ជំនឿជំរុញយើងឲ្យមានសកម្មភាព!
«ដូច្នេះ អ្នកឃើញថា សេចក្ដីជំនឿ[របស់អ័ប្រាហាំ]បានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្ដីជំនឿបានគ្រប់ល័ក្ខណ៍ ដោយសារការនោះឯង»។—យ៉ាកុប ២:២២
១, ២. តើយើងនឹងប្រព្រឹត្តយ៉ាងដូចម្ដេច ប្រសិនបើយើងមានជំនឿ?
មនុស្សជាច្រើននិយាយថា គេមានជំនឿនឹងព្រះ។ ប៉ុន្តែ គ្រាន់តែនិយាយថាមានជំនឿ គឺឥតមានជីវិតដូចជាសពអញ្ចឹង។ យ៉ាកុបជាសិស្ស បានសរសេរថា៖ «សេចក្ដីជំនឿ . . . បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង»។ គាត់ក៏និយាយថា លោកអ័ប្រាហាំដ៏កោតខ្លាចព្រះ មានជំនឿដែល«រួមជាមួយនឹងការដែលលោកប្រព្រឹត្ត»។ (យ៉ាកុប ២:១៧, ២២) តើពាក្យបែបនេះមានសារៈសំខាន់យ៉ាងណាចំពោះយើង?
២ ប្រសិនបើយើងមានជំនឿពិត យើងមិនគ្រាន់តែជឿនូវអ្វីៗដែលយើងឮក្នុងកិច្ចប្រជុំគ្រីស្ទាននោះឡើយ។ យើងនឹងផ្ដល់ទីសំអាងនៃជំនឿរបស់យើង ពីព្រោះយើងជាស្មរបន្ទាល់ព្រះយេហូវ៉ាដ៏សកម្ម។ ត្រូវហើយ ជំនឿនឹងជំរុញយើងឲ្យអនុវត្តតាមបន្ទូលរបស់ព្រះក្នុងជីវិត ហើយនឹងជំរុញយើងឲ្យមានសកម្មភាព។
ការរើសមុខឥតមានភាពចុះសម្រុងជាមួយនឹងជំនឿ
៣, ៤. តើជំនឿត្រូវមានឥទ្ធិពលលើរបៀបដែលយើងប្រព្រឹត្តដល់អ្នកដទៃ យ៉ាងដូចម្ដេច?
៣ ប្រសិនបើយើងមានជំនឿពិតលើព្រះនិងព្រះគ្រីស្ទ យើងនឹងមិនបង្ហាញការរើសមុខទេ។ (យ៉ាកុប ២:១-៤) មនុស្សខ្លះដែលយ៉ាកុបបានសរសេរជូននោះ មិនបានបង្ហាញនូវភាពឥតរើសមុខ ដែលតម្រូវពីពួកគ្រីស្ទានពិតនោះទេ។ (រ៉ូម ២:១១) ដូច្នេះ យ៉ាកុបមានប្រសាសន៍ថា៖ «បងប្អូនអើយ កុំឲ្យមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ»? បើសិនជាអ្នកមានមិនជឿម្នាក់ចូលមក ក្នុងកិច្ចប្រជុំ ទាំងពាក់ចិញ្ចៀនមាស និងសំលៀកបំពាក់ដ៏មានតម្លៃ ហើយមានអ្នកក្រម្នាក់ «ស្លៀកពាក់កខ្វក់ចូលមកដែរ» គឺត្រូវទទួលអ្នកទាំងពីរដោយរាក់ទាក់ ប៉ុន្តែឃើញថាបានយកចិត្តទុកដាក់យ៉ាងពិសេសដល់អ្នកមាន។ ពួកអ្នកមានបានទទួលកន្លែង«អង្គុយនៅទីល្អ» តែចំពោះពួកអ្នកក្រវិញ បានប្រាប់ឲ្យឈរឬអង្គុយនៅកំណល់ជើងរបស់អ្នកណាម្នាក់។
៤ ព្រះយេហូវ៉ាផ្ដល់យញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ ចំពោះអ្នកមាននិងអ្នកក្រ។ (កូរិនថូសទី២ ៥:១៤) ដូច្នេះ ប្រសិនបើយើងចូលចិត្តតែពួកអ្នកមាន យើងនឹងចាកចេញពីជំនឿនៃព្រះគ្រីស្ទ ដែល‹បានត្រឡប់ជាក្រ ដើម្បីឲ្យយើងរាល់គ្នាបានមានឡើង›។ (កូរិនថូសទី២ ៨:៩) សូមឲ្យយើងកុំប៉ាន់តម្លៃមនុស្សតាមរបៀបនេះឡើយ—ដោយមានបំណងចិត្តខុសនៃការឲ្យកិត្ដិយសដល់មនុស្ស។ ព្រះទ្រង់គឺមិនរើសមុខអ្នកណាទេ ប៉ុន្តែ ប្រសិនបើយើងបង្ហាញការរើសមុខ យើងនឹង‹សម្រេចចិត្តអាក្រក់ហើយ›។ (យ៉ូប ៣៤:១៩) ដោយមានសេចក្ដីប្រាថ្នាដើម្បីផ្គាប់ព្រះហឫទ័យព្រះ យើងប្រាកដជាមិនបង្អោនទៅតាមសេចក្ដីល្បួង ក្នុងការបង្ហាញការរើសមុខ ឬ‹បញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ›។—យូដាស ៤, ១៦
៥. តើអ្នកណាដែលព្រះបានរើស ឲ្យទៅជា«អ្នកមានខាងសេចក្ដីជំនឿ» ហើយ តើពួកអ្នកមានទ្រព្យសម្បត្ដិតែងប្រព្រឹត្តយ៉ាងដូចម្ដេច?
៥ យ៉ាកុបបានសម្គាល់អ្នកមានពិត ហើយដាស់តឿនឲ្យបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សគ្រប់គ្នាដោយឥតរើសមុខ។ (យ៉ាកុប ២:៥-៩) ‹ព្រះបានរើសពួកអ្នកក្រឲ្យទៅជាអ្នកមានខាងសេចក្ដីជំនឿ ហើយជាអ្នកគ្រងមរតកក្នុងព្រះរាជាណាចក្រ›។ នេះគឺពិតជាដូច្នេះមែន ពីព្រោះពួកអ្នកក្រ តែងប្រព្រឹត្តតាមដំណឹងល្អ។ (កូរិនថូសទី១ ១:២៦-២៩) ជាក្រុម ពួកដែលមានទ្រព្យសម្បត្ដិ គឺសង្កត់សង្កិនអ្នកដទៃ បើស្តីអំពីបំណុល ប្រាក់ខែ និងការប្ដឹងតុលាការ។ គេប្រមាថព្រះគ្រីស្ទ ហើយបៀតបៀនយើង ពីព្រោះយើងកាន់តាមព្រះនាមទ្រង់។ ប៉ុន្តែ សូមឲ្យយើងប្ដេជ្ញាដើម្បីគោរពតាម«ក្រិត្យវិន័យដ៏ប្រសើរ» ដែលតម្រូវឲ្យមានសេចក្ដីស្រឡាញ់ដល់អ្នកជិតខាង—ដោយមានសេចក្ដីស្រឡាញ់ស្មើគ្នាដល់អ្នកមាននិងអ្នកក្រ។ (លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៧-៤០) ដោយសារព្រះទ្រង់តម្រូវឲ្យយើងធ្វើបែបនេះ ការបង្ហាញការរើសមុខ គឺ«មានបាបវិញ»។
‹សេចក្ដីមេត្ដា នោះរមែងឈ្នះសេចក្ដីជំនុំជំរះ›
៦. តើតាមរបៀបណាដែលយើងជាអ្នករំលងក្រិត្យវិន័យ បើយើងមិនប្រព្រឹត្តដោយមេត្ដាករុណាជាមួយអ្នកដទៃ?
៦ ប្រសិនបើយើងបង្ហាញការរើសមុខដោយឥតមេត្ដាករុណា យើងជាអ្នករំលងក្រិត្យវិន័យ។ (យ៉ាកុប ២:១០-១៣) ដោយយកជំហានខុសក្នុងរឿងនេះ យើងក្លាយទៅជាអ្នករំលងនៃក្រិត្យវិន័យរបស់ព្រះទាំងអស់។ ពួកអ៊ីស្រាអែលដែលមិនបានប្រព្រឹត្តសេចក្ដីកំផិត ប៉ុន្តែជាពួកចោរ ក៏បានក្លាយទៅជាអ្នករំលងនៃក្រិត្យវិន័យម៉ូសេ។ ជាពួកគ្រីស្ទាន យើងត្រូវជំនុំជំរះដោយ«ក្រិត្យវិន័យនៃសេចក្ដីសេរីភាព»—ពួកអ៊ីស្រាអែលខាងវិញ្ញាណក្នុងកិច្ចព្រមព្រៀងថ្មី ហើយមានក្រិត្យវិន័យនោះក្នុងចិត្តរបស់គេ។—យេរេមា ៣១:៣១-៣៣
៧. ហេតុអ្វីក៏ពួកអ្នកដែលនៅតែបង្ហាញការរើសមុខ មិនគួរនឹកស្មានថានឹងបានសេចក្ដីមេត្ដាករុណាពីព្រះ?
៧ ប្រសិនបើយើងអះអាងថាមានជំនឿ ប៉ុន្តែនៅតែបង្ហាញការរើសមុខ នោះយើងប្រហែលជាមានគ្រោះថ្នាក់។ អស់អ្នកដែលឥតមានសេចក្ដីស្រឡាញ់ហើយឥតមានមេត្ដាករុណា នឹងទទួលសេចក្ដីជំនុំជំរះដោយឥតមេត្ដាករុណាដែរ។ (ម៉ាថាយ ៧:១, ២) យ៉ាកុបមានប្រសាសន៍ថា៖ «សេចក្ដីមេត្ដា នោះរមែងឈ្នះសេចក្ដីជំនុំជំរះវិញ»។ ប្រសិនបើយើងទទួលយកការដឹកនាំពីវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយបង្ហាញសេចក្ដីមេត្ដាករុណាក្នុងអ្វីៗដែលយើងប្រព្រឹត្ត នោះយើងនឹងមិនទទួលការផ្ដន្ទាទោស ពេលដែលយើងបានត្រូវជំនុំជំរះ។ ផ្ទុយទៅវិញ យើងនឹងទទួលសេចក្ដីមេត្ដាករុណា ហើយព្រះនឹងសព្វព្រះហឫទ័យនឹងយើង។
ជំនឿបង្កើតឲ្យមានកិច្ចការល្អ
៨. តើអ្វីជាស្ថានការណ៍នៃបុគ្គលម្នាក់ ដែលនិយាយថាមានជំនឿ ប៉ុន្តែឥតមានសកម្មភាព?
៨ ក្រៅពីធ្វើឲ្យយើងប្រកបដោយស្រឡាញ់និងមេត្ដាករុណា ជំនឿបង្កើតឲ្យមានកិច្ចការល្អ។ (យ៉ាកុប ២:១៤-២៦) ប្រាកដហើយ ការអះអាងថាមានជំនឿ ដែលឥតមានការប្រព្រឹត្ត គឺមិនអាចសង្គ្រោះយើងបានទេ។ ពិតហើយ យើងមិនអាចធ្វើឲ្យមានឋានៈសុចរិតជាមួយនឹងព្រះ ដោយការប្រព្រឹត្តនៃក្រិត្យវិន័យនោះទេ។ (រ៉ូម ៤:២-៥) យ៉ាកុបគឺនិយាយអំពីកិច្ចការ ដែលជំរុញដោយជំនឿនិងសេចក្ដីស្រឡាញ់ មិនមែនដោយក្រិត្យក្រមនោះឡើយ។ ប្រសិនបើយើងធ្វើដោយគុណសម្បត្ដិបែបនេះ យើងនឹងមិនគ្រាន់តែសូមបួងសួងដ៏សប្បុរស ដល់ពួកអ្នកថ្វាយបង្គំគ្នាឯងដែលខ្វះខាតនោះទេ។ យើងនឹងឲ្យជំនួយខាងវត្ថុដល់បងប្អូនប្រុសឬស្រីដែលស្រេកឃ្លាន។ យ៉ាកុបសួរថា៖ ‹បើអ្នកនិយាយទៅអ្នកខ្វះអាហារណាមួយថា៖ «អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្ដៅ ហើយឆ្អែតចុះ» តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី›? គឺឥតមានទេ។ (យ៉ូប ៣១:១៦-២២) «សេចក្ដីជំនឿ»បែបនេះ គឺឥតមានជីវិតទេ!
៩. តើអ្វីដែលបង្ហាញថាយើងមានជំនឿ?
៩ យើងប្រហែលជាចូលរួមជាមួយរាស្ត្ររបស់ព្រះដល់មួយកំរិតហើយ ប៉ុន្តែលុះតែយើងប្រព្រឹត្តដ៏អស់ពីចិត្ត នោះទើបអាចគាំទ្រការអះអាងរបស់យើង ថាយើងមានជំនឿមែន។ ជាការល្អ ប្រសិនបើយើងបានបដិសេធលទ្ធិព្រះត្រីឯកភាព ហើយជឿថា គឺមានព្រះពិតតែមួយ។ ប៉ុន្តែ គ្រាន់តែជឿ គឺមិនមែនជាជំនឿទេ។ «ពួកអារក្សក៏ជឿដូច្នោះ» ព្រមទាំង«ព្រឺខ្លាចដែរ» ពីព្រោះសេចក្ដីហិនវិនាសកំពុងតែរង់ចាំគេ។ ប្រសិនបើយើងពិតជាមានជំនឿមែន នេះនឹងជំរុញយើងឲ្យមានសកម្មភាព ដូចផ្សាយដំណឹងល្អនិងផ្ដល់អាហារនិងសំលៀកបំពាក់ ដល់ពួកអ្នកជឿក្រីក្រគ្នាឯង។ យ៉ាកុបសួរថា៖ «ឱមនុស្សកំឡៅអើយ [ដែលឥតមានចំណេះត្រឹមត្រូវនៃព្រះ] អ្នកចង់ដឹងពិតឬទេថា សេចក្ដីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ»? ត្រូវហើយ ជំនឿតម្រូវឲ្យមានសកម្មភាព។
១០. ហេតុអ្វីក៏លោកអ័ប្រាហាំបានត្រូវហៅជា«ឪពុក ដល់អស់អ្នកដែលជឿ»?
១០ ជំនឿនៃលោកអ័ប្រាហាំដ៏ពីបុរាណ បានជំរុញលោកឲ្យមានសកម្មភាព។ ជា«ឪពុក ដល់អស់អ្នកដែលជឿ» លោកបានត្រូវ«រាប់ជាសុចរិត ដោយការលោកប្រព្រឹត្ត ក្នុងកាលដែលលោកបានថ្វាយអ៊ីសាក ជាកូនលោក នៅលើអាសនា»។ (រ៉ូម ៤:១១, ១២; លោកុប្បត្តិ ២២:១-១៤) ចុះយ៉ាងណាវិញ បើលោកអ័ប្រាហាំឥតមានជំនឿថា ព្រះអាចប្រោសអ៊ីសាកឲ្យរស់ឡើងវិញ ហើយបំពេញសេចក្ដីសន្យារបស់ទ្រង់អំពីពូជមួយតាមរយៈលោកនោះ? បើដូច្នេះអ័ប្រាហាំនឹងមិនខំថ្វាយកូនរបស់លោកនោះឡើយ។ (ហេព្រើរ ១១:១៩) គឺដោយការប្រព្រឹត្តដ៏គោរពរបស់អ័ប្រាហាំ ដែល‹ជំនឿរបស់លោកបានគ្រប់ល័ក្ខណ៍›។ ក្រោយមក «នោះទើបបានសម្រេចបទគម្ពីរ[លោកុប្បត្តិ ១៥:៦] ដែលថា៖ ‹អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក› »។ ការប្រព្រឹត្តរបស់លោកអ័ប្រាហាំក្នុងការខំថ្វាយអ៊ីសាក បានបញ្ជាក់សេចក្ដីប្រកាសរបស់ព្រះមុននេះ ថាអ័ប្រាហាំជាបុគ្គលដ៏សុចរិត។ ដោយសារការប្រព្រឹត្តនៃជំនឿ លោកបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះព្រះ ហើយក៏បានហៅថាជា ‹សំឡាញ់របស់ព្រះយេហូវ៉ា›។
១១. តើអ្វីជាទីសំអាងនៃជំនឿដែលយើងមាន ក្នុងករណីនៃនាងរ៉ាហាប?
១១ អ័ប្រាហាំបានសឲ្យឃើញថា«មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ»។ នេះក៏ជាការជាក់ស្តែងក្នុងករណីនៃនាងរ៉ាហាបដែរ ជាស្ត្រីពេស្យាម្នាក់ក្នុងក្រុងយេរីខូរ។ នាងបានត្រូវ‹រាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្ត គឺក្នុងកាលដែលនាងទួលពួកអ្នក[អ៊ីស្រាអែល]ដែលគេចាត់មកនោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវមួយទៀត› ដើម្បីឲ្យគេគេចចេញពីពួកកាណាន ដែលជាសត្រូវរបស់គេ។ មុននឹងជួយពួកឈ្លបនៃអ៊ីស្រាអែល នាងបានទទួលស្គាល់ព្រះយេហូវ៉ាជាព្រះដ៏ពិតមួយអង្គ ហើយពាក្យជាបន្តបន្ទាប់របស់នាង និងការឈប់ធ្វើជាស្ត្រីពេស្យា ផ្ដល់ទីសំអាងនៃជំនឿរបស់នាង។ (យ៉ូស្វេ ២:៩-១១; ហេព្រើរ ១១:៣១) ក្រោយពីគំរូទីពីរនេះនៃជំនឿ ដែលបានបង្ហាញដោយការប្រព្រឹត្ត យ៉ាកុបក៏មានប្រសាសន៍ថា៖ ‹សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងទេ នោះក៏ស្លាប់ហើយដែរ›។ នៅពេលដែលបុគ្គលម្នាក់ស្លាប់ នោះគឺឥតមានកម្លាំង ឬ «វិញ្ញាណ»ដ៏រស់ក្នុងគាត់ទេ ហើយគាត់ក៏មិនអាចសម្រេចអ្វីដែរ។ ការគ្រាន់តែអះអាងថាមានជំនឿ ក៏ជាឥតមានជីវិតហើយឥតប្រយោជន៍ ដូចជាសពដែរ។ ប៉ុន្តែ ប្រសិនបើយើងមានជំនឿពិត នោះវានឹងជំរុញយើងឲ្យប្រព្រឹត្តដ៏កោតខ្លាចព្រះ។
សូមទប់ទល់អណ្ដាតរបស់អ្នក!
១២. តើអ្វីដែលត្រូវធ្វើដោយពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ?
១២ ការនិយាយនិងការបង្រៀនអាចផ្ដល់ទីសំអាងនៃជំនឿដែរ ប៉ុន្តែគឺត្រូវការទប់ទល់ពាក្យសំដីដែរ។ (យ៉ាកុប ៣:១-៤) ជាគ្រូក្នុងក្រុមជំនុំ ពួកអ្នកចាស់ទុំមានភារកិច្ចដ៏ធ្ងន់ ហើយការទទួលខុសត្រូវយ៉ាងធំចំពោះព្រះ។ ដូច្នេះ គេត្រូវតែពិនិត្យឲ្យបានរាបទាបនូវបំណងចិត្តនិងគុណវុឌ្ឍិរបស់គេ។ ក្រោយពីចំណេះនិងសមត្ថភាព ពួកបុរសទាំងនេះមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះ និងពួកអ្នកជឿគ្នាឯង។ (រ៉ូម ១២:៣, ១៦; កូរិនថូសទី១ ១៣:៣, ៤) ពួកអ្នកចាស់ទុំត្រូវសំអាងឱវាទរបស់គេលើព្រះគម្ពីរ។ ប្រសិនបើអ្នកចាស់ទុំម្នាក់ឲ្យឱវាទខុស ហើយនេះបង្កើតឲ្យមានបញ្ហាដល់អ្នកដទៃ នោះគាត់នឹងត្រូវបានជំនុំជំរះដោយព្រះ តាមរយៈព្រះគ្រីស្ទ។ ដូច្នេះ ពួកអ្នកចាស់ទុំត្រូវតែមានចិត្តរាបទាបហើយឧស្សាហ៍រៀនសូត្រ ដោយកាន់ខ្ជាប់ដ៏ស្មោះត្រង់នឹងបន្ទូលរបស់ព្រះ។
១៣. ហេតុអ្វីក៏យើងជំពប់ក្នុងពាក្យសំដី?
១៣ សូម្បីតែគ្រូដ៏ប្រសើរ—តាមពិត យើងរាល់គ្នា—«ក៏ជំពប់ជាញយៗដែរ» ពីព្រោះយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍។ ការជំពប់ដោយពាក្យសំដី ជាគុណវិបត្ដិដ៏គ្រោះថ្នាក់ហើយមានច្រើនជាងគេបង្អស់។ យ៉ាកុបនិយាយថា៖ «បើអ្នកណាមិនបានជំពប់ដោយពាក្យសំដី នោះជាមនុស្សគ្រប់ល័ក្ខណ៍ហើយ ដែលអាចនឹងទប់រូបកាយទាំងមូលបានដែរ»។ មិនដូចព្រះយេស៊ូគ្រីស្ទ យើងឥតមានការទប់អណ្ដាតឲ្យបានគ្រប់ល័ក្ខណ៍នោះទេ។ ប្រសិនបើអាចធ្វើបាន នោះយើងអាចទប់អវយវៈនៃរូបកាយទាំងមូលទៀតដែរ។ ដ្បិត បង្ហៀរនិងបង្ខាំ ធ្វើឲ្យសេះទៅឯណាដែលយើងបង្គាប់វា ហើយតាមរយៈចង្កូតដ៏តូចមួយ សូម្បីតែនាវាដ៏ធំមួយក៏អាចបើកបាន ដោយខ្យល់ខ្លាំង តាមតែសេចក្ដីប្រាថ្នានៃអ្នកបើកចង្កូតនាវាដែរ។
១៤. តើតាមរបៀបណាដែលយ៉ាកុបបញ្ជាក់នូវការខំប្រឹង ដើម្បីឲ្យទប់អណ្ដាត?
១៤ យើងគ្រប់គ្នាត្រូវតែសារភាពដ៏ទៀងត្រង់ថា ដើម្បីទប់អណ្ដាត នោះគឺត្រូវការខំប្រឹងណាស់។ (យ៉ាកុប ៣:៥-១២) បើប្រៀបធៀបទៅនឹងសេះ បង្ហៀរគឺតូច ហើយចង្កូតក៏តូចមួយដែរ បើប្រៀបទៅនឹងនាវាមួយ។ ហើយពេលដែលយកមកប្រៀបធៀបនឹងរូបកាយមនុស្ស អណ្ដាតគឺតូច«ប៉ុន្តែចេះអួតអាងយ៉ាងសម្បើមណាស់»។ ពីព្រោះព្រះគម្ពីរបង្ហាញឲ្យច្បាស់ថា ការអួតអាងជាអ្វីដែលព្រះមិនសព្វព្រះហឫទ័យ នោះសូមឲ្យយើងសុំជំនួយពីទ្រង់ឲ្យជួយយើងក្នុងការទប់ពីការនេះ។ (ទំនុកដំកើង ១២:៣, ៤; កូរិនថូសទី១ ៤:៧) សូមឲ្យយើងទប់អណ្ដាតរបស់យើង ពេលដែលមានកំហឹង ដោយចាំថា ត្រូវការភ្លើងគ្រាន់តែបន្ដិចទេ ដើម្បីបញ្ឆេះព្រៃធំៗនោះ។ ដូចជាយ៉ាកុបបានបង្ហាញមក «អណ្ដាតក៏ជាភ្លើងដែរ» ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងធំ។ (សុភាសិត ១៨:២១) អណ្ដាតដែលមិនទប់ទល់ «គឺជាលោកីយ៍ដ៏ពេញដោយសេចក្ដីទុច្ចរិត»! លក្ខណៈអាក្រក់នៃលោកីយ៍ដ៏ល្មើសនេះ គឺទាក់ទងនឹងអណ្ដាតដ៏ឥតចេះទប់។ អណ្ដាតគឺទទួលខុសត្រូវចំពោះរបស់ដ៏ហិនហោច ដូចជាពាក្យបង្កាច់ និងការបង្រៀនក្លែងក្លាយ។ (លេវីវិន័យ ១៩:១៦; ពេត្រុសទី២ ២:១) តើអ្នកគិតយ៉ាងណាដែរ? តើជំនឿរបស់យើង មិនគួរធ្វើឲ្យយើងខំប្រឹងទប់អណ្ដាតរបស់យើងទេឬ?
១៥. តើអាចមានគ្រោះថ្នាក់អ្វី ដោយអណ្ដាតដែលឥតចេះទប់?
១៥ អណ្ដាតដែលឥតចេះទប់‹ធ្វើឲ្យយើងខូចកិត្ដិយស›ទាំងស្រុង។ ជាឧទាហរណ៍ ប្រសិនបើគេចាប់យើងភូតភររាល់តែដង នោះគេអាចសម្គាល់យើងជាអ្នកភូតភរ។ ប៉ុន្តែ តើតាមរបៀបណាដែលអណ្ដាតដ៏ឥតចេះទប់ ‹បញ្ឆេះទាំងផ្លូវជីវិត›? ដោយធ្វើឲ្យជីវិត ដូចជាធ្វើឲ្យមានបញ្ហាមិនចេះចប់។ ក្រុមជំនុំទាំងមូលប្រហែលជាអាក់អន់ចិត្តដោយអណ្ដាតដែលឥតចេះទប់។ យ៉ាកុបបាននិយាយអំពី«ហ្គេហេណា» ជាជ្រលងនៃហ៊ីនណំម។ កន្លែងនេះដែលធ្លាប់ប្រើសំរាប់ធ្វើយញ្ញបូជាកូនចៅ បានក្លាយទៅជាកន្លែងចោលសំរាមនៃក្រុងយេរូសាឡិមដោយដុតក្នុងភ្លើង។ (យេរេមា ៧:៣១) ដូច្នេះហ្គេហេណា ជាតំណាងនៃការហិនវិនាស។ ក្នុងន័យមួយ ហ្គេហេណាប្រើអំណាចដ៏បំផ្លាញរបស់វា ទៅនឹងអណ្ដាតដ៏ឥតចេះទប់។ ប្រសិនបើយើងមិនទប់អណ្ដាតរបស់យើង នោះយើងក៏ក្លាយទៅជាអ្នករងគ្រោះនៃភ្លើងឆេះ ដែលយើងបានបញ្ឆេះ។ (ម៉ាថាយ ៥:២២) យើងក៏អាចបានត្រូវបណ្ដេញចេញពីក្រុមជំនុំដែរ ចំពោះការជេរប្រមាថបុគ្គលណាម្នាក់។—កូរិនថូសទី១ ៥:១១-១៣
១៦. ដោយដឹងនូវការបំផ្លិចបំផ្លាញដែលអាចមានពីអណ្ដាតដែលឥតចេះទប់ តើអ្វីដែលយើងត្រូវធ្វើ?
១៦ ដូចជាអ្នកប្រហែលជាដឹងពីការអានបន្ទូលរបស់ព្រះ ព្រះយេហូវ៉ាបានចេញក្រិត្យថា មនុស្សត្រូវមានអំណាចលើសត្វទាំងឡាយ។ (លោកុប្បត្តិ ១:២៨) ហើយសត្វគ្រប់ចំពូកនឹងត្រូវបានផ្សាំង។ ជាឧទាហរណ៍ សត្វស្ទាំងដែលបានបង្ហាត់ បានគេយកប្រើសំរាប់ដេញចាប់បក្សី។ ‹សត្វលូនវា› ដែលយ៉ាកុបបានរៀបរាប់នោះ ប្រហែលជារួមបញ្ចូលពស់ ដែលកាន់កាប់ដោយគ្រូអាយលម្ពាយ។ (ទំនុកដំកើង ៥៨:៤, ៥) មនុស្សថែមទាំងអាចមានអំណាចលើត្រីបាឡែន ប៉ុន្តែ ជាមនុស្សមានបាប យើងមិនអាចផ្សាំងអណ្ដាតឲ្យបានពេញលេញនោះទេ។ យ៉ាងណាក៏ដោយ យើងត្រូវចៀសវាងពីពាក្យសំដីដ៏ប្រមាថ បញ្ឈឺ ឬដ៏បង្ខូច។ អណ្ដាតដែលមិនចេះទប់អាចទៅជាប្រដាប់ដ៏មានគ្រោះថ្នាក់ គឺពេញទៅដោយពិសដែលបណ្ដាលឲ្យស្លាប់។ (រ៉ូម ៣:១៣) គួរឲ្យស្ដាយណាស់ អណ្ដាតនៃពួកគ្រូក្លែងក្លាយបានបំបែរពួកគ្រីស្ទានសម័យដើមចេញពីព្រះ។ ដូច្នេះ សូមកុំឲ្យពាក្យសំដីរបស់ពួកអ្នកក្បត់ជំនឿមានជ័យជំនះមកលើយើងឡើយ មិនថាតាមពាក្យសំដីឬតាមការសរសេរ។—ធីម៉ូថេទី១ ១:១៨-២០; ពេត្រុសទី២ ២:១-៣
១៧, ១៨. តើភាពមិនដូចគ្នាយ៉ាងណា ដែលបង្ហាញនៅយ៉ាកុប ៣:៩-១២ ហើយតើយើងត្រូវធ្វើអ្វីចំពោះរឿងនេះ?
១៧ ជំនឿលើព្រះ និងការចង់ផ្គាប់ព្រះហឫទ័យទ្រង់ អាចការពារយើងពីសេចក្ដីក្បត់ជំនឿ ហើយអាចបង្ការយើងពីប្រើអណ្ដាតដ៏ឥតត្រឹមត្រូវ។ ក្នុងការសំដៅទៅពួកអ្នកខ្លះដែលម្ដងធ្វើដូច្នេះម្ដងធ្វើដូច្នោះ យ៉ាកុបមានប្រសាសន៍ថា‹ដោយសារអណ្ដាត នោះយើងសរសើរដំកើងដល់ព្រះវរបិតា ព្រះយេហូវ៉ា ហើយដាក់បណ្ដាសាដល់មនុស្សដែលកើតមកតាមរូបអង្គព្រះផង›។ (លោកុប្បត្តិ ១:២៦) ព្រះយេហូវ៉ាជាព្រះវរបិតារបស់យើង ក្នុងន័យថាទ្រង់«ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក»។ (កិច្ចការ ១៧:២៤, ២៥) ទ្រង់ក៏ជាព្រះវរបិតានៃពួកគ្រីស្ទានចាក់ប្រេងតាំង ក្នុងន័យខាងវិញ្ញាណដែរ។ យើងគ្រប់គ្នាគឺ«កើតមកតាមរូបអង្គព្រះ» ស្តីអំពីគុណសម្បត្ដិខាងគំនិតនិងសីលធម៌ ដែលមានសេចក្ដីស្រឡាញ់ យុត្ដិធម៌ និងប្រាជ្ញា ដែលធ្វើឲ្យយើងខុសប្លែកពីសត្វទាំងឡាយ។ ដូច្នេះ តើយើងត្រូវប្រព្រឹត្តយ៉ាងដូចម្ដេច ប្រសិនបើយើងមានជំនឿលើព្រះយេហូវ៉ា?
១៨ ប្រសិនបើយើងនឹងដាក់បណ្ដាសាមនុស្ស នោះមានន័យថាយើងនឹងអំពាវនាវ ឬហៅសេចក្ដីអាក្រក់លើពួកគេ។ ពីព្រោះយើងមិនមែនជាពួកព្យាការីដែលព្រះបានអនុញ្ញាតឲ្យដាក់បណ្ដាសាលើអ្នកណាម្នាក់ នោះពាក្យសំដីបែបនេះ គឺជាទីសំអាងនៃការស្អប់ ដែលធ្វើឲ្យការថ្វាយបង្គំរបស់យើងទៅជាឥតប្រយោជន៍។ គឺមិនជាត្រឹមត្រូវទេ ដែល‹ពរនិងការប្រទេចផ្ដាសា› ចេញមកពីមាត់តែមួយនោះ។ (លូកា ៦:២៧, ២៨; រ៉ូម ១២:១៤, ១៧-២១; យូដាស ៩) តើនឹងមានបាបយ៉ាងណាទៅហ្ន៎ ក្នុងការសរសើរព្រះនៅឯកិច្ចប្រជុំ ហើយក្រោយមក ប្រទេចផ្ដាសាអ្នកជឿគ្នាឯងនោះ! ទឹកសាបនិងទឹកភ្លាវ មិនអាចចេញពីរន្ធទឹកតែមួយបានទេ។ ដូចជា‹ដើមល្វាមិនអាចបង្កើតផ្លែអូលីវឬដើមទំពាំងបាយជូរ› នោះទឹកប្រៃក៏មិនអាចបង្កើតទឹកសាបបានឡើយ។ អ្វីមួយច្បាស់ជាខុសខាងវិញ្ញាណហើយ ប្រសិនបើយើង ដែលគួរនិយាយរបស់ល្អៗ តែបែរទៅជានិយាយពាក្យដ៏ជូរចត់ទៅវិញនោះ។ ប្រសិនបើយើងធ្លាក់ក្នុងទម្លាប់បែបនេះ សូមឲ្យយើងអធិស្ឋានសុំជំនួយពីព្រះយេហូវ៉ា ឲ្យឈប់និយាយតាមរបៀបនេះទៀត។—ទំនុកដំកើង ៣៩:១
ប្រព្រឹត្តដោយប្រាជ្ញាពីខាងលើ
១៩. ប្រសិនបើយើងបានត្រូវដឹកនាំដោយប្រាជ្ញាពីស្ថានសួគ៌ តើយើងអាចមានឥទ្ធិពលលើអ្នកដទៃយ៉ាងដូចម្ដេច?
១៩ យើងរាល់គ្នាត្រូវការប្រាជ្ញា ក្នុងការនិយាយនិងធ្វើអ្វីដែលសមជាពួកអ្នកដែលមានជំនឿ។ (យ៉ាកុប ៣:១៣-១៨) ប្រសិនបើយើងមានការកោតខ្លាចដ៏គោរពដល់ព្រះ នោះទ្រង់នឹងប្រទានយើងនូវប្រាជ្ញាពីស្ថានសួគ៌ គឺសមត្ថភាពដើម្បីប្រើចំណេះឲ្យបានត្រឹមត្រូវ។ (សុភាសិត ៩:១០; ហេព្រើរ ៥:១៤) បន្ទូលរបស់ព្រះបង្រៀនយើងនូវរបៀប«ដើម្បីសម្ដែងសេចក្ដីសុភាពនៃប្រាជ្ញា»។ ហើយដោយសារយើងមានចិត្តសុភាព យើងនាំឲ្យមានការសុខសាន្តក្នុងក្រុមជំនុំ។ (កូរិនថូសទី១ ៨:១, ២) អ្នកណាមួយដែលអួតអាងអំពីខ្លួនជាគ្រូឧត្តមនៃអ្នកជឿគ្នាឯង គឺ‹កុហកទទឹងនឹងសេចក្ដីពិត› ដែលផ្ដន្ទាទោសការអួតបំប៉ោងរបស់គេ។ (កាឡាទី ៥:២៦) «ប្រាជ្ញា»របស់គេ គឺ«របស់ផលលោកីយ៍»—ដែលមានលក្ខណៈនៃមនុស្សបាប ដែលឃ្លាតចេញពីព្រះ។ នេះគឺ«សត្វ» ដែលជាផលិតផលនៃទំនោរចិត្តខាងសាច់ឈាម។ ហើយព្រមទាំងជា«ខាងអារក្ស»ផង ពីព្រោះពួកវិញ្ញាណអាក្រក់ គឺក្រអឺតក្រអោង! (ធីម៉ូថេទី១ ៣:៦) ដូច្នេះ សូមឲ្យយើងប្រព្រឹត្តដោយប្រាជ្ញានិងដោយចិត្តរាបទាប ដើម្បីកុំឲ្យធ្វើអ្វីដែលអាចបង្កើតឲ្យមានបរិយាកាស ដែលមាន‹សេចក្ដីអាក្រក់› ដូចជាពាក្យជេរប្រមាថ និងការរើសមុខអាចដុះមានឡើង។
២០. តើតាមរបៀបណាដែលអ្នកអាចរៀបរាប់អំពីប្រាជ្ញាខាងស្ថានសួគ៌?
២០ «ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ» ដែលធ្វើឲ្យយើងបានស្អាតស្អំខាងសីលធម៌និងខាងវិញ្ញាណ។ (កូរិនថូសទី២ ៧:១១) នេះគឺ«មានមេត្រីចិត្ត» ដែលជំរុញឲ្យយើងស្វែងរកមេត្រីភាព។ (ហេព្រើរ ១២:១៤) ប្រាជ្ញាខាងស្ថានសួគ៌ធ្វើឲ្យយើងមាន«សេចក្ដីសំឡូត» មិនមែនមានះតាមគំនិតខ្លួន ហើយពិបាកចុះចូលជាមួយគេនោះឡើយ។ (ភីលីព ៤:៥) ប្រាជ្ញាពីស្ថានលើ គឺ‹ប្រុងនឹងគោរពតាម› ដល់ការបង្រៀនរបស់ព្រះ ហើយសហប្រតិបត្ដិការជាមួយអង្គការរបស់ព្រះយេហូវ៉ា។ (រ៉ូម ៦:១៧) ប្រាជ្ញាពីស្ថានលើ ក៏ធ្វើឲ្យយើងពេញដោយសេចក្ដីមេត្ដាករុណា។ (យូដាស ២២, ២៣) ដោយពេញដោយ«ផលល្អ» នេះធ្វើឲ្យមានការខ្វល់ខ្វាយដល់អ្នកដទៃ ហើយការប្រព្រឹត្តដែលសមស្របនឹងសេចក្ដីល្អ សេចក្ដីសុចរិត និងសេចក្ដីពិត។ (អេភេសូរ ៥:៩) ហើយជាអ្នកដែលបង្កើតឲ្យមានមេត្រី យើងមាន«ផលនៃសេចក្ដីសុចរិត» ដែលលូតលាស់ក្រោមស្ថានការណ៍ដ៏សុខសាន្ត។
២១. យោងទៅតាមយ៉ាកុប ២:១–៣:១៨ តើជំនឿរបស់យើងលើព្រះ នឹងជំរុញយើងឲ្យធ្វើអ្វី?
២១ ដូច្នេះ យ៉ាងច្បាស់ណាស់ ជំនឿជំរុញយើងឲ្យមានសកម្មភាព។ នេះធ្វើឲ្យយើងជាមនុស្សឥតរើសមុខ ពេញដោយមេត្ដាករុណា ហើយដ៏សកម្មក្នុងកិច្ចការល្អ។ ជំនឿជួយយើងឲ្យទប់អណ្ដាត ហើយប្រព្រឹត្តដោយប្រាជ្ញាខាងស្ថានសួគ៌។ ប៉ុន្តែ គឺមិនមានតែប៉ុណ្ណោះទេដែលយើងអាចរៀនពីសំបុត្ររបស់គាត់នោះ។ យ៉ាកុបក៏មានឱវាទថែមទៀត ដែលអាចជួយយើងឲ្យកាន់មារយាទ តាមរបៀបដែលសមនឹងពួកដែលមានជំនឿលើព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្វីជាការខុសដោយបង្ហាញការរើសមុខ?
◻ តើជំនឿនិងការប្រព្រឹត្តទាក់ទងគ្នាយ៉ាងណា?
◻ ហេតុអ្វីក៏សំខាន់ម្ល៉េះ ដើម្បីទប់អណ្ដាត?
◻ តើប្រាជ្ញាពីស្ថានសួគ៌មានសភាពយ៉ាងណា?