ជំពូកទី៧
មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ!
១-៣. តើយើងទាំងអស់គ្នាកំពុងជាប់គុកក្នុងន័យអ្វី ហើយតើព្រះយេហូវ៉ានឹងរំដោះយើងយ៉ាងដូចម្ដេច?
ឧបមាថាអ្នកបានត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិតចំពោះបទល្មើសដែលអ្នកមិនបានប្រព្រឹត្ត។ គ្មានសង្ឃឹមទាល់តែសោះថាគេនឹងដោះលែងអ្នក ហើយអ្នកគ្មានសមត្ថភាពដោះស្រាយបញ្ហានេះទេ។ ប៉ុន្តែ ពេលដែលអ្នកអស់សង្ឃឹមទាំងស្រុង ស្រាប់តែមានបុគ្គលម្នាក់ដែលមានអំណាចសន្យាថានឹងជួយដោះលែងអ្នក! តើអ្នកនឹងមានអារម្មណ៍យ៉ាងណា?
២ ក្នុងន័យធៀប យើងទាំងអស់គ្នាកំពុងជាប់គុក ពោលគឺយើងត្រូវស្លាប់។ ទោះបីយើងខំព្យាយាមខ្លាំងយ៉ាងណា ក៏យើងមិនអាចគេចផុតបានដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាមានអំណាចដោះលែងយើងពីសេចក្ដីស្លាប់បាន។ បន្ថែមទៀត លោកបានសន្យាថា៖ «សត្រូវចុងក្រោយដែលនឹងត្រូវបំផ្លាញឲ្យសាបសូន្យគឺសេចក្ដីស្លាប់»។—កូរិនថូសទី១ ១៥:២៦
៣ នេះច្បាស់ជាសម្រាលទុក្ខអ្នកខ្លាំងណាស់ ដោយសារអ្នកមិនចាំបាច់ព្រួយបារម្ភអំពីសេចក្ដីស្លាប់ទៀត! ព្រះយេហូវ៉ាមិនត្រឹមតែបំផ្លាញចោលសេចក្ដីស្លាប់ប៉ុណ្ណោះទេ តែលោកនឹងប្រោសអស់អ្នកដែលបានស្លាប់ឲ្យរស់ឡើងវិញទៀតផង។ សូមគិតទៅមើល តើសេចក្ដីសង្ឃឹមនេះសំខាន់យ៉ាងណាទៅចំពោះអ្នក? ព្រះសន្យាថា៖ «មនុស្សស្លាប់»នឹងមានជីវិតម្ដងទៀត។ (អេសាយ ២៦:១៩) នេះជាអ្វីដែលគម្ពីរហៅថាការប្រោសឲ្យរស់ឡើងវិញ។
ពេលមនុស្សជាទីស្រឡាញ់ស្លាប់
៤. (ក) តើអ្វីអាចផ្ដល់ឲ្យយើងនូវការសម្រាលទុក្ខពេលសមាជិកក្រុមគ្រួសារឬមិត្តភក្ដិរបស់យើងស្លាប់? (ខ) តើអ្នកណាខ្លះជាមិត្តជិតស្និទ្ធរបស់លោកយេស៊ូ?
៤ ពេលសមាជិកក្រុមគ្រួសារ ឬមិត្តជិតស្និទ្ធរបស់យើងស្លាប់ យើងមានទុក្ខសោកនិងការឈឺចាប់ខ្លោចផ្សា រហូតដល់យើងគិតថាមិនអាចទ្រាំតទៅទៀតបានឡើយ។ យើងអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារយើងគ្មានសមត្ថភាពជួយគាត់ឲ្យរស់ឡើងវិញ។ ក៏ប៉ុន្តែ គម្ពីរផ្ដល់ការសម្រាលទុក្ខដ៏ពិតចំពោះយើង។ (សូមអាន កូរិនថូសទី២ ១:៣, ៤) សូមឲ្យយើងពិចារណាអំពីឧទាហរណ៍មួយដែលបង្ហាញថាព្រះយេហូវ៉ានិងលោកយេស៊ូប្រាកដជាចង់ប្រោសមនុស្សជាទីស្រឡាញ់របស់យើងឲ្យរស់ឡើងវិញ។ ពេលលោកយេស៊ូនៅផែនដី ជាញឹកញយលោកទៅសួរសុខទុក្ខឡាសានិងបងស្រីពីរនាក់របស់គាត់ឈ្មោះម៉ាថានិងម៉ារៀ។ ពួកគាត់ទាំងបីនាក់ជាមិត្តជិតស្និទ្ធរបស់លោកយេស៊ូ។ គម្ពីរចែងថា៖ «លោកយេស៊ូស្រឡាញ់ម៉ាថា ប្អូនរបស់នាង និងឡាសា»។—យ៉ូហាន ១១:៣-៥
៥, ៦. (ក) តើលោកយេស៊ូមានអារម្មណ៍យ៉ាងណា ពេលលោកឃើញក្រុមគ្រួសាររបស់ឡាសានិងមិត្តភក្ដិកំពុងសោកសង្រេង? (ខ) ហេតុអ្វីយើងទទួលការសម្រាលទុក្ខដោយដឹងអំពីអារម្មណ៍របស់លោកយេស៊ូចំពោះសេចក្ដីស្លាប់?
៥ នៅថ្ងៃមួយឡាសាបានស្លាប់។ ដូច្នេះ លោកយេស៊ូបានទៅសម្រាលទុក្ខម៉ាថានិងម៉ារៀ។ ពេលម៉ាថាឮថាលោកយេស៊ូកំពុងធ្វើដំណើរមក នាងបានចេញទៅក្រៅក្រុងដើម្បីជួបលោក។ នាងសប្បាយចិត្តដែលបានជួបលោកយេស៊ូ តែនាងនិយាយទៅលោកថា៖ «ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសរបស់ខ្ញុំមិនបានស្លាប់ទេ»។ ម៉ាថានិយាយដូច្នេះ ទំនងជាដោយសារនាងគិតថាលោកយេស៊ូបានមកយឺតពេល។ ក្រោយមក លោកយេស៊ូឃើញម៉ារៀដែលជាប្អូនស្រីនាងកំពុងយំ។ ពេលលោកឃើញទុក្ខសោករបស់ពួកគេ នោះលោកក៏ឈឺចិត្តយ៉ាងខ្លាំង ហើយស្រក់ទឹកភ្នែក។ (យ៉ូហាន ១១:២១, ៣៣, ៣៥) លោកក៏មានអារម្មណ៍ឈឺចាប់ខ្លោចផ្សាដូចយើងដែរ ពេលមនុស្សជាទីស្រឡាញ់ស្លាប់។
៦ ពេលយើងដឹងថាលោកយេស៊ូមានអារម្មណ៍ដូចយើងដែរ នេះពិតជាសម្រាលទុក្ខយើងណាស់។ លោកយេស៊ូមានគុណសម្បត្ដិដូចបិតាលោក។ (យ៉ូហាន ១៤:៩) ព្រះយេហូវ៉ាមានឫទ្ធានុភាពបំផ្លាញចោលសេចក្ដីស្លាប់ឲ្យសាបសូន្យទៅ ហើយនេះជាអ្វីដែលលោកនឹងធ្វើនៅពេលបន្ដិចទៀត។
«ឡាសា! ចូរចេញមក!»
៧, ៨. ហេតុអ្វីម៉ាថាមិនចង់ឲ្យគេយកថ្មចេញពីមាត់ផ្នូររបស់ឡាសា? ប៉ុន្តែតើលោកយេស៊ូបានធ្វើអ្វី?
៧ ពេលលោកយេស៊ូមកដល់ទីបញ្ចុះសពឡាសា នោះលោកឃើញមានដុំថ្មធំមួយបិទនៅមាត់ផ្នូរ។ ដូច្នេះ លោកមានប្រសាសន៍ថា៖ «ចូរយកថ្មនោះចេញ»។ ប៉ុន្តែ ម៉ាថាមិនចង់ឲ្យពួកគេយកចេញទេ ពីព្រោះសពឡាសាបាននៅក្នុងផ្នូរអស់«បួនថ្ងៃ»ហើយ។ (យ៉ូហាន ១១:៣៩) នាងមិនដឹងនូវអ្វីដែលលោកយេស៊ូហៀបនឹងធ្វើដើម្បីជួយប្អូនប្រុសរបស់នាងឡើយ។
៨ លោកយេស៊ូមានប្រសាសន៍ទៅឡាសាថា៖ «ចូរចេញមក!»។ អ្វីដែលម៉ាថានិងម៉ារៀឃើញនៅបន្ដិចក្រោយមកគឺពិតជាអស្ចារ្យណាស់ គឺ«បុរសដែលស្លាប់នោះបានចេញមកទាំងមានក្រណាត់រុំដៃ ជើង និងមុខរបស់គាត់»។ (យ៉ូហាន ១១:៤៣, ៤៤) ឡាសាបានរស់ឡើងវិញហើយ! គាត់បានជួបជុំក្រុមគ្រួសារនិងមិត្តភក្ដិរបស់គាត់វិញ។ ពួកគាត់អាចឱបឡាសា កាន់ដៃគាត់ ហើយនិយាយជាមួយនឹងគាត់ទៀតផង។ នេះពិតជាអព្ភូតហេតុដ៏អស្ចារ្យណាស់! លោកយេស៊ូបានប្រោសឡាសាឲ្យរស់ឡើងវិញ។
«នាងអើយ! ខ្ញុំប្រាប់ថា ចូរក្រោកឡើង!»
៩, ១០. (ក) តើអ្នកណាបានផ្ដល់អំណាចឲ្យលោកយេស៊ូប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ? (ខ) ហេតុអ្វីកំណត់ហេតុអំពីការប្រោសឲ្យរស់ឡើងវិញមានប្រយោជន៍ចំពោះយើង?
៩ តើលោកយេស៊ូប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញដោយអំណាចផ្ទាល់របស់លោកឬ? មិនមែនទេ។ មុនពេលលោកយេស៊ូប្រោសឡាសា លោកបានអធិដ្ឋានទៅព្រះយេហូវ៉ា ហើយព្រះបានឲ្យអំណាចលោកយេស៊ូប្រោសឡាសាឲ្យរស់ឡើងវិញ។ (សូមអាន យ៉ូហាន ១១:៤១, ៤២) មិនគ្រាន់តែឡាសាប៉ុណ្ណោះទេដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ តែក៏មានមនុស្សឯទៀតដែរ។ ជាឧទាហរណ៍ គម្ពីរប្រាប់អំពីក្មេងស្រីម្នាក់អាយុ១២ឆ្នាំដែលមានជំងឺធ្ងន់ ហើយឪពុករបស់នាងឈ្មោះយ៉ែរ៉ូសបានក្រៀមក្រំចិត្តយ៉ាងខ្លាំង។ ដូច្នេះ គាត់បានអង្វរលោកយេស៊ូឲ្យជួយនាងផង ពីព្រោះនាងជាកូនតែមួយគត់របស់គាត់។ ពេលដែលគាត់កំពុងនិយាយជាមួយនឹងលោកយេស៊ូនៅឡើយ មានបុរសខ្លះបានមកប្រាប់គាត់ថា៖ «កូនស្រីរបស់អ្នកស្លាប់ហើយ! មិនចាំបាច់រំខានលោកគ្រូទៀតឡើយ»។ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅយ៉ែរ៉ូសថា៖ «កុំខ្លាចឡើយ គ្រាន់តែមានជំនឿប៉ុណ្ណោះ នោះនាងនឹងត្រូវសង្គ្រោះ»។ រួចមក លោកធ្វើដំណើរជាមួយនឹងយ៉ែរ៉ូសទៅផ្ទះរបស់គាត់។ កាលដែលពួកគាត់ជិតមកដល់ផ្ទះ លោកយេស៊ូឃើញមនុស្សកំពុងយំសោក។ ដូច្នេះ លោកប្រាប់ពួកគេថា៖ «ឈប់យំទៅ ព្រោះនាងមិនបានស្លាប់ឡើយ តែកំពុងដេកលក់»។ ពេលឮលោកយេស៊ូមានប្រសាសន៍ដូច្នេះ ឪពុកម្ដាយរបស់នាងឆ្ងល់យ៉ាងខ្លាំង។ រួចលោកសុំឲ្យមនុស្សទាំងអស់ចេញទៅខាងក្រៅសិន តែលោកនាំឪពុកម្ដាយរបស់ក្មេងស្រីនោះចូលទៅកន្លែងដែលគេដាក់នាង។ បន្ទាប់មក លោកយេស៊ូចាប់ដៃនាងឡើង ហើយមានប្រសាសន៍ថា៖ «នាងអើយ! ខ្ញុំប្រាប់ថា ចូរក្រោកឡើង!»។ ភ្លាមនោះនាងក៏ក្រោកឡើង ហើយចាប់ផ្ដើមដើរ! ឃើញដូចនោះ ឪពុកម្ដាយរបស់នាងត្រេកអរពន់ពេក។ លោកយេស៊ូបានប្រោសកូនស្រីរបស់ពួកគាត់ឲ្យរស់ឡើងវិញ! (ម៉ាកុស ៥:២២-២៤, ៣៥-៤២; លូកា ៨:៤៩-៥៦) តាំងពីថ្ងៃនោះមក ពេលឪពុកម្ដាយឃើញកូនស្រីរបស់ខ្លួន ពួកគាត់នឹកឃើញអ្វីដែលព្រះយេហូវ៉ាបានធ្វើចំពោះពួកគាត់តាមរយៈលោកយេស៊ូ។a
១០ យើងដឹងហើយថា មនុស្សទាំងប៉ុន្មានដែលលោកយេស៊ូបានប្រោសឲ្យរស់ឡើងវិញនោះនឹងស្លាប់ម្ដងទៀតនៅថ្ងៃក្រោយ។ ប៉ុន្តែ ពេលយើងអានកំណត់ហេតុទាំងនេះ គឺមានប្រយោជន៍ខ្លាំងណាស់ ព្រោះនេះផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមពិត។ ព្រះយេហូវ៉ាចង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយលោកនឹងធ្វើដូច្នេះមែន។
អ្វីដែលយើងរៀនពីកំណត់ហេតុអំពីការប្រោសឲ្យរស់ឡើងវិញ
១១. តើសាស្ដា ៩:៥ បង្រៀនយើងយ៉ាងណាអំពីឡាសា?
១១ គម្ពីរប្រាប់យ៉ាងច្បាស់ថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ កំណត់ហេតុអំពីឡាសាបញ្ជាក់សេចក្ដីពិតនេះ។ (សាស្ដា ៩:៥) ដូចដែលលោកយេស៊ូបានមានប្រសាសន៍ ឡាសាហាក់ដូចជាកំពុងដេកលក់។ (យ៉ូហាន ១១:១១) ពេលឡាសានៅក្នុងទីបញ្ចុះសព គាត់«ឥតដឹងអ្វីឡើយ»។
១២. តើយើងដឹងយ៉ាងដូចម្ដេចថាការប្រោសឡាសាឲ្យរស់ឡើងវិញគឺជារឿងពិត?
១២ មនុស្សជាច្រើនបានឃើញលោកយេស៊ូប្រោសឡាសាឲ្យរស់ឡើងវិញ។ សូម្បីតែសត្រូវរបស់លោកយេស៊ូក៏ដឹងដែរថាលោកបានធ្វើអព្ភូតដ៏អស្ចារ្យនេះ។ កាលដែលឡាសាបានរស់ឡើងវិញនោះ ជាភ័ស្តុតាងដែលបញ្ជាក់ថាការប្រោសឲ្យរស់ឡើងវិញគឺពិតជាបានកើតឡើងមែន។ (យ៉ូហាន ១១:៤៧) ម្យ៉ាងទៀត មនុស្សជាច្រើនបានទៅលេងឡាសា ហើយជាលទ្ធផលពួកគេចាប់ផ្ដើមជឿថាព្រះបានចាត់លោកយេស៊ូឲ្យមកផែនដី។ ប៉ុន្តែ សត្រូវរបស់លោកយេស៊ូមិនពេញចិត្តទេ ដូច្នេះពួកគេរៀបគម្រោងសម្លាប់ទាំងលោកយេស៊ូទាំងឡាសា។—យ៉ូហាន ១១:៥៣; ១២:៩-១១
១៣. ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ?
១៣ លោកយេស៊ូមានប្រសាសន៍ថា៖ «អស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក»នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨) នេះមានន័យថាអស់អ្នកដែលនៅក្នុងការចងចាំរបស់ព្រះយេហូវ៉ានឹងមានជីវិតម្ដងទៀត។ ប៉ុន្តែ ដើម្បីឲ្យព្រះយេហូវ៉ាប្រោសអ្នកណាម្នាក់ឲ្យរស់ឡើងវិញ លោកត្រូវចងចាំអ្វីៗទាំងអស់អំពីគាត់។ តើព្រះពិតជាអាចចាំព័ត៌មានទាំងអស់អំពីមនុស្សដែលបានស្លាប់ឬទេ? ក្នុងសកលលោកមានរាប់ពាន់លានផ្កាយ។ គម្ពីរប្រាប់ថាព្រះយេហូវ៉ាបានស្គាល់ឈ្មោះផ្កាយនីមួយៗ។ (សូមអាន អេសាយ ៤០:២៦) បើព្រះអាចចាំឈ្មោះផ្កាយនីមួយៗបាន លោកប្រាកដជាអាចចាំព័ត៌មានទាំងអស់អំពីពួកអ្នកដែលលោកនឹងប្រោសឲ្យរស់ឡើងវិញ។ សំខាន់ជាងនោះទៅទៀត ព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់ ដូច្នេះយើងដឹងថាលោកមានឫទ្ធានុភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
១៤, ១៥. តើពាក្យសម្ដីរបស់យ៉ូបបង្រៀនយើងយ៉ាងណាអំពីការប្រោសឲ្យរស់ឡើងវិញ?
១៤ នៅសម័យបុរាណ មានបុរសស្មោះត្រង់ម្នាក់ឈ្មោះយ៉ូបបានជឿទៅលើការប្រោសឲ្យរស់ឡើងវិញ។ គាត់ឆ្ងល់ថា៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ?»។ រួចមក គាត់និយាយទៅព្រះយេហូវ៉ាថា៖ «ទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ»។ យ៉ូបដឹងថាព្រះយេហូវ៉ាទន្ទឹងរង់ចាំគ្រានោះ ពេលដែលលោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។—យ៉ូប ១៤:១៣-១៥
១៥ តើសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា? ប្រហែលជាអ្នកចង់ដឹងថា ‹តើក្រុមគ្រួសារនិងមិត្តភក្ដិខ្ញុំដែលស្លាប់ទៅ នឹងត្រូវប្រោសឲ្យរស់ឡើងវិញឬទេ?›។ ពេលយើងដឹងថាព្រះយេហូវ៉ាពិតជាចង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ពិតជាសម្រាលទុក្ខយើងណាស់។ សូមយើងពិចារណានូវអ្វីដែលគម្ពីរប្រាប់អំពីអ្នកណាខ្លះដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយអំពីកន្លែងដែលពួកគេនឹងរស់នៅ។
ពួកគេ«នឹងឮសំឡេងរបស់លោក ហើយចេញមក»
១៦. តើមនុស្សស្លាប់ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនឹងមានជីវិតបែបណា?
១៦ នៅអតីតកាល មនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញបានជួបជុំក្រុមគ្រួសារនិងមិត្តភក្ដិរបស់ពួកគេនៅផែនដី។ នេះក៏នឹងកើតឡើងនៅអនាគតដែរ ប៉ុន្តែគឺល្អជាងមុនឆ្ងាយណាស់។ ហេតុអ្វី? ពីព្រោះពួកអ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី នឹងមានឱកាសរស់ជារៀងរហូត ហើយមិនស្លាប់ទៅវិញទេ។ បន្ថែមទៀត ពួកគេនឹងរស់ក្នុងពិភពលោកដែលមានស្ថានភាពខុសគ្នាឆ្ងាយណាស់ពីសព្វថ្ងៃនេះ។ ពេលនោះនឹងលែងមានសង្គ្រាម ឧក្រិដ្ឋកម្ម និងជំងឺទៀត។
១៧. តើអ្នកណាខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ?
១៧ តើអ្នកណាខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ? លោកយេស៊ូមានប្រសាសន៍ថា៖ «អស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់លោក ហើយចេញមក»។ (យ៉ូហាន ៥:២៨, ២៩) នៅការបើកបង្ហាញ ២០:១៣ ចែងថា៖ «សមុទ្របានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញ ហើយសេចក្ដីស្លាប់និងផ្នូរបានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញដែរ»។ ពិតណាស់ មនុស្សរាប់ពាន់លាននាក់នឹងរស់ឡើងវិញ។ ម្យ៉ាងទៀត សាវ័កប៉ូលបាននិយាយថា៖ «មនុស្សសុចរិតនិងមនុស្សមិនសុចរិត»នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ (សូមអាន សកម្មភាព ២៤:១៥) តើនេះមានន័យយ៉ាងណា?
១៨. តើអ្នកណាខ្លះជា«មនុស្សសុចរិត»ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ?
១៨ «មនុស្សសុចរិត»រួមបញ្ចូលអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ាដែលបានរស់មុនលោកយេស៊ូកើតមកនៅផែនដីដូចជា ណូអេ អាប្រាហាំ សារ៉ា ម៉ូសេ នាងរូថ នាងអេសធើរជាដើម។ ពួកគាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី។ អ្នកអាចអានកំណត់ហេតុអំពីបុរសស្ត្រីទាំងនេះក្នុងសៀវភៅហេប្រឺ ជំពូកទី១១។ ចុះយ៉ាងណាអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ាដែលបានស្លាប់នៅសម័យនេះ? ពួកគាត់ក៏ជា«មនុស្សសុចរិត»ដែរ ដូច្នេះពួកគាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។
១៩. តើអ្នកណាជា«មនុស្សមិនសុចរិត»? តើព្រះយេហូវ៉ានឹងផ្ដល់ឱកាសអ្វីដល់ពួកគេ?
១៩ «មនុស្សមិនសុចរិត»រួមបញ្ចូលមនុស្សរាប់ពាន់លាននាក់ដែលគ្មានឱកាសស្គាល់ព្រះយេហូវ៉ា។ ទោះជាពួកគេស្លាប់ហើយក្ដី ព្រះយេហូវ៉ាមិនបានភ្លេចពួកគេទេ។ លោកនឹងប្រោសពួកគេឲ្យរស់ឡើងវិញ ហើយពួកគេនឹងមានឱកាសរៀនអំពីលោក រួចបម្រើលោក។
២០. ហេតុអ្វីមិនមែនមនុស្សគ្រប់រូបនឹងត្រូវប្រោសឲ្យរស់ឡើងវិញ?
២០ តើនេះមានន័យថាមនុស្សគ្រប់រូបដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញឬ? មិនមែនទេ។ លោកយេស៊ូមានប្រសាសន៍ថាមនុស្សខ្លះនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញឡើយ។ (លូកា ១២:៥) តើអ្នកណាជាអ្នកសម្រេចចិត្តថាមនុស្សណានឹងត្រូវប្រោសឲ្យរស់ឡើងវិញ ឬមិនត្រូវប្រោសឲ្យរស់ឡើងវិញ? គឺព្រះយេហូវ៉ាជាចៅក្រមដែលមានអំណាចខ្ពស់បំផុត ហើយលោកក៏បានប្រគល់អំណាចឲ្យលោកយេស៊ូ«ធ្វើជាចៅក្រមនៃមនុស្សរស់និងមនុស្សស្លាប់»ដែរ។ (សកម្មភាព ១០:៤២) អ្នកដែលនឹងត្រូវវិនិច្ឆ័យថាជាមនុស្សទុច្ចរិតដែលមិនព្រមកែប្រែ នោះនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញឡើយ (សូមមើលលេខ១៩ក្នុងកំណត់នៅចុងសៀវភៅ)។
ការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌
២១, ២២. (ក) តើពួកអ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌នឹងមានរូបកាយបែបណា? (ខ) តើអ្នកណាជាបុគ្គលដំបូងដែលបានត្រូវប្រោសឲ្យមានជីវិតនៅស្ថានសួគ៌?
២១ ម្យ៉ាងទៀត គម្ពីរក៏ប្រាប់ដែរថាមនុស្សខ្លះនឹងរស់នៅស្ថានសួគ៌។ ពេលបុគ្គលណាម្នាក់បានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ គាត់នឹងមិនមានរូបកាយជាសាច់ឈាមទេ តែគាត់នឹងមានរូបកាយជាវិញ្ញាណវិញ។
២២ លោកយេស៊ូជាបុគ្គលដំបូងដែលបានត្រូវប្រោសឲ្យមានជីវិតបែបនេះ។ (យ៉ូហាន ៣:១៣) បីថ្ងៃក្រោយពីលោកយេស៊ូបានត្រូវគេសម្លាប់ ព្រះយេហូវ៉ាបានប្រោសលោកឲ្យរស់ឡើងវិញ។ (ទំនុកតម្កើង ១៦:១០; សកម្មភាព ១៣:៣៤, ៣៥) លោកយេស៊ូមិនបានត្រូវប្រោសឲ្យរស់ឡើងវិញដោយមានរូបកាយជាសាច់ឈាមឡើយ។ សាវ័កពេត្រុសបានពន្យល់ថាពេលគេ‹សម្លាប់លោកយេស៊ូ លោកជាមនុស្ស តែលោកបានត្រូវប្រោសឲ្យមានជីវិតរស់ឡើងវិញជាវិញ្ញាណ›។ (ពេត្រុសទី១ ៣:១៨) លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លា! (កូរិនថូសទី១ ១៥:៣-៦) ប៉ុន្តែ មិនគ្រាន់តែលោកយេស៊ូប៉ុណ្ណោះទេ គម្ពីរប្រាប់ថាក៏មានអ្នកឯទៀតដែរ។
២៣, ២៤. តើអ្នកណាជា«ហ្វូងតូច»ដែលលោកយេស៊ូមានប្រសាសន៍ ហើយតើពួកគាត់មានចំនួនប៉ុន្មាននាក់?
២៣ បន្ដិចមុនលោកយេស៊ូស្លាប់ លោកប្រាប់ពួកអ្នកកាន់តាមស្មោះត្រង់ថា៖ «ខ្ញុំនឹងទៅដើម្បីរៀបចំកន្លែងមួយឲ្យអ្នករាល់គ្នា»។ (យ៉ូហាន ១៤:២) នេះមានន័យថាអ្នកកាន់តាមខ្លះនឹងត្រូវប្រោសឲ្យមានជីវិតនៅស្ថានសួគ៌ជាមួយនឹងលោកយេស៊ូ។ តើមានចំនួនប៉ុន្មាននាក់? លោកយេស៊ូមានប្រសាសន៍ថាមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលហៅថា«ហ្វូងតូច»។ (លូកា ១២:៣២) សាវ័កយ៉ូហានបានប្រាប់ចំនួនជាក់លាក់ ពេលគាត់ឃើញលោកយេស៊ូ«កំពុងឈរនៅលើភ្នំស៊ីយ៉ូន[ស្ថានសួគ៌] ហើយមានមួយសែនបួនម៉ឺនបួនពាន់នាក់ឈរជាមួយនឹងលោកដែរ»។—ការបើកបង្ហាញ ១៤:១
២៤ តើនៅពេលណាដែលគ្រិស្តសាសនិក១៤៤.០០០នាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ? គម្ពីរប្រាប់ថា នេះនឹងកើតឡើងក្រោយពីគ្រិស្តចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌។ (កូរិនថូសទី១ ១៥:២៣) នៅសព្វថ្ងៃនេះ យើងកំពុងរស់នៅគ្រានោះ ហើយមនុស្សភាគច្រើនក្នុងចំណោម១៤៤.០០០នាក់បានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌រួចហើយ។ ប៉ុន្តែមានពួកគាត់ខ្លះរស់នៅផែនដីនៅឡើយ ហើយពេលពួកគាត់ស្លាប់ពួកគាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញភ្លាមៗនៅស្ថានសួគ៌។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើននឹងត្រូវប្រោសឲ្យមានជីវិតនៅផែនដីដែលជាសួនឧទ្យាន។
២៥. តើយើងនឹងរៀនអ្វីនៅជំពូកបន្ទាប់?
២៥ មិនយូរទៀត ព្រះយេហូវ៉ានឹងរំដោះមនុស្សទាំងអស់ពីសេចក្ដីស្លាប់ ហើយសេចក្ដីស្លាប់នឹងលែងមានជារៀងរហូត! (សូមអាន អេសាយ ២៥:៨) ប៉ុន្តែ តើពួកអ្នកដែលទៅស្ថានសួគ៌នឹងធ្វើអ្វីនៅទីនោះ? គម្ពីរពន្យល់ថាពួកគាត់នឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូក្នុងរាជាណាចក្រដែលជារដ្ឋាភិបាលរបស់ព្រះ។ យើងនឹងរៀនថែមទៀតអំពីរដ្ឋាភិបាលនេះក្នុងជំពូកបន្ទាប់។
a គម្ពីរប្រាប់យើងអំពីការប្រោសឲ្យរស់ឡើងវិញមួយចំនួនទៀត ដែលរួមមានទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រី ហើយក៏មានជនជាតិអ៊ីស្រាអែលនិងជនជាតិដទៃផងដែរ។ អ្នកអាចអានកំណត់ហេតុទាំងនោះនៅ ពង្សាវតារក្សត្រទី១ ១៧:១៧-២៤; ពង្សាវតារក្សត្រទី២ ៤:៣២-៣៧; ១៣:២០, ២១; ម៉ាថាយ ២៨:៥-៧; លូកា ៧:១១-១៧; ៨:៤០-៥៦; សកម្មភាព ៩:៣៦-៤២; ២០:៧-១២។