ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅកាឡាទី អេភេសូរ ភីលីព និងកូល៉ុស
សាវ័កប៉ុលបានសរសេរសំបុត្រមួយច្បាប់«ផ្ញើមកពួកជំនុំទាំងប៉ុន្មាន នៅស្រុកកាឡាទី» ពីព្រោះពួកគេបានងាកចេញពីការថ្វាយបង្គំពិតដោយទទួលឥទ្ធិពលពីពួកកាន់សាសនាយូដា។ (កា. ១:២) សំបុត្រនោះបានសរសេរ រវាងឆ្នាំ៥០-៥២ គ.ស. ដែលមានឱវាទដ៏ចំៗនិងការដាស់តឿនដែលពង្រឹងចិត្ត។
ជិត១០ឆ្នាំក្រោយមក ប៉ុលជា‹សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាប់គុក›នៅទីក្រុងរ៉ូមបានសរសេរសំបុត្រទៅក្រុមជំនុំនៅទីក្រុងអេភេសូរ ភីលីព និងកូល៉ុស ជូនឱវាទដ៏សមហេតុសមផល និងការលើកទឹកចិត្តដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ (អេភ. ៣:១) សព្វថ្ងៃនេះយើងអាចទទួលប្រយោជន៍ដោយប្រមូលអារម្មណ៍ទៅលើសៀវភៅកាឡាទី អេភេសូរ ភីលីព និងកូល៉ុស។—ហេ. ៤:១២
«រាប់ជាសុចរិត»យ៉ាងដូចម្ដេច?
ពួកកាន់សាសនាយូដាមានល្បិចរកលេសបង្ខូចឈ្មោះប៉ុល។ ហេតុនេះហើយ ប៉ុលក៏បានការពារជំហរជាសាវ័កដោយរៀបរាប់យ៉ាងល្អិតល្អន់ពីចំណុចខ្លះៗនៃជីវិតរបស់ខ្លួន។ (កា. ១:១១–២:១៤) ក្នុងការទប់ទល់នឹងសេចក្ដីបង្រៀនមិនពិត នោះប៉ុលបានបញ្ជាក់ថា៖ «មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ គឺដោយសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ»។—កា. ២:១៦
ប៉ុលមានប្រសាសន៍ថា៖ «[ព្រះគ្រិស្ត]លោះពួកអ្នកដែលនៅក្រោមក្រិត្យវិន័យ» ហើយឲ្យពួកគេមានសេរីភាពដើម្បីអបអរនឹងសេរីភាពដែលជាគ្រិស្តសាសនិក។ គាត់បានរំលឹកយ៉ាងម៉ឺងម៉ាត់ដល់បងប្អូននៅទីក្រុងកាឡាទីថា៖«ចូរអ្នករាល់គ្នាឈរឲ្យមាំមួន ក្នុងសេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបំរើទៀតឡើយ»។—កា. ៤:៤, ៥; ៥:១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៣:១៦-១៨, ២៨, ២៩—តើកិច្ចព្រមព្រៀងអ័ប្រាហាំនៅតែមានសុពលភាពឬ? មែន នៅតែមាន! កិច្ចព្រមព្រៀងខាងក្រឹត្យវិន័យគឺជាសេចក្ដីបន្ថែមទៅលើកិច្ចព្រមព្រៀងរបស់ព្រះជាមួយអ័ប្រាហាំ មិនមែនជំនួសទេ។ ដូច្នេះ កិច្ចព្រមព្រៀងអ័ប្រាហាំនៅតែមានសុពលភាពរហូតមកដល់ក្រោយពេលដែលក្រឹត្យវិន័យបានលុប«បំបាត់»ទៅទៀត។ (អេភ. ២:១៥) សេចក្ដីសន្យានោះបានបន្តទៅដល់«ពូជ»ដ៏ពិតរបស់អ័ប្រាហាំ ពោលគឺព្រះគ្រិស្តយេស៊ូដែលជាតួអង្គសំខាន់ និងអស់អ្នកដែលជា«របស់ផងព្រះគ្រីស្ទ»។
៦:២—តើអ្វីជា«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»? ក្រឹត្យវិន័យនេះមានសេចក្ដីដែលព្រះយេស៊ូបានបង្រៀននិងបង្គាប់ទាំងអស់។ ជាពិសេសរួមបញ្ចូលសេចក្ដីបង្គាប់ឲ្យ«ស្រឡាញ់គ្នាទៅវិញទៅមក»។—យ៉ូន. ១៣:៣៤
៦:៨—តើយើង«ព្រោះខាងឯព្រះវិញ្ញាណ»យ៉ាងដូចម្ដេច? យើងធ្វើដូច្នេះ ដោយអនុញ្ញាតឲ្យសកម្មពលរបស់ព្រះមានឥទ្ធិពលមកលើជីវិតរស់នៅរបស់យើង។ ការព្រោះខាងឯព្រះវិញ្ញាណតម្រូវឲ្យយើងធ្វើដោយស្មោះនិងអស់ពីចិត្តក្នុងកិច្ចការដែលមិនបង្អាក់វិញ្ញាណឬសកម្មពលរបស់ព្រះ។
មេរៀនសម្រាប់យើង:
១:៦-៩: ពេលមានបញ្ហានៅក្នុងក្រុមជំនុំ អ្នកចាស់ទុំគ្រិស្តសាសនិកត្រូវចាត់វិធានការភ្លាមៗ។ ការវែកញែកដោយសមហេតុសមផលដែលមានមូលដ្ឋានទៅលើគោលការណ៍នៅក្នុងគម្ពីរ ជួយយើងឲ្យបដិសេធភ្លាមៗនូវទំនោរចិត្តដែលខុសឆ្គងឬមិនត្រឹមត្រូវ។
២:២០: តម្លៃលោះជាអំណោយទានដែលមកពីព្រះចំពោះយើងម្នាក់ៗ។ ដូច្នេះ យើងត្រូវតែមានទស្សនៈឲ្យបានត្រឹមត្រូវស្តីអំពីអំណោយទាននោះ។—យ៉ូន. ៣:១៦
៥:៧-៩: ការសេពគប់មិនល្អអាចរារាំងហើយ‹ឃាត់យើងមិនឲ្យស្ដាប់តាមសេចក្ដីពិត›។ យើងគួរតែជាមនុស្សដែលមានប្រាជ្ញាដោយចេះបដិសេធការសេពគប់មិនល្អទាំងនោះ។
៦:១, ២, ៥: អស់អ្នកដែល«ដើរដោយព្រះវិញ្ញាណ»អាចជួយយើងឲ្យចេះទទួលបន្ទុកដែលជារបស់ផងខ្លួន ទោះជាជួបប្រទះឬធ្លាក់ខ្លួនទៅក្នុងកាលៈទេសៈដ៏ពិបាក ដោយមិនបានដឹងខ្លួនហើយភ្លាត់ធ្វើខុសក្ដី។ ស្តីអំពីភារកិច្ចផ្សេងៗក្នុងកិច្ចបម្រើព្រះ យើងក៏ត្រូវតែទទួលខុសត្រូវដោយខ្លួនឯងដែរ។
‹ការបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ›
ក្នុងការលើកបញ្ជាក់ពីប្រធានបទស្តីអំពីសាមគ្គីភាពរបស់ពួកគ្រិស្តសាសនិកនៅទីក្រុងអេភេសូរ ប៉ុលមានប្រសាសន៍ថា៖ «ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង»។ ព្រះគ្រិស្តបានធ្វើ«អំណោយទានដល់មនុស្ស»ដើម្បីជួយពួកគេឲ្យ«បានរួបរួមខាងឯសេចក្ដីជំនឿ»។—អេភ. ១:១០; ៤:៨, ១៣
ដើម្បីសរសើរតម្កើងព្រះនិងបង្កើតឲ្យមានសាមគ្គីភាព គ្រិស្តសាសនិកគួរតែ«ប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ»ថែម«ទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្ដីកោតខ្លាចដល់ព្រះគ្រីស្ទ»។ ពួកគាត់ក៏ត្រូវតែ«ឈរ[ឲ្យ]មាំមួនទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»ដោយពាក់គ្រឿងសឹកខាងវិញ្ញាណ។—អេភ. ៤:២៤; ៥:២១; ៦:១១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:៤-៧—តើពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បានតម្រូវទុកជាមុន តាំងពីយូរមុនកំណើតរបស់ពួកគាត់យ៉ាងដូចម្ដេច? ពួកគាត់បានតម្រូវទុកជាមុនជាក្រុម មិនមែនជាបុគ្គលម្នាក់ៗទេ។ នេះបានកើតឡើងតាំងពីមុនពេលដែលឪពុកម្ដាយដំបូងរបស់យើងបានធ្វើខុសហើយនាំបាបចូលមកក្នុងលោកិយ គឺតាំងពីពេលដែលពួកគេបង្កើតបានកូនទី១ម្ល៉េះ។ ទំនាយដែលបានកត់ទុកនៅក្នុងសៀវភៅលោកុប្បត្តិ ៣:១៥ បានប្រកាសមុនពេលមនុស្សមិនល្អឥតខ្ចោះណាម្នាក់បានចាប់កំណើតទៅទៀត រួមបញ្ចូលទាំងគោលបំណងរបស់ព្រះដើម្បីឲ្យមានអ្នកកាន់តាមព្រះគ្រិស្តមួយចំនួនអាចឡើងទៅសោយរាជ្យជាមួយទ្រង់នៅឯស្ថានសួគ៌។—កា. ៣:១៦, ២៩
២:២—តើវិញ្ញាណរបស់លោកិយប្រៀបដូចជាអាកាសយ៉ាងដូចម្ដេច? ហើយតើវិញ្ញាណនោះគ្រប់គ្រងលើពិភពលោកនេះយ៉ាងដូចម្ដេច? «វិញ្ញាណរបស់លោកីយ» ដូចជាការប្រកាន់យកតែគំនិតខ្លួនឯង និងស្មារតីមិនស្ដាប់តាមមាននៅគ្រប់ទីកន្លែងហាក់ដូចជាខ្យល់ដែលយើងដកដង្ហើម។ (១កូ. ២:១២) ការគ្រប់គ្រងឬអំណាចរបស់លោកិយនេះមានលក្ខណៈប៉ិនបញ្ចុះបញ្ចូលឲ្យព្រមតាម ស្វិតស្វាញ និងឥតមេត្ដា។
២:៦—តើពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដែលកំពុងតែរស់នៅផែនដីនៅឡើយ ធ្វើម្ដេចអាចទៅ«ស្ថានដ៏ខ្ពស់»កើត? ពាក្យ«ស្ថានដ៏ខ្ពស់»មិនសំដៅទៅលើសេចក្ដីសន្យាដែលថាពួកគាត់នឹងសោយរាជ្យនៅស្ថានសួគ៌ទេ។ ផ្ទុយទៅវិញ គឺសំដៅទៅលើឋានៈដែលពួកគាត់មាននៅចំពោះព្រះ ដោយពួកគាត់បាន«ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធដែលបានសន្យា»។—អេភ. ១:១៣, ១៤
មេរៀនសម្រាប់យើង:
៤:៨, ១១-១៥: ព្រះយេស៊ូគ្រិស្ត«បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ»នេះគឺយកមនុស្សចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ទៅធ្វើដូចជាអំណោយដើម្បីស្ថាបនាក្រុមជំនុំរបស់ពួកគ្រិស្តសាសនិក។ យើងអាច«ដោយសេចក្ដីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើងខាងឯគ្រប់ការទាំងអស់ក្នុង . . . គ្រីស្ទ»ដោយស្ដាប់តាម ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាចុះ ព្រមទាំងរួមដៃគ្នាធ្វើការស្របទៅតាមអ្វីដែលពួកគាត់សម្រេច និងរៀបចំឡើងដើម្បីក្រុមជំនុំ។—ហេ. ១៣:៧, ១៧
៥:២២-២៤, ៣៣: ក្រៅពីការចុះចូលចំពោះប្ដីនាង ភរិយាត្រូវតែគោរពប្ដីដែរ។ នាងធ្វើយ៉ាងនេះដោយបង្ហាញកិរិយា«សំឡូត ហើយរម្យទម»ព្រមទាំងចេះផ្ដល់កិត្ដិយសដល់ប្ដីដោយនិយាយល្អពីប្ដី និងសហការជាមួយប្ដីដើម្បីឲ្យការសម្រេចចិត្តរបស់គាត់បានទទួលលទ្ធផលល្អ។—១ពេ. ៣:៣, ៤; ទីត. ២:៣-៥
៥:២៥, ២៨, ២៩: ដូច«ចិញ្ចឹម»ខ្លួនឯងដែរ ប្ដីគួរតែជាអ្នកផ្គត់ផ្គង់ដ៏ល្អសម្រាប់ភរិយាខ្លួនទាំងខាងរូបកាយ អារម្មណ៍ ព្រមទាំងជួយនាងឲ្យមានទំនាក់ទំនងល្អជាមួយនឹងព្រះយេហូវ៉ា។ ប្ដីគួរតែស្រឡាញ់ថ្នាក់ថ្នមដោយចំណាយពេលឲ្យបានគ្រប់គ្រាន់ជាមួយនាង ព្រមទាំងមានអាកប្បកិរិយានិងពាក្យសម្ដីទន់ភ្លន់ចំពោះនាងផងដែរ។
៦:១០-១៣: ដើម្បីតទល់នឹងវិញ្ញាណកំណាច យើងត្រូវតែប្រឹងប្រែងឲ្យអស់ពីចិត្តក្នុងការពាក់គ្រឿងសឹកខាងវិញ្ញាណរបស់ព្រះ។
«ត្រូវឲ្យយើងកាន់តាមច្បាប់»
ប៉ុលបានបញ្ជាក់ពីសារៈសំខាន់នៃសេចក្ដីស្រឡាញ់នៅក្នុងសំបុត្ររបស់គាត់ជូនចំពោះពួកភីលីពតាំងពីដើមដល់ចប់។ គាត់និយាយថា៖ «ខ្ញុំក៏អធិស្ឋានសូមសេចក្ដីនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្ដីចេះដឹង នឹងយោបល់គ្រប់ជំពូក»។ ដើម្បីជួយពួកគាត់ឲ្យជៀសរួចពីអន្ទាក់នៃការទុកចិត្តលើខ្លួនឯងពេក ប៉ុលដាស់តឿនថា៖ «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ»។—ភី. ១:៩; ២:១២
ប៉ុលលើកទឹកចិត្តអ្នកដែលមានគំនិតចាស់ទុំឲ្យបន្ត«រត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ»។ ប៉ុលមានប្រសាសន៍ថា៖ «ទោះបើបានដល់ទីណាក៏ដោយ គង់តែត្រូវឲ្យយើងកាន់តាមច្បាប់នោះឯង»។—ភី. ៣:១៤-១៦
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:២៣—តើសេចក្ដីអ្វីដែលគ្របសង្កត់មកលើប៉ុល«ទាំងសងខាង»? ហើយប៉ុលចង់«ចេញ»ពីអ្វី? ដោយសារកាលៈទេសៈពីមុនរបស់ប៉ុល លទ្ធភាពពីរយ៉ាងដែលគ្របសង្កត់មកលើគាត់គឺបញ្ហារស់ឬក៏ស្លាប់។ (ភី. ១:២១) ជាជាងបញ្ជាក់ពីអ្វីដែលគាត់នឹងជ្រើសរើស នោះគាត់បានបង្ហាញឲ្យដឹងពីសេចក្ដីប្រាថ្នារបស់គាត់វិញគឺ «ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ»។ (ភី. ៣:២០, ២១; ១ថែ. ៤:១៦) ការ«ចេញ»ក្នុងអំឡុងវត្តមានរបស់ព្រះគ្រិស្តនឹងកើតឡើងក្នុងកាលដែលប៉ុលទទួលរង្វាន់ដែលព្រះយេហូវ៉ាបានរៀបចំសម្រាប់គាត់។—ម៉ាថ. ២៤:៣
២:១២, ១៣—តើតាមរបៀបណាដែលព្រះ«បណ្ដាលចិត្ត»យើង«ឲ្យមានទាំងចំណង់ចង់ធ្វើ»ផងនោះ? សកម្មពលរបស់ព្រះយេហូវ៉ាអាចបណ្ដាលឲ្យចិត្តនិងគំនិតរបស់យើងមានចំណង់ចង់ធ្វើឲ្យអស់ពីសមត្ថភាពក្នុងកិច្ចបម្រើទ្រង់។ ដូច្នេះហើយ មិនមែនអត់ជំនួយក្នុងការ‹បង្ហើយសេចក្ដីសង្គ្រោះរបស់យើងរាល់គ្នា›ឡើយ។
មេរៀនសម្រាប់យើង:
១:៣-៥: សូម្បីតែបងប្អូននៅទីក្រុងភីលីពកម្សត់ទុគ៌តក្ដី ពួកគាត់ក៏បានតាំងគំរូល្អក្នុងការបង្ហាញចិត្តសទ្ធាដែរ។—២កូ. ៨:១-៦
២:៥-១១: ដូចព្រះយេស៊ូបានទុកជាគំរូដល់យើង ចិត្តរាបទាបមិនមែនជាចំណុចខ្សោយទេ តែជាអ្វីដែលអាចពង្រឹងកម្លាំងចិត្តទៅវិញ។ បន្ថែមទៅទៀត ព្រះយេហូវ៉ាលើកតម្កើងមនុស្សដែលសុភាពរាបសា។—សុ. ២២:៤
៣:១៣: «សេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ»អាចជារបរចិញ្ចឹមជីវិត ស្ថិរភាពមកពីការរស់នៅជាមួយគ្រួសារដែលមានទ្រព្យសម្បត្ដិ ឬក៏បានភ្លាត់ធ្វើខុសដ៏ធ្ងន់ធ្ងរតែបានកែប្រែហើយ ថែមទាំង«បានលាងស្អាតហើយ»។ (១កូ. ៦:១១) យើងត្រូវតែបំភ្លេចចោល ហើយឈប់គិតពីរបស់ទាំងនោះដោយ‹ខំមមុលឈោងទៅចាប់យកឯសេចក្ដីខាងមុខទៀត›។
«តាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ»
នៅក្នុងសំបុត្ររបស់ប៉ុលទៅទីក្រុងកូល៉ុស គាត់បានគូសបញ្ជាក់ឲ្យឃើញពីទស្សនៈខុសឆ្គងរបស់គ្រូក្លែងក្លាយ។ សេចក្ដីសង្គ្រោះឈរនៅលើការ‹កំពុងដើរក្នុងសេចក្ដីជំនឿ›មិនមែនទៅលើសេចក្ដីតម្រូវនៃក្រឹត្យវិន័យទេ។ ប៉ុលលើកទឹកចិត្តពួកនៅទីក្រុងកូល៉ុសឲ្យ«ដើរក្នុង[ព្រះគ្រិស្ត]តាមបែបយ៉ាងនោះចុះ ដោយបានចាក់ឫសហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ»ផង។ តើការតាំងនៅខ្ជាប់ខ្ជួនគួរមានអានុភាពយ៉ាងណាទៅលើពួកគាត់?—កូល. ១:២៣; ២:៦, ៧
ប៉ុលបានសរសេរថា៖ «ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃ សេចក្ដីគ្រប់លក្ខណ៍។ ចូរឲ្យសេចក្ដីមេត្រីរបស់ព្រះគ្រីស្ទ ត្រួតត្រានៅក្នុងចិត្ត»។ សាវ័កប៉ុលក៏បានទូន្មានពួកគេថា៖ «ការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ»។ ស្តីអំពីអ្នកខាងក្រៅក្រុមជំនុំ ប៉ុលមានប្រសាសន៍ថា៖ ‹ចូរប្រព្រឹត្តនឹងពួកគេដោយប្រាជ្ញា›។—កូល. ៣:១៤, ១៥, ២៣; ៤:៥
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២:៨—តើរបស់«បថមសិក្សានៅនាលោកីយ»ជាអ្វីខ្លះដែលប៉ុលព្រមានឲ្យប្រយ័ត្ន? របស់ទាំងនោះគឺជាផ្នែកផ្សេងៗនៃរបៀបរបបរបស់លោកិយសាតាំង រួមបញ្ចូលទាំងពីអ្វីៗដែលយើងមានឬក៏ច្បាប់ទម្លាប់ដែលគេបានបង្កើតឡើងដើម្បីដឹកនាំឬក៏ជំរុញទឹកចិត្ត។ (១យ៉ូន. ២:១៦) ក្នុងនោះក៏រួមបញ្ចូលទស្សនវិទ្យា វត្ថុនិយម សាសនាមិនពិតនៃលោកិយនេះដែរ។
៤:១៦—ហេតុអ្វីបានជាសំបុត្ររបស់ពួកឡៅឌីសេមិនមាននៅក្នុងគម្ពីរ? ប្រហែលជាព័ត៌មានដែលមាននៅក្នុងសំបុត្រនោះមិនចាំបាច់សម្រាប់យើងសព្វថ្ងៃនេះ។ ឬក៏ព័ត៌មាននោះដូចគ្នានឹងព័ត៌មានដែលមានរួចទៅហើយនៅក្នុងសំបុត្រផ្សេងៗទៀត។
មេរៀនសម្រាប់យើង:
១:២, ២០: តម្លៃលោះ ជាវិធានការដែលប្រកបទៅដោយព្រះគុណដ៏វិសេសលើសលប់ អាចធ្វើឲ្យសមត្ថភាពវិនិច្ឆ័យខ្លួនមិនបន្ទោសខ្លួនឯង និងបានស្កប់ស្កល់ចិត្ត។
២:១៨, ២៣: «ប្រព្រឹត្តបែបសុភាព»គឺជាការធ្វើពុតដោយបដិសេធចោលវត្ថុនិយម ឬក៏តាំងខ្លួនជាមនុស្សតឹងរ៉ឹងដើម្បីឲ្យអ្នកដទៃចាប់អារម្មណ៍។ ធ្វើបែបនោះបង្ហាញថា ‹មានចិត្តប៉ោងឡើង ដោយគំនិតខាងសាច់ឈាមរបស់ខ្លួន›ទៅវិញ។