កុំឲ្យអារក្សមានឱកាសឲ្យសោះ
«កុំឲ្យអារក្សមានឱកាសឲ្យសោះ»។—អេភេសូរ ៤:២៧
១. ហេតុអ្វីបានជាមនុស្សជាច្រើនឆ្ងល់អំពីអត្តសញ្ញាណរបស់អារក្ស?
វចនានុក្រមខ្មែរបកស្រាយពាក្យ«អារក្ស»ថា ជា‹បិសាចអសុរកាយដែលកាន់កាប់›ឬ«ខ្មោចអ្នកបីបាច់រក្សា»។ ម្យ៉ាងទៀត គ្រីស្ទសាសនាផ្សេងៗពន្យល់អំពីអារក្សជាបុគ្គលមួយរូបដែលមានស្នែងហើយស្លៀកពាក់ពណ៌ក្រហម ដែលបោះមនុស្សអាក្រក់ទៅក្នុងស្ថាននរកដែលមានភ្លើងឆេះជារៀងរហូត។ ប៉ុន្តែ ពាក្យ«អារក្ស»ដែលប្រើក្នុងព្រះគម្ពីរបរិសុទ្ធមិនគាំទ្រគំនិតទាំងនោះឡើយ។ ដូច្នេះ មនុស្សខ្លះប្រហែលជាឆ្ងល់ថា តើពាក្យ«អារក្ស»ក្នុងព្រះគម្ពីរពិតជាសំដៅទៅលើអ្នកណា?
២. តើព្រះគម្ពីរចែងយ៉ាងណាខ្លះអំពីអារក្ស?
២ ព្រះគម្ពីររៀបរាប់យ៉ាងជាក់ច្បាស់ថា អារក្សជាទេវតាបះបោរមួយរូប ហើយកំណត់ហេតុផ្សេងៗក្នុងព្រះគម្ពីរមានសក្ខីភាពពីសាក្សីផ្សេងៗដែរ។ ព្រះយេស៊ូគ្រីស្ទបានឃើញវានៅឯស្ថានសួគ៌ហើយបានពិគ្រោះជាមួយវានៅផែនដីផង។ (យ៉ូប ១:៦; ម៉ាថាយ ៤:៤-១១) ទោះជាព្រះគម្ពីរមិនប្រាប់ថា បុគ្គលវិញ្ញាណនេះមានឈ្មោះអ្វីមុនដំបូងក៏ដោយ បទគម្ពីរផ្សេងៗហៅវាជាអារក្ស (ភាសាដើមមានន័យថា «អ្នកនិយាយបង្កាច់បង្ខូច») ពីព្រោះវាបាននិយាយបង្កាច់បង្ខូចព្រះ។ គេក៏ហៅវាជាសាតាំងផង (ភាសាដើមមានន័យថា «អ្នកប្រឆាំង») ពីព្រោះវាប្រឆាំងនឹងព្រះយេហូវ៉ា។ អារក្សសាតាំងក៏ត្រូវហៅថា «ពស់ពីបុរាណ»ផងដែរ ប្រហែលជាដោយសារវាបានប្រើសត្វពស់មួយដើម្បីបញ្ឆោតនាងអេវ៉ា។ (វិវរណៈ ១២:៩; ធីម៉ូថេទី១ ២:១៤) វាក៏ត្រូវហៅជា«មេកំណាច»ទៀតផង។—យ៉ូហានទី១ ៥:១៩
៣. តើយើងនឹងពិភាក្សាសំណួរអ្វី?
៣ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងមិនចង់មានលក្ខណៈដូចសាតាំងសោះឡើយ ដែលវាជាមេសត្រូវនៃព្រះពិត។ ហេតុនេះហើយបានជាយើងត្រូវធ្វើតាមដំបូន្មានរបស់សាវ័កប៉ុលថា៖ «កុំឲ្យអារក្សមានឱកាសឲ្យសោះ»។ (អេភេសូរ ៤:២៧) បើដូច្នេះ តើវាមានលក្ខណៈអ្វីខ្លះដែលយើងមិនគួរធ្វើតាមទាល់តែសោះ?
កុំឲ្យមានលក្ខណៈដូចមេនិយាយបង្កាច់បង្ខូច
៤. តើ«មេកំណាច»បាននិយាយបង្កាច់បង្ខូចព្រះយ៉ាងដូចម្ដេច?
៤ សំរាប់«មេកំណាច»វាសមតែទទួលឈ្មោះថាអារក្ស ពីព្រោះវាជាអ្នកនិយាយបង្កាច់បង្ខូច។ ការនិយាយបង្កាច់បង្ខូចជាការពោលពាក្យកាច់មួលឲ្យខុសពីដំណើរពិតឬបង្កាច់ឲ្យខូចកេរ្ដិ៍ឈ្មោះ។ ព្រះបានបង្គាប់ដល់អ័ដាមថា៖ «ត្រង់ដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្តិ ២:១៧) អេវ៉ាក៏ដឹងអំពីច្បាប់នេះដែរ តែអារក្សបាននិយាយជាមួយនាងតាមរយៈសត្វពស់ថា៖ «អ្នក[នឹង]មិនស្លាប់ជាពិតមែនទេ។ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើងហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ (លោកុប្បត្តិ ៣:៤, ៥) នោះជាការនិយាយមួលបង្កាច់យ៉ាងអាក្រក់អំពីព្រះយេហូវ៉ា!
៥. ហេតុអ្វីក៏គួរគប្បីឲ្យឌីអូត្រេពទទួលទោសចំពោះការនិយាយបង្កាច់បង្ខូច?
៥ ព្រះបានបង្គាប់ពួកអ៊ីស្រាអែលថា៖ «[ឯង]មិនត្រូវដើរចុះឡើងនិយាយដើមពីគេក្នុងពួកសាសន៍ឯងឡើយ»។ (លេវីវិន័យ ១៩:១៦) សាវ័កយ៉ូហានបានរៀបរាប់អំពីមនុស្សម្នាក់នៅសម័យគាត់ដែលជាអ្នកនិយាយបង្កាច់បង្ខូច។ យ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំបានធ្វើសំបុត្រផ្ញើមកពួកជំនុំ ប៉ុន្តែ អ្នកឌីអូត្រេពដែលចូលចិត្តចង់ធ្វើធំក្នុងពួកនោះ គាត់មិនទទួលយើងទេ។ ដូច្នេះ បើខ្ញុំមកខ្ញុំនឹងនឹកចាំពីការដែលអ្នកនោះធ្វើដោយគាត់ពោលពាក្យអាក្រក់និយាយដើមយើង»។ (យ៉ូហានទី៣ ៩, ១០) លោកឌីអូត្រេពបាននិយាយបង្កាច់បង្ខូចយ៉ូហាន ដូច្នេះគាត់គួរនឹងទទួលទោស។ ក្នុងនាមជាគ្រីស្ទានស្មោះត្រង់នោះ យើងពិតជាមិនចង់ធ្វើដូចឌីអូត្រេពដែលមានលក្ខណៈដូចសាតាំងដែលជាមេនិយាយបង្កាច់បង្ខូច។
៦, ៧. ហេតុអ្វីក៏យើងគ្មានចេតនានិយាយបង្កាច់បង្ខូចអ្នកដទៃ?
៦ ម្ដងហើយម្ដងទៀតមានពាក្យមួលបង្កាច់និងការចោទប្រកាន់មិនពិតចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា។ «ពួកសង្គ្រាជនឹងពួកអាចារ្យ គេឈរនៅទីនោះកំពុងតែចោទប្រកាន់[ព្រះយេស៊ូ]ជាខ្លាំង»។ (លូកា ២៣:១០) សម្ដេចសង្ឃអាន្ន៉ានាសនិងមនុស្សដទៃបានចោទប្រកាន់មិនពិតចំពោះប៉ុល។ (កិច្ចការ ២៤:១-៨) ព្រះគម្ពីរក៏រៀបរាប់អំពីសាតាំងជា«អានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេនៅចំពោះព្រះទាំងយប់ទាំងថ្ងៃ»។ (វិវរណៈ ១២:១០) បងប្អូនដែលវាចោទប្រកាន់មិនពិតនោះ ជាពួកគ្រីស្ទានចាក់ប្រេងតាំងនៅលើផែនដីនៅជាន់ក្រោយបង្អស់នេះ។
៧ គ្មានគ្រីស្ទានពិតណាមានចេតនាចង់និយាយបង្កាច់បង្ខូចឬចោទប្រកាន់មិនពិតចំពោះមនុស្សដទៃឡើយ។ ប៉ុន្តែ បើយើងមិនដឹងហេតុការណ៍ពិតទាំងអស់មុនធ្វើជាសាក្សី នោះយើងប្រហែលជានិយាយមិនពិតឬនិយាយមួលបង្កាច់វិញ។ ក្រោមក្រិត្យវិន័យលោកម៉ូសេនោះ គេអាចប្រហារជីវិតមនុស្សណាដែលធ្វើបន្ទាល់ក្លែងក្លាយ។ (និក្ខមនំ ២០:១៦; ចោទិយកថា ១៩:១៥-១៩) ម្យ៉ាងទៀត «សាក្សីក្លែងក្លាយដែលពោលពាក្យកំភូត»ជាអ្វីដែលព្រះយេហូវ៉ាស្អប់ណាស់។ (សុភាសិត ៦:១៦-១៩) បើដូច្នេះ យើងច្បាស់ជាចង់ប្រយ័ត្នកុំឲ្យមានលក្ខណៈដូចមេនិយាយបង្កាច់បង្ខូចដែលជាអ្នកចោទប្រកាន់មិនពិត។
យើងមិនត្រូវមានចិត្តគំនិតដូចអ្នកសម្លាប់គេតាំងពីដើម
៨. តើអារក្ស«ជាអ្នកសំឡាប់គេតាំងពីដើមមក»យ៉ាងដូចម្ដេច?
៨ អារក្សជាអ្នកសម្លាប់គេ។ ព្រះយេស៊ូមានបន្ទូលថា៖ «វាជាអ្នកសំឡាប់គេតាំងពីដើមមក»។ (យ៉ូហាន ៨:៤៤) សាតាំងជាអ្នកសម្លាប់គេតាំងពីបានបង្វែរអ័ដាមនិងអេវ៉ាចេញពីការគោរពព្រះ។ វាបាននាំមនុស្សមួយគូដំបូងនិងកូនចៅទាំងឡាយរបស់គេឲ្យស្លាប់ដែរ។—រ៉ូម ៥:១២
៩. ស្របទៅតាមយ៉ូហានទី១ ៣:១៥ តើយើងអាចក្លាយជាអ្នកសម្លាប់គេយ៉ាងដូចម្ដេច?
៩ ក្រិត្យវិន័យមួយក្នុងចំណោមទាំងដប់ប្រការដែលព្រះបានឲ្យដល់សាសន៍អ៊ីស្រាអែលនោះចែងថា៖ «កុំឲ្យសំឡាប់មនុស្សឲ្យសោះ»។ (ចោទិយកថា ៥:១៧) សាវ័កពេត្រុសបានសរសេរទៅកាន់ពួកគ្រីស្ទានថា៖ «កុំបីឲ្យអ្នករាល់គ្នាណាមួយរងទុក្ខទោសដោយព្រោះសំឡាប់គេ»។ (ពេត្រុសទី១ ៤:១៥) ដូច្នេះ ក្នុងនាមជារាស្ត្ររបស់ព្រះយេហូវ៉ា យើងមិនសម្លាប់មនុស្សទេ។ ក៏ប៉ុន្តែ យើងអាចមានទោសចំពោះព្រះបាន បើយើងស្អប់បងប្អូនគ្រីស្ទាននិងប៉ងចង់ឲ្យគាត់ស្លាប់។ សាវ័កយ៉ូហានបានសរសេរថា៖ «អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ[ឬ«ជាឃាតករ»] ហើយអ្នករាល់គ្នាដឹងហើយថាគ្មានអ្នកសំឡាប់គេណាមួយដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ»។ (យ៉ូហានទី១ ៣:១៥; ខ.ស.) ព្រះបានបង្គាប់ពួកអ៊ីស្រាអែលថា៖ «មិនត្រូវ[ឲ្យឯង]មានចិត្តស្អប់ដល់បងប្អូនឯងឡើយ»។ (លេវីវិន័យ ១៩:១៧) បើយើងមានរឿងជំលោះជាមួយនឹងបងប្អូនរួមជំនឿ ចូរប្រញាប់ដោះស្រាយបញ្ហានោះភ្លាមកុំឲ្យសាតាំងដែលជាអ្នកសម្លាប់គេចូលមកបង្ខូចសាមគ្គីភាពរបស់យើងជាជនគ្រីស្ទាន។—លូកា ១៧:៣, ៤
ចូរកាន់ជំហរមាំមួនប្រឆាំងនឹងមេកំភូត
១០, ១១. តើយើងត្រូវធ្វើអ្វីដើម្បីកាន់ជំហរមាំមួនប្រឆាំងនឹងសាតាំងដែលជាមេកំភូត?
១០ អារក្សជាអ្នកកំភូត។ ព្រះយេស៊ូបានមានបន្ទូលថា៖ «កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូតហើយជាឪពុកនៃសេចក្ដីនោះឯង»។ (យ៉ូហាន ៨:៤៤) សាតាំងបានភូតកុហកនាងអេវ៉ា តែព្រះយេស៊ូបានចូលមកក្នុងលោកីយ៍ដើម្បីធ្វើបន្ទាល់ពីសេចក្ដីពិតវិញ។ (យ៉ូហាន ១៨:៣៧) បើយើងចង់រក្សាឲ្យមានកេរ្ដិ៍ឈ្មោះជាអ្នកកាន់តាមព្រះគ្រីស្ទដែលកាន់ជំហរមាំមួនប្រឆាំងនឹងអារក្ស យើងមិនអាចភូតកុហកឬបោកប្រាស់មនុស្សដទៃសោះឡើយ។ យើងត្រូវតែ«និយាយសេចក្ដីពិត»។ (សាការី ៨:១៦; អេភេសូរ ៤:២៥) «ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត»ហើយទ្រង់ប្រទានពរលើស្មរបន្ទាល់ទ្រង់ប៉ុណ្ណោះ ដែលកាន់សច្ចៈ។ មនុស្សអាក្រក់គ្មានសិទ្ធិតំណាងទ្រង់សោះឡើយ។—ទំនុកដំកើង ៣១:៥; ៥០:១៦; អេសាយ ៤៣:១០
១១ បើយើងស្រឡាញ់នូវសេចក្ដីពិតក្នុងព្រះគម្ពីរដែលប្រោសយើងឲ្យរួចពីពាក្យកំភូតរបស់សាតាំងនោះ យើងនឹងកាន់ខ្ជាប់នូវជំនឿគ្រីស្ទាននេះដែលជា«ផ្លូវពិត»។ (ពេត្រុសទី២ ២:២; យ៉ូហាន ៨:៣២) សេចក្ដីបង្រៀនទាំងឡាយរបស់ពួកគ្រីស្ទានពិតគឺជា«សេចក្ដីពិតនៃដំណឹងល្អ»។ (កាឡាទី ២:៥, ១៤) យើងអាចទទួលសេចក្ដីសង្គ្រោះបាន ឲ្យតែយើង«ប្រព្រឹត្តតាមសេចក្ដីពិត» ពោលគឺកាន់ខ្ជាប់តាមសេចក្ដីពិតនោះ រួមទាំងកាន់ជំហរមាំមួនប្រឆាំងនឹង‹ឪពុកនៃសេចក្ដីកំភូត›។—យ៉ូហានទី៣ ៣, ៤, ៨
ចូរទប់ទល់នឹងមេក្បត់ជំនឿ
១២, ១៣. តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះពួកអ្នកក្បត់ជំនឿ?
១២ បុគ្គលវិញ្ញាណមួយរូបដែលបានក្លាយជាអារក្សនោះ វាជាអ្នកកាន់សច្ចៈនៅដើមដំបូង។ ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលថា៖ «វាមិនបាននៅជាប់ក្នុងសេចក្ដីពិតព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ»។ (យ៉ូហាន ៨:៤៤) មេក្បត់ជំនឿនេះបានប្រឆាំង«ព្រះនៃសេចក្ដីពិត»រហូតមកនេះ។ ពួកគ្រីស្ទានខ្លះនៅសតវត្សរ៍ទីមួយបានជាប់«អន្ទាក់របស់អារក្ស»។ តាមមើលទៅ ពួកគេបានរងគ្រោះថ្នាក់ដោយចាញ់បញ្ឆោតវា ហើយបែរចេញពីសេចក្ដីពិត។ ដូច្នេះ ប៉ុលបានដាស់តឿនធីម៉ូថេដែលជាគូកនរបស់គាត់ក្នុងកិច្ចបម្រើព្រះថា គាត់ត្រូវប្រដៅដំរង់បងប្អូនទាំងនោះដោយចិត្តសុភាពដើម្បីជួយស្ដារគេឡើងវិញខាងវិញ្ញាណ ហើយឲ្យគេរួចពីអន្ទាក់របស់សាតាំង។ (ធីម៉ូថេទី២ ២:២៣-២៦) យ៉ាងណាក៏ដោយ យកល្អយើងកាន់ខ្ជាប់យ៉ាងស្មោះនឹងសេចក្ដីពិតជានិច្ច ជាជាងជាប់អន្ទាក់របស់សាតាំងដោយស្ដាប់ទស្សនៈរបស់ពួកអ្នកក្បត់ជំនឿ។
១៣ មនុស្សមួយគូដំបូងបានក្លាយជាអ្នកក្បត់ជំនឿដោយស្ដាប់តាមអារក្សជាជាងបដិសេធពាក្យកំភូតរបស់វា។ ដូច្នេះ ចុះយ៉ាងណាចំពោះពួកអ្នកក្បត់ជំនឿនៅសព្វថ្ងៃនេះ? តើមានប្រយោជន៍ឲ្យយើងស្ដាប់ទស្សនៈ អានឯកសារឬមើលវើបសាយអ៊ីនធឺណិតរបស់ពួកគេទេ? បើយើងពិតជាស្រឡាញ់ព្រះនិងសេចក្ដីពិតនោះ យើងមិនព្រមធ្វើដូច្នេះឡើយ។ យើងមិនគួរជំរាបសួរពួកអ្នកក្បត់ជំនឿឬអញ្ជើញគេចូលមកផ្ទះយើងសោះ ដ្បិតទង្វើបែបនេះមានន័យថា យើងក្លាយជាអ្នក‹ប្រកបក្នុងការអាក្រក់របស់គេដែរ›។ (យ៉ូហានទី២ ៩-១១) កុំឲ្យយើងចាញ់បញ្ឆោតអារក្សដោយលះបង់«មាគ៌ានៃសេចក្ដីពិត» ហើយធ្វើតាមគ្រូមិនពិតដែលមានបំណង«បោកប្រាសបងប្អូន . . . ដោយពោលពាក្យបញ្ឆោត»ប៉ុណ្ណោះ។—ពេត្រុសទី២ ២:១-៣, ខ.ស.
១៤, ១៥. ចំពោះពួកអ្នកចាស់ទុំនៅក្រុងអេភេសូរនិងប្អូនប្រុសធីម៉ូថេដែលជាគូកនក្នុងកិច្ចបម្រើព្រះ តើប៉ុលបានព្រមានអំពីអ្វី?
១៤ ប៉ុលបានមានប្រសាសន៍ចំពោះពួកអ្នកចាស់ទុំគ្រីស្ទានពីក្រុងអេភេសូរថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួនហើយខំថែរក្សាហ្វូងសិស្សដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នាឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ! ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់នោះនឹងមានឆ្កែព្រៃដ៏សាហាវដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា ហើយក្នុងចំណោមអ្នករាល់គ្នាក៏នឹងកើតមានមនុស្សដែលនឹងអធិប្បាយសេចក្ដីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ»។ (កិច្ចការ ២០:២៨-៣០) យូរៗទៅ អ្នកក្បត់ជំនឿបានលេចខ្លួនមកមែន ហើយចូលមក«អធិប្បាយសេចក្ដីទំនាស់ខុស»!
១៥ ប្រហែលជាឆ្នាំ៦៥ គ.ស. សាវ័កប៉ុលបានដាស់តឿនធីម៉ូថេឲ្យ«កាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។ គាត់សរសេរទៀតថា៖ «តែត្រូវចៀសចេញពីពាក្យសំដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះនឹងនាំឲ្យចំរើនសេចក្ដីទមិលល្មើសកាន់តែច្រើនឡើងទេ ហើយសំដីគេនឹងស៊ីរូងដូចជាដំបៅក្លាយ។ ក្នុងពួកនោះមានឈ្មោះហ៊ីមេនាសនឹងភីលេតដែលបានជ្រួសហួសចេញពីសេចក្ដីពិត ទាំងនិយាយថា សេចក្ដីរស់ឡើងវិញបានកន្លងទៅហើយ។ គេក៏បង្ខូចសេចក្ដីជំនឿរបស់អ្នកខ្លះដែរ»។ ការក្បត់ជំនឿបានចាប់រាលដាលហើយ! ប៉ុលមានប្រសាសន៍ទៀតថា៖ «ប៉ុន្តែឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ»។—ធីម៉ូថេទី២ ២:១៥-១៩
១៦. ទោះជាមេក្បត់ជំនឿប្រើល្បិចផ្សេងៗក៏ដោយ តើអ្វីបានជួយយើងរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះនិងបន្ទូលរបស់ទ្រង់?
១៦ ម្ដងហើយម្ដងទៀតសាតាំងប្រើពួកអ្នកក្បត់ជំនឿដើម្បីបង្ខូចការថ្វាយបង្គំពិត តែវាគ្មានជោគជ័យទេ។ ប្រហែលជាឆ្នាំ១៨៦៨ បងប្រុសឆាល្ស ថេហ្ស រ៉ាសិលបានចាប់ផ្ដើមពិនិត្យមើលយ៉ាងល្អិតល្អន់នូវសេចក្ដីបង្រៀនផ្សេងៗដែលពិភពគ្រីស្ទសាសនានិយមជឿយូរមកហើយ។ គាត់បានរកឃើញកំហុសផ្សេងៗក្នុងការបកស្រាយន័យខគម្ពីរដែលមានក្នុងពិភពគ្រីស្ទសាសនា។ បងប្រុសរ៉ាសិលនិងមនុស្សខ្លះទៀតដែលស្រឡាញ់សេចក្ដីពិតបានរួមគ្នាមានកម្មវិធីសិក្សាព្រះគម្ពីរនៅទីក្រុងភិតបឺក រដ្ឋប៉ិនស៊ីវ៉ានី សហរដ្ឋអាមេរិក។ ក្នុងកំឡុងពេលជិត១៤០ឆ្នាំតាំងពីគ្រានោះមក រាស្ត្ររបស់ព្រះយេហូវ៉ាបានបង្កើនចំណេះនិងសេចក្ដីស្រឡាញ់កាន់តែច្រើនចំពោះព្រះនិងព្រះបន្ទូលរបស់ទ្រង់។ ទោះជាមេក្បត់ជំនឿប្រើល្បិចផ្សេងៗក៏ដោយ ក្រុមអ្នកបម្រើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អបានប្រុងស្មារតីជានិច្ចខាងវិញ្ញាណហើយនេះបានជួយពួកគ្រីស្ទានពិតរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ានិងព្រះបន្ទូលរបស់ទ្រង់។—ម៉ាថាយ ២៤:៤៥
កុំឲ្យចៅហ្វាយលោកីយ៍មានអំណាចលើអ្នកទាល់តែសោះ
១៧-១៩. តើលោកីយ៍ដែលដេកនៅក្នុងឱវាទនៃមេកំណាចនោះរួមបញ្ចូលអ្វីខ្លះ? ហេតុអ្វីបានជាយើងមិនគួរស្រឡាញ់លោកីយ៍នេះ?
១៧ អន្ទាក់មួយទៀតដែលសាតាំងប្រើដើម្បីទាក់ទាញយើង គឺដោយញុះញង់យើងឲ្យស្រឡាញ់លោកីយ៍នេះ ពោលគឺសង្គមមនុស្សទុច្ចរិតដែលនៅឆ្ងាយពីព្រះ។ ព្រះយេស៊ូបានហៅអារក្សជា«ចៅហ្វាយរបស់លោកីយនេះ» ហើយទ្រង់មានបន្ទូលទៀតថា៖ «តែវាគ្មានអ្វីនៅក្នុង[ឬ«គ្មានអំណាចអ្វីលើ»]ខ្ញុំទេ»។ (យ៉ូហាន ១៤:៣០; ខ.ស.) កុំឲ្យសាតាំងមានអំណាចលើយើងទាល់តែសោះ! ប្រាកដហើយ យើងដឹងថា«លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»នោះ។ (យ៉ូហានទី១ ៥:១៩) ដូច្នេះ បើព្រះយេស៊ូបែរជាព្រមក្បត់ជំនឿដោយក្រាបថ្វាយបង្គំអារក្សតែម្ដងគត់ នោះវាពិតជាមានសិទ្ធិជូន«អស់ទាំងនគរក្នុងលោកីយ»ចំពោះទ្រង់មែន។ ប៉ុន្តែ ព្រះរាជបុត្រារបស់ព្រះមិនព្រមធ្វើដូច្នេះជាដាច់ខាត។ (ម៉ាថាយ ៤:៨-១០) លោកីយ៍នេះដែលមានសាតាំងជាចៅហ្វាយនោះ ពិតជាស្អប់ពួកអ្នកដែលកាន់តាមព្រះគ្រីស្ទ។ (យ៉ូហាន ១៥:១៨-២១) ហេតុនោះហើយបានជាពុំមែនជាការចម្លែកអ្វីឡើយដែលសាវ័កយ៉ូហានបានព្រមានយើងថា កុំឲ្យស្រឡាញ់លោកីយ៍!
១៨ យ៉ូហានបានសរសេរថា៖ «កុំឲ្យស្រឡាញ់លោកីយឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ។ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមនឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែកហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ។ ឯលោកីយនេះនឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៥-១៧) យើងមិនអាចស្រឡាញ់លោកីយ៍នេះបានឡើយ ពីព្រោះរបៀបរស់នៅរបស់លោកីយ៍នេះតែងទាក់ទាញយើងឲ្យធ្វើតាមចំណង់ចំណូលចិត្តខាងសាច់ឈាមដែលមានបាប ហើយមានលក្ខណៈខុសស្រឡះពីខ្នាតតម្រារបស់ព្រះយេហូវ៉ា។
១៩ ចុះយ៉ាងណាបើចិត្តយើងស្រឡាញ់លោកីយ៍នេះហើយ? បើដូច្នេះ ចូរយើងអធិស្ឋានសូមជំនួយពីព្រះដើម្បីយកឈ្នះចំណង់ចំណូលចិត្តនិងសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមនោះ។ (កាឡាទី ៥:១៦-២១) បើយើងនឹកចាំថា សង្គមមនុស្សទុច្ចរិតនេះមាន«ពួកគ្រប់គ្រង»ដែលយើងមើលមិនឃើញ ពោលគឺ«អំណាចអាក្រក់ខាងវិញ្ញាណ» នោះយើងនឹងប្រុងប្រយ័ត្នកុំ«ឲ្យប្រឡាក់ដោយលោកីយនេះឡើយ»។—យ៉ាកុប ១:២៧; អេភេសូរ ៦:១១, ១២; កូរិនថូសទី២ ៤:៤
២០. តើយើង«មិនមែនជារបស់ផងលោកីយ»ក្នុងលក្ខណៈអ្វី?
២០ ព្រះយេស៊ូបានមានបន្ទូលអំពីពួកសិស្សទ្រង់ថា៖ «គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ»។ (យ៉ូហាន ១៧:១៦) ពួកគ្រីស្ទានចាក់ប្រេងតាំងនិងពួកគូកនរបស់គាត់ដែលបានឧទ្ទិសថ្វាយខ្លួនដែរ ខំរក្សាឲ្យមានជំនឿនិងសីលធម៌ស្អាតស្អំដោយឡែកពីលោកីយ៍នេះ។ (យ៉ូហាន ១៥:១៩; ១៧:១៤; យ៉ាកុប ៤:៤) លោកីយ៍ដ៏ទុច្ចរិតនេះស្អប់យើងពីព្រោះយើងញែកខ្លួនដោយឡែកពីវាហើយធ្វើជា«អ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។ (ពេត្រុសទី២ ២:៥) យើងកំពុងតែរស់ក្នុងសង្គមមនុស្សដែលប្រព្រឹត្តអំពើកំផិត សហាយស្មន់ ប្លន់កំហែង ថ្វាយបង្គំរូបព្រះ ប្រមឹកស្រា ព្រមទាំងមានអ្នកកំភូតនិងចោរផងដែរ។ (កូរិនថូសទី១ ៥:៩-១១; ៦:៩-១១; វិវរណៈ ២១:៨) «វិញ្ញាណរបស់លោកីយ»ជាចិត្តគំនិតដែលជំរុញមនុស្សឲ្យធ្វើអំពើបាប តែនេះមិនមានអានុភាពលើយើងពីព្រោះយើងមិនស្រូបយក«វិញ្ញាណ»នោះឡើយ។—កូរិនថូសទី១ ២:១២
កុំឲ្យអារក្សមានឱកាសឲ្យសោះ
២១, ២២. តើអ្នកអាចធ្វើតាមដំបូន្មានរបស់ប៉ុលនៅអេភេសូរ ៤:២៦, ២៧ បានយ៉ាងណា?
២១ ជាជាងអនុញ្ញាតឲ្យចិត្តគំនិតឬ«វិញ្ញាណរបស់លោកីយ»មានអានុភាពលើការប្រព្រឹត្តរបស់យើង យើងមានវិញ្ញាណរបស់ព្រះដឹកនាំជីវិតយើង ហើយនេះបង្កើតឲ្យមានគុណសម្បត្ដិដូចជាសេចក្ដីស្រឡាញ់និងការដឹងខ្នាតឬការចេះទប់ចិត្ត។ (កាឡាទី ៥:២២, ២៣) គុណសម្បត្ដិទាំងនេះជួយយើងទប់ទល់នឹងអារក្សពេលដែលវាពាធាយើង។ វាចង់ឲ្យយើង«ក្ដៅចិត្ត»ដើម្បីឲ្យយើង«ប្រព្រឹត្តអាក្រក់» ប៉ុន្តែវិញ្ញាណរបស់ព្រះជួយយើង«បោះបង់សេចក្ដីឃោរឃៅចោលចេញ»។ (ទំនុកដំកើង ៣៧:៨) ជួនកាលមានហេតុត្រឹមត្រូវឲ្យយើងមានកំហឹងមែន តែប៉ុលទូន្មានយើងថា៖ «ចូរខឹងចុះ! តែកុំឲ្យធ្វើបាបឡើយ។ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ»។—អេភេសូរ ៤:២៦, ២៧
២២ បើយើងខឹងរហូត កំហឹងនោះអាចនាំឲ្យយើងប្រព្រឹត្តអំពើបាប។ ចិត្តដែលខឹងនោះអាចបើកឱកាសឲ្យអារក្សធ្វើឲ្យក្រុមជំនុំប្រេះឆា ឬញុះញង់យើងឲ្យធ្វើអំពើអាក្រក់។ អាស្រ័យហេតុនេះបានជាយើងត្រូវខំដោះស្រាយបញ្ហាយ៉ាងឆាប់រហ័សតាមព្រះហឫទ័យរបស់ព្រះ។ (លេវីវិន័យ ១៩:១៧, ១៨; ម៉ាថាយ ៥:២៣, ២៤; ១៨:១៥, ១៦) ដូច្នេះ ចូរយើងអនុញ្ញាតឲ្យវិញ្ញាណរបស់ព្រះដឹកនាំជីវិតយើងដោយចេះទប់ចិត្តកុំឲ្យកំហឹងដែលមានមូលហេតុត្រឹមត្រូវក្លាយជាសេចក្ដីសំអប់ដែលចងគំនុំឬចង់ព្យាបាទ។
២៣. តើអត្ថបទជាបន្ទាប់នឹងពិភាក្សាអំពីអ្វី?
២៣ យើងបានពិភាក្សាលក្ខណៈខ្លះៗរបស់អារក្សដែលយើងមិនចង់មានទេ។ ប៉ុន្តែបងប្អូនមិត្តអ្នកអានខ្លះប្រហែលជាឆ្ងល់ថា៖ តើយើងគួរខ្លាចសាតាំងឬ? ហេតុអ្វីក៏វាញុះញង់មនុស្សឲ្យបៀតបៀនពួកគ្រីស្ទាន? ហើយតើយើងអាចធ្វើអ្វីកុំឲ្យអារក្សមានឱកាសឈ្នះលើយើង?
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីក៏យើងគ្មានចេតនានិយាយបង្កាច់បង្ខូចអ្នកដទៃ?
• ស្របទៅតាមយ៉ូហានទី១ ៣:១៥ តើធ្វើដូចម្ដេចកុំឲ្យយើងក្លាយជាអ្នកសម្លាប់គេ?
• តើយើងគួរមានទស្សនៈយ៉ាងណាចំពោះពួកអ្នកក្បត់ជំនឿ? ហើយហេតុអ្វី?
• ហេតុអ្វីបានជាយើងមិនគួរស្រឡាញ់លោកីយ៍នេះ?
[រូបភាពនៅទំព័រ១៥]
យើងមិនអនុញ្ញាតឲ្យអារក្សបង្ខូចសាមគ្គីភាពរបស់យើងជាជនគ្រីស្ទាន
[រូបភាពនៅទំព័រ១៦]
ហេតុអ្វីក៏យ៉ូហានដាស់តឿន កុំឲ្យយើងស្រឡាញ់លោកីយ៍នេះ?