ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅយ៉ាកុប និងសៀវភៅពេត្រុស
ជិត៣០ឆ្នាំក្រោយបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. យ៉ាកុបដែលជាសិស្សនិងជាប្អូនរបស់ព្រះយេស៊ូ បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅ«ពូជអំបូរទាំង១២»នៃពួកអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ តំណាងដោយជនជាតិអ៊ីស្រាអែល។ (យ៉ា. ១:១) គាត់មានគោលដៅដូចតទៅនេះ: ដើម្បីដាស់តឿនបងប្អូនទាំងនោះឲ្យមានជំនឿរឹងមាំ និងឲ្យចេះស៊ូទ្រាំពេលមានទុក្ខលំបាក។ គាត់ក៏បានជូនឱវាទដើម្បីកែតម្រង់ស្ថានភាពវឹកវរដែលមានក្នុងក្រុមជំនុំ។
មិនយូរប៉ុន្មាន មុនពេលអធិរាជរ៉ូមឈ្មោះនីរ៉ូចាប់ផ្ដើមធ្វើទុក្ខបៀតបៀនដល់បងប្អូនគ្រិស្តសាសនិកនៅឆ្នាំ៦៤ គ.ស. សាវ័កពេត្រុសបានសរសេរសំបុត្រទី១ ដើម្បីលើកទឹកចិត្តបងប្អូនគ្រិស្តសាសនិកនៅទីនោះឲ្យរក្សាជំហររបស់ខ្លួនឲ្យបានរឹងមាំក្នុងជំនឿ។ មិនយូរប៉ុន្មានក្រោយពីបានសរសេរសំបុត្រទី១នោះ ពេត្រុសបានសរសេរសំបុត្រមួយច្បាប់ទៀតជាលើកទី២។ គាត់បានលើកទឹកចិត្តបងប្អូនរួមជំនឿឲ្យយកចិត្តទុកដាក់នឹងបណ្ដាំរបស់ព្រះ ហើយក៏បានរំលឹកពួកគាត់ពីថ្ងៃនៃព្រះយេហូវ៉ាដែលនឹងមកដល់ដែរ។ ប្រាកដមែន! យើងអាចទាញយកប្រយោជន៍ពីសារដែលបានកត់ទុកនៅក្នុងសៀវភៅយ៉ាកុបនិងសៀវភៅពេត្រុស។—ហេ. ៤:១២
ព្រះប្រទានប្រាជ្ញាដល់អ្នកដែល«សូមដោយចិត្តជឿ»
យ៉ាកុបសរសេរថា៖ «មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត»។ ព្រះយេហូវ៉ាប្រទានប្រាជ្ញាដល់អ្នកដែល«សូមដោយចិត្តជឿ»ដើម្បីអាចស៊ូទ្រាំពេលមានទុក្ខលំបាក។—យ៉ា. ១:៥-៨, ១២
អ្នកដែល«ជាគ្រូ»នៅក្នុងក្រុមជំនុំក៏ត្រូវមានជំនឿនិងប្រាជ្ញាដែរ។ ក្រោយពីបានកត់សម្គាល់ថាអណ្ដាតជា«អវយវៈ១យ៉ាងតូច»អាច«ធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក»បាន នោះយ៉ាកុបព្រមានថាចិត្តទោរទន់ទៅរកការប្រព្រឹត្តរបស់លោកិយនេះ អាចបង្ខូចចំណងមេត្រីភាពរបស់ខ្លួនជាមួយព្រះ។ គាត់ក៏រៀបរាប់ពីវិធីផ្សេងៗ ដើម្បីជួយអ្នកដែលមានជំនឿឬសកម្មភាពខ្សោយក្នុងកិច្ចបម្រើព្រះ ឲ្យមានជំនឿនិងសកម្មភាពខ្លាំងក្លាឡើងវិញផង។—យ៉ា. ៣:១, ៥, ៦; ៥:១៤, ១៥
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២:១៣—តើ‹សេចក្ដីមេត្ដារមែងឈ្នះសេចក្ដីជំនុំជំរះ›តាមរបៀបណា? នៅពេលដែលយើងទាំងអស់គ្នាត្រូវរាប់រៀបទូលថ្វាយដល់ព្រះពីដំណើររបស់ខ្លួន នោះទ្រង់នឹងនឹកចាំពេលដែលយើងបង្ហាញសេចក្ដីមេត្ដាករុណាចំពោះអ្នកឯទៀត ហើយអត់ទោសឲ្យយើងដោយផ្អែកទៅលើការបូជាលោះនៃបុត្ររបស់ទ្រង់។ (រ៉ូម ១៤:១២) នេះជាមូលហេតុដែលយើងគួរតែបណ្ដុះឲ្យមានគុណសម្បត្ដិសំខាន់មួយក្នុងជីវិតពោលគឺចិត្តមេត្ដាករុណា មែនទេ?
៤:៥—នៅទីនេះ តើយ៉ាកុបដកស្រង់បទគម្ពីរណាមួយ? យ៉ាកុបមិនបានដកស្រង់បទគម្ពីរជាក់លាក់ណាមួយទេ។ យ៉ាងណាក៏ដោយ ពាក្យដែលព្រះបណ្ដាលឲ្យសរសេរនេះទំនងជាផ្អែកទៅលើពាក្យដែលបង្កប់អត្ថន័យនៅលោកុប្បត្តិ ៦:៥; ៨:២១ សុភាសិត ២១:១០ និងកាឡាទី ៥:១៧។
៥:២០—‹អ្នកដែលនាំមនុស្សបាប ឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញ›នឹងសង្គ្រោះព្រលឹងឬជីវិតអ្នកណាឲ្យរួចពីសេចក្ដីស្លាប់? គ្រិស្តសាសនិកម្នាក់ដែលបាននាំមនុស្សប្រព្រឹត្តខុស ឲ្យត្រឡប់ពីផ្លូវដែលពេញទៅដោយអំពើខុសឆ្គង នោះឈ្មោះថាបានសង្គ្រោះជីវិតរបស់អ្នកដែលសោកស្ដាយចំពោះកំហុសរបស់ខ្លួន ហើយចង់មានចំណងមេត្រីភាពជាមួយព្រះយេហូវ៉ាឡើងវិញ និងប្រហែលជាបានសង្គ្រោះអ្នកនោះឲ្យរួចពីសេចក្ដីហិនវិនាសជារៀងរហូតផងដែរ។ អ្នកដែលបានជួយអ្នកប្រព្រឹត្តខុសដោយវិធីនេះនឹង«គ្របបាំងអំពើបាប[របស់ខ្លួន]ជាអនេកអនន្តផង»។
មេរៀនសម្រាប់យើង:
១:១៤, ១៥: អំពើបាបចាប់កំណើតពីសេចក្ដីប៉ងប្រាថ្នាមិនល្អ។ ដូច្នេះហើយ នៅក្នុងចិត្តរបស់យើងមិនត្រូវបណ្ដុះឲ្យមានសេចក្ដីប៉ងប្រាថ្នាដែលមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ យើងត្រូវ«ពិចារណា»ជាបន្តពីរឿងដែលពង្រឹងកម្លាំងចិត្ត ហើយធ្វើឲ្យចិត្តនិងគំនិតរបស់យើងពេញទៅដោយសេចក្ដីល្អៗទាំងនោះដែរ។—ភី. ៤:៨
២:៨, ៩: ការ«រើសមុខ»ជាការប្រព្រឹត្តផ្ទុយពី«ក្រិត្យវិន័យដ៏ប្រសើរ»នៃសេចក្ដីស្រឡាញ់។ ហេតុនេះហើយ គ្រិស្តសាសនិកពិតមិនត្រូវរើសមុខឡើយ។
២:១៤-២៦: យើង«បានសង្គ្រោះដោយសារសេចក្ដីជំនឿ»«មិនមែនដោយការប្រព្រឹត្ត»តាមក្រឹត្យវិន័យម៉ូសេ ឬគ្រាន់តែអះអាងថាជាគ្រិស្តសាសនិកទេ។ ពីព្រោះ បើយើងនិយាយតែមាត់ថាជឿព្រះ នោះមិនគ្រប់គ្រាន់ឡើយ។ (អេភ. ២:៨, ៩; យ៉ូន. ៣:១៦) ជំនឿគួរតែជំរុញយើងឲ្យប្រព្រឹត្តស្របទៅតាមបំណងប្រាថ្នារបស់ព្រះ។
៣:១៣-១៧: «ប្រាជ្ញាដែលមកពីស្ថានលើ»ប្រាកដជាប្រសើរជាងប្រាជ្ញារបស់‹លោកីយនេះ ដែលខាងសាច់ឈាម នឹងខាងអារក្សវិញ!›។ យើងគួរតែ‹ស្វែងរកដំរិះពីស្ថានលើ ឲ្យដូចជាខំរកប្រាក់›។—សុ. ២:១-៥
៣:១៨: គ្រាប់ពូជនៃសារដំណឹងល្អស្តីពីរាជាណាចក្ររបស់ព្រះ‹បានព្រោះចុះដោយសេចក្ដីមេត្រី ដោយពួកអ្នកដែលរកសេចក្ដីមេត្រីនោះឯង›។ គឺសំខាន់ណាស់ឲ្យយើងធ្វើជាអ្នកបង្កើតឲ្យមានមេត្រីភាព មានសណ្ដាប់ធ្នាប់ មិនមានឫកក្រអឺតក្រទម ហើយមិនចូលចិត្តឈ្លោះប្រកែក។
‹ចូរតស៊ូដោយមានចិត្តជឿមាំមួន›
ពេត្រុសរំលឹកអ្នកជឿគ្នីគ្នាពីសេចក្ដី«សង្ឃឹមដ៏រស់» ពីមត៌កនៅស្ថានសួគ៌។ ពេត្រុសប្រាប់ពួកគាត់ថា៖ «អ្នករាល់គ្នាជា‹ពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ›»។ បន្ទាប់ពីពេត្រុសបានជូនឱវាទស្តីអំពីការចុះចូលរួចហើយ គាត់ក៏ដាស់តឿនគ្រប់គ្នាថាឲ្យ«មានគំនិតតែ១ ព្រមទាំងមានចិត្តអាណិតអាសូរ ហើយស្រឡាញ់គ្នាជាបងជាប្អូន នឹងមានចិត្តទន់សន្ដោស ហើយសុភាព»ផង។—១ពេ. ១:៣, ៤; ២:៩; ៣:៨
ដោយហេតុថា «ចុងបំផុតនៃរបស់ទាំងអស់[នៃរបបយូដា] នោះជិតដល់ហើយ» ពេត្រុសជូនឱវាទដល់បងប្អូន«ឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្ដីអធិស្ឋានចុះ!»។ ពេត្រុសណែនាំពួកគាត់ថា៖ «ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ! . . . ចូរតស៊ូនឹង[សាតាំង] ដោយមានចិត្តជឿមាំមួន»។—១ពេ. ៤:៧; ៥:៨, ៩
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៣:២០-២២—តើការជ្រមុជទឹកសង្គ្រោះយើងយ៉ាងដូចម្ដេច? ការជ្រមុជទឹកជាតម្រូវការមួយដល់អ្នកដែលស្វែងរកសេចក្ដីប្រោសលោះ។ យ៉ាងណាក៏ដោយ ការជ្រមុជទឹកតែប៉ុណ្ណោះមិនអាចសង្គ្រោះយើងបានទេ។ តាមពិត សេចក្ដីសង្គ្រោះគឺមក«ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ»។ បេក្ខជនដែលចង់ទទួលការជ្រមុជទឹកត្រូវតែមានជំនឿថាពួកគាត់ទទួលសេចក្ដីសង្គ្រោះ ដោយសារព្រះយេស៊ូផ្ដល់ជីវិតជាយញ្ញបូជាលោះ ហើយមានជីវិតរស់ឡើងវិញ និង«គង់នៅខាងស្ដាំនៃព្រះ»មានអំណាចទៅលើមនុស្សរស់និងមនុស្សស្លាប់។ ការជ្រមុជទឹកដោយផ្អែកលើជំនឿបែបនេះគឺស្រដៀងគ្នានឹងមនុស្ស‹៨នាក់ដែលបានរួចជីវិតដោយសារទឹក›។
៤:៦—អ្នកណាជា«មនុស្សដែលស្លាប់»ដែលគេ«បានផ្សាយដំណឹងល្អ»? គឺជាអ្នកដែលបាន«ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាប» ឬអ្នកដែលគ្មានចំណងមេត្រីភាពជាមួយព្រះយេហូវ៉ា មុនពេលដែលពួកគាត់បានឮសារដំណឹងល្អ។ (អេភ. ២:១) ដូច្នេះ បន្ទាប់ពីបានជឿទៅលើសារដំណឹងល្អ ពួកគាត់ចាប់ផ្ដើម«រស់»ក្នុងន័យថាពួកគាត់ចាប់ផ្ដើមមានចំណងមេត្រីភាពជាមួយព្រះយេហូវ៉ា។
មេរៀនសម្រាប់យើង:
១:៧: ដើម្បីឲ្យជំនឿរបស់យើងមានតម្លៃខ្ពស់ ជំនឿនោះត្រូវតែពិសោធមើលឬសាកលរួចហើយ។ ជំនឿរឹងមាំបែបនេះពិតជានាំឲ្យ‹ជីវិតបានសង្គ្រោះ›។ (ហេ. ១០:៣៩) ពេលជំនឿរបស់យើងជួបប្រទះការល្បងល យើងមិនត្រូវថយក្រោយឡើយ។
១:១០-១២: ពួកទេវតាខំរកស្គាល់និងយល់សេចក្ដីជ្រាលជ្រៅអំពីសេចក្ដីពិតពីព្រះ ដែលអ្នកប្រកាសទំនាយរបស់ទ្រង់នៅសម័យបុរាណបានសរសេរស្តីអំពីក្រុមជំនុំនៃអ្នករើសតាំង។ យ៉ាងណាក៏ដោយ សេចក្ដីពិតស្តីអំពីរឿងទាំងនេះនឹងបានឃើញកាន់តែច្បាស់ ពេលព្រះយេហូវ៉ាចាប់ផ្ដើមប្រើក្រុមជំនុំគ្រិស្តសាសនិកជាខ្សែរយៈ។ (អេភ. ៣:១០) យើងគួរតែធ្វើតាមគំរូរបស់ទេវតានិងព្យាយាមស្ទង់មើល«សេចក្ដីជ្រាលជ្រៅនៃព្រះ» មែនទេ?—១កូ. ២:១០
២:២១: ដើម្បីគាំទ្រការគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះយេហូវ៉ា យើងគួរតែសុខចិត្តរងទុក្ខរហូតដល់បង់ជីវិតដោយធ្វើតាមគំរូរបស់ព្រះយេស៊ូគ្រិស្ត។
៥:៦, ៧: ពេលយើងផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយយើងឲ្យបន្តចាត់ទុកការថ្វាយបង្គំព្រះពិតជាអ្វីដែលសំខាន់ចម្បងក្នុងជីវិត ជាជាងខ្វល់ខ្វាយហួសហេតុពេកពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែក។—ម៉ាថ. ៦:៣៣, ៣៤
‹ថ្ងៃនៃព្រះអម្ចាស់នឹងមក›
ពេត្រុសសរសេរថា៖ «សេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ»។ ការផ្ដោតអារម្មណ៍ទៅលើពាក្យទំនាយអាចជួយការពារយើងពី«គ្រូក្លែងក្លាយ» និងពីបុគ្គលផ្សេងទៀតដែលមានឥទ្ធិពលអាក្រក់មកលើយើង។—២ពេ. ១:២១; ២:១-៣
ពេត្រុសព្រមានថា៖ «នៅជាន់ក្រោយនឹងមានមនុស្សចំអកមក . . . ទាំងចំអកឡកឡឺយ»ផង។ តែ«រីឯថ្ងៃនៃ[ព្រះយេហូវ៉ា] នោះនឹងមកដូចជាចោរប្លន់»។ ពេត្រុសបញ្ចប់សេចក្ដីសំបុត្ររបស់គាត់ ដោយជូនឱវាទដ៏សមហេតុសមផលដល់អ្នកដែល‹ទន្ទឹងចាំហើយខំជួយឲ្យថ្ងៃនោះឆាប់មកដល់›។—២ពេ. ៣:៣, ១០-១២
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១៩—តើអ្នកណាជា«ផ្កាយព្រឹក»? តើរះឡើងនៅពេលណា? ហើយតើយើងដឹងថាព្រឹត្ដិការណ៍នេះបានកើតឡើងយ៉ាងដូចម្ដេច? «ផ្កាយព្រឹក»គឺជាព្រះយេស៊ូគ្រិស្ត បន្ទាប់ពីពេលដែលទ្រង់បានឡើងសោយរាជ្យក្នុងរាជាណាចក្ររបស់ព្រះ។ (វិវរ. ២២:១៦) ឆ្នាំ១៩១៤នាំឲ្យមានការចាប់ផ្ដើមនៃយុគសម័យថ្មីមួយ ពេលព្រះយេស៊ូដែលជាមេស្ស៊ីបានរះភ្លឺចិញ្ចែងដើម្បីឲ្យគ្រប់ការបង្កើតមើលឃើញទ្រង់ច្បាស់។ ការផ្លាស់ប្រែទ្រង់ទ្រាយជួយឲ្យយើងមើលឃើញជាមុន នូវសិរីល្អនិងរាជាណាចក្ររបស់ព្រះយេស៊ូដែលបានបញ្ជាក់យ៉ាងច្បាស់ក្នុងពាក្យទំនាយរបស់ព្រះ។ ការផ្ដោតអារម្មណ៍ទៅលើពាក្យនោះបំភ្លឺចិត្តរបស់យើង ហើយនេះក៏ជួយយើងឲ្យទទួលស្គាល់ថាផ្កាយព្រឹកបានរះឡើងហើយ។
២:៤—តើ«ជង្ហុកជ្រៅបំផុត»ជាអ្វី? ហើយតាំងពីពេលណាដែលពួកទេវតាបះបោរត្រូវបានបោះទម្លាក់ចូលទៅក្នុងជង្ហុកជ្រៅបំផុតនោះ? «ជង្ហុកជ្រៅបំផុត»មានស្ថានភាពដូចជាគុកដែលបម្រុងទុកសម្រាប់ឃុំបុគ្គលវិញ្ញាណ មិនមែនសម្រាប់មនុស្សជាតិទេ។ ការស្ថិតក្នុងស្ថានភាពបែបនេះ ពួកគេលែងយល់ពីអ្វីៗដែលទាក់ទងទៅនឹងគោលបំណងដ៏ត្រចះត្រចង់របស់ព្រះ។ អ្នកដែលស្ថិតនៅជង្ហុកជ្រៅបំផុតគ្មានសេចក្ដីសង្ឃឹមសម្រាប់អនាគតឡើយ។ នៅសម័យណូអេ ព្រះបានបោះទម្លាក់ពួកទេវតាបះបោរទៅក្នុងជង្ហុកជ្រៅបំផុត ហើយពួកគេត្រូវស្ថិតនៅក្នុងស្ថានភាពដ៏ទាបថោកនេះរហូតដល់ថ្ងៃដែលពួកគេនឹងត្រូវបំផ្លាញចោល។
៣:១៧—ពេលប្រើពាក្យ«ដឹងសេចក្ដីនោះជាមុន»តើពេត្រុសចង់មានន័យអ្វី? ពេត្រុសសំដៅទៅការដឹងសេចក្ដីនោះជាមុន សេចក្ដីដែលចែងអំពីព្រឹត្ដិការណ៍អនាគត ដែលព្រះបណ្ដាលឲ្យគាត់និងអ្នកសរសេរគម្ពីរឯទៀតបានទទួលតាមរយៈសកម្មពលរបស់ទ្រង់។ ដោយហេតុថា នេះជាចំណេះដែលមានកម្រិត ដូច្នេះហើយ ពួកគ្រិស្តសាសនិកសម័យដើមបានដឹងទ្រួសៗតែប៉ុណ្ណោះពីអ្វីដែលនឹងកើតឡើងនៅអនាគត។ ពួកគាត់អាចដឹងតែគោលៗទេពីអ្វីដែលពួកគាត់ទន្ទឹងចាំ។
មេរៀនសម្រាប់យើង:
១:២, ៥-៧: បន្ថែមទៅលើការខំបង្កើនចំណេះក្នុងការ«ស្គាល់ព្រះ នឹងព្រះយេស៊ូវ» សេចក្ដីព្យាយាមរបស់យើងក្នុងការបណ្ដុះឲ្យមានលក្ខណៈសម្បត្ដិដូចជាជំនឿ ការស៊ូទ្រាំ ការរក្សាភក្ដីភាពចំពោះព្រះអាចធ្វើឲ្យ«[យើង]មិននៅទំនេរ ឬឥតផល»ស្តីពីចំណេះនោះឡើយ។—២ពេ. ១:៨
១:១២-១៥: ដើម្បី«តាំង[ឲ្យបាន]ខ្ជាប់ខ្ជួន ក្នុងសេចក្ដីពិត» យើងត្រូវការសេចក្ដីរំលឹកជានិច្ច អ្វីដែលយើងបានទទួលនៅឯកិច្ចប្រជុំ តាមរយៈការសិក្សាដោយខ្លួនឯង និងការអានគម្ពីរដែលជាបណ្ដាំរបស់ព្រះ។
២:២: យើងគួរតែប្រុងប្រយ័ត្នមិននាំមកនូវការប្រមាថដល់នាមរបស់ព្រះយេហូវ៉ា និងអង្គការរបស់ទ្រង់ដោយកិរិយាប្រព្រឹត្តរបស់យើងឡើយ។—រ៉ូម ២:២៤
២:៤-៩: ដោយផ្អែកទៅលើអ្វីដែលបានកើតឡើងនៅអតីតកាល យើងអាចប្រាកដថា «ព្រះអម្ចាស់[យេហូវ៉ា]ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»។
២:១០-១៣: ទោះជា«ពួកប្រសើរឧត្តម»ពោលគឺគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំមានការខ្វះខាត ហើយម្ដងម្កាលពួកគាត់ក៏ប្រហែលជាធ្វើខុសផងដែរ យើងមិនគួរជេរប្រមាថដល់ពួកគាត់ទេ។—ហេ. ១៣:៧, ១៧
៣:២-៤, ១២: ការយកចិត្តទុកដាក់ឲ្យបានដិតដល់«ពីអស់ទាំងសេចក្ដី ដែលពួកហោរាបរិសុទ្ធបានទាយកាលពីដើម នឹងពីសេចក្ដីបញ្ញត្តរបស់ព្រះអម្ចាស់ដ៏ជាព្រះអង្គសង្គ្រោះ» នឹងជួយយើងឲ្យផ្ដោតអារម្មណ៍ទៅលើថ្ងៃព្រះយេហូវ៉ាដែលខិតមកកាន់តែជិតណាស់ហើយ។
៣:១១-១៤: ដូចអ្នកដែល«ទន្ទឹងចាំហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់» យើងត្រូវតែ (១) មានកិរិយាបរិសុទ្ធ ដោយរក្សាឲ្យមានភាពស្អាតស្អំខាងរូបកាយ ចិត្តគំនិត សីលធម៌ និងចំណងមេត្រីភាពជាមួយព្រះយេហូវ៉ា (២) បង្កើនការប្រព្រឹត្តដែលបង្ហាញឲ្យឃើញ«សេចក្ដីគោរពប្រតិបត្ដិ»ដល់ព្រះ ក្នុងការផ្សព្វផ្សាយពីរាជាណាចក្ររបស់ព្រះ និងការបង្កើតឲ្យមានសិស្ស (៣) រក្សាកិរិយានិងបុគ្គលិកលក្ខណៈដែល«ឥតសៅហ្មង»ឥតប្រឡាក់ជាមួយនឹងរបៀបរបបរបស់លោកិយ (៤) ចូរកុំឲ្យមាន«កន្លែងបន្ទោស»បាន ក្នុងការធ្វើអ្វីៗទាំងអស់ដោយបំណងចិត្តល្អ និង (៥) ចូរមាន«សេចក្ដីមេត្រី» មេត្រីជាមួយព្រះ ជាមួយបងប្អូនគ្រិស្តសាសនិក និងជាមួយមនុស្សម្នាទាំងអស់។