អត្ថបទសិក្សា ១០
សេចក្ដីស្រឡាញ់និងចិត្តកតញ្ញូចំពោះព្រះយេហូវ៉ានាំឲ្យទទួលការជ្រមុជទឹក
«តើមានអ្វីធ្វើឲ្យខ្ញុំមិនអាចទទួលការជ្រមុជទឹកឬទេ?»។—សកម្ម ៨:៣៦
ចម្រៀងលេខ៣៧ ចូរបម្រើព្រះយេហូវ៉ាអស់ពីចិត្ត
សេចក្ដីសង្ខេបa
១-២. ដូចបានបង្ហាញនៅសកម្មភាព ៨:២៧-៣១, ៣៥-៣៨ តើអ្វីបានជំរុញចិត្តមន្ត្រីជាន់ខ្ពស់ជនជាតិអេចូពីឲ្យទទួលការជ្រមុជទឹក?
តើអ្នកចង់ទទួលការជ្រមុជទឹកជាអ្នកកាន់តាមគ្រិស្តឬទេ? សេចក្ដីស្រឡាញ់និងចិត្តកតញ្ញូបានជំរុញចិត្តមនុស្សជាច្រើនឲ្យធ្វើការសម្រេចចិត្តនេះ។ សូមពិចារណាអំពីគំរូរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ដែលបម្រើមហាក្សត្រីជនជាតិអេចូពី។
២ មន្ត្រីជនជាតិអេចូពីនោះបានធ្វើតាមភ្លាមៗនូវអ្វីដែលគាត់បានរៀនពីបទគម្ពីរ។ (សូមអាន សកម្មភាព ៨:២៧-៣១, ៣៥-៣៨) តើអ្វីបានជំរុញចិត្តគាត់? គាត់បានអានខគម្ពីរពីសៀវភៅអេសាយ កាលដែលគាត់ជិះរទេះសេះ ហេតុនេះគាត់ច្បាស់ជាបានឲ្យតម្លៃលើបណ្ដាំរបស់ព្រះ។ នៅពេលដែលភីលីពនិយាយជាមួយនឹងគាត់ បុរសនេះចាប់ផ្ដើមមានចិត្តកតញ្ញូចំពោះអ្វីដែលលោកយេស៊ូបានធ្វើសម្រាប់គាត់។ បុរសនេះក៏ស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់ដែរ។ ហេតុអ្វីយើងដឹង? ពីព្រោះគាត់ទើបតែមកពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅក្រុងយេរូសាឡិម។ មុននោះ បុរសនេះបានផ្លាស់ប្ដូរសាសនារបស់គាត់ ហើយបានចូលក្នុងប្រជាជាតិតែមួយដែលបានប្រគល់ខ្លួនជូនព្រះពិត។ ដោយសារគាត់ស្រឡាញ់ព្រះយេហូវ៉ា គាត់បានសម្រេចចិត្តធ្វើអ្វីដ៏ចាំបាច់មួយទៀត ពោលគឺគាត់បានទទួលការជ្រមុជទឹក ហើយទៅជាអ្នកកាន់តាមគ្រិស្ត។—ម៉ាថ ២៨:១៩
៣. តើអ្វីអាចរារាំងបុគ្គលម្នាក់មិនឲ្យទទួលការជ្រមុជទឹក? (សូមមើលប្រអប់ដែលមានចំណងជើងថា «នៅក្នុងចិត្តរបស់អ្នក តើអ្នកជាមនុស្សប្រភេទណា?»)
៣ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាអាចជំរុញចិត្តអ្នកឲ្យទទួលការជ្រមុជទឹក។ ប៉ុន្តែ សេចក្ដីស្រឡាញ់ក៏អាចរារាំងអ្នកមិនឲ្យធ្វើដូច្នេះដែរ។ តើតាមរបៀបណា? សូមពិចារណាឧទាហរណ៍មួយចំនួន។ អ្នកប្រហែលជាមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះក្រុមគ្រួសារនិងមិត្តភក្ដិដែលមិនមែនជាអ្នកជឿ ហើយអ្នកប្រហែលជាបារម្ភថាបើអ្នកទទួលការជ្រមុជទឹក ពួកគេនឹងស្អប់អ្នក។ (ម៉ាថ. ១០:៣៧) ឬក៏អ្នកប្រហែលជាចូលចិត្តទង្វើដែលអ្នកដឹងថាព្រះស្អប់ ហើយអ្នកប្រហែលជាពិបាកឈប់ធ្វើអ្វីទាំងនោះ។ (ទំនុក. ៩៧:១០) មួយវិញទៀត តាំងពីក្មេងមក អ្នកប្រហែលជាបានធ្វើតាមទំនៀមទម្លាប់របស់សាសនាមិនពិត។ ដោយសារអ្នកប្រហែលជាចូលចិត្តអនុស្សាវរីយ៍ដែលជាប់ទាក់ទងនឹងពិធីបុណ្យទាំងនោះ អ្នកពិបាកឈប់ធ្វើតាមទំនៀមទម្លាប់ដែលព្រះយេហូវ៉ាមិនពេញចិត្ត។ (១កូ. ១០:២០, ២១) ដូច្នេះ អ្នកត្រូវសម្រេចចិត្តថា ‹តើខ្ញុំស្រឡាញ់អ្វីឬអ្នកណាខ្លាំងជាងគេ?›។
សេចក្ដីស្រឡាញ់ដ៏សំខាន់បំផុត
៤. តើអ្វីជាមូលហេតុដ៏សំខាន់បំផុតដែលនាំឲ្យទទួលការជ្រមុជទឹក?
៤ មុនអ្នកចាប់ផ្ដើមរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា អ្នកប្រហែលជាបានឲ្យតម្លៃយ៉ាងខ្លាំងទៅលើគម្ពីរ និងបានបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះលោកយេស៊ូ។ ឥឡូវ ដោយសារអ្នកស្គាល់សាក្សីព្រះយេហូវ៉ា អ្នកប្រហែលជាចូលចិត្តសេពគប់ជាមួយនឹងពួកគេ។ អ្នកទំនងជាមានសេចក្ដីស្រឡាញ់និងចិត្តកតញ្ញូចំពោះអ្វីៗទាំងនេះ។ ប៉ុន្តែ ការស្រឡាញ់អ្វីល្អៗទាំងនោះមិនតែងតែធ្វើឲ្យអ្នកចង់ប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយទទួលការជ្រមុជទឹកឡើយ។ មូលហេតុដ៏សំខាន់បំផុតដែលនាំឲ្យទទួលការជ្រមុជទឹកគឺសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ ពេលអ្នកស្រឡាញ់ព្រះយេហូវ៉ាច្រើនជាងអ្វីៗទាំងអស់ អ្នកនឹងមិនឲ្យអ្វីឬអ្នកណារារាំងអ្នកពីការបម្រើលោកឡើយ។ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា នឹងជំរុញចិត្តអ្នកឲ្យទទួលការជ្រមុជទឹក ហើយក៏នឹងជួយអ្នកឲ្យរក្សាភាពស្មោះត្រង់ចំពោះលោក ក្រោយពីអ្នកបានជ្រមុជទឹក។
៥. តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
៥ លោកយេស៊ូបានមានប្រសាសន៍ថាយើងត្រូវស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង អស់ពីសមត្ថភាពរិះគិត និងអស់ពីកម្លាំងកាយ។ (ម៉ាក. ១២:៣០) តើយើងអាចរៀនឲ្យចេះគោរពនិងស្រឡាញ់ព្រះយេហូវ៉ាយ៉ាងជ្រាលជ្រៅបែបនេះយ៉ាងដូចម្ដេច? ការគិតអំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះយើង ជំរុញចិត្តយើងឲ្យស្រឡាញ់លោកវិញ។ (១យ៉ូន. ៤:១៩) តើអ្នកនឹងមានអារម្មណ៍និងការប្រព្រឹត្តបែបណា កាលដែលអ្នកបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដ៏សំខាន់បំផុតនោះ?b
៦. យោងទៅតាមរ៉ូម ១:២០ តើរបៀបមួយដែលអ្នកអាចរៀនអំពីព្រះយេហូវ៉ាគឺជាអ្វី?
៦ ចូររៀនអំពីព្រះយេហូវ៉ាតាមរយៈអ្វីៗដែលលោកបានបង្កើត។ (សូមអាន រ៉ូម ១:២០; បប. ៤:១១) សូមគិតអំពីរុក្ខជាតិនិងសត្វទាំងឡាយដែលព្រះយេហូវ៉ាបានបង្កើត និងរបៀបដែលអ្វីទាំងនេះបង្ហាញថាលោកមានប្រាជ្ញាដ៏អស្ចារ្យ។ សូមស្វែងយល់អំពីរបៀបដ៏អស្ចារ្យដែលរូបកាយរបស់អ្នកបានត្រូវបង្កើត។ (ទំនុក. ១៣៩:១៤) ម្យ៉ាងទៀត សូមគិតអំពីថាមពលដែលព្រះយេហូវ៉ាបញ្ចូលនៅក្នុងព្រះអាទិត្យរបស់យើង ហើយថាព្រះអាទិត្យគឺគ្រាន់តែជាតារាមួយប៉ុណ្ណោះក្នុងចំណោមតារារាប់ពាន់លាន។c (អេ. ៤០:២៦) កាលដែលអ្នកធ្វើដូច្នេះ អ្នកនឹងកាន់តែគោរពព្រះយេហូវ៉ា។ គឺជាការសំខាន់ដែលអ្នកដឹងថាព្រះយេហូវ៉ាមានប្រាជ្ញានិងឫទ្ធានុភាព។ ក៏ប៉ុន្តែ ដើម្បីពង្រឹងសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានិងធ្វើជាមិត្តជិតស្និទ្ធរបស់លោក អ្នកត្រូវស្គាល់លោកច្រើនជាងនេះ។
៧. ដើម្បីស្រឡាញ់ព្រះយេហូវ៉ាយ៉ាងជ្រាលជ្រៅ តើអ្នកត្រូវជឿជាក់អំពីអ្វី?
៧ អ្នកត្រូវជឿជាក់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្នកផ្ទាល់។ តើអ្នកពិបាកជឿឬទេថាបុគ្គលដែលបង្កើតមេឃនិងផែនដីកត់សម្គាល់អ្នក ហើយថាលោកយកចិត្តទុកដាក់ចំពោះអ្នក? បើមែន សូមចាំថាព្រះយេហូវ៉ា«មិននៅឆ្ងាយពីយើងម្នាក់ៗ»ឡើយ។ (សកម្ម. ១៧:២៦-២៨) លោក«ស្ទង់អស់ទាំងចិត្ត» ហើយលោកសន្យានឹងអ្នក ដូចអ្វីដែលដាវីឌបានប្រាប់សាឡូម៉ូនថា៖ «បើឯងរកទ្រង់ នោះនឹងបានឃើញមែន»។ (១រប. ២៨:៩) តាមពិត មូលហេតុដែលអ្នកកំពុងសិក្សាគម្ពីរនៅឥឡូវនេះគឺដោយសារព្រះយេហូវ៉ាបានទាញនាំអ្នកឲ្យមកឯលោក ដូចលោកបានមានប្រសាសន៍ថា៖ «អញទាញនាំឯងមក»។ (យេ. ៣១:៣) កាលដែលអ្នកមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើសម្រាប់អ្នក អ្នកនឹងកាន់តែស្រឡាញ់លោក។
៨. តើអ្នកអាចបង្ហាញយ៉ាងណាថាអ្នកស្រឡាញ់ព្រះយេហូវ៉ាវិញ?
៨ របៀបមួយដើម្បីបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ាវិញ គឺដោយអធិដ្ឋានទៅលោក។ សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះនឹងកាន់តែខ្លាំងឡើងៗ កាលដែលអ្នកប្រាប់លោកអំពីកង្វល់របស់អ្នក និងអរគុណលោកចំពោះអ្វីៗទាំងអស់ដែលលោកធ្វើសម្រាប់អ្នក។ ម្យ៉ាងទៀត ចំណងមិត្តភាពរវាងអ្នកនិងព្រះយេហូវ៉ានឹងកាន់តែរឹងមាំ កាលដែលអ្នកឃើញរបៀបដែលលោកតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នក។ (ទំនុក. ១១៦:១) ពេលនោះ អ្នកនឹងជឿជាក់ថាលោកយល់អំពីអ្នក។ ប៉ុន្តែ ដើម្បីចូលកាន់តែជិតព្រះយេហូវ៉ា អ្នកត្រូវស្គាល់របៀបគិតគូររបស់លោក។ ម្យ៉ាងទៀត អ្នកត្រូវស្គាល់អ្វីដែលលោកតម្រូវពីអ្នក។ របៀបតែមួយគត់ដែលអ្នកអាចស្គាល់អ្វីទាំងនេះ គឺដោយសិក្សាគម្ពីរដែលជាបណ្ដាំរបស់លោក។
៩. តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថាអ្នកឲ្យតម្លៃចំពោះគម្ពីរ?
៩ ចូររៀនឲ្យតម្លៃចំពោះគម្ពីរដែលជាបណ្ដាំរបស់ព្រះ។ មានតែគម្ពីរប៉ុណ្ណោះដែលប្រាប់សេចក្ដីពិតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោកចំពោះអ្នក។ ដោយអានគម្ពីរជារៀងរាល់ថ្ងៃ ដោយរៀបចំមេរៀនដែលអ្នកនឹងរៀនជាមួយនឹងអ្នកបង្រៀនគម្ពីររបស់អ្នកទុកជាមុន និងដោយធ្វើតាមអ្វីដែលអ្នករៀន នោះអ្នកបង្ហាញថាអ្នកឲ្យតម្លៃចំពោះគម្ពីរ។ (ទំនុក. ១១៩:៩៧, ៩៩; យ៉ូន. ១៧:១៧) តើអ្នកមានកាលវិភាគអានគម្ពីរផ្ទាល់ខ្លួនឬ? តើអ្នកធ្វើតាមកាលវិភាគនោះយ៉ាងដិតដល់ដោយអានគម្ពីររាល់ថ្ងៃឬទេ?
១០. តើអ្វីជាលក្ខណៈដ៏ពិសេសមួយរបស់គម្ពីរ?
១០ លក្ខណៈដ៏ពិសេសមួយរបស់គម្ពីរគឺកំណត់ហេតុអំពីលោកយេស៊ូពីសាក្សីដែលបានឃើញលោកដោយផ្ទាល់ភ្នែក។ គម្ពីរគឺជាសៀវភៅតែមួយគត់ដែលពន្យល់យ៉ាងត្រឹមត្រូវអំពីអ្វីដែលលោកយេស៊ូបានធ្វើសម្រាប់អ្នក។ កាលដែលអ្នករៀនអំពីប្រសាសន៍និងការប្រព្រឹត្តរបស់លោកយេស៊ូ នោះអ្នកនឹងកាន់តែចង់មានចំណងមិត្តភាពជាមួយនឹងលោក។
១១. តើអ្នកអាចរៀនស្រឡាញ់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១១ ចូររៀនស្រឡាញ់លោកយេស៊ូ យ៉ាងនេះសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានឹងកាន់តែខ្លាំងឡើងៗ។ ហេតុអ្វី? ពីព្រោះលោកយេស៊ូមានគុណសម្បត្ដិដូចបិតារបស់លោកបេះបិទ។ (យ៉ូន. ១៤:៩) ដូច្នេះ ពេលអ្នកកាន់តែរៀនអំពីលោកយេស៊ូ អ្នកនឹងកាន់តែយល់និងមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ា។ សូមគិតអំពីសេចក្ដីអាណិតមេត្ដាដែលលោកយេស៊ូបានបង្ហាញចំពោះពួកអ្នកដែលត្រូវគេមើលងាយ ដូចជាអ្នកក្រ បុគ្គលដែលឈឺ ឬមនុស្សទន់ខ្សោយ។ សូមគិតផងដែរអំពីយោបល់ដែលលោកផ្ដល់ឲ្យអ្នកសម្រាប់ជីវិតប្រចាំថ្ងៃ និងរបៀបដែលជីវិតរបស់អ្នកកាន់តែប្រសើរឡើងពេលអ្នកធ្វើតាមយោបល់នោះ។—ម៉ាថ. ៥:១-១១; ៧:២៤-២៧
១២. ពេលអ្នករៀនអំពីលោកយេស៊ូ តើនោះអាចជំរុញចិត្តអ្នកឲ្យធ្វើអ្វី?
១២ សេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះលោកយេស៊ូគឺទំនងជាកើនឡើង កាលដែលអ្នកគិតយ៉ាងស៊ីជម្រៅអំពីគ្រឿងបូជារបស់លោកដើម្បីឲ្យការខុសឆ្គងរបស់យើងអាចទទួលការអភ័យទោស។ (ម៉ាថ. ២០:២៨) ពេលអ្នកយល់ថាលោកយេស៊ូបានសុខចិត្តស្លាប់ដើម្បីអ្នក នោះអាចជំរុញអ្នកឲ្យប្រែចិត្តនិងសុំការអភ័យទោសពីព្រះយេហូវ៉ា។ (សកម្ម. ៣:១៩, ២០; ១យ៉ូន. ១:៩) មួយវិញទៀត កាលដែលអ្នកកាន់តែស្រឡាញ់លោកយេស៊ូនិងព្រះយេហូវ៉ា នោះអ្នកនឹងកាន់តែចង់ជិតស្និទ្ធនឹងបុគ្គលដែលមានអារម្មណ៍ដូចអ្នកចំពោះលោកទាំងពីរ។
១៣. តើព្រះយេហូវ៉ាផ្ដល់អ្វីឲ្យអ្នក?
១៣ ចូររៀនស្រឡាញ់ក្រុមគ្រួសាររបស់ព្រះយេហូវ៉ា។ ក្រុមគ្រួសារដែលមិនមែនជាអ្នកជឿនិងមិត្តភក្ដិពីមុន ប្រហែលជាមិនយល់អំពីមូលហេតុដែលអ្នកចង់ប្រគល់ខ្លួនជូនព្រះយេហូវ៉ាទេ។ ពួកគេប្រហែលជាថែមទាំងប្រឆាំងអ្នកទៀតផង។ ព្រះយេហូវ៉ានឹងជួយអ្នកដោយផ្ដល់ក្រុមគ្រួសារមួយដល់អ្នក ពោលគឺបងប្អូនក្នុងក្រុមជំនុំ។ បើអ្នកនៅជិតស្និទ្ធនឹងក្រុមគ្រួសារនេះ អ្នកនឹងទទួលសេចក្ដីស្រឡាញ់និងការគាំទ្រដែលអ្នកត្រូវការ។ (ម៉ាក. ១០:២៩, ៣០; ហេ. ១០:២៤, ២៥) យូរៗទៅ សមាជិកក្រុមគ្រួសាររបស់អ្នកប្រហែលជានឹងបម្រើព្រះយេហូវ៉ាជាមួយនឹងអ្នក ហើយរស់នៅស្របតាមខ្នាតតម្រារបស់លោក។—១ពេ. ២:១២
១៤. ដូចបានចែងនៅយ៉ូហានទី១ ៥:៣ តើអ្នកយល់ឃើញយ៉ាងណាអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ា?
១៤ ចូររៀនឲ្យតម្លៃនិងធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ មុនអ្នកស្គាល់ព្រះយេហូវ៉ា អ្នកប្រហែលជាបានសម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ តែឥឡូវអ្នកឃើញថាខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺប្រសើរជាង។ (ទំនុក. ១:១-៣; សូមអាន យ៉ូហានទី១ ៥:៣) សូមគិតអំពីយោបល់ក្នុងគម្ពីរសម្រាប់ប្ដី ប្រពន្ធ ឪពុកម្ដាយ និងកូនៗ។ (អេភ. ៥:២២–៦:៤) កាលដែលអ្នកធ្វើតាមយោបល់ទាំងនេះ តើអ្នកឃើញថាជីវិតក្រុមគ្រួសាររបស់អ្នកកាន់តែមានសុភមង្គលឬទេ? ដោយសារអ្នកធ្វើតាមការណែនាំពីព្រះយេហូវ៉ាអំពីការជ្រើសរើសមិត្តភក្ដិដែលអ្នកគួរមាន តើអ្នកក្លាយទៅជាមនុស្សល្អជាងឬទេ? តើអ្នកជាមនុស្សសប្បាយរីករាយជាងឬទេ? (សុភ. ១៣:២០; ១កូ. ១៥:៣៣) អ្នកទំនងជាឆ្លើយថាមែនចំពោះសំណួរទាំងនេះ។
១៥. តើអ្នកអាចធ្វើអ្វី បើអ្នកត្រូវការជំនួយដើម្បីដឹងអំពីរបៀបអនុវត្តគោលការណ៍គម្ពីរ?
១៥ ជួនកាល អ្នកប្រហែលជាពិបាកដឹងអំពីរបៀបអនុវត្តគោលការណ៍គម្ពីរដែលអ្នកកំពុងរៀន។ នេះជាមូលហេតុដែលព្រះយេហូវ៉ាប្រើអង្គការរបស់លោកដើម្បីផ្ដល់ឲ្យអ្នកនូវសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរដែលអាចជួយអ្នកឲ្យដឹងអ្វីដែលខុសនិងអ្វីដែលត្រូវ។ (ហេ. ៥:១៣, ១៤) ពេលអ្នកអាននិងសិក្សាសៀវភៅទាំងនោះ អ្នកនឹងឃើញថាព័ត៌មាននោះមានប្រយោជន៍និងណែនាំអ្នកយ៉ាងជាក់លាក់ ហើយអ្នកនឹងទំនងជាកាន់តែចង់នៅក្នុងអង្គការរបស់ព្រះយេហូវ៉ា។
១៦. តើព្រះយេហូវ៉ាបានរៀបចំរាស្ត្ររបស់លោកយ៉ាងដូចម្ដេច?
១៦ ចូររៀនស្រឡាញ់និងគាំទ្រអង្គការរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានរៀបចំរាស្ត្ររបស់លោកឲ្យនៅក្នុងក្រុមជំនុំដែលមានលោកយេស៊ូជាបុត្ររបស់លោកធ្វើជាប្រមុខ។ (អេភ. ១:២២; ៥:២៣) លោកយេស៊ូបានតែងតាំងបុរសមួយក្រុមតូច ដើម្បីចាត់ចែងកិច្ចការដែលលោកចង់ឲ្យសម្រេចនៅសព្វថ្ងៃនេះ។ ពួកគេគឺជាអ្នកដែលព្រះបានរើសតាំងឲ្យឡើងទៅស្ថានសួគ៌។ លោកយេស៊ូបានហៅបុរសមួយក្រុមនេះថា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ហើយពួកគេយកចិត្តទុកដាក់ចំពោះភារកិច្ចក្នុងការជួយអ្នកឲ្យចូលកាន់តែជិតព្រះ និងការពារចំណងមិត្តភាពរបស់អ្នកជាមួយនឹងលោក។ (ម៉ាថ. ២៤:៤៥-៤៧) របៀបមួយដែលខ្ញុំបម្រើដ៏ស្មោះត្រង់ជួយថែរក្សាអ្នក គឺដោយធ្វើឲ្យប្រាកដថាពួកគេតែងតាំងបុរសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ឲ្យធ្វើជាអ្នកចាស់ទុំ ដើម្បីណែនាំនិងការពារអ្នក។ (អេ. ៣២:១, ២; ហេ. ១៣:១៧; ១ពេ. ៥:២, ៣) ពួកអ្នកចាស់ទុំខំអស់ពីសមត្ថភាពដើម្បីផ្ដល់ប្រយោជន៍ដល់អ្នក សម្រាលទុក្ខអ្នក និងជួយអ្នកឲ្យកាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ា។ ប៉ុន្តែ អ្វីដ៏សំខាន់បំផុតមួយដែលពួកគេអាចធ្វើសម្រាប់អ្នក គឺជួយអ្នកឲ្យបង្រៀនអ្នកឯទៀតអំពីព្រះយេហូវ៉ា។—អេភ. ៤:១១-១៣
១៧. យោងទៅតាមរ៉ូម ១០:១០, ១៣, ១៤ ហេតុអ្វីយើងប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ា?
១៧ ចូរជួយអ្នកឯទៀតឲ្យស្រឡាញ់ព្រះយេហូវ៉ា។ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកឲ្យបង្រៀនអ្នកឯទៀតអំពីព្រះយេហូវ៉ា។ (ម៉ាថ. ២៨:១៩, ២០) យើងប្រហែលជាធ្វើតាមបង្គាប់នេះ ដោយសារយើងគួរតែធ្វើ។ ប៉ុន្តែ កាលដែលអ្នកមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេហូវ៉ា អ្នកនឹងមានអារម្មណ៍ដូចសាវ័កពេត្រុសនិងយ៉ូហាន ដែលនិយាយថា៖ «យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងឮបានទេ»។ (សកម្ម. ៤:២០) ការជួយបុគ្គលណាម្នាក់ឲ្យស្រឡាញ់ព្រះយេហូវ៉ាធ្វើឲ្យយើងសប្បាយចិត្តខ្លាំងណាស់។ សូមស្រមៃគិតថាភីលីពដែលជាអ្នកផ្សព្វផ្សាយដំណឹងល្អមានអំណរខ្លាំងយ៉ាងណា ពេលគាត់បានជួយជនជាតិអេចូពីនោះឲ្យរៀនសេចក្ដីពិតក្នុងគម្ពីរ ហើយឲ្យទទួលការជ្រមុជទឹក! ពេលអ្នកយកតម្រាប់ភីលីព ហើយធ្វើតាមបង្គាប់របស់លោកយេស៊ូដែលឲ្យផ្សព្វផ្សាយ អ្នកបង្ហាញថាអ្នកចង់ធ្វើជាសាក្សីព្រះយេហូវ៉ាម្នាក់។ (សូមអាន រ៉ូម ១០:១០, ១៣, ១៤) នៅពេលនោះ អ្នកទំនងជានឹងសួរសំណួរដូចដែលជនជាតិអេចូពីបានសួរ គឺថា៖ «តើមានអ្វីធ្វើឲ្យខ្ញុំមិនអាចទទួលការជ្រមុជទឹកឬទេ?»។—សកម្ម. ៨:៣៦
១៨. តើយើងនឹងពិចារណាអ្វីខ្លះនៅក្នុងអត្ថបទបន្ទាប់?
១៨ ការសម្រេចចិត្តទទួលការជ្រមុជទឹក គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតក្នុងជីវិតរបស់អ្នក។ ហេតុនេះ អ្នកត្រូវគិតឲ្យបានដិតដល់អំពីអត្ថន័យនៃការជ្រមុជទឹក។ តើអ្នកត្រូវដឹងអ្វីខ្លះអំពីការជ្រមុជទឹក? តើអ្នកត្រូវធ្វើអ្វីមុននិងក្រោយទទួលការជ្រមុជទឹក? សំណួរទាំងនេះនឹងត្រូវឆ្លើយនៅក្នុងអត្ថបទបន្ទាប់។
ចម្រៀងលេខ២ នាមលោកគឺយេហូវ៉ា
a ជួនកាល អ្នកខ្លះដែលស្រឡាញ់ព្រះយេហូវ៉ាមិនប្រាកដថាពួកគេមានគុណសម្បត្ដិគ្រប់គ្រាន់ ដើម្បីទទួលការជ្រមុជទឹកជាសាក្សីរបស់លោកទេ។ បើអ្នកមានអារម្មណ៍បែបនេះ អត្ថបទនេះនឹងជួយអ្នកឲ្យគិតឡើងវិញអំពីអ្វីខ្លះដែលអ្នកអាចធ្វើ ដើម្បីជួយអ្នកឲ្យទទួលការជ្រមុជទឹក។
b បុគ្គលម្នាក់ៗគឺខុសៗគ្នា ដូច្នេះអ្នកខ្លះប្រហែលជាធ្វើតាមយោបល់ក្នុងអត្ថបទនេះតាមលំដាប់ខុសពីអ្វីដែលបានរៀបរាប់ក្នុងអត្ថបទនេះ។
c ដើម្បីបានឧទាហរណ៍ថែមទៀត សូមមើលសៀវភៅស្តើងតើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ? និងវីដេអូអ្វីៗដ៏អស្ចារ្យដែលព្រះបានបង្កើតបង្ហាញអំពីសិរីរុងរឿងរបស់លោក។
d ការពណ៌នាអំពីរូបភាព: បងស្រីម្នាក់ឲ្យខិត្តប័ណ្ណមួយដល់ស្ត្រីវ័យក្មេងម្នាក់ដែលគាត់ជួបនៅឯផ្សារ។