«អ្នកស្នាក់នៅបណ្ដោះអាសន្ន»ក្នុងពិភពលោកដ៏អាក្រក់នេះ
«ដោយមានជំនឿ . . . [អ្នកទាំងអស់នោះ]បានប្រកាសដោយចំហថា ពួកគេជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុក»។—ហេ. ១១:១៣
១. តើលោកយេស៊ូបានបញ្ជាក់យ៉ាងណាអំពីទស្សនៈដែលពួកអ្នកកាន់តាមលោកគួរមានចំពោះពិភពលោកនេះ?
លោកយេស៊ូបានមានប្រសាសន៍ទៅកាន់ពួកអ្នកកាន់តាមលោកថា៖ «ពួកគាត់នៅក្នុងពិភពលោក»។ ប៉ុន្តែ លោកបានពន្យល់ទៀតថា៖ «ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។ (យ៉ូន. ១៧:១១, ១៤) យ៉ាងនេះ លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់អំពីទស្សនៈដែលពួកអ្នកកាន់តាមពិតរបស់លោកគួរមានចំពោះ«របៀបរបបពិភពលោកនេះ»ដែលមានសាថានជាព្រះ។ (២កូ. ៤:៤) ទោះជាពួកគាត់រស់នៅក្នុងពិភពលោកដ៏អាក្រក់នេះក៏ដោយ ពួកគាត់មិនរួមចំណែកក្នុងពិភពលោកឡើយ។ ស្ថានភាពដែលពួកគាត់រស់នៅក្នុងរបៀបរបបនេះនឹងដូចជា«ជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្ន»។—១ពេ. ២:១១
ពួកគាត់បានរស់នៅជា«អ្នកស្នាក់នៅបណ្ដោះអាសន្ន»
២, ៣. ហេតុអ្វីយើងអាចនិយាយបានថាអេណុក ណូអេ អាប្រាហាំ និងសារ៉ាបានរស់នៅជា«ជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្ន»?
២ កាលពីសម័យបុរាណ អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាខុសគ្នាឆ្ងាយពីមនុស្សទុច្ចរិតនៅក្នុងពិភពលោក។ មុនជំនាន់ទឹកជំនន់ អេណុកនិងណូអេបាន«ដើរជាមួយនឹងព្រះ»។ (លោ. ៥:២២-២៤; ៦:៩) ពួកគាត់ទាំងពីរនាក់ជាអ្នកផ្សព្វផ្សាយយ៉ាងក្លាហានអំពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាចំពោះពិភពលោកដ៏អាក្រក់របស់សាថាន។ (សូមអាន ពេត្រុសទី២ ២:៥; យូដាស ១៤, ១៥) ដោយសារពួកគាត់ដើរជាមួយព្រះក្នុងពិភពលោកដ៏អាក្រក់ អេណុក«បានធ្វើឲ្យព្រះពេញចិត្ត» ហើយណូអេបង្ហាញថាខ្លួន«ជាអ្នកសុចរិត ហើយគ្រប់លក្ខណ៍នៅក្នុងតំណវង្សខ្លួន»។—ហេ. ១១:៥; លោ. ៦:៩
៣ ពេលដែលបានទទួលការអញ្ជើញពីព្រះ អាប្រាហាំនិងសារ៉ាបានលះចោលជីវិតស្រណុកស្រួលនៅទីក្រុងអ៊ើរនៃស្រុកខាល់ដេ ហើយសុខចិត្តមករស់នៅជាអ្នកដំណើរនៅប្រទេសផ្សេងវិញ។ (លោ. ១១:២៧, ២៨; ១២:១) សាវ័កប៉ូលបានសរសេរថា៖ «ដោយសារជំនឿ ពេលដែលអាប្រាហាំបានត្រូវហៅ នោះគាត់ស្ដាប់បង្គាប់ដោយចេញទៅកន្លែងដែលគាត់ត្រូវទទួលជាមត៌ក ហើយគាត់ទៅ ទោះជាមិនបានដឹងថាគាត់ទៅកន្លែងណាក្ដី។ ដោយសារជំនឿ គាត់ស្នាក់នៅជាជនបរទេសក្នុងស្រុកសន្យា ដូចកំពុងស្នាក់នៅប្រទេសផ្សេង ក៏បានរស់នៅក្នុងត្រសាលជាមួយនឹងអ៊ីសាកនិងយ៉ាកុប ជាអ្នកទទួលសេចក្ដីសន្យាដដែលនោះជាមត៌ករួមជាមួយនឹងគាត់»។ (ហេ. ១១:៨, ៩) ស្តីអំពីអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាដូចជាពួកគាត់ ប៉ូលបានរៀបរាប់ថា៖ «អ្នកទាំងអស់នោះបានស្លាប់ដោយមានជំនឿ ទោះជាពួកគេមិនបានទទួលអ្វីដែលបានត្រូវសន្យាក៏ដោយ ក៏ពួកគេបានឃើញការនោះពីចម្ងាយ ហើយបានរីករាយនឹងការនោះ ថែមទាំងបានប្រកាសដោយចំហថា ពួកគេជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុក»។—ហេ. ១១:១៣
ការព្រមានមួយចំពោះពួកអ៊ីស្រាអែល
៤. មុនពេលពួកអ៊ីស្រាអែលចូលទៅរស់នៅក្នុងស្រុកសន្យា តើពួកគេបានទទួលការព្រមានអ្វី?
៤ បណ្ដាជនអ៊ីស្រាអែលដែលជាកូនចៅរបស់អាប្រាហាំបានក្លាយជាប្រជាជាតិមួយដែលមានគ្នាច្រើន មានច្បាប់ និងមានដីធ្លី។ (លោ. ៤៨:៤; ចោ. ៦:១) បណ្ដាជនអ៊ីស្រាអែលមិនត្រូវភ្លេចថាព្រះយេហូវ៉ាជាម្ចាស់ដីដ៏ពិតប្រាកដរបស់ពួកគេឡើយ។ (លេវី. ២៥:២៣) ពួកគេប្រៀបដូចជាអ្នកជួលដែលត្រូវគោរពតាមអ្វីដែលម្ចាស់ដីចង់ឲ្យពួកគេធ្វើ។ បន្ថែមទៅទៀត ពួកគេត្រូវចងចាំថា«មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ» ដូច្នេះ ពួកគេមិនត្រូវឲ្យទ្រព្យសម្បត្ដិដ៏ហូរហៀរធ្វើឲ្យពួកគេភ្លេចព្រះយេហូវ៉ាឡើយ។ (ចោ. ៨:១-៣) មុនចូលក្នុងស្រុកសន្យា ពួកអ៊ីស្រាអែលបានទទួលការព្រមាននេះដែលថា៖ «កាលណាព្រះយេហូវ៉ាជាព្រះនៃឯងបាននាំឯងចូលទៅក្នុងស្រុក ដែលទ្រង់ស្បថនឹងអ័ប្រាហាំ អ៊ីសាកនឹងយ៉ាកុបជាពួកអយ្យកោឯងថា នឹងប្រទានដល់ឯង គឺជាទីក្រុងធំហើយល្អដែលឯងមិនបានសង់ ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខដែលឯងមិនបានប្រមូលទុក នឹងស្រះជីកស្រាប់ដែលឯងមិនបានជីក ហើយទាំងចំការទំពាំងបាយជូរ នឹងដើមអូលីវដែលឯងមិនបានដាំ រួចឯងបានបរិភោគឆ្អែត នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា»។—ចោ. ៦:១០-១២
៥. ហេតុអ្វីបានជាព្រះយេហូវ៉ាបដិសេធសាសន៍អ៊ីស្រាអែល? ហើយតើលោកពេញចិត្តនឹងប្រជាជាតិថ្មីមួយណាវិញ?
៥ ប៉ុន្តែ ពួកអ៊ីស្រាអែលបានធ្វើផ្ទុយពីអ្វីដែលព្រះយេហូវ៉ាព្រមានវិញ។ នៅសម័យរបស់នេហេមា ពួកលេវីមួយក្រុមបាននឹកចាំដោយមានអារម្មណ៍ខ្មាសអំពីអ្វីដែលបានកើតឡើងក្រោយពីបណ្ដាជនអ៊ីស្រាអែលចាប់ផ្ដើមរស់នៅក្នុងស្រុកសន្យា។ នៅពេលដែលបណ្ដាជនអ៊ីស្រាអែលមានផ្ទះល្អរស់នៅ ហើយមានម្ហូបអាហារនិងស្រាទំពាំងបាយជូរយ៉ាងបរិបូរ នោះពួកគេ«បានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ»ផង។ ពួកគេបានបះបោរប្រឆាំងនឹងព្រះ សូម្បីតែពួកអ្នកប្រកាសទំនាយដែលលោកបានបញ្ជូនមកដើម្បីព្រមានដល់ពួកគេ ក៏ពួកគេបានសម្លាប់ដែរ។ ហេតុនេះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យសត្រូវគ្រប់គ្រងលើពួកគេ។ (សូមអាន នេហេមា ៩:២៥-២៧; ហូ. ១៣:៦-៩) ក្រោយមក ពេលស្ថិតនៅក្រោមអាណានិគមរបស់ជនជាតិរ៉ូម ពួកយូដាដែលមិនស្មោះត្រង់បានសម្លាប់មេស្ស៊ីដែលបានត្រូវសន្យា! ជាលទ្ធផល ព្រះយេហូវ៉ាបានបដិសេធពួកគេ ហើយលោកពេញចិត្តនឹងប្រជាជាតិថ្មីមួយទៀត ពោលគឺអ៊ីស្រាអែលនៃព្រះ។—ម៉ាថ. ២១:៤៣; សកម្ម. ៧:៥១, ៥២; កាឡ. ៦:១៦
«មិនរួមចំណែកក្នុងពិភពលោកឡើយ»
៦, ៧. (ក) ស្តីអំពីទស្សនៈដែលពួកអ្នកកាន់តាមលោកមានចំពោះពិភពលោកនេះ តើអ្នកនឹងពន្យល់យ៉ាងណាអំពីប្រសាសន៍របស់លោកយេស៊ូ? (ខ) ហេតុអ្វីគ្រិស្តសាសនិកពិតមិនត្រូវរួមចំណែកក្នុងរបៀបរបបពិភពលោករបស់សាថាន?
៦ ដូចបានបង្ហាញនៅដើមអត្ថបទនេះ លោកយេស៊ូគ្រិស្តដែលជាប្រមុខនៃក្រុមជំនុំបានបញ្ជាក់យ៉ាងច្បាស់ថា ពួកអ្នកកាន់តាមលោកមិនរួមចំណែកនឹងរបៀបរបបពិភពលោកអាក្រក់របស់សាថានឡើយ។ មិនយូរមុនលោកទទួលមរណភាព លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមរបស់លោកថា៖ «ប្រសិនបើអ្នករាល់គ្នារួមចំណែកក្នុងពិភពលោក នោះពិភពលោកនឹងស្រឡាញ់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នានៅខាងគេ។ តែឥឡូវ អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកឡើយ ហើយខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីពិភពលោក ហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា»។—យ៉ូន. ១៥:១៩
៧ កាលដែលពិភពគ្រិស្តសាសនាបានរីករាលដាល តើពួកគ្រិស្តសាសនិកត្រូវប្រព្រឹត្តតាម និងរួមចំណែកនឹងអ្វីៗដែលមានក្នុងពិភពលោកនេះឬទេ? អត់ទេ ព្រោះមិនថាពួកគេរស់នៅកន្លែងណាក៏ដោយ ពួកគេត្រូវញែកខ្លួនដោយឡែកពីរបៀបរបបពិភពលោករបស់សាថាន។ ប្រហែល៣០ឆ្នាំក្រោយពីលោកយេស៊ូគ្រិស្តស្លាប់ សាវ័កពេត្រុសបានសរសេរទៅបងប្អូនគ្រិស្តសាសនិកដែលរស់នៅតំបន់ផ្សេងៗទៀតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនជាតិរ៉ូមថា៖ «បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមបំផុសទឹកចិត្តអ្នករាល់គ្នាដែលជាជនបរទេសនិងអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងពិភពលោកនេះ កុំឲ្យបណ្ដោយខ្លួនតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ ជាសេចក្ដីប៉ងប្រាថ្នាដែលចេះតែប្រយុទ្ធប្រឆាំងនឹងអ្នករាល់គ្នា។ ចូរប្រព្រឹត្តល្អប្រសើរជានិច្ចក្នុងចំណោមមនុស្សខាងពិភពលោកនេះ»។—១ពេ. ១:១; ២:១១, ១២
៨. តើអ្នកប្រវត្ដិសាស្ត្រម្នាក់បានពណ៌នាយ៉ាងណាអំពីទំនាក់ទំនងរវាងពួកគ្រិស្តសាសនិកជំនាន់ដើមនិងពិភពលោកនេះ?
៨ ការប្រព្រឹត្តរបស់ពួកគ្រិស្តសាសនិកជំនាន់ដើមបានបញ្ជាក់ថាពួកគេជា«ជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្ន»ក្នុងចំណោមជនជាតិរ៉ូម។ អ្នកប្រវត្ដិសាស្ត្រម្នាក់ឈ្មោះកេណិត ស្កត ឡាទូរេត បានសរសេរថា៖ «គេដឹងជាទូទៅថា នៅសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៣ ពួកគ្រិស្តសាសនិកតែងតែជួបការបៀតបៀនយ៉ាងសាហាវព្រៃផ្សៃ . . . អ្នកឯទៀតក៏ចោទប្រកាន់ពួកគេចំពោះរឿងផ្សេងៗជាច្រើនដែរ។ ដោយសារពួកគ្រិស្តសាសនិកមិនព្រមចូលរួមក្នុងពិធីសាសនារបស់សាសនាផ្សេងទៀត មនុស្សបានហៅពួកគេថាជាអ្នកមិនជឿថាមានព្រះ។ មនុស្សបានចំអកឲ្យពួកគ្រិស្តសាសនិកថា ពួកគេជាអ្នកដែលស្អប់មនុស្សជាតិ ដោយសារពួកគេមិនចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងសហគមន៍ ដូចជាពិធីបុណ្យនិងកម្មវិធីកម្សាន្តនានា ព្រោះចំពោះពួកគ្រិស្តសាសនិក នេះជាអ្វីដែលពោរពេញទៅដោយអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ព្រមទាំងទំនៀមទម្លាប់ និងជំនឿដែលពាក់ព័ន្ធនឹងសាសនាមិនពិត»។
មិនប្រើប្រាស់អ្វីៗក្នុងពិភពលោក យ៉ាងពេញលេញឡើយ
៩. ក្នុងនាមជាគ្រិស្តសាសនិកពិត តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងមិនមែន«អ្នកដែលស្អប់មនុស្សជាតិ»?
៩ ចុះយ៉ាងណាចំពោះស្ថានភាពនៅសព្វថ្ងៃនេះ? ស្តីអំពី«របៀបរបបនៃពិភពលោកអាក្រក់នៅសម័យនេះ» យើងក៏កាន់ជំហរដូចពួកគ្រិស្តសាសនិកជំនាន់ដើមដែរ។ (កាឡ. ១:៤) ដោយសារមូលហេតុនេះ មនុស្សជាច្រើនយល់ច្រឡំចំពោះយើង ហើយក៏មានអ្នកខ្លះស្អប់យើងដែរ។ ប៉ុន្តែ តាមពិតយើងមិនមែនជា«អ្នកដែលស្អប់មនុស្សជាតិ»នោះទេ។ ផ្ទុយទៅវិញ ដោយសារយើងស្រឡាញ់មនុស្សជាតិ យើងទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ និងខំប្រឹងជួបមនុស្សតាមគ្រប់វិធីដើម្បីប្រាប់‹ដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ›។ (ម៉ាថ. ២២:៣៩; ២៤:១៤) យើងធ្វើដូច្នេះដោយសារយើងជឿជាក់ថារាជាណាចក្ររបស់ព្រះយេហូវ៉ាដែលនៅក្រោមការគ្រប់គ្រងរបស់លោកយេស៊ូគ្រិស្តនឹងបំផ្លាញការគ្រប់គ្រងដែលមិនល្អឥតខ្ចោះរបស់មនុស្ស ហើយជំនួសដោយរបៀបរបបដ៏សុចរិតវិញ។—ដាន. ២:៤៤; ២ពេ. ៣:១៣
១០, ១១. (ក) តើយើងអាចប្រើប្រាស់អ្វីៗក្នុងពិភពលោកនេះយ៉ាងដូចម្ដេច? (ខ) តើគ្រិស្តសាសនិកដែលមានស្មារតីប្រុងប្រយ័ត្នមិនប្រើប្រាស់អ្វីៗក្នុងពិភពលោកនេះយ៉ាងពេញលេញតាមវិធីណាខ្លះ?
១០ ដោយដឹងថារបៀបរបបពិភពលោកនេះជិតដល់ទីបញ្ចប់ហើយ អ្នកបម្រើរបស់ព្រះយេហូវ៉ាទទួលស្គាល់ថា នេះមិនមែនជាពេលដែលយើងចង់បានជីវិតដ៏ស្រណុកស្រួលនោះទេ។ យើងចង់ធ្វើតាមពាក្យសម្ដីរបស់សាវ័កប៉ូលដែលថា៖ «បងប្អូនអើយ ខ្ញុំសូមប្រាប់ថា នៅសល់ពេលវេលាតែបន្ដិចទេ។ ចាប់ពីពេលនេះទៅ អ្នកដែល . . . ទិញត្រូវដូចជាអ្នកដែលគ្មានអ្វីសោះ ឯអ្នកដែលប្រើអ្វីៗពីពិភពលោកត្រូវដូចជាអ្នកដែលមិនប្រើប្រាស់ពេញលេញ ព្រោះស្ថានភាពពិភពលោកកំពុងប្រែប្រួល»។ (១កូ. ៧:២៩-៣១) ប៉ុន្តែនៅសព្វថ្ងៃនេះ តើគ្រិស្តសាសនិកប្រើប្រាស់អ្វីៗក្នុងពិភពលោកយ៉ាងដូចម្ដេច? ពួកគេធ្វើដូច្នេះដោយប្រើបច្ចេកវិជ្ជាទំនើបនិងទូរគមនាគមន៍ដើម្បីពង្រីកកិច្ចការបង្រៀនគម្ពីរដល់មនុស្សនៅទូទាំងពិភពលោកក្នុងរាប់រយភាសា។ ពួកគេធ្វើការនិងទទួលប្រាក់ខែដើម្បីចិញ្ចឹមជីវិត ថែមទាំងទិញរបស់របរនិងប្រើប្រាស់សេវាផ្សេងៗដែលមានក្នុងពិភពលោកនេះ។ ក៏ប៉ុន្តែ ពួកគេជៀសវាងពីការប្រើប្រាស់អ្វីៗក្នុងពិភពលោកនេះយ៉ាងពេញលេញ ក្នុងន័យថាពួកគេចាត់ទុកទ្រព្យសម្បត្ដិនិងការងារដែលមានក្នុងពិភពលោកនេះជាអ្វីដែលបន្ទាប់បន្សំក្នុងជីវិតរបស់ពួកគេ។—សូមអាន ធីម៉ូថេទី១ ៦:៩, ១០
១១ ស្តីអំពីការអប់រំខ្ពស់ គ្រិស្តសាសនិកដែលមានស្មារតីប្រុងប្រយ័ត្នមិនប្រើប្រាស់អ្វីៗក្នុងពិភពលោកនេះយ៉ាងពេញលេញទេ។ មនុស្សជាច្រើនក្នុងពិភពលោកនេះចាត់ទុកការអប់រំខ្ពស់ជាអ្វីដែលសំខាន់ចាំបាច់ដើម្បីទទួលបានកេរ្ដិ៍ឈ្មោះនិងភាពសម្បូរសប្បាយ។ ប៉ុន្តែ ក្នុងនាមជាគ្រិស្តសាសនិកដែលរស់នៅដូចជាអ្នកស្នាក់នៅបណ្ដោះអាសន្ន យើងមានគោលដៅផ្សេង។ យើងជៀសវាងពីការ«មានគំនិតអួតខ្លួន»។ (រ៉ូម ១២:១៦; យេ. ៤៥:៥) ដោយសារយើងជាអ្នកកាន់តាមលោកយេស៊ូ យើងត្រូវធ្វើតាមការព្រមានរបស់លោកដែលថា៖ «ចូរប្រុងប្រៀបស្មារតីជានិច្ច ហើយប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ពីព្រោះទោះជាមនុស្សម្នាក់មានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក៏ដោយ ក៏គាត់មិនបានជីវិតពីទ្រព្យទាំងនោះទេ»។ (លូក. ១២:១៥) ដូច្នេះ ពួកគ្រិស្តសាសនិកវ័យក្មេងបានត្រូវលើកទឹកចិត្តឲ្យស្វែងរកគោលដៅក្នុងការបម្រើព្រះ ដែលជាការរៀនសូត្រត្រឹមកម្រិតល្មមឲ្យពួកគេផ្គត់ផ្គង់អ្វីដែលត្រូវការ ហើយអាចប្រមូលអារម្មណ៍ដើម្បីត្រៀមខ្លួនបម្រើព្រះយេហូវ៉ា«ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីសមត្ថភាពរិះគិត»របស់ពួកគេ។ (លូក. ១០:២៧) ដោយធ្វើដូច្នេះ ពួកគេអាចក្លាយទៅជា«អ្នកមានចំពោះព្រះ»។—លូក. ១២:២១; សូមអាន ម៉ាថាយ ៦:១៩-២១
កុំឲ្យកង្វល់អំពីជីវិតពង្វក់ចិត្តអ្នក
១២, ១៣. តើការធ្វើតាមពាក្យរបស់លោកយេស៊ូដែលបានកត់ទុកនៅម៉ាថាយ ៦:៣១-៣៣ធ្វើឲ្យយើងខុសប្លែកពីមនុស្សក្នុងពិភពលោកនេះយ៉ាងដូចម្ដេច?
១២ អ្នកបម្រើព្រះយេហូវ៉ាខុសប្លែកពីមនុស្សក្នុងពិភពលោកនេះស្តីអំពីទស្សនៈរបស់ពួកគេចំពោះទ្រព្យសម្បត្ដិ។ ស្តីអំពីរឿងនេះ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «កុំខ្វល់ខ្វាយឲ្យសោះថា៖ ‹តើយើងនឹងបានអ្វីបរិភោគ?› ឬ‹តើយើងនឹងបានអ្វីផឹក?› ឬក៏‹តើយើងនឹងបានអ្វីស្លៀកពាក់?› ព្រោះរបស់ទាំងនេះជាអ្វីដែលជនជាតិដទៃកំពុងស្វះស្វែងរក។ បិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ដឹងថាអ្នកត្រូវការរបស់ទាំងនេះ។ ដូច្នេះ ចូរបន្តស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក»។ (ម៉ាថ. ៦:៣១-៣៣) តាមបទពិសោធន៍ផ្ទាល់ខ្លួន បងប្អូនជាច្រើននាក់បានដឹងថាបិតានៅស្ថានសួគ៌ផ្ដល់ឲ្យអ្វីៗដែលពួកគេត្រូវការមែន។
១៣ គម្ពីរចែងថា៖ «ភក្ដីភាពចំពោះព្រះនាំឲ្យបានផលប្រយោជន៍ច្រើនក្រៃលែងមែន»។ (១ធី. ៦:៦) ប៉ុន្តែ មនុស្សក្នុងពិភពលោកសព្វថ្ងៃនេះមានទស្សនៈខុសគ្នាឆ្ងាយណាស់ចំពោះរឿងនេះ។ ជាឧទាហរណ៍ ពេលដែលកំលោះក្រមុំរៀបការ ពួកគេជាច្រើនចង់បានអ្វីៗគ្រប់យ៉ាងភ្លាមៗ ដូចជាផ្ទះ ឬផ្ទះល្វែងមួយដែលមានគ្រឿងសង្ហារិមថ្លៃៗ និងសម្ភារៈសព្វគ្រប់ ឡានស្អាត និងគ្រឿងអេឡិចត្រូនិចដែលទាន់សម័យ។ ក៏ប៉ុន្តែ គ្រិស្តសាសនិកដែលរស់នៅជាអ្នកស្នាក់នៅបណ្ដោះអាសន្នមិនឲ្យបំណងប្រាថ្នារបស់ពួកគេមានហួសពីលទ្ធភាពរបស់ពួកគេឡើយ។ បន្ថែមទៅទៀត គួរឲ្យសរសើរបងប្អូនជាច្រើនដែលបានឈប់ប្រមូលទ្រព្យសម្បត្ដិដើម្បីចំណាយពេលនិងកម្លាំងក្នុងកិច្ចបម្រើព្រះយេហូវ៉ាដោយធ្វើជាអ្នកប្រកាសដំណឹងល្អអំពីរាជាណាចក្រយ៉ាងខ្នះខ្នែង។ បងប្អូនឯទៀតបម្រើជាអ្នកត្រួសត្រាយពេញពេល ធ្វើការនៅបេតអែល អ្នកធ្វើដំណើរត្រួតពិនិត្យ ឬជាសាសនទូត។ យើងទាំងអស់គ្នាពិតជាមានចិត្តដឹងគុណចំពោះកិច្ចបម្រើរបស់បងប្អូនដែលបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តមែន!
១៤. តើយើងអាចទាញមេរៀនអ្វីពីឧទាហរណ៍របស់លោកយេស៊ូស្តីអំពីអ្នកសាបព្រោះ?
១៤ ក្នុងឧទាហរណ៍អំពីអ្នកសាបព្រោះ លោកយេស៊ូបានមានប្រសាសន៍ថា«ការខ្វល់ខ្វាយអំពីជីវភាពនៅសម័យនេះ និងការល្បួងនៃទ្រព្យសម្បត្ដិ»អាចគ្របបាំងបណ្ដាំរបស់ព្រះដែលមាននៅក្នុងចិត្តរបស់យើង ហើយមិនអាចបង្កើតផលឡើយ។ (ម៉ាថ. ១៣:២២) ការពេញចិត្តរស់នៅជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងរបៀបរបបពិភពលោកជួយយើងកុំឲ្យធ្លាក់ចូលអន្ទាក់នេះ។ ផ្ទុយទៅវិញ នេះអាចជួយឲ្យភ្នែករបស់យើង«មើលរបស់តែមួយ»ឬ«សម្លឹងចំរបស់តែមួយ» គឺរាជាណាចក្ររបស់ព្រះ ហើយចាត់ទុកអ្វីៗដែលទាក់ទងនឹងរាជាណាចក្ររបស់ព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។—ម៉ាថ. ៦:២២, កំណត់សម្គាល់
‹ពិភពលោកនេះ កំពុងឈានទៅរកការសាបសូន្យ›
១៥. តើយ៉ូហានបាននិយាយយ៉ាងណាអំពីពិភពលោកនេះ?
១៥ មូលហេតុដ៏សំខាន់មួយដែលយើងជាគ្រិស្តសាសនិកត្រូវរស់នៅជា«ជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្ន»ក្នុងពិភពលោកនេះ គឺយើងជឿជាក់ថាពិភពលោកនេះកំពុងឈានទៅរកទីបញ្ចប់ហើយ។ (១ពេ. ២:១១; ២ពេ. ៣:៧) យើងបង្ហាញថាយើងជឿដូច្នេះ តាមរយៈរបៀបរស់នៅរបស់យើង។ នេះរួមបញ្ចូលការសម្រេចចិត្ត បំណងប្រាថ្នា និងគោលដៅរបស់យើង។ សាវ័កយ៉ូហានបានឲ្យឱវាទដល់បងប្អូនរួមជំនឿថាកុំឲ្យពួកគេស្រឡាញ់ពិភពលោកនេះឬអ្វីៗដែលមានក្នុងពិភពលោកនេះ ពីព្រោះ«ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វាកំពុងឈានទៅរកការសាបសូន្យ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ»។—១យ៉ូន. ២:១៥-១៧
១៦. តើយើងអាចបង្ហាញថាយើងបានត្រូវញែកជារាស្ត្រដែលគួរឲ្យកត់សម្គាល់យ៉ាងដូចម្ដេច?
១៦ ព្រះយេហូវ៉ាបានប្រាប់បណ្ដាជនអ៊ីស្រាអែលថា បើពួកគេស្ដាប់បង្គាប់លោក ពួកគេនឹង«បានដាច់ជារបស់ផង[លោក]លើសជាងអស់ទាំងសាសន៍»។ (និក្ខ. ១៩:៥) ពេលដែលពួកអ៊ីស្រាអែលមានចិត្តស្មោះត្រង់ ពួកគេខុសប្លែកពីសាសន៍ឯទៀតក្នុងការគោរពប្រណិប័តន៍ព្រះ និងរបៀបរស់នៅរបស់ពួកគេ។ ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាបានញែកមនុស្សដែលបានកត់សម្គាល់ថាខុសប្លែកពីពិភពលោករបស់សាថានទុកសម្រាប់លោក។ គម្ពីរបានប្រាប់យើងឲ្យ«បដិសេធចំពោះអ្វីៗទាំងអស់ដែលខុសពីបំណងប្រាថ្នារបស់ព្រះ ហើយឲ្យបដិសេធសេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះ រួចរស់នៅដោយដឹងខុសត្រូវ ដោយមានសេចក្ដីសុចរិត និងដោយមានភក្ដីភាពចំពោះព្រះ ក្នុងរបៀបរបបពិភពលោកនេះ កាលដែលយើងរង់ចាំអ្វីដ៏គួរឲ្យសប្បាយដែលយើងសង្ឃឹមថានឹងបាន ហើយរង់ចាំការលេចមកដ៏រុងរឿងរបស់ព្រះដ៏ឧត្តុង្គឧត្តមនិងគ្រិស្តយេស៊ូជាអ្នកសង្គ្រោះយើង គឺលោកដែលបានប្រគល់ខ្លួនដើម្បីរំដោះយើងឲ្យរួចពីការប្រឆាំងច្បាប់គ្រប់យ៉ាង ហើយសម្អាតយើងដើម្បីឲ្យធ្វើជារាស្ត្ររបស់លោកតែមួយប៉ុណ្ណោះ គឺរាស្ត្រដែលខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»។ (ទីត. ២:១១-១៤) «រាស្ត្រ»ទាំងនេះគឺជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង និង«ចៀមឯទៀត»រាប់លាននាក់ដែលបានជួយទំនុកបម្រុងនិងគាំទ្រពួកគាត់។—យ៉ូន. ១០:១៦
១៧. ហេតុអ្វីពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំង និងចៀមឯទៀតនឹងមិនដែលស្ដាយក្រោយក្នុងការរស់នៅជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងពិភពលោកដ៏អាក្រក់នេះ?
១៧ ‹អ្វីដ៏គួរឲ្យសប្បាយដែលសង្ឃឹមថានឹងបាន›ចំពោះពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងគឺការគ្រប់គ្រងជាមួយគ្រិស្តនៅស្ថានសួគ៌។ (បប. ៥:១០) ពេលសេចក្ដីសង្ឃឹមជាជីវិតដែលគ្មានទីបញ្ចប់បានសម្រេចចំពោះចៀមឯទៀត ពួកគេនឹងមិនរស់នៅជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងពិភពលោកដ៏អាក្រក់នេះទៀតទេ។ ពួកគេនឹងមានផ្ទះស្អាតៗ និងមានចំណីអាហារយ៉ាងបរិបូរដើម្បីបរិភោគ។ (ទំនុក. ៣៧:១០, ១១; អេ. ២៥:៦; ៦៥:២១, ២២) ផ្ទុយពីពួកអ៊ីស្រាអែល ពួកគេនឹងមិនដែលភ្លេចថាអ្វីៗទាំងនេះមកពីព្រះយេហូវ៉ាជា«ព្រះនៃលោកីយ៍ទាំងមូល»ឡើយ។ (អេ. ៥៤:៥) ពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំង និងចៀមឯទៀតនឹងមិនដែលស្ដាយក្រោយក្នុងការរស់នៅជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងពិភពលោកដ៏អាក្រក់នេះទេ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើបុរសស្មោះត្រង់ពីសម័យបុរាណរស់នៅជាអ្នកស្នាក់នៅបណ្ដោះអាសន្នតាមរបៀបណា?
• ស្តីអំពីពិភពលោកនៅសតវត្សរ៍ទី១ តើគ្រិស្តសាសនិកជំនាន់ដើមបានប្រព្រឹត្តយ៉ាងណា?
• តើគ្រិស្តសាសនិកពិតមិនប្រើប្រាស់អ្វីៗក្នុងពិភពលោកនេះយ៉ាងពេញលេញតាមវិធីណា?
• ហេតុអ្វីយើងនឹងមិនស្ដាយក្រោយក្នុងការរស់នៅជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងពិភពលោកដ៏អាក្រក់នេះ?
[រូបភាពនៅទំព័រ២១]
គ្រិស្តសាសនិកជំនាន់ដើមជៀសវាងពីការកម្សាន្តដែលមានអំពើហិង្សានិងមានអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ