«ចូររត់ . . . ឲ្យបានរង្វាន់»
«ចូររត់យ៉ាងណាឲ្យបានរង្វាន់»។—១កូ. ៩:២៤
១, ២. (ក) តើប៉ូលបានប្រើអ្វីដើម្បីលើកទឹកចិត្តគ្រិស្តសាសនិកជនជាតិហេប្រឺ? (ខ) តើប៉ូលបាននិយាយថាយើងត្រូវធ្វើអ្វី?
សាវ័កប៉ូលបានប្រើឧទាហរណ៍អំពីការរត់ប្រណាំងដើម្បីលើកទឹកចិត្តគ្រិស្តសាសនិកជនជាតិហេប្រឺ។ ក្នុងសំបុត្ររបស់ប៉ូល គាត់បាននិយាយថាពួកគេប្រៀបដូចជាអ្នករត់ក្នុងទីប្រណាំង។ ប៉ុន្តែគាត់បានរំលឹកថា ពួកគេមិនមែនរត់តែម្នាក់ឯងទេ ព្រោះអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាជាច្រើនទៀតបានរត់ដល់ទីផ្ដាច់ព្រាត់រួចទៅហើយ។ ប៉ូលបានប្រាប់ថាពួកអ្នកបម្រើស្មោះត្រង់ទាំងនោះប្រៀបដូចជា«សាក្សីមួយក្រុមធំ»ដែលនៅជុំវិញពួកគេ។ ប្រសិនបើគ្រិស្តសាសនិកជនជាតិហេប្រឺតែងតែចាំអំពីការប្រព្រឹត្តដែលបង្ហាញពីជំនឿនិងការខំប្រឹងរបស់ពួកអ្នកបម្រើស្មោះត្រង់ នោះពួកគេអាចតាំងចិត្តរត់ឲ្យដល់ទីផ្ដាច់ព្រាត់បាន។
២ ក្នុងអត្ថបទមុន យើងបានពិចារណាអំពីគំរូខ្លះៗនៃពួកអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ានៅក្នុងចំណោម«សាក្សីមួយក្រុម»។ ជំនឿរឹងមាំទៅលើព្រះបានជួយពួកគេឲ្យរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ។ ពួកគេបន្តរត់ក្នុងទីប្រណាំងរហូតដល់ទីផ្ដាច់ព្រាត់។ ដូចពួកគេដែរ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ប៉ូលបាននិយាយថា៖ «ចូរយើងចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់ និងការខុសឆ្គងដែលទាក់យើងយ៉ាងងាយនោះ ហើយរត់ដោយស៊ូទ្រាំក្នុងទីប្រណាំងដែលបានត្រូវកំណត់ឲ្យយើង»។—ហេ. ១២:១
៣. ស្តីអំពីកីឡារត់ប្រណាំងរបស់ជនជាតិក្រិច តើយើងអាចទាញយកមេរៀនអ្វីពីពាក្យសម្ដីរបស់ប៉ូល?
៣ ហេតុអ្វីប៉ូលឲ្យពួកគេ«ចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់»? សៀវភៅមួយដែលចែងអំពីគ្រិស្តសាសនិកនៅសម័យប៉ូល បានពន្យល់នូវរបៀបដែលអ្នករត់ប្រណាំងនៅសម័យនោះរត់។ សៀវភៅនោះរៀបរាប់ថា៖ «ជនជាតិក្រិចហាត់កីឡានិងប្រកួតគ្នារត់ដោយខ្លួននៅននលគក»។ (Backgrounds of Early Christianity)a ការរត់បែបនេះគឺមិនត្រឹមត្រូវទេនៅសព្វថ្ងៃនេះ។ ប៉ុន្តែពួកអ្នករត់ប្រណាំងបានរត់ដោយគ្មានសម្លៀកបំពាក់ពីព្រោះពួកគេមិនចង់ឲ្យមានអ្វីរារាំងពួកគេពីការឈ្នះរង្វាន់។ ដូច្នេះពេលប៉ូលប្រាប់ពួកគ្រិស្តសាសនិកជនជាតិហេប្រឺឲ្យ«ចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់» គាត់ចង់មានន័យថាពួកគេគួរលះបង់អ្វីៗក្នុងជីវិតដែលអាចរារាំងពួកគេពីការទទួលរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់។ នេះជាដំបូន្មានដ៏ល្អសម្រាប់គ្រិស្តសាសនិកជនជាតិហេប្រឺ និងសម្រាប់យើងផងដែរ។ ក្នុងជីវិតរបស់យើង តើអ្វីខ្លះប្រៀបដូចជារបស់«ធ្ងន់»ដែលធ្វើឲ្យយើងពិបាករត់ដល់ទីផ្ដាច់ព្រាត់?
«ចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់»
៤. តើមនុស្សនៅសម័យរបស់ណូអេជាប់រវល់នឹងរឿងអ្វីខ្លះ?
៤ ឱវាទរបស់ប៉ូលគឺឲ្យយើង«ចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់»។ នេះរួមបញ្ចូលអ្វីៗទាំងអស់ដែលអាចរារាំងយើងពីការប្រមូលអារម្មណ៍ទាំងស្រុង និងការខំប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងក្នុងការរត់ប្រណាំង។ តើអ្វីៗដែលធ្ងន់នេះជាអ្វីទៅ? បើយើងពិចារណាអំពីគំរូរបស់បុគ្គលម្នាក់ដែលប៉ូលបានលើកឡើងគឺណូអេ យើងអាចនឹកចាំពាក្យសម្ដីរបស់លោកយេស៊ូដែលថា៖ «គ្រារបស់កូនមនុស្សក៏នឹងដូចសម័យរបស់ណូអេដែរ»។ (លូក. ១៧:២៦) លោកយេស៊ូមិនគ្រាន់តែមានប្រសាសន៍អំពីសេចក្ដីហិនវិនាសដែលនឹងកើតឡើងនៅថ្ងៃមុខប៉ុណ្ណោះទេ តែលោកក៏ចង់បញ្ជាក់អំពីរបៀបរស់នៅរបស់មនុស្សនៅសព្វថ្ងៃនេះដែរ។ (សូមអាន ម៉ាថាយ ២៤:៣៧-៣៩) មនុស្សភាគច្រើននៅសម័យណូអេមិនចង់រៀនអំពីព្រះទេ ហើយក៏មិនមានរបៀបរស់នៅដែលលោកពេញចិត្តដែរ។ តើអ្វីបានបំបែរអារម្មណ៍ពួកគេ? គឺរបស់ធម្មតាក្នុងជីវិតប្រចាំថ្ងៃដូចជាការផឹក ការបរិភោគ និងការរៀបការប្ដីប្រពន្ធជាដើម។ អ្វីដែលជាបញ្ហានោះគឺពួកគេ«មិនបានយកចិត្តទុកដាក់សោះ»ដូចប្រសាសន៍របស់លោកយេស៊ូ។
៥. តើអ្វីអាចជួយយើងឲ្យរត់ដល់ទីផ្ដាច់ព្រាត់ដោយជោគជ័យ?
៥ ដូចណូអេនិងក្រុមគ្រួសាររបស់គាត់ យើងក៏មានកិច្ចការជាច្រើនដែលត្រូវធ្វើជារៀងរាល់ថ្ងៃដែរ។ យើងត្រូវរកស៊ីដើម្បីចិញ្ចឹមខ្លួននិងក្រុមគ្រួសាររបស់យើង។ អ្វីៗទាំងនេះអាចស៊ីពេលវេលា កម្លាំង និងធនធានរបស់យើងបាន។ ជាពិសេស ក្នុងគ្រាដែលមានវិបត្ដិខាងសេដ្ឋកិច្ច នោះងាយធ្វើឲ្យយើងបារម្ភអំពីសេចក្ដីត្រូវការក្នុងជីវិត។ ក្នុងនាមជាគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះ យើងក៏មានភារកិច្ចសំខាន់ឯទៀតដែលយើងត្រូវបំពេញខាងការគោរពប្រណិប័តន៍ព្រះដែរ ដូចជាការរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយ រៀបចំនិងចូលរួមកិច្ចប្រជុំ សិក្សាដោយខ្លួនឯង ព្រមទាំងការគោរពប្រណិប័តន៍ព្រះជាក្រុមគ្រួសារជាដើម។ ទោះជាណូអេមានអ្វីៗជាច្រើនដែលគាត់ត្រូវធ្វើក្នុងការបម្រើព្រះក៏ដោយ ក៏«គាត់[បាន]ធ្វើការនោះសំរេចទាំងអស់»។ (លោ. ៦:២២) ប្រាកដហើយ បើយើងចង់រត់ឲ្យដល់ទីផ្ដាច់ព្រាត់ គឺសំខាន់ចាំបាច់ណាស់ដែលយើងមិនយកជាប់ខ្លួននូវអ្វីដែលប្រៀបដូចជាបន្ទុក ជាហេតុធ្វើឲ្យយើងពិបាករត់ក្នុងទីប្រណាំង។
៦, ៧. តើយើងគួរចងចាំអំពីឱវាទអ្វីរបស់លោកយេស៊ូ?
៦ ដូច្នេះ តើប៉ូលចង់មានន័យយ៉ាងណា ពេលគាត់និយាយថាឲ្យយើងចោល«អ្វីៗគ្រប់យ៉ាងដែលធ្ងន់»? ពិតមែន យើងមិនអាចរួចខ្លួនទាំងស្រុងពីភារកិច្ចទាំងអស់ដែលយើងមាននោះទេ។ ស្តីអំពីរឿងនេះ សូមចាំក្នុងចិត្តអំពីប្រសាសន៍របស់លោកយេស៊ូដែលថា៖ «ដូច្នេះ កុំខ្វល់ខ្វាយឲ្យសោះថា៖ ‹តើយើងនឹងបានអ្វីបរិភោគ?› ឬ‹តើយើងនឹងបានអ្វីផឹក?› ឬក៏‹តើយើងនឹងបានអ្វីស្លៀកពាក់?› ព្រោះរបស់ទាំងនេះជាអ្វីដែលជនជាតិដទៃកំពុងស្វះស្វែងរក។ បិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ដឹងថាអ្នកត្រូវការរបស់ទាំងនេះ»។ (ម៉ាថ. ៦:៣១, ៣២) ប្រសាសន៍របស់លោកយេស៊ូបានបញ្ជាក់ថា សូម្បីតែរបស់ធម្មតាដូចជាម្ហូបអាហារ និងសម្លៀកបំពាក់ក៏អាចក្លាយទៅជាបន្ទុក ឬជារបស់ដែលធ្វើឲ្យយើងជំពប់ជើងដួលក្នុងការរត់ប្រណាំងនេះបានដែរ បើរបស់ទាំងនោះក្លាយទៅជាអ្វីដែលសំខាន់បំផុតក្នុងជីវិតយើង។
៧ សូមផ្ចង់អារម្មណ៍ទៅលើប្រសាសន៍របស់លោកយេស៊ូដែលថា៖ «បិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ដឹងថាអ្នកត្រូវការរបស់ទាំងនេះ»។ នេះបញ្ជាក់ថា ព្រះយេហូវ៉ានឹងបំពេញភារកិច្ចរបស់លោកក្នុងការផ្គត់ផ្គង់អ្វីដែលយើងត្រូវការ។ ការមាន«របស់ទាំងនេះ»មិនមែនមានន័យថាយើងនឹងបានអ្វីៗទាំងអស់ដែលយើងចូលចិត្តនោះទេ តែព្រះបានប្រាប់យើងថាកុំឲ្យយើងខ្វល់ខ្វាយអំពី«អ្វីដែលជនជាតិដទៃកំពុងស្វះស្វែងរក»។ ហេតុអ្វី? ពីព្រោះនៅពេលក្រោយមក លោកយេស៊ូបានឲ្យឱវាទដល់ពួកអ្នកស្ដាប់ថា៖ «កុំភ្លេចខ្លួនឲ្យសោះ ក្រែងការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិតពង្វក់ចិត្តអ្នករាល់គ្នា ស្រាប់តែថ្ងៃនោះមកដល់ភ្លាមមួយរំពេចដូចជាលប់»។—លូក. ២១:៣៤, ៣៥
៨. ហេតុអ្វីឥឡូវជាពេលដែលយើងត្រូវ«ចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់»?
៨ ទីផ្ដាច់ព្រាត់គឺនៅនឹងមុខរបស់យើង។ ពេលជិតដល់ទី បើយើងអនុញ្ញាតឲ្យខ្លួនយើងមានបន្ទុកដែលមិនចាំបាច់ដែលអាចរារាំងយើង នោះពិតជាគួរឲ្យសោកស្ដាយមែន! ដូច្នេះ ឱវាទរបស់សាវ័កប៉ូលពិតជាមានប្រយោជន៍ណាស់ ដែលថា៖ «ភក្ដីភាពចំពោះព្រះ ជាមួយនឹងការស្កប់ចិត្ត នាំឲ្យបានផលប្រយោជន៍ច្រើនក្រៃលែងមែន»។ (១ធី. ៦:៦) ការធ្វើតាមពាក្យរបស់ប៉ូលនឹងជួយយើងឲ្យទទួលរង្វាន់កាន់តែងាយស្រួលជាងទៅទៀត។
«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ»
៩, ១០. (ក) តើពាក្យដែលថា«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ»សំដៅទៅលើអ្វី? (ខ) តើយើងប្រហែលជាបានត្រូវទាក់យ៉ាងដូចម្ដេច?
៩ ក្រៅពីការចោល«អ្វីៗគ្រប់យ៉ាងដែលធ្ងន់» ប៉ូលក៏បានរៀបរាប់អំពីការចោល«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ»ដែរ។ តើនោះជាអ្វីទៅ? ពាក្យភាសាក្រិចដែលបានបកប្រែពាក្យ«ទាក់យើងយ៉ាងងាយ»មានតែម្ដងគត់នៅក្នុងគម្ពីរ គឺមាននៅក្នុងខនេះឯង។ បណ្ឌិតម្នាក់ឈ្មោះអាល់ប៊ើត បានស៍ បានសង្កេតឃើញថា៖ «អ្នករត់ប្រណាំងត្រូវប្រុងប្រយ័ត្នទៅលើសម្លៀកបំពាក់របស់គាត់ ព្រោះវាអាចត្រូវខ្យល់រលាស់ទាក់ជើងអ្នករត់ប្រណាំងនោះ និងធ្វើឲ្យគាត់ពិបាករត់។ គ្រិស្តសាសនិកក៏ត្រូវប្រយ័ត្នដូចគ្នាដែរ។ ពួកគេត្រូវលះចោលអ្វីៗទាំងអស់ដែលធ្វើឲ្យពួកគេពិបាករត់»។ ដូច្នេះ គ្រិស្តសាសនិកម្នាក់មិនត្រូវឲ្យអ្វីៗមកទាក់គាត់ទេ ពោលគឺធ្វើឲ្យជំនឿចុះខ្សោយ។ តើជំនឿរបស់គាត់អាចចុះខ្សោយយ៉ាងដូចម្ដេច?
១០ គ្រិស្តសាសនិកម្នាក់មិនបាត់បង់ជំនឿរបស់ខ្លួនភ្លាមៗទេ។ នេះប្រហែលជាកើតឡើងបន្ដិចម្ដងៗ ហើយគាត់ក៏ប្រហែលជាមិនបានដឹងខ្លួនផង។ នៅដើមសំបុត្ររបស់ប៉ូល គាត់បានព្រមានអំពីគ្រោះថ្នាក់ដែលមកពីការ«រសាត់ចេញ» និងការ«មានចិត្តទុច្ចរិតដែលគ្មានជំនឿ»។ (ហេ. ២:១; ៣:១២) ពេលជើងរបស់អ្នករត់ប្រណាំងបានត្រូវទាក់ដោយសម្លៀកបំពាក់ នោះអាចធ្វើឲ្យគាត់ដួល។ បើអ្នករត់ប្រណាំងមិនអើពើនឹងគ្រោះថ្នាក់ដែលអាចមកពីសម្លៀកបំពាក់មិនត្រឹមត្រូវ នោះងាយឲ្យគាត់ទាក់និងជំពប់ដួលមែន។ តើអ្វីអាចធ្វើឲ្យគាត់មិនអើពើដូច្នេះ? វាអាចជាការធ្វេសប្រហែស ឬការមានទំនុកចិត្តលើខ្លួនហួសហេតុពេក ឬមានអ្វីផ្សេងដែលអាចបំបែរអារម្មណ៍គាត់។ តើយើងអាចទាញមេរៀនអ្វីពីឱវាទរបស់ប៉ូល?
១១. តើអ្វីអាចធ្វើឲ្យយើងបាត់បង់ជំនឿ?
១១ យើងគួរចាំជាប់ក្នុងចិត្តថាការបាត់បង់ជំនឿគឺជាលទ្ធផលចុងក្រោយនៃអ្វីដែលយើងបានធ្វើកន្លងមក។ ស្តីអំពី«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ» នោះបណ្ឌិតម្នាក់ទៀតបានកត់សម្គាល់ថា នេះជា«អ្វីដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើយើង ពោលគឺកាលៈទេសៈ បំណងប្រាថ្នាមិនត្រឹមត្រូវ និងការសេពគប់របស់យើង»។ ដូច្នេះ អ្វីៗទាំងនេះអាចធ្វើឲ្យយើងចុះខ្សោយ ឬរហូតដល់បាត់បង់ជំនឿ។—ម៉ាថ. ១៣:៣-៩
១២. តើយើងគួរធ្វើតាមការរំលឹកអ្វីដើម្បីកុំឲ្យយើងបាត់បង់ជំនឿ?
១២ អស់ជាច្រើនឆ្នាំមកហើយ ក្រុមនៃខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណាបានរំលឹកយើងឲ្យប្រុងប្រយ័ត្នអំពីអ្វីដែលយើងមើលនិងស្ដាប់ ពោលគឺអ្វីដែលយើងផ្ដោតចិត្តនិងគំនិតទៅលើនោះ។ ពួកគេបានព្រមានយើងអំពីគ្រោះថ្នាក់នៃការទាក់ដោយការដេញតាមលុយ និងទ្រព្យសម្បត្ដិ។ យើងប្រហែលជាបានត្រូវបំបែរអារម្មណ៍ដោយភាពទាក់ទាញដែលមានក្នុងការកម្សាន្តរបស់ពិភពលោកនេះ ឬដោយភាពទាន់សម័យនៃគ្រឿងអេឡិចត្រូនិចនានា។ យើងពិតជាយល់ច្រឡំធំហើយ បើយើងគិតថាឱវាទបែបនេះតឹងរ៉ឹងហួសហេតុពេក ឬគិតថានេះសម្រាប់តែអ្នកឯទៀតប៉ុណ្ណោះ ហើយវាមិនអាចកើតឡើងដល់យើងទេ។ អ្វីដែលពិភពលោករបស់សាថានប្រើដើម្បីទាក់យើង គឺមិនងាយឲ្យយើងសម្គាល់ទេ ហើយក៏ងាយធ្វើឲ្យយើងយល់ច្រឡំដែរ។ ការធ្វេសប្រហែស ការមានទំនុកចិត្តលើខ្លួនហួសហេតុពេក និងអ្វីផ្សេងៗដែលអាចបំបែរអារម្មណ៍ បាននាំឲ្យបងប្អូនខ្លះបាត់បង់ជំនឿ ហើយអ្វីៗទាំងនេះអាចមានឥទ្ធិពលទៅលើសេចក្ដីសង្ឃឹមរបស់យើងក្នុងការរត់ឲ្យបានរង្វាន់នៃជីវិត។—១យ៉ូន. ២:១៥-១៧
១៣. តើយើងអាចការពារខ្លួនយើងពីឥទ្ធិពលដ៏អាក្រក់យ៉ាងដូចម្ដេច?
១៣ ពីមួយថ្ងៃទៅមួយថ្ងៃ យើងឃើញមនុស្សលើកស្ទួយនូវគោលដៅ គោលការណ៍ និងគំនិតរបស់ពិភពលោកនេះ។ (សូមអាន អេភេសូរ ២:១, ២) ប៉ុន្តែ ឥទ្ធិពលដែលយើងទទួលពីពួកគេគឺអាស្រ័យទៅលើរបៀបដែលយើងប្រព្រឹត្តចំពោះឥទ្ធិពលនោះ។ ប៉ូលបានបញ្ជាក់ថាគំនិតរបស់មនុស្សក្នុងពិភពលោកនេះប្រៀបដូចជា«ខ្យល់អាកាស»ដែលមានជាតិពុលនៅជុំវិញយើង។ ដូច្នេះ យើងត្រូវការពារខ្លួនជានិច្ចដើម្បីកុំឲ្យគំនិតនោះរួបរឹតយើង រហូតដល់យើងមិនអាចរត់ដល់ទីផ្ដាច់ព្រាត់ឡើយ។ តើយើងមានជំនួយអ្វីដើម្បីជួយយើងឲ្យបន្តរត់ក្នុងទីប្រណាំង? គឺយើងអាចយកតម្រាប់តាមគំរូរបស់លោកយេស៊ូដែលជាគំរូល្អបំផុតស្តីអំពីអ្នករត់រហូតដល់ទីផ្ដាច់ព្រាត់។ (ហេ. ១២:២) យើងក៏អាចយកតម្រាប់តាមគំរូរបស់ប៉ូលដែរ ព្រោះគាត់បានរាប់ខ្លួនគាត់នៅក្នុងចំណោមពួកអ្នករត់ប្រណាំងជាគ្រិស្តសាសនិក ហើយគាត់ថែមទាំងបានដាស់តឿនបងប្អូនរួមជំនឿឲ្យយកតម្រាប់តាមគាត់ទៀតផង។—១កូ. ១១:១; ភី. ៣:១៤
តើអ្នកអាច«បានរង្វាន់»យ៉ាងដូចម្ដេច?
១៤. តើប៉ូលមានទស្សនៈយ៉ាងណាចំពោះការរត់ប្រណាំងរបស់គាត់?
១៤ តើប៉ូលមានទស្សនៈយ៉ាងណាចំពោះការរត់ប្រណាំងរបស់គាត់? នៅពេលចុងក្រោយដែលគាត់និយាយទៅពួកអ្នកចាស់ទុំពីក្រុងអេភេសូរ គាត់បានពោលថា៖ «ខ្ញុំមិនចាត់ទុកថាព្រលឹងខ្ញុំគឺសំខាន់ ឬជាអ្វីដ៏វិសេសចំពោះខ្ញុំទេ ប្រសិនបើខ្ញុំគ្រាន់តែអាចរត់ក្នុងការប្រណាំងនេះរហូតដល់ទីបញ្ចប់ ហើយបង្ហើយកិច្ចបម្រើដែលខ្ញុំបានទទួលពីលោកម្ចាស់យេស៊ូ»។ (សកម្ម. ២០:២៤) គាត់ស្ម័គ្រចិត្តលះបង់អ្វីៗទាំងអស់រួមទាំងជីវិតរបស់គាត់ដើម្បីរត់ក្នុងការប្រណាំងរហូតដល់ទីបញ្ចប់។ ចំពោះប៉ូល ការខំប្រឹងនិងកិច្ចការយ៉ាងនឿយហត់ដែលគាត់ធ្វើក្នុងការផ្សព្វផ្សាយដំណឹងល្អនឹងទៅជាអសារឥតការ បើគាត់មិនរត់ដល់ទីផ្ដាច់ព្រាត់។ ប៉ុន្តែ គាត់មិនមានទំនុកចិត្តទៅលើខ្លួនថា គាត់នឹងឈ្នះរង្វាន់ជាពិតប្រាកដនោះទេ។ (សូមអាន ភីលីព ៣:១២, ១៣) មានតែមុនពេលដែលគាត់ជិតស្លាប់ប៉ុណ្ណោះ ទើបគាត់អាចនិយាយដោយមានទំនុកចិត្តមួយកម្រិតថា៖ «ខ្ញុំបានតស៊ូយ៉ាងប្រសើរ ខ្ញុំបានរត់ប្រណាំងដល់ទីដៅ ខ្ញុំបានកាន់តាមជំនឿគ្រិស្តសាសនិក»។—២ធី. ៤:៧
១៥. តើប៉ូលបានលើកទឹកចិត្តបងប្អូនរួមជំនឿដែលរត់ក្នុងទីប្រណាំងឲ្យធ្វើអ្វី?
១៥ បន្ថែមទៅទៀត ប៉ូលមានសេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងចង់ឃើញបងប្អូនគ្រិស្តសាសនិករត់ឲ្យដល់ទីផ្ដាច់ព្រាត់ ហើយមិនឈប់រត់នៅពាក់កណ្ដាលផ្លូវ។ ជាឧទាហរណ៍ គាត់បានដាស់តឿនគ្រិស្តសាសនិកនៅក្រុងភីលីពឲ្យខំប្រឹងធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច។ ពួកគេត្រូវ«កាន់ខ្ជាប់នូវបណ្ដាំនៃជីវិត»ជានិច្ច។ គាត់បានបន្តថា៖ «ដើម្បីឲ្យខ្ញុំមានហេតុត្រេកអរនៅថ្ងៃរបស់គ្រិស្ត ព្រោះខ្ញុំមិនបានរត់ឥតប្រយោជន៍ ឬធ្វើការនឿយហត់ឥតប្រយោជន៍ទេ»។ (ភី. ២:១៦) ស្រដៀងគ្នាដែរ គាត់ក៏បានដាស់តឿនបងប្អូននៅក្រុងកូរិនថូសថា៖ «ចូររត់យ៉ាងណាឲ្យបានរង្វាន់»។—១កូ. ៩:២៤
១៦. ហេតុអ្វីយើងគួរចាត់ទុកទីផ្ដាច់ព្រាត់ ឬរង្វាន់ជាអ្វីដែលមានពិតសម្រាប់យើង?
១៦ ក្នុងទីប្រណាំងដ៏វែងឆ្ងាយ ដូចជាការរត់ចម្ងាយជាលក្ខណៈម៉ារ៉ាតុង នោះអ្នករត់មិនអាចឃើញទីផ្ដាច់ព្រាត់ភ្លាមៗទេ។ ទោះជាយ៉ាងនោះក៏ដោយ ក្នុងអំឡុងការរត់ប្រណាំងនោះ អ្នករត់នៅតែប្រមូលអារម្មណ៍ទៅលើទីបញ្ចប់។ ម្យ៉ាងទៀត ពេលដែលគាត់ដឹងថាគាត់រត់ជិតដល់ទីផ្ដាច់ព្រាត់ហើយ នោះគាត់តាំងចិត្តកាន់តែខ្លាំងដើម្បីរត់ឲ្យដល់ទី។ នេះក៏ស្រដៀងនឹងការរត់ប្រណាំងរបស់យើងដែរ។ យើងត្រូវចាត់ទុកទីផ្ដាច់ព្រាត់ ឬរង្វាន់ជាអ្វីដែលមានពិតសម្រាប់យើង។ នេះនឹងជួយយើងឲ្យរត់រហូតដល់បានរង្វាន់។
១៧. តើជំនឿបានជួយយើងឲ្យផ្ចង់អារម្មណ៍ទៅលើរង្វាន់យ៉ាងដូចម្ដេច?
១៧ ប៉ូលបានសរសេរថា៖ «ជំនឿគឺជាការទុកចិត្តដោយមានទីសំអាងមាំមួនថា អ្វីៗនឹងកើតឡើងដូចសង្ឃឹម ហើយជាការឃើញភ័ស្តុតាងដែលនាំឲ្យជឿជាក់ថា អ្វីដែលភ្នែកមើលមិនឃើញពិតជាមានមែន»។ (ហេ. ១១:១) អាប្រាហាំ និងសារ៉ាសុខចិត្តលះចោលរបៀបរស់នៅដ៏ស្រណុកស្រួល ហើយសុខចិត្តរស់នៅ«ជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុក»។ តើអ្វីបានជួយពួកគេឲ្យធ្វើដូច្នេះ? គឺ«ពួកគេបានឃើញ[ការសម្រេចនៃសេចក្ដីសន្យារបស់ព្រះ]ពីចម្ងាយ»។ ម៉ូសេបានបដិសេធការ«សប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»និង«ទ្រព្យទាំងអស់ក្នុងស្រុកអេស៊ីប»។ តើគាត់មានជំនឿនិងចិត្តក្លាហានដើម្បីធ្វើដូច្នេះតាមរបៀបណា? គឺដោយ«គាត់សម្លឹងចំទៅរង្វាន់»។ (ហេ. ១១:៨-១៣, ២៤-២៦) ហេតុនេះហើយ ប៉ូលបានចាប់ផ្ដើមពណ៌នាអំពីមនុស្សទាំងនេះដោយប្រើពាក្យថា«ដោយសារជំនឿ»។ ជំនឿបានជួយពួកគេមិនឲ្យប្រមូលអារម្មណ៍ទៅលើទុក្ខលំបាកនិងការពិបាកដែលពួកគេកំពុងឆ្លងកាត់ ហើយក៏ជួយពួកគេឲ្យឃើញអ្វីដែលព្រះយេហូវ៉ាបានធ្វើ ថែមទាំងអ្វីដែលលោកនឹងធ្វើនៅពេលអនាគតដើម្បីជាប្រយោជន៍របស់ពួកគេដែរ។
១៨. ដើម្បីលះចោល«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ» តើយើងត្រូវធ្វើអ្វី?
១៨ បើយើងសញ្ជឹងគិតអំពីគំរូរបស់បុរសនិងស្ត្រីដែលមានជំនឿដែលបានកត់ទុកនៅហេប្រឺជំពូកទី១១ ថែមទាំងយកតម្រាប់តាមគំរូរបស់ពួកគេ នោះយើងអាចបណ្ដុះឲ្យមានជំនឿ ហើយអាចលះចោល«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ»បាន។ (ហេ. ១២:១) ម្យ៉ាងទៀត យើងក៏អាច«គិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ»ដោយជួបជុំជាមួយពួកអ្នកដែលកំពុងបណ្ដុះឲ្យមានជំនឿដូចយើង។—ហេ. ១០:២៤
១៩. ហេតុអ្វីជាការសំខាន់ឲ្យយើងបន្តរត់ក្នុងទីប្រណាំងឥឡូវនេះ?
១៩ យើងរត់ជិតដល់ទីហើយ។ នេះគឺហាក់ដូចជាយើងអាចឃើញទីផ្ដាច់ព្រាត់នៅនឹងមុខយើង។ ដោយសារជំនឿនិងជំនួយពីព្រះយេហូវ៉ា យើងក៏អាច«ចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់ និងការខុសឆ្គងដែលទាក់យើងយ៉ាងងាយ»បានដែរ។ ត្រូវហើយ យើងអាចរត់ដើម្បីទទួលរង្វាន់បាន ពោលគឺពរដែលព្រះយេហូវ៉ាជាបិតានិងជាព្រះរបស់យើងបានសន្យា។
[កំណត់សម្គាល់]
a ជនជាតិយូដានៅសម័យបុរាណគិតថា ការធ្វើដូច្នោះគួរឲ្យស្អប់ខ្ពើមណាស់។ សៀវភៅម៉ាកាប៊ីទី២ជាសៀវភៅមួយរបស់ជនជាតិយូដាដែលមិនរួមចំណែកក្នុងគម្ពីរបរិសុទ្ធបានចែងថា ពេលសម្ដេចសង្ឃយេសិនដែលជាអ្នកក្បត់ជំនឿចង់បង្កើតកន្លែងហាត់កីឡាបែបនេះនៅក្នុងក្រុងយេរូសាឡិមឲ្យដូចនៅប្រទេសក្រិច នោះពួកយូដាជាច្រើនបានខឹងយ៉ាងខ្លាំង។—ម៉ាកាប៊ីទី២ ៤:៧-១៧
តើអ្នកចាំឬទេ?
• តើការលះចោល«អ្វីៗគ្រប់យ៉ាងដែលធ្ងន់»រួមបញ្ចូលអ្វីខ្លះ?
• តើអ្វីអាចធ្វើឲ្យគ្រិស្តសាសនិកម្នាក់បាត់បង់ជំនឿ?
• ហេតុអ្វីយើងត្រូវផ្ដោតអារម្មណ៍ទៅលើរង្វាន់ជានិច្ច?
[រូបភាពនៅទំព័រ២៦]
តើអ្វីជា«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ»? ហើយតើវាអាចទាក់យើងតាមរបៀបណា?