ការរក្សាការពារអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទាន
«ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖ ‹ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ›»។—អេសាយ ៤៣:១០
១. តើព្រះយេហូវ៉ាទាញនាំមនុស្សបែបណាឲ្យមកឯទ្រង់?
ពេលទៅសាលព្រះរាជាណាចក្រ សូមមើលបងប្អូនជុំវិញខ្លួន។ តើអ្នកឃើញមនុស្សបែបណានៅទីកន្លែងថ្វាយបង្គំនោះ? អ្នកអាចឃើញយុវជនយុវតីដែលមានចិត្តស្មោះសកំពុងតែស្រូបយកនូវប្រាជ្ញាដែលមកពីការសិក្សាព្រះគម្ពីរ។ (ទំនុកដំកើង ១៤៨:១២, ១៣) អ្នកទំនងជានឹងឃើញមេគ្រួសារខ្លះដែលខំផ្គាប់ព្រះហឫទ័យព្រះ ទោះជារស់នៅក្នុងលោកីយ៍ដែលចាត់ទុកជីវភាពគ្រួសារជាអ្វីដែលគ្មានតម្លៃ។ ប្រហែលជាអ្នកនឹងឃើញបងប្អូនវ័យចាស់ដែលកំពុងតែកាន់ជំហរមាំមួនស្របទៅតាមការឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ទោះបីជាមានសុខភាពទ្រុឌទ្រោមដែលមកពីវ័យចំណាស់ក្ដី។ (សុភាសិត ១៦:៣១) បងប្អូនទាំងឡាយនេះស្រឡាញ់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ហើយព្រះយេហូវ៉ាសព្វព្រះហឫទ័យទាញនាំពួកគេឲ្យមកមានចំណងមិត្តភាពជាមួយនឹងទ្រង់។ ព្រះរាជបុត្រារបស់ព្រះបានបញ្ជាក់ថា៖ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»។—យ៉ូហាន ៦:៣៧, ៤៤, ៦៥
២, ៣. ហេតុអ្វីក៏ពិបាកម្ល៉េះ ឲ្យយើងទទួលស្គាល់យ៉ាងច្បាស់ជានិច្ចនូវអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទាន?
២ យើងពិតជាត្រេកអរចំពោះការរួមចំណែកក្នុងចំណោមមនុស្សដែលផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ានិងមានពរពីទ្រង់ មែនទេ? ប៉ុន្តែ ការទទួលស្គាល់យ៉ាងច្បាស់នូវអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទាននៅ«គ្រាលំបាក»នេះ គឺពិបាកណាស់។ (ធីម៉ូថេទី២ ៣:១) ចំពោះប្អូនៗដែលបានត្រូវចិញ្ចឹមអប់រំក្នុងក្រុមគ្រួសារគ្រីស្ទាន នេះគឺពិបាកមែន។ យុវជនម្នាក់ពីក្រុមគ្រួសារគ្រីស្ទានមួយបានសារភាពថា៖ «ទោះជាខ្ញុំបានទៅកិច្ចប្រជុំគ្រីស្ទានក្ដី ខ្ញុំក៏មិនមានគោលដៅខាងវិញ្ញាណច្បាស់លាស់ទេ ហើយតាមពិត ខ្ញុំមិនទាន់បានបណ្ដុះឲ្យមានចិត្តចង់បំរើព្រះយេហូវ៉ានោះទេ»។
៣ បងប្អូនខ្លះប្រហែលជាមានចិត្តចង់បំរើព្រះយេហូវ៉ា តែមានការបង្ខិតបង្ខំយ៉ាងខ្លាំងពីពួកម៉ាក ឬឥទ្ធិពលផ្សេងៗពីលោកីយ៍នេះនិងទំនោរចិត្តដ៏មិនគ្រប់ល័ក្ខណ៍មកបង្វែរស្មារតី។ ពេលមានការគាបសង្កត់នោះ នេះអាចធ្វើឲ្យយើងបាត់បង់នូវអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទានម្ដងបន្ដិចៗ។ ជាឧទាហរណ៍ មនុស្សជាច្រើនក្នុងលោកីយ៍នេះចាត់ទុកខ្នាតតម្រាសីលធម៌ក្នុងព្រះគម្ពីរជាអ្វីដែលហួសសម័យ ឬថាប្រើការមិនកើតក្នុងលោកីយ៍ទំនើបនេះទេ។ (ពេត្រុសទី១ ៤:៤) មនុស្សខ្លះគិតថា មិនចាំបាច់ឲ្យយើងថ្វាយបង្គំព្រះតាមតម្រូវការរបស់ទ្រង់ទេ។ (យ៉ូហាន ៤:២៤) ក្នុងសំបុត្រដែលប៉ុលបានសរសេរផ្ញើពួកគ្រីស្ទាននៅទីក្រុងអេភេសូរនោះ គាត់រៀបរាប់អំពីលោកីយ៍នេះថា មាន«វិញ្ញាណ»ឬចិត្តគំនិតចំបង។ (អេភេសូរ ២:២) វិញ្ញាណនោះបញ្ចេញឥទ្ធិពលលើមនុស្សឲ្យគេសម្រួលទៅតាមចិត្តគំនិតរបស់សង្គមមួយដែលមិនស្គាល់ព្រះយេហូវ៉ា។
៤. តើព្រះយេស៊ូបញ្ជាក់យ៉ាងណា អំពីសារៈសំខាន់នៃការរក្សាការពារអត្តសញ្ញាណរបស់យើងឲ្យបានច្បាស់ជាជនគ្រីស្ទាន?
៤ យ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកបំរើព្រះយេហូវ៉ាដែលបានឧទ្ទិសថ្វាយខ្លួនចំពោះទ្រង់ យើងទទួលស្គាល់ថាការបាត់បង់នូវអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទាន មិនថាចាស់ឬក្មេងក៏ដោយ គឺជារឿងខ្លោចផ្សាណាស់។ ការរក្សាឲ្យមានទស្សនៈត្រឹមត្រូវចំពោះអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទាន ត្រូវផ្អែកទាំងស្រុងលើខ្នាតតម្រានិងបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាចំពោះយើង។ យ៉ាងណាមិញ យើងបានត្រូវបង្កើតមកឲ្យមានភាពដូចអង្គទ្រង់។ (លោកុប្បត្តិ ១:២៦; មីកា ៦:៨) ព្រះគម្ពីរប្រៀបធៀបអត្តសញ្ញាណច្បាស់លាស់របស់យើងជាជនគ្រីស្ទានទៅនឹងសំលៀកបំពាក់ដែលមនុស្សទាំងឡាយអាចមើលបាន។ ព្រះយេស៊ូបានព្រមានអំពីគ្រាយើងនេះដោយមានបន្ទូលថា៖ «មើល! អញមកដូចជាចោរប្លន់។ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្ដិ៍ខ្មាសខ្លួនឡើយ»។a (វិវរណៈ ១៦:១៥) យើងមិនចង់លះបង់គុណសម្បត្ដិគ្រីស្ទាននិងគោលការណ៍សីលធម៌របស់យើងចោល និងអនុញ្ញាតឲ្យលោកីយ៍របស់សាតាំងមានអានុភាពលើយើងឡើយ។ បើធ្វើដូច្នេះ យើងនឹងបាត់នូវ«សំលៀកបំពាក់»ទាំងនេះ។ ស្ថានភាពបែបនោះត្រូវនាំឲ្យខ្មាសផង ហើយគួរឲ្យស្ដាយផងដែរ។
៥, ៦. ហេតុអ្វីបានជាភាពនឹងនខាងវិញ្ញាណជាចាំបាច់?
៥ ការទទួលស្គាល់យ៉ាងច្បាស់នូវអត្តសញ្ញាណរបស់ខ្លួនជាជនគ្រីស្ទាន មានអានុភាពខ្លាំងលើរបៀបរស់នៅ។ តើមានអានុភាពយ៉ាងដូចម្ដេច? បើអ្នកថ្វាយបង្គំព្រះយេហូវ៉ាលែងទទួលស្គាល់យ៉ាងច្បាស់នូវអត្តសញ្ញាណរបស់ខ្លួនជាជនគ្រីស្ទាន គាត់ប្រហែលជាលែងចេះផ្ចង់អារម្មណ៍លើអ្វីខាងវិញ្ញាណ ហើយគ្មានទិសដៅឬគោលដៅដ៏ច្បាស់លាស់វិញ។ ព្រះគម្ពីរព្រមានម្ដងហើយម្ដងទៀតកុំឲ្យធ្លាក់ខ្លួនក្លាយជាមនុស្សដែលមានចិត្តពីរដូច្នេះ។ យ៉ាកុបបានព្រមានថា៖ «អ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រ ដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង។ កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវ»។—យ៉ាកុប ១:៦-៨; អេភេសូរ ៤:១៤; ហេព្រើរ ១៣:៩
៦ តើយើងអាចធ្វើយ៉ាងណាដើម្បីរក្សាការពារអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទាន? តើអ្វីអាចជួយឲ្យយើងទទួលស្គាល់កាន់តែច្បាស់នូវឯកសិទ្ធិដែលយើងមានជាអ្នកថ្វាយបង្គំព្រះដ៏ខ្ពស់បំផុត? សូមពិចារណាវិធីផ្សេងៗតទៅនេះ។
ចូរធ្វើឲ្យអត្តសញ្ញាណជាជនគ្រីស្ទានមានមូលដ្ឋានរឹងមាំ
៧. តើមានផលចំណេញអ្វី ពីការអង្វរសូមព្រះយេហូវ៉ាពិនិត្យមើលចិត្តយើង?
៧ ចូរពង្រឹងចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាជានិច្ច។ កម្មសិទ្ធិដ៏មានតម្លៃបំផុតរបស់ជនគ្រីស្ទាន គឺចំណងមិត្តភាពជាមួយនឹងព្រះ។ (ទំនុកដំកើង ២៥:១៤; សុភាសិត ៣:៣២) បើយើងចាប់ផ្ដើមសង្ស័យអំពីអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទាន នោះយើងគួរពិនិត្យមើលយ៉ាងល្អិតល្អន់នូវគុណភាពនិងភាពរឹងមាំនៃចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ។ អ្នកតែងបទទំនុកដំកើងបានអង្វរយ៉ាងសមរម្យថា៖ «ឱព្រះយេហូវ៉ាអើយ! សូមពិនិត្យទូលបង្គំមើល ព្រមទាំងល្បងលទូលបង្គំ ហើយសាកចិត្តថ្លើមរបស់ទូលបង្គំផង»។ (ទំនុកដំកើង ២៦:២) ហេតុអ្វីក៏ការពិនិត្យមើលបែបនេះជាចាំបាច់ម្ល៉េះ? គឺពីព្រោះយើងមិនអាចទុកចិត្តលើខ្លួនឯងទេ ក្នុងការស្ទង់មើលបំណងនិងទំនោរចិត្តដ៏ជ្រាលជ្រៅរបស់យើង។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះ ដែលអាចជ្រាបអំពីចិត្តមនុស្ស ពោលគឺ បំណង គំនិតនិងអារម្មណ៍របស់យើង។—យេរេមា ១៧:៩, ១០
៨. (ក) តើការល្បងលពីព្រះយេហូវ៉ាអាចផ្ដល់ប្រយោជន៍អ្វីខ្លះដល់យើង? (ខ) តើអ្វីបានជួយអ្នកឲ្យរីកចំរើនជាជនគ្រីស្ទាន?
៨ ការសូមព្រះយេហូវ៉ាពិនិត្យមើលយើង ជាការអញ្ជើញទ្រង់ឲ្យមកល្បងលយើង។ ទ្រង់ប្រហែលជាអនុញ្ញាតឲ្យមានស្ថានភាពកើតឡើងដែលបង្ហាញពីបំណងនិងសភាពពិតនៃចិត្តយើង។ (ហេព្រើរ ៤:១២,១៣; យ៉ាកុប ១:២២-២៥) យើងគួរស្វាគមន៍ការល្បងលបែបនេះពីព្រោះនេះអាចហុចឱកាសឲ្យយើងបង្ហាញពីជំរៅចិត្តស្មោះត្រង់របស់យើងចំពោះព្រះយេហូវ៉ា។ នេះអាចបង្ហាញថា តើយើង«គ្រប់លក្ខណ៍ ហើយពេញខ្នាត ឥតខ្វះអ្វីឡើយ»ឬយ៉ាងណា? (យ៉ាកុប ១:២-៤) ដំណាលគ្នានេះ យើងក៏អាចរីកចំរើនខាងវិញ្ញាណ។—អេភេសូរ ៤:២២-២៤
៩. ហេតុអ្វីក៏ចាំបាច់ឲ្យយើងពិចារណាព្រះគម្ពីរដោយផ្ទាល់ខ្លួនដើម្បីជឿថាជាសេចក្ដីពិត? សូមពន្យល់។
៩ ចូរពិចារណាព្រះគម្ពីរដោយផ្ទាល់ខ្លួនដើម្បីមានជំនឿថាជាសេចក្ដីពិត។ ការទទួលស្គាល់អត្តសញ្ញាណរបស់យើងជាអ្នកបំរើព្រះយេហូវ៉ាអាចទៅជាស្រពិចស្រពិលបើមិនមានមូលដ្ឋានលើចំណេះពីបទគម្ពីរ។ (ភីលីព ១:៩, ១០) ជនគ្រីស្ទានម្នាក់ៗ មិនថាចាស់ឬក្មេងក្ដី ត្រូវពិចារណារកហេតុផលដើម្បីពេញចិត្តថា អ្វីដែលខ្លួនជឿនោះ គឺប្រាកដជាសេចក្ដីពិតដែលមានក្នុងព្រះគម្ពីរ។ ប៉ុលបានដាស់តឿនអ្នកជឿគ្នីគ្នារបស់គាត់ថា៖ «ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ»។ (ថែស្សាឡូនីចទី១ ៥:២១) ប្អូនៗយុវជនគ្រីស្ទានក្នុងក្រុមគ្រួសារដែលកោតខ្លាចព្រះ ត្រូវតែទទួលស្គាល់ថា ប្អូនមិនអាចធ្វើជាជនគ្រីស្ទានដោយផ្អែកលើជំនឿរបស់មាតាបិតាប៉ុណ្ណោះបានឡើយ។ សូម្បីតែបិតារបស់សាឡូម៉ូន នាមដាវីឌ បានដាស់តឿនបុត្រាឲ្យ«ស្គាល់ព្រះនៃឪពុកឯងចុះ! ព្រមទាំងប្រតិបត្ដិតាមទ្រង់ ដោយអស់ពីចិត្ត»។ (របាក្សត្រទី១ ២៨:៩, កំណែជាអក្សរទ្រេត) បើសាឡូម៉ូនដែលនៅក្មេងនោះគ្រាន់តែមើលបិតាបណ្ដុះឲ្យមានជំនឿលើព្រះយេហូវ៉ាប៉ុណ្ណោះ នេះគឺមិនគ្រប់គ្រាន់ទេ។ សាឡូម៉ូនត្រូវខំស្គាល់ព្រះយេហូវ៉ាដោយផ្ទាល់ ហើយទ្រង់បានធ្វើដូច្នេះមែន។ សាឡូម៉ូនបានអង្វរព្រះថា៖ «សូមប្រោសប្រទាន ឲ្យទូលបង្គំមានប្រាជ្ញានឹងយោបល់ ដើម្បីឲ្យទូលបង្គំបានចេញចូលនាំមុខបណ្ដាជននេះ»។—របាក្សត្រទី២ ១:១០
១០. ហេតុអ្វីក៏មិនខុសទេ ឲ្យយើងសួរសំនួរស្មោះពីចិត្តដោយចេតនាល្អ?
១០ ជំនឿមាំមួនត្រូវមានមូលដ្ឋានលើចំណេះ។ ប៉ុលមានប្រសាសន៍ថា៖ «ជំនឿកើតឡើងដោយឮ»។ (រ៉ូម ១០:១៧) តើសំណេររបស់គាត់មានន័យអ្វី? គាត់ចង់បង្ហាញន័យថា ការពិនិត្យមើលព្រះបន្ទូលរបស់ព្រះអាចជួយឲ្យយើងបង្កើនជំនឿនិងទំនុកចិត្តទៅលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់ទ្រង់ ព្រមទាំងលើអង្គការរបស់ទ្រង់ផង។ ការសួរសំនួរស្មោះពីចិត្តអំពីរឿងព្រះគម្ពីរអាចនាំឲ្យយើងទទួលចម្លើយដែលពង្រឹងជំនឿ។ ម្យ៉ាងទៀត យើងអានដំបូន្មានរបស់ប៉ុលនៅរ៉ូម ១២:២ ថា៖ «[ចូរ]លមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ តើយើងអាចធ្វើដូច្នេះបានដោយដូចម្ដេច? គឺដោយទទួល«សេចក្ដីចេះដឹងខាងឯ[ឬ«ស្គាល់ច្បាស់នូវ», ខ.ស.]សេចក្ដីពិត»។ (ទីតុស ១:១) វិញ្ញាណរបស់ព្រះយេហូវ៉ាអាចជួយយើងស្វែងយល់នូវរឿងដែលពិបាកយល់។ (កូរិនថូសទី១ ២:១១, ១២) យើងគួរអធិស្ឋានសុំជំនួយពីព្រះពេលមានបញ្ហាក្នុងការយល់ដឹងចំណុចណាមួយ។ (ទំនុកដំកើង ១១៩:១០, ១១, ២៧) ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងយល់និងជឿលើបន្ទូលរបស់ទ្រង់ ព្រមទាំងធ្វើតាម។ ព្រះយេហូវ៉ាស្វាគមន៍សំនួរណាដែលយើងសួរស្មោះពីចិត្តដោយចេតនាល្អ។
ចូរតាំងចិត្តចង់ផ្គាប់ព្រះហឫទ័យរបស់ព្រះ
១១. (ក) តើអ្វីជាចំណង់ចំណូលចិត្តធម្មតាដែលអាចធ្វើជាគ្រោះថ្នាក់? (ខ) តើយើងអាចបណ្ដុះឲ្យមានកម្លាំងចិត្តទប់ទល់នឹងការបង្ខិតបង្ខំពីពួកម៉ាក ដោយរបៀបណា?
១១ ចូរខំផ្គាប់ព្រះហឫទ័យព្រះ មិនមែនពេញចិត្តមនុស្សទេ។ ជាការធម្មតាដែលយើងខំទទួលស្គាល់អត្តសញ្ញាណមួយកំរិតរបស់យើងដោយរួមចំណែកក្នុងចំណោមអ្នកដទៃ។ មនុស្សណាក៏ចូលចិត្តមានមិត្តភក្ដិ ហើយយើងតែងតែមានអារម្មណ៍សប្បាយពេលដែលអ្នកដទៃរាប់អានយើង។ ក្នុងគ្រាជាក្មេងជំទង់ឬយុវវ័យនោះ ហើយនៅពេលក្រោយៗមកទៀតដែរ ការបង្ខិតបង្ខំពីពួកម៉ាកអាចមានឥទ្ធិពលខ្លាំង ដោយជំរុញចិត្តឲ្យធ្វើតាមអ្នកដទៃ ឬដោយចង់ធ្វើអ្វីដើម្បីឲ្យគេរាប់អានយើង។ ប៉ុន្តែ ពួកម៉ាកនិងគ្នីគ្នាស្រករនឹងយើងមិនតែងតែគិតឲ្យយើងទទួលប្រយោជន៍ទេ។ ជួនកាលគេគ្រាន់តែចង់បានអ្នករួមដៃក្នុងការធ្វើអ្វីដែលមិនល្អ។ (សុភាសិត ១:១១-១៩) ពេលដែលជនគ្រីស្ទានចុះចាញ់នឹងការបង្ខិតបង្ខំមិនល្អពីពួកម៉ាក នោះធម្មតាគាត់ក៏ខំលាក់បាំងអត្តសញ្ញាណរបស់ខ្លួនដែរ។ (ទំនុកដំកើង ២៦:៤) សាវ័កប៉ុលបានព្រមានថា៖ «[យើង]មិនត្រូវយកតំរាប់តាមលោកីយ៍នេះឡើយ»។ (រ៉ូម ១២:២, ខ.ស.) ព្រះយេហូវ៉ាអាចផ្ដល់នូវកម្លាំងចិត្តដែលយើងត្រូវការដើម្បីទប់ទល់នឹងការបង្ខិតបង្ខំឲ្យធ្វើតាមអ្នកដទៃ។—ហេព្រើរ ១៣:៦
១២. ពេលដែលមានការល្បងលទំនុកចិត្តរបស់យើងចំពោះព្រះ តើមានគោលការណ៍អ្វី និងគំរូអ្វី ដែលអាចពង្រឹងកម្លាំងយើងឲ្យកាន់ជំហរមាំមួន?
១២ បើមានការបង្ខិតបង្ខំផ្សេងៗជុំវិញយើងដែលអាចធ្វើឲ្យលែងទទួលស្គាល់ច្បាស់នូវអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទាន នោះយកល្អឲ្យចងចាំថា ការរក្សាឲ្យមានចិត្តស្មោះត្រង់ចំពោះព្រះគឺសំខាន់ជាងទស្សនៈឬទំនោរចិត្តរបស់មនុស្សម្នា។ ពាក្យនៅនិក្ខមនំ ២៣:២ ជាគោលការណ៍ល្អដែលអាចជួយយើងជៀសវាងគ្រោះថ្នាក់បាន ហើយថា៖ «កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្ដីអាក្រក់»។ នៅគ្រាដែលប្រជាជនអ៊ីស្រាអែលភាគច្រើនបានសង្ស័យទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ាក្នុងការបំពេញសេចក្ដីសន្យារបស់ទ្រង់ នោះលោកកាលែបបានបដិសេធយ៉ាងម៉ឺងម៉ាត់ដោយមិនព្រមស្របគំនិតទៅតាមប្រជាជនគ្នីគ្នាច្រើននោះឡើយ។ កាលែបជឿប្រាកដថាខ្លួនអាចទុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះបាន ហើយលោកបានទទួលរង្វាន់ល្អផងដោយសារបានកាន់ជំហរនោះ។ (ជនគណនា ១៣:៣០; យ៉ូស្វេ ១៤:៦-១១) តើអ្នកសុខចិត្តធ្វើដូចគ្នាដែរ ដោយទប់ទល់នឹងការបង្ខិតបង្ខំពីប្រជាមតិ ដើម្បីការពារចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះឬទេ?
១៣. តើការបង្ហាញឲ្យអ្នកដទៃដឹងអំពីអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទានអាចផ្ដល់ប្រយោជន៍អ្វីខ្លះ?
១៣ ចូរសម្ដែងឲ្យអ្នកដទៃស្គាល់អត្តសញ្ញាណរបស់អ្នកជាជនគ្រីស្ទាន។ មានគេនិយាយថា វិធីការពារខ្លួនយ៉ាងល្អបំផុតគឺដោយវាយបកជាមុន។ នេះគឺពិតមែនសំរាប់យើងពេលត្រូវរក្សាការពារអត្តសញ្ញាណរបស់យើងជាជនគ្រីស្ទាន។ នៅសម័យលោកអែសរ៉ា ពេលដែលមានការប្រឆាំងចំពោះប្រជាជនអ៊ីស្រាអែលដែលមានចិត្តស្មោះភក្ដីនិងខំព្យាយាមធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា នោះពួកគេបានមានប្រសាសន៍ថា៖ «យើងខ្ញុំជាពួកអ្នកបំរើរបស់ព្រះនៃស្ថានសួគ៌ នឹងផែនដី»។ (អែសរ៉ា ៥:១១) ប្រសិនបើយើងអនុញ្ញាតឲ្យទស្សនៈនិងពាក្យគំរោះគំរើយរបស់មនុស្សដែលពាធាយើងមានអានុភាពលើយើងនោះ នេះអាចធ្វើឲ្យយើងក្លាយជាអសកម្មដោយសារមានអារម្មណ៍ភ័យរន្ធត់។ យើងនឹងលែងមានប្រសិទ្ធភាពទៀតបើយើងចេះតែចង់បំពេញចិត្តមនុស្សទាំងឡាយ។ ដូច្នេះ កុំអនុញ្ញាតឲ្យមនុស្សដទៃបំភ័យអ្នកឡើយ។ យកល្អប្រាប់អ្នកដទៃយ៉ាងច្បាស់ថាអ្នកជាស្មរបន្ទាល់ម្នាក់របស់ព្រះយេហូវ៉ា។ អ្នកអាចពន្យល់ដល់អ្នកដទៃយ៉ាងម៉ឺងម៉ាត់តែដោយបង្ហាញការគោរពផងដែរ អំពីទស្សនៈរបស់ខ្លួន ព្រមទាំងជំនឿនិងគោលការណ៍គ្រីស្ទាន។ ចូរប្រាប់ឲ្យអ្នកឯទៀតដឹងថាអ្នកបានតាំងចិត្តធ្វើតាមខ្នាតតម្រាខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ាស្តីអំពីរឿងសីលធម៌។ ចូរបញ្ជាក់ឲ្យបានច្បាស់ថា អ្នកនឹងមិនលះបង់ចិត្តស្មោះគ្រប់លក្ខណ៍ជាជនគ្រីស្ទានសោះឡើយ។ ចូរបង្ហាញថាអ្នកមានមោទនភាពចំពោះខ្នាតតម្រាសីលធម៌។ (ទំនុកដំកើង ៦៤:១០) ការលេចធ្លោជាជនគ្រីស្ទានដែលមានភាពរឹងមាំអាចពង្រឹងកម្លាំងនិងការពារអ្នក ហើយក៏អាចជំរុញឲ្យមនុស្សខ្លះសួរអំពីព្រះយេហូវ៉ានិងរាស្ត្ររបស់ទ្រង់។
១៤. តើការចំអកឬការប្រឆាំងគួរធ្វើឲ្យយើងខកចិត្តឬទេ? សូមពន្យល់។
១៤ ពិតមែនហើយ មនុស្សខ្លះប្រហែលជានឹងចំអកដាក់ឬប្រឆាំងនឹងអ្នកមែន។ (យូដាស ១៨) ប្រសិនបើមនុស្សដទៃមិនព្រមស្ដាប់ពេលដែលអ្នកខំពន្យល់អំពីគោលការណ៍ កុំខកចិត្តឡើយ។ (អេសេគាល ៣:៧, ៨) មិនថាអ្នកប្ដេជ្ញាប៉ុនណាក៏ដោយ អ្នកមិនអាចនាំឲ្យមនុស្សជឿតាមទេ បើគេមិនចង់ជឿ។ សូមនឹកចាំអំពីផារ៉ោន។ មិនថាមានសេចក្ដីវេទនាឬអព្ភូតហេតុណាក្ដី ទោះទាំងការបាត់បង់បុត្រច្បងផ្ទាល់ក៏ដោយ នេះមិនបានធ្វើឲ្យផារ៉ោនជឿថាលោកម៉ូសេជាអ្នកនិយាយតាងនាមព្រះយេហូវ៉ាទេ។ ហេតុនេះហើយកុំឲ្យក្លាយជាអសកម្មឡើយ ដោយព្រោះខ្លាចមនុស្ស។ ការជឿនិងទុកចិត្តទៅលើព្រះអាចជួយយើងយកឈ្នះអារម្មណ៍ភ័យរន្ធត់បាន។—សុភាសិត ៣:៥, ៦; ២៩:២៥
ចូររៀនពីប្រវត្ដិសាស្ត្រហើយកសាងអនាគតល្អ
១៥, ១៦. (ក) តើកេរមត៌កខាងវិញ្ញាណរបស់យើងរួមបញ្ចូលអ្វីខ្លះ? (ខ) តើយើងអាចទទួលប្រយោជន៍អ្វី ពីការរំពឹងគិតទៅលើកេរមត៌កខាងវិញ្ញាណរបស់យើងដោយផ្អែកលើព្រះបន្ទូលរបស់ព្រះ?
១៥ ចូរចាត់ទុកកេរមត៌កខាងវិញ្ញាណជាអ្វីដ៏ពិសេស។ ជនគ្រីស្ទាននឹងទទួលប្រយោជន៍ពីការរំពឹងគិតទៅលើកេរមត៌កដ៏វិសេសខាងវិញ្ញាណដោយផ្អែកលើព្រះបន្ទូលរបស់ព្រះ។ កេរមត៌កនេះរួមបញ្ចូលនូវសេចក្ដីពិតពីបន្ទូលរបស់ព្រះយេហូវ៉ា ព្រមទាំងសេចក្ដីសង្ឃឹមចំពោះជីវិតជារៀងរហូត និងកិត្ដិយសដែលយើងទទួលដោយប្រកាសផ្សាយដំណឹងល្អជាអ្នកតំណាងព្រះ។ តើអ្នកទទួលស្គាល់មុខនាទីរបស់អ្នកផ្ទាល់ក្នុងចំណោមស្មរបន្ទាល់របស់ទ្រង់ដែលជាមនុស្សមួយក្រុមដែលមានឯកសិទ្ធិទទួលកិច្ចការសង្គ្រោះជីវិតដោយផ្សព្វផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះ ឬទេ? ចូរចងចាំថា មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលបញ្ជាក់ថា៖ «ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ»។—អេសាយ ៤៣:១០
១៦ អ្នកអាចសួរខ្លួនឯងថា៖ ‹តើកេរមត៌កខាងវិញ្ញាណនេះមានសារៈសំខាន់ប៉ុនណាចំពោះខ្ញុំ? តើខ្ញុំចាត់ទុកកេរមត៌កខាងវិញ្ញាណនេះជាអ្វីដ៏វិសេសដល់ម្ល៉េះបានជាខ្ញុំទុកការធ្វើតាមព្រះហឫទ័យរបស់ព្រះជាអាទិភាពចំបងក្នុងជីវិតខ្ញុំឬទេ? តើខ្ញុំអបអរចំពោះកេរមត៌កនេះយ៉ាងខ្លាំងដល់ម្ល៉េះបានជាការអបអរនេះពង្រឹងកម្លាំងខ្ញុំឲ្យទប់ទល់នឹងការល្បងលណាដែលអាចនាំឲ្យបាត់បង់កេរដំណែលនេះឬទេ?›។ កេរមត៌កខាងវិញ្ញាណរបស់យើងក៏អាចបង្កើតឲ្យយើងមានអារម្មណ៍សុខសាន្តដ៏ជ្រាលជ្រៅខាងវិញ្ញាណ ដែលយើងអាចមានក្នុងចំណោមអង្គការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ (ទំនុកដំកើង ៩១:១, ២) ការពិនិត្យមើលសាឡើងវិញនូវព្រឹត្ដិការណ៍ដ៏អស្ចារ្យដែលបានកើតឡើងក្នុងប្រវត្ដិថ្មីៗនេះនៃអង្គការរបស់ព្រះយេហូវ៉ា អាចជួយផ្ដិតឲ្យជាប់ក្នុងចិត្តគំនិតយើងថា គ្មានអ្វីសោះឬមនុស្សណាសោះអាចបំផ្លាញរាស្ត្ររបស់ព្រះឲ្យសាបសូន្យចេញពីផែនដីនេះបានឡើយ។—អេសាយ ៥៤:១៧; យេរេមា ១:១៩
១៧. តើយើងត្រូវធ្វើអ្វីទៀត ក្រៅពីការពឹងផ្អែកលើកេរមត៌កខាងវិញ្ញាណរបស់យើង?
១៧ ពិតមែន យើងមិនអាចពឹងផ្អែកលើកេរមត៌កខាងវិញ្ញាណរបស់យើងប៉ុណ្ណោះទេ។ យើងម្នាក់ៗត្រូវបណ្ដុះឲ្យមានចំណងមិត្តភាពស្និទ្ធស្នាលជាមួយនឹងព្រះ។ ប៉ុលបានខិតខំធ្វើឲ្យបងប្អូនគ្រីស្ទាននៅទីក្រុងភីលីពមានជំនឿមាំមួន ហើយក្រោយមកគាត់ក៏សរសេរថា៖ «ឱពួកស្ងួនភ្ងាអើយ! ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ! ដូចជាបានស្ដាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង»។ (ភីលីព ២:១២) យើងមិនអាចពឹងអ្នកឯទៀតដើម្បីឲ្យបានសេចក្ដីសង្គ្រោះបានឡើយ។
១៨. តើសកម្មភាពគ្រីស្ទានអាចជួយឲ្យយើងស្គាល់កាន់តែច្បាស់នូវអត្តសញ្ញាណរបស់ខ្លួនជាជនគ្រីស្ទានបានយ៉ាងណា?
១៨ ចូរជាប់រវល់ក្នុងសកម្មភាពគ្រីស្ទាន។ មានសេចក្ដីមួយចែងថា៖ «កិច្ចការតែងមានអានុភាពលើអត្តសញ្ញាណរបស់អ្នកធ្វើ»។ ជនគ្រីស្ទានសព្វថ្ងៃនេះបានទទួលកិច្ចការសំខាន់ គឺការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដែលបានត្រូវស្ថាបនាហើយ។ ប៉ុលបានប្រកាសថា៖ «ពីព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំដំកើងដល់ការងារខ្ញុំ» ពោលគឺ កិច្ចបំរើផ្សាយ។ (រ៉ូម ១១:១៣) ការផ្សព្វផ្សាយរបស់យើងរមែងសម្គាល់យើងដោយឡែកពីលោកីយ៍នេះ ហើយការរួមចំណែកក្នុងកិច្ចការនេះក៏ជួយបង្កើនអត្តសញ្ញាណរបស់យើងផងដែរ។ ការជាប់រវល់ក្នុងកិច្ចការឯទៀតជាមួយនឹងក្រុមជំនុំ ដូចជាកិច្ចប្រជុំគ្រីស្ទាន ការសាងសង់ទីកន្លែងថ្វាយបង្គំ និងការព្យាយាមជួយបងប្អូនដែលខ្វះខាតជាដើម អាចជួយឲ្យយើងស្គាល់កាន់តែច្បាស់នូវអត្តសញ្ញាណរបស់ខ្លួនជាជនគ្រីស្ទាន។—កាឡាទី ៦:៩, ១០; ហេព្រើរ ១០:២៣, ២៤
ការទទួលស្គាល់យ៉ាងច្បាស់នូវអត្តសញ្ញាណជាជនគ្រីស្ទាន នាំឲ្យមានប្រយោជន៍ពិត
១៩, ២០. (ក) តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះ ដោយព្រោះជាជនគ្រីស្ទានម្នាក់? (ខ) តើអ្វីជាមូលដ្ឋានដើម្បីស្គាល់អត្តសញ្ញាណពិតរបស់យើង?
១៩ សូមឆ្លៀតមួយភ្លែតនេះដើម្បីរំពឹងគិតអំពីប្រយោជន៍ជាច្រើនដែលយើងមានដោយសារធ្វើជាជនគ្រីស្ទានពិត។ យើងមានឯកសិទ្ធិធ្វើជាមនុស្សដែលព្រះយេហូវ៉ាស្គាល់។ ព្យាការីម៉ាឡាគីបានមានប្រសាសន៍ថា៖ «ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា ក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្ដាប់ ក៏បានឮ។ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។ (ម៉ាឡាគី ៣:១៦) យើងអាចមានព្រះយេហូវ៉ាចាត់ទុកយើងជាសំឡាញ់របស់ទ្រង់។ (យ៉ាកុប ២:២៣) ជីវិតរបស់យើងពោរពេញទៅដោយគោលបំណងច្បាស់លាស់និងមានអត្ថន័យជ្រាលជ្រៅ ហើយយើងក៏មានគោលដៅល្អៗដែលបង្កើតផលដែរ។ ហើយយើងក៏បានទទួលសេចក្ដីសង្ឃឹមចំពោះជីវិតជានិរន្តរ៍។—ទំនុកដំកើង ៣៧:៩
២០ សូមចងចាំថា អត្តសញ្ញាណនិងតម្លៃពិតរបស់អ្នកគឺស្រេចនឹងទស្សនៈរបស់ព្រះ មិនមែនស្រេចនឹងអ្វីដែលមនុស្សដទៃគិតអំពីអ្នកឡើយ។ មនុស្សប្រហែលជាវាយតម្លៃយើងស្របទៅតាមខ្នាតតម្រារបស់មនុស្សដែលមិនគ្រប់លក្ខណៈ។ ប៉ុន្តែ សេចក្ដីស្រឡាញ់របស់ព្រះនិងការយកព្រះទ័យទុកដាក់របស់ទ្រង់ចំពោះយើង គឺជាមូលដ្ឋាននៃតម្លៃរបស់យើង ដ្បិតយើងជារបស់ផងទ្រង់។ (ម៉ាថាយ ១០:២៩-៣១) ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះវិញ អាចនាំឲ្យយើងស្គាល់យ៉ាងច្បាស់ជាទីបំផុតនូវអត្តសញ្ញាណរបស់ខ្លួន ហើយឲ្យមានគោលដៅច្បាស់លាស់ក្នុងជីវិត។ «បើអ្នកណាស្រឡាញ់ព្រះ ទ្រង់ក៏ស្គាល់អ្នកនោះ»។—កូរិនថូសទី១ ៨:៣
[កំណត់សម្គាល់]
a ពាក្យទាំងនេះប្រហែលជាសំដៅទៅលើភារកិច្ចរបស់អ្នកត្រួតពិនិត្យពួកអ្នកយាមនៅព្រះវិហារក្នុងទីក្រុងយេរូសាឡិម។ ក្នុងកំឡុងយាមពេលយប់ អ្នកត្រួតពិនិត្យត្រូវដើរជុំវិញព្រះវិហារដើម្បីដឹងថា តើពួកលេវីដែលជាអ្នកយាមនោះនៅភ្ញាក់ឬដេកលក់ពេលយាម? អ្នកយាមណាដែលអ្នកត្រួតពិនិត្យឃើញកំពុងតែដេកលក់ ត្រូវគាត់វាយដោយដំបង ហើយដុតចោលសំលៀកបំពាក់អ្នកនោះជាទោសដ៏គួរឲ្យខ្មាស។
តើអ្នកនៅចាំទេ?
• ហេតុអ្វីក៏ជាចាំបាច់ឲ្យជនគ្រីស្ទានរក្សាការពារអត្តសញ្ញាណខាងវិញ្ញាណ?
• តើយើងអាចធ្វើយ៉ាងណា ឲ្យមានមូលដ្ឋានរឹងមាំសំរាប់អត្តសញ្ញាណរបស់យើងជាជនគ្រីស្ទាន?
• ពេលត្រូវសម្រេចថានឹងបំពេញចិត្តអ្នកណា តើកត្ដាអ្វីខ្លះអាចជួយឲ្យយើងធ្វើការសម្រេចចិត្តត្រឹមត្រូវ?
• តើការទទួលស្គាល់យ៉ាងច្បាស់នូវអត្តសញ្ញាណរបស់ខ្លួនអាចតម្រង់ផ្លូវទៅមុខជាជនគ្រីស្ទានបានយ៉ាងណា?
[រូបភាពនៅទំព័រ៣១]
ការជាប់រវល់ក្នុងសកម្មភាពគ្រីស្ទានអាចបង្កើនឲ្យមានអត្តសញ្ញាណច្បាស់លាស់ជាជនគ្រីស្ទាន