នេះជាថ្ងៃសង្គ្រោះ!
«មើល! ឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់។ មើល! ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ»។—កូរិនថូសទី២ ៦:២
១. តើអ្វីដែលត្រូវការចាំបាច់ ដើម្បីឲ្យមានឋានៈដែលបានយល់ព្រមជាមួយនឹងព្រះនិងព្រះគ្រីស្ទនោះ?
ព្រះយេហូវ៉ាបានកំណត់ទុកថ្ងៃជំនុំជំរះសំរាប់មនុស្សលោក។ (កិច្ចការ ១៧:៣១) ប្រសិនបើយើងចង់ឲ្យថ្ងៃនោះជាថ្ងៃសង្គ្រោះយើង នោះយើងត្រូវតែមានឋានៈដ៏បានយល់ព្រមជាមួយព្រះ ព្រមទាំងចៅក្រមដែលបានរើសតាំង គឺព្រះយេស៊ូគ្រីស្ទ។ (យ៉ូហាន ៥:២២) ការមានឋានៈបែបនេះ តម្រូវឲ្យមានចរិយាដែលស្របតាមបន្ទូលរបស់ព្រះ ហើយសេចក្ដីជំនឿដែលជំរុញយើងឲ្យជួយអ្នកឯទៀត ឲ្យបានទៅជាសិស្សពិតរបស់ព្រះយេស៊ូដែរ។
២. ហេតុអ្វីក៏មនុស្សលោកក្នុងលោកីយ៍បានដាច់ចេញពីព្រះ?
២ មនុស្សក្នុងលោកីយ៍នេះគឺដាច់ចេញពីព្រះ ដោយព្រោះមានបាបជាមរតក។ (រ៉ូម ៥:១២; អេភេសូរ ៤:១៧, ១៨) ដូច្នេះ អស់អ្នកដែលយើងផ្សាយប្រាប់ អាចទទួលសេចក្ដីសង្គ្រោះបានលុះត្រាតែគេបានផ្សះផ្សាជាមួយនឹងទ្រង់។ សាវ័កប៉ុលបានធ្វើឲ្យឃើញច្បាស់អំពីចំណុចនេះ នៅពេលដែលសរសេរទៅពួកគ្រីស្ទាននៅក្នុងក្រុងកូរិនថូស។ ចូរឲ្យយើងពិចារណាមើលកូរិនថូសទី២ ៥:១០–៦:១០ ដើម្បីមើលនូវអ្វីដែលប៉ុលបានមានប្រសាសន៍អំពីការជំនុំជំរះ ការផ្សះផ្សាជាមួយនឹងព្រះ និងសេចក្ដីសង្គ្រោះដែរ។
«យើងខ្ញុំក៏ខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿ»
៣. តើតាមរបៀបណាដែលប៉ុល«ខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿ» ហើយហេតុអ្វីក៏យើងត្រូវតែធ្វើដូចនេះដែរសព្វថ្ងៃនេះ?
៣ ប៉ុលបានភ្ជាប់ការជំនុំជំរះជាមួយនឹងការផ្សាយដំណឹងល្អ នៅពេលដែលគាត់បានសរសេរថា៖ «យើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្ដី ដូច្នេះ ដែលស្គាល់សេចក្ដីស្ញែងខ្លាចរបស់ព្រះអម្ចាស់ នោះយើងខ្ញុំក៏ខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿ»។ (កូរិនថូសទី២ ៥:១០, ១១) សាវ័កប៉ុល‹បានខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿ›ដោយផ្សាយដំណឹងល្អ។ ចុះយើងវិញនោះ? ដោយព្រោះយើងកំពុងតែប្រឈមមុខទីបញ្ចប់នៃរបបលោកីយ៍នេះ យើងត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបញ្ចុះបញ្ចូលអ្នកឯទៀតឲ្យយកជំហានដ៏ចាំបាច់ ដើម្បីទទួលការជំនុំជំរះដ៏ល្អពីព្រះយេស៊ូ ហើយការយល់ព្រមពីប្រភពនៃសេចក្ដីសង្គ្រោះ គឺព្រះយេហូវ៉ា។
៤, ៥. (ក) ហេតុអ្វីក៏យើងមិនត្រូវអួតអំពីការសម្រេចរបស់យើង ក្នុងកិច្ចការបំរើព្រះយេហូវ៉ា? (ខ) តើតាមរបៀបណាដែលប៉ុលបានអួត«សំរាប់ព្រះអង្គ»?
៤ ប៉ុន្តែ ប្រសិនបើព្រះប្រទានពរដល់កិច្ចបំរើផ្សាយរបស់យើង នោះយើងមិនត្រូវអួតទេ។ ក្នុងក្រុងកូរិនថូស មនុស្សខ្លះមានអំនួតក្នុងខ្លួនគេ ឬក្នុងបុរសឯទៀត ដែលធ្វើឲ្យមានការបែកខ្ញែកក្នុងក្រុមជំនុំ។ (កូរិនថូសទី១ ១:១០-១៣; ៣:៣, ៤) ក្នុងការសំដៅនឹងស្ថានការណ៍នេះ នោះប៉ុលបានសរសេរថា៖ «ដ្បិតយើងខ្ញុំមិនមែនផ្ទុកផ្ដាក់ខ្លួននឹងអ្នករាល់គ្នាម្ដងទៀតទេ គឺយើងខ្ញុំឲ្យអ្នករាល់គ្នាមានឱកាសនឹងអួតពីយើងខ្ញុំវិញ ដើម្បីឲ្យអ្នករាល់គ្នាមានពាក្យតបឆ្លើយ ដល់អស់អ្នកដែលអួតតែពីចរិតខាងក្រៅ មិនមែនពីសណ្ឋានក្នុងចិត្តនោះទេ ដ្បិតទោះបើយើងខ្ញុំវង្វេងស្មារតីក្ដី នោះគឺវង្វេងសំរាប់ព្រះអង្គ ឬបើមានគំនិតនឹងធឹងក្ដី ក៏សំរាប់អ្នករាល់គ្នាវិញ»។ (កូរិនថូសទី២ ៥:១២, ១៣) ពួកមនុស្សក្រអឺតនោះមិនបានយកចិត្តទុកដាក់នឹងឯកភាពនៃក្រុមជំនុំ និងសុខភាពខាងវិញ្ញាណនោះទេ។ គេចង់អួតពីអាការក្រៅ ជាជាងជួយអ្នកជឿគ្នីគ្នាបង្កើតឲ្យមានចិត្តល្អនៅចំពោះព្រះ។ ដូច្នេះ ប៉ុលបានកែប្រដៅក្រុមជំនុំនេះ ហើយក្រោយមកបានមានប្រសាសន៍ថា៖ «ឯអ្នកណាដែលអួត នោះត្រូវអួតតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ»។—កូរិនថូសទី២ ១០:១៧
៥ តើប៉ុលមិនបានអួតដែរទេឬអ្វី? អ្នកខ្លះប្រហែលជាគិតអីចឹងមែន ដោយព្រោះនូវអ្វីដែលគាត់បានមានប្រសាសន៍មក អំពីការធ្វើជាសាវ័ក។ ប៉ុន្តែគាត់បានអួត«សំរាប់ព្រះអង្គ»។ គាត់បានអួតអំពីការតាំងឡើងជាសាវ័កម្នាក់ ដើម្បីកុំឲ្យពួកនៅក្រុងកូរិនថូសបោះបង់ចោលព្រះយេហូវ៉ា។ ប៉ុលបានធ្វើនេះ ដើម្បីនាំគេឲ្យត្រឡប់មកព្រះវិញ ពីព្រោះពួកសាវ័កក្លែងក្លាយកំពុងតែបំបែរពួកគេទៅផ្លូវខុស។ (កូរិនថូសទី២ ១១:១៦-២១; ១២:១១, ១២, ១៩-២១; ១៣:១០) ប៉ុន្តែ ប៉ុលមិនបានខំប្រឹងជាញឹកញាប់ ដើម្បីឲ្យមនុស្សឯទៀតស្ងើចនឹងការសម្រេចរបស់គាត់នោះទេ។—សុភាសិត ២១:៤
តើសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំអ្នកឬទេ?
៦. តើសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទត្រូវមានឥទ្ធិពលលើយើងយ៉ាងដូចម្ដេច?
៦ ជាសាវ័កដ៏ពិតម្នាក់ នោះប៉ុលបានបង្រៀនអ្នកឯទៀត អំពីយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ នេះមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់ប៉ុល ដ្បិតគាត់បានសរសេរថា៖ «ដ្បិតសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់ នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ»។ (កូរិនថូសទី២ ៥:១៤, ១៥) គឺជាសេចក្ដីស្រឡាញ់ដ៏ធំមែន ដែលព្រះយេស៊ូបានសម្ដែងក្នុងការឲ្យជីវិតទ្រង់សំរាប់យើងរាល់គ្នា! ប្រាកដហើយ នេះត្រូវជាឥទ្ធិពលដែលបង្ខំក្នុងជីវិតរបស់យើង។ ការដឹងគុណដល់ព្រះយេស៊ូ ដែលទ្រង់បានប្រទានជីវិតសំរាប់ប្រយោជន៍ដល់យើង ត្រូវជំរុញយើងឲ្យមានចិត្តខ្នះខ្នែងក្នុងការផ្សាយដំណឹងល្អ អំពីសេចក្ដីសង្គ្រោះ ដែលបានផ្ដល់មកដោយព្រះយេហូវ៉ាតាមរយៈបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់។ (យ៉ូហាន ៣:១៦; ប្រៀបមើល ទំនុកដំកើង ៩៦:២) តើ«សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ»កំពុងបង្ខំយើង ឲ្យចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចការផ្សាយព្រះរាជាណាចក្រ និងការធ្វើឲ្យមានសិស្សនេះឬទេ?—ម៉ាថាយ ២៨:១៩, ២០
៧. តើការ«មិនស្គាល់អ្នកណាខាងឯសាច់ឈាម»មានន័យយ៉ាងដូចម្ដេច?
៧ ដោយប្រើជីវិតរបស់គេតាមរបៀបដែលបង្ហាញនូវកតញ្ញូធម៌ ចំពោះអ្វីដែលព្រះគ្រីស្ទបានធ្វើសំរាប់គេ នោះពួកចាក់ប្រេងតាំង‹មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ›វិញ។ ប៉ុលបានមានប្រសាសន៍ថា៖ «បានជាពីនេះទៅមុខ យើងខ្ញុំមិនស្គាល់អ្នកណាខាងឯសាច់ឈាមទៀតទេ តែបើយើងខ្ញុំបានស្គាល់ព្រះគ្រីស្ទខាងសាច់ឈាមហើយ គង់តែឥឡូវនេះមិនស្គាល់ទ្រង់យ៉ាងនោះទៀតឡើយ»។ (កូរិនថូសទី២ ៥:១៦) ពួកគ្រីស្ទានមិនត្រូវចាត់ទុកមនុស្សតាមផ្លូវខាងសាច់ឈាមនោះទេ ប្រហែលដោយចូលចិត្តពួកយូដាជាងពួកសាសន៍ឯទៀត ឬដោយចូលចិត្តអ្នកមានជាងពួកអ្នកក្រ។ ពួកអ្នកចាក់ប្រេងតាំង«មិនស្គាល់អ្នកណាខាងឯសាច់ឈាម» ពីព្រោះអ្វីដែលសំខាន់នោះ គឺទំនាក់ទំនងខាងវិញ្ញាណរបស់គេជាមួយនឹងពួកអ្នកជឿគ្នីគ្នា។ អស់អ្នកដែល«បានស្គាល់ព្រះគ្រីស្ទខាងសាច់ឈាម» មិនគ្រាន់តែជាពួកមនុស្សដែលបានឃើញព្រះយេស៊ូផ្ទាល់ ពេលដែលទ្រង់នៅលើផែនដីនេះឡើយ។ ទោះជាអ្នកខ្លះដែលបានសង្ឃឹមទៅលើព្រះមេស្ស៊ី នោះធ្លាប់ឃើញព្រះគ្រីស្ទជាមនុស្ស ក៏នឹងលែងចាត់ទុកទ្រង់ជាមនុស្សទៀតឡើយ។ ទ្រង់បានប្រទានរូបកាយជាតម្លៃលោះ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ ជាវិញ្ញាណដែលផ្ដល់ឲ្យជីវិត។ ពួកអ្នកឯទៀតនឹងបានប្រោសឲ្យមានជីវិតនៅស្ថានសួគ៌ នឹងលះចោលរូបកាយរបស់គេជាមនុស្ស ដោយឥតដែលឃើញព្រះយេស៊ូគ្រីស្ទខាងសាច់ឈាមផង។—កូរិនថូសទី១ ១៥:៤៥, ៥០; កូរិនថូសទី២ ៥:១-៥
៨. តើតាមរបៀបណាដែលបុគ្គលខ្លះបានទៅជា«នៅក្នុងព្រះគ្រីស្ទ»?
៨ ដោយសំដៅទៅពួកចាក់ប្រេងតាំងនៅឡើយ នោះប៉ុលនិយាយបន្ថែមថា៖ «បើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ»។ (កូរិនថូសទី២ ៥:១៧) ដើម្បីឲ្យបាន«នៅក្នុងព្រះគ្រីស្ទ» មានន័យថាឲ្យបានរួមមកតែមួយជាមួយនឹងទ្រង់។ (យ៉ូហាន ១៧:២១) ទំនាក់ទំនងនេះបានមានឡើងចំពោះម្នាក់នោះ នៅពេលដែលព្រះយេហូវ៉ាបានទាញចិត្តគាត់ទៅឯបុត្រារបស់ទ្រង់ ហើយនាំមកបុគ្គលនោះដោយប្រើវិញ្ញាណបរិសុទ្ធ។ ជាកូនរបស់ព្រះដែលបាននាំមកដោយវិញ្ញាណបរិសុទ្ធ នោះគាត់ជា«ការបង្កើតថ្មី» ដែលមានការទន្ទឹងរង់ចាំចូលរួមជាមួយព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ (យ៉ូហាន ៣:៣-៨; ៦:៤៤; កាឡាទី ៤:៦, ៧) ពួកគ្រីស្ទានចាក់ប្រេងតាំងទាំងនេះ បានត្រូវប្រទានឲ្យនូវឯកសិទ្ធិជាកិច្ចបំរើដ៏អស្ចារ្យ។
«ចូរឲ្យបានជាមេត្រីនឹងព្រះចុះ»
៩. តើព្រះទ្រង់បានធ្វើអ្វីខ្លះ ដើម្បីឲ្យមានការផ្សះផ្សាជាមួយនឹងទ្រង់នោះ?
៩ ព្រះយេហូវ៉ាបានមានព្រះទ័យយល់ព្រមនឹង«ការបង្កើតថ្មី»នេះម្ល៉េះហ្ន៎! ប៉ុលមានប្រសាសន៍ថា៖ «គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ»។ (កូរិនថូសទី២ ៥:១៨, ១៩) មនុស្សលោកបានត្រូវដាច់ចេញពីព្រះ តាំងពីអ័ដាមបានប្រព្រឹត្តអំពើបាបមកម្ល៉េះ។ ប៉ុន្តែ ដោយព្រះទ័យស្រឡាញ់ នោះព្រះយេហូវ៉ាបានចាត់វិធានការក្នុងការបើកផ្លូវសំរាប់ការផ្សះផ្សា តាមរយៈយញ្ញបូជារបស់ព្រះយេស៊ូ។—រ៉ូម ៥:៦-១២
១០. តើព្រះយេហូវ៉ាបានប្រគល់ឲ្យអ្នកណាគេនូវកិច្ចបំរើនៃការផ្សះផ្សា ហើយតើគេបានធ្វើអ្វីក្នុងការប្រព្រឹត្តតាមនោះ?
១០ ព្រះយេហូវ៉ាបានប្រគល់ឲ្យកិច្ចការខាងការផ្សះផ្សា ដល់ពួកអ្នកចាក់ប្រេងតាំង ដូច្នេះ ប៉ុលអាចនិយាយថា៖ «ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ‹ចូរឲ្យបានជាមេត្រីនឹងព្រះចុះ› »។ (កូរិនថូសទី២ ៥:២០) ពីបុរាណ រាជទូតបានត្រូវបញ្ជូនទៅ ក្នុងកាលមានប្រទូសភាព ដើម្បីធ្វើយ៉ាងណាកុំឲ្យកើតមានសង្គ្រាម។ (លូកា ១៤:៣១, ៣២) ដោយព្រោះលោកីយ៍នេះដែលមានបាបបានត្រូវដាច់ចេញពីព្រះ នោះទ្រង់បានចាត់រាជទូតដែលជាអ្នកចាក់ប្រេងតាំងរបស់ទ្រង់ ដើម្បីឲ្យប្រាប់មនុស្សអំពីល័ក្ខខ័ណ្ឌសំរាប់ការផ្សះផ្សានេះ។ ជារាជទូតតំណាងព្រះគ្រីស្ទ នោះពួកអ្នកចាក់ប្រេងតាំងអង្វរថា៖ «ចូរឲ្យបានជាមេត្រីនឹងព្រះចុះ»។ សេចក្ដីអង្វរនេះជាការដាស់តឿនដ៏មេត្ដាករុណា ឲ្យស្វែងរកមេត្រីភាពជាមួយនឹងព្រះ ហើយទទួលយកសេចក្ដីសង្គ្រោះដែលទ្រង់បានប្រទានមក តាមរយៈព្រះគ្រីស្ទ។
១១. ដោយមានជំនឿលើតម្លៃលោះ តើអ្នកណានឹងបានឋានៈសុចរិតចំពោះព្រះជាផ្ដាច់ព្រាត់នោះ?
១១ មនុស្សគ្រប់គ្នាដែលអនុវត្តជំនឿលើតម្លៃលោះ អាចបានផ្សះផ្សាជាមួយនឹងព្រះ។ (យ៉ូហាន ៣:៣៦) ប៉ុលមានប្រសាសន៍ថា៖ «ដ្បិតឯព្រះអង្គ[ព្រះយេស៊ូ] ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់[ព្រះយេហូវ៉ា]បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង»។ (កូរិនថូសទី២ ៥:២១) បុរសដ៏ល្អគ្រប់ល័ក្ខណ៍ គឺព្រះយេស៊ូ ជាតង្វាយលោះបាបសំរាប់កូនចៅអ័ដាមទាំងអស់ ដែលបានរំដោះពីសេចក្ដីបាបដែលមានពីកំណើតនោះ។ ពួកគេក្លាយទៅជា«សេចក្ដីសុចរិតរបស់ព្រះ»តាមរយៈព្រះយេស៊ូ។ សេចក្ដីសុចរិតនេះ ឬឋានៈសុចរិតចំពោះព្រះ គឺប្រគល់ឲ្យជាមុនសិនដល់ពួកគ្រងមរតករបស់ព្រះគ្រីស្ទ ដែលមានចំនួន១៤៤.០០០នាក់។ ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ទ្រង់ នោះឋានៈសុចរិតជាមនុស្សគ្រប់ល័ក្ខណ៍ នឹងមានសំរាប់ពួកកូននៅលើផែនដី ដែលជារបស់ព្រះយេស៊ូគ្រីស្ទដ៏ជាព្រះវរបិតាដ៏គង់នៅអស់កល្ប។ ទ្រង់នឹងលើកពួកគេឲ្យមានឋានៈសុចរិតដ៏ល្អគ្រប់ល័ក្ខណ៍ ដើម្បីឲ្យគេអាចបង្ហាញនូវចិត្តស្មោះត្រង់ដល់ព្រះ ហើយនិងទទួលអំណោយជាជីវិតដ៏អស់កល្បជានិច្ច។—អេសាយ ៩:៦; វិវរណៈ ១៤:១; ២០:៤-៦, ១១-១៥
«វេលាដែលគាប់ព្រះហឫទ័យទ្រង់»
១២. តើកិច្ចការសំខាន់អ្វីដែលកំពុងតែសម្រេច ដោយរាជទូតនិងអ្នកនាំសាររបស់ព្រះយេហូវ៉ានោះ?
១២ ដើម្បីឲ្យបានសេចក្ដីសង្គ្រោះ នោះយើងត្រូវតែប្រព្រឹត្តឲ្យស្របតាមពាក្យសំដីរបស់ប៉ុល ដែលថា៖ «ហើយដែលយើងខ្ញុំធ្វើការជាមួយនឹងព្រះ [ព្រះយេហូវ៉ា] បានជាយើងខ្ញុំទូន្មានអ្នករាល់គ្នាថា កុំឲ្យទទួលព្រះគុណរបស់ព្រះ ដោយបែបឥតប្រយោជន៍ឡើយ។ ដ្បិតទ្រង់មានបន្ទូលថា៖ ‹នៅវេលាដែលគាប់ចិត្តដល់អញ នោះអញបានស្ដាប់ឯង ហើយក្នុងថ្ងៃសង្គ្រោះ នោះអញបានជួយឯង›។ មើល! ឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល! ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ»។ (កូរិនថូសទី២ ៦:១, ២) រាជទូតចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ា និងអ្នកនាំសាររបស់ទ្រង់ គឺ«ចៀមឯទៀត» ក៏មិនមែនទទួលនូវព្រះគុណដែលមិនសមទទួលរបស់ព្រះវរបិតានៅស្ថានសួគ៌ ហើយមិនយល់នឹងគោលបំណងនោះឡើយ។ (យ៉ូហាន ១០:១៦) ដោយចរិយាដ៏ទៀងត្រង់និងកិច្ចបំរើផ្សាយដ៏ខ្នះខ្នែងរបស់គេក្នុង«វេលា[នេះ]ដែលគាប់ព្រះហឫទ័យទ្រង់» នោះគេស្វែងរកព្រះគុណរបស់ព្រះ ហើយកំពុងតែប្រាប់មនុស្សលោក ថានេះជា«ថ្ងៃសង្គ្រោះហើយ»។
១៣. តើអេសាយ ៤៩:៨ មានសារៈសំខាន់យ៉ាងណា ហើយតើទំនាយនេះបានត្រូវសម្រេចជាដំបូងយ៉ាងដូចម្ដេច?
១៣ ប៉ុលបានដកស្រង់ពាក្យពីអេសាយ ៤៩:៨ ដែលអានថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ‹ដល់វេលាដែលគាប់ចិត្តអញ នោះអញបានឆ្លើយដល់ឯង ហើយនៅថ្ងៃសំរាប់សង្គ្រោះ នោះអញបានជួយឯង អញនឹងទំនុកបំរុងឯង ហើយតាំងឯងឡើងទុកជាសេចក្ដីសញ្ញាដល់បណ្ដាជន ប្រយោជន៍នឹងរៀបចំផែនដីឡើង ឲ្យគេបានគ្រងទី ដែលចោលស្ងាត់ ទុកជាមរដក› »។ ទំនាយនេះបានត្រូវសម្រេចមុនដំបូង នៅពេលដែលបណ្ដារាស្ត្រជាតិអ៊ីស្រាអែលបានរួចចេញពីសេវកភាពក្នុងស្រុកបាប៊ីឡូន ហើយក្រោយមក បានត្រឡប់ទៅស្រុកកំណើតដ៏សោះកក្រោះរបស់គេ។—អេសាយ ៤៩:៣, ៩
១៤. តើតាមរបៀបណាដែលអេសាយ ៤៩:៨ បានសម្រេចក្នុងករណីរបស់ព្រះយេស៊ូ?
១៤ ក្នុងការសម្រេចថែមទៀតនូវទំនាយរបស់អេសាយ នោះព្រះយេហូវ៉ាបានប្រទានឲ្យ«អ្នកបំរើ»របស់ទ្រង់ ដែលជាព្រះយេស៊ូ ឲ្យធ្វើជា«ពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញ រហូតដល់ចុងផែនដីបំផុត»។ (អេសាយ ៤៩:៦, ៨; ប្រៀបមើល អេសាយ ៤២:១-៤, ៦, ៧; ម៉ាថាយ ១២:១៨-២១) «វេលាដែលគាប់ចិត្ត» ឬក៏«វេលាដែលគាប់ព្រះហឫទ័យទ្រង់» តាមប្រមើលទៅសំដៅទៅព្រះយេស៊ូ កាលដែលទ្រង់គង់នៅលើផែនដីនៅឡើយ។ ទ្រង់បានអធិស្ឋាន ហើយព្រះ«បានឆ្លើយ»ដល់ទ្រង់។ នោះបានសម្ដែងទៅជា«ថ្ងៃសង្គ្រោះ»មែន ដោយព្រោះទ្រង់បានរក្សានូវភាពស្មោះគ្រប់លក្ខណ៍យ៉ាងពេញលេញ ហើយក៏«បានត្រឡប់ជាមេបង្កើត នៃសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់»។—ហេព្រើរ ៥:៧, ៩; យ៉ូហាន ១២:២៧, ២៨
១៥. តាំងពីពេលណាមក ដែលពួកអ៊ីស្រាអែលខាងវិញ្ញាណត្រូវតែសម្ដែងថា គេសមបានព្រះគុណដែលគ្មានសិទ្ធិទទួលរបស់ព្រះ ហើយដោយមានគោលបំណងអ្វី?
១៥ ប៉ុលបានអនុវត្តអេសាយ ៤៩:៨ ដល់ពួកគ្រីស្ទានចាក់ប្រេងតាំង ដោយអង្វរពួកគេ‹កុំឲ្យយល់ខុសនូវបំណងរបស់ព្រះគុណដែលមិនសមទទួល› ដោយខានស្វះស្វែងនឹងគាប់ចិត្តទ្រង់ ក្នុងកំឡុង«វេលាដែលគាប់ព្រះហឫទ័យទ្រង់» ហើយក្នុងកំឡុង«ថ្ងៃសង្គ្រោះ»ដែលទ្រង់ប្រទានមក។ ប៉ុលនិយាយថែមថា៖ «មើល! ឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល! ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ»។ (កូរិនថូសទី២ ៦:២) តាំងពីបុណ្យភិន្ដាកុសនៅឆ្នាំ៣៣ ស.យ. នោះពួកអ៊ីស្រាអែលខាងវិញ្ញាណបានត្រូវសម្ដែងថា គេគួរនឹងទទួលព្រះគុណដែលមិនសមទទួល ដើម្បីឲ្យ«វេលាដែលគាប់ព្រះហឫទ័យទ្រង់» នឹងធ្វើជា«ថ្ងៃសង្គ្រោះ»ចំពោះពួកគេ។
‹ការផ្ទុកផ្ដាក់ខ្លួន ទុកដូចជាអ្នកបំរើព្រះ›
១៦. តើប៉ុលបានផ្ទុកផ្ដាក់ខ្លួនជាអ្នកបំរើរបស់ព្រះក្នុងកាលៈទេសៈយ៉ាងណា?
១៦ ពួកបុរសខ្លះដែលបានចូលរួមជាមួយនឹងក្រុមជំនុំនៅក្រុងកូរិនថូស មិនបានសម្ដែងឲ្យឃើញថាគួរទទួលព្រះគុណដែលមិនសមទទួល។ ពួកគេបាននិយាយបង្ខូចប៉ុល ក្នុងការខំប្រឹងដើម្បីបំផ្លាញអំណាចជាសាវ័ករបស់គាត់ ទោះជាគាត់បានជៀសវាងពីការ«បង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វី»ក្ដី។ គាត់ប្រាកដជាបានផ្ទុកផ្ដាក់ខ្លួនជាអ្នកបំរើរបស់ព្រះ «គឺក្នុងការទ្រាំទ្រជាច្រើន ក្នុងការទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់ កាលគេវាយ ដាក់គុក កើតវឹកវរ ក្នុងការនឿយហត់ ចាំយាម តមអត់»។ (កូរិនថូសទី២ ៦:៣-៥) ក្រោយមក ប៉ុលបានវែកញែកថា ប្រសិនបើពួកជំទាស់គាត់ជាអ្នកបំរើព្រះ នោះគាត់«លើសជាងគេទៅទៀត» ពីព្រោះគាត់បានត្រូវជាប់គុក គេវាយ មានគ្រោះថ្នាក់ និងការខ្វះខាតច្រើនជាងគេ។—កូរិនថូសទី២ ១១:២៣-២៧
១៧. (ក) ដោយសម្ដែងគុណសម្បត្ដិណាខ្លះ ដែលយើងអាចផ្ទុកផ្ដាក់ខ្លួនជាអ្នកបំរើរបស់ព្រះនោះ? (ខ) តើ«សស្ដ្រាវុធសុចរិត»ជាអ្វីខ្លះ?
១៧ ដូចប៉ុលនិងពួកគូកនរបស់គាត់ យើងក៏អាចផ្ទុកផ្ដាក់ខ្លួនយើងជាអ្នកបំរើរបស់ព្រះដែរ។ តើតាមរបៀបណា? «ដោយចិត្តស្អាត» ឬក៏ភាពបរិសុទ្ធ ហើយដោយប្រព្រឹត្តតាមចំណេះត្រឹមត្រូវក្នុងព្រះគម្ពីរ។ យើងក៏អាចផ្ទុកផ្ដាក់ខ្លួន«ដោយអត់ធ្មត់» ដោយស៊ូទ្រាំយ៉ាងអត់ធ្មត់នឹងការដែលគេប្រព្រឹត្តមិនត្រឹមត្រូវនឹងយើង ឬការរករឿង ព្រមទាំង«ដោយសប្បុរស» កាលដែលយើងធ្វើកិច្ចការដ៏មានប្រយោជន៍សំរាប់អ្នកឯទៀត។ ម្យ៉ាងវិញទៀត យើងអាចផ្ទុកផ្ដាក់ខ្លួនយើងជាអ្នកបំរើរបស់ព្រះ ដោយទទួលយកការណែនាំពីវិញ្ញាណរបស់ទ្រង់ ដោយសម្ដែង«សេចក្ដីស្រឡាញ់ស្មោះត្រង់» គឺនិយាយស្មោះត្រង់ ហើយទុកចិត្តលើទ្រង់ឲ្យប្រទានកម្លាំង ដើម្បីសម្រេចកិច្ចបំរើផ្សាយរបស់យើង។ គួរឲ្យចាប់អារម្មណ៍ដែរ ប៉ុលក៏បានសម្ដែងនូវឋានៈជាអ្នកបំរើ «ដោយកាន់គ្រឿងសស្ដ្រាវុធសុចរិត ទាំងស្ដាំទាំងឆ្វេង»។ ក្នុងចំបាំងពីបុរាណ ដៃស្ដាំធម្មតាគឺសំរាប់កាន់ដាវ កាលដែលដៃឆ្វេងកាន់ខែល។ ក្នុងការធ្វើសង្គ្រាមខាងវិញ្ញាណជំទាស់នឹងពួកគ្រូក្លែងក្លាយ នោះប៉ុលមិនបានប្រើសាស្ដ្រាវុធខាងសាច់ឈាមដែលមានបាបនោះទេ មិនដោយប្រើភាពវៀចវេរ ការបំភាន់ និងការឆបោកផង។ (កូរិនថូសទី២ ៦:៦, ៧; ១១:១២-១៤; សុភាសិត ៣:៣២) គាត់បានប្រើ«សស្ដ្រាវុធ»ឬក៏មធ្យោបាយសុចរិត សំរាប់ធ្វើឲ្យមានការចំរើននៃការថ្វាយបង្គំពិត។ ហើយយើងក៏ត្រូវតែធ្វើអីចឹងដែរ។
១៨. ប្រសិនបើយើងជាអ្នកបំរើរបស់ព្រះ តើយើងនឹងកាន់គំនិតមារយាទយ៉ាងដូចម្ដេច?
១៨ ប្រសិនបើយើងជាអ្នកបំរើរបស់ព្រះ នោះយើងនឹងមានគំនិតមារយាទដូចប៉ុល និងពួកគូកនរបស់គាត់ដែរ។ យើងនឹងប្រព្រឹត្តដូចគ្រីស្ទាន ទោះជាបានត្រូវគេគោរពឬគេមិនគោរពក៏ដោយ។ របាយការណ៍មិនល្អអំពីយើង នឹងមិនបញ្ឈប់យើងពីកិច្ចការផ្សាយឡើយ ហើយយើងក៏មិនទៅជាក្រអឺតដែរ ប្រសិនបើមានរបាយការណ៍ដ៏ល្អនោះ។ យើងនឹងនិយាយសេចក្ដីពិត ហើយប្រហែលជានឹងបានគេទទួលស្គាល់យើង ដោយកិច្ចការរបស់ព្រះនេះ។ នៅពេលដែលមានគ្រោះថ្នាក់ដល់ជីវិតពីការវាយលុករបស់ពួកសត្រូវ នោះយើងនឹងទុកចិត្តលើព្រះយេហូវ៉ា។ ហើយយើងនឹងទទួលការប្រដៅទូន្មានដោយកតញ្ញូធម៌។—កូរិនថូសទី២ ៦:៨, ៩
១៩. តើ‹ការធ្វើឲ្យមានជាច្រើន›ខាងវិញ្ញាណអាចធ្វើឡើង យ៉ាងដូចម្ដេចបាន?
១៩ ក្នុងការបញ្ចប់ការពិគ្រោះរបស់គាត់អំពីកិច្ចបំរើ ជាការផ្សះផ្សា នោះប៉ុលបាននិយាយអំពីខ្លួនគាត់និងពួកគូកន «ដូចជាមានសេចក្ដីព្រួយ តែចេះតែបានសប្បាយវិញ ដូចជាទ័លក្រ តែកំពុងតែចំរើនដល់មនុស្សជាច្រើន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ»។ (កូរិនថូសទី២ ៦:១០) កាលដែលពួកអ្នកបំរើព្រះទាំងនោះមានមូលហេតុ សោកស្ដាយដោយទុក្ខលំបាករបស់គេ តែគេមានសេចក្ដីអរក្នុងចិត្ត។ ពួកគេទ័លក្រខាងវត្ថុ ប៉ុន្តែពួកគេ‹បានចំរើនដល់មនុស្សជាច្រើន›ខាងវិញ្ញាណ។ តាមការពិត ពួកគេ«មានគ្រប់ទាំងអស់» ពីព្រោះជំនឿរបស់គេបាននាំគេមានច្រើនខាងវិញ្ញាណ ព្រមទាំងការទន្ទឹងចាំឲ្យបានជាកូនរបស់ព្រះនៅស្ថានសួគ៌ផង។ ហើយជាអ្នកបំរើគ្រីស្ទាន នោះគេមានជីវិតដែលប្រកបដោយសុភមង្គលយ៉ាងវិសេស។ (កិច្ចការ ២០:៣៥) ដូចពួកគេដែរ នោះយើងក៏អាច‹ចំរើនដល់មនុស្សជាច្រើន› ដោយចូលរួមក្នុងកិច្ចការបំរើខាងការផ្សះផ្សានៅពេលឥឡូវនេះ ក្នុងថ្ងៃសង្គ្រោះ!
ទុកចិត្តលើសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា
២០. (ក) តើអ្វីជាចិត្តដ៏ខ្នះខ្នែងរបស់ប៉ុល ហើយហេតុអ្វីក៏មិនត្រូវពន្យារពេលនោះ? (ខ) តើអ្វីដែលសម្គាល់ថ្ងៃសង្គ្រោះ ដែលយើងកំពុងតែរស់នៅសព្វថ្ងៃនេះ?
២០ នៅពេលដែលប៉ុលបានសរសេរសំបុត្រទីពីររបស់គាត់ ទៅពួកនៅក្រុងកូរិនថូសប្រហែលនៅឆ្នាំ៥៥ ស.យ. នោះរបបលោកីយ៍យូដានៅសល់តែប្រមាណ១៥ឆ្នាំទៀតទេ។ សាវ័កប៉ុលចង់ឲ្យពួកយូដានិងពួកសាសន៍ឯទៀត ឲ្យបានផ្សះផ្សាជាមួយនឹងព្រះ តាមរយៈព្រះគ្រីស្ទ។ នោះហើយជាថ្ងៃនៃសេចក្ដីសង្គ្រោះ ហើយគឺមិនត្រូវពន្យារពេលនោះឡើយ។ បើអីចឹង យើងក៏បានមកដល់ក្នុងគ្រាចុងបញ្ចប់នៃរបបលោកីយ៍ ដែលមានសភាពស្មើគ្នានេះតាំងពីឆ្នាំ១៩១៤មកម្ល៉េះដែរ។ កិច្ចការផ្សាយដំណឹងល្អទូទាំងពិភពលោក ដែលកំពុងតែមានឡើងឥឡូវនេះ នោះសម្គាល់ថានេះជាថ្ងៃសង្គ្រោះហើយ។
២១. (ក) តើបទគម្ពីរដែលបានជ្រើសរើសសំរាប់ឆ្នាំ១៩៩៩ជាអ្វី? (ខ) តើយើងត្រូវតែធ្វើអ្វីក្នុងកំឡុងថ្ងៃសង្គ្រោះនេះ?
២១ មនុស្សពីគ្រប់សាសន៍ត្រូវតែឮអំពីសំវិធានការរបស់ព្រះចំពោះសេចក្ដីសង្គ្រោះ តាមរយៈព្រះយេស៊ូគ្រីស្ទ។ គឺមិនត្រូវពន្យារពេលនោះទេ។ ប៉ុលបានសរសេរថា៖ «មើល! ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ»។ ពាក្យទាំងនេះដែលស្រង់ចេញពីកូរិនថូសទី២ ៦:២ នឹងជាបទគម្ពីរប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ាសំរាប់ឆ្នាំ១៩៩៩។ នេះគឺសមហេតុផលមែន ដ្បិតយើងនឹងប្រឈមមុខនូវអ្វីមួយ ដែលអាក្រក់ជាងសេចក្ដីបំផ្លាញនៃក្រុងយេរូសាឡិមនិងព្រះវិហារនៅទីនោះទៅទៀត! នៅខាងមុខយើងនេះ គឺទីបញ្ចប់នៃរបបលោកីយ៍នេះទាំងមូល ដែលទាក់ទងមនុស្សគ្រប់គ្នានៅលើផែនដី។ ឥឡូវនេះ មិនមែនស្អែកទេ គឺជាវេលាដែលត្រូវចាត់វិធានការនោះ។ ប្រសិនបើយើងថា សេចក្ដីសង្គ្រោះគឺពឹងលើព្រះយេហូវ៉ា ហើយប្រសិនបើយើងស្រឡាញ់ទ្រង់ ហើយបើចាត់ជីវិតដ៏អនន្តជាអ្វីដ៏សំខាន់បំផុត នោះយើងនឹងមិនត្រូវបំភ្លេចគោលបំណងនៃព្រះគុណដែលគ្មានសិទ្ធិទទួលទេ។ ដោយមានចិត្តចង់ដ៏ស្មោះក្នុងការឲ្យកិត្ដិនាមដល់ព្រះយេហូវ៉ា នោះយើងនឹងបង្ហាញតាមពាក្យសំដីនិងការប្រព្រឹត្ត ថាយើងពិតជានិយាយម៉ាត់ណាម៉ាត់នឹងមែន នៅពេលដែលយើងស្រែកអបអរសាទរថា៖ «មើល! ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏ការផ្សះផ្សាជាមួយនឹងព្រះជាអ្វីដ៏សំខាន់ម្ល៉េះ?
◻ តើអ្នកណាជាពួករាជទូតនិងពួកអ្នកនាំសារ ដែលបានចូលរួមក្នុងកិច្ចការផ្សះផ្សានេះ?
◻ តើតាមរបៀបណាដែលយើងអាចផ្ទុកផ្ដាក់ខ្លួនយើងជាអ្នកបំរើរបស់ព្រះនោះ?
◻ តើបទគម្ពីរប្រចាំឆ្នាំ១៩៩៩របស់ស្មរបន្ទាល់ព្រះយេហូវ៉ា មានន័យយ៉ាងណាចំពោះអ្នក?
[រូបភាពនៅទំព័រ៣១]
ដូចប៉ុលដែរ តើកំពុងតែផ្សាយដ៏ខ្នះខ្នែង ហើយកំពុងជួយពួកអ្នកឯទៀត ឲ្យបានផ្សះផ្សាជាមួយនឹងព្រះឬទេ?
សហរដ្ឋអាមេរិក
ប្រទេសបារាំង
ប្រទេសកូថឌីវ័រ
[រូបភាពនៅទំព័រ៣២]
ក្នុងកំឡុងថ្ងៃសង្គ្រោះនេះ តើអ្នកនៅក្នុងចំណោមពួកបណ្ដាជន ដែលបានផ្សះផ្សាជាមួយនឹងព្រះយេហូវ៉ាឬទេ?