តើអ្នកមានចិត្តគំនិតបែបណា?
«សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូគ្រិស្តនៅជាមួយនឹងអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាមានចិត្តគំនិតត្រឹមត្រូវ»។—ភីលេ. ២៥
តើអ្នកអាចឆ្លើយបានឬទេ?
ហេតុអ្វីយើងគួរយកចិត្តទុកដាក់នឹងចិត្តគំនិតដែលយើងបង្ហាញ?
តើយើងចង់ជៀសវាងពីចិត្តគំនិតបែបណា ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
តើយើងអាចធ្វើអ្វីដើម្បីបង្ហាញចិត្តគំនិតដែលលើកទឹកចិត្តនៅក្នុងក្រុមជំនុំ?
១. ពេលសរសេរសំបុត្រទៅបងប្អូនរួមជំនឿ តើប៉ូលបានបញ្ជាក់អំពីសេចក្ដីសង្ឃឹមអ្វី?
ពេលសរសេរសំបុត្រទៅបងប្អូនរួមជំនឿ សាវ័កប៉ូលបានបញ្ជាក់ម្ដងហើយម្ដងទៀតអំពីសេចក្ដីសង្ឃឹមរបស់គាត់ថាព្រះនិងគ្រិស្តពេញចិត្តនឹងចិត្តគំនិតដែលក្រុមជំនុំបានបង្ហាញ។ ជាឧទាហរណ៍ ក្នុងសំបុត្រទៅគ្រិស្តសាសនិកនៅខេត្តកាឡាទី គាត់បានសរសេរថា៖ «បងប្អូនអើយ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនៅក្នុងចិត្តអ្នករាល់គ្នា។ អាមេន»។ (កាឡ. ៦:១៨) តើប៉ូលចង់និយាយយ៉ាងណាពេលគាត់សរសេរថា «ចិត្តអ្នករាល់គ្នា»?
២, ៣. (ក) ពេលប៉ូលប្រើពាក្យ«ចិត្តគំនិត» តើជួនកាលគាត់សំដៅទៅលើអ្វី? (ខ) ស្តីអំពីចិត្តគំនិតដែលយើងបង្ហាញ តើយើងអាចសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
២ ពាក្យ«ចិត្ត»ដែលប៉ូលប្រើក្នុងបរិបទនេះសំដៅទៅឥទ្ធិពលដែលជំរុញយើងឲ្យនិយាយឬធ្វើអ្វីតមរបៀបណាមួយ។ បុគ្គលម្នាក់ប្រហែលជាមានចិត្តសុភាព ចេះយល់អារម្មណ៍អ្នកឯទៀត ស្លូតបូត សប្បុរស ឬអភ័យទោស។ គម្ពីរសរសើរអស់អ្នកដែលមាន«ចិត្តស្ងៀមស្ងាត់និងស្លូតបូត»និងអស់អ្នកដែលមាន«ចិត្តត្រជាក់»ដែរ។ (១ពេ. ៣:៤; សុភ. ១៧:២៧) ផ្ទុយទៅវិញ បុគ្គលឯទៀតប្រហែលជាចូលចិត្តចំអកឲ្យអ្នកឯទៀត ស្រឡាញ់ទ្រព្យសម្បត្ដិ ឆាប់អន់ចិត្ត ឬប្រហែលជាចូលចិត្តធ្វើតាមគំនិតរបស់ខ្លួន។ ប៉ុន្តែ អាក្រក់ជាងនោះទៅទៀត មានពួកអ្នកដែលបង្ហាញចិត្តគំនិតស្មោកគ្រោក មិនស្ដាប់បង្គាប់ ឬថែមទាំងមានចិត្តគំនិតបះបោរប្រឆាំងទៀតផង។
៣ ដូច្នេះ នៅពេលប៉ូលបានប្រើពាក្យដូចជា«សូមឲ្យលោកម្ចាស់នៅជាមួយនឹងអ្នកដោយសារចិត្តគំនិតដែលអ្នកបង្ហាញ»គាត់បានលើកទឹកចិត្តបងប្អូនរួមជំនឿឲ្យបង្ហាញចិត្តគំនិតស្របតាមបំណងប្រាថ្នារបស់ព្រះនិងមានបុគ្គលិកលក្ខណៈដូចគ្រិស្ត។ (២ធី. ៤:២២; សូមអាន កូឡុស ៣:៩-១២) សព្វថ្ងៃនេះ ជាការល្អដែលយើងសួរខ្លួនយើងថា៖ ‹តើខ្ញុំបង្ហាញចិត្តគំនិតបែបណា?។ តើតាមរបៀបណាដែលខ្ញុំអាចបង្ហាញឲ្យបានពេញលេញជាងនូវចិត្តគំនិតដែលធ្វើឲ្យព្រះពេញចិត្ត?។ តើខ្ញុំអាចជួយធ្វើឲ្យក្រុមជំនុំទាំងមូលមានចិត្តគំនិតកាន់តែល្អថែមទៀតយ៉ាងដូចម្ដេច?›។ ជាឧទាហរណ៍ នៅក្នុងចម្ការផ្កាឈូករ័ត្ន ព័ណ៌ភ្លឺស្អាតរបស់ផ្កានីមួយៗនាំឲ្យចម្ការទាំងមូលមានសម្រស់។ តើយើងជា«ផ្កាឈូករ័ត្ន»មួយទងដែលបន្ថែមសម្រស់ឲ្យក្រុមជំនុំឬទេ? យើងប្រាកដជាគួរខំប្រឹងដើម្បីធ្វើជាផ្កាមួយទងក្នុងចំណោមផ្កាឯទៀត។ ឥឡូវនេះ សូមយើងពិនិត្យមើលនូវអ្វីដែលយើងអាចធ្វើដើម្បីបង្ហាញនូវចិត្តគំនិតដែលធ្វើឲ្យព្រះពេញចិត្ត។
ចូរជៀសចេញពីចិត្តគំនិតរបស់ពិភពលោក
៤. តើ«ចិត្តគំនិតរបស់ពិភពលោក»គឺជាអ្វី?
៤ បទគម្ពីរប្រាប់យើងថា៖ «យើងមិនបានទទួលចិត្តគំនិតរបស់ពិភពលោកនេះទេ តែបានទទួលសកម្មពលពីព្រះ»។ (១កូ. ២:១២) តើ«ចិត្តគំនិតរបស់ពិភពលោក»គឺជាអ្វី? ចិត្តគំនិតនេះគឺដូចគ្នានឹងចិត្តគំនិតដែលបានបញ្ជាក់នៅអេភេសូរ ២:២ដែលចែងថា៖ «អ្នករាល់គ្នាធ្លាប់ប្រព្រឹត្តតាមមនុស្សឯទៀតក្នុងរបៀបរបបពិភពលោកនេះ តាមអ្នកដែលគ្រប់គ្រងលើអំណាចនៃខ្យល់អាកាសដែលជាចិត្តគំនិតដែលមានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់»។ (អេភ. ២:២) ពាក្យ«ខ្យល់អាកាស»ក្នុងខនេះសំដៅទៅលើចិត្តគំនិតរបស់ពិភពលោកនេះ ហើយចិត្តគំនិតនេះមាននៅជុំវិញយើងដែលប្រៀបដូចជាខ្យល់អាកាស។ ចិត្តគំនិតបែបនេះគឺមាននៅគ្រប់ទីកន្លែង។ ជារឿយៗ មនុស្សជាច្រើននៅសព្វថ្ងៃនេះបានបង្ហាញចិត្តគំនិតដូចជា មិនត្រូវការអ្នកណាប្រាប់ខ្ញុំឲ្យធ្វើអ្វីនោះទេ ឬត្រូវតស៊ូដើម្បីសិទ្ធិសេរីភាពរបស់អ្នក។ ពួកគេគឺជា«ពួកអ្នកមិនស្ដាប់បង្គាប់»ក្នុងពិភពលោករបស់សាថាន។
៥. តើបណ្ដាជនអ៊ីស្រាអែលខ្លះបានបង្ហាញចិត្តគំនិតមិនត្រឹមត្រូវយ៉ាងដូចម្ដេច?
៥ ចិត្តគំនិតបែបនេះមិនមែនជាអ្វីដែលថ្មីនោះទេ។ នៅសម័យរបស់ម៉ូសេ កូរ៉ាបានបះបោរប្រឆាំងនឹងពួកអ្នកដែលមានអំណាចក្នុងក្រុមជំនុំនៅអ៊ីស្រាអែល។ ជាពិសេសគាត់បានប្រឆាំងនឹងអេរ៉ុននិងកូនប្រុសរបស់គាត់ ដែលមានឯកសិទ្ធិបម្រើជាសង្ឃ។ ប្រហែលជាគាត់បានឃើញនូវភាពមិនល្អឥតខ្ចោះរបស់ពួកគេ ឬប្រហែលជាគាត់បានជំទាស់ថាម៉ូសេជាអ្នកក្រុមគ្រួសារនិយមដែលឲ្យឯកសិទ្ធិដល់សាច់ញាតិរបស់គាត់។ ទោះជាដោយសារមូលហេតុណាក៏ដោយ នេះបង្ហាញយ៉ាងច្បាស់ថាកូរ៉ាចាប់ផ្ដើមមានទស្សនៈដូចមនុស្សក្នុងពិភពលោក ហើយនិយាយប្រឆាំងនឹងពួកអ្នកដែលព្រះយេហូវ៉ាបានតែងតាំង គាត់បាននិយាយដោយមិនគោរពទៅពួកគេថា៖ «អ្នកយកអំណាចលើខ្លួនហួសពេកណាស់ . . . ម្ដេចឡើយអ្នកទាំង២លើកកំពស់ខ្លួនត្រួតលើពួកជំនុំ?»។ (ជន. ១៦:៣) ស្រដៀងគ្នាដែរ ដាថាននិងអ័ប៊ីរ៉ាមបានត្អូញត្អែរប្រឆាំងនឹងម៉ូសេដោយនិយាយថាគាត់‹ចង់លើកខ្លួន ធ្វើជាកំពូលលើពួកគេទៀត›។ ពេលដែលម៉ូសេបានហៅពួកគេឲ្យមក ពួកគេបានតបឆ្លើយដោយក្រអឺតក្រទមថា៖ «យើងមិនព្រមទៅសោះឡើយ!»។ (ជន. ១៦:១២-១៤) ព្រះយេហូវ៉ាច្បាស់ជាមិនពេញចិត្តនឹងចិត្តគំនិតរបស់ពួកគេឡើយ។ លោកបានប្រហារជីវិតពួកអ្នកប្រឆាំងទាំងអស់នោះ។—ជន. ១៦:២៨-៣៥
៦. តើតាមរបៀបណាអ្នកខ្លះនៅសតវត្សរ៍ទី១បានបង្ហាញថាពួកគេមានចិត្តគំនិតអាក្រក់ ហើយប្រហែលជាដោយសារមូលហេតុអ្វី?
៦ មនុស្សខ្លះនៅសតវត្សរ៍ទី១ក៏បានចាប់ផ្ដើមរិះគន់ពួកអ្នកដែលបានត្រូវតែងតាំងឲ្យមានអំណាចលើក្រុមជំនុំ ព្រមទាំង«មើលងាយអ្នកដែលមានអំណាចលើពួកគេ»។ (យូ. ៨) បុរសទាំងនេះទំនងជាមិនពេញចិត្តនឹងឯកសិទ្ធិរបស់ពួកគេ ហើយបានព្យាយាមបញ្ចុះបញ្ចូលអ្នកឯទៀតឲ្យប្រឆាំងនឹងបុរសដែលបានត្រូវតែងតាំង ដែលកំពុងបំពេញយ៉ាងយកចិត្តទុកដាក់នូវភារកិច្ចដែលព្រះបានប្រគល់ឲ្យ។—សូមអាន យ៉ូហានទី៣ ៩, ១០
៧. តើយើងត្រូវប្រយ័ត្ននឹងចិត្តគំនិតបែបណាក្នុងក្រុមជំនុំសព្វថ្ងៃនេះ?
៧ ចិត្តគំនិតបែបនេះប្រាកដជាមិនត្រូវមានក្នុងក្រុមជំនុំគ្រិស្តសាសនិកឡើយ។ នេះជាមូលហេតុដែលយើងត្រូវប្រយ័ត្នចំពោះចិត្តគំនិតបែបនេះ។ បុរសចាស់ទុំក្នុងក្រុមជំនុំគឺមិនល្អឥតខ្ចោះ ដូចនៅសម័យម៉ូសេនិងនៅសម័យសាវ័កយ៉ូហានដែរ។ អ្នកចាស់ទុំប្រហែលជាធ្វើខុសដែលប៉ះពាល់ដល់យើង។ ប្រសិនបើរឿងនេះកើតឡើង គឺមិនត្រឹមត្រូវទេដែលសមាជិកណាម្នាក់ក្នុងក្រុមជំនុំ មានប្រតិកម្មស្របតាមចិត្តគំនិតរបស់ពិភពលោកនេះ ដែលទាមទារយ៉ាងខ្លាំងឲ្យរក«យុត្ដិធម៌»ឬ«ត្រូវចាត់វិធានការចំពោះបងប្រុសនេះ»! ព្រះយេហូវ៉ាប្រហែលជាអភ័យទោសចំពោះកំហុសតូចតាច។ តើយើងអាចធ្វើដូចលោកឬទេ? ដោយសារពួកគេឃើញភាពមិនល្អឥតខ្ចោះរបស់ពួកអ្នកចាស់ទុំ នោះអ្នកខ្លះនៅក្នុងក្រុមជំនុំដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរបដិសេធមិនមកជួបគណៈកម្មាធិការវិនិច្ឆ័យដែលបានត្រូវតែងតាំងឲ្យជួយពួកគេ។ នេះអាចប្រៀបដូចជាអ្នកជំងឺដែលមិនព្រមទទួលប្រយោជន៍ពីការព្យាបាល ដោយសារគាត់មិនចូលចិត្តលក្ខណៈខ្លះរបស់គ្រូពេទ្យនោះ។
៨. តើបទគម្ពីរមួយណាដែលអាចជួយយើងឲ្យរក្សាទស្សនៈត្រឹមត្រូវចំពោះពួកអ្នកដែលនាំមុខក្នុងក្រុមជំនុំ?
៨ ដើម្បីជៀសវាងពីចិត្តគំនិតបែបនេះ យើងអាចចាំថា លោកយេស៊ូបានត្រូវពណ៌នាក្នុងគម្ពីរថាលោកមាន«ផ្កាយប្រាំពីរនៅក្នុងដៃស្ដាំរបស់លោក»។ «ផ្កាយ»ជាតំណាងអ្នកត្រួតពិនិត្យដែលបានត្រូវរើសតាំង ហើយនេះក៏រួមបញ្ចូលអ្នកត្រួតពិនិត្យទាំងអស់ក្នុងក្រុមជំនុំដែរ។ លោកយេស៊ូអាចដឹកនាំ«ផ្កាយ»ក្នុងដៃរបស់លោក តាមរបៀបណាក៏ដោយដែលលោកគិតថាសមត្រឹមត្រូវ។ (បប. ១:១៦, ២០) ដូច្នេះ ជាប្រមុខនៃក្រុមជំនុំ លោកយេស៊ូគ្រប់គ្រងទាំងស្រុងលើក្រុមអ្នកចាស់ទុំ។ ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមក្រុមអ្នកចាស់ទុំត្រូវការការកែតម្រង់ លោកដែលមានភ្នែក«ភ្លឺដូចអណ្ដាតភ្លើង» នឹងធ្វើយ៉ាងណាដើម្បីឲ្យគាត់ទទួលការកែតម្រង់តាមវិធីនិងពេលវេលារបស់លោក។ (បប. ១:១៤) ទម្រាំដល់ពេលនោះ យើងនៅតែគោរពពួកអ្នកដែលត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ ពីព្រោះប៉ូលបានសរសេរថា៖ «ចូរស្ដាប់បង្គាប់ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា ព្រោះពួកគេកំពុងថែរក្សាអ្នករាល់គ្នា ហើយទទួលខុសត្រូវអំពីរបៀបដែលពួកគេបានធ្វើការនោះ។ ដូច្នេះ ពួកគេអាចធ្វើការនោះដោយមានអំណរ មិនមែនដោយដកដង្ហើមធំទេ ព្រោះបើដូច្នេះនឹងនាំឲ្យអ្នករាល់គ្នាបង់ប្រយោជន៍វិញ»។—ហេ. ១៣:១៧
៩. (ក) តើគ្រិស្តសាសនិកម្នាក់ប្រហែលជាទទួលការសាកល្បងអ្វី ប្រសិនបើគាត់ត្រូវកែតម្រង់ឬត្រូវប្រដៅតម្រង់? (ខ) តើអ្វីជាវិធីល្អបំផុតដែលយើងអាចធ្វើ ពេលទទួលការកែតម្រង់?
៩ ចិត្តគំនិតរបស់គ្រិស្តសាសនិកម្នាក់ក៏ប្រហែលជាត្រូវសាកល្បងដែរ បើគាត់បានត្រូវកែតម្រង់ឬបានត្រូវដកឯកសិទ្ធិនៅក្នុងក្រុមជំនុំ។ ប្អូនប្រុសវ័យក្មេងម្នាក់បានត្រូវអ្នកចាស់ទុំឲ្យឱវាទដោយសប្បុរស ស្តីអំពីការលេងហ្គេមវីដេអូដែលមានអំពើហិង្សា។ គួរឲ្យស្ដាយណាស់ដែលគាត់មិនព្រមធ្វើតាមឱវាទរបស់អ្នកចាស់ទុំ ហើយបានត្រូវឈប់ឲ្យធ្វើជាជំនួយការខាងកិច្ចបម្រើដោយសារគាត់លែងមានលក្ខណៈគ្រប់គ្រាន់តាមបទគម្ពីរ។ (ទំនុក. ១១:៥; ១ធី. ៣:៨-១០) បន្ទាប់មក ប្អូនប្រុសនោះប្រាប់អ្នកឯទៀតថាគាត់មិនយល់ស្របនឹងការសម្រេចចិត្តនោះទេ ដោយបានសរសេរសំបុត្រម្ដងហើយម្ដងទៀតទៅការិយាល័យសាខាដោយរិះគន់ពួកអ្នកចាស់ទុំ ហើយថែមទាំងបញ្ចុះបញ្ចូលអ្នកឯទៀតឲ្យធ្វើដូចគាត់ដែរ។ ដូច្នេះ នេះពិតជាធ្វើឲ្យយើងទទួលលទ្ធផលអាក្រក់ ហើយបង្ខូចសន្ដិភាពក្នុងក្រុមជំនុំទាំងមូល បើយើងខំដោះសាចំពោះអំពើខុសឆ្គងរបស់យើង។ គឺជាការប្រសើរជាងបើយើងចាត់ទុកការប្រដៅតម្រង់ជាវិធីមួយដែលជួយយើងឲ្យមើលឃើញភាពទន់ខ្សោយដែលយើងមិនបានដឹង ហើយបន្ទាប់មកទទួលយកការកែតម្រង់នោះដោយស្ងៀមស្ងាត់។—សូមអាន បរិទេវ ៣:២៨, ២៩
១០. (ក) សូមពន្យល់អំពីអ្វីដែលយើងអាចរៀនពីយ៉ាកុប ៣:១៦-១៨ ស្តីអំពីចិត្តគំនិតត្រឹមត្រូវនិងចិត្តគំនិតមិនត្រឹមត្រូវ។ (ខ) តើការបង្ហាញ«ប្រាជ្ញាពីស្ថានលើ»នាំឲ្យមានលទ្ធផលអ្វី?
១០ យ៉ាកុប ៣:១៦-១៨ គឺជាការណែនាំដ៏ល្អស្តីអំពីអ្វីដែលជាចិត្តគំនិតមិនត្រឹមត្រូវនិងអ្វីដែលជាចិត្តគំនិតត្រឹមត្រូវដែលយើងគួរបង្ហាញនៅក្នុងក្រុមជំនុំ។ ខនោះចែងថា៖ «កន្លែងណាមានចិត្តច្រណែននិងចិត្តចង់បង្កទំនាស់ កន្លែងនោះមានភាពច្របូកច្របល់ ហើយមានអំពើអាក្រក់គ្រប់យ៉ាង។ ប៉ុន្តែប្រាជ្ញាពីស្ថានលើវិញ ដំបូងបង្អស់គឺបរិសុទ្ធ រួចធ្វើឲ្យមានសន្ដិភាព សមហេតុផល រង់ចាំធ្វើតាមបង្គាប់ ពោរពេញទៅដោយសេចក្ដីមេត្ដាករុណានិងផលល្អ មិនលម្អៀង ហើយគ្មានពុតត្បុត។ ម្យ៉ាងទៀត សេចក្ដីសុចរិតជាផលដែលត្រូវសាបព្រោះក្នុងស្ថានភាពដែលមានសន្ដិភាព ដើម្បីជាប្រយោជន៍ដល់ពួកអ្នកដែលធ្វើឲ្យមានសន្ដិភាព»។ កាលដែលយើងប្រព្រឹត្តស្របតាម«ប្រាជ្ញាពីស្ថានលើ» គុណសម្បត្ដិដែលព្រះពេញចិត្តនឹងជួយយើងលើកទឹកចិត្តបងប្អូនយើងឲ្យមានចិត្តគំនិតត្រឹមត្រូវ។
ចូរសម្ដែងឲ្យឃើញចិត្តគំនិតដែលបង្ហាញការគោរពនៅក្នុងក្រុមជំនុំ
១១. (ក) តើការរក្សាចិត្តគំនិតត្រឹមត្រូវនឹងជួយយើងឲ្យជៀសវាងពីអ្វី? (ខ) តើយើងរៀនអ្វីពីគំរូរបស់ដាវីឌ?
១១ យើងគួរចាំជានិច្ចថា ព្រះយេហូវ៉ាបានតែងតាំងអ្នកចាស់ទុំឲ្យ«ឃ្វាលក្រុមជំនុំរបស់ព្រះ»។ (សកម្ម. ២០:២៨; ១ពេ. ៥:២) ដូច្នេះ យើងទទួលស្គាល់ថាយើងគួរគោរពការរៀបចំរបស់ព្រះ ទោះជាយើងមានឯកសិទ្ធិបម្រើជាអ្នកចាស់ទុំឬមិនមានក៏ដោយ។ ការរក្សាចិត្តគំនិតត្រឹមត្រូវអាចជួយយើងឲ្យជៀសវាងពីការខ្វល់ខ្វាយហួសហេតុពេកអំពីឋានៈរបស់យើង។ ពេលស្តេចសូលនៃស្រុកអ៊ីស្រាអែលមានអារម្មណ៍ថាដាវីឌអាចនាំឲ្យគាត់បាត់បង់រាជ្យសម្បត្ដិ សូល«ចេះតែរំពៃមើលដាវីឌ»។ (១សាំ. ១៨:៩) ស្តេចសូលបានបណ្ដុះចិត្តគំនិតអាក្រក់ ហើយថែមទាំងចង់សម្លាប់ដាវីឌទៀតផង។ ជាជាងគិតហួសហេតុពេកអំពីឋានៈរបស់ខ្លួនដូចសូល ជាការល្អជាងដែលយើងធ្វើដូចដាវីឌ។ ទោះជាដាវីឌទទួលរងនូវអំពើអយុត្ដិធម៌ជាច្រើនក៏ដោយ បុរសវ័យក្មេងនេះបាននៅតែគោរពអ្នកដែលព្រះបានតែងតាំងឲ្យមានអំណាច។—សូមអាន សាំយូអែលទី១ ២៦:២៣
១២. តើអ្វីនឹងជួយឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ?
១២ ការមានទស្សនៈខុសពីគ្នាអាចនាំឲ្យមានការខឹងគ្នាក្នុងក្រុមជំនុំ សូម្បីតែក្នុងចំណោមអ្នកត្រួតពិនិត្យដែរ។ ឱវាទក្នុងគម្ពីរអាចជួយយើងក្នុងរឿងនេះ។ គម្ពីរចែងថា៖ «ក្នុងការលើកកិត្ដិយសគ្នាទៅវិញទៅមក ចូរលើកកិត្ដិយសគេមុន» ហើយ«កុំគិតថាខ្លួនជាអ្នកដែលចេះពិចារណាឡើយ»។ (រ៉ូម ១២:១០, ១៦) ជាជាងអះអាងថាគំនិតរបស់យើងគឺត្រឹមត្រូវ យើងគួរទទួលស្គាល់ថាជារឿយៗមានទស្សនៈផ្សេងទៀតដែលយើងអាចទទួលយកបានចំពោះស្ថានភាពណាមួយ។ ប្រសិនបើយើងខំពិចារណាអំពីទស្សនៈរបស់អ្នកឯទៀត យើងអាចជួយឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ។—ភី. ៤:៥
១៣. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះមតិផ្ទាល់ខ្លួនរបស់យើង ហើយតើក្នុងគម្ពីរមានឧទាហរណ៍អ្វីខ្លះស្តីអំពីរឿងនេះ?
១៣ តើនេះមានន័យថាការប្រាប់អំពីមតិរបស់យើង បើយើងឃើញអ្វីមួយនៅក្នុងក្រុមជំនុំដែលយើងគិតថាត្រូវកែតម្រូវនោះ ជាការខុសឬ? មិនមែនទេ។ នៅសតវត្សរ៍ទី១ មានបញ្ហាមួយបានកើតឡើងដែលនាំឲ្យមានការជជែកតវ៉ាគ្នាជាច្រើន។ បងប្អូនយើងបាន«ចាត់ចែងឲ្យប៉ូល បាណាបាស និងអ្នកខ្លះទៀតពីចំណោមពួកគាត់ឲ្យឡើងទៅជួបពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម ដើម្បីនិយាយអំពីទំនាស់នោះ»។ (សកម្ម. ១៥:២) បងប្អូនម្នាក់ៗក្នុងចំណោមបងប្អូនទាំងនោះប្រាកដជាមានមតិអំពីបញ្ហានោះ ហើយមានយោបល់អំពីរបៀបដែលត្រូវដោះស្រាយបញ្ហានោះ។ ក៏ប៉ុន្តែ ក្រោយពីបងប្អូនម្នាក់ៗបានប្រាប់អំពីគំនិតរបស់ពួកគាត់ ហើយការសម្រេចចិត្តមួយបានត្រូវធ្វើឡើងក្រោមការដឹកនាំរបស់សកម្មពលបរិសុទ្ធ នោះបងប្អូនយើងមិនបានបន្តលើកអំពីមតិផ្ទាល់ខ្លួនរបស់ពួកគាត់ទៀតឡើយ។ ក្រោយពីក្រុមជំនុំនានាបានទទួលសំបុត្រស្តីអំពីការសម្រេចចិត្តនោះ «ពួកគាត់ក៏ត្រេកអរនឹងការលើកទឹកចិត្តនោះ» ហើយ«ជំនឿរបស់ក្រុមជំនុំនានាបានត្រូវពង្រឹង»។ (សកម្ម. ១៥:៣១; ១៦:៤, ៥) ស្រដៀងគ្នាដែរសព្វថ្ងៃនេះ ក្រោយពីយើងបានប្រាប់រឿងណាមួយឲ្យបងប្អូនដែលទទួលខុសត្រូវដឹង យើងគួរទុករឿងនោះឲ្យពួកគាត់ពិចារណាហើយអធិដ្ឋានដើម្បីដោះស្រាយ។
ចូរបង្ហាញចិត្តគំនិតត្រឹមត្រូវក្នុងទំនាក់ទំនងជាមួយអ្នកឯទៀត
១៤. តើយើងអាចបង្ហាញចិត្តគំនិតត្រឹមត្រូវក្នុងទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកឯទៀតយ៉ាងដូចម្ដេច?
១៤ នៅក្នុងទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកឯទៀត មានឱកាសជាច្រើនដែលយើងអាចបង្ហាញចិត្តគំនិតត្រឹមត្រូវ។ ជាការល្អដែលយើងម្នាក់ៗចេះអភ័យទោស ពេលអ្នកឯទៀតធ្វើឲ្យយើងអាក់អន់ចិត្ត។ បណ្ដាំរបស់ព្រះប្រាប់យើងថា៖ «ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម្ល៉ោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ»។ (កូឡ. ៣:១៣) ពាក្យដែលថា៖ «បើអ្នកណាមានហេតុត្អូញត្អែរ»បង្កប់អត្ថន័យថា ប្រហែលជាមានមូលហេតុត្រឹមត្រូវដែលយើងខឹងនឹងអ្នកឯទៀត។ ប៉ុន្តែ ជាជាងខ្វល់ខ្វាយហួសហេតុពេកអំពីគុណវិបត្ដិបន្ដិចបន្តួចរបស់ពួកគាត់ ហើយធ្វើឲ្យប៉ះពាល់ដល់សេចក្ដីសុខសាន្តក្នុងក្រុមជំនុំ យើងគួរព្យាយាមយកតម្រាប់ព្រះយេហូវ៉ា ហើយសុខចិត្តអភ័យទោសឲ្យពួកគាត់ រួចបន្តបម្រើព្រះជាមួយគ្នា។
១៥. (ក) តើយើងអាចរៀនអ្វីខ្លះស្តីអំពីការអភ័យទោសរបស់យ៉ូប? (ខ) តើតាមរបៀបណាសេចក្ដីអធិដ្ឋានអាចជួយយើងឲ្យបង្ហាញចិត្តគំនិតត្រឹមត្រូវ?
១៥ យើងអាចរៀនពីគំរូរបស់យ៉ូបស្តីអំពីការអភ័យទោស។ មិត្តភក្ដិក្លែងក្លាយបីនាក់បានធ្វើឲ្យគាត់អាក់អន់ចិត្ត ដោយពោលពាក្យមិនសប្បុរសជាច្រើន។ ប៉ុន្តែ យ៉ូបបានអភ័យទោសឲ្យពួកគេ។ តើតាមរបៀបណា? «យ៉ូបបានអធិស្ឋានឲ្យពួកមិត្រសំឡាញ់ខ្លួន»។ (យ៉ូប ១៦:២; ៤២:១០) ការអធិដ្ឋានឲ្យអ្នកឯទៀត ប្រហែលជាអាចផ្លាស់ប្ដូរចិត្តគំនិតរបស់យើងចំពោះពួកគាត់។ ការអធិដ្ឋានឲ្យបងប្អូនគ្រិស្តសាសនិកទាំងអស់ អាចជួយយើងឲ្យមានចិត្តគំនិតដូចគ្រិស្ត។ (យ៉ូន. ១៣:៣៤, ៣៥) យើងមិនត្រឹមតែអធិដ្ឋានឲ្យបងប្អូនយើងប៉ុណ្ណោះទេ តែយើងគួរអធិដ្ឋានសុំសកម្មពលបរិសុទ្ធផងដែរ។ (លូក. ១១:១៣) សកម្មពលរបស់ព្រះនឹងជួយយើងឲ្យបង្ហាញគុណសម្បត្ដិជាគ្រិស្តសាសនិកពិតក្នុងទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកឯទៀត។—សូមអាន កាឡាទី ៥:២២, ២៣
ចូរជួយធ្វើឲ្យមានចិត្តគំនិតត្រឹមត្រូវក្នុងអង្គការរបស់ព្រះ
១៦, ១៧. ស្តីអំពី«ចិត្តគំនិតត្រឹមត្រូវ»របស់យើង តើយើងអាចតាំងចិត្តធ្វើអ្វី?
១៦ បើសមាជិកម្នាក់ៗក្នុងក្រុមជំនុំមានគោលដៅជួយឲ្យមានចិត្តគំនិតត្រឹមត្រូវក្នុងក្រុមជំនុំ នោះអាចនាំឲ្យមានលទ្ធផលគួរឲ្យគាប់ចិត្តមែន! ក្រោយពីពិចារណាអំពីរឿងនេះ យើងប្រហែលជាសម្រេចចិត្តថាយើងអាចបង្ហាញឲ្យកាន់តែប្រសើរឡើងនូវចិត្តគំនិតដែលលើកទឹកចិត្តអ្នកឯទៀត។ បើដូច្នេះមែន យើងមិនគួរស្ទាក់ស្ទើរក្នុងការពិចារណាអំពីខ្លួនយើងដោយផ្អែកលើបណ្ដាំរបស់ព្រះឡើយ។ (ហេ. ៤:១២) ប៉ូលដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រព្រឹត្តរបស់គាត់ក្នុងក្រុមជំនុំ បាននិយាយថា៖ «ខ្ញុំមិនឃើញថាខ្ញុំបានធ្វើអ្វីខុសឡើយ។ ប៉ុន្តែ នេះមិនបញ្ជាក់ថាខ្ញុំជាមនុស្សសុចរិតទេ តែអ្នកដែលវិនិច្ឆ័យខ្ញុំគឺព្រះយេហូវ៉ា»។—១កូ. ៤:៤
១៧ កាលដែលយើងខំព្យាយាមប្រព្រឹត្តស្របតាមប្រាជ្ញាពីស្ថានលើ ដោយមិនចាត់ទុកខ្លួនយើងនិងឋានៈរបស់យើងថាសំខាន់ហួសហេតុពេក នោះយើងនឹងជួយឲ្យមានចិត្តគំនិតត្រឹមត្រូវក្នុងក្រុមជំនុំ។ ដោយចេះអភ័យទោសនិងដោយគិតអំពីអ្វីដែលល្អអំពីអ្នកឯទៀត យើងនឹងមានទំនាក់ទំនងដ៏សុខសាន្តជាមួយនឹងបងប្អូនយើង។ (ភី. ៤:៨) កាលដែលយើងធ្វើដូច្នេះ យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានិងលោកយេស៊ូនឹងពេញចិត្តនឹង«ចិត្តគំនិតត្រឹមត្រូវ»របស់យើង។—ភីលេ. ២៥
[រូបភាពនៅទំព័រ១៤]
តើការរំពឹងគិតអំពីតួនាទីរបស់លោកយេស៊ូមានឥទ្ធិពលយ៉ាងណាទៅលើរបៀបដែលយើងប្រព្រឹត្តពេលទទួលឱវាទ?