ការទាក់ទាញចិត្តរបស់ញាតិសន្ដានដែលមិនជឿ
លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ញាតិសន្ដានរបស់អ្នកអំពីអ្វីៗដែលព្រះយេហូវ៉ាបានធ្វើដើម្បីអ្នក និងអំពីរបៀបដែលលោកបានមេត្ដាចំពោះអ្នក»។ នៅពេលនោះ លោកយេស៊ូទំនងជានៅតំបន់ហ្គាដារ៉ា ដែលនៅខាងត្បូងឆៀងខាងកើតសមុទ្រកាលីឡេ កំពុងនិយាយទៅបុរសម្នាក់ដែលចង់ក្លាយទៅជាអ្នកកាន់តាមលោក។ ពាក្យរបស់លោកយេស៊ូបង្ហាញថាលោកបានយល់លក្ខណៈសំខាន់របស់មនុស្ស ពោលគឺសេចក្ដីប្រាថ្នាប្រាប់រឿងដែលគួរឲ្យចាប់អារម្មណ៍និងរឿងដែលសំខាន់ដល់ញាតិសន្ដាន។—ម៉ាក. ៥:១៩
យើងក៏ច្រើនតែឃើញលក្ខណៈនេះនៅសព្វថ្ងៃនេះដែរ ទោះជាក្នុងវប្បធម៌ខ្លះ លក្ខណៈនោះគឺច្បាស់ជាងក្នុងវប្បធម៌ឯទៀតក៏ដោយ។ ហេតុនេះ កាលណាបុគ្គលម្នាក់ក្លាយទៅជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែលជាព្រះពិត ជាធម្មតាគាត់ចង់ប្រាប់ជំនឿថ្មីរបស់គាត់ដល់ញាតិសន្ដាន។ ប៉ុន្តែ តើគាត់គួរប្រាប់ជំនឿនោះយ៉ាងដូចម្ដេច? តើតាមរបៀបណាគាត់អាចទាក់ទាញចិត្តញាតិសន្ដានដែលមានជំនឿសាសនាផ្សេង ឬមិនមានជំនឿទាល់តែសោះ? គម្ពីរផ្ដល់ឱវាទដ៏ល្អ ហើយបញ្ជាក់អំពីការពិត។
«យើងរកឃើញមេស្ស៊ីហើយ»
នៅសតវត្សរ៍ទី១ អនទ្រេគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងដែលបានដឹងថាលោកយេស៊ូជាមេស្ស៊ី។ តើភ្លាមនោះគាត់បានប្រាប់អ្នកណាអំពីអ្វីដែលគាត់រកឃើញ? «មុនបង្អស់ គាត់[អនទ្រេ]ទៅរកស៊ីម៉ូន ជាបងប្រុសរបស់គាត់ លុះឃើញហើយក៏ប្រាប់ថា៖ ‹យើងរកឃើញមេស្ស៊ីហើយ› (ដែលមានន័យថា គ្រិស្ត)»។ អនទ្រេបាននាំពេត្រុសទៅលោកយេស៊ូ។ ដោយធ្វើដូច្នោះ គាត់ផ្ដល់ឱកាសឲ្យពេត្រុសក្លាយទៅជាអ្នកកាន់តាមម្នាក់របស់លោកយេស៊ូ។—យ៉ូន. ១:៣៥-៤២
ប្រហែលជា៦ឆ្នាំក្រោយមក ពេលពេត្រុសស្នាក់នៅក្រុងយ៉ុបប៉ា គាត់បានត្រូវអញ្ជើញឲ្យធ្វើដំណើរទៅទិសខាងជើងរហូតដល់ក្រុងសេសារៀដើម្បីទៅលេងផ្ទះកូនេលាស ដែលជានាយទាហានម្នាក់។ តើពេត្រុសបានឃើញអ្នកណាខ្លះដែលបានមកជុំគ្នានៅផ្ទះនោះ? «កូនេលាសកំពុងរង់ចាំ[ពេត្រុសនិងពួកអ្នកដែលធ្វើដំណើរជាមួយនឹងគាត់] ហើយបានហៅញាតិសន្ដាននិងមិត្តជិតស្និទ្ធរបស់គាត់ឲ្យមកជុំគ្នា»។ ដូច្នេះ កូនេលាសបានផ្ដល់ឱកាសឲ្យញាតិសន្ដានរបស់គាត់ឮពេត្រុសនិយាយ ហើយធ្វើការសម្រេចចិត្តដែលផ្អែកលើអ្វីដែលពួកគេបានឮ។—សកម្ម. ១០:២២-៣៣
តើយើងអាចទាញមេរៀនអ្វីពីរបៀបដែលអនទ្រេនិងកូនេលាសបានប្រព្រឹត្តចំពោះញាតិសន្ដានរបស់ពួកគាត់?
ទាំងអនទ្រេទាំងកូនេលាសបានចាត់វិធានការ។ អនទ្រេបានណែនាំដោយផ្ទាល់ឲ្យលោកយេស៊ូស្គាល់ពេត្រុស ហើយកូនេលាសបានរៀបចំឲ្យញាតិសន្ដានគាត់ឮអ្វីដែលពេត្រុសត្រូវនិយាយ។ ប៉ុន្តែ អនទ្រេនិងកូនេលាសមិនបានបង្ខំ ឬព្យាយាមប្រើមធ្យោបាយផ្សេងៗដោយមិនឲ្យពួកគេដឹង ដើម្បីឲ្យពួកគេក្លាយទៅជាអ្នកកាន់តាមគ្រិស្តឡើយ។ តើអ្នកអាចទាញមេរៀនមួយពីរឿងនោះឬទេ? យើងគួរប្រព្រឹត្តស្រដៀងគ្នានេះដែរ។ យើងប្រហែលជាអាចប្រាប់គំនិតខ្លះដល់ញាតិសន្ដានរបស់យើង ហើយបង្កើតឱកាសឲ្យពួកគាត់ស្គាល់សេចក្ដីពិតពីគម្ពីរនិងបងប្អូនរួមជំនឿ។ ប៉ុន្តែ យើងគោរពសិទ្ធិសេរីភាពរបស់ពួកគាត់ក្នុងការសម្រេចចិត្ត ហើយជៀសវាងការបង្ខិតបង្ខំដែលនាំឲ្យពួកគាត់មិនសប្បាយចិត្ត។ ដើម្បីបញ្ជាក់អំពីរបៀបដែលយើងអាចជួយញាតិសន្ដានរបស់យើង សូមពិចារណាគំរូរបស់យួហ្គិននិងប៉េត្រា ដែលជាប្ដីប្រពន្ធមួយគូនៅប្រទេសអាឡឺម៉ង់។
ប៉េត្រាបានសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា ហើយក្រោយមកបានទទួលការជ្រមុជទឹក។ យួហ្គិនដែលជាប្ដីរបស់នាង គឺជានាយទាហាននៅក្នុងកងទ័ព។ ដំបូងឡើយ យួហ្គិនមិនសប្បាយចិត្តនឹងការសម្រេចចិត្តរបស់ប្រពន្ធគាត់ទេ។ ប៉ុន្តែ ក្រោយមក គាត់បានដឹងថាសាក្សីផ្សព្វផ្សាយសេចក្ដីពិតពីគម្ពីរ។ គាត់ក៏បានប្រគល់ជីវិតរបស់គាត់ជូនព្រះយេហូវ៉ា ហើយសព្វថ្ងៃនេះ គាត់ជាអ្នកចាស់ទុំនៅក្នុងក្រុមជំនុំរបស់គាត់។ ឥឡូវនេះ តើគាត់ផ្ដល់ឱវាទអ្វីស្តីអំពីការទាក់ទាញចិត្តរបស់ញាតិសន្ដានដែលមានជំនឿផ្សេង?
យួហ្គិននិយាយថា៖ «យើងមិនគួរព្យាយាមបង្ខំញាតិសន្ដានរបស់យើង ហើយប្រាប់ពួកគាត់ច្រើនពេកអំពីរឿងដែលទាក់ទងនឹងជំនឿឡើយ។ នោះអាចធ្វើឲ្យពួកគាត់កាន់តែមិនព្រមសិក្សាគម្ពីរ។ ជាការប្រសើរជាង បើម្ដងម្កាលយើងប្រាប់រឿងគួរឲ្យចាប់អារម្មណ៍ដល់ពួកគាត់ម្ដងបន្ដិចៗ។ គឺមានប្រយោជន៍ផងដែរ បើយើងនាំញាតិសន្ដានរបស់យើងឲ្យស្គាល់បងប្អូនរួមជំនឿដែលមានអាយុស្របាលគ្នា ហើយដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នា។ ការធ្វើដូច្នេះអាចនាំឲ្យយើងងាយស្រួលជួយពួកគាត់ជាង»។
សាវ័កពេត្រុសនិងញាតិសន្ដានរបស់កូនេលាសបានទទួលយកដំណឹងពីគម្ពីរយ៉ាងឆាប់រហ័ស។ មនុស្សឯទៀតនៅសតវត្សរ៍ទី១ ដែលបានឮសេចក្ដីពិតត្រូវការពេលយូរជាងដើម្បីសម្រេចចិត្ត។
ចុះយ៉ាងណាប្អូនៗរបស់លោកយេស៊ូ?
ញាតិសន្ដានខ្លះរបស់លោកយេស៊ូបានបង្ហាញជំនឿលើលោកក្នុងអំឡុងកិច្ចផ្សព្វផ្សាយរបស់លោក។ ជាឧទាហរណ៍ សាវ័កយ៉ាកុបនិងយ៉ូហានប្រហែលជាបងប្អូនជីដូនមួយរបស់លោកយេស៊ូ ហើយសាឡូមេដែលជាម្ដាយរបស់ពួកគាត់ ប្រហែលជាម្ដាយមីងឬអ៊ំរបស់លោក។ នាងប្រហែលជាស្ត្រីម្នាក់ក្នុងចំណោម«ស្ត្រីជាច្រើនឯទៀត ដែលកំពុងប្រើធនធានរបស់ខ្លួន ដើម្បីបម្រើលោក[យេស៊ូ]និងពួកគាត់[ពួកសាវ័ក]»។—លូក. ៨:១-៣
ប៉ុន្តែ សមាជិកឯទៀតនៃក្រុមគ្រួសារលោកយេស៊ូមិនបានបង្ហាញជំនឿភ្លាមៗឡើយ។ ជាឧទាហរណ៍ នៅពេលមួយជាងមួយឆ្នាំក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹក មនុស្សមួយក្រុមធំបានជួបជុំគ្នានៅផ្ទះមួយដើម្បីស្ដាប់លោក។ «ប៉ុន្តែពេលដែលញាតិសន្ដានរបស់លោកឮអំពីនោះ ពួកគេចេញទៅក្នុងបំណងចាប់យកលោក ពីព្រោះពួកគេបាននិយាយថា៖ ‹គាត់វង្វេងស្មារតីហើយ›»។ មួយរយៈពេលក្រោយមក ពេលប្អូនប្រុសៗរបស់លោកយេស៊ូដែលមានឪពុកទីទៃបានសួរលោកអំពីគម្រោងធ្វើដំណើររបស់លោក លោកមិនបានឆ្លើយយ៉ាងចំៗទៅពួកគេទេ។ ហេតុអ្វី? ពីព្រោះ«ប្អូនប្រុសៗរបស់លោកមិនជឿលើលោកឡើយ»។—ម៉ាក. ៣:២១; យ៉ូន. ៧:៥
តើយើងអាចទាញមេរៀនអ្វីពីរបៀបដែលលោកយេស៊ូប្រព្រឹត្តចំពោះញាតិសន្ដានរបស់លោក? លោកមិនបានខឹងទេ ពេលពួកគេខ្លះអះអាងថាលោកវង្វេងស្មារតី។ សូម្បីតែក្រោយការប្រហារជីវិតលោកយេស៊ូនិងការប្រោសលោកឲ្យរស់ឡើងវិញ ក៏លោកបានផ្ដល់ការលើកទឹកចិត្តថែមទៀតដល់ញាតិសន្ដានរបស់លោក ដោយលេចមកឲ្យយ៉ាកុបដែលជាប្អូនប្រុសរបស់លោកដែលមានឪពុកទីទៃឃើញលោក។ តាមមើលទៅ ការលេចមកនេះគឺមិនត្រឹមតែបានជួយយ៉ាកុបជឿជាក់ប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យប្អូនប្រុសឯទៀតរបស់លោកយេស៊ូដែលមានឪពុកទីទៃជឿជាក់ដែរថាលោកជាមេស្ស៊ី។ ហេតុនេះ ពួកគាត់បាននៅជាមួយនឹងពួកសាវ័កនិងអ្នកឯទៀតនៅបន្ទប់ខាងលើនៅក្រុងយេរូសាឡិម ហើយទំនងជាបានទទួលសកម្មពលបរិសុទ្ធ។ ក្រោយមក យ៉ាកុបនិងយូដាសដែលជាប្អូនប្រុសម្នាក់ទៀតរបស់លោកដែលមានឪពុកទីទៃបានបន្តមានឯកសិទ្ធិដ៏អស្ចារ្យ។—សកម្ម. ១:១២-១៤; ២:១-៤; ១កូ. ១៥:៧
អ្នកខ្លះត្រូវការពេលច្រើន
ដូចនៅសតវត្សរ៍ទី១ ញាតិសន្ដានខ្លះសព្វថ្ងៃនេះត្រូវការពេលច្រើន មុននឹងពួកគេដើរលើផ្លូវដែលនាំទៅដល់ជីវិត។ សូមគិតអំពីគំរូរបស់ស្ត្រីម្នាក់ឈ្មោះរ៉ូសវីថា ដែលជាអ្នកកាន់សាសនាកាតូលិកយ៉ាងសកម្ម ពេលប្ដីរបស់គាត់បានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ានៅឆ្នាំ១៩៧៨។ ដោយសាររ៉ូសវីថាមានចិត្តស្មោះនឹងជំនឿរបស់គាត់ មុនដំបូងគាត់បានប្រឆាំងប្ដីរបស់គាត់។ ប៉ុន្តែច្រើនឆ្នាំក្រោយមក ការប្រឆាំងរបស់គាត់បានថយចុះ ហើយគាត់បានដឹងថាសាក្សីកំពុងបង្រៀនសេចក្ដីពិត។ នៅឆ្នាំ២០០៣ គាត់បានទទួលការជ្រមុជទឹក។ តើអ្វីបានជួយគាត់កែប្រែ? ជាជាងខឹងនឹងការប្រឆាំងដំបូងរបស់នាង ប្ដីគាត់បានផ្ដល់ឱកាសឲ្យរ៉ូសវីថាកែប្រែទស្សនៈ។ តើបងរ៉ូសវីថាផ្ដល់ឱវាទអ្វី? «ចិត្តអត់ធ្មត់ ចិត្តអត់ធ្មត់និងចិត្តអត់ធ្មត់កាន់តែច្រើនអាចសម្រេចការបានល្អច្រើន»។
បងស្រីម៉ូនីកាបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៧៤ ហើយកូនប្រុសពីរនាក់របស់គាត់បានក្លាយទៅជាសាក្សីប្រហែលជា១០ឆ្នាំក្រោយមក។ ទោះជាប្ដីរបស់គាត់ឈ្មោះហាន់ស៍មិនដែលប្រឆាំងជំនឿរបស់គាត់ក៏ដោយ គឺរហូតដល់ឆ្នាំ២០០៦ទើបប្ដីរបស់គាត់បានទទួលការជ្រមុជទឹក។ តាមរយៈបទពិសោធន៍នេះ តើក្រុមគ្រួសារនោះមានឱវាទអ្វីខ្លះ? «ចូរមានចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ា ហើយកុំសុខចិត្តធ្វើខុសនឹងជំនឿរបស់យើង»។ គឺជាការសំខាន់ដែលពួកគាត់ពង្រឹងទំនុកចិត្តរបស់ហាន់ស៍ជានិច្ចថាពួកគាត់នៅតែស្រឡាញ់គាត់។ ពួកគាត់មិនដែលឈប់សង្ឃឹមថា នៅទីបំផុត ហាន់ស៍នឹងទទួលយកជំនឿរបស់ពួកគាត់ឡើយ។
មានកម្លាំងចិត្តឡើងវិញ តាមរយៈសេចក្ដីពិតដែលប្រៀបដូចជាទឹក
លោកយេស៊ូធ្លាប់បានរៀបរាប់សារនៃសេចក្ដីពិតថាដូចជាទឹកដែលផ្ដល់នូវជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូន. ៤:១៣, ១៤) យើងចង់ឲ្យញាតិសន្ដានរបស់យើងមានកម្លាំងចិត្តឡើងវិញដោយទទួលយកសេចក្ដីពិតដែលប្រៀបដូចជាទឹកថ្លាត្រជាក់។ យើងនឹងច្បាស់ជាមិនចង់ឲ្យពួកគាត់ឈ្លក់ដោយសារយើងបង្ខំគាត់ឲ្យផឹកទឹកច្រើនពេកនិងលឿនពេកនោះឡើយ។ គាត់មានកម្លាំងចិត្តឡើងវិញឬមិនមាន ឈ្លក់ឬមិនឈ្លក់ ប្រហែលជាអាស្រ័យលើរបៀបដែលយើងពន្យល់ពួកគាត់នូវជំនឿរបស់យើង។ គម្ពីរចែងថា៖ «ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ» ហើយ«ចិត្តរបស់មនុស្សដែលមានប្រាជ្ញា នោះបង្រៀនមាត់របស់ខ្លួន ហើយក៏បង្កើនឲ្យបបូរមាត់មានចំណេះកាន់តែច្រើនឡើងផង»។ តើយើងអាចអនុវត្តឱវាទនេះយ៉ាងដូចម្ដេច?—សុភ. ១៥:២៨; ១៦:២៣
ប្រពន្ធម្នាក់ប្រហែលជាចង់ពន្យល់ជំនឿរបស់នាងដល់ប្ដីនាង។ បើនាង«រំពឹងគិតជាមុនទើបឆ្លើយ» នោះនាងនឹងជ្រើសរើសពាក្យរបស់នាងដោយយកចិត្តទុកដាក់ ហើយមិនប្រញាប់ឆ្លើយ។ នាងមិនគួរបង្ហាញថានាងចាត់ទុកខ្លួនជាមនុស្សសុចរិតជាងគេ ឬប្រសើរជាងអ្នកឯទៀតឡើយ។ ពាក្យសម្ដីដែលនាងបានពិចារណាយ៉ាងល្អអាចផ្ដល់កម្លាំងចិត្តឡើងវិញ ហើយបង្កើតឲ្យមានសន្ដិភាព។ តើពេលណាប្ដីរបស់នាងមានអារម្មណ៍ស្រួល ហើយងាយប្រាស្រ័យទាក់ទង? តើគាត់ចូលចិត្តនិយាយ ឬអានអំពីរឿងអ្វីខ្លះ? តើគាត់ចាប់អារម្មណ៍នឹងវិទ្យាសាស្ត្រ នយោបាយ ឬកីឡាឬទេ? តើតាមរបៀបណានាងអាចធ្វើឲ្យគាត់កាន់តែចង់ដឹងអំពីគម្ពីរ ហើយនៅដំណាលគ្នានោះនាងចាត់ទុកអារម្មណ៍និងយោបល់របស់គាត់ថាសំខាន់? ការគិតស្របតាមយោបល់ទាំងនោះនឹងជួយនាងនិយាយនិងប្រព្រឹត្តដោយមានការយល់ធ្លុះជ្រៅ។
ការទាក់ទាញចិត្តសមាជិកក្រុមគ្រួសារដែលមិនទាន់ជាសាក្សីនៅឡើយ មិនគ្រាន់តែជាការពន្យល់ជំនឿរបស់យើងបន្ដិចម្ដងៗនោះទេ។ យើងគួរបង្ហាញការប្រព្រឹត្តល្អសមស្របនឹងអ្វីដែលយើងនិយាយ។
ការប្រព្រឹត្តដ៏ល្អប្រសើរ
បងយួហ្គិនដែលបានត្រូវរៀបរាប់ខាងលើពន្យល់ថា៖ «សូមអនុវត្តជាប់ជានិច្ចនូវគោលការណ៍គម្ពីរនៅក្នុងជីវភាពប្រចាំថ្ងៃ។ នេះជាវិធីដែលមានប្រសិទ្ធភាពយ៉ាងខ្លាំង ដើម្បីធ្វើឲ្យញាតិសន្ដានចាប់អារម្មណ៍ ទោះជាគាត់ប្រហែលជាមិនទទួលស្គាល់ក៏ដោយ»។ បងហាន់ស៍ដែលបានទទួលការជ្រមុជទឹកជិត៣០ឆ្នាំក្រោយប្រពន្ធរបស់គាត់យល់ស្របនឹងយោបល់នេះ។ គាត់និយាយថា៖ «ការប្រព្រឹត្តដ៏ល្អជាគ្រិស្តសាសនិកគឺសំខាន់ ដើម្បីញាតិសន្ដានឃើញឥទ្ធិពលល្អនៃសេចក្ដីពិតនៅក្នុងជីវិតរបស់យើង»។ ញាតិសន្ដានរបស់យើងគួរតែឃើញថាជំនឿរបស់យើងធ្វើឲ្យយើងខុសពីអ្នកឯទៀត មិនមែនក្នុងរឿងអាក្រក់ឡើយ តែក្នុងរបៀបដែលល្អគួរឲ្យសរសើរវិញ។
សាវ័កពេត្រុសបានឲ្យឱវាទដ៏មានតម្លៃទៅប្រពន្ធដែលប្ដីមិនមានជំនឿដូចពួកគាត់ថា៖ «ចូរអ្នករាល់គ្នាដែលជាប្រពន្ធចុះចូលនឹងប្ដីខ្លួន ដើម្បីឲ្យប្ដីណាដែលមិនធ្វើតាមបណ្ដាំរបស់ព្រះ ក្លាយទៅជាអ្នកដែលធ្វើតាមវិញ តាមរយៈការប្រព្រឹត្តរបស់អ្នករាល់គ្នាដែលជាប្រពន្ធ ដោយមិនចាំបាច់ឲ្យអ្នករាល់គ្នាបញ្ចេញពាក្យសម្ដីមួយម៉ាត់ឡើយ ពីព្រោះពួកគេឃើញដោយផ្ទាល់ភ្នែកនូវការប្រព្រឹត្តដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គួបផ្សំជាមួយនឹងការគោរពដ៏ជ្រាលជ្រៅ។ ហើយកុំឲ្យសម្រស់របស់អ្នករាល់គ្នាជាសម្រស់សម្បកក្រៅឡើយ ពោលគឺការក្រងសក់ ពាក់គ្រឿងអលង្ការមាស ឬពាក់សម្លៀកបំពាក់ក្រៅ តែចូរឲ្យសម្រស់របស់អ្នករាល់គ្នាជាអ្វីក្នុងចិត្តវិញ គឺសម្លៀកបំពាក់ដែលមិនអាចខូចទៅបាន ពោលគឺចិត្តស្ងៀមស្ងាត់និងស្លូតបូត ជាអ្វីដែលមានតម្លៃថ្លៃណាស់ចំពោះព្រះ»។—១ពេ. ៣:១-៤
ពេត្រុសបានសរសេរថាប្ដីម្នាក់អាចក្លាយទៅជាអ្នកជឿដោយសារការប្រព្រឹត្តល្អរបស់ប្រពន្ធគាត់។ ដោយចាំអំពីគោលការណ៍ណែនាំក្នុងគម្ពីរ បងស្រីគ្រិស្ដាបានព្យាយាមមានឥទ្ធិពលលើចិត្តប្ដីតាមរយៈការប្រព្រឹត្តរបស់គាត់ តាំងពីគាត់ទទួលការជ្រមុជទឹកនៅឆ្នាំ១៩៧២។ ទោះជាប្ដីរបស់គាត់ធ្លាប់បានសិក្សាជាមួយនឹងសាក្សីក៏ដោយ គាត់មិនបានទុកសេចក្ដីពិតជារបស់គាត់ឡើយ។ គាត់បានចូលរួមប្រជុំខ្លះរបស់គ្រិស្តសាសនិក ហើយចូលចិត្តពួកអ្នកនៅក្នុងក្រុមជំនុំ។ ពួកគាត់គោរពសិទ្ធិរបស់គាត់ក្នុងការសម្រេចចិត្ត។ តើបងគ្រិស្ដាព្យាយាមទាក់ទាញចិត្តប្ដីគាត់យ៉ាងដូចម្ដេច?
«ខ្ញុំបានតាំងចិត្តធ្វើតាមអ្វីដែលព្រះយេហូវ៉ាចង់ឲ្យខ្ញុំធ្វើ។ នៅដំណាលគ្នានោះ ខ្ញុំព្យាយាមជួយប្ដីរបស់ខ្ញុំធ្វើតាមបណ្ដាំរបស់ព្រះតាមរយៈការប្រព្រឹត្តដ៏ល្អរបស់ខ្ញុំ‹ដោយមិនចាំបាច់បញ្ចេញពាក្យសម្ដីមួយម៉ាត់ឡើយ›។ កាលណាមិនប៉ះពាល់ដល់គោលការណ៍គម្ពីរ ខ្ញុំខំអស់ពីសមត្ថភាពដើម្បីធ្វើតាមសំណូមពររបស់គាត់។ ខ្ញុំគោរពសិទ្ធិសេរីភាពរបស់គាត់ ហើយទុកឲ្យព្រះយេហូវ៉ាដោះស្រាយរឿងនោះចុះ»។
ការប្រព្រឹត្តរបស់បងគ្រិស្ដាបង្ហាញអំពីប្រយោជន៍ដែលមកពីការចេះប្រែប្រួលតាមកាលៈទេសៈ។ គាត់រក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះរួមមានការចូលរួមប្រជុំនិងការចូលរួមអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយរបស់គ្រិស្តសាសនិក។ ប៉ុន្តែ នាងបង្ហាញការយោគយល់ ដោយដឹងថាប្ដីរបស់នាងសមនឹងទទួលសេចក្ដីស្រឡាញ់ ពេលវេលានិងការយកចិត្តទុកដាក់ពីនាង។ ជាការល្អដែលយើងម្នាក់ៗប្រព្រឹត្តចំពោះញាតិសន្ដានដែលមិនជឿ ដោយចេះប្រែប្រួលតាមកាលៈទេសៈនិងចេះយោគយល់។ គម្ពីរពន្យល់ថា៖ «មានពេលសំរាប់គ្រប់ទាំងអស់»។ នេះរួមបញ្ចូលពេលវេលាដែលយើងចំណាយជាមួយនឹងសមាជិកក្រុមគ្រួសារ ជាពិសេសជាមួយនឹងគូរបស់យើងដែលមិនមានជំនឿដូចយើង។ ការចំណាយពេលជាមួយគ្នាបង្កើតឲ្យមានការប្រាស្រ័យទាក់ទងដ៏ល្អ។ បទពិសោធន៍បង្ហាញថាការប្រាស្រ័យទាក់ទងដ៏ល្អធ្វើឲ្យគូរបស់ខ្លួនមិនសូវមានអារម្មណ៍កណ្ដោចកណ្ដែង ត្រូវគេមិនរាប់រក ឬប្រច័ណ្ឌទេ។—សាស្ដ. ៣:១
កុំអស់សង្ឃឹមឲ្យសោះ
បងប្រុសហូលហ្គ័រដែលឪពុកគាត់បានទទួលការជ្រមុជទឹក២០ឆ្នាំក្រោយសមាជិកឯទៀតនៃក្រុមគ្រួសារ និយាយថា៖ «ជាការសំខាន់ដែលយើងបង្ហាញថាយើងស្រឡាញ់សមាជិកក្រុមគ្រួសារដែលមិនទាន់ជឿ ហើយអធិដ្ឋានអំពីគាត់»។ បងស្រីគ្រិស្ដាបន្ថែមថាគាត់‹នឹងមិនអស់សង្ឃឹមថានៅទីបំផុតប្ដីរបស់គាត់នឹងគាំទ្រខាងព្រះយេហូវ៉ា ហើយទទួលយកសេចក្ដីពិតឡើយ›។ យើងគួរមានទស្សនៈត្រឹមត្រូវជានិច្ចចំពោះញាតិសន្ដានរបស់យើងដែលមិនមានជំនឿដូចយើង ហើយរក្សាសេចក្ដីសង្ឃឹម។
គោលដៅរបស់យើងគឺរក្សាទំនាក់ទំនងឲ្យបានល្អ ផ្ដល់ឱកាសឲ្យញាតិសន្ដានរបស់យើងស្គាល់សេចក្ដីពិត ហើយប្រើសារគម្ពីរដើម្បីមានឥទ្ធិពលលើចិត្តរបស់ពួកគាត់។ ក្នុងគ្រប់ការទាំងអស់ យើងគួរប្រព្រឹត្ត«ដោយចិត្តស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ»។—១ពេ. ៣:១៥