សៀវភៅលូកា
១២ នៅគ្រានោះ ក្រោយពីមនុស្សជាច្រើនរាប់ពាន់នាក់បានមកជួបជុំរហូតដល់ជាន់ជើងគ្នា លោកចាប់ផ្ដើមមានប្រសាសន៍ដោយប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី ពោលគឺពុតត្បុតរបស់ពួកគេ។+ ២ ប៉ុន្តែ អ្វីៗទាំងអស់ដែលបានត្រូវបិទបាំងយ៉ាងជិតល្អ នឹងត្រូវបើកបង្ហាញ ហើយអ្វីៗទាំងអស់ដែលជាអាថ៌កំបាំង នឹងត្រូវគេដឹង។+ ៣ ហេតុនេះ អ្វីដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត នោះនឹងត្រូវគេឮនៅកន្លែងភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាខ្សឹបនៅក្នុងបន្ទប់ នោះនឹងត្រូវផ្សាយពីលើដំបូលផ្ទះវិញ។ ៤ ម្យ៉ាងទៀត សម្លាញ់ខ្ញុំអើយ+ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្លាចអ្នកដែលសម្លាប់រូបកាយ តែមិនអាចធ្វើអ្វីលើសពីនោះឡើយ។+ ៥ ផ្ទុយទៅវិញ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាថាត្រូវខ្លាចអ្នកណា គឺត្រូវខ្លាចលោកដែលមានអំណាចសម្លាប់អ្នកដោយបោះអ្នកទៅក្នុងកេហេណា។*+ ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺលោកហើយដែលអ្នកត្រូវខ្លាច។+ ៦ គេលក់ចាបពូកប្រាំក្បាលថ្លៃពីរសេន* មែនទេ? ប៉ុន្តែ ព្រះមិនភ្លេចចាបទាំងនោះឡើយ ទោះជាចាបមួយក៏ដោយ។+ ៧ សូម្បីតែចំនួនសរសៃសក់នៅលើក្បាលអ្នករាល់គ្នា ក៏លោកជ្រាបដែរ។+ កុំខ្លាចឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត។+
៨ «ម្ល៉ោះហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស+ កូនមនុស្សក៏នឹងទទួលស្គាល់អ្នកនោះនៅមុខបណ្ដាទេវតារបស់ព្រះដែរ។+ ៩ ប៉ុន្តែ អ្នកណាដែលមិនទទួលស្គាល់ខ្ញុំនៅមុខមនុស្ស កូនមនុស្សក៏នឹងមិនទទួលស្គាល់អ្នកនោះនៅមុខបណ្ដាទេវតារបស់ព្រះដែរ។+ ១០ ចំណែកអ្នកណាដែលពោលពាក្យប្រឆាំងកូនមនុស្ស អ្នកនោះនឹងត្រូវអភ័យទោសឲ្យ ប៉ុន្តែអ្នកណាដែលពោលពាក្យប្រមាថឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ អ្នកនោះនឹងមិនត្រូវអភ័យទោសឲ្យទេ។+ ១១ ពេលដែលគេបញ្ជូនអ្នកទៅឯការប្រជុំសាធារណៈ* ទៅឯពួកមន្ត្រីរាជការ និងពួកអាជ្ញាធរ កុំខ្វល់ចិត្តថាអ្នកត្រូវនិយាយអ្វី ឬនិយាយយ៉ាងណាដើម្បីការពារខ្លួននោះឡើយ+ ១២ ព្រោះឫទ្ធានុភាពបរិសុទ្ធរបស់ព្រះនឹងបង្រៀនអ្នករាល់គ្នាអំពីអ្វីដែលអ្នកត្រូវនិយាយនៅពេលនោះឯង»។+
១៣ ក្រោយមក បុរសម្នាក់ពីចំណោមបណ្ដាជនបានសុំលោកថា៖ «លោកគ្រូ សូមប្រាប់បងប្រុសខ្ញុំឲ្យចែកមត៌កមកខ្ញុំផង»។ ១៤ លោកមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលរវាងអ្នកទាំងពីរ?»។ ១៥ រួចលោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរប្រុងប្រៀបស្មារតីជានិច្ច ហើយប្រុងប្រយ័ត្ននឹងការលោភលន់*គ្រប់យ៉ាង+ ពីព្រោះទោះជាមនុស្សម្នាក់មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ គាត់មិនបានជីវិតពីទ្រព្យទាំងនោះទេ»។+ ១៦ រួចលោកលើកឧទាហរណ៍មួយប្រាប់ពួកគេថា៖ «ស្រែចម្ការរបស់បុរសអ្នកមានម្នាក់បានបង្កើតផលជាច្រើន។ ១៧ ម្ល៉ោះហើយ គាត់ចាប់ផ្ដើមរិះគិតក្នុងចិត្តថា៖ ‹ឥឡូវខ្ញុំគ្មានកន្លែងទុកផលដំណាំរបស់ខ្ញុំទេ។ ដូច្នេះ តើខ្ញុំត្រូវធ្វើយ៉ាងណាទៅ?›។ ១៨ រួចគាត់និយាយថា៖ ‹ខ្ញុំត្រូវធ្វើដូច្នេះវិញ+ ខ្ញុំនឹងរុះឃ្លាំងទាំងអស់របស់ខ្ញុំ ហើយធ្វើឃ្លាំងធំៗជាង រួចមកខ្ញុំនឹងទុកស្រូវសាលីនិងរបស់ល្អទាំងអស់របស់ខ្ញុំនៅក្នុងនោះ ១៩ ហើយខ្ញុំនឹងប្រាប់ខ្លួនខ្ញុំថា៖ «ខ្ញុំអើយ! ខ្ញុំបានប្រមូលទុករបស់ល្អជាច្រើន ល្មមសម្រាប់យូរឆ្នាំទៀត ចូរសម្រាកចុះ ហើយបរិភោគនិងផឹកឲ្យសប្បាយទៅ»›។ ២០ ប៉ុន្តែ ព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹មនុស្សឥតចេះគិតពិចារណាអើយ នៅយប់នេះឯង គេនឹងទាមទារជីវិត*របស់អ្នកហើយ។ ដូច្នេះ តើអ្នកណានឹងទទួលអ្វីៗដែលអ្នកបានប្រមូលទុកនោះ?›។+ ២១ អ្នកណាដែលប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន តែមិនមែនជាអ្នកមានចំពោះព្រះ អ្នកនោះក៏ដូច្នោះដែរ»។+
២២ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ឈប់ខ្វល់ខ្វាយអំពីជីវិត*ខ្លួនថា នឹងបានអ្វីបរិភោគ ឬខ្វល់ខ្វាយអំពីរូបកាយថា នឹងបានអ្វីស្លៀកពាក់ឡើយ។+ ២៣ ព្រោះជីវិតមានតម្លៃជាងម្ហូបអាហារ ហើយរូបកាយមានតម្លៃជាងសម្លៀកបំពាក់។ ២៤ ចូរកត់សម្គាល់ថា សត្វក្អែកមិនសាបព្រោះឬច្រូតកាត់ទេ ហើយក៏គ្មានជង្រុកឬឃ្លាំងដែរ តែព្រះផ្ដល់ចំណីឲ្យវា។+ ទម្រាំតែអ្នករាល់គ្នា តើមិនមានតម្លៃជាងសត្វស្លាបទេឬ?+ ២៥ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកខ្វល់ខ្វាយ តើអ្នកអាចធ្វើឲ្យអាយុជីវិតខ្លួនវែងជាង សូម្បីតែបន្តិច*បានទេ? ២៦ ម្ល៉ោះហើយ បើអ្នករាល់គ្នាមិនអាចធ្វើការដ៏តូចនេះបានទេ ហេតុអ្វីអ្នករាល់គ្នាត្រូវខ្វល់ខ្វាយអំពីរឿងក្រៅពីនោះ?+ ២៧ ចូរកត់សម្គាល់របៀបដែលផ្កាដុះឡើងនៅឯវាល។ វាមិនធ្វើការនឿយហត់ទេ ក៏មិនត្បាញរវៃដែរ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនដែលបានតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង។+ ២៨ ព្រះតុបតែងរុក្ខជាតិដែលដុះនៅឯវាលនៅថ្ងៃនេះ ហើយនៅថ្ងៃស្អែកត្រូវបោះទៅក្នុងឡ។ បើដូច្នេះ ព្រះប្រាកដជានឹងផ្ដល់សម្លៀកបំពាក់លើសជាងនោះទៅទៀតឲ្យអ្នករាល់គ្នា ដែលជាអ្នកមានជំនឿតិច! ២៩ ដូច្នេះ ឈប់ខ្វល់ខ្វាយថា នឹងបានអ្វីបរិភោគ ឬនឹងបានអ្វីផឹក ហើយឈប់ព្រួយបារម្ភ+ ៣០ ព្រោះរបស់ទាំងអស់នេះជាអ្វីដែលមនុស្ស*ក្នុងពិភពលោកនេះកំពុងស្វះស្វែងរក។ ប៉ុន្តែ បិតារបស់អ្នកដឹងថាអ្នកត្រូវការរបស់ទាំងនេះ។+ ៣១ ផ្ទុយទៅវិញ ចូរបន្តស្វែងរករាជាណាចក្ររបស់លោក ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក។+
៣២ «ហ្វូងតូចអើយ កុំខ្លាចឡើយ+ ពីព្រោះបិតារបស់អ្នកពេញចិត្តឲ្យរាជាណាចក្រដល់អ្នក។+ ៣៣ ចូរលក់របស់ដែលអ្នករាល់គ្នាមាន ហើយធ្វើទាន។+ ចូរធ្វើថង់ប្រាក់ដែលមិនចេះសឹករេចរឹល ពោលគឺទ្រព្យដែលមិនចេះអស់នៅស្ថានសួគ៌+ ជាកន្លែងដែលចោរមិនទៅជិត ហើយសត្វល្អិតមិនស៊ីបំផ្លាញ។ ៣៤ ព្រោះទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។
៣៥ «ចូរស្លៀកពាក់និងប្រុងប្រៀបខ្លួន*+ ហើយឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ+ ៣៦ ព្រមទាំងធ្វើដូចពួកបុរសដែលកំពុងរង់ចាំម្ចាស់របស់ពួកគេវិលត្រឡប់មក+ពីពិធីរៀបការ+ ដូច្នេះពួកគេអាចបើកទ្វារជូនលោកភ្លាម ពេលដែលលោកមកដល់ហើយគោះទ្វារ។ ៣៧ ខ្ញុំបម្រើណាដែលម្ចាស់ឃើញថាកំពុងចាំយាមពេលលោកមកដល់ ខ្ញុំបម្រើនោះនឹងមានសុភមង្គល! ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងពាក់ឯកសណ្ឋាន*ធ្វើការ ហើយឲ្យពួកគេអង្គុយនៅតុ រួចលោកនឹងចូលមកជិតបម្រើពួកគេ។ ៣៨ ទោះជាលោកមកដល់នៅយាមទី២* ឬយាមទី៣*ក៏ដោយ ហើយឃើញថាពួកខ្ញុំបម្រើកំពុងធ្វើដូច្នោះ នោះពួកគេនឹងមានសុភមង្គល! ៣៩ ប៉ុន្តែ ចូរដឹងថា បើម្ចាស់ផ្ទះបានដឹងថាចោរនឹងមកនៅម៉ោងណា នោះម្ចាស់ផ្ទះមុខជាមិនឲ្យចោរចូលផ្ទះគាត់ឡើយ។+ ៤០ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ចដូច្នេះដែរ ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។+
៤១ រួចមក ពេត្រុសសួរថា៖ «លោកម្ចាស់ តើលោកកំពុងលើកឧទាហរណ៍នេះសម្រាប់យើងតែប៉ុណ្ណោះ ឬក៏សម្រាប់ទាំងអស់គ្នា?»។ ៤២ លោកម្ចាស់តបថា៖ «តើអ្នកណាជាអ្នកចាត់ចែង*ដ៏ស្មោះត្រង់ ហើយចេះពិចារណា* ដែលម្ចាស់នឹងតែងតាំងឲ្យមើលការខុសត្រូវលើពួកអ្នកបម្រើរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគគ្រប់គ្រាន់នៅពេលត្រឹមត្រូវ?+ ៤៣ ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់មកដល់ ហើយឃើញថាគាត់កំពុងធ្វើដូច្នោះមែន។ ៤៤ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងតែងតាំងគាត់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់លោក។ ៤៥ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើនោះគិតក្នុងចិត្តថា៖ ‹ម្ចាស់ខ្ញុំកំពុងបង្អង់យូរ› រួចចាប់ផ្ដើមវាយពួកខ្ញុំបម្រើប្រុសស្រី ហើយស៊ីផឹកស្រវឹង+ ៤៦ នោះម្ចាស់របស់គាត់នឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មាន និងនៅម៉ោងដែលគាត់មិនដឹង ហើយនឹងដាក់ទោសគាត់ធ្ងន់បំផុត ក៏រាប់បញ្ចូលគាត់ក្នុងចំណោមមនុស្សមិនស្មោះត្រង់។ ៤៧ រួចមក ខ្ញុំបម្រើដែលបានយល់បំណងប្រាថ្នារបស់ម្ចាស់ តែមិនបានត្រៀមខ្លួនឬធ្វើតាមអ្វីដែលលោកសុំ* នឹងត្រូវវាយជាច្រើនរំពាត់។+ ៤៨ ក៏ប៉ុន្តែ ខ្ញុំបម្រើដែលមិនបានយល់ ហើយបានធ្វើអ្វីគួរនឹងត្រូវរំពាត់ នឹងត្រូវវាយតិច។ ដូច្នេះ អ្នកណាដែលទទួលច្រើន គេនឹងតម្រូវច្រើនពីអ្នកនោះ ហើយអ្នកណាដែលគេប្រគល់កិច្ចការជាច្រើនឲ្យមើលការខុសត្រូវ គេនឹងតម្រូវពីអ្នកនោះច្រើនលើសពីធម្មតា។+
៤៩ «ខ្ញុំបានមកដើម្បីធ្វើឲ្យមានភ្លើងឆេះនៅផែនដី។ បើភ្លើងនោះកំពុងឆេះហើយ តើចាំបាច់ឲ្យខ្ញុំប្រាថ្នាអ្វីទៀត? ៥០ មានការជ្រមុជដែលខ្ញុំត្រូវទទួលពិតមែន ហើយខ្ញុំកំពុងកើតទុក្ខយ៉ាងខ្លាំងរហូតដល់ការជ្រមុជនោះចប់!+ ៥១ តើអ្នកគិតថាខ្ញុំបានមកដើម្បីនាំឲ្យមានសន្តិភាពលើផែនដីឬ? មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមកដើម្បីធ្វើឲ្យមានការបែកបាក់គ្នាវិញ។+ ៥២ ព្រោះចាប់តាំងពីពេលនេះទៅ នឹងមានមនុស្សប្រាំនាក់ក្នុងផ្ទះមួយ ហើយអ្នកទាំងប្រាំនោះនឹងបែកបាក់ទាស់ទែងគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។ ៥៣ ពួកគេនឹងបែកបាក់គ្នា គឺឪពុកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្ដាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្ដាយ ម្ដាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក»។+
៥៤ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «កាលណាអ្នករាល់គ្នាឃើញពពកឡើងនៅទិសខាងលិច អ្នកនិយាយភ្លាមថា៖ ‹នឹងមានព្យុះភ្លៀង› ហើយក៏កើតមានព្យុះភ្លៀងមែន។ ៥៥ កាលណាអ្នករាល់គ្នាឃើញថាខ្យល់បក់មកពីទិសខាងត្បូង នោះអ្នកនិយាយថា៖ ‹នឹងមានអាកាសធាតុក្ដៅ› ហើយក៏កើតឡើងមែន។ ៥៦ មនុស្សលាក់ពុត! អ្នករាល់គ្នាចេះសម្គាល់លក្ខណៈនៃផ្ទៃមេឃ និងផែនដី តែហេតុអ្វីបានជាមិនចេះពិចារណាអត្ថន័យនៃអ្វីដែលកំពុងកើតឡើងនៅគ្រានេះ?+ ៥៧ ហេតុអ្វីក៏អ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯងដែរថា អ្វីគឺសុចរិត? ៥៨ ជាឧទាហរណ៍ កាលដែលអ្នកកំពុងធ្វើដំណើរទៅជួបអាជ្ញាធរជាមួយនឹងសត្រូវដែលរកប្ដឹងអ្នកតាមច្បាប់ ចូរព្យាយាមដោះស្រាយទំនាស់នោះជាមួយនឹងគាត់តាមផ្លូវទៅ ក្រែងលោគាត់បញ្ជូនអ្នកទៅចៅក្រម រួចចៅក្រមប្រគល់អ្នកទៅមន្ត្រីជំនួយតុលាការ ហើយមន្ត្រីជំនួយតុលាការដាក់អ្នកក្នុងគុក។+ ៥៩ ខ្ញុំប្រាប់អ្នកថា អ្នកប្រាកដជាមិនបានចេញពីគុកទេ ទាល់តែបានសងបំណុលអស់គ្មានខ្វះមួយសេន»។*