ជំពូកទី២៩
ការធ្វើឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារ
១ (ក) តើតាមរបៀបណាដែលគ្រួសារបានចាប់ផ្ដើមមានឡើង? (ខ) តើអ្វីជាព្រះរាជបំណងរបស់ព្រះចំពោះគ្រួសារ?
នៅពេលដែលព្រះយេហូវ៉ាបានបង្កើតបុរសនិងស្ត្រីទីមួយ ទ្រង់បានផ្សំផ្គុំពួកគេជាមួយគ្នា ដើម្បីបង្កើតឲ្យមានគ្រួសារមួយ។ (លោកុប្បត្តិ ២:២១-២៤; ម៉ាថាយ ១៩:៤-៦) ព្រះរាជបំណងរបស់ព្រះចំពោះស្វាមីភរិយានេះ គឺដើម្បីចម្រើនឲ្យបានគ្នាជាច្រើនឡើងដោយសារការបង្កើតកូនចៅ។ បន្ទាប់មក នៅពេលដែលកូនចៅបានពេញរូបរាងហើយនោះ ពួកគេនឹងត្រូវរៀបអាពាហ៍ពិពាហ៍ ហើយបង្កើតឲ្យបានជាគ្រួសាររបស់ពួកគេផ្ទាល់។ នេះជាព្រះរាជបំណងរបស់ព្រះ ដែលជាយថាហេតុ គ្រួសារទាំងអស់ដែលប្រកបដោយសុភមង្គលនឹងត្រូវរស់នៅក្នុងដំបន់ទាំងអស់នៅលើផែនដីនេះ។ ពួកគេនឹងកសាងផែនដីទាំងមូលនេះឲ្យទៅជាសួនមនោរម្យដ៏ស្អាតនៅគ្រប់ទីកន្លែង។—លោកុប្បត្តិ ១:២៨
២, ៣ (ក) ហេតុអ្វីក៏យើងមិនអាចបន្ទោសព្រះចំពោះបរាជ័យក្នុងគ្រួសារ? (ខ) តើអ្វីជាការចាំបាច់ ដើម្បីឲ្យអរសប្បាយនឹងជីវភាពគ្រួសារឲ្យបានជោគជ័យនោះ?
២ ប៉ុន្តែ សព្វថ្ងៃនេះ គ្រួសារជាច្រើនកំពុងតែបែកបាក់គ្នា ហើយគ្រួសារជាច្រើនទៀតដែលរស់នៅជួបជុំគ្នានៅឡើយ ក៏នៅតែគ្មានសុភមង្គលដែរ។ ដូច្នេះ បុគ្គលម្នាក់ប្រហែលជាសួរថា៖ ‹ប្រសិនបើគ្រួសារពិតជាបានបង្កើតដោយសារព្រះមែននោះ តើយើងមិនសង្ឃឹមថានឹងបានលទ្ធផលប្រសើរជាងនេះទេឬ›? ទោះជាយ៉ាងណាក៏ដោយ យើងមិនអាចបន្ទោសព្រះ ចំពោះបរាជ័យក្នុងគ្រួសារបានទេ។ ក្រុមហ៊ុនមួយប្រហែលជាបង្កើតបានផលិតផលមួយយ៉ាង ហើយបានផ្ដល់ឲ្យអនុទ្ទេសមួយច្បាប់សំរាប់របៀបប្រើរបស់នោះ។ ប៉ុន្តែ តើជាកំហុសរបស់ក្រុមហ៊ុននោះឬ ប្រសិនបើផលិតផលនោះមិនដើរស្រួលដោយព្រោះតែអ្នកទិញមិនធ្វើតាមអនុទ្ទេសនោះ? មិនមែនដូច្នេះឡើយ។ ផលិតផលនោះ ទោះបីជាវាមានគុណភាពល្អពេញខ្នាតយ៉ាងណាក៏ដោយ ក៏វាមិនដើរបានស្រួលឡើយ បើមិនប្រើវាឲ្យបានត្រឹមត្រូវនោះ។ នេះក៏ដូចគ្នានឹងគ្រួសារដែរ។
៣ ព្រះយេហូវ៉ា ទ្រង់បានប្រទាននូវសេចក្ដីណែនាំនៅក្នុងព្រះគម្ពីរសំរាប់ជីវភាពគ្រួសារ។ ប៉ុន្តែ ប្រសិនបើសេចក្ដីណែនាំទាំងនេះមិនបានត្រូវអើពើទេនោះ តើនឹងបានលទ្ធផលយ៉ាងណាទៅ? ទោះបីការរៀបចាត់ចែងគ្រួសារជាការល្អគ្រប់លក្ខណៈក៏ដោយ ក៏អាចមានការបែកបាក់គ្នាដែរ។ អញ្ចឹង សមាជិកនៃគ្រួសារនឹងមិនមានសុភមង្គលទេ។ ម្យ៉ាងវិញទៀត ប្រសិនបើគោលការណ៍ណែនាំនៅក្នុងព្រះគម្ពីរបានត្រូវកាន់តាមនោះ នេះនឹងធ្វើឲ្យគ្រួសារប្រកបទៅដោយជោគជ័យនិងសុភមង្គលជាមិនខាន។ ដូច្នេះហើយ ជាការសំខាន់ណាស់ ដែលយើងត្រូវយល់ឲ្យបានច្បាស់ អំពីរបៀបដែលព្រះបានបង្កើតសមាជិកផ្សេងៗនៃក្រុមគ្រួសារ ហើយអំពីមុខនាទីដែលទ្រង់មានបំណងឲ្យពួកគេបំពេញនោះ។
របៀបដែលព្រះបានបង្កើតបុរសនិងស្ត្រី
៤ (ក) តើបុរសនិងស្ត្រីមានភាពខុសគ្នាយ៉ាងណាខ្លះ? (ខ) ហេតុអ្វីក៏ព្រះបានបង្កើតឲ្យមានភាពខុសគ្នាបែបនេះ?
៤ អ្នកណាក៏អាចឃើញដែរថា ព្រះយេហូវ៉ាមិនបានបង្កើតបុរសនិងស្ត្រីឲ្យដូចគ្នាទេ។ ពិតមែន ពួកគេមានលក្ខណៈស្រដៀងគ្នាជាច្រើនយ៉ាង។ ប៉ុន្តែ មានភាពខុសគ្នាជាច្រើនខាងរូបរាងកាយនិងខាងលក្ខណៈនៃភេទដែរ។ ពួកគេក៏មានគុណសម្បត្ដិខាងអារម្មណ៍ផ្សេងពីគ្នាដែរ។ ហេតុអ្វីក៏មានភាពខុសគ្នាអញ្ចឹង? ព្រះបានបង្កើតពួកគេតាមរបៀបដូចនេះ ដើម្បីជួយគេម្នាក់ៗក្នុងការបំពេញមុខនាទីរៀងៗខ្លួន។ ក្រោយពីព្រះបានបង្កើតបុរស ទ្រង់បានមានបន្ទូលថា៖ «គឺមិនជាការល្អទេ ដែលបុរសនេះបន្តរស់នៅតែម្នាក់ឯង។ អញនឹងបង្កើតអ្នកជំនួយម្នាក់សំរាប់វា ដើម្បីជាគូបង្គ្រប់ចំពោះវា»។—លោកុប្បត្តិ ២:១៨, ពថ
៥ (ក) តើស្ត្រីបានបង្កើតមកជា «គូបង្គ្រប់»សំរាប់បុរសយ៉ាងណា? (ខ) តើអាពាហ៍ពិពាហ៍លើកទីមួយបានរៀបឡើងនៅទីណា? (គ) ហេតុអ្វីក៏អាពាហ៍ពិពាហ៍អាចទៅជាការរៀបចំដ៏រីករាយមួយបាន?
៥ គូបង្គ្រប់ជាអ្វីមួយដែលធ្វើឲ្យស៊ីគ្នា ឬក៏សមនឹងអ្វីមួយផ្សេងទៀត ដើម្បីធ្វើឲ្យបានពេញលេញ។ ព្រះបានបង្កើតស្ត្រីជាគូដ៏ជាទីពេញចិត្តសំរាប់បុរស ដើម្បីជួយគាត់ក្នុងការសម្រេចនូវសេចក្ដីបង្គាប់របស់ព្រះ ឲ្យបង្កើតកូនចៅជាច្រើននិងឲ្យរក្សាផែនដីនេះ។ ដូច្នេះ ក្រោយពីបានបង្កើតស្ត្រីពីផ្នែកមួយរបស់បុរស ព្រះបានរៀបអាពាហ៍ពិពាហ៍ជាលើកទីមួយ នៅក្នុងសួនច្បារអេដែន ដោយ‹នាំ[នាង]ទៅឯអ័ដាម›។ (លោកុប្បត្តិ ២:២២; កូរិនថូសទី១ ១១:៨, ៩) អាពាហ៍ពិពាហ៍អាចទៅជាការរៀបចំដ៏រីករាយមួយ ពីព្រោះបុរសនិងស្ត្រីម្នាក់ៗបានត្រូវបង្កើតមកដោយមានសេចក្ដីត្រូវការ ដែលមានតែម្នាក់ទៀតមានសមត្ថភាពនឹងបំពេញបាន។ គុណសម្បត្ដិខុសៗគ្នារបស់ពួកគេ ជួយថ្លឹងថ្លែងគ្នាទៅវិញទៅមក។ ពេលណាដែលស្វាមីនិងភរិយាចេះអធ្យាស្រ័យហើយអបអរគ្នាទៅវិញទៅមក និងរួមកម្លាំងគ្នាធ្វើតាមមុខនាទីដែលបានចាត់មកនោះ ពួកគេម្នាក់ៗនឹងជួយផ្ដល់ចំណែករបស់គេរៀងៗខ្លួនក្នុងការកសាងគ្រួសារមួយឲ្យមានសុភមង្គលបាន។
មុខនាទីរបស់ស្វាមី
៦ (ក) តើអ្នកណាដែលបានត្រូវធ្វើជាមេគ្រួសារនោះ? (ខ) ហេតុអ្វីក៏ការនេះជាការត្រឹមត្រូវនិងមានប្រយោជន៍?
៦ អាពាហ៍ពិពាហ៍មួយ ឬក៏គ្រួសារមួយត្រូវការជាចាំបាច់នូវការនាំមុខ។ បុរសបានត្រូវបង្កើតមកដោយមានគុណសម្បត្ដិនិងកម្លាំងជាច្រើន ដើម្បីតម្រូវឲ្យផ្ដល់នូវការនាំមុខបែបនេះ។ ចំពោះមូលហេតុនេះ ព្រះគម្ពីរបានចែងថា៖ «ដ្បិតប្ដីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ»។ (អេភេសូរ ៥:២៣) ការនេះមានប្រយោជន៍ណាស់ ពីព្រោះកាលណាមិនមានការនាំមុខទេ នោះនឹងមានបញ្ហាហើយការច្របូកច្របល់ជាមិនខាន។ ចំពោះគ្រួសារដែលគ្មានការនាំមុខនោះ គឺដូចជាការខំព្យាយាមបើកបររថយន្តដែលគ្មានចង្កូតអញ្ចឹង។ ឬក៏ប្រសិនបើភរិយាប្រកួតប្រជែងនឹងការនាំមុខបែបនេះ គឺដូចជាមានអ្នកបើកបរពីរនាក់ក្នុងរថយន្តមួយ ហើយម្នាក់ៗមានចង្កូតរៀងៗខ្លួន កាន់ទប់កង់ខាងមុខម្នាក់មួយ។
៧ (ក) ហេតុអ្វីក៏ស្ត្រីខ្លះមិនចូលចិត្តនឹងយោបល់ដែលថាបុរសជាមេគ្រួសារនោះ? (ខ) តើម្នាក់ៗមានមេនាំមុខមួយទេ ហើយហេតុអ្វីក៏ការរៀបចំរបស់ព្រះឲ្យមានការនាំមុខជាការដែលមានប្រាជ្ញានោះ?
៧ ប៉ុន្តែ ស្ត្រីជាច្រើនមិនចូលចិត្តនឹងយោបល់ដែលថាបុរសជាមេគ្រួសារនោះទេ។ មូលហេតុដ៏សំខាន់បំផុតមួយគឺថា ស្វាមីជាច្រើនមិនបានកាន់តាមការណែនាំរបស់ព្រះអំពីរបៀបអនុវត្តន៍ការនាំមុខឲ្យបានត្រឹមត្រូវនោះឡើយ។ យ៉ាងណាក៏ដោយ ហេតុការណ៍ដ៏ជាក់ស្តែងដែលគេទទួលស្គាល់នោះគឺ ចំពោះអង្គការណាក្ដី ដើម្បីធ្វើប្រតិបត្ដិការឲ្យបានស្រួល គឺត្រូវតែមានអ្នកណាម្នាក់ផ្ដល់នូវការដឹកនាំហើយធ្វើការសម្រេចផ្ដាច់ព្រ័ត្រ។ អញ្ចឹងហើយ បានជាព្រះគម្ពីរបានចែងដោយប្រាជ្ញាថា៖ «ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ»។ (កូរិនថូសទី១ ១១:៣) នៅក្នុងការរៀបចំចាត់ចែងរបស់ព្រះ មានតែព្រះទេដែលមិនមានមេនាំមុខ។ អ្នកផ្សេងទៀតទាំងអស់ រួមទាំងព្រះយេស៊ូវគ្រីស្ទ ហើយស្វាមីនិងភរិយាទាំងឡាយ ត្រូវតែទទួលយកការដឹកនាំហើយចុះចូលនឹងសេចក្ដីសម្រេចរបស់អ្នកផ្សេង។
៨ (ក) តើគំរូរបស់អ្នកណាដែលស្វាមីទាំងឡាយត្រូវតែយកតម្រាប់តាម ក្នុងការអនុវត្តការនាំមុខនោះ? (ខ) តើមេរៀនអ្វីខ្លះ ដែលស្វាមីត្រូវតែរៀនពីគំរូនោះ?
៨ នេះបានសេចក្ដីថា ដើម្បីបំពេញមុខនាទីរបស់គេជាស្វាមី បុរសត្រូវព្រមទទួលការនាំមុខរបស់ព្រះគ្រីស្ទ។ ពួកគេក៏ត្រូវកាន់តាមគំរូរបស់ទ្រង់ ដោយអនុវត្តការនាំមុខទៅលើភរិយារបស់ពួកគេ ដូចជាទ្រង់បានអនុវត្តទៅលើក្រុមជំនុំនៃពួកអ្នកកាន់តាមទ្រង់នោះដែរ។ តើព្រះគ្រីស្ទបានប្រព្រឹត្តយ៉ាងណា ចំពោះពួកអ្នកកាន់តាមទ្រង់ពីដើមនៅផែនដីនោះ? គឺតាមរបៀបដែលប្រកបដោយសប្បុរសនិងព្រះទ័យចេះគិតគូរជានិច្ច។ ទ្រង់មិនដែលមានព្រះទ័យឆេវឆាវ ឬក៏ឆាប់ខ្ញាល់ឡើយ ទោះបីពេលពួកគេមានការយឺតយូរនឹងទទួលយកការដឹកនាំរបស់ទ្រង់ក៏ដោយ។ (ម៉ាកុស ៩:៣៣-៣៧; ១០:៣៥-៤៥; លូកា ២២:២៤-២៧; យ៉ូហាន ១៣:៤-១៥) តាមការពិត ទ្រង់បានស្ម័គ្រព្រះហឫទ័យប្រទានព្រះជន្មទ្រង់សំរាប់ពួកគេទៀត។ (យ៉ូហានទី១ ៣:១៦) ស្វាមីដែលជាជនគ្រីស្ទានត្រូវតែខំសិក្សាឲ្យបានហ្មត់ចត់នូវគំរូរបស់ព្រះគ្រីស្ទ ហើយត្រូវអនុវត្តតាមការនោះដោយវិធីដ៏ប្រសើរបំផុតដែលគាត់អាចធ្វើទៅបាន នៅពេលដែលធ្វើការទាក់ទងជាមួយនឹងគ្រួសាររបស់គាត់។ ជាលទ្ធផល គាត់នឹងមិនទៅជាមេគ្រួសារដែលប្រើអំណាច អញនិយម ឬក៏ឥតគិតក្រែងដល់អ្នកដទៃនោះឡើយ។
៩ (ក) តើភរិយាជាច្រើនមានការត្អូញត្អែរអ្វីខ្លះ? (ខ) តើស្វាមីទាំងឡាយគួរតែកំណត់អ្វីទុកក្នុងចិត្ត កាលដែលគាត់កំពុងតែអនុវត្តការនាំមុខនោះ?
៩ ប៉ុន្តែ ម្យ៉ាងវិញទៀត ស្វាមីទាំងឡាយគួរតែពិចារណាអំពីរឿងនេះថា៖ តើភរិយារបស់អ្នកមានការត្អូញត្អែរថា អ្នកពិតជាមិនបានប្រព្រឹត្តឲ្យសមជាមេគ្រួសារឬទេ? តើនាងនិយាយថា អ្នកមិនបានដឹកនាំក្រុមគ្រួសារ មិនគ្រោងសកម្មភាពផ្សេងៗសំរាប់គ្រួសារ ហើយមិនអនុវត្តភារៈរបស់ខ្លួនក្នុងការសម្រេចចិត្តជាផ្ដាច់ព្រ័ត្រឬ? ប៉ុន្តែ ការនេះហើយដែលព្រះបានតម្រូវឲ្យអ្នកជាស្វាមីម្នាក់ ត្រូវតែធ្វើនោះ។ ពិតមែនហើយ នេះជាការប្រកបដោយប្រាជ្ញាចំពោះលោកអ្នក ក្នុងការបើកឲ្យសមាជិកដទៃទៀតនៃគ្រួសារបញ្ចេញយោបល់និងចំណូលចិត្ត ហើយយកយោបល់ទាំងនេះមកវែកញែកមើល នៅកាលដែលអ្នកអនុវត្តការនាំមុខនោះ។ ជាស្វាមី លោកអ្នកពិតជាមានមុខនាទីលំបាកជាងគេនៅក្នុងគ្រួសារ។ ប៉ុន្តែ ប្រសិនបើលោកអ្នកខិតខំដោយស្មោះអស់ពីចិត្តដើម្បីបំពេញករណីយកិច្ចនេះ ភរិយារបស់អ្នកនឹងច្បាស់ជាមានចិត្តចង់ផ្ដល់នូវជំនួយនិងការជ្រោមជ្រែងដល់អ្នកជាមិនខាន។—សុភាសិត ១៣:១០; ១៥:២២
បំពេញមុខនាទីជាភរិយា
១០ (ក) តើរបៀបប្រព្រឹត្ដិណាដែលព្រះគម្ពីរបានជម្រុញភរិយាទាំងឡាយឲ្យធ្វើនោះ? (ខ) តើមានអ្វីកើតឡើងពេលដែលភរិយាមិនព្រមធ្វើតាមដំបូន្មានរបស់ព្រះគម្ពីរនោះ?
១០ ដូចជាព្រះគម្ពីរបានចែងមក ស្ត្រីបានត្រូវបង្កើតមកជាជំនួយដើម្បីជួយស្វាមីរបស់នាង។ (លោកុប្បត្តិ ២:១៨) ក្នុងការអនុវត្តន៍តាមមុខនាទីនេះ ព្រះគម្ពីរបានណែនាំថា៖ «ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្ដីខ្លួន»។ (អេភេសូរ ៥:២២) សព្វថ្ងៃនេះ ការឈ្លានពាននិងការប្រកួតប្រជែងរបស់ស្ត្រីជាមួយនឹងបុរសបានទៅជាការនិយមទួទៅ។ ប៉ុន្តែ កាលណាភរិយាទាំងឡាយខំដណ្ដើមទៅមុខ ខំប្រឹងយកឈ្នះការនាំមុខនោះ ការប្រព្រឹត្តរបស់ពួកគេនេះច្បាស់ជាបណ្ដាលឲ្យមានរឿងរ៉ាវហើយ។ បើនិយាយឲ្យចំទៅ ស្វាមីជាច្រើនតែងតែពោលដូចនេះថា៖ ‹បើនាងចង់គ្រប់គ្រងគ្រួសារ ទុកឲ្យនាងធ្វើទៅចុះ›។
១១ (ក) តើភរិយាអាចជួយស្វាមីរបស់ខ្លួនឲ្យអនុវត្តការនាំមុខយ៉ាងណាបាន? (ខ) ប្រសិនបើភរិយាបំពេញមុខនាទីរបស់នាងដែលព្រះបានប្រទានមកនោះ តើនឹងមានអានុភាពយ៉ាងណាទៅលើស្វាមីរបស់នាង?
១១ ប៉ុន្តែ អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកត្រូវបានបង្ខំឲ្យដឹកនាំគ្រួសារ ពីព្រោះស្វាមីរបស់អ្នកមិនព្រមធ្វើដូច្នេះ។ តែ តើអ្នកអាចធ្វើបានថែមទៀតទេ ដើម្បីជួយគាត់ឲ្យបំពេញភារៈរបស់គាត់ជាមេគ្រួសារនោះ? តើអ្នកសម្ដែងឲ្យឃើញថា អ្នកចាត់ទុកគាត់ជាអ្នកនាំមុខទេ? តើអ្នកសូមយោបល់និងការណែនាំរបស់គាត់ទេ? តើអ្នកចៀសវាងក្នុងការនិយាយមើលងាយចំពោះអ្វីៗដែលគាត់ធ្វើទេ? ប្រសិនបើអ្នកពិតជាខំប្រឹងប្រែងក្នុងការបំពេញមុខនាទីរបស់អ្នកដែលព្រះបានប្រទានមកនៅក្នុងគ្រួសារនោះ ស្វាមីរបស់អ្នកប្រហែលជានឹងចាប់ផ្ដើមទទួលកាន់កាប់ភារៈរបស់គាត់ដែរ។—កូល៉ុស ៣:១៨, ១៩
១២ តើអ្វីដែលបង្ហាញថា ភរិយាអាចបញ្ចេញយោបល់បានយ៉ាងត្រឹមត្រូវ ទោះបីបើយោបល់ទាំងនោះមិនយល់ស្របនឹងយោបល់ស្វាមីរបស់នាងក៏ដោយ?
១២ រឿងនេះមិនមែនថា ភរិយាមិនគួរបញ្ចេញយោបល់របស់នាងនោះទេ ប្រសិនបើនោះខុសពីយោបល់របស់ស្វាមីនាង។ នាងប្រហែលជាមានទស្សនៈត្រឹមត្រូវ ហើយគ្រួសារនឹងបានទទួលប្រយោជន៍ ប្រសិនបើស្វាមីរបស់នាងបានស្ដាប់តាមនាង។ ភរិយារបស់លោកអ័ប្រាហាំ នាងសារ៉ា ជាគំរូមួយសំរាប់ភរិយាគ្រីស្ទានទាំងឡាយ ដោយព្រោះតែការចុះចូលនឹងស្វាមីរបស់នាង។ (ពេត្រុសទី១ ៣:១, ៥, ៦) នាងសារ៉ាបានឲ្យយោបល់សំរាប់ការដោះស្រាយនូវបញ្ហាគ្រួសារមួយ ហើយពេលដែលលោកអ័ប្រាហាំមិនយល់ព្រមតាមនាងនោះ ព្រះបានមានបន្ទូលប្រាប់គាត់ថា៖ «ត្រូវស្ដាប់តាម[នាង]»។ (លោកុប្បត្តិ ២១:៩-១២) ពិតមែនហើយ នៅពេលដែលស្វាមីធ្វើការសម្រេចផ្ដាច់ព្រ័ត្រទៅលើរឿងណាមួយ ភរិយាត្រូវតែជួយជ្រោមជ្រែងនឹងការនោះ ប្រសិនបើការធ្វើដូច្នេះមិនបណ្ដាលឲ្យនាងប្រព្រឹត្តល្មើសនឹងក្រិត្យវិន័យរបស់ព្រះនោះ។—កិច្ចការ ៥:២៩
១៣ តើភរិយាដ៏ល្អនឹងត្រូវធ្វើអ្វីខ្លះ ហើយតើនឹងមានអានុភាពយ៉ាងណាទៅលើគ្រួសាររបស់នាង?
១៣ ក្នុងការបំពេញមុខនាទីរបស់នាងឲ្យបានត្រឹមត្រូវនោះ គឺមានកិច្ចការជាច្រើនដែលភរិយាអាចធ្វើក្នុងការជួយទំនុកបំរុងគ្រួសារ។ ឧទាហរណ៍ នាងអាចរៀបចំម្ហូបអាហារដែលមានរសជាតិយ៉ាងឆ្ងាញ់ រក្សាផ្ទះសម្បែងឲ្យបានស្អាតនិងឲ្យមានរបៀបរៀបរយ ហើយចូលរួមក្នុងការអប់រំកូនចៅផង។ ព្រះគម្ពីរបានជម្រុញស្ត្រីដែលរៀបការហើយ«ឲ្យគេស្រឡាញ់ប្ដីនឹងកូនខ្លួន ឲ្យមានចិត្តធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្តល្អ នឹងចុះចូលចំពោះប្ដី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ»។ (ទីតុស ២:៤, ៥) ភរិយានិងម្ដាយដែលបំពេញភារកិច្ចទាំងនេះបាន នឹងទទួលនូវសេចក្ដីស្រឡាញ់ដ៏យូរអង្វែងនិងសេចក្ដីគោរពពីគ្រួសាររបស់នាងជាមិនខាន។—សុភាសិត ៣១:១០, ១១, ២៦-២៨
មុខនាទីរបស់កូនចៅនៅក្នុងគ្រួសារ
១៤ (ក) តើមុខនាទីដ៏ត្រឹមត្រូវរបស់កូនចៅនៅក្នុងគ្រួសារជាអ្វី? (ខ) តើកូនចៅអាចរៀនបានអ្វីខ្លះ ពីគំរូរបស់ព្រះយេស៊ូវ?
១៤ ព្រះយេហូវ៉ាបានបង្គាប់គូស្វាមីភរិយាទីមួយថា៖ «ចូរបង្កើតកូនចៅឲ្យបានជាច្រើនឡើង»។ (លោកុប្បត្តិ ១:២៨) មែនហើយ ព្រះបានមានបន្ទូលប្រាប់ពួកគេឲ្យមានកូនចៅ។ កូនចៅត្រូវបានចាត់ទុកជាពរដល់គ្រួសារ។ (ទំនុកដំកើង ១២៧:៣-៥) ដោយពួកគេនៅក្រោមច្បាប់និងក្រិត្យវិន័យរបស់ឪពុកម្ដាយនោះ ព្រះគម្ពីរបានប្រៀបធៀបឋានៈកូនចៅទៅនឹងបាវបម្រើ។ (សុភាសិត ១:៨; ៦:២០-២៣; កាឡាទី ៤:១) សូម្បីតែព្រះយេស៊ូវក៏នៅតែធ្វើតាមបង្គាប់របស់មាតាបិតារបស់ទ្រង់ដែរ ពេលដែលទ្រង់នៅមានព្រះជន្មវ័យក្មេងនោះ។ (លូកា ២:៥១) នេះបានសេចក្ដីថា ទ្រង់គោរពស្ដាប់បង្គាប់ពួកគេហើយប្រព្រឹត្តតាមអ្វីដែលគេណែនាំដែរ។ ប្រសិនបើកូនក្មេងទាំងអស់ប្រព្រឹត្តដូចនេះ នោះនឹងពិតជានាំឲ្យមានសុភមង្គលដល់គ្រួសារជាមិនខាន។
១៥ ហេតុអ្វីក៏កូនចៅតែងតែជាការពិបាកចិត្តចំពោះមាតាបិតា?
១៥ ប៉ុន្តែ ជាជាងទៅជាពរដល់គ្រួសារ កូនចៅសព្វថ្ងៃនេះតែងតែជាមូលហេតុនៃការពិបាកចិត្តចំពោះឪពុកម្ដាយទៅវិញ។ ហេតុអ្វីក៏ដូច្នេះ? រឿងនេះមកពីកូនចៅ និងឪពុកម្ដាយមិនបានអនុវត្តក្នុងជីវិតរបស់គេនូវសេចក្ដីប្រៀនប្រដៅនៃព្រះគម្ពីរសំរាប់ជីវភាពគ្រួសារ។ តើក្រិត្យវិន័យ និងគោលការណ៍របស់ព្រះទាំងនេះមានអ្វីខ្លះ? សូមឲ្យយើងពិនិត្យក្រិត្យខ្លះៗនៅទំព័រតទៅនេះ។ កាលណាយើងពិនិត្យអំពីការនោះ សូមគិតទៅមើល ថាតើលោកអ្នកមិនស្របតាមទេឬ ដែលដោយសារការអនុវត្តតាមច្បាប់ទាំងនោះ លោកអ្នកអាចផ្ដល់សុភមង្គលដល់គ្រួសាររបស់លោកអ្នកជាមិនខាននោះ។
ស្រឡាញ់និងឲ្យកិត្ដិយសដល់ភរិយារបស់អ្នក
១៦ តើស្វាមីទាំងឡាយបានត្រូវបញ្ជាឲ្យធ្វើអ្វី ហើយតាមរបៀបណាដែលបទបញ្ជាទាំងនេះនឹងត្រូវអនុវត្តតាមយ៉ាងត្រឹមត្រូវនោះ?
១៦ ដោយមានប្រាជ្ញាពីព្រះ ព្រះគម្ពីរបានចែងថា៖ «ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ»។ (អេភេសូរ ៥:២៨-៣០) ម្ដងហើយម្ដងទៀត ការពិសោធន៍បានបង្ហាញឲ្យឃើញថា ចំពោះភរិយាដើម្បីឲ្យបានសប្បាយចិត្ត ពួកគេត្រូវតែដឹងក្នុងអារម្មណ៍ថា ស្វាមីរបស់ពួកគេស្រឡាញ់គេ។ ការនេះបានសេចក្ដីថា ស្វាមីត្រូវតែផ្ដល់ឲ្យភរិយារបស់ខ្លួននូវការយកចិត្តទុកដាក់ពិសេស រួមទាំងការថ្នាក់ថ្នម ចិត្តអធ្យាស្រ័យនិងការបង្កើតឲ្យមានសេចក្ដីទុកចិត្តផង។ គាត់ត្រូវតែ‹រាប់អាននាង›ជាចាំបាច់ ដូចជាព្រះគម្ពីរបានចែងមកអញ្ចឹង។ គាត់អាចធ្វើការទាំងនេះបាន ដោយចេះគិតដល់នាងនូវគ្រប់កិច្ចការទាំងអស់ដែលគាត់ធ្វើ។ ដោយការធ្វើយ៉ាងនេះ គាត់នឹងបានផលជាសេចក្ដីគោរពពីនាងជាមិនខាន។—ពេត្រុសទី១ ៣:៧
គោរពស្វាមីរបស់អ្នក
១៧ តើភរិយាទាំងឡាយត្រូវបញ្ជាឲ្យធ្វើអ្វី ហើយតើពួកគេអាចធ្វើកិច្ចការនេះបានយ៉ាងណា?
១៧ ហើយតើចំពោះភរិយាយ៉ាងណាដែរ? ព្រះគម្ពីរបានចែងថា៖ «ប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ»។ (អេភេសូរ ៥:៣៣) ការមិនប្រព្រឹត្តតាមដំបូន្មាននេះ ជាមូលហេតុធំមួយ ដែលស្វាមីខ្លះមិនសប្បាយចិត្តនឹងភរិយាខ្លួន។ ភរិយាបង្ហាញនូវការគោរព ដោយការគាំទ្រសេចក្ដីសម្រេចចិត្តរបស់ស្វាមី និងដោយការធ្វើសហប្រតិបត្ដិការជាមួយគាត់ឲ្យអស់ពីចិត្តពីគំនិត ដើម្បីឲ្យបានសម្រេចគោលដៅនៃគ្រួសារនោះ។ ដោយការបំពេញមុខនាទីរបស់នាងដែលព្រះគម្ពីរបានចែងមកជាអ្នក‹ជំនួយ និងគូបង្គ្រប់›ចំពោះស្វាមីនោះ នាងនឹងធ្វើឲ្យស្រួលចំពោះស្វាមីរបស់នាងឲ្យស្រឡាញ់នាងដែរ។—លោកុប្បត្តិ ២:១៨, ពថ
ត្រូវស្មោះត្រង់រវាងគ្នានឹងគ្នា
១៨ ហេតុអ្វីក៏ស្វាមីភរិយាត្រូវតែស្មោះត្រង់នឹងគ្នាទៅវិញទៅមក?
១៨ ព្រះគម្ពីរបានចែងថា៖ «ស្វាមីនិងភរិយាត្រូវតែស្មោះត្រង់នឹងគ្នាទៅវិញទៅមក»។ ចំពោះស្វាមីព្រះគម្ពីរបានចែងថា៖ «ចូរសប្បាយជាមួយនឹងភរិយារបស់អ្នកចុះ ហើយចូរឲ្យមានសេចក្ដីរីករាយជាមួយស្ត្រីដែលអ្នករៀបការជាមួយ . . . ចុះហេតុអ្វីបានជាអ្នកត្រូវស្រឡាញ់ស្ត្រីឯទៀត? ហេតុអ្វីបានជាអ្នកចូលចិត្តវិភាពនៃភរិយារបស់ជនឯទៀតដូច្នេះ» (ហេព្រើរ ១៣:៤; សុភាសិត ៥:១៨-២០, សេចក្ដីបកប្រែព្រះគម្ពីរអង់គ្លេសសំរាប់សព្វថ្ងៃនេះ) មែនហើយ សេចក្ដីកំផិតជាការប្រឆាំងនឹងក្រិត្យវិន័យរបស់ព្រះ ជាការនាំឲ្យមានរឿងរ៉ាវក្នុងគ្រួសារ។ អ្នកស្រាវជ្រាវខាងអាពាហ៍ពិពាហ៍ម្នាក់បានកត់សម្គាល់រឿងនេះថា «មនុស្សជាច្រើនគិតថា ការសហាយស្មន់អាចបន្ថែមរសជាតិដល់អាពាហ៍ពិពាហ៍» ប៉ុន្តែលោកស្រីបានបន្ថែមទៀតថា ការសហាយស្មន់តែងតែនាំឲ្យមាន«បញ្ហាធំមួយ»ជានិច្ច។—សុភាសិត ៦:២៧-២៩, ៣២
បំពេញការកំសាន្តនៃស្វាមីឬភរិយារបស់អ្នក
១៩ តើស្វាមីភរិយាអាចទទួលការសប្បាយដ៏ច្រើនអនេក ពីការរួមសង្វាសបានយ៉ាងណា?
១៩ សុភមង្គលមិនមែនបានមក ពេលណាដែលបុគ្គលម្នាក់រកការកំសាន្តខាងកាមតណ្ហាសំរាប់តែខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ គឺបានមកដោយសារការខំតម្រូវឲ្យពេញចិត្តគូរបស់ខ្លួនវិញ។ ព្រះគម្ពីរបានចែងថា៖ «ត្រូវឲ្យប្ដីប្រព្រឹត្តនឹងប្រពន្ធដោយចិត្តសប្បុរស ហើយត្រូវឲ្យប្រពន្ធប្រព្រឹត្តនឹងប្ដីក៏ដូច្នោះដែរ»។ (កូរិនថូសទី១ ៧:៣) សេចក្ដីដៅបញ្ជាក់គឺនៅពាក្យការប្រព្រឹត្តនឹង ការឲ្យ។ ហើយដោយសារការឲ្យ អ្នកឲ្យក៏ទទួលការសប្បាយចិត្តដ៏ពិតប្រាកដដែរ។ រឿងនេះដូចជាព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលថា៖ «ដែលឲ្យ នោះបានពរជាងទទួល»។—កិច្ចការ ២០:៣៥
ចំណាយពេលជាមួយកូនចៅរបស់អ្នក
២០ ហេតុអ្វីក៏ការធ្វើអ្វីៗជាមួយកូនចៅរបស់ខ្លួនជាការសំខាន់?
២០ កូនក្មេងដែលមានអាយុប្រហែលជាប្រាំបីឆ្នាំម្នាក់បាននិយាយថា៖ «ប៉ាខ្ញុំគាត់ធ្វើការរាល់តែដង។ គាត់មិនដែលនៅផ្ទះទេ។ គាត់បានឲ្យលុយខ្ញុំ និងប្រដាប់សំរាប់លេងជាច្រើន ប៉ុន្តែ ខ្ញុំស្ទើរតែមិនឃើញគាត់សោះ។ ខ្ញុំស្រឡាញ់គាត់ ហើយប្រាថ្នាចង់ឲ្យគាត់កុំធ្វើការរាល់តែដងពេក ដើម្បីឲ្យខ្ញុំអាចឃើញគាត់ឲ្យបានច្រើនទៀត»។ តើជីវភាពគ្រួសារនឹងបានប្រសើរជាយ៉ាងណាទៅ កាលណាឪពុកម្ដាយកាន់តាមបទបញ្ញត្តនៃព្រះគម្ពីរ ឲ្យបង្រៀនកូនចៅរបស់ខ្លួន ‹ពេលដែលពួកគេអង្គុយនៅក្នុងផ្ទះ ហើយពេលដែលពួកគេដើរតាមផ្លូវ ហើយក្នុងកាលដែលពួកគេទទួលទានដំណេក ហើយក្រោកឡើងផង›នោះ! ការចំណាយពេលដែលមានគុណភាពល្អជាមួយកូនចៅ ពិតជាផ្ដល់ឲ្យគ្រួសារនូវសុភមង្គលជាមិនខាន។—ចោទិយកថា ១១:១៩; សុភាសិត ២២:៦
ផ្ដល់នូវការប្រដែប្រដៅដែលត្រូវការជាចាំបាច់
២១ តើព្រះគម្ពីរបានចែងយ៉ាងណាខ្លះអំពីការប្រដែប្រដៅកូនចៅនោះ?
២១ ព្រះវរបិតាសួគ៌ារបស់យើងតាំងជាគំរូដ៏ត្រឹមត្រូវមួយចំពោះឪពុកម្ដាយទាំងឡាយ ដោយប្រទានទៅរាស្ត្រទ្រង់នូវសេចក្ដីបង្រៀនណែនាំ ឬក៏ការប្រដែប្រដៅ។ កូនចៅត្រូវការជាចាំបាច់នូវការប្រដែប្រដៅ។ (ហេព្រើរ ១២:៦; សុភាសិត ២៩:១៥) ដោយទទួលស្គាល់រឿងនេះ ព្រះគម្ពីរបានជម្រុញណែនាំថា៖ «ឪពុករាល់គ្នាអើយ . . . ចូរបង្រៀនវា[កូនចៅ]ទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់[ព្រះយេហូវ៉ា]វិញ»។ ការប្រដែប្រដៅ ទោះបីត្រូវវាយខ្លះ ឬក៏ដកយកសិទ្ធិណាមួយ គឺជាសក្ខីភាពដែលបង្ហាញថា ឪពុកម្ដាយស្រឡាញ់កូនចៅរបស់គេ។ ព្រះគម្ពីរបានចែងថា៖ «តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយផ្ចាលវា»។—អេភេសូរ ៦:៤; សុភាសិត ១៣:២៤; ២៣:១៣, ១៤
យុវជនអើយ—សូមទប់ទល់នឹងទម្លាប់របស់លោកីយ៍នេះ
២២ តើយុវជនមានករណីយកិច្ចណាខ្លះ ហើយត្រូវធ្វើយ៉ាងណាដើម្បីបំពេញកិច្ចការនេះ?
២២ លោកីយ៍នេះខំប្រឹងព្យាយាម ដើម្បីធ្វើឲ្យយុវជនទាំងឡាយប្រព្រឹត្តល្មើសនឹងក្រិត្យវិន័យរបស់ព្រះ។ ក៏ដូចជាព្រះគម្ពីរបានចែងដែរថា៖ «សេចក្ដីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង»។ (សុភាសិត ២២:១៥) ដូច្នេះ នេះជាការប្រយុទ្ធមួយ ដើម្បីប្រព្រឹត្តអ្វីដែលត្រឹមត្រូវ។ ប៉ុន្តែព្រះគម្ពីរបានចែងថា៖ «ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបបានត្រឹមត្រូវ»។ ការនេះនឹងនាំមកនូវរង្វាន់ដ៏សម្បើម។ ដូច្នេះ កូនចៅអើយ ចូរឲ្យមានប្រាជ្ញាឡើង។ ចូរគោរពដំបូន្មាន៖ «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»។ សូមទប់ទល់នឹងសេចក្ដីល្បួងឲ្យប្រើគ្រឿងញៀន ឲ្យប្រមឹក ប្រព្រឹត្តការសហាយស្មន់ និងប្រព្រឹត្តអំពើផ្សេងទៀត ដែលប្រឆាំងនឹងក្រិត្យវិន័យរបស់ព្រះនោះ។—អេភេសូរ ៦:១-៤; សាស្ដា ១២:១; សុភាសិត ១:១០-១៩
ការសិក្សាព្រះគម្ពីរជាមួយគ្នា
២៣ តើគ្រួសារសប្បាយនឹងប្រយោជន៍អ្វីខ្លះ ពីការសិក្សាព្រះគម្ពីរជាមួយគ្នានោះ?
២៣ ប្រសិនបើមានសមាជិកណាម្នាក់នៅក្នុងគ្រួសារ សិក្សានិងអនុវត្តសេចក្ដីបង្រៀនព្រះគម្ពីរ នោះនឹងនាំមកនូវសុភមង្គលដល់គ្រួសារជាមិនខាន។ ប៉ុន្តែ ប្រសិនបើសមាជិកទាំងអស់គ្នាសិក្សានោះ—ស្វាមី—ភរិយា និងកូនចៅ តើគ្រួសារនោះនឹងបានពោរពេញដោយពរយ៉ាងណាទៅហ្ន៎! គឺនឹងមានការទាក់ទងយ៉ាងកក់ក្ដៅ យ៉ាងជិតស្និទ្ធ ដោយបញ្ចេញយោបល់ឆ្លងឆ្លើយគ្នាតាមចិត្ត ក្នុងកាលដែលសមាជិកគ្រួសារម្នាក់ៗខិតខំជួយគ្នាទៅវិញទៅមកដើម្បីបម្រើព្រះយេហូវ៉ានោះ។ ដូច្នេះ សូមឲ្យការសិក្សាព្រះគម្ពីរជាមួយគ្នា ជាទម្លាប់សំរាប់គ្រួសារចុះ!—ចោទិយកថា ៦:៤-៩; យ៉ូហាន ១៧:៣
ការដោះស្រាយបញ្ហាគ្រួសារដោយជោគជ័យ
២៤ ហេតុអ្វីក៏ស្វាមីភរិយាគួរតែអនុញ្ញាតឲ្យនូវកំហុសខ្លះរវាងគ្នានឹងគ្នានោះ?
២៤ ទោះបីនៅក្នុងគ្រួសារ ដែលតាមធម្មតាមានសុភមង្គលក៏ដោយ មួយដងមួយកាលនឹងជួបប្រទះនូវបញ្ហាជាមិនខាន។ រឿងនេះគឺមកពីយើងទាំងអស់គ្នាមិនមានភាពល្អឥតខ្ចោះ ហើយប្រព្រឹត្តអំពើខុស។ ព្រះគម្ពីរបានចែងថា៖ «ដ្បិតយើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ»។ (យ៉ាកុប ៣:២) ដូច្នេះ ស្វាមីភរិយា មិនគួរទាមទាររកតែភាពល្អឥតខ្ចោះពីគ្នាទៅវិញទៅមកទេ។ ផ្ទុយទៅវិញ ម្នាក់ៗគួរតែអនុញ្ញាតឲ្យម្នាក់ទៀតនូវកំហុសខ្លះ។ ដូច្នេះហើយ ស្វាមីភរិយាមិនត្រូវសង្ឃឹមថា អាពាហ៍ពិពាហ៍របស់ខ្លួននឹងមានសុភមង្គលដ៏ល្អឥតខ្ចោះឡើយ ពីព្រោះការនេះមិនអាចសម្រេចបានទេចំពោះមនុស្សដែលមិនល្អឥតខ្ចោះនោះ។
២៥ តើបញ្ហាខាងអាពាហ៍ពិពាហ៍ត្រូវដោះស្រាយក្នុងសេចក្ដីស្រឡាញ់បានយ៉ាងណា?
២៥ ជាធម្មតាទេ ដែលស្វាមីភរិយានឹងចង់ខំប្រឹងប្រែងក្នុងការចៀសវាងអ្វីដែលធ្វើឲ្យរកាំចិត្តដល់គូរបស់ខ្លួននោះ។ ប៉ុន្តែ ទោះបីពួកគេខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយ នៅពេលខ្លះពួកគេនឹងធ្វើអ្វីដែលធ្វើឲ្យអាក់អន់ចិត្តគ្នាទៅវិញទៅមកជាមិនខាន។ តើបញ្ហាទាំងនេះនឹងត្រូវដោះស្រាយយ៉ាងណាបាន? ដំបូន្មាននៃព្រះគម្ពីរគឺ៖ «សេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត»។ (ពេត្រុសទី១ ៤:៨) ការនេះមានន័យថា ស្វាមីភរិយាដែលបង្ហាញសេចក្ដីស្រឡាញ់នោះ នឹងមិនចេះតែលើកសម្ដែងកំហុសដែលម្នាក់ទៀតបានធ្វើនោះឡើយ។ បើនិយាយឲ្យចំទៅ សេចក្ដីស្រឡាញ់នឹងបណ្ដាលឲ្យស្វាមីភរិយានិយាយថា ‹មែនហើយ ឯងបានធ្វើខុស។ ប៉ុន្តែជួនកាលខ្ញុំក៏ធ្វើខុសដែរ។ ដូច្នេះ ខ្ញុំបំភ្លេចកំហុសរបស់ឯង ហើយឯងក៏ត្រូវធ្វើដូច្នេះចំពោះខ្ញុំដែរ›។—សុភាសិត ១០:១២; ១៩:១១
២៦ ពេលដែលបញ្ហាខ្លះកើតមានឡើង តើអ្វីនឹងជួយក្នុងការដោះស្រាយរឿងនោះ?
២៦ កាលណាស្វាមីភរិយាស្ម័គ្រចិត្តទទួលកំហុស ហើយខំកែកំហុសខ្លួនវិញ ការឈ្លោះប្រកែកគ្នានិងការឈឺចិត្តជាច្រើននឹងអាចចៀសវាងបាន។ គោលបំណងរបស់ពួកគេ គឺត្រូវដោះស្រាយបញ្ហា មិនមែនចង់ឈ្នះចាញ់នូវជម្លោះនោះឡើយ។ ទោះបីគូរបស់អ្នកជាអ្នកធ្វើខុសក៏ដោយ សូមសម្រួលការដោះស្រាយបញ្ហានោះដោយសម្ដែងចិត្តសប្បុរសចុះ។ ប្រសិនបើអ្នកមានកំហុសវិញ សុំការអភ័យទោសដោយចិត្តរាបទាបចុះ។ សូមកុំពន្យាពេលឡើយ តែត្រូវដោះស្រាយបញ្ហានោះជាបន្ទាន់។ «កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ»។—អេភេសូរ ៤:២៦
២៧ តើការកាន់តាមដំបូន្មានណាក្នុងព្រះគម្ពីរ ដែលនឹងជួយស្វាមីភរិយាក្នុងការដោះស្រាយបញ្ហារបស់គេនោះ?
២៧ ជាពិសេស ប្រសិនបើអ្នកជាបុគ្គលដែលបានរៀបការរួចហើយនោះ អ្នកត្រូវកាន់តាមជាចាំបាច់នូវដំបូន្មានដែលថា«កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង»។ (ភីលីព ២:៤) លោកអ្នកត្រូវតែគោរពជាចាំបាច់នូវបទបញ្ជានៃព្រះគម្ពីរដែលថា៖ «ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ។ ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជា[ព្រះយេហូវ៉ា, ពថ]បានអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។—កូល៉ុស ៣:១២-១៤
២៨ (ក) តើការលែងលះគ្នាជាវិធីមួយ ដើម្បីដោះស្រាយបញ្ហារវាងស្វាមីភរិយាឬ? (ខ) តើព្រះគម្ពីរបានចែងថា មានមូលហេតុតែមួយណាចំពោះការលែងលះគ្នា ដែលបុគ្គលម្នាក់អាចមានសេរីភាពនឹងរៀបការជាថ្មីនោះ?
២៨ សព្វថ្ងៃនេះ ស្វាមីភរិយាជាច្រើនមិនបណ្ដោយឲ្យដំបូន្មានពីព្រះបន្ទូលរបស់ព្រះជួយដោះស្រាយបញ្ហារបស់គេទេ ប៉ុន្តែបែរជាពួកគេទាមទារលែងលះគ្នាវិញ។ តើព្រះពេញព្រះហឫទ័យនឹងការលែងលះគ្នា ជាផ្លូវដើម្បីដោះស្រាយបញ្ហាទេ? ទេ ទ្រង់មិនពេញព្រះហឫទ័យទេ។ (ម៉ាឡាគី ២:១៥, ១៦) ទ្រង់មានព្រះហឫទ័យចង់ឲ្យអាពាហ៍ពិពាហ៍ជាការរៀបចំដ៏អស់មួយជីវិត។ (រ៉ូម ៧:២) ព្រះគម្ពីរអនុញ្ញាតឲ្យមានមូលហេតុតែមួយទេសំរាប់ការលែងលះគ្នា ដែលបុគ្គលនោះអាចមានសេរីភាពនឹងរៀបការជាថ្មីវិញបាន ហើយនោះគឺជាសេចក្ដីកំផិត (ភាសាក្រិកថាភូណនៀ ជាអំពើអសីលធម៌ដ៏ធ្ងន់ធ្ងរខាងការសេពមេថុនកម្ម)។ ប្រសិនបើសេចក្ដីកំផិតបានប្រព្រឹត្តឡើង នោះគូដែលគ្មានកំហុសអាចសម្រេចចិត្តលែងលះគ្នាឬក៏មិនលែងលះក៏បាន។—ម៉ាថាយ ៥:៣២
២៩ (ក) ប្រសិនបើស្វាមីឬភរិយារបស់អ្នកមិនចូលរួមជាមួយអ្នកក្នុងការថ្វាយបង្គំខាងគ្រីស្ទាននោះ តើអ្នកត្រូវធ្វើយ៉ាងណា? (ខ) តើនឹងអាចបានលទ្ធផលយ៉ាងណា?
២៩ យ៉ាងណាទៅ ប្រសិនបើស្វាមីឬភរិយារបស់អ្នកបដិសេធមិនព្រមសិក្សាព្រះបន្ទូលរបស់ព្រះជាមួយអ្នក ឬក៏ប្រឆាំងនឹងសកម្មភាពគ្រីស្ទានរបស់អ្នកទៀតផងនោះ? ព្រះគម្ពីរនៅតែជំរុញលើកទឹកចិត្តអ្នកឲ្យនៅជាមួយស្វាមីឬភរិយារបស់អ្នក ហើយអ្នកមិនត្រូវយល់ថា ការបំបែកគ្នាជាផ្លូវស្រួលចេញពីបញ្ហារបស់អ្នកឡើយ។ សូមលោកអ្នកខំព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពនៅក្នុងផ្ទះបានប្រសើរ ដោយសារការអនុវត្តអ្វីៗដែលព្រះគម្ពីរបានចែងចំពោះមារយាទរបស់អ្នកផ្ទាល់។ នៅថ្ងៃណាមួយ ដោយសារតែមារយាទគ្រីស្ទានរបស់អ្នក អ្នកអាចបានជោគជ័យទៅលើស្វាមីឬភរិយារបស់អ្នកឲ្យមកខាងអ្នកជាមិនខាន។ (កូរិនថូសទី១ ៧:១០-១៦; ពេត្រុសទី១ ៣:១, ២) ហើយតើអ្នកនឹងបានពរដ៏ប្រសើរយ៉ាងណាទៅហ្ន៎ ប្រសិនបើសេចក្ដីអត់ធ្មត់ដែលប្រកបដោយសេចក្ដីស្រឡាញ់របស់អ្នក បានផ្ដល់អ្នកនូវលទ្ធផលបែបនេះ!
៣០ ហេតុអ្វីក៏ជាការសំខាន់ម្ល៉េះចំពោះមាតាបិតា ក្នុងការធ្វើគំរូល្អសំរាប់កូនចៅ?
៣០ បញ្ហាគ្រួសារជាច្រើនសព្វថ្ងៃនេះទាក់ទងនឹងកូនចៅ។ តើនឹងអាចធ្វើយ៉ាងណាទៅបាន ប្រសិនបើនេះជាករណីនៅក្នុងគ្រួសាររបស់អ្នកនោះ? ជាបឋម ជាមាតាបិតា អ្នកត្រូវតែធ្វើជាគំរូល្អមួយ។ ការនេះពីព្រោះកូនចៅចេះតែទោរទន់ទៅរកការយកតម្រាប់តាមអ្វីដែលអ្នកប្រព្រឹត្តជាជាងអ្វីដែលអ្នកពោល។ ហើយ ពេលដែលការប្រព្រឹត្តរបស់អ្នកផ្ទុយពីពាក្យសម្ដីរបស់អ្នកវិញនោះ ក្មេងៗរហ័សនឹងឃើញការនេះណាស់។ ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យកូនរបស់អ្នករស់នៅជាជីវិតគ្រីស្ទានដ៏ប្រសើរនោះ ខ្លួនអ្នកផ្ទាល់ត្រូវតែធ្វើជាគំរូដ៏ល្អមួយ។—រ៉ូម ២:២១, ២២
៣១ (ក) តើមានមូលហេតុដ៏សំខាន់ជាងគេណាទៀត ដើម្បីឲ្យកូនចៅគោរពតាមដំបូន្មានរបស់មាតាបិតារបស់គេនោះ? (ខ) តើអ្នកអាចបង្ហាញដល់កូនចៅរបស់អ្នកពីប្រាជ្ញាក្នុងការគោរពតាមក្រិត្យវិន័យរបស់ព្រះ ដែលហាមពីការសហាយស្មន់បានយ៉ាងណា?
៣១ អ្នកត្រូវតែពិគ្រោះវែកញែកជាមួយកូនចៅដែរ។ ការនេះមិនគ្រប់គ្រាន់ទេបើគ្រាន់តែប្រាប់ក្មេងថា៖ ‹អញមិនចង់ឲ្យឯងប្រព្រឹត្តសហាយស្មន់ទេ ពីព្រោះវាជាអំពើខុស›។ ពួកគេត្រូវការជាចាំបាច់នូវការបង្ហាញឲ្យឃើញថា គឺជាព្រះយេហូវ៉ា ជាអ្នកបង្កើតរបស់ពួកគេ ដែលទ្រង់បានមានបន្ទូលថា អំពើបែបនេះដូចជាសេចក្ដីកំផិតជាដើម គឺជាអំពើខុសនោះ។ (អេភេសូរ ៥:៣-៥; ថែស្សាឡូនីចទី១ ៤:៣-៧) ប៉ុន្តែ សូម្បីតែការនេះក៏មិនគ្រប់គ្រាន់ដែរ។ កូនចៅក៏ត្រូវតែជួយឲ្យយល់ឃើញពីមូលហេតុដែលពួកគេត្រូវតែគោរពបញ្ញត្តរបស់ព្រះ ហើយតើការនេះនឹងបានជាប្រយោជន៍យ៉ាងណាចំពោះពួកគេ។ ជាឧទាហរណ៍ លោកអ្នកអាចទាញអារម្មណ៍កូនចៅរបស់អ្នក ទៅនឹងរបៀបដ៏អស្ចារ្យដែលទារកបានលូតលាស់រូបរាងឡើងដោយសារការរួបរួមទឹកកាមរបស់បុរសនិងពងរបស់ស្ត្រី ហើយសួរថា៖ ‹តើកូនឯងមិនគិតថា ព្រះអង្គដែលធ្វើឲ្យមានលទ្ធភាពនៃអព្ភូតហេតុរបស់កំណើតនេះដឹងយ៉ាងប្រសើរបំផុត នូវរបៀបដែលមនុស្សលោកត្រូវប្រើសមត្ថភាពនៃការបង្កើតកូនចៅដែលព្រះបានប្រទានទេឬ›? (ទំនុកដំកើង ១៣៩:១៣-១៩) ឬក៏អ្នកអាចសួរថា៖ ‹តើកូនឯងគិតថា ព្រះជាអ្នកបង្កើតដ៏អស្ចារ្យរបស់យើងនឹងចុះបញ្ញត្តណាមួយដើម្បីដកហូតពីយើងនូវសេចក្ដីសប្បាយក្នុងជីវិតឬ? ផ្ទុយទៅវិញ តើយើងមិនរឹតតែសប្បាយទេឬ ប្រសិនបើយើងគោរពបញ្ញត្តរបស់ទ្រង់នោះ›?
៣២ (ក) តើអ្នកគួរមានអាកប្បកិរិយាយ៉ាងណា ប្រសិនបើទស្សនៈកូនរបស់អ្នកមិនស្របតាមព្រះនោះ? (ខ) តើអ្នកអាចជួយកូនរបស់អ្នកយ៉ាងណាបាន ដើម្បីឲ្យឃើញនូវប្រាជ្ញាពីអ្វីដែលព្រះគម្ពីរបានចែងនោះ?
៣២ សំនួរយ៉ាងនេះអាចធ្វើឲ្យកូនអ្នកចាប់ផ្ដើមពិចារណាទៅលើក្រិត្យវិន័យរបស់ព្រះចំពោះការប្រើអង្គជាត។ សូមទទួលព្រមទស្សនៈរបស់គេចុះ។ ប្រសិនបើទស្សនៈនោះមិនស្របទៅតាមសេចក្ដីប្រាថ្នារបស់អ្នកនោះ សូមកុំខឹងឡើយ។ សូមឲ្យយោគយល់ថា តំណរបស់កូនអ្នកបានរសាត់យ៉ាងឆ្ងាយចេញពីសេចក្ដីបង្រៀនដ៏សុចរិតនៅក្នុងព្រះគម្ពីរ ហើយបន្ទាប់មក សូមខំបង្ហាញគាត់អំពីមូលហេតុដែលការប្រព្រឹត្តដ៏អសីលធម៌នៃតំណរបស់គេជាការមិនមានប្រាជ្ញានោះ។ អ្នកប្រហែលជាអាចទាញអារម្មណ៍កូនរបស់អ្នក ទៅឯឧទាហរណ៍ដ៏ជាក់លាក់មួយ ដែលអំពើអសីលធម៌ខាងសេពមេថុនកម្មបានបង្កើតឲ្យមានកូនឥតខាន់ស្លា ជម្ងឺស្វាយ ឬក៏បញ្ហាផ្សេងៗទៀត។ ដោយវិធីនេះ គាត់បានត្រូវជួយឲ្យឃើញនូវការសមហេតុសមផល និងការត្រឹមត្រូវអំពីអ្វីដែលព្រះគម្ពីរបានចែងមកនោះ។
៣៣ ហេតុអ្វីក៏សេចក្ដីសង្ឃឹមដែលមានមូលដ្ឋានពីព្រះគម្ពីរ ចំពោះការរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី អាចជួយយើងឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារបាន?
៣៣ ជាពិសេស សេចក្ដីសង្ឃឹមដែលមានមូលដ្ឋានពីព្រះគម្ពីរចំពោះការរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី អាចជួយយើងឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារបាន។ ហេតុអ្វីក៏ដូច្នេះ? ពីព្រោះប្រសិនបើយើងពិតជាចង់រស់នៅក្នុងរបបថ្មីរបស់ព្រះ យើងនឹងត្រូវខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរស់នៅក្នុងបច្ចុប្បន្ននេះ ឲ្យដូចជាយើងមានសង្ឃឹមនឹងរស់នៅពេលនោះដែរ។ ការនេះមានន័យថា យើងនឹងកាន់តាមយ៉ាងខ្ជាប់ខ្ជួននូវសេចក្ដីបង្រៀន និងសេចក្ដីណែនាំរបស់ព្រះយេហូវ៉ា។ ជាលទ្ធផល ព្រះនឹងបន្ថែមទៅលើសុភមង្គលរបស់យើងក្នុងបច្ចុប្បន្នកាលនេះ នូវសេចក្ដីរីករាយនឹងជីវិតដ៏អស់កល្បជានិច្ច ហើយសុភមង្គលជាអនន្តភាពនៅខាងមុខនេះជារហូតតទៅ។—សុភាសិត ៣:១១-១៨