អត្ថបទសិក្សា ២
អ្នកអាចទៅជា‹ជំនួយនិងអ្នកពង្រឹងកម្លាំង›
«ពួកគាត់ . . . រួមការងារជាមួយនឹងខ្ញុំដើម្បីរាជាណាចក្ររបស់ព្រះ ហើយពួកគាត់បានក្លាយទៅជាជំនួយរបស់ខ្ញុំនិងអ្នកពង្រឹងកម្លាំងខ្ញុំ»។—កូឡ. ៤:១១
ចម្រៀងលេខ៩០ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក
សេចក្ដីសង្ខេបa
១. តើអ្នកបម្រើដ៏ស្មោះត្រង់ជាច្រើននាក់របស់ព្រះយេហូវ៉ាកំពុងជួបប្រទះនឹងស្ថានភាពពិបាកអ្វីខ្លះ?
នៅទូទាំងពិភពលោក អ្នកបម្រើជាច្រើននាក់របស់ព្រះយេហូវ៉ាកំពុងជួបប្រទះនឹងស្ថានភាពផ្សេងៗ ដែលនាំឲ្យពួកគេតានតឹងចិត្តឬពិបាកចិត្ត។ តើអ្នកឃើញបញ្ហានេះក្នុងក្រុមជំនុំរបស់អ្នកឬទេ? ជាឧទាហរណ៍ គ្រិស្តសាសនិកខ្លះកំពុងប្រឈមមុខនឹងជំងឺដ៏ធ្ងន់ធ្ងរ ឬកើតទុក្ខដោយសារបុគ្គលជាទីស្រឡាញ់បានស្លាប់។ អ្នកខ្លះទៀតឈឺចិត្តជាខ្លាំងដោយសារសមាជិកក្រុមគ្រួសារ ឬមិត្តភក្ដិជិតស្និទ្ធរបស់ពួកគេឈប់បម្រើព្រះយេហូវ៉ា។ រីឯអ្នកខ្លះទៀតកំពុងរងទុក្ខដោយសារមហន្តរាយធម្មជាតិ។ បងប្អូនទាំងនេះត្រូវការការសម្រាលទុក្ខ។ តើយើងអាចជួយពួកគេយ៉ាងដូចម្ដេច?
២. ហេតុអ្វីជួនកាលសាវ័កប៉ូលត្រូវការការសម្រាលទុក្ខ?
២ អស់ជាច្រើនដង សាវ័កប៉ូលបានជួបគ្រោះថ្នាក់ដល់ជីវិត។ (២កូ. ១១:២៣-២៨) គាត់ក៏ត្រូវស៊ូទ្រាំនឹង«បន្លាមួយក្នុងសាច់ឈាម» ដែលប្រហែលជាសំដៅទៅលើបញ្ហាសុខភាព។ (២កូ. ១២:៧) ម្យ៉ាងទៀត គាត់បានខកចិត្តពេលដេម៉ាសដែលធ្លាប់ជាអ្នករួមការងារជាមួយនឹងគាត់ បានបោះបង់ចោលគាត់ «ដោយសារ[ដេម៉ាស]ស្រឡាញ់របៀបរបបពិភពលោកនាបច្ចុប្បន្ននេះ»។ (២ធី. ៤:១០) ទោះជាប៉ូលជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដ៏អង់អាចក្លាហានម្នាក់ និងដែលជួយអ្នកឯទៀតដោយមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនក្ដី ជួនកាលគាត់ក៏ធ្លាក់ទឹកចិត្តដែរ។—រ៉ូម ៩:១, ២
៣. តើប៉ូលបានទទួលការសម្រាលទុក្ខនិងការគាំទ្រពីអ្នកណា?
៣ ប៉ូលបានទទួលការសម្រាលទុក្ខនិងការគាំទ្រដែលគាត់ត្រូវការ។ តើតាមរបៀបណា? ព្រះយេហូវ៉ាច្បាស់ជាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីពង្រឹងកម្លាំងគាត់។ (២កូ. ៤:៧; ភី. ៤:១៣) ព្រះយេហូវ៉ាក៏បានសម្រាលទុក្ខគាត់តាមរយៈគ្រិស្តសាសនិកឯទៀតដែរ។ ប៉ូលបានរៀបរាប់អំពីអ្នករួមការងារខ្លះថាពួកគេជា‹ជំនួយនិងអ្នកពង្រឹងកម្លាំង›ឬសម្រាលទុក្ខគាត់។ (កូឡ. ៤:១១) ក្នុងចំណោមពួកអ្នកដែលគាត់បានលើកឈ្មោះឡើងរួមមានអារីស្ដាក ទីឃីកុស និងម៉ាកុស។ ពួកគាត់បានពង្រឹងកម្លាំងប៉ូលដោយជួយគាត់ឲ្យស៊ូទ្រាំ។ តើគុណសម្បត្ដិអ្វីខ្លះបានជួយគ្រិស្តសាសនិកទាំងបីនាក់នេះឲ្យចេះសម្រាលទុក្ខអ្នកឯទៀត? តើយើងអាចធ្វើតាមគំរូដ៏ល្អប្រសើររបស់ពួកគាត់យ៉ាងដូចម្ដេច កាលដែលយើងព្យាយាមសម្រាលទុក្ខនិងលើកទឹកចិត្តគ្នាទៅវិញទៅមក?
ចូរស្មោះត្រង់ដូចអារីស្ដាក
៤. តើអារីស្ដាកបានបង្ហាញយ៉ាងណាថាគាត់ជាមិត្តស្មោះត្រង់របស់ប៉ូល?
៤ អារីស្ដាកដែលជាគ្រិស្តសាសនិកជនជាតិម៉ាសេដូនម្នាក់ពីក្រុងថែស្សាឡូនិច បានបង្ហាញថាគាត់ជាមិត្តដ៏ស្មោះត្រង់របស់ប៉ូល។ គម្ពីរចែងជាលើកដំបូងអំពីអារីស្ដាក នៅពេលដែលប៉ូលបានទៅជួបបងប្អូននៅក្រុងអេភេសូរ ក្នុងអំឡុងដំណើរជាសាសនទូតលើកទី៣របស់គាត់។ កាលដែលអារីស្ដាករួមដំណើរជាមួយប៉ូល គាត់បានត្រូវមនុស្សមួយក្រុមចាប់ខ្លួន។ (សកម្ម. ១៩:២៩) ក្រោយមក ពេលដែលគាត់បានត្រូវគេដោះលែង គាត់មិនបានទៅចោលប៉ូលដើម្បីយករួចខ្លួនតែម្នាក់ឯងទេ ប៉ុន្តែគាត់បាននៅជាប់នឹងប៉ូលវិញ។ ប៉ុន្មានខែក្រោយមក អារីស្ដាកនៅតែនៅជាមួយនឹងប៉ូលនៅស្រុកក្រិច ទោះជាសត្រូវរបស់ប៉ូលព្យាយាមសម្លាប់គាត់ក្ដី។ (សកម្ម. ២០:២-៤) ប្រហែលជានៅឆ្នាំ ៥៨ គ.ស. ពេលដែលប៉ូលបានត្រូវគេបញ្ជូនទៅក្រុងរ៉ូមក្នុងនាមជាអ្នកទោស អារីស្ដាកបានរួមដំណើរដ៏សែនឆ្ងាយនោះជាមួយនឹងគាត់ ហើយនៅតាមផ្លូវ ពួកគាត់ទាំងពីរនាក់បានលិចសំពៅ។ (សកម្ម. ២៧:១, ២, ៤១) តាមមើលទៅ កាលដែលនៅក្រុងរ៉ូម គាត់បានជាប់គុកជាមួយនឹងប៉ូលអស់មួយរយៈពេល។ (កូឡ. ៤:១០) ប៉ូលច្បាស់ជាទទួលការលើកទឹកចិត្តនិងការសម្រាលទុក្ខពីមិត្តដ៏ស្មោះត្រង់បែបនេះ!
៥. យោងទៅតាមសុភាសិត ១៧:១៧ តើយើងអាចធ្វើជាមិត្តដ៏ស្មោះត្រង់យ៉ាងដូចម្ដេច?
៥ ដូចអារីស្ដាក យើងអាចធ្វើជាមិត្តដ៏ស្មោះត្រង់ ដោយនៅជាប់ជាមួយនឹងបងប្អូនរបស់យើងមិនគ្រាន់តែនៅគ្រាសុខស្រួលប៉ុណ្ណោះទេ តែក៏នៅក្នុងអំឡុង«គ្រាលំបាក»ដែរ។ (សូមអាន សុភាសិត ១៧:១៧) សូម្បីតែក្រោយពីបញ្ហាបានកន្លងផុតទៅហើយក្ដី បងប្អូនរបស់យើងប្រហែលជានៅតែត្រូវការការសម្រាកទុក្ខ។ ជាឧទាហរណ៍ ឪពុកម្ដាយរបស់បងស្រីហ្វ្រានស៊ីសbបានស្លាប់បន្តបន្ទាប់គ្នាក្នុងរយៈពេលបីខែ ដោយសារជំងឺមហារីក។ គាត់និយាយថា៖ «ខ្ញុំឃើញថា ទុក្ខលំបាកធំធ្វើឲ្យយើងរងទុក្ខយ៉ាងយូរ។ ខ្ញុំមានចិត្តកតញ្ញូចំពោះមិត្តដ៏ស្មោះត្រង់ដែលចាំថាខ្ញុំនៅតែពិបាកចិត្ត ទោះជាពេលវេលាបានកន្លងផុតទៅអស់មួយរយៈពេលក្ដី តាំងពីឪពុកម្ដាយខ្ញុំបានស្លាប់ទៅ»។
៦. តើភាពស្មោះត្រង់ជំរុញចិត្តយើងឲ្យធ្វើអ្វី?
៦ មិត្តស្មោះត្រង់ធ្វើការលះបង់ផ្សេងៗដើម្បីគាំទ្របងប្អូនរបស់ពួកគេ។ ជាឧទាហរណ៍ បងប្រុសម្នាក់ឈ្មោះភីធើមានជំងឺដ៏កាចសាហាវមួយ។ ប្រពន្ធរបស់គាត់ឈ្មោះកេតរ៉ឹន និយាយថា៖ «ប្ដីប្រពន្ធមួយគូក្នុងក្រុមជំនុំយើង បានជូនយើងទៅជួបគ្រូពេទ្យ ហើយនៅពេលនោះយើងបានរកឃើញជំងឺរបស់បងភីធើ។ នៅខណៈពេលនោះ ពួកគាត់បានសម្រេចចិត្តថាពួកគាត់នឹងមិនទុកយើងចោលក្នុងស្ថានភាពដ៏ពិបាកនេះទេ ហើយពួកគាត់បាននៅជាមួយយើងនៅពេលដែលយើងត្រូវការពួកគាត់»។ ការមានមិត្តពិតដែលអាចជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាក ពិតជាសម្រាលទុក្ខយើងមែន!
ចូរធ្វើជាមនុស្សដែលគួរឲ្យទុកចិត្តដូចទីឃីកុស
៧-៨. យោងទៅតាមកូឡុស ៤:៧-៩ តើទីឃីកុសបានបង្ហាញយ៉ាងណាថាគាត់ជាមនុស្សដែលគួរឲ្យទុកចិត្ត?
៧ ទីឃីកុសជាគ្រិស្តសាសនិកពីតំបន់អាស៊ីដែលកាន់កាប់ដោយរ៉ូម ហើយគាត់ជាដៃគូដ៏គួរឲ្យទុកចិត្តរបស់ប៉ូល។ (សកម្ម. ២០:៤) ប្រហែលជានៅឆ្នាំ ៥៥ គ.ស ប៉ូលបានរៀបចំប្រមូលវិភាគទានដើម្បីជួយគ្រិស្តសាសនិកនៅតំបន់យូឌា ហើយគាត់ប្រហែលជាបានឲ្យទីឃីកុសជួយបំពេញភារកិច្ចដ៏សំខាន់នេះ។ (២កូ. ៨:១៨-២០) ក្រោយមក ពេលដែលប៉ូលបានជាប់គុកនៅក្រុងរ៉ូមជាលើកដំបូង ទីឃីកុសបានបម្រើជាអ្នកនាំពាក្យរបស់គាត់។ គាត់បាននាំយកសំបុត្រនិងដំណឹងដែលលើកទឹកចិត្តពីប៉ូលទៅឲ្យក្រុមជំនុំនៅតំបន់អាស៊ី។—កូឡ. ៤:៧-៩
៨ ទីឃីកុសបានបន្តធ្វើជាមិត្តដ៏គួរឲ្យទុកចិត្តរបស់ប៉ូល។ (ទីត. ៣:១២) មិនមែនគ្រិស្តសាសនិកទាំងអស់នៅសម័យនោះគួរឲ្យទុកចិត្តដូចទីឃីកុសទេ។ ប្រហែលជានៅឆ្នាំ ៦៥ គ.ស ក្នុងអំឡុងពេលប៉ូលជាប់គុកជាលើកទី២ គាត់បានសរសេរថាបុរសគ្រិស្តសាសនិកជាច្រើននៅតំបន់អាស៊ីបានបែរចេញពីគាត់ នេះទំនងជាដោយសារពួកគេខ្លាចពួកអ្នកប្រឆាំង។ (២ធី. ១:១៥) ផ្ទុយពីពួកគេ ប៉ូលអាចទុកចិត្តទីឃីកុស ហើយបានឲ្យភារកិច្ចមួយទៀតដល់គាត់។ (២ធី. ៤:១២) ប៉ូលប្រាកដជាសប្បាយរីករាយដែលមានមិត្តល្អដូចទីឃីកុស។
៩. តើយើងអាចយកតម្រាប់ទីឃីកុសយ៉ាងដូចម្ដេច?
៩ យើងអាចយកតម្រាប់ទីឃីកុស ដោយធ្វើជាមិត្តដែលគួរឲ្យទុកចិត្ត។ ជាឧទាហរណ៍ យើងមិនគ្រាន់តែសន្យាថាយើងនឹងជួយបងប្អូនរបស់យើងពេលដែលពួកគេត្រូវការប៉ុណ្ណោះទេ តែយើងក៏ធ្វើអ្វីផ្សេងៗដើម្បីជួយពួកគេដែរ។ (ម៉ាថ. ៥:៣៧; លូក. ១៦:១០) ពេលបងប្អូនដែលត្រូវការជំនួយដឹងថាពួកគេអាចពឹងយើងបាន ពួកគេធូរចិត្ត។ ហេតុអ្វី? បងស្រីម្នាក់ពន្យល់អំពីមូលហេតុ។ គាត់និយាយថា៖ «យើងមិនបារម្ភថាបុគ្គលដែលស្នើសុំជួយយើងនឹងជួយយើងទាន់ពេលតាមពាក្យសន្យារបស់គាត់ឬអត់ទេ»។
១០. ដូចចែងនៅសុភាសិត ១៨:២៤ តើអ្នកដែលជួបទុក្ខលំបាកឬខកចិត្តអាចទទួលការសម្រាលទុក្ខពីអ្នកណា?
១០ អ្នកដែលជួបទុក្ខលំបាកឬខកចិត្ត ច្រើនតែទទួលការសម្រាលទុក្ខពីមិត្តភក្ដិដែលគួរឲ្យទុកចិត្ត។ (សូមអាន សុភាសិត ១៨:២៤) បងប្រុសប៊ីជេខកចិត្តពេលឃើញកូនប្រុសរបស់គាត់បានត្រូវបណ្ដាច់មិត្តភាព ក្រោយមកគាត់បាននិយាយថា៖ «ខ្ញុំត្រូវប្រាប់អារម្មណ៍របស់ខ្ញុំទៅអ្នកណាម្នាក់ដែលខ្ញុំអាចទុកចិត្ត»។ បងប្រុសខាលឡូសដែលបានបាត់បង់ឯកសិទ្ធិក្នុងក្រុមជំនុំដោយសារគាត់បានធ្វើខុស និយាយថា៖ «ខ្ញុំត្រូវការកន្លែងស្ងប់ស្ងាត់មួយ ដែលអាចឲ្យខ្ញុំបញ្ចេញអារម្មណ៍ទាំងអស់របស់ខ្ញុំដោយមិនខ្លាចថាមានអ្នកណានឹងវិនិច្ឆ័យខ្ញុំទេ»។ បងខាលឡូសបានរកឃើញកន្លែងស្ងប់ស្ងាត់នោះ ក្នុងន័យម្យ៉ាងគឺជាពួកអ្នកចាស់ទុំដែលបានជួយគាត់ឲ្យយកឈ្នះបញ្ហារបស់គាត់។ គាត់ក៏ទទួលការសម្រាលទុក្ខ ដោយដឹងថាពួកអ្នកចាស់ទុំនឹងមិនប្រាប់អ្នកឯទៀតអំពីអ្វីដែលគាត់បានប្រាប់ពួកគេឡើយ។
១១. តើយើងអាចធ្វើជាមិត្តដែលគួរឲ្យទុកចិត្តយ៉ាងដូចម្ដេច?
១១ ដើម្បីធ្វើជាមិត្តដែលគួរឲ្យទុកចិត្ត យើងត្រូវបណ្ដុះឲ្យមានចិត្តអត់ធ្មត់។ ក្រោយពីប្ដីរបស់បងស្រីហ្សាណាបានចុះចោលគាត់ គាត់បានទទួលការសម្រាលទុក្ខដោយប្រាប់អារម្មណ៍របស់គាត់ទៅមិត្តជិតស្និទ្ធ។ គាត់និយាយថា៖ «ពួកគេបានស្ដាប់ខ្ញុំដោយអត់ធ្មត់ ទោះជាខ្ញុំប្រហែលជានិយាយដដែលៗក្ដី»។ អ្នកក៏អាចបង្ហាញថាអ្នកជាមិត្តដ៏ល្អ ដោយយកចិត្តទុកដាក់ស្ដាប់អ្នកឯទៀត។
ចូរស្ម័គ្រចិត្តបម្រើអ្នកឯទៀតដូចម៉ាកុស
១២. តើម៉ាកុសជាអ្នកណា ហើយតើគាត់បានបង្ហាញយ៉ាងណាថាគាត់ស្ម័គ្រចិត្តបម្រើអ្នកឯទៀត?
១២ ម៉ាកុសគឺជាគ្រិស្តសាសនិកជនជាតិយូដាពីក្រុងយេរូសាឡិម។ បាណាបាសដែលជាបងជីដូនមួយរបស់គាត់គឺជាសាសនទូតដែលបងប្អូនជាច្រើនស្គាល់។ (កូឡ. ៤:១០) តាមមើលទៅ ក្រុមគ្រួសាររបស់ម៉ាកុសគឺជាអ្នកមាន ប៉ុន្តែគាត់មិនបានចាត់ទុកវត្ថុទ្រព្យថាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតគាត់ឡើយ។ អស់មួយជីវិតរបស់ម៉ាកុស គាត់បានបង្ហាញថាគាត់ស្ម័គ្រចិត្តបម្រើអ្នកឯទៀតដោយក្ដីរីករាយ។ ជាឧទាហរណ៍ នៅពេលខ្លះ គាត់បានបម្រើជាមួយនឹងសាវ័កប៉ូល ហើយពេលខ្លះជាមួយនឹងសាវ័កពេត្រុសដែរ កាលដែលពួកគាត់កំពុងបំពេញភារកិច្ច។ ម៉ាកុសប្រហែលជាបានទិញអាហារ រកកន្លែងស្នាក់នៅឲ្យពួកគាត់ និងធ្វើអ្វីផ្សេងទៀត។ (សកម្ម. ១៣:២-៥; ១ពេ. ៥:១៣) ប៉ូលបានរៀបរាប់ថាម៉ាកុសជា‹អ្នករួមការងារជាមួយនឹងគាត់ដើម្បីរាជាណាចក្ររបស់ព្រះ› និងជា‹ជំនួយនិងអ្នកពង្រឹងកម្លាំង›គាត់។—កូឡ. ៤:១០, ១១
១៣. តើធីម៉ូថេទី២ ៤:១១ បង្ហាញយ៉ាងណាថាប៉ូលបានឲ្យតម្លៃចំពោះកិច្ចបម្រើដ៏ស្មោះត្រង់របស់ម៉ាកុស?
១៣ ប៉ូលប្រាកដជាបានឲ្យតម្លៃចំពោះជំនួយទាំងអស់នេះរបស់ម៉ាកុស។ ដូច្នេះ ម៉ាកុសបានទៅជាមិត្តជិតស្និទ្ធម្នាក់របស់ប៉ូល។ ជាឧទាហរណ៍ ពេលប៉ូលបានជាប់គុកជាលើកចុងក្រោយនាក្រុងរ៉ូម ប្រហែលជានៅឆ្នាំ ៦៥ គ.ស. គាត់បានសរសេរសំបុត្រទី២របស់គាត់ទៅកាន់ធីម៉ូថេ។ ក្នុងសំបុត្រនោះ ប៉ូលបានសុំធីម៉ូថេឲ្យមកក្រុងរ៉ូម ហើយសុំឲ្យគាត់យកម៉ាកុសមកជាមួយដែរ។ (២ធី. ៤:១១) តាមមើលទៅ នៅពេលនោះប៉ូលដឹងថាមិនយូរទៀតគាត់នឹងត្រូវគេប្រហារជីវិត ដូច្នេះគាត់បានសុំម៉ាកុសឲ្យនៅជាមួយនឹងគាត់។ ម៉ាកុសបានជួយប៉ូលតាមរបៀបផ្សេងៗ។ គាត់ប្រហែលជាផ្ដល់អាហារឲ្យប៉ូល ឬសម្ភារសម្រាប់ឲ្យគាត់សរសេរសំបុត្រ។ ការគាំទ្រនិងការលើកទឹកចិត្តដែលប៉ូលបានទទួល ទំនងជាបានជួយគាត់ឲ្យស៊ូទ្រាំនៅប៉ុន្មានថ្ងៃចុងក្រោយនៃជីវិតរបស់គាត់។
១៤-១៥. តើម៉ាថាយ ៧:១២ អាចបង្រៀនយើងអ្វីអំពីការជួយអ្នកឯទៀត?
១៤ សូមអាន ម៉ាថាយ ៧:១២។ ពេលយើងកំពុងប្រឈមមុខនឹងការលំបាក យើងឲ្យតម្លៃចំពោះពួកអ្នកដែលស្នើសុំជួយយើង! ឪពុករបស់បងប្រុសម្នាក់ឈ្មោះរ៉ាយអិនបានស្លាប់ភ្លាមៗក្នុងគ្រោះថ្នាក់ដ៏គួរឲ្យខ្លោចផ្សាមួយ គាត់និយាយថា៖ «រាល់ថ្ងៃ មានអ្វីជាច្រើនដែលយើងធ្វើជាធម្មតា តែវាបែរជាពិបាកធ្វើពេលយើងកំពុងកើតទុក្ខ។ ការផ្ដល់ជំនួយ សូម្បីតែតិចតួចក៏មានប្រយោជន៍ច្រើនណាស់»។
១៥ បើយើងសង្កេតមើលដោយយកចិត្តទុកដាក់ យើងទំនងជាអាចស្វែងរកវិធីផ្សេងៗដើម្បីជួយអ្នកឯទៀត។ ជាឧទាហរណ៍ បងស្រីម្នាក់បានសម្រេចចិត្តជួយបងភីធើនិងបងកេតរ៉ឹនដែលបានត្រូវរៀបរាប់ខាងលើ ដោយជូនពួកគាត់ទៅជួបគ្រូពេទ្យរាល់លើកដែលពួកគាត់ត្រូវការ។ ទាំងបងភីធើទាំងបងកេតរ៉ឹនមិនអាចបើកបរបានទៀតទេ ដូច្នេះបងស្រីនោះបានរៀបចំកាលវិភាគឲ្យបងប្អូនដែលស្ម័គ្រចិត្តពីក្រុមជំនុំដាក់វេនគ្នាដើម្បីជូនពួកគាត់ទៅណាមកណា។ តើការរៀបចំនេះបានជួយពួកគាត់ឬទេ? បងកេតរ៉ឹននិយាយថា៖ «យើងមានអារម្មណ៍ថា គឺហាក់ដូចជាអម្រែកដ៏ធ្ងន់មួយបានដកចេញពីស្មារបស់យើង»។ សូមចាំជានិច្ចថាអ្នកអាចសម្រាលទុក្ខអ្នកឯទៀតខ្លាំងណាស់ ពេលអ្នកធ្វើអ្វីៗដើម្បីជួយពួកគេ ទោះជាអ្វីនោះសាមញ្ញឬតូចតាចក៏ដោយ។
១៦. ស្តីអំពីការសម្រាលទុក្ខអ្នកឯទៀត តើយើងអាចទាញយកមេរៀនដ៏សំខាន់អ្វីពីគំរូរបស់ម៉ាកុស?
១៦ ម៉ាកុសច្បាស់ជាគ្រិស្តសាសនិកដែលជាប់រវល់ណាស់។ គាត់មានភារកិច្ចដ៏សំខាន់ពីព្រះយេហូវ៉ា ដែលរួមបញ្ចូលការសរសេរសៀវភៅដំណឹងល្អមួយដែលបានត្រូវហៅតាមឈ្មោះរបស់គាត់។ ក៏ប៉ុន្តែ ម៉ាកុសបានលៃទុកពេលដើម្បីសម្រាលទុក្ខប៉ូល ហើយប៉ូលមានអារម្មណ៍ស្រួលក្នុងការសុំជំនួយពីគាត់។ បងស្រីអេនចឺឡាដែលមានសមាជិកក្រុមគ្រួសារបានស្លាប់យ៉ាងអាណោចអាធ័ម ឲ្យតម្លៃចំពោះបងប្អូនដែលស្ម័គ្រចិត្តជួយសម្រាលទុក្ខគាត់។ គាត់និយាយថា៖ «ពេលមិត្តចង់ជួយយើងដោយចិត្តស្មោះ យើងស្រួលទាក់ទងពួកគេ។ ពួកគេមើលទៅមិនស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយឡើយ»។ យើងអាចសួរខ្លួនយើងថា ‹តើអ្នកឯទៀតស្គាល់ខ្ញុំថាខ្ញុំជាមនុស្សដែលពេញចិត្តជួយសម្រាលទុក្ខបងប្អូនរួមជំនឿតាមរបៀបផ្សេងៗឬទេ?›។
ចូរតាំងចិត្តសម្រាលទុក្ខ អ្នកឯទៀត
១៧. តើការរំពឹងគិតអំពីកូរិនថូសទី២ ១:៣, ៤ អាចជំរុញចិត្តយើងឲ្យសម្រាលទុក្ខអ្នកឯទៀតយ៉ាងដូចម្ដេច?
១៧ យើងស្រួលឃើញថាមានបងប្អូនដែលត្រូវការការសម្រាលទុក្ខពីយើង។ យើងប្រហែលជាថែមទាំងអាចលើកទឹកចិត្តបងប្អូនតាមរបៀបដែលអ្នកណាម្នាក់ធ្លាប់លើកទឹកចិត្តយើង។ បងស្រីនីណូដែលបានបាត់បង់យាយរបស់គាត់ដោយសារសេចក្ដីស្លាប់ និយាយថា៖ «ព្រះយេហូវ៉ាអាចសម្រាលទុក្ខអ្នកឯទៀតតាមរយៈយើង បើយើងអនុញ្ញាតឲ្យលោកប្រើយើង»។ (សូមអាន កូរិនថូសទី២ ១:៣, ៤) បងហ្វ្រានស៊ីសដែលបានត្រូវរៀបរាប់ខាងលើ និយាយថា៖ «ពាក្យនៅកូរិនថូសទី២ ១:៤ គឺជាពាក្យពិត។ យើងអាចផ្ដល់ការសម្រាលទុក្ខដល់អ្នកឯទៀតតាមរបៀបដែលយើងបានទទួល»។
១៨. (ក) ហេតុអ្វីអ្នកខ្លះប្រហែលជាមិនហ៊ានផ្ដល់ការសម្រាលទុក្ខដល់អ្នកឯទៀត? (ខ) តើយើងអាចទៅជាអ្នកដែលពិតជាសម្រាលទុក្ខអ្នកឯទៀតយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍។
១៨ យើងត្រូវស្វែងរកវិធីដើម្បីជួយអ្នកឯទៀត ទោះជាយើងខ្លាចក៏ដោយ។ តើក្នុងន័យអ្វី? យើងប្រហែលជាខ្លាចថាយើងមិនដឹងនិយាយអ្វី ឬធ្វើអ្វីចំពោះបុគ្គលណាម្នាក់ដែលកំពុងស្ថិតក្នុងស្ថានភាពពិបាកទេ។ អ្នកចាស់ទុំម្នាក់ឈ្មោះផលនឹកចាំអំពីរបៀបដែលបុគ្គលខ្លះបានព្យាយាមសម្រាលទុក្ខគាត់ ក្រោយពីឪពុកគាត់បានស្លាប់។ គាត់និយាយថា៖ «ខ្ញុំអាចឃើញថាពួកគេមិនស្រួលមកនិយាយជាមួយនឹងខ្ញុំទេ។ ពួកគេពិបាករកពាក្យនិយាយ។ ប៉ុន្តែ ខ្ញុំនៅតែឲ្យតម្លៃចំពោះទឹកចិត្តដែលពួកគេចង់សម្រាលទុក្ខនិងគាំទ្រខ្ញុំ»។ ស្រដៀងគ្នាដែរ ក្រោយមានរញ្ជួយដីដ៏កក្រើកមួយ បងប្រុសថាជុនបានរៀបរាប់ថា៖ «បើនិយាយដោយស្មោះទៅ ខ្ញុំមិនចាំគ្រប់សារដែលអ្នកឯទៀតបានផ្ញើឲ្យខ្ញុំនៅប៉ុន្មានថ្ងៃបន្ទាប់ពីរញ្ជួយដីទេ ប៉ុន្តែខ្ញុំចាំថាពួកគេយកចិត្តទុកដាក់ខ្ញុំ ហើយចង់ប្រាកដថាខ្ញុំមានសុវត្ថិភាព»។ យើងអាចទៅជាអ្នកដែលពិតជាសម្រាលទុក្ខអ្នកឯទៀត បើយើងបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះពួកគេ។
១៩. ហេតុអ្វីអ្នកតាំងចិត្តធ្វើជា‹ជំនួយនិងអ្នកពង្រឹងកម្លាំង›?
១៩ កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ ស្ថានភាពរបស់ពិភពលោកនឹងកាន់តែអាក្រក់ទៅៗ ហើយជីវិតនឹងកាន់តែពិបាកទៅៗដែរ។ (២ធី. ៣:១៣) ម្យ៉ាងទៀត យើងនឹងនៅតែត្រូវការការសម្រាលទុក្ខ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះនិងចេះធ្វើខុស។ មូលហេតុមួយដែលសាវ័កប៉ូលអាចស៊ូទ្រាំយ៉ាងស្មោះត្រង់រហូតដល់ទីបញ្ចប់នៃជីវិតរបស់គាត់ គឺដោយសារគាត់បានទទួលការសម្រាលទុក្ខពីបងប្អូនរួមជំនឿ។ សូមយើងស្មោះត្រង់ដូចអារីស្ដាក គួរឲ្យទុកចិត្តដូចទីឃីកុស និងស្ម័គ្រចិត្តបម្រើអ្នកឯទៀតដូចម៉ាកុស។ ដោយធ្វើដូច្នេះ យើងអាចជួយបងប្អូនរបស់យើងឲ្យរក្សាជំនឿមាំមួន។—១ថែ. ៣:២, ៣
a សាវ័កប៉ូលបានជួបការពិបាកជាច្រើនក្នុងជីវិតរបស់គាត់។ ក្នុងអំឡុងគ្រាដ៏ពិបាក អ្នករួមការងារជាមួយគាត់ប៉ុន្មាននាក់បានសម្រាលទុក្ខគាត់។ យើងនឹងពិចារណាអំពីគុណសម្បត្ដិបីដែលបានធ្វើឲ្យអ្នករួមការងារទាំងនេះពូកែសម្រាលទុក្ខគាត់។ យើងក៏នឹងពិចារណាអំពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់ពួកគាត់។
b ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
ចម្រៀងលេខ១១១ មូលហេតុដែលយើងមានអំណរ
c ការពណ៌នាអំពីរូបភាព: អារីស្ដាកនិងប៉ូលបានលិចសំពៅជាមួយគ្នា។
d ការពណ៌នាអំពីរូបភាព: ទីឃីកុសមានភារកិច្ចយកសំបុត្ររបស់ប៉ូលឲ្យក្រុមជំនុំផ្សេងៗ។
e ការពណ៌នាអំពីរូបភាព: ម៉ាកុសបានជួយប៉ូលតាមរបៀបផ្សេងៗ។