ចូរមានចិត្តរាបទាបក្នុងការចុះចូលចំពោះអ្នកគង្វាលដែលបង្ហាញសេចក្ដីស្រឡាញ់
«ចូរស្ដាប់តាមហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាចុះ!»។—ហេព្រើរ ១៣:១៧
១, ២. តើបទគម្ពីរណាខ្លះរៀបរាប់ពីព្រះយេហូវ៉ានិងព្រះយេស៊ូជាអ្នកគង្វាលដែលបង្ហាញសេចក្ដីស្រឡាញ់?
ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រិស្តដែលជាបុត្រទ្រង់ ជាអ្នកគង្វាលដែលបង្ហាញសេចក្ដីស្រឡាញ់។ លោកអេសាយបានទាយថា៖ «មើល! ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមកដោយមានព្រះចេស្ដា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់។ . . . ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗដែលមានកូនខ្ចីទៅដោយថ្នម»។—អេសាយ ៤០:១០, ១១
២ ទំនាយដែលអេសាយបានសរសេរនោះ សំដៅទៅលើការប្រោសលោះរាស្ត្ររបស់ព្រះហើយបានសម្រេចជាលើកទីមួយ ពេលប្រជាជនយូដាមួយចំនួនបានត្រឡប់ទៅស្រុកយូដាវិញ នៅឆ្នាំ៥៣៧ មុនគ.ស.។ (របាក្សត្រទី២ ៣៦:២២, ២៣) ទំនាយនោះបានសម្រេចជាលើកទីពីរ ពេលមនុស្សមួយចំនួនដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌បានត្រូវប្រោសឲ្យរួចពី«បាប៊ីឡូនដ៏ជាធំ»នៅឆ្នាំ១៩១៩។ ព្រះយេស៊ូគ្រិស្តជាអ្នកប្រោសពួកគេ ដូចលោកស៊ីរូសបានប្រោសប្រជាជនអ៊ីស្រាអែលឲ្យរួចដែរ។ (វិវរណៈ ១៨:២; អេសាយ ៤៤:២៨) ព្រះយេស៊ូជាអ្នកគ្រប់គ្រងដែលប្រៀបដូចជា«ព្រះពាហុ»ឬដៃរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាក៏ប្រើព្រះយេស៊ូជាអ្នកគង្វាលដែលប្រមូលនិងថែទាំចៀមទាំងអស់របស់ទ្រង់។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំហើយចៀមក៏ស្គាល់ខ្ញុំ»ដែរ។—យ៉ូហាន ១០:១៤
៣. តើព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាទ្រង់ស្រឡាញ់ចៀមទ្រង់ហើយកត់សម្គាល់របៀបដែលមនុស្សប្រព្រឹត្តលើពួកគេ?
៣ បទទំនាយនៅសៀវភៅអេសាយ ៤០:១០, ១១ បញ្ជាក់ពីរបៀបព្រះយេហូវ៉ាថែទាំរាស្ត្រទ្រង់ គឺដោយថ្នាក់ថ្នម។ (ទំនុកដំកើង ២៣:១-៦) ពេលព្រះយេស៊ូបានធ្វើកិច្ចបម្រើទ្រង់នៅលើផែនដី ទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់ហើយយកចិត្តទុកដាក់ចំពោះសិស្សទ្រង់និងមនុស្សទាំងឡាយ។ (ម៉ាថាយ ១១:២៨-៣០; ម៉ាកុស ៦:៣៤) ព្រះយេហូវ៉ានិងព្រះយេស៊ូមិនពេញចិត្តសោះចំពោះពួកអ្នកដឹកនាំប្រជាជនអ៊ីស្រាអែលដែលប្រៀបដូចជាអ្នកគង្វាលដ៏កាចសាហាវ។ អ្នកគង្វាលអាក្រក់ទាំងនោះមិនបានថែទាំប្រជាជនដែលជាហ្វូងចៀមរបស់ព្រះ តែបានជញ្ជក់យកផលប្រយោជន៍ពីពួកគេវិញ។ (អេសេគាល ៣៤:២-១០; ម៉ាថាយ ២៣:៣, ៤, ១៥) ព្រះយេហូវ៉ាបានសន្យាថា៖ «អញនឹងជួយសង្គ្រោះហ្វូងចៀមរបស់អញ នោះវានឹងលែងបានជារំពាតទៅ ហើយអញនឹងជំនុំជំរះក្ដីរបស់ចៀមនឹងចៀម។ អញនឹងតាំងអ្នកគង្វាលតែ១ឲ្យថែមើលវា អ្នកនោះនឹងឃ្វាលវា គឺដាវីឌជាអ្នកបំរើរបស់អញ គាត់នឹងកៀងនាំវាទៅឲ្យស៊ី ហើយនឹងធ្វើជាអ្នកគង្វាលដល់ហ្វូង»នោះ។ (អេសេគាល ៣៤:២២, ២៣) ព្រះយេស៊ូគ្រិស្តដែលនៅគ្រាចុងក្រោយបង្អស់នេះជា«អ្នកគង្វាលតែ១» បានធ្វើកិច្ចការអស្ចារ្យជាងស្តេចដាវីឌពីបុរាណ។ ព្រះយេហូវ៉ាបានតែងតាំងព្រះយេស៊ូឲ្យត្រួតលើអ្នកបម្រើទាំងអស់របស់ទ្រង់នៅលើផែនដី។ អ្នកបម្រើនោះរួមបញ្ចូលពួកគ្រិស្តសាសនិកដែលនឹងគ្រប់គ្រងជាមួយព្រះយេស៊ូនៅស្ថានសួគ៌ ហើយពួក«ចៀមឯទៀត»ផងដែរ។—យ៉ូហាន ១០:១៦
អំណោយទានដែលព្រះយេហូវ៉ាឲ្យក្រុមជំនុំ
៤, ៥. (ក) តើព្រះយេហូវ៉ាបានឲ្យអំណោយវិសេសអ្វីដល់រាស្ត្រទ្រង់នៅផែនដី? (ខ) តើព្រះយេស៊ូបានឲ្យអំណោយអ្វីដល់ពួកអ្នកដែលកាន់តាមទ្រង់?
៤ ព្រះយេហូវ៉ាបានឲ្យអំណោយវិសេសមួយដល់ក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ ព្រះយេហូវ៉ាធ្វើដូច្នេះពេលទ្រង់តែងតាំងព្រះយេស៊ូគ្រិស្តឲ្យធ្វើជា«អ្នកគង្វាលតែ១»លើពួកអ្នកបម្រើទ្រង់នៅលើផែនដី។ ទំនាយក្នុងសៀវភៅអេសាយ ៥៥:៤ រៀបរាប់អំពីអ្នកដឹកនាំម្នាក់ពីស្ថានសួគ៌ដែលជាអំណោយវិសេស។ ទំនាយនោះចែងថា៖ «មើល! អញបានតាំងដាវីឌ[ដែលតំណាងព្រះយេស៊ូ]ទុកជាទីបន្ទាល់ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខហើយជាអ្នកបង្គាប់ដល់គេ»។ គ្រិស្តសាសនិកទាំងឡាយ គឺពួកអ្នកដែលនឹងគ្រប់គ្រងជាមួយព្រះយេស៊ូហើយ«មនុស្ស១ហ្វូងយ៉ាងធំ»ដែរ សុទ្ធតែមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារហើយគ្រប់ទាំងភាសា។ (វិវរណៈ ៥:៩, ១០; ៧:៩) ពួកគេរួមគ្នាជា«ហ្វូងតែ១»ដែលប្រៀបដូចជាក្រុមជំនុំអន្តរជាតិមួយ ហើយពួកគេមាន«អ្នកគង្វាលតែ១»ជាអ្នកដឹកនាំពួកគេ គឺព្រះគ្រិស្តយេស៊ូ។
៥ ព្រះយេស៊ូក៏បានឲ្យអំណោយដ៏វិសេសមួយចំពោះពួកអ្នកដែលកាន់តាមទ្រង់នៅលើផែនដីដែរ ដូចព្រះយេហូវ៉ាបានប្រទានព្រះយេស៊ូមកជាអំណោយមួយ។ ព្រះយេស៊ូបានរៀបចំឲ្យមានអ្នកគង្វាលស្មោះត្រង់ឯទៀតក្រោមអំណាចទ្រង់។ អ្នកគង្វាលទាំងនោះធ្វើតាមគំរូរបស់ព្រះយេហូវ៉ានិងព្រះយេស៊ូដោយបង្ហាញសេចក្ដីស្រឡាញ់ក្នុងការថ្នាក់ថ្នមហ្វូងចៀមរបស់ទ្រង់។ សាវ័កប៉ុលបានពន្យល់អំពីអំណោយទាននេះដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូ ពេលគាត់សរសេរសំបុត្រមួយច្បាប់ចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងអេភេសូរ។ ប៉ុលបានសរសេរថា ពេលព្រះយេស៊ូ«បានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទាន[មនុស្សខ្លះទុកជា]អំណោយទាន . . . ទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង»។—អេភេសូរ ៤:៨, ១១, ១២
៦. តើវិវរណៈ ១:១៦, ២០ ប្រើពាក្យប្រៀបប្រដូចអ្វីស្តីអំពីក្រុមអ្នកចាស់ទុំដែលមានក្ដីសង្ឃឹមគ្រប់គ្រងជាមួយព្រះយេស៊ូ? តើយើងអាចសន្និដ្ឋានយ៉ាងណាអំពីបុរសពីចំណោមពួកចៀមឯទៀតដែលបានតែងតាំងជាអ្នកចាស់ទុំ?
៦ បុរសដែលជាអ្នកត្រួតពិនិត្យឬអ្នកចាស់ទុំក្នុងក្រុមជំនុំនានាគឺជា«អំណោយទាន»ដែលព្រះយេស៊ូឲ្យនោះ។ ព្រះយេហូវ៉ានិងបុត្រទ្រង់បានប្រើសកម្មពលព្រះក្នុងការតែងតាំងអ្នកចាស់ទុំទាំងនេះឲ្យឃ្វាលចៀមទ្រង់ដោយថ្នាក់ថ្នម។ (កិច្ចការ ២០:២៨, ២៩) ដំបូងនោះ អ្នកចាស់ទុំទាំងអស់សុទ្ធតែមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ ក្នុងសៀវភៅវិវរណៈ ១:១៦, ២០ «ផ្កាយ»និង«ទេវតា»ដែលព្រះគ្រិស្តកាន់នៅដៃស្ដាំទ្រង់ តំណាងក្រុមអ្នកចាស់ទុំដែលមានក្ដីសង្ឃឹមគ្រប់គ្រងជាមួយទ្រង់នៅស្ថានសួគ៌។ ព្រះយេស៊ូកាន់ពួកគេនៅដៃស្ដាំក្នុងន័យថា ពួកគេស្ថិតក្រោមអំណាចទ្រង់។ ប៉ុន្តែនៅគ្រាចុងក្រោយនេះ ពួកអ្នកចាស់ទុំនៅលើផែនដីដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌មានចំនួនកាន់តែតិចទៅៗ។ ដូច្នេះនៅសព្វថ្ងៃនេះ អ្នកចាស់ទុំក្នុងក្រុមជំនុំនានានៃពួកគ្រិស្តសាសនិក ច្រើនតែមកពីចំណោមពួកចៀមឯទៀត។ អ្នកតំណាងគណៈអភិបាលបានពឹងផ្អែកលើការណែនាំពីសកម្មពលរបស់ព្រះក្នុងការតែងតាំងអ្នកចាស់ទុំទាំងឡាយ។ ហេតុនេះហើយ បានជាយើងអាចសន្និដ្ឋានថា ពួកអ្នកចាស់ទុំពីចំណោមពួកចៀមឯទៀតក៏ស្ថិតក្រោមអំណាចព្រះយេស៊ូគ្រិស្តដែលជាអ្នកគង្វាលល្អ ប្រៀបដូចជាទ្រង់កាន់ពួកគេនៅដៃស្ដាំ។ (អេសាយ ៦១:៥, ៦) ដោយសារអ្នកចាស់ទុំទាំងឡាយចុះចូលចំពោះព្រះគ្រិស្តជាសិរសាឬអ្នកនាំមុខក្រុមជំនុំ នោះគប្បីណាស់ឲ្យយើងពួតដៃគ្នាជាមួយពួកអ្នកចាស់ទុំដែរ។—កូល៉ុស ១:១៨
ការចុះចូលហើយស្ដាប់តាម
៧. តើសាវ័កប៉ុលដាស់តឿនយើងឲ្យមានទស្សនៈយ៉ាងណាចំពោះពួកគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំ?
៧ ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រិស្តជាអ្នកគង្វាលរបស់យើងនៅស្ថានសួគ៌ ហើយទ្រង់ទាំងពីរអង្គតម្រូវឲ្យយើងចុះចូលចំពោះអ្នកគង្វាលឯទៀតដែលទ្រង់បានតែងតាំងនោះ។ យើងក៏ត្រូវស្ដាប់តាមពួកអ្នកគង្វាលទាំងនេះដែលបានទទួលភារកិច្ចសំខាន់ៗក្នុងក្រុមជំនុំ។ (ពេត្រុសទី១ ៥:៥) ព្រះយេហូវ៉ាបានបណ្ដាលឲ្យសាវ័កប៉ុលសរសេរថា៖ «ចូរនឹកចាំពីពួកអ្នកនាំមុខដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា [ហើយ]ត្រាប់តាមសេចក្ដីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង។ ចូរស្ដាប់តាមហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាចុះ! ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើ[ពួកគាត់]ស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សាហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ»។—ហេព្រើរ ១៣:៧, ១៧
៨. តើប៉ុលលើកទឹកចិត្តយើងឲ្យ«ពិចារណាមើល»អ្វី? តើយើងគួរ«ស្ដាប់តាម»ពួកអ្នកចាស់ទុំយ៉ាងដូចម្ដេច?
៨ សូមកត់សម្គាល់ថា ប៉ុលលើកទឹកចិត្តយើងឲ្យ«ពិចារណាមើល»ថា តើកិរិយាស្មោះត្រង់របស់ពួកអ្នកចាស់ទុំនាំឲ្យមានលទ្ធផលអ្វី? រួចមក ប៉ុលជំរុញយើងឲ្យធ្វើតាមគំរូរបស់ពួកគាត់ដែលមានជំនឿមាំមួន។ បន្ថែមទៅទៀត ប៉ុលទូន្មានយើងឲ្យចុះចូលចំពោះបុរសទាំងនេះដែលព្រះបានតែងតាំងឡើង ហើយឲ្យយើងស្ដាប់តាមការណែនាំពីពួកគាត់។ លោករីឆឺដ ហ្វ្រេនជាបណ្ឌិតម្នាក់ខាងព្រះគម្ពីរ ហើយគាត់ពន្យល់អំពីអត្ថន័យពាក្យភាសាក្រិចដែលបកប្រែថា «ចូរស្ដាប់តាម»។ គាត់ប្រាប់ថា នេះមិនមែនជា«ពាក្យធម្មតាសម្រាប់ការស្ដាប់បង្គាប់ទេ តែមានន័យចំៗថា ‹មានហេតុឲ្យជឿតាម› ហើយនាំឲ្យគិតអំពីមនុស្សដែលស្ម័គ្រចិត្តធ្វើតាមពួកគាត់ជាអ្នកនាំមុខ»។ យើងស្ដាប់តាមពួកអ្នកចាស់ទុំពីព្រោះព្រះគម្ពីរដែលជាបណ្ដាំរបស់ព្រះបង្គាប់ឲ្យយើងធ្វើដូច្នេះ។ មូលហេតុមួយទៀតដែលយើងស្ដាប់តាមពួកអ្នកចាស់ទុំ គឺដោយសារយើងជឿថា ពួកគាត់មានបំណងចម្រើនកិច្ចការខាងព្រះរាជាណាចក្ររបស់ព្រះហើយចង់តែផ្ដល់ប្រយោជន៍ឲ្យយើង។ បើយើងស្ម័គ្រចិត្តទទួលស្គាល់អ្នកទាំងនោះជាអ្នកនាំមុខ យើងពិតជានឹងមានសុភមង្គលមែន!
៩. ក្រៅពីការស្ដាប់តាមពួកអ្នកចាស់ទុំ ហេតុអ្វីបានជាយើងត្រូវ«ចុះចូល»ចំពោះពួកគាត់ដែរ?
៩ ប៉ុន្តែ ចុះយ៉ាងណាបើអ្នកចាស់ទុំផ្ដល់ការណែនាំម្យ៉ាង តែយើងមិនឯកភាពនឹងគំនិតរបស់ពួកគាត់? គឺក្នុងករណីនេះហើយដែលយើងត្រូវចេះចុះចូល។ ដ្បិតមិនជាការពិបាកទេ ឲ្យយើងស្ដាប់តាមពួកអ្នកចាស់ទុំពេលយើងឯកភាពនឹងគាត់ ឬពេលការណែនាំរបស់គាត់ច្បាស់ជាល្អហើយ។ ប៉ុន្តែ យើងបង្ហាញថាយើងពិតជាចេះចុះចូលចំពោះពួកគាត់ ពេលយើងធ្វើតាមការណែនាំដែលយើងមិនយល់ច្បាស់។ មុនពេត្រុសបានក្លាយជាសាវ័ករបស់ព្រះយេស៊ូ គាត់បានចុះចូលចំពោះទ្រង់សូម្បីតែពេលគាត់មិនយល់ច្បាស់លាស់ក៏ដោយ។—លូកា ៥:៤, ៥
មូលហេតុបួនយ៉ាងឲ្យយើងស្ម័គ្រចិត្តពួតដៃគ្នា
១០, ១១. នៅសតវត្សរ៍ទីមួយនិងសម័យយើងនេះ តើពួកអ្នកចាស់ទុំ«បានផ្សាយព្រះបន្ទូល»ដល់ពួកគ្រិស្តសាសនិកគ្នីគ្នាយ៉ាងណា?
១០ ក្នុងបទគម្ពីរនៅសៀវភៅហេព្រើរ ១៣:៧, ១៧ ដែលដកស្រង់នៅខាងលើរួចហើយ សាវ័កប៉ុលប្រាប់មូលហេតុបួនយ៉ាងដែលយើងគួរស្ដាប់តាមហើយចុះចូលចំពោះពួកគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំ។ មូលហេតុទីមួយ គឺដោយសារពួកអ្នកចាស់ទុំ«បានផ្សាយព្រះបន្ទូល»ឬនាំសាររបស់ព្រះមកកាន់យើង។ សូមនឹកចាំថា ពួកអ្នកចាស់ទុំជា«អំណោយទាន»ដែលព្រះយេស៊ូបានឲ្យក្រុមជំនុំដើម្បីជួយ«នាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង»។ (អេភេសូរ ៤:១១, ១២) ព្រះយេស៊ូបានប្រើពួកអ្នកចាស់ទុំជាអ្នកគង្វាលក្រោមអំណាចទ្រង់ដើម្បីជួយណែនាំពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទីមួយឲ្យកែប្រែកិរិយានិងគំនិតឡើងវិញ។ ព្រះយេហូវ៉ាក៏បានបណ្ដាលឲ្យអ្នកគង្វាលខ្លះសរសេរសំបុត្រចំពោះក្រុមជំនុំនីមួយៗ។ ព្រះយេស៊ូក៏បានប្រើអ្នកត្រួតពិនិត្យទាំងនោះដែលទ្រង់តែងតាំងដោយសកម្មពលរបស់ព្រះយេហូវ៉ា ដើម្បីពង្រឹងកម្លាំងនិងជួយណែនាំពួកគ្រិស្តសាសនិកនាសម័យដើម។—កូរិនថូសទី១ ១៦:១៥-១៨; ធីម៉ូថេទី២ ២:២; ទីតុស ១:៥
១១ នៅសព្វថ្ងៃនេះ ព្រះយេស៊ូកំពុងតែប្រើគណៈអភិបាលរបស់‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ដើម្បីដឹកនាំយើង ហើយទ្រង់ក៏ប្រើពួកអ្នកចាស់ទុំដែលគណៈអភិបាលនោះតែងតាំងឡើងដែរ។ (ម៉ាថាយ ២៤:៤៥) យើងគោរពព្រះយេស៊ូគ្រិស្តជា«មេពួកអ្នកគង្វាល» ដូច្នេះយើងធ្វើតាមឱវាទរបស់សាវ័កប៉ុលដែលដាស់តឿនថា៖ «ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា នឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនឹងពួកអ្នកដែលទូន្មានដែរ»។—ពេត្រុសទី១ ៥:៤; ថែស្សាឡូនីចទី១ ៥:១២; ធីម៉ូថេទី១ ៥:១៧
១២. តើពួកអ្នកចាស់ទុំកំពុងតែ«ថែរក្សាព្រលឹង[យើង]រាល់គ្នា»ដោយរបៀបណា?
១២ មូលហេតុទីពីរដែលយើងពួតដៃគ្នាជាមួយពួកអ្នកត្រួតពិនិត្យគ្រិស្តសាសនិក គឺដោយសារ«អ្នកទាំងនោះបានថែរក្សាព្រលឹង[យើង]រាល់គ្នា»។ បើអ្នកចាស់ទុំឃើញថាយើងមានអាកប្បកិរិយាឬទស្សនៈណាដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ ពួកគាត់ខំជូនឱវាទភ្លាមដោយមានបំណងជួយកែតម្រង់យើង។ (កាឡាទី ៦:១) ពាក្យភាសាក្រិចដែលបកប្រែថា «ថែរក្សា» មានន័យចំៗថា «មិនដេកលក់»ដោយព្រោះចេះតែចាំយាមជានិច្ច។ យោងទៅតាមបណ្ឌិតម្នាក់ខាងព្រះគម្ពីរ ពាក្យ«ថែរក្សា»នេះ«នាំឲ្យយើងគិតពីអ្នកគង្វាលដែលយាមមើលចៀមយ៉ាងឥតនឿយណាយ»។ ដូច្នេះមិនជាការចម្លែកអ្វីឡើយ ដែលពួកអ្នកចាស់ទុំដេកមិនឆ្អែតម្ដងម្កាលដោយព្រោះគាត់រវល់ថែរក្សាជំនឿយើងដូចជាអ្នកយាម។ បើដូច្នេះ គប្បីណាស់ឲ្យយើងស្ម័គ្រចិត្តពួតដៃគ្នាជាមួយអ្នកគង្វាលទាំងនេះដែលខំថ្នាក់ថ្នមយើងស្របទៅតាមគំរូរបស់ព្រះយេស៊ូគ្រិស្តដែលជា«អ្នកគង្វាលដ៏ធំនៃហ្វូងចៀម»។—ហេព្រើរ ១៣:២០
១៣. តើអ្នកត្រួតពិនិត្យនិងគ្រិស្តសាសនិកទាំងឡាយត្រូវទទួលខុសត្រូវចំពោះអ្នកណា? តើយើងរាល់គ្នាត្រូវទទួលខុសត្រូវស្តីអំពីអ្វី?
១៣ មូលហេតុទីបីដែលយើងស្ម័គ្រចិត្តពួតដៃគ្នាជាមួយពួកអ្នកចាស់ទុំ គឺដោយសារពួកគាត់«នឹងត្រូវរាប់រៀបទូលដល់[ព្រះ]»ឬទទួលខុសត្រូវចំពោះទ្រង់ក្នុងការថែទាំយើង។ អ្នកត្រួតពិនិត្យទាំងអស់គ្នាតែងតែចាំថា ពួកគាត់ជាអ្នកគង្វាលដែលធ្វើកិច្ចបម្រើក្រោមការណែនាំរបស់ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រិស្តដែលជាអ្នកគង្វាលរបស់យើងនៅស្ថានសួគ៌។ (អេសេគាល ៣៤:២២-២៤) ព្រះយេហូវ៉ាជាម្ចាស់នៃចៀមទាំងឡាយ ពីព្រោះ«ទ្រង់បានទិញ[ពួកគេ]ដោយព្រះលោហិត»នៃបុត្រទ្រង់។ ហេតុនេះហើយបានជាពួកអ្នកចាស់ទុំទទួលខុសត្រូវចំពោះព្រះយេហូវ៉ាស្តីអំពីរបៀបពួកគាត់ប្រព្រឹត្តលើចៀមទ្រង់។ ទ្រង់តម្រូវឲ្យពួកអ្នកចាស់ទុំ«ចេះប្រណី»ដល់ហ្វូងចៀម ហើយថែទាំពួកគេដោយថ្នាក់ថ្នម។ (កិច្ចការ ២០:២៨, ២៩) អាស្រ័យហេតុនេះ យើងម្នាក់ៗក៏ត្រូវទទួលខុសត្រូវចំពោះព្រះយេហូវ៉ាដែរ ស្តីអំពីអ្វីដែលយើងធ្វើពេលទទួលការណែនាំពីទ្រង់។ (រ៉ូម ១៤:១០-១២) ពេលយើងស្ដាប់តាមពួកអ្នកចាស់ទុំដែលព្រះយេហូវ៉ាបានតែងតាំងនោះ នេះក៏បង្ហាញថាយើងកំពុងតែចុះចូលចំពោះព្រះគ្រិស្តដែលជាសិរសាឬអ្នកនាំមុខក្រុមជំនុំ។—កូល៉ុស ២:១៩
១៤. តើអ្វីអាចបណ្ដាលឲ្យអ្នកចាស់ទុំធ្វើការ«ដោយស្រែកថ្ងូរ»? តើនេះអាចនាំឲ្យមានលទ្ធផលអ្វី?
១៤ ប៉ុលបានផ្ដល់មូលហេតុទីបួនឲ្យយើងចុះចូលចំពោះពួកអ្នកចាស់ទុំដោយចិត្តរាបទាប។ គាត់សរសេរថា៖ «ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ»។ (ហេព្រើរ ១៣:១៧) ពួកអ្នកចាស់ទុំមានបន្ទុកធ្ងន់មែន ដ្បិតពួកគាត់មានភារកិច្ចច្រើន។ ពួកគាត់ត្រូវបង្រៀនក្រុមជំនុំ ឃ្វាលហ្វូងចៀម នាំមុខក្នុងកិច្ចការផ្សព្វផ្សាយ ចិញ្ចឹមអប់រំកូន ហើយជួយបងប្អូនក្នុងក្រុមជំនុំដែលមានបញ្ហាថែមទៀត។ (កូរិនថូសទី២ ១១:២៨, ២៩) បើយើងមិនពួតដៃគ្នាជាមួយពួកអ្នកចាស់ទុំ យើងនឹងធ្វើឲ្យពួកគាត់មានបន្ទុកកាន់តែធ្ងន់ទៀត។ បើដូច្នេះ ពួកគាត់នឹង«ស្រែកថ្ងូរ»ដោយព្រោះមានអារម្មណ៍មិនស្រួល។ ព្រះយេហូវ៉ាមិនពេញចិត្តចំពោះមនុស្សដែលមិនព្រមពួតដៃគ្នា ដូច្នេះទង្វើនោះអាចនាំឲ្យយើងបង់ប្រយោជន៍វិញ។ ផ្ទុយទៅវិញ ពេលយើងបង្ហាញការគោរពនិងពួតដៃគ្នាជាមួយពួកអ្នកចាស់ទុំ ពួកគាត់អាចបំពេញភារកិច្ចរបស់ខ្លួនដោយអរសប្បាយ ហើយនេះនឹងជួយយើងរាល់គ្នាឲ្យមានសាមគ្គីភាពនិងអំណរក្នុងការផ្សាយសារព្រះរាជាណាចក្ររបស់ព្រះ។—រ៉ូម ១៥:៥, ៦
របៀបបង្ហាញថាយើងជាអ្នកចុះចូល
១៥. តើយើងអាចស្ដាប់តាមហើយចុះចូលចំពោះពួកអ្នកចាស់ទុំដោយរបៀបណាខ្លះ?
១៥ តាមពិត មានរបៀបជាច្រើនដែលយើងអាចពួតដៃគ្នាជាមួយពួកអ្នកចាស់ទុំដែលព្រះបានតែងតាំងឡើង។ ជាឧទាហរណ៍ ដោយសារស្ថានការណ៍ក្នុងតំបន់ផ្សាយនានាចេះតែប្រែប្រួល តើពួកអ្នកចាស់ទុំបានរៀបចំឲ្យមានកម្មវិធីជួបជុំគ្នាសម្រាប់កិច្ចការផ្សព្វផ្សាយនៅថ្ងៃនិងម៉ោងដែលតម្រូវឲ្យយើងកែប្រែកាលវិភាគរបស់យើងឬទេ? បើដូច្នេះ ចូរយើងព្យាយាមធ្វើតាមកម្មវិធីថ្មីនោះ។ ប្រហែលជាយើងនឹងទទួលពរដែលយើងមិនធ្លាប់នឹកស្មាន។ តើអ្នកចាស់ទុំដែលជាអ្នកត្រួតពិនិត្យកិច្ចបម្រើផ្សាយក្នុងក្រុមជំនុំកំពុងតែធ្វើទស្សនៈកិច្ចក្នុងក្រុមយើងដែលជួបជុំគ្នាដើម្បីសិក្សាសៀវភៅឬ? បើដូច្នេះ ចូរឲ្យយើងខំឆ្លៀតឱកាសដើម្បីផ្សព្វផ្សាយច្រើនជាងធម្មតាក្នុងអំឡុងមួយសប្ដាហ៍នោះ។ តើយើងត្រូវថ្លែងសុន្ទរកថាក្នុងកម្មវិធីសាលាកិច្ចបម្រើផ្សាយឬទេ? បើមានមែន ចូរព្យាយាមបំពេញភារកិច្ចនោះឲ្យអស់ពីសមត្ថភាព។ តើអ្នកត្រួតពិនិត្យក្រុមសិក្សារបស់យើងបានប្រកាសប្រាប់ថា ក្រុមយើងមានឯកសិទ្ធិបោសសម្អាតសាលប្រជុំទេ? បើដូច្នេះ ចូរឲ្យយើងចូលដៃធ្វើការនោះជាមួយនឹងគាត់អស់ពីកម្លាំង ស្របទៅតាមលទ្ធភាពនិងអាយុរបស់យើង។ មានរបៀបខ្លះៗទាំងនេះនិងវិធីឯទៀតដែរ ឲ្យយើងចុះចូលចំពោះបុរសទាំងឡាយដែលព្រះយេហូវ៉ានិងបុត្រទ្រង់បានតែងតាំងឲ្យមើលថែរក្សាហ្វូងចៀម។
១៦. ទោះបើអ្នកចាស់ទុំម្នាក់ធ្វើអ្វីមិនស្របទៅតាមការណែនាំពីព្រះក្ដី ហេតុអ្វីបានជានេះមិនផ្ដល់ហេតុឲ្យយើងបះបោរនឹងគាត់?
១៦ យូរៗម្ដង ប្រហែលជាអ្នកចាស់ទុំម្នាក់មិនធ្វើអ្វីស្របទៅតាមការណែនាំរបស់ក្រុមអ្នកបម្រើស្មោះត្រង់និងគណៈអភិបាលរបស់ពួកគាត់។ បើគាត់ហ៊ានធ្វើដូច្នេះរហូត នៅទីបំផុតគាត់ក៏ត្រូវរាប់រៀបទូលដល់ព្រះយេហូវ៉ាឬទទួលខុសត្រូវចំពោះទ្រង់ដែលជា«អ្នកគង្វាល ជាអ្នកថែទាំព្រលឹង[យើង]រាល់គ្នា»។ (ពេត្រុសទី១ ២:២៥) យ៉ាងណាក៏ដោយ បើអ្នកចាស់ទុំខ្លះធ្វើខុសឬមិនធ្វើអ្វីដែលគាត់គួរធ្វើ យើងនៅតែគ្មានហេតុបះបោរនឹងពួកគាត់ទេ។ ព្រះយេហូវ៉ាមិនប្រទានពរលើមនុស្សបះបោរដែលមិនស្ដាប់តាមពួកអ្នកនាំមុខ។—ជនគណនា ១២:១, ២, ៩-១១
ព្រះយេហូវ៉ាប្រទានពរលើអស់អ្នកដែលស្ម័គ្រចិត្តពួតដៃគ្នា
១៧. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះពួកអ្នកចាស់ទុំ?
១៧ ព្រះយេហូវ៉ាជ្រាបថា បុរសទាំងឡាយដែលទ្រង់បានតែងតាំងជាអ្នកត្រួតពិនិត្យឬអ្នកចាស់ទុំនោះ សុទ្ធតែជាមនុស្សមិនគ្រប់លក្ខណ៍។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ានៅតែប្រើពួកគាត់នៅឡើយ។ ដូច្នេះនៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាកំពុងតែឃ្វាលហ្វូងចៀមរបស់ទ្រង់នៅលើផែនដីដោយប្រើពួកអ្នកចាស់ទុំទាំងនោះនិងសកម្មពលរបស់ទ្រង់។ មិនថាយើងជាអ្នកចាស់ទុំម្នាក់ឬអត់ក៏ដោយ «ឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ»។ (កូរិនថូសទី២ ៤:៧) ដូច្នេះ ពេលយើងគិតអំពីអ្វីដែលព្រះយេហូវ៉ាកំពុងតែសម្រេចតាមរយៈពួកអ្នកចាស់ទុំដែលមានចិត្តស្មោះត្រង់ នោះគប្បីណាស់ឲ្យយើងស្ម័គ្រចិត្តពួតដៃគ្នាជាមួយពួកគាត់ ហើយថ្លែងអំណរគុណចំពោះព្រះយេហូវ៉ាផង!
១៨. ពេលយើងចុះចូលចំពោះពួកអ្នកចាស់ទុំ តើនេះបង្ហាញអំពីអ្វី?
១៨ ក្នុងសៀវភៅយេរេមា ៣:១៥ ព្រះយេហូវ៉ាបានពណ៌នាអំពីលក្ខណៈរបស់ពួកអ្នកគង្វាលដែលទ្រង់តែងតាំងឲ្យមើលថែរក្សាហ្វូងចៀមរបស់ទ្រង់នៅគ្រាចុងក្រោយបង្អស់នេះ ហើយអ្នកត្រួតពិនិត្យទាំងឡាយកំពុងតែព្យាយាមបង្ហាញលក្ខណៈស្របទៅតាមបទគម្ពីរនោះដែរ។ ព្រះយេហូវ៉ាបានពណ៌នាថា៖ «អញនឹងឲ្យឯងរាល់គ្នាមានអ្នកគ្រប់គ្រងដែលគាប់ចិត្តអញ ជាអ្នកដែលនឹងឃ្វាលឯងរាល់គ្នាដោយដំរិះ នឹងយោបល់»។ យ៉ាងនេះ គ្មានហេតុសង្ស័យអ្វីឡើយថា ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំនីមួយៗកំពុងតែការពារហ្វូងចៀមរបស់ព្រះយេហូវ៉ា និងជួយបង្រៀនយើងអស់ពីសមត្ថភាពមែន។ ដូច្នេះ តទៅមុខទៀត ចូរឲ្យយើងបង្ហាញថា យើងមានកតញ្ញុតាធម៌ចំពោះពួកគាត់ដែលធ្វើការនឿយហត់។ ចូរធ្វើដូច្នេះដោយស្ម័គ្រចិត្តពួតដៃគ្នា ព្រមទាំងស្ដាប់តាមហើយចុះចូលចំពោះពួកគាត់ផង។ ពេលយើងធ្វើដូច្នេះ យើងបង្ហាញថាយើងមានកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ានិងព្រះយេស៊ូគ្រិស្តដែលជាអ្នកគង្វាលរបស់យើងនៅស្ថានសួគ៌។
ការរៀនសាឡើងវិញ
• តើព្រះយេហូវ៉ានិងព្រះយេស៊ូគ្រិស្តបានបង្ហាញយ៉ាងណាថាទ្រង់ទាំងពីរអង្គជាអ្នកគង្វាលដែលពេញទៅដោយសេចក្ដីស្រឡាញ់?
• ក្រៅពីការស្ដាប់តាមពួកអ្នកចាស់ទុំ ហេតុអ្វីបានជាយើងត្រូវចុះចូលចំពោះពួកគាត់?
• តើយើងអាចបង្ហាញថាយើងចុះចូលចំពោះពួកអ្នកចាស់ទុំដោយរបៀបណាខ្លះ?
[រូបភាពនៅទំព័រ២៩]
ពួកអ្នកចាស់ទុំតែងតែចុះចូលចំពោះព្រះគ្រិស្តជាអ្នកនាំមុខ
[រូបភាពនៅទំព័រ៣១]
មានវិធីផ្សេងៗឲ្យយើងបង្ហាញថា យើងចុះចូលចំពោះពួកអ្នកគង្វាលដែលព្រះយេហូវ៉ាបានតែងតាំង