មេរៀនទី៥១
តើអ្នកអាចនិយាយពាក្យសម្ដីបែបណាដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?
ពេលព្រះយេហូវ៉ាបង្កើតយើង លោកបានឲ្យអំណោយដ៏វិសេសមួយដល់យើង ពោលគឺសមត្ថភាពនិយាយ។ តើរបៀបដែលយើងប្រើអំណោយនោះសំខាន់ចំពោះលោកទេ? ពិតជាសំខាន់ណាស់ចំពោះលោក! (សូមអាន យ៉ាកុប ១:២៦) ដូច្នេះ តើយើងអាចប្រើសមត្ថភាពនិយាយតាមរបៀបណាដែលនឹងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?
១. តើយើងគួរប្រើសមត្ថភាពនិយាយយ៉ាងដូចម្ដេច?
គម្ពីរប្រាប់យើងឲ្យ«បន្តលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។ (ថែស្សាឡូនិចទី១ ៥:១១) តើអ្នកគិតថាអ្នកណាខ្លះប្រហែលជាត្រូវការការលើកទឹកចិត្ត? តើអ្នកអាចធ្វើអ្វីដើម្បីឲ្យពួកគាត់មានអារម្មណ៍ល្អជាង? សូមធ្វើឲ្យពួកគាត់ជឿជាក់ថា អ្នកយកចិត្តទុកដាក់ចំពោះពួកគាត់។ ម្យ៉ាងទៀត អ្នកអាចប្រាប់អំពីគុណសម្បត្តិរបស់ពួកគាត់ដែលអ្នកចូលចិត្ត។ តើអ្នកអាចគិតអំពីបទគម្ពីរណាមួយដែលនឹងលើកទឹកចិត្តមនុស្សដែលអ្នកស្គាល់ឬទេ? មានបទគម្ពីរជាច្រើនដែលអ្នកអាចជ្រើសរើសបាន។ សូមចាំថា របៀបដែលអ្នកនិយាយមានឥទ្ធិពលខ្លាំងដូចគ្នានឹងពាក្យសម្ដីដែលអ្នកប្រើ។ ដូច្នេះ សូមនិយាយដោយសប្បុរស និងទន់ភ្លន់ជានិច្ច។—សុភាសិត ១៥:១
២. តើយើងមិនគួរនិយាយពាក្យសម្ដីបែបណា?
គម្ពីរចែងថា៖ «កុំឲ្យពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ»។ (សូមអាន អេភេសូរ ៤:២៩) នេះមានន័យថាយើងមិនប្រើពាក្យអសុរោះ ឬពាក្យទ្រគោះបោះបោក និងពាក្យដែលធ្វើឲ្យអ្នកឯទៀតឈឺចិត្តឡើយ។ យើងក៏ត្រូវជៀសវាងពីការនិយាយបង្កាច់បង្ខូច និងការនិយាយដើមគេដែរ។—សូមអាន សុភាសិត ១៦:២៨
៣. តើអ្វីនឹងជួយយើងឲ្យនិយាយតាមរបៀបដែលលើកទឹកចិត្តអ្នកឯទៀត?
ជាញឹកញយ អ្វីដែលយើងនិយាយបង្ហាញឲ្យឃើញអ្វីដែលមាននៅក្នុងចិត្ត ឬអ្វីដែលយើងគិត។ (លូកា ៦:៤៥) ដូច្នេះ យើងត្រូវបង្ហាត់បង្រៀនខ្លួនឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីៗដែលល្អ ពោលគឺអ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរឲ្យស្រឡាញ់ និងអ្វីៗដែលគួរឲ្យសរសើរ។ (ភីលីព ៤:៨) ដើម្បីផ្ដោតអារម្មណ៍ទៅលើអ្វីល្អៗទាំងនេះ យើងត្រូវចេះជ្រើសរើសការកម្សាន្តនិងចេះជ្រើសរើសមិត្តភក្តិ។ (សុភាសិត ១៣:២០) អ្វីល្អៗទាំងនេះក៏នឹងជួយយើងឲ្យគិតយ៉ាងដិតដល់ មុននឹងយើងនិយាយអ្វីមួយដែរ។ ជាឧទាហរណ៍ សូមគិតសិនថា តើពាក្យសម្ដីរបស់អ្នកនឹងមានឥទ្ធិពលយ៉ាងណាទៅលើអ្នកឯទៀត? គម្ពីរចែងថា៖ «ការនិយាយដោយឥតគិតពិចារណា ប្រៀបដូចជាការចាក់ដោយដាវ តែពាក្យពេចន៍របស់មនុស្សមានប្រាជ្ញានឹងជួយឲ្យជាសះស្បើយ»។—សុភាសិត ១២:១៨
បង្កើនចំណេះ
សូមរៀនអំពីរបៀបនិយាយដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត និងដែលលើកទឹកចិត្តអ្នកឯទៀត។
៤. ចូរចេះទប់មាត់
ជួនកាលយើងទាំងអស់គ្នានិយាយអ្វីដែលក្រោយមកនាំឲ្យយើងស្ដាយក្រោយ។ (យ៉ាកុប ៣:២) សូមអាន កាឡាទី ៥:២២, ២៣ រួចពិភាក្សាសំណួរដូចតទៅ៖
ដើម្បីចេះទប់មាត់ តើអ្នកចង់អធិដ្ឋានសុំព្រះជួយអ្នកឲ្យមានគុណសម្បត្តិអ្វីខ្លះ? តើគុណសម្បត្តិទាំងនេះអាចជួយអ្នកយ៉ាងដូចម្ដេច?
សូមអាន កូរិនថូសទី១ ១៥:៣៣ រួចពិភាក្សាសំណួរនេះ៖
តើមិត្តភក្ដិនិងការកម្សាន្តរបស់អ្នកអាចមានឥទ្ធិពលយ៉ាងណាទៅលើរបៀបដែលអ្នកនិយាយ?
សូមអាន អ្នកទូន្មាន ៣:១, ៧ រួចពិភាក្សាសំណួរនេះ៖
តើពេលណាដែលយើងគួរនៅស្ងៀម ឬពេលណាដែលយើងគួរនិយាយ?
៥. ចូរនិយាយល្អអំពីអ្នកឯទៀត
តើតាមរបៀបណាយើងអាចជៀសវាងពាក្យសម្ដីមិនសប្បុរសឬពាក្យសម្ដីដែលធ្វើឲ្យអ្នកឯទៀតឈឺចិត្ត? លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ ហេតុអ្វីបុរសនេះចង់កែប្រែរបៀបដែលគាត់និយាយអំពីអ្នកឯទៀត?
តើគាត់បានធ្វើអ្វីដើម្បីកែប្រែ?
សូមអាន អ្នកទូន្មាន ៧:១៦ រួចពិភាក្សាសំណួរនេះ៖
តើយើងគួរចាំអំពីអ្វីពេលយើងចង់និយាយមិនល្អអំពីអ្នកណាម្នាក់?
សូមអាន អ្នកទូន្មាន ៧:២១, ២២ រួចពិភាក្សាសំណួរនេះ៖
ពេលអ្នកណាម្នាក់និយាយមិនល្អអំពីអ្នក តើខគម្ពីរទាំងនេះអាចជួយអ្នកកុំឲ្យឆាប់ខឹងយ៉ាងដូចម្ដេច?
៦. ចូរនិយាយដោយសប្បុរសចំពោះក្រុមគ្រួសារ
ព្រះយេហូវ៉ាចង់ឲ្យយើងនិយាយជាមួយក្រុមគ្រួសារដោយសប្បុរសនិងដោយសេចក្ដីស្រឡាញ់។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើអ្វីនឹងជួយអ្នកឲ្យនិយាយដោយសប្បុរសជាមួយនឹងក្រុមគ្រួសារ?
សូមអាន អេភេសូរ ៤:៣១, ៣២ រួចពិភាក្សាសំណួរនេះ៖
តើពាក្យសម្ដីបែបណាដែលធ្វើឲ្យក្រុមគ្រួសាររីករាយ?
ព្រះយេហូវ៉ាបានបង្ហាញអារម្មណ៍របស់លោកចំពោះលោកយេស៊ូដែលជាបុត្រលោក។ សូមអាន ម៉ាថាយ ១៧:៥ រួចពិភាក្សាសំណួរនេះ៖
តើតាមរបៀបណាអ្នកអាចយកតម្រាប់ព្រះយេហូវ៉ាក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមគ្រួសាររបស់អ្នក?
មនុស្សខ្លះនិយាយថា៖ «ខ្ញុំគិតយ៉ាងណា ខ្ញុំនិយាយយ៉ាងនោះ។ ខ្ញុំមិនខ្វល់អំពីអារម្មណ៍របស់អ្នកឯទៀតទេ»។
តើអ្នកយល់ស្របទេ? ហេតុអ្វី?
សេចក្ដីសង្ខេប
ពាក្យសម្ដីរបស់យើងអាចមានឥទ្ធិពលល្អឬអាក្រក់ទៅលើអ្នកឯទៀត។ ដូច្នេះ យើងត្រូវគិតឲ្យបានដិតដល់អំពីអ្វីដែលយើងនិយាយ ពេលដែលយើងនិយាយ និងរបៀបដែលយើងនិយាយ។
រៀនសាឡើងវិញ
តើយើងអាចប្រើសមត្ថភាពនិយាយដើម្បីជួយអ្នកឯទៀតតាមរបៀបណាខ្លះ?
តើអ្នកចង់ជៀសវាងពីពាក្យសម្ដីបែបណា?
តើអ្វីអាចជួយយើងឲ្យនិយាយដោយសប្បុរសនិងដោយលើកទឹកចិត្តអ្នកឯទៀតជានិច្ច?
ស្វែងយល់ថែមទៀត
សូមរៀនអំពីអ្វីដែលអាចជួយអ្នកឲ្យជៀសវាងពីការប្រើពាក្យសម្ដីអាក្រក់។
«តើការជេរពិតជាអាក្រក់ខ្លាំងឬ?» (អត្ថបទក្នុងគេហទំព័រ)
សូមមើលអំពីរបៀបដែលអ្នកអាចជៀសវាងពីការនិយាយដើមគេ។
សូមអានអំពីរបៀបដែលព្រះយេហូវ៉ាបានជួយបុរសម្នាក់ឲ្យឈប់ប្រើពាក្យជេរប្រមាថ។