តើអ្នកសុខចិត្តលះបង់អ្វីខ្លះ ដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់?
«តើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹង[ឬ«ជីវិត»]ខ្លួនវិញ?»។—ម៉ាថ. ១៦:២៦; ម៉ថ. ១៦:២៦, ខ.ស.
១. ហេតុអ្វីបានជាព្រះយេស៊ូបដិសេធនឹងការស្តីបន្ទោសរបស់ពេត្រុស?
សាវ័កពេត្រុសភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្វីដែលគាត់បានឮ។ អ្នកនាំមុខជាទីស្រឡាញ់របស់គាត់ ពោលគឺ ព្រះយេស៊ូគ្រិស្តបាននិយាយ«យ៉ាងច្បាស់លាស់»ថាបន្ដិចទៀតទ្រង់នឹងរងទុក្ខ ព្រមទាំងស្លាប់ផង! ដោយមានបំណងល្អចង់ជួយ នោះពេត្រុសបានស្តីបន្ទោសព្រះយេស៊ូថា៖ «ឱព្រះអម្ចាស់អើយ! សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ»។ ព្រះយេស៊ូបានបែរខ្នងពីពេត្រុសហើយមើលសិស្សឯទៀត។ ប្រហែលជាពួកគាត់ក៏មានទស្សនៈខុសដូចពេត្រុសដែរ។ បន្ទាប់មកទ្រង់បាននិយាយទៅកាន់ពេត្រុសថា៖ «សាតាំងអើយ! ចូរថយទៅក្រោយអញទៅ ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ!»។—ម៉ាក. ៨:៣២, ៣៣; ម៉ាថ. ១៦:២១-២៣
២. តើព្រះយេស៊ូពន្យល់អំពីតម្រូវការដើម្បីធ្វើជាសិស្សពិតយ៉ាងដូចម្ដេច?
២ ពាក្យរបស់ព្រះយេស៊ូជាបន្តបន្ទាប់ប្រហែលបានជួយពេត្រុសឲ្យយល់ពីមូលហេតុដែលទ្រង់ប្រឆាំងយ៉ាងខ្លាំងនឹងការស្តីបន្ទោសរបស់គាត់។ ព្រះយេស៊ូ«បានហៅហ្វូងមនុស្សនឹងពួកសិស្សមក» ហើយមានប្រសាសន៍ថា៖ «អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល[ឬ«ប្រគល់ខ្លួនឲ្យព្រះ»] ទាំងផ្ទុក[«បង្គោលទារុណកម្ម»]ខ្លួន មកតាមខ្ញុំចុះ! ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ នោះនឹងបានជីវិតវិញ»។ (ម៉ាក. ៨:៣៤, ៣៥; ព.ថ.) យ៉ាងច្បាស់ណាស់ ទ្រង់មិនគ្រាន់តែហៀបនឹងបូជាជីវិតរបស់ខ្លួនប៉ុណ្ណោះទេ តែក៏តម្រូវឲ្យអ្នកកាន់តាមទ្រង់ត្រៀមខ្លួនទុកជាមុនដើម្បីពលីជីវិតក្នុងកិច្ចបម្រើព្រះ។ បើធ្វើដូច្នេះ នោះពួកគាត់នឹងទទួលរង្វាន់ដ៏មានតម្លៃណាស់។—សូមអាន ម៉ាថាយ ១៦:២៧
៣. (ក) តើព្រះយេស៊ូបានសួរអ្នកស្ដាប់សំណួរអ្វីខ្លះ? (ខ) ចំពោះសំណួរទី២ តើសំណួរនេះប្រហែលជារំលឹកអ្នកស្ដាប់អំពីអ្វី?
៣ នៅពេលដដែលនោះ ព្រះយេស៊ូបានសួរសំណួរពីរដែលគួរឲ្យចាប់អារម្មណ៍មែន ពោលគឺ៖ «បើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹង[ឬ«ជីវិត»]ទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ?»។ ហើយ«តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹង[ឬ«ជីវិត»]ខ្លួនវិញ?»។ (ម៉ាក. ៨:៣៦, ៣៧; មក. ៨:៣៦, ៣៧, ខ.ស.) ចម្លើយចំពោះសំណួរទី១គឺជាក់ស្តែងហើយបើគិតតាមទស្សនៈរបស់មនុស្ស។ ពិតជាគ្មានប្រយោជន៍ទេ បើបុគ្គលម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិតខ្លួន។ លុះណាតែយើងមានជីវិតរស់នៅ ទើបភោគទ្រព្យមានប្រយោជន៍ចំពោះយើង។ សំណួរទី២របស់ព្រះយេស៊ូគឺថា៖ «តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹង[«ជីវិត»]ខ្លួនវិញ?»។ ប្រហែលជានេះរំលឹកអ្នកស្ដាប់អំពីចំណោទរបស់សាតាំងនាសម័យលោកយ៉ូបដែលថា៖ «មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។ (យ៉ូប ២:៤) ពាក្យរបស់សាតាំងប្រហែលជាសមត្រឹមត្រូវចំពោះអ្នកខ្លះដែលមិនថ្វាយបង្គំព្រះយេហូវ៉ា។ មនុស្សភាគច្រើននឹងធ្វើអ្វីក៏ដោយ បំពានគោលការណ៍ណាក៏ដោយឲ្យតែបានរួចរស់ជីវិត។ ប៉ុន្តែ យើងជាគ្រិស្តសាសនិកមានទស្សនៈខុសពីនេះ។
៤. ហេតុអ្វីបានជាសំណួររបស់ព្រះយេស៊ូមានខ្លឹមសារជ្រៅជាងសម្រាប់ពួកគ្រិស្តសាសនិក?
៤ យើងដឹងថាព្រះយេស៊ូមិនយាងមកផែនដីដើម្បីផ្ដល់ឲ្យយើងមានសុខភាព ភោគទ្រព្យ និងជីវិតយឺនយូរក្នុងពិភពលោកនេះឡើយ។ ទ្រង់បានយាងមកដើម្បីបើកឱកាសឲ្យមនុស្សរស់នៅជារៀងរហូតក្នុងពិភពលោកថ្មី ហើយសេចក្ដីសង្ឃឹមឲ្យមានជីវិតដែលគ្មានទីបញ្ចប់ជាអ្វីដែលយើងចាត់ទុកជាមានតម្លៃ។ (យ៉ូន. ៣:១៦) ចំពោះសំណួរទី១របស់ព្រះយេស៊ូ ពួកគ្រិស្តសាសនិកច្បាស់ជាយល់ថា ‹បើមនុស្សណានឹងបានពិភពលោកទាំងមូល តែបាត់បង់សេចក្ដីសង្ឃឹមដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ?›។ ចម្លើយគឺថា គ្មានប្រយោជន៍ឡើយ។ (១យ៉ូន. ២:១៥-១៧) ដើម្បីជួយយើងឲ្យឆ្លើយសំណួរទី២របស់ព្រះយេស៊ូ យកល្អយើងគួរសួរខ្លួនឯងថា ‹តើខ្ញុំសុខចិត្តលះបង់អ្វីខ្លះដើម្បីឲ្យប្រាកដថានឹងបានជីវិតក្នុងពិភពលោកថ្មី?›។ ចម្លើយចំពោះសំណួរនេះអាចឃើញក្នុងគន្លងជីវិតយើង ហើយចម្លើយនោះបង្ហាញថាសេចក្ដីសង្ឃឹមដែលមានក្នុងចិត្តយើងគឺរឹងមាំប៉ុណ្ណា។—សូមពិនិត្យបន្ថែម យ៉ូហាន ១២:២៥
៥. តើយើងអាចទទួលអំណោយជាជីវិតដែលគ្មានទីបញ្ចប់យ៉ាងដូចម្ដេច?
៥ ព្រះយេស៊ូមិនចង់មានប្រសាសន៍ថា ជីវិតដែលគ្មានទីបញ្ចប់ជាអ្វីដែលយើងសមនឹងទទួលទេ។ សូម្បីតែជីវិតដ៏ខ្លីនៅក្នុងរបៀបរបបពិភពលោកនេះក្ដី ក៏ជាអំណោយពីព្រះដែរ។ យើងមិនអាចទិញបានឬធ្វើអ្វីដើម្បីគួរនឹងទទួលឡើយ។ វិធីតែមួយគត់ដែលយើងអាចទទួលជីវិតដែលគ្មានទីបញ្ចប់ជាអំណោយ គឺឲ្យយើង«ជឿដល់ព្រះគ្រីស្ទយេស៊ូវ» និងព្រះយេហូវ៉ាជាអ្នកដែល«ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (កា. ២:១៦; ហេ. ១១:៦) យ៉ាងណាក្ដី យើងត្រូវបង្ហាញជំនឿរបស់យើងដោយការប្រព្រឹត្ត ពីព្រោះ«សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ»។ (យ៉ា. ២:២៦) អាស្រ័យហេតុនេះ ពេលរំពឹងគិតថែមទៅទៀតអំពីសំណួររបស់ព្រះយេស៊ូ យកល្អឲ្យយើងគិតយ៉ាងហ្មត់ចត់ថាយើងសុខចិត្តលះបង់អ្វីខ្លះក្នុងរបៀបរបបពិភពលោកនេះ ហើយថាយើងសុខចិត្តធ្វើអ្វីខ្លះក្នុងកិច្ចបម្រើព្រះយេហូវ៉ាដើម្បីបង្ហាញថាជំនឿរបស់យើងពិតជារស់មិនមែនស្លាប់ទេ។
‹ព្រះគ្រីស្ទមិនបានបំពេញព្រះហឬទ័យទ្រង់›ឡើយ
៦. តើអ្វីជាអាទិភាពក្នុងជីវិតរបស់ព្រះយេស៊ូ?
៦ ព្រះយេស៊ូមិនបានផ្ដោតអារម្មណ៍ទៅលើអ្វីដែលមានក្នុងពិភពលោកនៅសម័យនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់ជាង ព្រមទាំងមិនបណ្ដោយខ្លួនទៅតាមការទាក់ទាញចិត្តឲ្យប្រមូលទ្រព្យសម្បត្ដិ។ ទ្រង់បានរស់នៅដោយស្ដាប់បង្គាប់ព្រះ និងដោយលះបង់ប្រយោជន៍ខ្លួន។ ជាជាងបំពេញព្រះហឬទ័យឬចិត្តរបស់ខ្លួន នោះទ្រង់មានប្រសាសន៍ថា៖ «ខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យ[ព្រះ]ជាដរាប»។ (យ៉ូន. ៨:២៩) តើព្រះយេស៊ូសុខចិត្តលះបង់អ្វីខ្លះដើម្បីធ្វើឲ្យព្រះពេញចិត្ត?
៧, ៨. (ក) តើព្រះយេស៊ូលះបង់ប្រយោជន៍អ្វី? តើទ្រង់ទទួលរង្វាន់ណាខ្លះ? (ខ) តើគប្បីឲ្យយើងសួរខ្លួនឯងសំណួរអ្វីខ្លះ?
៧ នៅពេលមួយ ព្រះយេស៊ូបាននិយាយទៅកាន់សិស្សរបស់ទ្រង់ថា៖ «កូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថ. ២០:២៨) មុននេះបន្ដិច ពេលព្រះយេស៊ូចាប់ផ្ដើមព្រមានអ្នកកាន់តាមទ្រង់ថាបន្ដិចទៀតទ្រង់នឹង«ឲ្យជីវិតខ្លួន» នោះពេត្រុសបានដាស់តឿនទ្រង់ឲ្យប្រណីឬអាណិតខ្លួនផង។ យ៉ាងណាក៏ដោយ ព្រះយេស៊ូកាន់ជំហរមាំមួន។ ទ្រង់ស្ម័គ្រចិត្តលះបង់ជីវិតខ្លួន ជាជីវិតដ៏ល្អឥតខ្ចោះ ដើម្បីប្រយោជន៍មនុស្សជាតិ។ ដោយសារព្រះយេស៊ូមានគន្លងជីវិតដែលមិនរកប្រយោជន៍ខ្លួនឯង នោះទ្រង់មានអនាគតល្អ។ ទ្រង់បានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយ«បានត្រូវតម្កើងឲ្យនៅខាងស្ដាំព្រះ»។ (កិច្ច. ២:៣២, ៣៣, ព.ថ.) យ៉ាងនេះ ទ្រង់ក្លាយជាគំរូដ៏ល្អអស្ចារ្យឲ្យយើង។
៨ សាវ័កប៉ុលបានទូន្មានពួកគ្រិស្តសាសនិកក្នុងទីក្រុងរ៉ូមកុំឲ្យ‹បំពេញចិត្តខ្លួនឯងឡើយ› ហើយរំលឹកពួកគាត់ថា «ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ»។ (រ៉ូម ១៥:១-៣) បើដូច្នេះ តើយើងសុខចិត្តលះបង់ប្រយោជន៍ច្រើនប៉ុណ្ណាដើម្បីធ្វើតាមគំរូរបស់ព្រះគ្រិស្ត សមស្របតាមដំបូន្មានរបស់សាវ័កប៉ុល?
ព្រះយេហូវ៉ាចង់ឲ្យយើងបម្រើទ្រង់អស់ពីសមត្ថភាព
៩. ពេលគ្រិស្តសាសនិកម្នាក់ថ្វាយខ្លួនចំពោះព្រះ តាមពិតគាត់សម្រេចចិត្តធ្វើអ្វី?
៩ នៅស្រុកអ៊ីស្រាអែលនាសម័យបុរាណ ក្រឹត្យវិន័យលោកម៉ូសេបញ្ជាក់ថានៅឆ្នាំទី៧ឬឆ្នាំសោមនស្ស នោះម្ចាស់ត្រូវតែដោះលែងបាវឬខ្ញុំកញ្ជះដែលជាជនជាតិហេព្រើរ។ ក៏ប៉ុន្តែ អ្នកបម្រើមានជម្រើសមួយទៀត។ បើអ្នកបម្រើនោះស្រឡាញ់ម្ចាស់របស់ខ្លួន គាត់អាចសម្រេចចិត្តបម្រើម្ចាស់អស់មួយជីវិត។ (សូមអាន ចោទិយកថា ១៥:១២, ១៦, ១៧) យើងក៏សម្រេចចិត្តស្រដៀងនឹងនេះដែរ ពេលយើងថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។ យើងស្ម័គ្រចិត្តធ្វើតាមឆន្ទៈរបស់ព្រះ មិនមែនធ្វើតាមទំនោរចិត្តរបស់យើងឡើយ។ ដោយធ្វើដូច្នេះ យើងបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ា និងបង្ហាញថាយើងមានចិត្តចង់បម្រើទ្រង់ជារៀងរហូត។
១០. តើយើងជារបស់ផងព្រះតាមរបៀបណា? តើនេះគួរមានអានុភាពលើចិត្តគំនិត និងការប្រព្រឹត្តរបស់យើងយ៉ាងដូចម្ដេច?
១០ ប្រសិនបើអ្នកកំពុងតែសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា ចូលរួមក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំដែរ នោះអ្នកសមនឹងទទួលការសរសើរមែន។ យើងសង្ឃឹមថា នៅពេលឆាប់ៗខាងមុខនេះ អ្នកនឹងមានចិត្តចង់ថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ហើយសួរសំណួរដូចបុរសជនជាតិអេចូពីធ្លាប់សួរលោកភីលីពថា៖ «តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន?»។ (កិច្ច. ៨:៣៥, ៣៦) ក្រោយមក ចំណងមេត្រីភាពរបស់អ្នកជាមួយព្រះយេហូវ៉ា នឹងទៅដូចជាគ្រិស្តសាសនិកដែលប៉ុលបានសរសេរអំពីពួកគាត់ថា៖ «អ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ»។ (១កូ. ៦:១៩, ២០) មិនថាយើងមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ឬរស់នៅផែនដីក៏ដោយ បើយើងបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា នោះទ្រង់ជាម្ចាស់របស់យើង។ ដូច្នេះ ពិតជាសំខាន់ណាស់! ឲ្យយើងទប់ចិត្តកុំឲ្យគិតតែពីប្រយោជន៍ខ្លួន ហើយ«កុំឲ្យត្រឡប់ជាបាវបំរើរបស់មនុស្សទៀតឡើយ»។ (១កូ. ៧:២៣) ការធ្វើជាអ្នកបម្រើស្មោះភក្ដីដែលព្រះយេហូវ៉ាប្រើតាមចិត្តទ្រង់ នោះពិតជាឯកសិទ្ធល្អណាស់!
១១. តើពួកគ្រិស្តសាសនិកត្រូវបានលើកទឹកចិត្តឲ្យផ្ដល់យញ្ញបូជាបែបណា? ដូចបានឃើញពីយញ្ញបូជាក្រោមក្រឹត្យវិន័យលោកម៉ូសេ តើនេះពិតជាមានន័យយ៉ាងណា?
១១ ប៉ុលបានដាស់តឿនបងប្អូនរួមជំនឿថា៖ «ថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នាដែលមានទំនង»។ (រ៉ូម ១២:១) ពាក្យរបស់ប៉ុលទំនងជារំលឹកពួកគ្រិស្តសាសនិកដែលជាសាសន៍យូដា អំពីយញ្ញបូជាដែលជាផ្នែកមួយក្នុងការថ្វាយបង្គំរបស់ខ្លួន មុនក្លាយជាអ្នកកាន់តាមព្រះយេស៊ូ។ បងប្អូននោះពិតជាដឹងថា ក្រឹត្យវិន័យលោកម៉ូសេបង្គាប់ឲ្យសត្វដែលត្រូវថ្វាយលើអាសនៈព្រះយេហូវ៉ា ត្រូវតែជាសត្វដ៏ល្អបំផុត។ ទ្រង់មិនព្រមទទួលសត្វខ្ញើចនិងសត្វឈឺទេ។ (ម៉ាឡ. ១:៨, ១៣) ពេលយើងថ្វាយរូបកាយយើង«ជាយញ្ញបូជារស់»ក៏ដូចគ្នាដែរ។ យើងបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព មិនមែនបំពេញចិត្តខ្លួនឯងមុន ហើយផ្ដល់អ្វីដែលសេសសល់ទេ។ កាលណាយើងថ្វាយខ្លួនចំពោះព្រះ យើងផ្ដល់«ជីវិត»យើងទាំងស្រុង រួមទាំងកម្លាំង ទ្រព្យ និងសមត្ថភាពរបស់យើងផង។ (កូល. ៣:២៣) តើយើងអាចបម្រើព្រះអស់ពីសមត្ថភាពយ៉ាងដូចម្ដេច?
ចូរប្រើពេលវេលាដោយប្រាជ្ញាចុះ!
១២, ១៣. តើអ្វីជាវិធីមួយដែលយើងអាចបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព?
១២ វិធីមួយដើម្បីបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពគឺដោយប្រើពេលវេលាដោយប្រាជ្ញា។ (សូមអាន អេភេសូរ ៥:១៥, ១៦) ដើម្បីប្រើពេលវេលាដោយប្រាជ្ញា នោះយើងត្រូវតែចេះទប់ចិត្ត។ ឥទ្ធិពលអាក្រក់ពីពិភពលោក ព្រមទាំងភាពខុសឆ្គងដែលឆ្លងមកពីអ័ដាម នោះនាំឲ្យយើងទោរទន់ទៅរកការប្រើពេលវេលាដើម្បីឲ្យខ្លួនសប្បាយរីករាយ ឬដើម្បីប្រយោជន៍ខ្លួនតែប៉ុណ្ណោះ។ ពិតជា«មានពេលសំរាប់គ្រប់ទាំងអស់» ហើយនេះរួមទាំងពេលវេលាសម្រាប់លម្ហើយចិត្តលម្ហែកាយ និងសម្រាប់ធ្វើការងារចិញ្ចឹមគ្រួសារដើម្បីបំពេញភារកិច្ចរបស់យើងជាគ្រិស្តសាសនិកបាន។ (សាស. ៣:១) យ៉ាងណាក៏ដោយ គ្រិស្តសាសនិកដែលបានថ្វាយខ្លួនត្រូវតែចេះគិតថ្លឹងថ្លែង ហើយប្រើពេលវេលាដោយប្រាជ្ញា។
១៣ ពេលប៉ុលបានទៅទីក្រុងអាថែន នោះគាត់បានឃើញថា «ពួកអ្នកនៅក្រុងអាថែន នឹងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន គេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេ គេគិតតែពីប្រាប់ឬស្ដាប់សេចក្ដីថ្មីប៉ុណ្ណោះ»។ (កិច្ច. ១៧:២១) ស្រដៀងគ្នាដែរ បច្ចុប្បន្ននេះមនុស្សជាច្រើនបង្ខាតពេលដោយធ្វើអ្វីដែលឥតប្រយោជន៍។ សព្វថ្ងៃនេះ អ្វីៗដែលបំបែរអារម្មណ៍យើងគឺការមើលទូរទស្សន៍ លេងហ្គេមវីដេអូ និងការប្រើប្រព័ន្ធអ៊ីនធឺណិតជាដើម។ មានអ្វីៗកាន់តែច្រើនឡើងដែលអាចបំបែរអារម្មណ៍យើង ព្រមទាំងនាំឲ្យយើងខាតពេល។ បើយើងចុះចាញ់នឹងអ្វីដែលបំបែរអារម្មណ៍យើង នោះប្រហែលជាយើងអាក់ខានក្រេបជញ្ជក់យកចំណេះអំពីព្រះយេហូវ៉ា។ យើងទំនងជាគិតថាខ្លួនជាប់រវល់ពេក រហូតដល់មិនអាចធ្វើអ្វី«ដែលប្រសើរ»ជាង ពោលគឺអ្វីដែលទាក់ទងនឹងកិច្ចបម្រើព្រះយេហូវ៉ា។—ភី. ១:៩, ១០
១៤. តើយើងគួរគិតពិចារណាអំពីសំណួរណាខ្លះ?
១៤ ដូច្នេះ ជាអ្នកបម្រើព្រះយេហូវ៉ាដែលបានថ្វាយខ្លួនហើយ សូមសួរខ្លួនឯងថា ‹តើកាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំរួមបញ្ចូលពេលសម្រាប់អានគម្ពីរ ការរំពឹងគិត និងការអធិដ្ឋានឬទេ?›។ (ទំនុក. ៧៧:១២; ១១៩:៩៧; ១ថែ. ៥:១៧) ‹តើខ្ញុំទុកពេលដើម្បីរៀបចំសម្រាប់កិច្ចប្រជុំក្រុមជំនុំទេ? ក្នុងអំឡុងកិច្ចប្រជុំ តើខ្ញុំលើកទឹកចិត្តអ្នកឯទៀតដោយលើកដៃឆ្លើយទេ?›។ (ទំនុក. ១២២:១; ហេ. ២:១២) បណ្ដាំរបស់ព្រះចែងថាប៉ុលនិងបាណាបាសចំណាយពេល‹ជាយូរថ្ងៃដើម្បីអធិប្បាយយ៉ាងក្លៀវក្លាដោយនូវព្រះអម្ចាស់›។ (កិច្ច. ១៤:៣) តើអ្នកអាចកែប្រែកាលៈទេសៈដើម្បីចំណាយពេល«ជាយូរ» ឬច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយទេ? ហើយតើអ្នកអាចធ្វើជាអ្នកត្រួសត្រាយបានទេ?—សូមអាន ហេព្រើរ ១៣:១៥
១៥. តើពួកអ្នកចាស់ទុំប្រើពេលវេលារបស់ខ្លួនដោយប្រាជ្ញាយ៉ាងដូចម្ដេច?
១៥ ពេលសាវ័កប៉ុលនិងបាណាបាសទៅក្រុមជំនុំនៅទីក្រុងអាន់ទីយ៉ូក ពួកគាត់បាន«នៅទីនោះជាមួយនឹងពួកសិស្សជាយូរក្រែល»ដើម្បីលើកទឹកចិត្តបងប្អូនក្នុងក្រុមជំនុំ។ (កិច្ច. ១៤:២៨) សព្វថ្ងៃនេះ ពួកអ្នកចាស់ទុំដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ក៏ប្រើពេលវេលាជាច្រើនដើម្បីពង្រឹងបងប្អូនឯទៀតដែរ។ ក្រៅពីកិច្ចបម្រើផ្សាយរបស់ខ្លួន ពួកអ្នកចាស់ទុំព្យាយាមឃ្វាលហ្វូងចៀម ស្វែងរកចៀមដែលវង្វេងចេញ ជួយអ្នកដែលឈឺ និងបំពេញភារកិច្ចផ្សេងទៀតនៅក្នុងក្រុមជំនុំ។ បើអ្នកជាបងប្រុសដែលបានទទួលការជ្រមុជទឹកហើយ តើកាលៈទេសៈរបស់អ្នកអនុញ្ញាតឲ្យអ្នកខំប្រឹងបណ្ដុះឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចបន្ថែមទាំងនេះទេ?
១៦. តើយើងអាចចូលរួមក្នុងការ«ធ្វើល្អដល់ . . . ពួកអ្នកជឿជាដើម» តាមរបៀបណាខ្លះ?
១៦ បងប្អូនជាច្រើនទទួលអំណរក្នុងការជួយផ្ដល់ការសម្រាលទុក្ខដល់អស់អ្នកដែលបានរងទុក្ខការបាត់បង់ដោយសារមហន្តរាយដែលបង្កដោយមនុស្សឬធម្មជាតិ។ ជាឧទាហរណ៍ បងស្រីម្នាក់មានអាយុប្រហែលជា៦៥ឆ្នាំ ហើយបម្រើនៅឯបេតអែល គាត់ស្ម័គ្រចិត្តធ្វើដំណើរយ៉ាងឆ្ងាយអស់ពីរបីដងដើម្បីទៅជួយបងប្អូនដែលរងទុក្ខ។ គាត់បានយកពេលវិស្សមកាលរបស់ខ្លួនទៅជួយបងប្អូនឯទៀត។ ហេតុអ្វីគាត់សុខចិត្តធ្វើដូច្នេះ? គាត់និយាយថា៖ «ទោះបីខ្ញុំមិនមានជំនាញពិសេសណាមួយក្ដី ខ្ញុំមានកិត្ដិយសក្នុងការផ្ដល់ជំនួយនោះ។ ខ្ញុំបានទទួលការលើកទឹកចិត្តយ៉ាងលើសលប់ ដោយឃើញជំនឿដ៏រឹងមាំរបស់បងប្អូនប្រុសស្រីដែលបានបាត់បង់សម្ភារៈជាច្រើន»។ ម្យ៉ាងទៀត នៅទូទាំងពិភពលោក បងប្អូនរាប់ពាន់នាក់ជួយសាងសង់សាលប្រជុំនិងសាលសន្និបាត។ ដូច្នេះ ដោយចូលរួមក្នុងកិច្ចការទាំងនោះ យើងមិនរកតែប្រយោជន៍ខ្លួនទេ តែ«ធ្វើល្អដល់ . . . ពួកអ្នកជឿជាដើម»។—កា. ៦:១០
«ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ»
១៧. ចំពោះអ្នកផ្ទាល់ តើអ្នកនឹងសុខចិត្តយកអ្វីមកប្ដូរដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់?
១៧ សង្គមមនុស្សដែលឃ្លាតចេញពីព្រះជិតកន្លងផុតទៅហើយ។ យើងមិនដឹងថានេះនឹងកើតឡើងនៅពេលណាឡើយ។ យ៉ាងណាក៏ដោយ យើងដឹងថា «ពេលវេលាចង្អៀតណាស់» ហើយ«គំរូនៃលោកីយនេះតែងតែផ្លាស់ទៅ»។ (សូមអាន កូរិនថូសទី១ ៧:២៩-៣១) ដោយដឹងថាពេលវេលាចង្អៀតណាស់ឬសល់តែបន្ដិចទេ នោះបានបង្កើននូវសារៈសំខាន់នៃសំណួររបស់ព្រះយេស៊ូដែលថា៖ ‹តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានជីវិតខ្លួនវិញ?›។ យើងពិតជានឹងលះបង់អ្វីៗក៏ដោយដែលព្រះយេហូវ៉ាតម្រូវដើម្បីទទួលជីវិតដ៏ពិតប្រាកដឬ«ជីវិតអស់កល្បជានិច្ច»។ (១ធី. ៦:១៩) ប្រាកដហើយ ជាសំខាន់ចាំបាច់ឲ្យយើងយកចិត្តទុកដាក់នឹងការដាស់តឿនរបស់ព្រះយេស៊ូដែលឲ្យយើង‹មកតាមទ្រង់›ជាដរាប ហើយ‹ស្វែងរកនគរព្រះជាមុនសិន›។—ម៉ាថ. ៦:៣១-៣៣; ២៤:១៣
១៨. តើយើងអាចមានទំនុកចិត្តទៅលើអ្វី? ហេតុអ្វី?
១៨ ការធ្វើតាមព្រះយេស៊ូមិនតែងតែងាយទេ ហើយស្របទៅតាមសេចក្ដីព្រមានរបស់ព្រះយេស៊ូ ការធ្វើតាមទ្រង់នាំឲ្យបងប្អូនខ្លះបាត់បង់ជីវិតនៅក្នុងរបៀបរបបពិភពលោកនេះ។ យ៉ាងណាក្ដី យើងជៀសចេញពីចិត្តគំនិតដែលចង់តែ«ប្រណី»ឬក៏អាណិតខ្លួន។ យើងមានជំនឿទៅលើការធានាដែលព្រះយេស៊ូផ្ដល់ឲ្យអ្នកកាន់តាមទ្រង់ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ នៅសតវត្សរ៍ទី១ថា៖ «ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។ (ម៉ាថ. ២៨:២០) ដូច្នេះ សូមឲ្យយើងប្រើពេលវេលានិងសមត្ថភាពរបស់យើងឲ្យបានច្រើនបំផុតក្នុងកិច្ចបម្រើបរិសុទ្ធ។ ពេលធ្វើដូច្នេះ នោះយើងបង្ហាញទំនុកចិត្តថា ព្រះយេហូវ៉ានឹងការពារយើងក្នុងអំឡុងគ្រាវេទនាយ៉ាងធំ ឬប្រោសឲ្យយើងរស់ឡើងវិញក្នុងពិភពលោកថ្មី។ (ហេ. ៦:១០) យ៉ាងនេះបង្ហាញថាយើងពិតជាចាត់ទុកជីវិតជាអំណោយដែលមានតម្លៃណាស់។
តើអ្នកឆ្លើយយ៉ាងណា?
• តើព្រះយេស៊ូបានបង្ហាញថាទ្រង់ស្ម័គ្រចិត្តបម្រើព្រះនិងមនុស្សយ៉ាងដូចម្ដេច?
• ហេតុអ្វីយើងត្រូវលះកាត់ចិត្តខ្លួនឬប្រគល់ខ្លួនឲ្យព្រះ? តើធ្វើដូច្នេះយ៉ាងដូចម្ដេច?
• នៅសម័យអ៊ីស្រាអែលពីបុរាណ តើមានតែយញ្ញបូជាបែបណាដែលព្រះយេហូវ៉ាព្រមទទួល? តើនេះផ្ដល់មេរៀនអ្វីសម្រាប់យើងសព្វថ្ងៃនេះ?
• តើយើងអាចប្រើពេលវេលាដោយប្រាជ្ញាតាមរបៀបណាខ្លះ?
[រូបភាពនៅទំព័រ២៦]
ព្រះយេស៊ូតែងតែធ្វើអ្វីដែលព្រះពេញចិត្ត
[រូបភាពនៅទំព័រ២៨]
បណ្ដាជនអ៊ីស្រាអែលដែលមានចិត្តកតញ្ញូបានផ្ដល់អ្វីដ៏ល្អបំផុតដើម្បីគាំទ្រការថ្វាយបង្គំពិត
[រូបភាពនៅទំព័រ២៩]
ព្រះពេញចិត្ត ពេលយើងប្រើពេលវេលាដោយប្រាជ្ញា