អត្ថបទសិក្សា ៣
ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យតម្លៃចំពោះអ្នក!
«នៅពេលណាយើងរងទុក្ខវេទនា ព្រះអង្គតែងតែនឹកដល់យើង»។—ទំន. [ទំនុក.] ១៣៦:២៣, ខ.ស.
ចម្រៀងលេខ៣៣ ចូរផ្ទេរបន្ទុកទៅលើព្រះយេហូវ៉ា
សេចក្ដីសង្ខេបa
១-២. តើរាស្ត្ររបស់ព្រះយេហូវ៉ាជាច្រើនជួបប្រទះនឹងស្ថានភាពអ្វីខ្លះ ហើយតើនោះអាចមានឥទ្ធិពលយ៉ាងណាលើពួកគេ?
សូមពិចារណាអំពីឧទាហរណ៍បីដូចតទៅនេះ៖ ប្អូនប្រុសម្នាក់បានត្រូវគ្រូពេទ្យពិនិត្យឃើញថាគាត់មានជំងឺដ៏កាចសាហាវមួយដែលនឹងធ្វើឲ្យគាត់កាន់តែខ្សោយកម្លាំង។ មួយទៀត បងប្រុសម្នាក់ដែលមានវ័យកណ្ដាលបានបាត់បង់ការងារ ហើយទោះជាគាត់បានខំព្យាយាមយ៉ាងខ្លាំងក្ដី គាត់នៅតែមិនអាចរកការងារថ្មីបាន។ មួយវិញទៀត បងស្រីវ័យចាស់ដ៏ស្មោះត្រង់ម្នាក់មិនអាចធ្វើអ្វីច្រើនដូចដែលគាត់ធ្លាប់ធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ាទៀតឡើយ។
២ បើអ្នកមានបញ្ហាណាមួយដែលស្រដៀងនឹងនេះ អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកគ្មានតម្លៃទៀតទេ។ ស្ថានភាពទាំងនេះអាចធ្វើឲ្យអ្នកលែងមានអំណរ លែងឲ្យតម្លៃចំពោះខ្លួនឯង និងប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកឯទៀត។
៣. តើសាថាននិងពួកអ្នកដែលទទួលឥទ្ធិពលពីវាមានទស្សនៈយ៉ាងណាចំពោះជីវិតមនុស្ស?
៣ ពិភពលោកនេះមានទស្សនៈដូចសាថានចំពោះជីវិតមនុស្ស។ សាថានតែងតែប្រព្រឹត្តទៅលើមនុស្សហាក់ដូចជាពួកគេមិនមានតម្លៃ។ វាគ្មានចិត្តអាណិតមេត្ដាទេ ពេលវាបានប្រាប់អេវ៉ាថាគាត់នឹងមានសេរីភាពបើឈប់ស្ដាប់បង្គាប់ព្រះ ទោះជាវាដឹងថាការមិនស្ដាប់បង្គាប់ព្រះនាំឲ្យត្រូវស្លាប់ក៏ដោយ។ សាថានតែងតែកាន់កាប់លើប្រព័ន្ធពាណិជ្ជកម្ម នយោបាយ និងសាសនារបស់ពិភពលោកនេះ។ ដូច្នេះ យើងមិនភ្ញាក់ផ្អើលទេដែលអ្នកជំនួញ អ្នកនយោបាយ និងអ្នកដឹកនាំសាសនាជាច្រើនក៏មិនឲ្យតម្លៃចំពោះជីវិតមនុស្ស ហើយមិនខ្វល់អំពីអារម្មណ៍របស់អ្នកឯទៀតឡើយ។
៤. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៤ ខុសពីសាថាន ព្រះយេហូវ៉ាចង់ឲ្យយើងដឹងថាយើងមានតម្លៃ ហើយលោកគាំទ្រយើងពេលយើងប្រឈមមុខនឹងស្ថានភាពដែលអាចធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ (ទំនុក. ១៣៦:២៣; រ៉ូម ១២:៣) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាជួយយើងក្នុងស្ថានភាពដូចតទៅនេះ៖ (១) ពេលយើងមានជំងឺ (២) ពេលយើងមានបញ្ហាលុយកាក់ ហើយ(៣) ពេលភាពចាស់ជរាធ្វើឲ្យយើងមានអារម្មណ៍ថាយើងលែងអាចធ្វើអ្វីដែលមានប្រយោជន៍ក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ប៉ុន្តែមុនដំបូង សូមយើងពិចារណាអំពីមូលហេតុដែលយើងម្នាក់ៗអាចមានទំនុកចិត្តថាយើងមានតម្លៃចំពោះព្រះយេហូវ៉ា។
ព្រះយេហូវ៉ាឲ្យតម្លៃចំពោះយើង
៥. ចំពោះអ្នក តើអ្វីបង្ហាញថាព្រះយេហូវ៉ាឲ្យតម្លៃទៅលើមនុស្ស?
៥ ទោះជាយើងបានត្រូវបង្កើតមកពីធូលីដីក៏ដោយ យើងមានតម្លៃជាងដីឆ្ងាយណាស់។ (លោ. ២:៧) សូមពិចារណាអំពីមូលហេតុខ្លះដែលយើងដឹងថាយើងមានតម្លៃចំពោះព្រះយេហូវ៉ា។ លោកបានបង្កើតមនុស្សឲ្យមានសមត្ថភាពបង្ហាញគុណសម្បត្ដិដូចលោក។ (លោ. ១:២៧) ដោយធ្វើដូច្នេះ លោកបានឲ្យមនុស្សមានឋានៈប្រសើរជាងអ្វីផ្សេងទៀតទាំងអស់ដែលលោកបានបង្កើតនៅផែនដី ហើយលោកឲ្យយើងមើលការខុសត្រូវលើផែនដី និងមានអំណាចលើសត្វទាំងឡាយ។—ទំនុក. ៨:៤-៨
៦. តើភ័ស្តុតាងអ្វីទៀតបង្ហាញថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះមនុស្សមិនល្អឥតខ្ចោះ?
៦ សូម្បីតែក្រោយពីអាដាមបានប្រព្រឹត្តអំពើខុសឆ្គង ក៏ព្រះយេហូវ៉ានៅតែឲ្យតម្លៃចំពោះមនុស្សជាតិ។ លោកឲ្យតម្លៃចំពោះយើងខ្លាំងដល់ម្ល៉េះបានជាលោកបានឲ្យលោកយេស៊ូដែលជាបុត្រជាទីស្រឡាញ់របស់លោក ជាថ្លៃលោះសម្រាប់ការខុសឆ្គងរបស់យើង។ (១យ៉ូន. ៤:៩, ១០) តាមរយៈថ្លៃលោះ ព្រះយេហូវ៉ានឹងប្រោសឲ្យរស់ឡើងវិញនូវពួកអ្នកដែលបានស្លាប់ដោយព្រោះអំពើខុសឆ្គងរបស់អាដាម ពោលគឺ«មនុស្សសុចរិតនិងមនុស្សមិនសុចរិត»។ (សកម្ម. ២៤:១៥) បណ្ដាំរបស់លោកបង្ហាញថាយើងមានតម្លៃចំពោះលោក ទោះបីជាយើងមានជំងឺ ឬមានបញ្ហាលុយកាក់ ឬក៏មានវ័យចាស់ក្ដី។—សកម្ម. ១០:៣៤, ៣៥
៧. តើមានមូលហេតុណាទៀតដែលអ្នកបម្រើព្រះយេហូវ៉ាជឿថាលោកឲ្យតម្លៃចំពោះពួកគេ?
៧ យើងមានមូលហេតុថែមទៀតដើម្បីជឿថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះយើង។ លោកបានទាញនាំយើងមកឯលោក ហើយលោកកត់សម្គាល់អំពីប្រតិកម្មរបស់យើងពេលឮដំណឹងល្អ។ (យ៉ូន. ៦:៤៤) កាលដែលយើងចាប់ផ្ដើមចូលទៅជិតព្រះយេហូវ៉ា នោះលោកកាន់តែចូលមកជិតយើងដែរ។ (យ៉ា. ៤:៨) ព្រះយេហូវ៉ាក៏ចំណាយពេលនិងកម្លាំងដើម្បីអប់រំយើង នេះបង្ហាញថាយើងមានតម្លៃចំពោះលោក។ លោកស្គាល់ថាយើងជាមនុស្សបែបណានៅឥឡូវនេះ ហើយថាយើងអាចក្លាយទៅជាមនុស្សបែបណានៅថ្ងៃខាងមុខ។ ម្យ៉ាងទៀត លោកប្រៀនប្រដៅយើងដោយសារលោកស្រឡាញ់យើង។ (សុភ. ៣:១១, ១២) នេះជាភ័ស្តុតាងដ៏អស្ចារ្យដែលបង្ហាញថាព្រះយេហូវ៉ាឲ្យតម្លៃយើង!
៨. តើពាក្យនៅទំនុកតម្កើង ១៨:២៧-២៩ អាចមានឥទ្ធិពលយ៉ាងណាលើទស្សនៈរបស់យើងចំពោះបញ្ហា?
៨ អ្នកខ្លះចាត់ទុកថាស្តេចដាវីឌជាមនុស្សគ្មានតម្លៃ ប៉ុន្តែគាត់ដឹងថាព្រះយេហូវ៉ាស្រឡាញ់និងគាំទ្រគាត់។ ការដឹងដូច្នេះមានឥទ្ធិពលលើទស្សនៈរបស់ដាវីឌចំពោះស្ថានភាពរបស់គាត់។ (២សាំ. ១៦:៥-៧) ពេលយើងមានអារម្មណ៍តានតឹងចិត្តឬជួបការពិបាក ព្រះយេហូវ៉ាអាចជួយយើងឲ្យមានទស្សនៈផ្សេងអំពីស្ថានភាពនោះ ហើយលោកអាចជួយយើងឲ្យយកឈ្នះឧបសគ្គណាក៏ដោយ។ (សូមអាន ទំនុកតម្កើង ១៨:២៧-២៩) ពេលយើងមានការគាំទ្រពីព្រះយេហូវ៉ា នោះគ្មានអ្វីអាចបញ្ឈប់យើងមិនឲ្យបម្រើលោកដោយមានអំណរបានឡើយ។ (រ៉ូម ៨:៣១) ឥឡូវ សូមយើងពិចារណាអំពីស្ថានភាពបីដែលយើងត្រូវនឹកចាំថាព្រះយេហូវ៉ាស្រឡាញ់និងឲ្យតម្លៃចំពោះយើង។
ពេលមានជំងឺ
៩. តើជំងឺអាចមានឥទ្ធិពលយ៉ាងណាលើទស្សនៈរបស់យើងចំពោះខ្លួនឯង?
៩ ជំងឺអាចមានឥទ្ធិពលលើផ្លូវចិត្តរបស់យើង ហើយធ្វើឲ្យយើងមានអារម្មណ៍ថាយើងលែងមានតម្លៃចំពោះអ្នកឯទៀត។ យើងប្រហែលជាខ្មាសពេលអ្នកឯទៀតកត់សម្គាល់ឃើញថាយើងមិនអាចធ្វើអ្វីណាមួយ ឬពេលយើងត្រូវពឹងពាក់អ្នកឯទៀតឲ្យជួយ។ ទោះជាមនុស្សឯទៀតមិនដឹងថាយើងឈឺក៏ដោយ យើងប្រហែលជាត្រូវយកឈ្នះអារម្មណ៍តូចចិត្តដោយសារយើងមិនអាចធ្វើអ្វីខ្លះដែលយើងធ្លាប់ធ្វើ។ នៅគ្រាពិបាកដូចនេះ ព្រះយេហូវ៉ាលើកទឹកចិត្តយើង។ តើតាមរបៀបណា?
១០. យោងទៅតាមសុភាសិត ១២:២៥ តើអ្វីអាចជួយយើងពេលយើងឈឺ?
១០ ពេលយើងឈឺ «ពាក្យល្អ១ម៉ាត់»អាចលើកទឹកចិត្តយើង។ (សូមអាន សុភាសិត ១២:២៥) ក្នុងគម្ពីរ ព្រះយេហូវ៉ាបានរក្សាទុកពាក្យល្អដែលរំលឹកយើងថាយើងសំខាន់ចំពោះលោក ទោះជាយើងមានជំងឺក៏ដោយ។ (ទំនុក. ៣១:១៩; ៤១:៣) បើយើងអានខគម្ពីរទាំងនោះ ហើយថែមទាំងអានម្ដងហើយម្ដងទៀត ព្រះយេហូវ៉ានឹងជួយយើងឲ្យយកឈ្នះអារម្មណ៍មិនត្រឹមត្រូវដែលមកពីជំងឺរបស់យើង។
១១. តើបងប្រុសម្នាក់បានទទួលជំនួយអ្វីពីព្រះយេហូវ៉ា?
១១ សូមគិតអំពីបទពិសោធន៍របស់បងប្រុសហូហេ។ កាលដែលគាត់ជាបុរសវ័យក្មេង គាត់បានកើតជំងឺមួយដែលធ្វើឲ្យគាត់ធ្លាក់ខ្លួនខ្សោយយ៉ាងលឿន ហើយធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនអស់តម្លៃ។ បងហូហេនិយាយថា៖ «ខ្ញុំមិនបានត្រៀមចិត្តថាជំងឺនោះនឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺចាប់ឬខ្មាសគេយ៉ាងណាទេ ដោយសារឥទ្ធិពលពីជំងឺដែលនាំឲ្យអ្នកឯទៀតសម្លឹងមើលខ្ញុំ។ កាលដែលជំងឺរបស់ខ្ញុំកាន់តែយ៉ាប់យ៉ឺនទៅ ខ្ញុំបានគិតអំពីអ្វីដែលនឹងត្រូវផ្លាស់ប្ដូរក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំឈឺចិត្តគ្រាំទ្រូង ហើយខ្ញុំបានអង្វរសុំព្រះយេហូវ៉ាឲ្យជួយខ្ញុំ»។ តើព្រះយេហូវ៉ាបានជួយគាត់យ៉ាងដូចម្ដេច? គាត់រៀបរាប់ថា៖ «ដោយព្រោះខ្ញុំពិបាកផ្ចង់អារម្មណ៍ ខ្ញុំបានទទួលការលើកទឹកចិត្តឲ្យអានប៉ុន្មានខពីសៀវភៅទំនុកតម្កើងដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ាចំពោះអ្នកបម្រើលោក។ ខ្ញុំបានអានបទគម្ពីរទាំងនោះម្ដងហើយម្ដងទៀតរាល់ថ្ងៃ ហើយខ្ញុំឃើញថានោះបានសម្រាលទុក្ខនិងពង្រឹងទំនុកចិត្តខ្ញុំ។ ក្រោយមក អ្នកឯទៀតបានចាប់ផ្ដើមឃើញថាខ្ញុំញញឹមច្រើនជាងមុន។ ពួកគេថែមទាំងនិយាយថាទស្សនៈដែលខ្ញុំមានចំពោះខ្លួនឯង លើកទឹកចិត្តពួកគេ។ ខ្ញុំទទួលស្គាល់ថាព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំ! លោកបានជួយខ្ញុំឲ្យកែប្រែទស្សនៈរបស់ខ្ញុំចំពោះខ្លួនឯង។ ខ្ញុំចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើអ្វីដែលបណ្ដាំរបស់ព្រះចែងអំពីទស្សនៈដែលលោកមានចំពោះខ្ញុំ ទោះជាខ្ញុំឈឺក្ដី»។
១២. ពេលមានជំងឺ តើអ្នកអាចធ្វើអ្វីដើម្បីទទួលជំនួយពីព្រះយេហូវ៉ា?
១២ បើអ្នកមានជំងឺ សូមជឿជាក់ថាព្រះយេហូវ៉ាដឹងអំពីអ្វីដែលអ្នកកំពុងឆ្លងកាត់។ សូមអង្វរសុំលោកឲ្យជួយអ្នកមានទស្សនៈត្រឹមត្រូវចំពោះស្ថានភាពរបស់អ្នក។ បន្ទាប់មក សូមស្វែងរកពីគម្ពីរនូវពាក្យល្អដែលព្រះយេហូវ៉ាបានរក្សាទុកសម្រាប់អ្នក។ សូមផ្ដោតអារម្មណ៍លើបទគម្ពីរដែលបង្ហាញថាលោកឲ្យតម្លៃយ៉ាងខ្លាំងចំពោះអ្នកបម្រើលោក។ កាលដែលអ្នកធ្វើដូច្នេះ អ្នកនឹងឃើញថាព្រះយេហូវ៉ាមានចិត្តសប្បុរសចំពោះអស់អ្នកដែលបម្រើលោកយ៉ាងស្មោះត្រង់។—ទំនុក. ៨៤:១១
ពេលមានបញ្ហាលុយកាក់
១៣. តើការបាត់បង់ការងារអាចធ្វើឲ្យប្រមុខគ្រួសារមានអារម្មណ៍យ៉ាងណា?
១៣ ប្រមុខក្រុមគ្រួសារម្នាក់ៗចង់ផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ក្រុមគ្រួសារគាត់។ ឧបមាថាបងប្រុសម្នាក់ដែលជាប្រមុខគ្រួសារមិនបានធ្វើខុសអ្វីសោះក្នុងការងារ ប៉ុន្តែគាត់បានបាត់បង់ការងារនោះ។ ទោះជាគាត់បានខំព្យាយាមរកការងារថ្មីក្ដី គាត់រកមិនបានឡើយ។ ក្នុងស្ថានភាពនោះ គាត់ប្រហែលជាមានអារម្មណ៍ថាខ្លួនគ្មានប្រយោជន៍។ តើការផ្ដោតអារម្មណ៍ទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអាចជួយគាត់យ៉ាងណា?
១៤. ហេតុអ្វីព្រះយេហូវ៉ាធ្វើតាមពាក្យសន្យារបស់លោក?
១៤ ព្រះយេហូវ៉ាតែងតែធ្វើតាមពាក្យសន្យារបស់លោក។ (យ៉ូស. ២១:៤៥; ២៣:១៤) លោកធ្វើដូច្នេះ ដោយសារមូលហេតុមួយចំនួន។ មូលហេតុមួយគឺនេះជាប់ទាក់ទងនឹងនាមឬកេរ្ដិ៍ឈ្មោះរបស់លោក។ ព្រះយេហូវ៉ាបានសន្យាថាលោកនឹងថែរក្សាអ្នកបម្រើស្មោះត្រង់របស់លោក ហើយលោកមានអារម្មណ៍ថាលោកត្រូវតែធ្វើតាមពាក្យសន្យានោះ។ (ទំនុក. ៣១:១-៣) បន្ថែមទៅទៀត ព្រះយេហូវ៉ាដឹងថាយើងនឹងឈឺចិត្ត បើលោកមិនថែរក្សាពួកអ្នកដែលជាសមាជិកក្រុមគ្រួសាររបស់លោក ដែលរួមទាំងយើង។ លោកសន្យាថាលោកនឹងផ្ដល់ឲ្យយើងអ្វីៗដែលយើងត្រូវការដើម្បីរស់នៅ និងដើម្បីបន្តបម្រើលោកយ៉ាងស្មោះត្រង់ ហើយថាគ្មានអ្វីអាចរារាំងលោកមិនឲ្យធ្វើតាមពាក្យសន្យានោះឡើយ!—ម៉ាថ. ៦:៣០-៣៣; ២៤:៤៥
១៥. (ក) តើគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ជួបប្រទះការពិបាកអ្វី? (ខ) តើទំនុកតម្កើង ៣៧:១៨, ១៩ផ្ដល់ទំនុកចិត្តអ្វី?
១៥ ពេលយើងចាំអំពីមូលហេតុដែលព្រះយេហូវ៉ាធ្វើតាមពាក្យសន្យារបស់លោក យើងអាចប្រឈមមុខនឹងការពិបាកខាងលុយកាក់ដោយដឹងថាលោកនឹងជួយយើង។ សូមគិតអំពីគ្រិស្តសាសនិកនៅសតវត្សរ៍ទី១។ ពេលក្រុមជំនុំនៅក្រុងយេរូសាឡិមមានការបៀតបៀនយ៉ាងខ្លាំង «ពួកអ្នកកាន់តាមទាំងឡាយ លើកលែងតែពួកសាវ័ក បានត្រូវខ្ចាត់ខ្ចាយ»។ (សកម្ម. ៨:១) ពេលនោះ ពួកគេប្រាកដជាបានជួបបញ្ហាលុយកាក់។ គ្រិស្តសាសនិកនៅទីនោះទំនងជាបានបាត់បង់ផ្ទះសម្បែង ការងារ ឬមុខរបររបស់ពួកគេ។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានបោះបង់ចោលពួកគេទេ ហើយពួកគេក៏មិនបានបាត់បង់អំណរដែរ។ (សកម្ម. ៨:៤; ហេ. ១៣:៥, ៦; យ៉ា. ១:២, ៣) ព្រះយេហូវ៉ាបានផ្គត់ផ្គង់គ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងនោះ ហើយលោកក៏នឹងផ្គត់ផ្គង់យើងដែរ។—សូមអាន ទំនុកតម្កើង ៣៧:១៨, ១៩
ពេលស៊ូទ្រាំនឹងបញ្ហាដែលមកពីភាពចាស់ជរា
១៦. តើអ្វីអាចធ្វើឲ្យយើងគិតថាការគោរពប្រណិប័តន៍របស់យើងប្រហែលជាលែងមានតម្លៃចំពោះព្រះយេហូវ៉ា?
១៦ កាលដែលយើងចាស់ទៅៗ យើងប្រហែលជាចាប់ផ្ដើមមានអារម្មណ៍ថាយើងមិនមានអ្វីច្រើនជូនទៅព្រះយេហូវ៉ាទេ។ ពេលស្តេចដាវីឌកាន់តែចាស់ គាត់ក៏ប្រហែលជាមានអារម្មណ៍ដូចគ្នាដែរ។ (ទំនុក. ៧១:៩) តើព្រះយេហូវ៉ាអាចជួយយើងយ៉ាងដូចម្ដេច?
១៧. តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះចេរី?
១៧ សូមពិចារណាគំរូរបស់បងស្រីម្នាក់ឈ្មោះចេរី។ គាត់បានត្រូវអញ្ជើញឲ្យទៅសាលប្រជុំដើម្បីចូលរួមវគ្គបង្ហាត់បង្រៀនផ្នែកថែទាំអគារដែលបានត្រូវប្រើក្នុងកិច្ចបម្រើព្រះយេហូវ៉ា ប៉ុន្តែគាត់មិនចង់ទៅទេ។ គាត់និយាយថា៖ «ខ្ញុំចាស់ហើយ។ ខ្ញុំជាស្ត្រីមេម៉ាយទៀត ហើយខ្ញុំគ្មានជំនាញណាមួយដែលព្រះយេហូវ៉ាអាចប្រើបានឡើយ។ ខ្ញុំគ្មានប្រយោជន៍ទេ»។ នៅយប់មុនវគ្គបង្ហាត់បង្រៀននោះ គាត់បានអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា។ ស្អែកឡើងពេលគាត់ទៅដល់សាលប្រជុំ គាត់នៅតែឆ្ងល់ថាគាត់គួរមកឬយ៉ាងណា។ ក្នុងអំឡុងវគ្គបង្ហាត់បង្រៀននោះ អ្នកថ្លែងម្នាក់បានលើកឡើងថាជំនាញសំខាន់បំផុតរបស់យើងគឺការសុខចិត្តឲ្យព្រះយេហូវ៉ាបង្រៀន។ បងចេរីនឹកចាំថា «ខ្ញុំបាននិយាយក្នុងចិត្តថា ‹ជំនាញនោះខ្ញុំមាន!›។ ខ្ញុំបានយំពេលដែលខ្ញុំឃើញថាព្រះយេហូវ៉ាកំពុងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំ។ លោកបានពង្រឹងទំនុកចិត្តខ្ញុំថា តាមពិតខ្ញុំមានអ្វីដែលមានតម្លៃដើម្បីជូនលោក ហើយថាលោកពេញចិត្តបង្រៀនខ្ញុំ!»។ ពេលគិតអំពីកាលនោះ បងចេរីនិយាយថា៖ «ខ្ញុំបានចូលទៅទទួលការបង្ហាត់បង្រៀននោះទាំងមានអារម្មណ៍ភ័យខ្លាច ធ្លាក់ទឹកចិត្ត ហើយថាខ្លួនគ្មានតម្លៃ។ ប៉ុន្តែខ្ញុំបានចេញមកវិញទាំងមានទំនុកចិត្ត ទទួលការលើកទឹកចិត្ត ហើយថាខ្លួនមានតម្លៃ!»។
១៨. តើគម្ពីរបង្ហាញយ៉ាងណាថាព្រះយេហូវ៉ានៅតែឲ្យតម្លៃចំពោះការគោរពប្រណិប័តន៍របស់យើង កាលដែលយើងកាន់តែចាស់ទៅៗ?
១៨ កាលដែលយើងកាន់តែចាស់ទៅៗ យើងអាចប្រាកដថាព្រះយេហូវ៉ានៅតែមានកិច្ចការឲ្យយើងធ្វើ។ (ទំនុក. ៩២:១២-១៥) លោកយេស៊ូបានបង្រៀនយើងថា ទោះជាចំពោះយើងអ្វីដែលយើងអាចធ្វើមើលទៅមិនសូវសំខាន់ក្ដី ព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្វីណាក៏ដោយដែលយើងធ្វើក្នុងកិច្ចបម្រើលោក។ (លូក. ២១:២-៤) ដូច្នេះ សូមផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកអាចធ្វើបាន។ ជាឧទាហរណ៍ អ្នកអាចនិយាយអំពីព្រះយេហូវ៉ា អធិដ្ឋានឲ្យបងប្អូន និងលើកទឹកចិត្តអ្នកឯទៀតឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះ។ ព្រះយេហូវ៉ាចាត់ទុកអ្នកថាជាអ្នករួមការងារជាមួយនឹងលោក មិនមែនដោយសារអ្វីដែលអ្នកអាចសម្រេចទេ តែដោយសារអ្នកស្ដាប់បង្គាប់លោកយ៉ាងស្មោះអស់ពីចិត្ត។—១កូ. ៣:៥-៩
១៩. តើរ៉ូម ៨:៣៨, ៣៩ផ្ដល់ទំនុកចិត្តអ្វីដល់យើង?
១៩ យើងសប្បាយរីករាយដែលយើងអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ា ជាព្រះដែលពិតជាឲ្យតម្លៃចំពោះពួកអ្នកដែលបម្រើលោក! លោកបានបង្កើតយើងឲ្យធ្វើតាមបំណងប្រាថ្នារបស់លោក ហើយការគោរពប្រណិប័តន៍ពិតធ្វើឲ្យយើងស្កប់ចិត្តនឹងជីវិត។ (បប. ៤:១១) ទោះជាពិភពលោកប្រហែលជាចាត់ទុកយើងថាគ្មានប្រយោជន៍ក៏ដោយ ព្រះយេហូវ៉ាមិនអៀនខ្មាសដោយសារយើងនោះទេ។ (ហេ. ១១:១៦, ៣៨) ពេលយើងធ្លាក់ទឹកចិត្តដោយសារជំងឺ ឬបញ្ហាលុយកាក់ ឬក៏ភាពវ័យចាស់ សូមយើងចាំថាគ្មានអ្វីអាចធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់ដែលបិតានៅស្ថានសួគ៌មានចំពោះយើងឡើយ។—សូមអាន រ៉ូម ៨:៣៨, ៣៩
a តើអ្នកធ្លាប់ជួបស្ថានភាពដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនគ្មានតម្លៃឬទេ? អត្ថបទនេះនឹងរំលឹកអ្នកថាព្រះយេហូវ៉ាឲ្យតម្លៃខ្លាំងយ៉ាងណាចំពោះអ្នក។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងនៅតែអាចឲ្យតម្លៃចំពោះខ្លួនឯង មិនថាមានរឿងអ្វីកើតឡើងក្នុងជីវិតរបស់យើងក្ដី។
ចម្រៀងលេខ៣០ បិតាខ្ញុំជាព្រះនិងជាមិត្តរបស់ខ្ញុំ