទៃ»ទេ។ យ៉ាងណាក្ដី ទង្វើរបស់វាបង្ហាញនូវលក្ខណៈផ្សេងៗដូចនឹងមនុស្សដទៃដែលត្រូវពណ៌នាក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូក្នុងសៀវភៅយ៉ូហានជំពូកទី១០។ សូមពិនិត្យមើលលក្ខណៈស្រដៀងគ្នាខ្លះៗ។
៧ ព្រះយេស៊ូមានបន្ទូលថា មនុស្សដទៃតែងតែបន្លំរកចាប់មនុស្សក្នុងចំណោមហ្វូងចៀមដោយប្រើកលល្បិចតែម្ដង។ ដូចគ្នាដែរ សាតាំងបានរកចាប់នាងអេវ៉ាដោយមធ្យោបាយបន្លំនាងដោយប្រើសត្វពស់វិញ។ មធ្យោបាយបន្លំនេះបានបកអាក្រាតឲ្យស្គាល់ធាតុពិតនៃសាតាំង ជាអ្នកបោកប្រាស់ដែលបន្លំលួចចូល។ ម្យ៉ាងទៀត មនុស្សដទៃដែលចូលទៅក្នុងចំណោមហ្វូងចៀមនោះ វាមានបំណងលួចចៀមពីម្ចាស់ពិត។ តាមការពិត វាអាក្រក់ជាងចោរលួចពីព្រោះវាមានបំណង«សំឡាប់ ហើយបំផ្លាញ»ទៀត។ (យ៉ូហាន ១០:១០) ស្រដៀងគ្នាដែរ សាតាំងជាចោរលួច។ វាបានបំភ័ន្តនាងអេវ៉ាឲ្យថ្វាយបង្គំវា ហាក់ដូចជាលួចយកការថ្វាយបង្គំពីព្រះ។ បន្ថែមទៅទៀត សាតាំងបានបណ្ដាលឲ្យមនុស្សជាតិស្លាប់។ ហេតុនេះហើយ វាក៏ជាឃាតករផងដែរ។
៨. តើសាតាំងបានមួលបង្កាច់ចំពោះបន្ទូលនិងបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាយ៉ាងណា?
៨ សំដីមួលបង្កាច់របស់សាតាំងស្តីអំពីបន្ទូលនិងបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាបានសឲ្យឃើញនូវភាពមិនស្មោះត្រង់របស់វាដែរ។ វាបានសួរនាងអេវ៉ាថា៖ «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?»។ សាតាំងធ្វើដូចជាភ្ញាក់ផ្អើលដោយនិយាយថា៖ ‹ម្ដេចបានជាព្រះដាក់បំរាមតឹងរ៉ឹងម្ល៉េះ?›។ វាក៏និយាយទៀតថា៖ «ព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង»។ សូមកត់សម្គាល់ពាក្យរបស់សាតាំងដែលថា៖ «ព្រះទ្រង់ជ្រាប» ហាក់ដូចជាវាចង់និយាយថា៖ ‹ខ្ញុំស្គាល់គំនិតនិងគោលបំណងរបស់ព្រះ ហើយខ្ញុំដឹងថាទ្រង់មានបំណងអាក្រក់ទេ›។ (លោកុប្បត្តិ ២:១៦, ១៧; ៣:១, ៥, កំណែជាអក្សរទ្រេត) គួរឲ្យស្ដាយណាស់ អ័ដាមនិងអេវ៉ាមិនបានបែរចេញពីសំឡេងនៃមនុស្សដទៃមួយរូបនេះទេ។ ផ្ទុយទៅវិញ ពួកគាត់បានស្ដាប់តាមសំឡេងនោះ ហើយបាននាំឲ្យមានអន្តរាយដល់ខ្លួននិងកូនចៅរបស់ខ្លួនតៗគ្នាដែរ។—រ៉ូម ៥:១២, ១៤
៩. ហេតុអ្វីក៏មិនគួរឲ្យងឿងឆ្ងល់ឡើយ ថាមនុស្សដទៃនឹងបញ្ចេញសំឡេងនៅសព្វថ្ងៃនេះដែរ?
៩ សាតាំងក៏ប្រើវិធីស្រដៀងគ្នាដែរ ក្នុងការនាំរាស្ត្ររបស់ព្រះឲ្យវង្វេងនៅសព្វថ្ងៃនេះ។ (វិវរណៈ ១២:៩) វាជា‹ឪពុកនៃសេចក្ដីកំភូត› ហើយពួកអ្នកដែលខំបំភ័ន្តអ្នកបំរើរបស់ព្រះដូចវាបានធ្វើនោះ ក៏ជាកូនរបស់វាដែរ។ (យ៉ូហាន ៨:៤៤) យើងសូមកត់សម្គាល់នូវរបៀបផ្សេងៗដែលមនុស្សដទៃកំពុងតែបញ្ចេញសំឡេងនៅសព្វថ្ងៃនេះ។
របៀបដែលមនុស្សដទៃបញ្ចេញសំឡេងនៅសព្វថ្ងៃនេះ
១០. តើមនុស្សដទៃកំពុងតែបញ្ចេញសំឡេងដោយរបៀបណា?
១០ ការវែកញែកដែលក្លែងបន្លំ។ សាវ័កប៉ុលមានប្រសាសន៍ថា៖ «កុំឲ្យបណ្ដែតបណ្ដោយតាមសេចក្ដីបង្រៀនប្លែកៗឡើយ»។ (ហេព្រើរ ១៣:៩) តើគាត់សំដៅទៅលើសេចក្ដីបង្រៀនបែបណាខ្លះ? ពាក្យ«បណ្ដែតបណ្ដោយ»នាំឲ្យយើងយល់ច្បាស់ថា ប៉ុលសំដៅទៅលើសេចក្ដីបង្រៀនដែលអាចបង្ខូចតុល្យភាពរបស់យើងខាងវិញ្ញាណ។ តើអ្នកណាកំពុងតែបញ្ចេញសំឡេងដោយបង្រៀនសេចក្ដីប្លែកៗបែបនោះ? ប៉ុលបានប្រាប់អ្នកចាស់ទុំគ្រីស្ទានមួយក្រុមថា៖ «ក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលនឹងអធិប្បាយសេចក្ដីទំនាស់ខុស[ឬ«ពោលពាក្យបញ្ឆោត», ខ.ស.]ដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ»។ (កិច្ចការ ២០:៣០) ប្រាកដហើយ ដូចសម័យរបស់ប៉ុលនោះ សព្វថ្ងៃនេះក៏មានមនុស្សខ្លះដែលធ្លាប់រួមចំណែកក្នុងក្រុមជំនុំគ្រីស្ទានពិតពីមុននោះ តែឥឡូវនេះខិតខំនាំហ្វូងចៀមឲ្យវង្វេងដោយ«ពោលពាក្យបញ្ឆោត» មិនថាដោយបំភ្លៃសេចក្ដីពិតឬដោយភូតកុហកតែម្ដងក៏មាន។ សាវ័កពេត្រុសក៏និយាយថា ពួកគេ«ពោលពាក្យបញ្ឆោតបំពោត» ពោលគឺ ប្រើពាក្យដែលមើលទៅដូចជាពិតតែគ្មានតម្លៃសោះ។—ពេត្រុសទី២ ២:៣
១១. តើពាក្យនៅពេត្រុសទី២ ២:១, ៣ បកអាក្រាតយ៉ាងណា នូវមធ្យោបាយនិងគោលដៅនៃអ្នកក្បត់ជំនឿ?
១១ ពេត្រុសមានប្រសាសន៍បន្ថែមទៀតដែលបកអាក្រាតនូវមធ្យោបាយរបស់អ្នកក្បត់ជំនឿដែលកំពុងតែប្រើនោះដោយថា គេ«នឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ»។ (ពេត្រុសទី២ ២:១, ៣) ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីហ្វូងចៀម ចោរនោះមិនចូល‹តាមទ្វារ តែឡើងចូលតាមកន្លែងផ្សេងទៀត› ហើយពួកអ្នកក្បត់ជំនឿក៏ខំទាក់ទងយើងតាមរបៀបនេះដែរ គឺដោយវិធីលាក់លៀម។ (កាឡាទី ២:៤; យូដាស ៤) តើពួកវាមានគោលដៅអ្វី? ពេត្រុសពន្យល់ទៀតថា៖ «គេនឹងប្រើ[ឬ«បោកប្រាស», ខ.ស.]អ្នករាល់គ្នាឲ្យបានចំណេញ»។ ប្រាកដហើយ មិនថាអ្នកក្បត់ជំនឿដោះសាយ៉ាងណាក៏ដោយ អ្នកលួចចូលនោះមានគោលដៅចង់«លួច សំឡាប់ ហើយបំផ្លាញប៉ុណ្ណោះ»។ (យ៉ូហាន ១០:១០) ចូរប្រយ័ត្ននឹងមនុស្សដទៃដែលជាមនុស្សបែបនោះ!
១២. (ក) ពេលដែលសេពគប់ជាមួយនឹងពួកម៉ាក តើសំឡេងនៃមនុស្សដទៃអាចមានឥទ្ធិពលលើយើងបានយ៉ាងណា? (ខ) តើស្នៀតរបស់សាតាំងនិងមនុស្សដទៃសព្វថ្ងៃនេះមានលក្ខណៈស្រដៀងគ្នាយ៉ាងណា?
១២ ពួកម៉ាកដែលបណ្ដាលឲ្យមានគ្រោះថ្នាក់។ សំឡេងនៃមនុស្សដទៃអាចឮបានតាមរយៈមនុស្សដែលយើងសេពគប់ជាមួយ។ យុវជនយុវតីច្រើនតែរងគ្រោះថ្នាក់ដោយការសេពគប់មនុស្សមិនល្អ។ (កូរិនថូសទី១ ១៥:៣៣) ចូរចាំថា សាតាំងបានជ្រើសយកអេវ៉ាជាទីបាញ់វង់របស់វា ដ្បិតក្នុងចំណោមមនុស្សមួយគូដំបូងនោះ អេវ៉ាមានអាយុក្មេងជាង ហើយក៏មានបទពិសោធន៍តិចជាងដែរ។ សាតាំងបានញុះញង់អេវ៉ាឲ្យជឿថា ព្រះយេហូវ៉ាបានដាក់កំហិតហួសហេតុពេកលើសេរីភាពរបស់នាង តែតាមពិត ព្រះយេហូវ៉ាបានឲ្យសេរីភាពច្រើនហើយ។ ព្រះយេហូវ៉ាស្រឡាញ់មនុស្សជាតិដែលទ្រង់បានបង្កើតមក ហើយក៏យកព្រះទ័យទុកដាក់ចង់ឲ្យពួកគេទទួលប្រយោជន៍។ (អេសាយ ៤៨:១៧) ស្រដៀងគ្នានៅសព្វថ្ងៃនេះ មនុស្សដទៃខំបញ្ចុះបញ្ចូលឲ្យប្អូនៗយុវជនយុវតីជឿថា មាតាបិតាគ្រីស្ទានតែងតែដាក់កំហិតហួសហេតុពេកលើសេរីភាពរបស់ប្អូនៗ។ តើមនុស្សដទៃអាចមានឥទ្ធិពលយ៉ាងណាលើប្អូនៗ? នារីគ្រីស្ទានម្នាក់សារភាពថា៖ «ជំនឿរបស់ខ្ញុំបានចុះខ្សោយមួយរយៈដោយព្រោះឥទ្ធិពលពីមិត្តរួមថ្នាក់។ ពួកគេប្រាប់ខ្ញុំម្ដងហើយម្ដងទៀតថា សាសនារបស់ខ្ញុំដាក់កំហិតច្រើនពេកហើយតឹងរ៉ឹងហួសហេតុ»។ ប៉ុន្តែ តាមការពិត មាតាបិតាស្រឡាញ់កូនណាស់។ ដូច្នេះ ពេលដែលមិត្តរួមថ្នាក់បង្ខិតបង្ខំប្អូនឲ្យលែងទុកចិត្តលើមាតាបិតា កុំចាញ់បោកគេដូចនាងអេវ៉ាឲ្យសោះ។
១៣. តើដាវីឌបានជ្រើសរើសមាគ៌ាណា? ហើយតើយើងអាចយកតម្រាប់តាមគំរូរបស់ទ្រង់ដោយធ្វើអ្វី?
១៣ ដាវីឌបានតែងបទទំនុកដំកើងអំពីពួកម៉ាកដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ថា៖ «ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយ ក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ»។ (ទំនុកដំកើង ២៦:៤) តើអ្នកកត់សម្គាល់ទៀតទេនូវលក្ខណៈធម្មតារបស់មនុស្សដទៃនោះ? ពួកគេជាមនុស្សពុតត្បុតដែលលាក់ធាតុពិតរបស់ខ្លួន ដូចសាតាំងបានលាក់អត្តសញ្ញាណពិតរបស់វាដោយប្រើសត្វពស់។ សព្វថ្ងៃនេះមនុស្សខ្លះដែលប្រព្រឹត្តអំពើអនាចារក៏លាក់អត្តសញ្ញាណពិតនិងបំណងចិត្តរបស់ខ្លួនដោយប្រើប្រព័ន្ធអ៊ិនថឺណិត។ មនុស្សដែលមានកុំព្យូទ័រអាចឆ្លើយឆ្លងគ្នាតាមប្រព័ន្ធអ៊ិនថឺណិតបាន (ភាសាអង់គ្លេសហៅថា “chat rooms”) ហើយមនុស្សពេញវ័យដែលមានបំណងអាក្រក់អាចប្រើប្រព័ន្ធនេះដោយធ្វើពុតជាមនុស្សវ័យក្មេង និងអាចទាក់ចិត្តទាញអារម្មណ៍ប្អូនៗឲ្យចុះចាញ់នឹងល្បិចគេ។ ប្អូនៗយុវជនយុវតីអើយ! សូមប្រុងប្រយ័ត្នឲ្យមែនទែន ក្រែងលោរងគ្រោះថ្នាក់ខាងវិញ្ញាណ។—ទំនុកដំកើង ១១៩:១០១; សុភាសិត ២២:៣
១៤. ជួនកាលបណ្ដាញអ្នកផ្សាយពត៌មានចេះតែបញ្ចេញសំឡេងរបស់មនុស្សដទៃ តើដោយរបៀបណា?
១៤ ការចោទប្រកាន់មិនពិត។ ជួនកាលបណ្ដាញអ្នកផ្សាយពត៌មានរាយការណ៍យ៉ាងល្អអំពីស្មរបន្ទាល់ព្រះយេហូវ៉ា ប៉ុន្តែជួនកាលគេសុខចិត្តផ្សាយសំឡេងរបស់មនុស្សដទៃដោយមានភាពលំអៀង។ តួយ៉ាងដូចជាការផ្សាយពត៌មានមិនពិតនៅប្រទេសមួយដែលគេអះអាងថា នៅសង្គ្រាមលោកលើកទី២នោះ ពួកស្មរបន្ទាល់បានគាំទ្ររបបហ៊ីត្លែ។ នៅប្រទេសមួយទៀតមានសេចក្ដីរាយការណ៍ចោទថា ពួកស្មរបន្ទាល់បានបំផ្លាញវិហារខ្លះនៃគ្រីស្ទសាសនាផ្សេង។ នៅប្រទេសផ្សេងៗទៀតបណ្ដាញអ្នកផ្សាយពត៌មានបានចោទប្រកាន់ថា ពួកស្មរបន្ទាល់មិនព្រមអនុញ្ញាតឲ្យកូនទទួលការព្យាបាលពីពេទ្យ ហើយក៏ចោទថាពួកស្មរបន្ទាល់មិនកាត់ទោសអ្នកជឿគ្នីគ្នាដែលធ្វើអំពើបាបធ្ងន់។ (ម៉ាថាយ ១០:២២) យ៉ាងណាក៏ដោយ មនុស្សចិត្តស្មោះដែលស្គាល់យើងម្នាក់ៗដឹងថា ការចោទប្រកាន់ទាំងនេះគឺមិនពិតទេ។
១៥. ហេតុអ្វីមិនជាការប្រកបដោយប្រាជ្ញាក្នុងការជឿថា អ្វីៗទាំងអស់ដែលបណ្ដាញពត៌មានផ្សាយនោះសុទ្ធតែពិត?
១៥ បើកាលណាយើងជួបប្រទះនឹងការចោទប្រកាន់ដែលផ្សាយដោយសំឡេងរបស់មនុស្សដទៃនោះ តើយើងគួរធ្វើអ្វី? គប្បីឲ្យយើងយកចិត្តទុកដាក់ធ្វើតាមយោបល់ពីសុភាសិត ១៤:១៥ ដែលចែងថា៖ «មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន»។ ការជឿថា អ្វីដែលបណ្ដាញពត៌មានផ្សាយនោះសុទ្ធតែពិតទាំងអស់ នោះជាការមិនប្រកបដោយប្រាជ្ញាទេ។ នេះមិនបានសេចក្ដីថា យើងអត់ទុកចិត្តពត៌មានទាំងអស់ពីលោកីយ៍នេះទេ តែយើងនៅតែទទួលស្គាល់ថា«លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។—យ៉ូហានទី១ ៥:១៩, កំណែជាអក្សរទ្រេត
«ចូរល្បងសេចក្ដីទាំងប៉ុន្មានដែលបណ្ដាលមកពីវិញ្ញាណ»
១៦. (ក) តើចរិតរបស់សត្វចៀមបង្ហាញយ៉ាងណា អំពីភាពពិតនៃបន្ទូលរបស់ព្រះយេស៊ូនៅយ៉ូហាន ១០:៤? (ខ) តើព្រះគម្ពីរដាស់តឿនយើងឲ្យធ្វើអ្វី?
១៦ ប៉ុន្តែ តើយើងអាចដឹងប្រាកដបានយ៉ាងណា ថាយើងកំពុងតែមានទំនាក់ទំនងជាមួយនឹងមិត្តពិត ឬក៏បច្ចាមិត្តវិញ? យើងអាចដឹងប្រាកដបានពីព្រោះព្រះយេស៊ូមានបន្ទូលថា ចៀមនឹងដើរតាមអ្នកគង្វាល «ដ្បិតវាស្គាល់សំឡេងគាត់»។ (យ៉ូហាន ១០:៤) ពេលដែលសត្វចៀមដើរតាមអ្នកគង្វាល នេះមិនមែនមកពីវាស្គាល់អាការក្រៅរបស់គាត់ឡើយ តែដោយសារស្គាល់សំឡេងគាត់វិញ។ សៀវភៅមួយដែលរៀបរាប់អំពីស្រុកក្នុងព្រះគម្ពីរបានពន្យល់ថា មានទេសចរម្នាក់អះអាងថា សត្វចៀមស្គាល់តែសំលៀកបំពាក់របស់អ្នកគង្វាល មិនមែនស្គាល់សំឡេងគាត់ទេ។ អ្នកគង្វាលម្នាក់បានឆ្លើយថា សត្វចៀមស្គាល់តែសំឡេងទេ។ ដើម្បីបង្ហាញជាក់ស្តែង អ្នកគង្វាលបានដូរសំលៀកបំពាក់ជាមួយនឹងទេសចរនោះ។ ទេសចរដែលស្លៀកពាក់ខោអាវរបស់អ្នកគង្វាលនោះ បានហៅចៀមតែវាមិនបានរត់តាមទេ ដ្បិតវាមិនស្គាល់សំឡេងអ្នកនោះសោះឡើយ។ ប៉ុន្តែ ពេលដែលអ្នកគង្វាលហៅសត្វចៀម វារត់មករកគាត់ភ្លាម ទោះជាអ្នកគង្វាលស្លៀកពាក់ខោអាវរបស់មនុស្សដទៃក្ដី។ នេះបង្ហាញថា មនុស្សម្នាក់អាចស្លៀកពាក់ដូចអ្នកគង្វាលមែន តែនេះមិនធ្វើឲ្យចៀមជឿថាគាត់ជាអ្នកគង្វាលពិតទេ។ តាមពិត ចៀមស្ដាប់ហើយល្បងលសំឡេងរបស់អ្នកហៅ ដោយប្រៀបធៀបសំឡេងនោះជាមួយនឹងសំឡេងរបស់អ្នកគង្វាលពិតវិញ។ ព្រះបន្ទូលរបស់ព្រះដាស់តឿនយើងឲ្យធ្វើដូចគ្នាដែរ ដោយថា «ចូរល្បងវិញ្ញាណទាំងអស់[ឬ«សេចក្ដីទាំងប៉ុន្មានដែលបណ្ដាលមកពីវិញ្ញាណ», ព.ថ.]វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះឬមិនមែន»។ (យ៉ូហានទី១ ៤:១; ធីម៉ូថេទី២ ១:១៣) តើមានជំនួយអ្វីដើម្បីធ្វើដូចនេះ?
១៧. (ក) តើយើងត្រូវធ្វើអ្វីដើម្បីស្គាល់សំឡេងរបស់ព្រះយេហូវ៉ាយ៉ាងច្បាស់? (ខ) តើចំណេះអំពីព្រះយេហូវ៉ានឹងជួយយើងឲ្យធ្វើអ្វី?
១៧ ដូច្នេះយើងអាចយល់ថា ពេលដែលយើងស្គាល់សំឡេងឬសាររបស់ព្រះយេហូវ៉ាកាន់តែច្បាស់ នោះយើងក៏នឹងសម្គាល់សំឡេងរបស់មនុស្សដទៃកាន់តែឆាប់ផងដែរ។ ព្រះគម្ពីរប្រាប់អំពីរបៀបបណ្ដុះឲ្យមានចំណេះបែបនេះ ដោយចែងថា៖ «ត្រចៀកនឹងឮពាក្យពីក្រោយឯងថា៖ ‹គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ›»។ (អេសាយ ៣០:២១) «ពាក្យ»ពីក្រោយយើងនោះ មកពីព្រះបន្ទូលរបស់ព្រះ។ រៀងរាល់ដងដែលយើងអានព្រះបន្ទូលរបស់ព្រះ គឺហាក់ដូចជាយើងឮសំឡេងរបស់ព្រះយេហូវ៉ាដែលជាអ្នកគង្វាលដ៏ឧត្តមរបស់យើង។ (ទំនុកដំកើង ២៣:១) អាស្រ័យហេតុនេះ កាលដែលយើងសិក្សាព្រះគម្ពីរកាន់តែច្រើន នោះយើងក៏ស្គាល់សំឡេងរបស់ព្រះកាន់តែច្បាស់ផងដែរ។ ចំណេះដែលជួយយើងឲ្យក្លាយជាមិត្តជិតស្និទ្ធរបស់ទ្រង់ក៏នឹងជួយឲ្យយើងសម្គាល់បានយ៉ាងឆាប់នូវសំឡេងរបស់មនុស្សដទៃដែរ។—កាឡាទី ១:៨
១៨. (ក) តើការស្គាល់សំឡេងរបស់ព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ? (ខ) យោងទៅតាមម៉ាថាយ ១៧:៥ ហេតុអ្វីបានជាយើងគួរស្ដាប់តាមសំឡេងរបស់ព្រះយេស៊ូ?
១៨ តើការស្គាល់សំឡេងរបស់ព្រះយេហូវ៉ារួមបញ្ចូលអ្វីទៀត? នេះមិនតម្រូវឲ្យយើងឮប៉ុណ្ណោះ តែរួមបញ្ចូលការស្ដាប់តាមផងដែរ។ សូមកត់សម្គាល់ចំណុចនៅអេសាយ ៣០:២១ ម្ដងទៀត។ ព្រះបន្ទូលរបស់ព្រះប្រកាសថា៖ «គឺផ្លូវនេះទេ»។ ពិតមែនហើយ យើងឮពាក្យណែនាំរបស់ព្រះយេហូវ៉ាដោយសិក្សាព្រះគម្ពីរ។ បន្ទាប់មកទ្រង់មានបន្ទូលថា៖ «ចូរដើរតាមនេះវិញ»។ ព្រះយេហូវ៉ាចង់ឲ្យយើងធ្វើតាមអ្វីដែលយើងឮ។ យ៉ាងនេះ យើងអនុវត្តតាមអ្វីដែលយើងរៀន ហើយនេះបង្ហាញថាយើងមិនគ្រាន់តែបានឮសំឡេងរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ប៉ុន្តែបានស្ដាប់តាមផងដែរ។ (ចោទិយកថា ២៨:១) ការស្ដាប់តាមសំឡេងរបស់ព្រះយេហូវ៉ាក៏រួមបញ្ចូលការស្ដាប់តាមសំឡេងរបស់ព្រះយេស៊ូដែរ ដ្បិតព្រះយេហូវ៉ាបានបង្គាប់យើងឲ្យធ្វើដូច្នេះ។ (ម៉ាថាយ ១៧:៥) ក្នុងនាមជាអ្នកគង្វាលល្អ តើព្រះយេស៊ូបង្គាប់យើងឲ្យធ្វើអ្វី? ទ្រង់បង្រៀនយើងឲ្យចេះបញ្ចុះបញ្ចូលឲ្យមានសិស្ស ហើយឲ្យទុកចិត្តលើ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥; ២៨:១៨-២០) ជីវិតជារៀងរហូតគឺផ្អែកលើការស្ដាប់តាមសំឡេងរបស់ព្រះយេស៊ូ។—កិច្ចការ ៣:២៣
‹ចៀមរត់គេចចេញឆ្ងាយពីគេ›
១៩. តើយើងគួរមានប្រតិកម្មយ៉ាងណាពេលដែលឮសំឡេងរបស់មនុស្សដទៃ?
១៩ បើដូច្នេះ តើយើងត្រូវធ្វើអ្វីពេលដែលឮសំឡេងរបស់មនុស្សដទៃ? យើងគួរធ្វើដូចសត្វចៀមដែរ។ ព្រះយេស៊ូមានបន្ទូលថា៖ «ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ»។ (យ៉ូហាន ១០:៥, ខ.ស.) យើងមានប្រតិកម្មពីរយ៉ាង។ ទីមួយ យើង«មិនដើរតាមអ្នកដទៃជាដាច់ខាត»។ ពិតមែនហើយ យើងមិនទាក់ទងជាមួយមនុស្សដទៃសោះឡើយ។ ការពិត បើគិតអំពីភាសាក្រិចដែលគេប្រើក្នុងការសរសេរព្រះគម្ពីរ នោះពាក្យ«ជាដាច់ខាត»ជាពាក្យខ្លាំងបំផុតដើម្បីបញ្ជាក់ពីការបដិសេធទាំងស្រុង។ ទីពីរ យើងនឹង«រត់គេចចេញឆ្ងាយពីគេ» ឬបែរចេញពីមនុស្សដទៃ។ មានតែប្រតិកម្មទាំងនេះប៉ុណ្ណោះ ជាការប្រព្រឹត្តយ៉ាងត្រឹមត្រូវពេលដែលឮសេចក្ដីបង្រៀនរបស់មនុស្សដែលមិនបង្រៀនស្របទៅតាមសំឡេងរបស់អ្នកគង្វាលល្អ។
២០. តើយើងនឹងប្រព្រឹត្តយ៉ាងណា ពេលដែលជួបប្រទះនឹង (ក) អ្នកក្បត់ជំនឿដែលក្លែងបន្លំ? (ខ) ពួកម៉ាកដែលបណ្ដាលឲ្យមានគ្រោះថ្នាក់? (គ) សេចក្ដីរាយការណ៍ដ៏លំអៀងពីបណ្ដាញអ្នកផ្សាយពត៌មាន?
២០ ដូច្នេះ ពេលដែលយើងជួបមនុស្សដែលបញ្ចេញទស្សនៈដូចអ្នកក្បត់ជំនឿ យើងចង់ធ្វើតាមអ្វីដែលចែងប្រាប់ក្នុងព្រះបន្ទូលរបស់ព្រះថា៖ «[ចូរ]ចំណាំមើលអស់អ្នកដែលបណ្ដាលឲ្យបាក់បែកគ្នា ហើយនាំឲ្យមានសេចក្ដីរវាតចិត្ត ខុសនឹងសេចក្ដីដែលអ្នករាល់គ្នាបានរៀនមក ត្រូវឲ្យបែរចេញ[ឬ«ចៀសចេញអោយឆ្ងាយ», ខ.ស.]ពីអ្នកទាំងនោះ»។ (រ៉ូម ១៦:១៧, កំណែជាអក្សរទ្រេត; ទីតុស ៣:១០) ដូចគ្នាដែរ យុវជនយុវតីគ្រីស្ទានអាចមានពួកម៉ាកដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ ដូច្នេះពួកគេគួរអនុវត្តតាមឱវាទដែលប៉ុលជូនដល់ធីម៉ូថេកាលដែលគាត់នៅក្មេងនៅឡើយថា៖ «ចូរឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ»។ ហើយពេលដែលយើងឮការចោទប្រកាន់មិនពិតពីបណ្ដាញអ្នកផ្សាយពត៌មាននោះ យើងនឹងចងចាំនូវយោបល់ដែលប៉ុលជូនចំពោះធីម៉ូថេទៀតថា៖ «គេ[គឺពួកអ្នកដែលស្ដាប់តាមសំឡេងរបស់មនុស្សដទៃ]នឹងងាកត្រចៀកចេញពីសេចក្ដីពិត បែរទៅតាមរឿងព្រេងវិញ។ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង [ឬ«មានស្មារតីរឹងប៊ឹង», ខ.ស.]ក្នុងគ្រប់ការទាំងអស់វិញ»។ (ធីម៉ូថេទី២ ២:២២; ៤:៣-៥, កំណែជាអក្សរទ្រេត) មិនថាសំឡេងរបស់មនុស្សដទៃផ្អែមល្ហែមយ៉ាងណាក៏ដោយ យើងនឹងរត់គេចខ្លួនចេញពីអ្វីៗដែលអាចបង្ខូចជំនឿរបស់យើង។—ទំនុកដំកើង ២៦:៥; សុភាសិត ៧:៥, ២១; វិវរណៈ ១៨:២, ៤
២១. មនុស្សដែលបដិសេធមិនស្ដាប់សំឡេងរបស់មនុស្សដទៃ តើនឹងទទួលរង្វាន់អ្វី?
២១ ពួកគ្រីស្ទានដែលបានត្រូវតែងតាំងដោយវិញ្ញាណកំពុងតែធ្វើតាមបន្ទូលរបស់អ្នកគង្វាលល្អនៅលូកា ១២:៣២ ដោយបដិសេធមិនស្ដាប់សំឡេងរបស់មនុស្សដទៃ។ នៅក្នុងខនោះព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគ្រីស្ទានចាក់ប្រេងតាំងថា៖ «កុំឲ្យខ្លាច ហ្វូងតូចអើយ! ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យនឹងប្រទាននគរមកអ្នករាល់គ្នាពិត»។ ដូចគ្នាដែរ ពួក«ចៀមឯទៀត»រង់ចាំដោយចិត្តរំភើបនូវគ្រាដែលពួកគេនឹងឮបន្ទូលរបស់ព្រះយេស៊ូថា៖ «ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលមរដកចុះ! គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក»។ (យ៉ូហាន ១០:១៦; ម៉ាថាយ ២៥:៣៤) យើងមុខជានឹងទទួលរង្វាន់នោះយ៉ាងគាប់ចិត្តមែន បើយើងបដិសេធមិនស្ដាប់«សំឡេងរបស់មនុស្សដទៃ»!
តើអ្នកនៅចាំទេ?
• ស្តីអំពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីហ្វូងចៀមនោះ តើសាតាំងមានលក្ខណៈដូចមនុស្សដទៃយ៉ាងណាខ្លះ?
• សព្វថ្ងៃនេះ តើមនុស្សដទៃបញ្ចេញសំឡេងតាមរបៀបណាខ្លះ?
• តើយើងអាចសម្គាល់សំឡេងរបស់មនុស្សដទៃដោយរបៀបណា?
• តើយើងគួរធ្វើអ្វីពេលដែលឮសំឡេង របស់មនុស្សដទៃ?
[រូបភាពនៅទំព័រ១៥]
មនុស្សដទៃតែងតែរកទាក់ទងហ្វូងចៀមដោយរបៀបដែលមិនងាយសម្គាល់