‹ចូរប្រើទ្រព្យសម្បត្ដិលោកីយ៍នេះឲ្យបានជាមិត្តសំឡាញ់ដល់ខ្លួន›
«ចូរប្រើទ្រព្យសម្បត្ដិលោកីយនេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន . . . អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ»។—លូកា ១៦:៩, ១០
១. ក្រោយពីការធ្វើដំណើរចេញពីស្រុកអេស៊ីប តើម៉ូសេនិងកូនចៅអ៊ីស្រាអែលបានសរសើរព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
ការសង្គ្រោះតាមរយៈអព្ភូតហេតុ—នេះពិតជាការពិសោធន៍ដែលធ្វើឲ្យជំនឿមាំមួនយ៉ាងណាទៅហ្ន៎! គឺមានតែព្រះយេហូវ៉ាដ៏មានព្រះចេស្ដាបំផុតប៉ុណ្ណោះទេ ដែលអាចធ្វើឲ្យពួកអ៊ីស្រាអែលធ្វើដំណើរចេញពីស្រុកអេស៊ីបបាននោះ។ ដូច្នេះមិនជាការប្លែកទេ ដែលម៉ូសេនិងពួកជនជាតិអ៊ីស្រាអែលបានច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់ជាកំឡាំងនៃខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀងផង ទ្រង់បានជួយសង្គ្រោះខ្ញុំ ហើយជាព្រះនៃខ្ញុំ ឯខ្ញុំនឹងលើកសរសើរដល់ទ្រង់ គឺជាព្រះនៃឪពុកខ្ញុំៗនឹងដំកើងទ្រង់»។—និក្ខមនំ ១៥:១, ២; ចោទិយកថា ២៩:២
២. តើប្រជារាស្ត្ររបស់ព្រះយេហូវ៉ាយកអ្វីខ្លះទៅជាមួយគេ កាលដែលពួកគេបានចាកចេញពីស្រុកអេស៊ីប?
២ សេរីភាពថ្មីរបស់ពួកអ៊ីស្រាអែល មានភាពខុសគ្នានឹងស្ថានភាពក្នុងស្រុកអេស៊ីបណាស់! ឥឡូវនេះ ពួកគេអាចថ្វាយបង្គំព្រះយេហូវ៉ាដោយគ្មានឧបសគ្គអ្វីឡើយ។ ហើយពួកគេក៏មិនបានចាកចេញពីស្រុកអេស៊ីបដោយដៃទទេដែរ។ ម៉ូសេបានរៀបរាប់ថា៖ «ពួកកូនចៅអ៊ីស្រាអែល . . . គេសូមគ្រឿងមាស គ្រឿងប្រាក់ នឹងខោអាវពីសាសន៍អេស៊ីព្ទ។ ហើយព្រះយេហូវ៉ា ទ្រង់ក៏ធ្វើឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ដល់ម្ល៉េះបានជាគេចែកឲ្យតាមដែលសូម យ៉ាងនោះគេក៏បង្ហិនបង្ហោចដល់ពួកសាសន៍អេស៊ីព្ទ»។ (និក្ខមនំ ១២:៣៤-៣៦) ប៉ុន្តែ តើពួកគេបានប្រើទ្រព្យសម្បត្ដិពីស្រុកអេស៊ីបយ៉ាងដូចម្ដេច? តើការប្រើនេះបាន‹លើកព្រះយេហូវ៉ាឡើងខ្ពស់ទេ›? តើយើងរៀនអ្វីខ្លះពីគំរូរបស់ពួកគេ?—ប្រៀបធៀប កូរិនថូសទី១ ១០:១១
‹វិភាគទានរបស់ព្រះយេហូវ៉ា›
៣. តើការប្រើមាសសំរាប់ការថ្វាយបង្គំមិនពិតនៃពួកអ៊ីស្រាអែល បណ្ដាលឲ្យព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណា?
៣ ក្នុងកំឡុងពេលឈប់សំណាក់៤០ថ្ងៃរបស់លោកម៉ូសេនៅលើភ្នំស៊ីណាយដើម្បីទទួលបញ្ជារបស់ព្រះសំរាប់ពួកអ៊ីស្រាអែលនោះ ពួកប្រជាជនដែលកំពុងតែនៅចាំខាងក្រោមបានទៅជាមានចិត្តអន្ទះអន្ទែង។ ពួកគេដោះក្រវិលមាស ហើយបង្គាប់អើរ៉ុនឲ្យធ្វើរូបសំណាកសំរាប់ការថ្វាយបង្គំ។ អើរ៉ុនក៏បានសង់អាសនាឲ្យពួកគេដែរ ហើយនៅពេលព្រលឹមស្អែកឡើង ពួកគេថ្វាយយញ្ញបូជានៅទីនោះ។ តើការប្រើមាសរបស់គេនេះ ធ្វើឲ្យអ្នកសង្គ្រោះរបស់គេសព្វព្រះហឫទ័យទេ? ប្រាកដជាមិនបានធ្វើឲ្យសព្វព្រះហឫទ័យទេ! ព្រះយេហូវ៉ាបានមានបន្ទូលទៅម៉ូសេថា៖ «ដូច្នេះទុកឲ្យអញឥឡូវចុះ ឲ្យសេចក្ដីក្រោធរបស់អញបានឆេះក្ដៅឡើងទាស់នឹងគេ អញនឹងបំផ្លាញគេឲ្យសូន្យទៅ»។ ព្រះយេហូវ៉ាបានឲ្យពួកបណ្ដាជនរួចរស់ជីវិត ដោយសារតែសេចក្ដីទូលអង្វររបស់លោកម៉ូសេ ប៉ុន្តែ វិបត្ដិភ័យរបស់ព្រះបានសម្លាប់ពួកមេបះបោរចោលអស់។—និក្ខមនំ ៣២:១-៦, ១០-១៤, ៣០-៣៥
៤. តើ‹វិភាគទានរបស់ព្រះយេហូវ៉ា›ជាអ្វី ហើយតើអ្នកណាដែលថ្វាយវិភាគទាននោះ?
៤ នៅពេលក្រោយមក ពួកអ៊ីស្រាអែលមានឱកាសប្រើទ្រព្យសម្បត្ដិរបស់គេ តាមរបៀបដែលបានធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ។ ពួកគេបានប្រមូលយក‹វិភាគទានមកថ្វាយដល់ព្រះយេហូវ៉ា›។a ក្នុងចំណោមអំណោយទានទាំងឡាយសំរាប់ការសង់និងការតុបតែងរោងឧបោសថគឺមានជាមាស ប្រាក់ ស្ពាន់ ល័ខពណ៌ផ្ទៃមេឃ និងល័ខពណ៌ផ្សេងៗទៀត ស្បែកចៀមឈ្មោល ស្បែកផ្សោត និងឈើនាងនួន។ ដំណើររឿងប្រាប់យើងអំពីអាកប្បកិរិយារបស់អ្នកធ្វើវិភាគទានទាំងនោះ។ «ត្រូវឲ្យអស់អ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ាចុះ»។ (និក្ខមនំ ៣៥:៥-៩) ពួកអ៊ីស្រាអែលបានតបឆ្លើយយ៉ាងច្រើនក្រៃលែង។ ដូច្នេះហើយបានជារោងឧបោសថជារចនាសម្ព័ន្ធនៃ«សោភ័ណភាពនិងភាពរុងរឿងដ៏ប្រសើរបំផុត»ជាពាក្យសម្រង់របស់វិជ្ជាករម្នាក់។
វិភាគទានសំរាប់ព្រះវិហារ
៥, ៦. ចំពោះព្រះវិហារ តើដាវីឌបានប្រើទ្រព្យសម្បត្ដិរបស់គាត់ដូចម្ដេច ហើយតើមនុស្សឯទៀតតបឆ្លើយយ៉ាងណាដែរ?
៥ ថ្វីបើស្តេចសាឡូម៉ូននៃសាសន៍អ៊ីស្រាអែលបានបង្គាប់ឲ្យសង់ដំណាក់ជាអចិន្ត្រៃយ៍ សំរាប់ការថ្វាយបង្គំព្រះយេហូវ៉ាក្ដី បិតារបស់ទ្រង់នាមដាវីឌបានរៀបចំសម្ភារៈយ៉ាងសន្ធឹកសំរាប់ការសង់នេះ។ ដាវីឌបានប្រមូលមាស ប្រាក់ លង្ហិន ដែក ឈើ និងត្បូងមានតម្លៃជាច្រើន។ ស្តេចដាវីឌបានមានបន្ទូលប្រាប់ប្រជាជនថា៖ «ដោយព្រោះយើងមានចិត្តស្រឡាញ់ ដល់ព្រះវិហាររបស់ព្រះនៃយើង បានជាយើងប្រគល់មាស នឹងប្រាក់ទាំងប៉ុន្មាន ដែលជារបស់ផងខ្លួនយើង សំរាប់ព្រះវិហាររបស់ព្រះនៃយើង ក្រៅអំពីរបស់ទាំងប៉ុន្មាន ដែលយើងបានត្រៀមទុក សំរាប់ទីបរិសុទ្ធនេះ គឺមាស៣ពាន់ហាប ជាមាសស្រុកអូភារ ប្រាក់ដែលសំរងស្រាប់៧ពាន់ហាប សំរាប់នឹងស្រោបជញ្ជាំងមន្ទីរទាំងប៉ុន្មាន»។ ស្តេចដាវីឌឲ្យលើកទឹកចិត្តពួកអ្នកឯទៀតឲ្យមានចិត្តសប្បុរសដែរ។ ការតបឆ្លើយគឺមានច្រើនក្រៃលែង៖ មានមាស ប្រាក់ លង្ហិន ដែក និងត្បូងមានតម្លៃជាច្រើនទៀត។ ពួកបណ្ដាជន«បានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ»។—របាក្សត្រទី១ ២២:៥; ២៩:១-៩
៦ តាមរយៈវិភាគទានដោយស្ម័គ្រចិត្តនេះ ពួកជនជាតិអ៊ីស្រាអែលបានសម្ដែងការអបអរយ៉ាងជ្រាលជ្រៅចំពោះការថ្វាយបង្គំព្រះយេហូវ៉ា។ ដាវីឌបានអធិស្ឋានដោយបន្ទាបខ្លួនថា៖ «តើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន? ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ។ . . . ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះឯង ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត»។—របាក្សត្រទី១ ២៩:១៤, ១៧
៧. តើមេរៀននៃការព្រមានអ្វីដែលយើងរៀនពីសម័យអេម៉ុស?
៧ ប៉ុន្តែ កុលសម្ព័ន្ធទាំងឡាយនៃសាសន៍អ៊ីស្រាអែលពុំបានរក្សាការថ្វាយបង្គំព្រះយេហូវ៉ាទុកជាសំខាន់បំផុតក្នុងចិត្តគំនិតរបស់គេទេ។ មកដល់សតវត្សទីប្រាំបួន ម.ស.យ. សាសន៍អ៊ីស្រាអែលដែលបែកខ្ញែកពីគ្នានោះ បានទៅជាជាប់ទោសនឹងការមិនអើពើខាងវិញ្ញាណ។ ចំពោះព្រះរាជាណាចក្រអ៊ីស្រាអែលខាងជើងដែលមានកុលសម្ព័ន្ធដប់នោះ ព្រះយេហូវ៉ាបានមានបន្ទូលតាមអេម៉ុសថា៖ «វេទនាដល់ពួកអ្នក ដែលនៅជាឥតកង្វល់ ក្នុងក្រុងស៊ីយ៉ូន ហើយដល់ពួកអ្នកដែលនៅ ដោយសុខសាន្តលើភ្នំសាម៉ារីផង»! គាត់បានពណ៌នាអំពីគេជាពួកបុរសដែល«ដេកលើគ្រែភ្លុក ហើយមិនពត់ខ្លួននៅលើដំណេក ព្រមទាំងស៊ីកូនចៀមពីហ្វូងសត្វ នឹងកូនគោដែលបង្ខាំងទុក។ . . . ក៏ផឹកស្រាទំពាំងបាយជូរដោយចានគោម»។ ប៉ុន្តែ ការមានទ្រព្យសម្បត្ដិស្តុកស្តម្ភរបស់គេពុំបានការពារពួកគេទេ។ ព្រះបានព្រមានថា៖ «ពួកអ្នកទាំងនោះនឹងត្រូវចាប់នាំទៅជាឈ្លើយ ជាមួយនឹងពួកអ្នកដែលទៅជាឈ្លើយជាមុនដំបូង នោះការលេងសប្បាយរបស់ពួកអ្នក ដែលមិនពត់ខ្លួន នឹងសូន្យបាត់ទៅ»។ នៅឆ្នាំ ៧៤០ ម.ស.យ. ពួកអ៊ីស្រាអែលបានទទួលការរងទុក្ខក្នុងកណ្ដាប់ដៃពួកអាសស៊ើរ។ (អេម៉ុស ៦:១, ៤, ៦, ៧) ហើយនៅពេលក្រោយមក ព្រះរាជាណាចក្រយូដាខាងត្បូង ក៏ធ្លាក់ចូលក្នុងកណ្ដាប់ដៃនៃវត្ថុនិយមដែរ។—យេរេមា ៥:២៦-២៩
ការប្រើធនធានយ៉ាងត្រឹមត្រូវក្នុងសម័យគ្រីស្ទាន
៨. តើយ៉ូសែបនិងម៉ារាផ្ដល់ឲ្យគំរូដ៏ល្អយ៉ាងណាក្នុងការប្រើធនធានរបស់គេ?
៨ ជាការផ្ទុយទៅវិញ ស្ថានភាពក្រខ្សត់របស់ពួកអ្នកបំរើព្រះនៅពេលក្រោយ មិនបានរារាំងពួកគេពីការសម្ដែងយតិភាពចំពោះការថ្វាយបង្គំពិតទេ។ សូមពិចារណារឿងម៉ារានិងយ៉ូសែបចុះ។ ពួកគេបានធ្វើដំណើរទៅបេថ្លេហិមដែលជាស្រុកកំណើតរបស់គេ ក្នុងការស្ដាប់បង្គាប់តាមច្បាប់របស់សេសារ-អូគូស្ទ។ (លូកា ២:៤, ៥) នៅទីនោះ ព្រះយេស៊ូបានប្រសូតមក។ សែសិបថ្ងៃក្រោយមក យ៉ូសែបនិងម៉ារាបានទៅឯព្រះវិហារនៅជិតក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយតង្វាយបរិសុទ្ធកម្មតាមតម្រូវនៃច្បាប់។ ដោយសារភាពក្រខ្សត់របស់គេ នាងម៉ារាបានថ្វាយសត្វស្លាបពីរ។ នាងនិងយ៉ូសែបមិនបានយកភាពក្រខ្សត់របស់គេជាលេស ក្នុងការមិនថ្វាយដង្វាយដល់ព្រះយេហូវ៉ានោះឡើយ។ តែផ្ទុយទៅវិញ ជាការស្ដាប់បង្គាប់តាម ពួកគេបានប្រើធនធានតែបន្ដិចបន្តួចរបស់គេ។—លេវីវិន័យ ១២:៨; លូកា ២:២២-២៤
៩-១១. (ក) ពាក្យបន្ទូលរបស់ព្រះយេស៊ូនៅម៉ាថាយ ២២:២១ ផ្ដល់នូវការណែនាំយ៉ាងណាចំពោះការប្រើប្រាក់កាសរបស់យើង? (ខ) ហេតុអ្វីក៏វិភាគទានរបស់ស្ត្រីមេម៉ាយមិនមែនថ្វាយដោយឥតប្រយោជន៍?
៩ ក្រោយមក ពួកផារីស៊ីនិងបក្សពួកនៃស្តេចហេរ៉ូឌ បានខំព្យាយាមរកឧបាយកលដើម្បីនឹងបញ្ឆោតព្រះយេស៊ូ ដោយមានប្រសាសន៍ថា៖ «ដូច្នេះ សូមប្រាប់យើងខ្ញុំដែលលោកគិតដូចម្ដេច តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ»? ការតបឆ្លើយរបស់ព្រះយេស៊ូបានបង្ហាញនូវការយល់ដឹងរបស់ទ្រង់។ ក្នុងការសំដៅទៅឯកាក់ដែលគេបានឲ្យទ្រង់នោះ ព្រះយេស៊ូបានមានបន្ទូលសួរថា៖ «រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា»? ពួកគេបានឆ្លើយថា៖ «របស់សេសារ»។ ទ្រង់បានសន្និដ្ឋានយ៉ាងវាងវៃថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅវិញ»។ (ម៉ាថាយ ២២:១៧-២១) ព្រះយេស៊ូជ្រាបថា អាជ្ញាធរដែលចេញកាក់នោះ ត្រូវការឲ្យមនុស្សបង់ពន្ធ។ ប៉ុន្តែ នៅកន្លែងនេះ ទ្រង់បានជួយពួកអ្នកកាន់តាមទ្រង់និងពួកសត្រូវឲ្យដឹងថា ពួកគ្រីស្ទានពិតខំប្រឹងព្យាយាមថ្វាយ‹របស់ព្រះទៅព្រះវិញ›។ នេះគឺរួមបញ្ចូលទាំងការប្រើទ្រព្យសម្បត្ដិរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
១០ ឧប្បត្ដិហេតុដែលព្រះយេស៊ូបានទតឃើញក្នុងព្រះវិហារបង្ហាញអំពីរឿងនេះ។ ទ្រង់ទើបតែបានកាត់ទោសដល់ពួកស្មៀនលោភ ដែលបាន‹ត្របាក់ស៊ីផ្ទះរបស់ពួកស្ត្រីមេម៉ាយ›។ លូកាបានរាយការណ៍ថា៖ «នោះ[ព្រះយេស៊ូ]ក្រឡេកព្រះនេត្រទតទៅ ឃើញពួកអ្នកមាន កំពុងតែដាក់ប្រាក់ដង្វាយក្នុងឃ្លាំង ទ្រង់ក៏ឃើញស្រីមេម៉ាយក្រម្នាក់ ដាក់ថ្វាយតែ២ស្លឹងគត់ រួចទ្រង់មានបន្ទូលថា៖ ‹ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយទ័លក្រនេះបានដាក់ដង្វាយលើសជាងគេទាំងអស់។ ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីរបស់សំណល់ខ្លួនមកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្ដីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសំរាប់នឹងចិញ្ចឹមជីវិតខ្លួនផង›»។ (លូកា ២០:៤៦, ៤៧; ២១:១-៤) មនុស្សខ្លះបានមានប្រសាសន៍ថា ព្រះវិហារបានតុបតែងនឹងត្បូងមានតម្លៃយ៉ាងល្អជាច្រើន។ ព្រះយេស៊ូបានតបឆ្លើយថា៖ «ឯរបស់ទាំងនេះ ដែលអ្នករាល់គ្នាកំពុងតែមើល នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មនៅត្រួតលើថ្មទៀត ឥតត្រូវទំលាក់ចុះនោះទេ»។ (លូកា ២១:៥, ៦) តើវិភាគទានដ៏តិចរបស់ស្ត្រីមេម៉ាយនេះ ជាការឥតប្រយោជន៍ឬ? គឺមិនដូច្នេះទេ។ នាងបានគាំទ្រដល់របៀបរៀបចំដែលព្រះយេហូវ៉ាបានស្ថាបនាឡើងនៅពេលនោះ។
១១ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «គ្មានបាវណាដែលបំរើចៅហ្វាយ២បានទេ ពីព្រោះបាវនោះនឹងស្អប់១ ស្រឡាញ់១ ឬនឹងកាន់ខាង១ ហើយមើលងាយ១ ដូច្នេះ អ្នករាល់គ្នាក៏បំរើព្រះផង ទ្រព្យសម្បត្ដិផងពុំបានដែរ»។ (លូកា ១៦:១៣) ដូច្នេះ តើយើងអាចសម្ដែងការប្រើធនធានប្រាក់កាសរបស់យើង ឲ្យចេះថ្លឹងថ្លែងយ៉ាងដូចម្ដេចបាន?
ពួកអ្នកបំរើស្មោះត្រង់
១២-១៤. (ក) ពួកគ្រីស្ទានជាអ្នកបំរើនៃធនធានអ្វី? (ខ) តាមវិធីដ៏ប្រសើរណា ដែលប្រជារាស្ត្ររបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ បំពេញកិច្ចការបំរើយ៉ាងស្មោះត្រង់នោះ? (គ) តើប្រាក់កាសសំរាប់គាំទ្រដល់កិច្ចការរបស់ព្រះនៅសព្វថ្ងៃនេះបានមកពីណា?
១២ នៅពេលដែលយើងថ្វាយខ្លួនយើងទៅព្រះយេហូវ៉ា យើងនិយាយថា អ្វីៗទាំងអស់ដែលយើងមាន គឺធនធានរបស់យើងជារបស់ផងទ្រង់វិញ។ ដូច្នេះ តើយើងត្រូវប្រើរបស់ដែលយើងមានតាមរបៀបណា? ក្នុងការពិភាក្សាអំពីកិច្ចបំរើគ្រីស្ទានក្នុងក្រុមជំនុំ បងប្រុស ឆាល្ស ថាស្ស រ៉ាសិល ជាប្រធានទីមួយនៃសមាគមប៉មយាមបានសរសេរថា៖ «បុគ្គលម្នាក់ត្រូវគិតថា ព្រះអម្ចាស់បានតែងតាំងខ្លួនមក ជាអ្នកបំរើនៃពេលវេលា អំណាច និងប្រាក់របស់ខ្លួន។ល។ ហើយម្នាក់ៗត្រូវខំប្រឹងប្រើធនធានឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីជាសិរីល្អដល់ចៅហ្វាយ»។—ការបង្កើតថ្មី ទំព័រ ៣៤៥។ (ជាភាសាអង់គ្លេស)
១៣ កូរិនថូសទី១ ៤:២ ចែងថា៖ ‹រីឯអ្នកបំរើ ត្រូវឲ្យគេបានស្មោះត្រង់›។ ជាអង្គការអន្តរជាតិមួយ ស្មរបន្ទាល់ព្រះយេហូវ៉ាខំព្យាយាមរស់នៅឲ្យសមស្របតាមការពិពណ៌នានោះ ដោយប្រើពេលវេលារបស់គេក្នុងកិច្ចបំរើគ្រីស្ទាន ដោយប្រិតប្រៀនចំរើនសមត្ថភាពបង្រៀនរបស់គេ។ ម្យ៉ាងវិញទៀត ក្រោមការដឹកនាំនៃគណៈកម្មាធិការខាងការសង់តាមភូមិភាគ ពួកជនស្ម័គ្រចិត្តទាំងក្រុមៗបានសុខចិត្តផ្ដល់ឲ្យពេលវេលា កម្លាំង និងជំនាញរបស់គេដើម្បីជួយសង់សាលព្រះរាជាណាចក្រយ៉ាងល្អសំរាប់ការថ្វាយបង្គំ។ ការធ្វើឡើងទាំងនេះធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យណាស់។
១៤ តើប្រាក់កាសសំរាប់ជួយផ្គត់ផ្គង់ដល់កិច្ចការបង្រៀននិងការសង់ដ៏ធំធេងបានមកពីណា? គឺបានមកពីជនស្ម័គ្រចិត្ត ដូចជានៅសម័យសង់រោងឧបោសថដែរ។ តើយើងម្នាក់ៗចូលរួមក្នុងការធ្វើដូច្នេះទេ? តើរបៀបដែលយើងប្រើធនធានខាងប្រាក់កាស សម្ដែងឲ្យឃើញថា យើងចាត់ទុកកិច្ចបំរើព្រះយេហូវ៉ាជាការសំខាន់បំផុតទេ? ចំពោះរឿងប្រាក់កាសនោះ សូមឲ្យយើងធ្វើជាអ្នកបំរើស្មោះត្រង់ចុះ។
គំរូនៃចិត្តសប្បុរស
១៥, ១៦. (ក) តើពួកគ្រីស្ទាននៅសម័យប៉ុលសម្ដែងឲ្យឃើញចិត្តសប្បុរសរបស់គេយ៉ាងណា? (ខ) តើយើងត្រូវមានទស្សនៈដូចម្ដេចអំពីការពិភាក្សានេះ?
១៥ សាវ័កប៉ុលបានសរសេរអំពីចិត្តសប្បុរសនៃពួកគ្រីស្ទាននៅស្រុកម៉ាសេដូននិងស្រុកអាខៃ។ (រ៉ូម ១៥:២៦) ថ្វីបើពួកគេមានទុក្ខវេទនាក្ដី ពួកគេបានឲ្យវិភាគទានដើម្បីជួយបងប្អូនប្រុសស្រីរបស់គេ។ ប៉ុលបានលើកទឹកចិត្តពួកគ្រីស្ទាននៅកូរិនថូស ឲ្យពួកគេមានចិត្តសប្បុរសដែរ ដោយផ្ដល់ឲ្យចំនួនលើសរបស់គេទៅពួកអ្នកដែលខ្វះខាត។ គ្មានបុគ្គលណាមួយអាចចោទប្រកាន់ប៉ុលពីការដាស់តឿននេះបានឡើយ។ គាត់បានសរសេរថា៖ «អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។—កូរិនថូសទី២ ៨:១-៣, ១៤; ៩:៥-៧, ១៣
១៦ វិភាគទានជាបរិបូរដែលបងប្អូនប្រុសស្រីនិងអ្នកចំណូលចិត្តឲ្យសំរាប់កិច្ចការនៃព្រះរាជាណាចក្រពាសពេញពិភពលោកនៅសព្វថ្ងៃនេះ ផ្ដល់ទីសំអាងនៃសេចក្ដីគោរពដ៏ក្រៃលែងរបស់គេចំពោះឯកសិទ្ធិនេះ។ ប៉ុន្តែ ដូចប៉ុលបានរំឭកពួកកូរិនថូសនោះ ជាការប្រសើរបើយើងចាត់ទុកការពិភាក្សានេះជាការរំឭកដល់យើង។
១៧. តើមានគំរូនៃការផ្ដល់ឲ្យមួយណាដែលប៉ុលបានដាស់តឿន ហើយនៅសព្វថ្ងៃនេះ តើយើងអាចអនុវត្តការដាស់តឿននោះយ៉ាងដូចម្ដេច?
១៧ ប៉ុលបានដាស់តឿនបងប្អូនប្រុសស្រីឲ្យកាន់តាមគំរូនេះក្នុងការឲ្យរបស់។ គាត់បានមានប្រសាសន៍ថា៖ «រាល់តែអាទិត្យ ក្នុងថ្ងៃដំបូង នោះត្រូវឲ្យអ្នករាល់គ្នាប្រមូលដាក់ទុកនូវអ្វីៗដោយឡែក តាមដែលព្រះបានចំរើនឲ្យ»។ (កូរិនថូសទី១ ១៦:១, ២) នេះអាចជាគំរូមួយសំរាប់យើងនិងកូនចៅរបស់យើងក្នុងការឲ្យវិភាគទាន ទោះបីជាយើងធ្វើតាមរយៈក្រុមជំនុំឬក៏ផ្ញើទៅការិយាល័យសាខានៃសមាគមប៉មយាមដែលនៅជិតនោះក្ដី។ សាសនទូតប្ដីប្រពន្ធមួយគូបានចាត់ឲ្យទៅផ្សាយនៅភូមិមួយនៃប្រទេសអាហ្វ្រិកខាងកើត បានអញ្ជើញពួកអ្នកចំណូលថ្មីឲ្យមកចូលរួមសិក្សាព្រះគម្ពីរជាមួយពួកគេ។ នៅពេលចប់ការប្រជុំ ពួកសាសនទូតបានដាក់កាក់តូចខ្លះៗក្នុងប្រអប់«វិភាគទានសំរាប់កិច្ចការព្រះរាជាណាចក្រ»ដោយមិនសំញែង។ ពួកអ្នកដែលមកប្រជុំឯទៀតក៏ធ្វើដូច្នេះដែរ។ រួចមក ក្រោយពីពួកអ្នកចំណូលថ្មីបានចាត់ចែងឲ្យចូលក្នុងក្រុមជំនុំគ្រីស្ទាននោះ អ្នកត្រួតពិនិត្យតាមមណ្ឌលបានមកសួរសុខទុក្ខ ហើយបានសង្កេតឃើញនូវភាពទៀងទាត់នៃការថ្វាយវិភាគទានរបស់គេ។—ទំនុកដំកើង ៥០:១០, ១៤, ២៣
១៨. តើយើងអាចជួយបងប្អូនប្រុសស្រីរបស់យើងដែលមានទុក្ខព្រួយយ៉ាងដូចម្ដេចបាន?
១៨ យើងក៏មានឯកសិទ្ធិប្រើធនធានរបស់យើងក្នុងការជួយពួកអ្នករងគ្រោះនៃមហន្តរាយធម្មជាតិ និងជួយអស់អ្នកដែលរស់នៅក្នុងកន្លែងដែលបំផ្លិចបំផ្លាញដោយសង្គ្រាម។ ជាការដ៏រំភើបចិត្តណាស់ នៅពេលដែលយើងអានអំពីជំនួយសម្ភារៈដែលត្រូវបានបញ្ជូនទៅអឺរ៉ុបខាងកើត ពីព្រោះចលាចលខាងនយោបាយនិងខាងសេដ្ឋកិច្ចបានរាលដាលពាសពេញនៅទីនោះ! វិភាគទានជាសម្ភារៈនិងប្រាក់កាស សម្ដែងឲ្យឃើញនូវចិត្តសប្បុរសនិងសាមគ្គីភាពនៃបងប្អូនប្រុសស្រីរបស់យើងចំពោះជនគ្រីស្ទានដែលខ្វះខាត។b—កូរិនថូសទី២ ៨:១៣, ១៤
១៩. តើយើងអាចធ្វើការមានប្រយោជន៍អ្វីខ្លះដើម្បីជួយអស់អ្នកដែលបំរើពេញពេល?
១៩ ចំពោះកិច្ចការដែលបងប្អូនប្រុសស្រីរបស់យើង អាចបំរើពេញពេលជាអ្នកត្រួសត្រាយ អ្នកធ្វើដំណើរត្រួតពិនិត្យ សាសនទូត និងជនស្ម័គ្រចិត្តបំរើនៅបេតអែលក្ដី យើងមានចិត្តអបអរណាស់ មែនទេ? បើកាលណាកាលៈទេសៈហុចឲ្យ យើងអាចប្រគល់ឲ្យជំនួយជាសម្ភារៈខ្លះៗដល់គេផ្ទាល់។ ជាឧទាហរណ៍ នៅពេលដែលអ្នកត្រួតពិនិត្យតាមមណ្ឌលទៅជួបក្រុមជំនុំរបស់អ្នក អ្នកអាចជួយគាត់ដោយផ្ដល់ឲ្យទីស្នាក់នៅ ម្ហូបអាហារ ឬជួយប្រាក់កាសខាងការធ្វើដំណើរ។ ចំពោះកិច្ចសប្បុរសបែបនេះ ព្រះវរបិតាសួគ៌ារបស់យើងសង្កេតឃើញទាំងអស់ ពីព្រោះទ្រង់ប្រាថ្នាឲ្យគេមើលថែរក្សាពួកអ្នកបំរើរបស់ទ្រង់។ (ទំនុកដំកើង ៣៧:២៥) ជាច្រើនឆ្នាំមុននេះ បងប្រុសម្នាក់ដែលអាចផ្ដល់ឲ្យតែភេសជ្ជៈបន្ដិចបន្តួចនោះ បានអញ្ជើញអ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធមកលេងផ្ទះរបស់គាត់។ នៅពេលដែលគូស្វាមីភរិយានោះលាទៅផ្សាយនៅពេលល្ងាច បងប្រុសនេះបានហុចឲ្យស្រោមសំបុត្រមួយ។ នៅក្នុងស្រោមសំបុត្រនោះមានលុយមួយសន្លឹក (ស្មើមួយដុល្លាអាមេរិក) និងលិខិតតូចមួយថា៖ «នេះគឺសំរាប់ទឹកតែមួយពែង ឬសាំងមួយហ្គាល្លុង»។ ការសម្ដែងតាមបែបបទដ៏រាបទាបនេះ ជាការថ្លែងអំណរគុណដ៏ប្រសើរមែន!
២០. តើឯកសិទ្ធិនិងភារកិច្ចអ្វីដែលយើងមិនត្រូវភ្លេចនោះ?
២០ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាបានទទួលប្រសិទ្ធិពរខាងវិញ្ញាណជាបរិបូរមែន! យើងទទួលការជប់លៀងខាងវិញ្ញាណនៅសន្និបាត និងមហាសន្និបាត ដែលនៅទីនោះយើងទទួលប្រកាសនវត្ថុថ្មីៗ សេចក្ដីបង្រៀនដ៏ល្អៗ និងឱវាទដ៏មានប្រយោជន៍ផង។ ដោយចិត្តពោរពេញទៅដោយសេចក្ដីអបអរចំពោះពរខាងវិញ្ញាណរបស់យើង យើងមិនភ្លេចនូវឯកសិទ្ធិនិងភារកិច្ចរបស់យើងក្នុងការផ្ដល់ឲ្យប្រាក់កាស ដើម្បីជួយចំរើនដល់កិច្ចការផ្សាយព្រះរាជាណាចក្រពាសពេញពិភពលោក។
‹ចូរប្រើទ្រព្យសម្បត្ដិលោកីយ៍នេះ ឲ្យបានមិត្តសំឡាញ់ដល់ខ្លួន›
២១, ២២. នៅពេលដ៏ឆាប់ៗនេះ តើនឹងមានអ្វីកើតឡើងដល់«ទ្រព្យសម្បត្ដិលោកីយ»ហើយរឿងនេះតម្រូវឲ្យយើងធ្វើអ្វីនៅឥឡូវនេះ?
២១ យ៉ាងពិតណាស់ គឺមានវិធីជាច្រើនដែលយើងអាចបង្ហាញថា ការថ្វាយបង្គំព្រះយេហូវ៉ាជាការដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង ហើយវិធីដ៏សំខាន់មួយក្នុងការបង្ហាញរឿងនេះ គឺយើងត្រូវធ្វើតាមឱវាទរបស់ព្រះយេស៊ូ៖ «ចូរប្រើទ្រព្យសម្បត្ដិលោកីយនេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ»។—លូកា ១៦:៩
២២ ចូរសម្គាល់ថាព្រះយេស៊ូបានមានបន្ទូលអំពីការរលាយសូន្យនៃទ្រព្យសម្បត្ដិខាងលោកីយ៍។ ត្រូវហើយ នឹងមានពេលវេលាមកដែលប្រាក់កាសនៃប្រព័ន្ធនេះនឹងក្លាយទៅជាគ្មានតម្លៃ។ អេសេគាលបានទាយមកថា៖ «គេនឹងបោះចោលប្រាក់របស់គេទៅក្នុងផ្លូវ ហើយមាសគេនឹងទុកដូចជារបស់មិនស្អាត អស់ទាំងប្រាក់នឹងមាសរបស់គេនឹងជួយឲ្យគេរួច នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបាន គេនឹងមិនស្កប់ចិត្តឡើយ ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ពីព្រោះគឺរបស់នោះឯង ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន»។ (អេសេគាល ៧:១៩) ទំរាំពេលនោះមកដល់ យើងត្រូវតែមានប្រាជ្ញានិងការចេះវិនិច្ឆ័យក្នុងរបៀបដែលយើងប្រើវត្ថុទ្រព្យរបស់យើង។ ដោយធ្វើដូច្នេះ យើងនឹងមិនមើលក្រោយដោយសោកស្ដាយទៅលើការព្រមានរបស់ព្រះយេស៊ូ ដែលថា៖ «បើអ្នករាល់គ្នាមិនស្មោះត្រង់ ចំពោះទ្រព្យសម្បត្ដិរបស់លោកីយទេ តើអ្នកណាហ៊ានផ្ញើសម្បត្ដិដ៏ពិតទុកនឹងអ្នករាល់គ្នាបាន? . . . អ្នករាល់គ្នាក៏បំរើព្រះផង ទ្រព្យសម្បត្ដិផងពុំបានដែរ»។—លូកា ១៦:១១-១៣
២៣. តើយើងត្រូវប្រើអ្វីដោយប្រាជ្ញា ហើយតើយើងនឹងបានរង្វាន់អ្វី?
២៣ ដូច្នេះ សូមឲ្យយើងរាល់គ្នាធ្វើតាមការរំឭកនេះដោយស្មោះត្រង់ ដោយយកការថ្វាយបង្គំព្រះយេហូវ៉ាទុកជាសារៈសំខាន់ក្នុងជីវិតរបស់យើង ហើយប្រើធនធានរបស់យើងដោយប្រាជ្ញាចុះ។ ដ្បិតធ្វើដូច្នេះ យើងអាចរក្សាមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ានិងព្រះយេស៊ូ ដែលសន្យាថា នៅពេលដែលប្រាក់កាសលែងមានតម្លៃ ទ្រង់នឹងទទួលយើងចូលទៅក្នុង«ទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ» ដែលមានជីវិតជាអនន្តនៅក្នុងព្រះរាជាណាចក្រនៅលើស្ថានសួគ៌ឬនៅលើផែនដីមនោរម្យ។—លូកា ១៦:៩
[កំណត់សម្គាល់]
a ពាក្យភាសាហេព្រើរដែលមានអត្ថន័យជា«វិភាគទាន» គឺមកពីកិរិយាសព្ទដែលមានន័យចំៗថា «ធ្វើឲ្យខ្ពស់ លើកតំកើង ធ្វើឲ្យខ្ពស់ឡើង»។
b សូមមើលស្មរបន្ទាល់ព្រះយេហូវ៉ា—ពួកអ្នកប្រកាសនៃព្រះរាជាណាចក្រ ទំព័រ ៣០៧-១៥ បានបោះពុម្ពក្នុងឆ្នាំ១៩៩៣ ដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉កជាសាជីវកម្ម។ (ជាភាសាអង់គ្លេស)
តើអ្នកនៅចាំឬទេ?
◻ តើពួកអ៊ីស្រាអែលបានតបឆ្លើយយ៉ាងណា ចំពោះសេចក្ដីអញ្ជើញរបស់ព្រះយេហូវ៉ាឲ្យជួយធ្វើវិភាគទានដល់ការសង់រោងឧបោសថ?
◻ ហេតុអ្វីក៏វិភាគទានរបស់ស្ត្រីមេម៉ាយមិនមែនជាការឥតប្រយោជន៍?
◻ តើពួកគ្រីស្ទានមានភារកិច្ចយ៉ាងណា ចំពោះរបៀបដែលគេប្រើធនធានរបស់គេ?
◻ តើតាមរបៀបណាដែលយើងអាចចៀសវាងការសោកស្ដាយចំពោះការប្រើប្រាក់កាសរបស់យើង?
[រូបភាពនៅទំព័រ១៥]
វិភាគទានរបស់ស្ត្រីមេម៉ាយ ថ្វីបើជាតិចក្ដី មិនមែនជាការឥតប្រយោជន៍ឡើយ
[រូបភាពនៅទំព័រ១៦, ១៧]
វិភាគទានរបស់យើងជួយផ្គត់ផ្គង់ដល់កិច្ចការផ្សាយព្រះរាជាណាចក្រពាសពេញពិភពលោក