«ចូរបន្តឈ្នះសេចក្ដីអាក្រក់»ដោយទប់កំហឹង
«បងប្អូនជាទីស្រឡាញ់ កុំសងសឹកដោយខ្លួនអ្នកឡើយ . . . តែចូរបន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អវិញ»។—រ៉ូម ១២:១៩, ២១
១, ២. តើអ្នកដំណើរដែលជាសាក្សីព្រះយេហូវ៉ាបានទុកគំរូល្អយ៉ាងណា?
សាក្សីព្រះយេហូវ៉ា៣៤នាក់កំពុងជិះយន្តហោះទៅចូលរួមពិធីសម្ពោធការិយាល័យសាខាមួយ តែពួកគេមិនបានទៅដល់ពិធីនោះទាន់ពេលទេ។ យន្តហោះនោះត្រូវចុះដើម្បីចាក់សាំង ហើយធម្មតា ត្រូវការចាំមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែដោយសារមានបញ្ហាគ្រឿងយន្ត អ្នកដំណើរត្រូវចាំ៤៤ម៉ោងនៅអាកាសយានដ្ឋានដាច់ស្រយាលមួយ ដែលមិនមានអាហារ ទឹក ឬបន្ទប់ទឹកគ្រប់គ្រាន់។ អ្នកដំណើរជាច្រើនចាប់ផ្ដើមខឹង ហើយសម្លុតអ្នកធ្វើការនៅអាកាសយានដ្ឋាននោះ។ ប៉ុន្តែ បងប្អូនយើងបានរក្សាចិត្តស្ងប់។
២ នៅទីបំផុត បងប្អូនយើងបានទៅដល់ការិយាល័យសាខា ពេលពិធីសម្ពោធជិតចប់។ ថ្វីបើពួកគេអស់កម្លាំងក៏ដោយ ពួកគេបានសេពគប់ជាមួយបងប្អូនរួមជំនឿឯទៀតពេលពិធីនោះចប់។ ក្រោយមក ពួកគេបានដឹងថាអ្នកឯទៀតបានកត់សម្គាល់នូវសេចក្ដីអត់ធ្មត់និងការទប់ចិត្តដែលពួកគេបានបង្ហាញ។ អ្នកដំណើរម្នាក់បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍នោះថា៖ «បើគ្មានគ្រិស្តសាសនិក៣៤នាក់នោះទេ នឹងមានអំពើហិង្សានៅអាកាសយានដ្ឋានជាមិនខាន»។
យើងរស់នៅក្នុងពិភពលោកមួយដែលពោរពេញដោយមនុស្សមានកំហឹង
៣, ៤. (ក) តើមនុស្សបានរងកំហឹងនិងអំពើឃោរឃៅយ៉ាងដូចម្ដេច? ហើយតាំងពីពេលណាមក? (ខ) តើកាអ៊ីនអាចទប់កំហឹងរបស់គាត់បានឬទេ? សូមពន្យល់។
៣ ជីវិតក្នុងរបៀបរបបដ៏អាក្រក់នេះមានការបង្ខិតបង្ខំផ្សេងៗដែលអាចធ្វើឲ្យមនុស្សខឹង។ (សាស្ដ. ៧:៧) ជាញឹកញយ កំហឹងនេះនាំឲ្យមានការស្អប់គ្នា និងអំពើហិង្សា។ មានសង្គ្រាមរវាងប្រទេសផ្សេងៗ និងសង្គ្រាមស៊ីវិល ហើយក្រុមគ្រួសារជាច្រើនក៏មានទំនាស់ដែរ។ កំហឹងនិងអំពើឃោរឃៅបែបនេះធ្លាប់កើតមានឡើងយូរយារមកហើយ។ កាអ៊ីនដែលជាកូនច្បងរបស់អាដាមនិងអេវ៉ា បានសម្លាប់ប្អូនប្រុសគាត់ឈ្មោះអេបិលដោយសារចិត្តច្រណែននិងកំហឹង។ កាអ៊ីនបានប្រព្រឹត្តអំពើដ៏អាក្រក់នេះ សូម្បីតែព្រះយេហូវ៉ាបានដាស់តឿនគាត់ឲ្យកាន់កាប់លើអារម្មណ៍របស់គាត់ ហើយលោកបានសន្យាថានឹងឲ្យពរដល់គាត់បើគាត់ធ្វើដូច្នេះ។—សូមអាន លោកុប្បត្តិ ៤:៦-៨
៤ ទោះជាកាអ៊ីនបានឆ្លងភាពខុសឆ្គងពីអាដាមនិងអេវ៉ាក៏ដោយ តែក្នុងករណីនេះ គាត់មានជម្រើស។ គាត់អាចទប់កំហឹងរបស់គាត់បាន។ ហេតុនេះហើយបានជាគាត់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះអំពើដ៏ឃោរឃៅរបស់គាត់។ ស្រដៀងគ្នាដែរ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ នោះគឺពិបាកជាងឲ្យយើងទប់កំហឹង ហើយជៀសវាងការបញ្ចេញកំហឹង។ ម្យ៉ាងទៀត ក្នុង«គ្រាចុងក្រោយបង្អស់»នេះ បញ្ហាធ្ងន់ធ្ងរឯទៀតបន្ថែមភាពតានតឹង។ (២ធី. ៣:១) ជាឧទាហរណ៍ វិបត្ដិសេដ្ឋកិច្ចអាចប៉ះពាល់ដល់អារម្មណ៍របស់យើង។ ប៉ូលិសនិងអង្គការដែលផ្ដល់ជំនួយដល់ក្រុមគ្រួសារបានបញ្ជាក់ថា វិបត្ដិសេដ្ឋកិច្ចជាប់ទាក់ទងនឹងការកើនឡើងនៃការផ្ទុះកំហឹងនិងអំពើហិង្សាក្នុងក្រុមគ្រួសារ។
៥, ៦. ស្តីអំពីកំហឹង តើមនុស្សក្នុងពិភពលោកមានចិត្តគំនិតបែបណាដែលអាចជះឥទ្ធិពលលើយើង?
៥ បន្ថែមទៅទៀត មនុស្សជាច្រើនដែលយើងជួប «ស្រឡាញ់តែខ្លួនឯង» «ក្រអឺតក្រទម» ហើយក៏«កាចសាហាវ»ដែរ។ គឺងាយឲ្យលក្ខណៈអាក្រក់ទាំងនេះមានឥទ្ធិពលលើយើង ហើយធ្វើឲ្យយើងមានកំហឹង។ (២ធី. ៣:២-៥) តាមពិត ភាពយន្តនិងកម្មវិធីទូរទស្សន៍ច្រើនតែបង្ហាញការសងសឹកជាអ្វីដែលគួរឲ្យកោតសរសើរ ហើយបង្ហាញថាអំពើឃោរឃៅជាដំណោះស្រាយយ៉ាងត្រឹមត្រូវនិងជាធម្មតានូវបញ្ហាផ្សេងៗ។ ធម្មតា សាច់រឿងក្នុងភាពយន្តធ្វើឲ្យអ្នកមើលទន្ទឹងរង់ចាំពេលដែលតួអាក្រក់«ទទួលអ្វីដែលគាត់សមទទួល» ពោលគឺត្រូវតួល្អសម្លាប់គាត់យ៉ាងឃោរឃៅ។
៦ ការឃោសនាបែបនេះមិនលើកតម្កើងការប្រព្រឹត្តរបស់ព្រះទេ តែលើកតម្កើង«ចិត្តគំនិតរបស់ពិភពលោក» និងអ្នកគ្រប់គ្រងរបស់ពិភពលោកនេះ ពោលគឺសាថានដែលមានកំហឹង។ (១កូ. ២:១២; អេភ. ២:២; បប. ១២:១២) ចិត្តគំនិតនោះបំពេញបំណងប្រាថ្នារបស់រូបកាយមិនល្អឥតខ្ចោះ ហើយប្រឆាំងសកម្មពលបរិសុទ្ធរបស់ព្រះ និងផលដែលត្រូវបានបង្កើតដោយសកម្មពលនោះ។ ប្រាកដមែន សេចក្ដីបង្រៀនសំខាន់ៗនៃគ្រិស្តសាសនាគឺមិនឲ្យសងសឹកពេលគេធ្វើឲ្យយើងខឹង។ (សូមអាន ម៉ាថាយ ៥:៣៩, ៤៤, ៤៥) បើដូច្នេះ តើយើងអាចអនុវត្តតាមសេចក្ដីបង្រៀនរបស់លោកយេស៊ូឲ្យបានពេញលេញជាងយ៉ាងដូចម្ដេច?
គំរូល្អនិងគំរូអាក្រក់
៧. តើមានលទ្ធផលអ្វី ពេលស៊ីម្មាននិងលេវីមិនបានកាន់កាប់លើកំហឹងរបស់ពួកគាត់?
៧ គម្ពីរសម្បូរទៅដោយដំបូន្មានស្តីអំពីការកាន់កាប់លើកំហឹង ហើយក៏មានគំរូដែលអាចជួយយើងដឹងអំពីអ្វីដែលអាចកើតឡើងកាលណាយើងទប់និងមិនទប់កំហឹង។ សូមពិចារណាអំពីអ្វីដែលបានកើតឡើងពេលស៊ីម្មាននិងលេវីដែលជាកូនប្រុសរបស់យ៉ាកុបបានសងសឹកស៊ីគឹមដែលបានរំលោភប្អូនស្រីពួកគាត់។ ពួកគាត់«មានសេចក្ដីឈឺចិត្តហើយខឹងជាខ្លាំង»។ (លោ. ៣៤:៧) បន្ទាប់មក កូនប្រុសឯទៀតរបស់យ៉ាកុបបានវាយប្រហារក្រុងស៊ីគឹម ហើយប្លន់ក្រុងនោះព្រមទាំងបានចាប់យកស្រីៗនិងកូនក្មេងជាឈ្លើយ។ ពួកគាត់បានធ្វើអ្វីៗទាំងអស់នេះ មិនគ្រាន់តែដោយសារនាងឌីណាប៉ុណ្ណោះទេ តែទំនងជាដោយសាររឿងនេះក៏ប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ពួកគាត់ដែរ។ ពួកគាត់គិតថាស៊ីគឹមមើលងាយពួកគាត់និងយ៉ាកុបដែលជាឪពុករបស់ពួកគាត់។ ប៉ុន្តែ តើយ៉ាកុបបានគិតយ៉ាងណាអំពីការប្រព្រឹត្តរបស់ពួកគាត់?
៨. តើកំណត់ហេតុអំពីស៊ីម្មាននិងលេវីបង្ហាញអ្វីអំពីការសងសឹក?
៨ រឿងខ្លោចផ្សាដែលនាងឌីណាបានឆ្លងកាត់ពិតជាបានធ្វើឲ្យយ៉ាកុបកើតទុក្ខខ្លាំងណាស់ ក៏ប៉ុន្តែគាត់បានផ្ដន្ទាទោសការសងសឹករបស់កូនប្រុសៗគាត់។ ស៊ីម្មាននិងលេវីនៅតែខំដោះសាការប្រព្រឹត្តរបស់ពួកគាត់ដោយពោលថា៖ «តើគួរគប្បីដែរឬ ឲ្យវាមកប្រព្រឹត្តនឹងប្អូនយើងដូចជាស្រីសំផឹងដូច្នេះ?»។ (លោ. ៣៤:៣១) ប៉ុន្តែ រឿងនោះមិនចប់ត្រឹមនេះទេ ពីព្រោះព្រះយេហូវ៉ាមិនពេញចិត្តសោះ។ ច្រើនឆ្នាំក្រោយមក យ៉ាកុបបានទាយថាដោយសារស៊ីម្មាននិងលេវីបានប្រព្រឹត្តអំពើឃោរឃៅ កូនចៅរបស់ពួកគាត់នឹងត្រូវខ្ចាត់ខ្ចាយក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល។ (សូមអាន លោកុប្បត្តិ ៤៩:៥-៧) ប្រាកដហើយ ដោយសារពួកគាត់មិនបានទប់កំហឹង នោះទាំងព្រះយេហូវ៉ាទាំងឪពុកពួកគាត់មិនពេញចិត្តនឹងពួកគាត់ទេ។
៩. តើដាវីឌហៀបនឹងទប់កំហឹងមិនបាននៅពេលណា?
៩ នេះផ្ទុយស្រឡះពីស្តេចដាវីឌ។ គាត់មានឱកាសជាច្រើនដើម្បីសងសឹក តែគាត់មិនបានធ្វើទេ។ (១សាំ. ២៤:៣-៧) ក៏ប៉ុន្តែ នៅពេលមួយ គាត់ហៀបនឹងទប់កំហឹងមិនបាន។ បុរសអ្នកមានស្តុកស្តម្ភម្នាក់ឈ្មោះណាបាលបានស្រែកជេរពួកបុរសរបស់ដាវីឌ ថ្វីបើពួកគេបានការពារហ្វូងសត្វនិងពួកគង្វាលរបស់ណាបាលក៏ដោយ។ ប្រហែលដាវីឌគិតថាណាបាលបានមើលងាយពួកបុរសរបស់គាត់ នោះគាត់បម្រុងនឹងសងសឹកយ៉ាងឃោរឃៅ។ កាលដែលដាវីឌនិងពួកបុរសរបស់គាត់កំពុងចេញទៅវាយប្រហារណាបាលនិងពួកអ្នកផ្ទះរបស់គាត់ បុរសវ័យក្មេងម្នាក់បានប្រាប់អ័ប៊ីកែលជាប្រពន្ធដែលប្រកបដោយប្រាជ្ញារបស់ណាបាលអំពីអ្វីដែលបានកើតឡើង ហើយដាស់តឿននាងឲ្យចាត់វិធានការ។ ភ្លាមនោះ នាងរៀបចំអំណោយយ៉ាងច្រើន ហើយចេញទៅជួបដាវីឌ។ នាងបានសុំអភ័យទោសដោយចិត្តរាបទាបចំពោះភាពព្រហើនរបស់ណាបាល ហើយរំលឹកដាវីឌឲ្យចាំអំពីការកោតខ្លាចដែលគាត់មានចំពោះព្រះយេហូវ៉ា។ ដាវីឌបានភ្ញាក់ខ្លួន ហើយបាននិយាយទៅនាងថា៖ «សូមពរ . . . ដល់ខ្លួនអ្នកផង ដោយព្រោះអ្នកបានឃាត់មិនឲ្យខ្ញុំកំចាយឈាម . . . នៅថ្ងៃនេះ»។—១សាំ. ២៥:២-៣៥
ទស្សនៈរបស់គ្រិស្តសាសនិកចំពោះការសងសឹក
១០. តើគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាចំពោះការសងសឹក?
១០ ព្រះយេហូវ៉ាបង្ហាញយ៉ាងច្បាស់ថាលោកប្រឆាំងការមិនទប់កំហឹងនិងអំពើឃោរឃៅដែលស៊ីម្មាននិងលេវីបានប្រព្រឹត្ត ហើយលោកឲ្យពរដល់ការព្យាយាមរបស់ដាវីឌនិងអ័ប៊ីកែលដើម្បីធ្វើឲ្យមានសន្ដិភាព។ សាវ័កប៉ូលបានសរសេរថា៖ «ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់ ប្រសិនបើអាចធ្វើទៅបាន។ បងប្អូនជាទីស្រឡាញ់ កុំសងសឹកដោយខ្លួនអ្នកឡើយ តែចូរទុកឲ្យព្រះបង្ហាញសេចក្ដីក្រោធរបស់លោកចំពោះអំពើខុសឆ្គង ព្រោះបទគម្ពីរចែងថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា ការសងសឹកជារបស់ខ្ញុំ ខ្ញុំនឹងសងគេវិញ›។ ប៉ុន្តែ‹ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យអាហារគាត់បរិភោគ ហើយប្រសិនបើគាត់ស្រេក ចូរឲ្យគាត់ផឹកចុះ ព្រោះបើធ្វើដូច្នេះ អ្នកនឹងគររងើកភ្លើងនៅលើក្បាលគាត់›។ កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ តែចូរបន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អវិញ»។—រ៉ូម ១២:១៨-២១a
១១. តើបងស្រីម្នាក់បានរៀនទប់កំហឹងយ៉ាងដូចម្ដេច?
១១ យើងអាចធ្វើតាមដំបូន្មាននោះបាន។ ជាឧទាហរណ៍ បងស្រីម្នាក់បានត្អូញត្អែរប្រាប់អ្នកចាស់ទុំម្នាក់អំពីនាយកថ្មីរបស់គាត់។ គាត់ប្រាប់ថានាយកនោះកាច ហើយប្រព្រឹត្តដោយអយុត្ដិធម៌។ បងស្រីនោះខឹងនាយកគាត់ ហើយចង់ឈប់ធ្វើការនៅទីនោះ។ អ្នកចាស់ទុំបានលើកទឹកចិត្តគាត់កុំឲ្យធ្វើអ្វីដោយមិនគិតវែងឆ្ងាយ។ ម្យ៉ាងទៀត អ្នកចាស់ទុំបានយល់ឃើញថាបងស្រីនោះបានធ្វើឲ្យមានបញ្ហាកាន់តែធំពីព្រោះគាត់ប្រព្រឹត្តដោយកំហឹង។ (ទីត. ៣:១-៣) អ្នកចាស់ទុំក៏បានពន្យល់ដែរថា ទោះជាបងស្រីរកការងារថ្មីក៏ដោយ ក៏គាត់នៅតែត្រូវកែប្រែអាកប្បកិរិយារបស់គាត់ ពេលដែលមានគេប្រព្រឹត្តដោយមិនសប្បុរសមកលើគាត់។ អ្នកចាស់ទុំនោះជូនយោបល់គាត់ឲ្យធ្វើតាមសេចក្ដីបង្រៀនរបស់លោកយេស៊ូ ដោយប្រព្រឹត្តទៅលើនាយកដូចគាត់ចង់ឲ្យនាយកប្រព្រឹត្តទៅលើគាត់វិញ។ (សូមអាន លូកា ៦:៣១) បងស្រីព្រមធ្វើតាមយោបល់នោះ។ តើមានលទ្ធផលយ៉ាងណា? ក្រោយមក នាយកក្លាយទៅជាស្លូតវិញ ហើយថែមទាំងបានអរគុណបងស្រីដោយសារគាត់ខំព្យាយាមធ្វើការ។
១២. ពេលណាមានបញ្ហាជាមួយនឹងគ្រិស្តសាសនិករួមជំនឿ ហេតុអ្វីនេះអាចធ្វើឲ្យយើងពិបាកចិត្តជាងពេលមានបញ្ហាជាមួយអ្នកមិនជឿ?
១២ ពេលណាមានបញ្ហាជាមួយនឹងមនុស្សដែលមិនមែនជាគ្រិស្តសាសនិក យើងប្រហែលជាមិនភ្ញាក់ផ្អើលប៉ុន្មានទេ។ យើងដឹងថាជីវិតក្នុងរបៀបរបបរបស់សាថាន ច្រើនមានលក្ខណៈអយុត្ដិធម៌ ក៏ដឹងថាយើងត្រូវខំប្រឹងទប់ចិត្តមិនឲ្យមនុស្សអាក្រក់ធ្វើឲ្យយើងខឹងឡើយ។ (ទំនុក. ៣៧:១-១១; សាស្ដ. ៨:១២, ១៣; ១២:១៣, ១៤) ក៏ប៉ុន្តែ ពេលណាយើងមានបញ្ហាជាមួយនឹងបងប្អូនរួមជំនឿណាម្នាក់ នោះអាចធ្វើឲ្យយើងពិបាកចិត្តខ្លាំងជាង។ សាក្សីព្រះយេហូវ៉ាម្នាក់ប្រាប់ថា៖ «ពេលដែលខ្ញុំកំពុងរៀនសេចក្ដីពិត បញ្ហាធំបំផុតរបស់ខ្ញុំគឺត្រូវទទួលស្គាល់ការពិតថារាស្ត្ររបស់ព្រះយេហូវ៉ាមិនមែនល្អឥតខ្ចោះទេ»។ យើងចេញពីពិភពលោកនេះដែលប្រាសចាកសេចក្ដីស្រឡាញ់ ហើយចូលក្នុងក្រុមជំនុំវិញ ដោយសង្ឃឹមថាបងប្អូនទាំងអស់នឹងប្រព្រឹត្តដោយសប្បុរសចំពោះគ្នាទៅវិញទៅមក។ ដូច្នេះ ប្រសិនបើគ្រិស្តសាសនិករួមជំនឿម្នាក់ ជាពិសេសអ្នកដែលមានឯកសិទ្ធិក្នុងក្រុមជំនុំ ប្រព្រឹត្តមកលើយើងដោយមិនគិតសោះ ឬធ្វើអ្វីដែលគ្រិស្តសាសនិកមិនគួរប្រព្រឹត្ត នោះអាចធ្វើឲ្យយើងខឹងឬពិបាកចិត្ត។ យើងប្រហែលជាឆ្ងល់ថា‹តើរឿងបែបនេះអាចកើតឡើងក្នុងចំណោមរាស្ត្រព្រះយេហូវ៉ាដូចម្ដេចបាន?›។ តាមពិត នៅសម័យពួកសាវ័ក រឿងបែបនោះក៏ធ្លាប់កើតឡើងក្នុងចំណោមគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែរ។ (កាឡ. ២:១១-១៤; ៥:១៥; យ៉ា. ៣:១៤, ១៥) តើយើងគួរប្រព្រឹត្តយ៉ាងណាពេលដែលមានគេប្រព្រឹត្តមកលើយើងដូច្នោះ?
១៣. ហេតុអ្វីយើងគួរព្យាយាមដោះស្រាយបញ្ហាជាមួយបងប្អូន? តើយើងគួរធ្វើដូច្នេះតាមរបៀបណា?
១៣ បងស្រីម្នាក់ប្រាប់ថា៖ «ពេលខ្ញុំអធិដ្ឋានឲ្យអ្នកណាដែលធ្វើឲ្យខ្ញុំពិបាកចិត្ត នោះតែងតែជួយខ្ញុំ»។ យើងបានអានហើយថា លោកយេស៊ូបានបង្រៀនយើងឲ្យអធិដ្ឋានដើម្បីអ្នកដែលបៀតបៀនយើង។ (ម៉ាថ. ៥:៤៤) បើដូច្នេះ យើងប្រាកដជាគួរអធិដ្ឋានឲ្យបងប្អូនរួមជំនឿរបស់យើងដែរ! ដូចឪពុកតែងចង់ឲ្យកូនស្រឡាញ់គ្នា នោះព្រះយេហូវ៉ាចង់ឲ្យអ្នកបម្រើរបស់លោកនៅផែនដីមានទំនាក់ទំនងល្អជាមួយគ្នា។ យើងទន្ទឹងរង់ចាំដោយចិត្តរំភើបនៅពេលដែលយើងអាចរស់នៅជាមួយគ្នាដោយសុខសាន្តមានសុភមង្គលជានិច្ច ហើយព្រះយេហូវ៉ាកំពុងបង្រៀនយើងឲ្យធ្វើដូច្នេះឥឡូវនេះ។ លោកចង់ឲ្យយើងជួយគ្នាទៅវិញទៅមកដើម្បីសម្រេចកិច្ចការដ៏សំខាន់របស់លោក។ ដូច្នេះ ចូរយើងដោះស្រាយបញ្ហា ឬគ្រាន់តែមិន«ប្រកាន់ទោស» ហើយបន្តជឿនទៅមុខជាមួយគ្នាដោយសាមគ្គីភាព។ (សូមអាន សុភាសិត ១៩:១១) ជាជាងដកខ្លួនចេញពីបងប្អូនពេលដែលមានបញ្ហាកើតឡើង យើងគួរជួយគ្នាទៅវិញទៅមកឲ្យនៅក្នុងចំណោមរាស្ត្ររបស់ព្រះហើយមានសុវត្ថិភាពក្នុងរង្វង់‹ព្រះពាហុដ៏នៅអស់កល្បជានិច្ច›របស់ព្រះយេហូវ៉ា។—ចោ. ៣៣:២៧
ការប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់នាំឲ្យមានលទ្ធផលល្អ
១៤. តើយើងអាចទប់ទល់ឥទ្ធិពលអាក្រក់របស់សាថានយ៉ាងដូចម្ដេច?
១៤ ដើម្បីរារាំងយើងមិនឲ្យផ្សព្វផ្សាយដំណឹងល្អនោះ សាថាននិងពួកវិញ្ញាណកំណាចកំពុងព្យាយាមឥតឈប់ឈរដើម្បីធ្វើឲ្យក្រុមជំនុំនិងក្រុមគ្រួសារដែលមានសុភមង្គល មិនស្រុះស្រួលគ្នា។ ពួកវាខំបង្កទំនាស់ ពីព្រោះវាចង់ឲ្យមានការបែកបាក់ផ្ទៃក្នុង។ (ម៉ាថ. ១២:២៥) ដើម្បីទប់ទល់នឹងឥទ្ធិពលអាក្រក់របស់ពួកវា យើងគួរធ្វើតាមដំបូន្មានរបស់ប៉ូលដែលថា៖ «ខ្ញុំបម្រើរបស់លោកម្ចាស់មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្តដោយសុភាពចំពោះមនុស្សទាំងអស់»។ (២ធី. ២:២៤) សូមចាំថាយើងមិនមែន«ប្រយុទ្ធនឹងសាច់ឈាមទេ តែប្រយុទ្ធនឹង . . . ពួកវិញ្ញាណទុច្ចរិត»។ ដើម្បីប្រយុទ្ធឈ្នះពួកវា យើងត្រូវតែប្រើគ្រឿងសឹកពីព្រះ ដែលរួមទាំង«មានចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្តទុកជាស្បែកជើង»។—អេភ. ៦:១២-១៨
១៥. តើយើងគួរប្រព្រឹត្តយ៉ាងណាពេលមានគេខាងក្រៅក្រុមជំនុំវាយប្រហារមកលើយើង?
១៥ ពីខាងក្រៅក្រុមជំនុំ សត្រូវរបស់ព្រះយេហូវ៉ាវាយប្រហារយ៉ាងសាហាវទៅលើរាស្ត្ររបស់លោកដែលស្រឡាញ់សន្ដិភាព។ សត្រូវខ្លះប្រើហិង្សាទៅលើសាក្សីព្រះយេហូវ៉ា។ អ្នកឯទៀតបង្កាច់បង្ខូចយើងតាមរយ:សារព័ត៌មានឬក្នុងតុលាការ។ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកទុកជាមុនថានឹងមានបញ្ហានេះ។ (ម៉ាថ. ៥:១១, ១២) តើយើងគួរប្រព្រឹត្តយ៉ាងណា? យើងមិនត្រូវ«តបស្នងការអាក្រក់ដល់អ្នកណាដែលធ្វើអាក្រក់»ឲ្យសោះ ទោះជាដោយសម្ដីឬការប្រព្រឹត្តក៏ដោយ។—រ៉ូម ១២:១៧; សូមអាន ពេត្រុសទី១ ៣:១៦
១៦, ១៧. តើក្រុមជំនុំមួយបានប្រឈមមុខនឹងបញ្ហាអ្វី?
១៦ ទោះជាមេកំណាចធ្វើអ្វីក៏ដោយមកលើយើង យើងនៅតែអាចធ្វើជាសាក្សីបញ្ជាក់យ៉ាងល្អប្រសើរបើយើង«ឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ»។ ជាឧទាហរណ៍ ក្រុមជំនុំមួយនៅកោះមួយនៅមហាសមុទ្រប៉ាស៊ីភិចបានជួលសាលដើម្បីធ្វើពិធីរំលឹក។ ពេលដែលពួកមេនិកាយគ្រិស្តសាសនានៅតំបន់នោះដឹងអំពីរឿងនេះ ពួកគេប្រាប់សមាជិកវិហាររបស់ពួកគេឲ្យទៅជួបជុំគ្នាធ្វើកម្មវិធីសាសនាក្នុងសាលនោះនៅម៉ោងដែលយើងត្រូវធ្វើពិធីរំលឹក។ ក៏ប៉ុន្តែមេប៉ូលិសបានបង្គាប់ពួកមេនិកាយថាត្រូវចេញពីសាលនោះឲ្យបានមុនដើម្បីទុកឲ្យសាក្សីព្រះយេហូវ៉ាប្រើ។ ទោះជាយ៉ាងនោះក៏ដោយ ពេលដល់ម៉ោងដែលពួកសាក្សីត្រូវជួបជុំគ្នា សាលនោះបានពេញទៅដោយសមាជិកវិហារនោះ ហើយពួកគេបានចាប់ផ្ដើមកម្មវិធី។
១៧ ពេលដែលប៉ូលិសកំពុងរៀបចំបណ្ដេញពួកគេចេញដោយប្រើកម្លាំងបាយ នោះប្រធានវិហារបានមកសួរអ្នកចាស់ទុំម្នាក់របស់យើងថា៖ «តើអ្នកមានកម្មវិធីពិសេសយប់នេះទេ?»។ បងប្រុសយើងប្រាប់អំពីពិធីរំលឹក រួចបុរសនោះនិយាយថា៖ «អូ៎! ខ្ញុំមិនបានដឹងទេ!»។ ឮដូច្នេះ ប៉ូលិសឧទានថា៖ «យើងបានប្រាប់អ្នកព្រឹកមិញហើយតើ!»។ បន្ទាប់មក ប្រធានវិហារនោះបែរមកសើចឌឺដងនិយាយប្រាប់អ្នកចាស់ទុំថា៖ «តើអ្នកនឹងធ្វើអ្វីឥឡូវ? សមាជិកយើងបានមកពេញសាល។ តើអ្នកនឹងឲ្យប៉ូលិសបណ្ដេញយើងចេញឬ?»។ បុរសនោះបានប្រើឧបាយកលដើម្បីឲ្យមើលទៅដូចជាសាក្សីព្រះយេហូវ៉ាជាអ្នកបៀតបៀនគេ! តើបងប្អូនរបស់យើងបានប្រព្រឹត្តយ៉ាងណា?
១៨. តើបងប្អូនប្រព្រឹត្តយ៉ាងណាពេលមានអ្នកបង្ករឿង? តើមានលទ្ធផលយ៉ាងណា?
១៨ សាក្សីព្រះយេហូវ៉ាប្រាប់ថាពួកគេអាចធ្វើកម្មវិធីសាសនាកន្លះម៉ោងបាន បន្ទាប់មកបងប្អូនយើងនឹងធ្វើពិធីរំលឹក។ កម្មវិធីនោះបានបន្តលើសម៉ោង ប៉ុន្តែក្រោយពីសមាជិកសាសនានោះបានចេញអស់ហើយ នោះបងប្អូនបានធ្វើពិធីរំលឹក។ ស្អែកឡើងរដ្ឋាភិបាលបានបង្កើតគណ:កម្មការស៊ើបអង្កេតមួយ។ លុះគណ:កម្មការពិចារណាហេតុការណ៍សព្វគ្រប់ហើយ ពួកគេតម្រូវឲ្យសាសនានោះប្រកាសថាប្រធានវិហារជាអ្នកបង្កើតបញ្ហា មិនមែនសាក្សីព្រះយេហូវ៉ាទេ។ គណ:កម្មការក៏បានអរគុណសាក្សីព្រះយេហូវ៉ាដោយសារពួកគេបានអត់ធ្មត់ពេលមានបញ្ហាពិបាកនោះ។ សាក្សីព្រះយេហូវ៉ាបានលទ្ធផលល្អដោយសារបាន«ធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់»។
១៩. តើអ្វីទៀតអាចជួយធ្វើឲ្យមានសន្ដិភាពជាមួយអ្នកឯទៀត?
១៩ ចំណុចសំខាន់មួយទៀតដែលជួយធ្វើឲ្យមានសន្ដិភាពជាមួយអ្នកឯទៀតគឺសម្ដីសប្បុរស។ អត្ថបទបន្ទាប់នឹងពន្យល់ថា សម្ដីសប្បុរសជាសម្ដីបែបណា ហើយនឹងបញ្ជាក់ពីរបៀបដែលយើងអាចទម្លាប់ខ្លួនប្រើសម្ដីសប្បុរស។
[កំណត់សម្គាល់]
a ពាក្យថា«គររងើកភ្លើង»សំដៅទៅវិធីដែលគេស្លដែកនៅសម័យបុរាណដោយកម្ដៅវាពីលើនិងពីក្រោមដើម្បីចម្រាញ់យកលោហធាតុ។ បើយើងប្រព្រឹត្តដោយសប្បុរសចំពោះមនុស្សដែលមិនសប្បុរស នោះអាចធ្វើឲ្យពួកគេផ្លាស់ប្ដូរចិត្តគំនិត ហើយបណ្ដាលឲ្យពួកគេបង្ហាញលក្ខណៈល្អវិញ។
តើអ្នកអាចពន្យល់បានឬទេ?
• សព្វថ្ងៃនេះ ហេតុអ្វីមនុស្សក្នុងពិភពលោកមានកំហឹងខ្លាំងម្ល៉េះ?
• តើគំរូអ្វីខ្លះក្នុងគម្ពីរដែលបង្ហាញនូវលទ្ធផលដែលមកពីការទប់ឬការមិនទប់កំហឹង?
• តើយើងគួរប្រព្រឹត្តយ៉ាងណា បើបងប្អូនរួមជំនឿធ្វើឲ្យយើងឈឺចាប់ក្នុងចិត្ត?
• តើយើងគួរប្រព្រឹត្តយ៉ាងណាពេលមានការវាយប្រហារដែលមកពីខាងក្រៅក្រុមជំនុំ?
[រូបភាពនៅទំព័រ១៨]
ស៊ីម្មាននិងលេវីបានត្រឡប់មកវិញ ក្រោយពីបានបញ្ចេញកំហឹង
[រូបភាពនៅទំព័រ២០]
ការបង្ហាញចិត្តសប្បុរស អាចធ្វើឲ្យអ្នកឯទៀតផ្លាស់ប្ដូរចិត្តគំនិត