ចូរអរសប្បាយនឹងពិធីមង្គលការរបស់កូនចៀម!
«ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង . . . ពីព្រោះវេលាសម្រាប់ពិធីមង្គលការរបស់កូនចៀមបានមកដល់ហើយ»។—បប. ១៩:៧
១, ២. (ក) តើពិធីមង្គលការរបស់អ្នកណាដែលនាំឲ្យមានអំណរនៅស្ថានសួគ៌? (ខ) តើមានសំណួរអ្វីខ្លះ?
មនុស្សតែងតែត្រូវការពេលវេលាដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍មួយ។ ប៉ុន្តែ យើងនឹងផ្ដោតអារម្មណ៍ទៅលើពិធីអាពាហ៍ពិពាហ៍ដ៏ពិសេសមួយ ពោលគឺពិធីអាពាហ៍ពិពាហ៍របស់ស្តេចមួយអង្គ។ សូមគិតទៅមើល! អាពាហ៍ពិពាហ៍នោះបានត្រូវរៀបចំអស់រយៈពេលប្រហែលជា២.០០០ឆ្នាំ។ ឥឡូវនេះ ពេលវេលាដែលកូនកំលោះនឹងត្រូវផ្សំផ្គុំជាមួយនឹងកូនក្រមុំកំពុងខិតមកដល់យ៉ាងលឿន។ មិនយូរទៀត ភ្លេងដ៏សប្បាយរីករាយនឹងឮពេញវាំងរបស់ស្តេច ហើយក្រុមដ៏ធំនៅស្ថានសួគ៌នឹងច្រៀងឡើងថា៖ «ចូរអ្នករាល់គ្នាសរសើរយ៉ា ពីព្រោះព្រះយេហូវ៉ាដែលជាព្រះរបស់យើង និងជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត បានចាប់ផ្ដើមគ្រប់គ្រងជាស្តេចហើយ។ ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង ហើយចូរយើងសរសើរតម្កើងលោក ពីព្រោះវេលាសម្រាប់ពិធីមង្គលការរបស់កូនចៀមបានមកដល់ហើយ ឯភរិយារបស់លោកបានរៀបចំខ្លួន»។—បប. ១៩:៦, ៧
២ «កូនចៀម»ដែលបានត្រូវរៀបរាប់នៅក្នុងខគម្ពីរនេះ គឺលោកយេស៊ូគ្រិស្ត។ (យ៉ូន. ១:២៩) ពិធីមង្គលការរបស់លោកនឹងនាំឲ្យមានអំណរក្រៃលែងនៅស្ថានសួគ៌។ តើលោកស្លៀកពាក់បែបណាសម្រាប់ពិធីមង្គលការនោះ? តើអ្នកណាជាកូនក្រមុំ? តើនាងបានត្រូវរៀបចំយ៉ាងដូចម្ដេចសម្រាប់ពិធីមង្គលការនោះ? តើពិធីមង្គលការនោះធ្វើឡើងនៅពេលណា? ពិធីមង្គលការនោះនឹងនាំឲ្យមានអំណរនៅស្ថានសួគ៌ ប៉ុន្តែតើពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីនឹងអរសប្បាយដែរឬ? យើងចង់ដឹងចម្លើយចំពោះសំណួរទាំងនេះយ៉ាងខ្លាំង ដូច្នេះយើងនឹងបន្តសិក្សាទំនុកទី៤៥។
សម្លៀកបំពាក់របស់លោក«ផ្សាយក្លិនក្រអូប»
៣, ៤. (ក) តើគម្ពីរចែងយ៉ាងណាអំពីសម្លៀកបំពាក់របស់កូនកំលោះសម្រាប់ពិធីមង្គលការ ហើយតើអ្វីនាំឲ្យលោកមានអំណរថែមទៀត? (ខ) តើអ្នកណាជា«បុត្រីស្តេច»និង«អគ្គមហេសី»ដែលមានអំណរជាមួយនឹងកូនកំលោះ?
៣ សូមអាន ទំនុកតម្កើង ៤៥:៨, ៩។ លោកយេស៊ូគ្រិស្តដែលជាកូនកំលោះតាក់តែងខ្លួនដោយសម្លៀកបំពាក់ដ៏ល្អអស្ចារ្យរបស់ស្តេចសម្រាប់អាពាហ៍ពិពាហ៍របស់លោក។ គឺស័ក្ដិសមមែនដែលសម្លៀកបំពាក់របស់លោកផ្សាយក្លិនក្រអូបដូច«គ្រឿងក្រអូបយ៉ាងវិសេស» ដូចជាជ័រល្វីងទេសនិងកំញានជាដើម ដែលនៅក្នុងចំណោមគ្រឿងផ្សំនៃប្រេងបរិសុទ្ធសម្រាប់ចាក់លាបដែលគេប្រើនៅអ៊ីស្រាអែល។—និក្ខ. ៣០:២៣-២៥
៤ ភ្លេងនៅស្ថានសួគ៌ដែលឮពេញវាំងធ្វើឲ្យកូនកំលោះមានអំណរថែមទៀត កាលដែលពិធីមង្គលការរបស់លោកជិតមកដល់។ «អគ្គមហេសី»ឬភរិយាដែលជាផ្នែកស្ថានសួគ៌នៃអង្គការរបស់ព្រះ ដែលរួមមាន«បុត្រីស្តេច» ពោលគឺបណ្ដាទេវតាបរិសុទ្ធ មានអំណរជាមួយនឹងកូនកំលោះ។ សំឡេងនៅស្ថានសួគ៌ប្រកាសថា៖ «ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង . . . ពីព្រោះវេលាសម្រាប់ពិធីមង្គលការរបស់កូនចៀមបានមកដល់ហើយ»!
កូនក្រមុំបានត្រូវរៀបចំសម្រាប់ពិធីមង្គលការ
៥. តើអ្នកណាជា«ភរិយារបស់កូនចៀម»?
៥ សូមអាន ទំនុកតម្កើង ៤៥:១០, ១១។ យើងបានដឹងថាអ្នកណាជាកូនកំលោះ ប៉ុន្តែតើអ្នកណាជាកូនក្រមុំ? នាងមិនមែនជាបុគ្គលម្នាក់ទេ។ ផ្ទុយទៅវិញ នាងជាតំណាងក្រុមទាំងមូលនៃគ្រិស្តសាសនិកដែលបានត្រូវរើសតាំងទាំង១៤៤.០០០នាក់។ លោកយេស៊ូជាប្រមុខនៃក្រុមជំនុំនេះនៃអ្នករើសតាំង។ (សូមអាន អេភេសូរ ៥:២៣, ២៤) ពួកគាត់នឹងក្លាយទៅជាផ្នែកមួយនៃរាជាណាចក្ររបស់មេស្ស៊ី។ (លូក. ១២:៣២) គ្រិស្តសាសនិក១៤៤.០០០នាក់ទាំងនេះដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ«ដើរតាមកូនចៀមជាប់ ទោះជាលោកទៅកន្លែងណាក៏ដោយ»។ (បប. ១៤:១-៤) ពួកគាត់ទៅជា«ភរិយារបស់កូនចៀម» ហើយនៅជាមួយលោកនៅស្ថានសួគ៌។—បប. ២១:៩; យ៉ូន. ១៤:២, ៣
៦. ហេតុអ្វីអ្នករើសតាំងបានត្រូវហៅថាជា«បុត្រីនៃស្តេច» ហើយហេតុអ្វីពួកគាត់បានត្រូវសុំឲ្យ«ភ្លេចសាសន៍»របស់ពួកគាត់?
៦ អនាគតកូនក្រមុំនេះមិនគ្រាន់តែបានត្រូវនិយាយទៅកាន់ថា«កូនស្រីអើយ»ប៉ុណ្ណោះទេ ប៉ុន្តែក៏បានត្រូវហៅថាជា«បុត្រីនៃស្តេច»ដែរ។ (ទំនុក. ៤៥:១៣) តើ«ស្តេច»នេះជាអ្នកណា? គ្រិស្តសាសនិកដែលបានត្រូវរើសតាំងបានត្រូវទទួលជា«កូន»របស់ព្រះយេហូវ៉ា។ (រ៉ូម ៨:១៥-១៧) ដោយសារពួកគាត់នឹងក្លាយជាកូនក្រមុំនៅស្ថានសួគ៌ អ្នករើសតាំងបានត្រូវបង្គាប់ឲ្យ«ភ្លេចសាសន៍ឯង នឹងផ្ទះឪពុក[បង្កើត]ឯងទៅ»។ ពួកគាត់ត្រូវ«ផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ មិនមែនទៅលើអ្វីនៅផែនដីឡើយ»។—កូឡ. ៣:១-៤
៧. (ក) តើគ្រិស្តរៀបចំអនាគតកូនក្រមុំយ៉ាងដូចម្ដេច? (ខ) តើកូនក្រមុំមានទស្សនៈយ៉ាងណាចំពោះអនាគតកូនកំលោះ?
៧ អស់ជាច្រើនសតវត្សរ៍ គ្រិស្តរៀបចំអនាគតកូនក្រមុំសម្រាប់ពិធីមង្គលការនៅស្ថានសួគ៌។ សាវ័កប៉ូលបានពន្យល់ថាគ្រិស្ត«បានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ ដើម្បីលោកអាចញែកក្រុមជំនុំជាបរិសុទ្ធ ធ្វើឲ្យស្អាតដោយសម្អាតជាមួយនឹងទឹកដែលជាបណ្ដាំរបស់ព្រះ ដើម្បីលោកអាចនាំក្រុមជំនុំមកនៅចំពោះមុខលោក ដោយមានភាពរុងរឿង ឥតមានប្រឡាក់ ជ្រួញ ឬលក្ខណៈឯទៀតបែបនោះឡើយ តែដើម្បីឲ្យបានបរិសុទ្ធ ឥតសៅហ្មងវិញ»។ (អេភ. ៥:២៥-២៧) ប៉ូលបានប្រាប់គ្រិស្តសាសនិកនៅក្រុងកូរិនថូសសម័យបុរាណ ដែលព្រះបានរើសតាំងថា៖ «ខ្ញុំចង់ហួងហែងអ្នករាល់គ្នា ដូចព្រះចង់ហួងហែងអ្នករាល់គ្នាដែរ ដោយសារខ្ញុំបានទុកដាក់អ្នករាល់គ្នាឲ្យមានប្ដីតែមួយ គឺគ្រិស្ត ហើយខ្ញុំចង់ប្រគល់អ្នករាល់គ្នាក្នុងភាពជាក្រមុំបរិសុទ្ធទៅលោក»។ (២កូ. ១១:២) ដោយសារការគោរពប្រណិប័តន៍របស់កូនក្រមុំគឺស្អាតស្អំ ហើយគាប់ចិត្តព្រះ នោះលោកយេស៊ូគ្រិស្តដែលជាស្តេចចាត់ទុកនាងថាមានលម្អ។ កូនក្រមុំទទួលស្គាល់លោកថាជា«ចៅហ្វាយ» ហើយ«កោតខ្លាច»លោក ជាអនាគតស្វាមី។
‹គេនឹងនាំកូនក្រមុំមក›ឯស្តេច
៨. ហេតុអ្វីគឺសមត្រឹមត្រូវដែលកូនក្រមុំបានត្រូវរៀបរាប់ថា«មានសេចក្ដីរុងរឿង»?
៨ សូមអាន ទំនុកតម្កើង ៤៥:១៣, ១៤ក។ កូនក្រមុំ«បានតុបតែងខ្លួនដើម្បីស្វាមីរបស់នាង» ហើយ«មានសេចក្ដីរុងរឿង»សម្រាប់ពិធីមង្គលការជាមួយនឹងស្តេច។ នៅសៀវភៅការបើកបង្ហាញ ២១:២ កូនក្រមុំគឺប្រៀបបាននឹងក្រុងមួយ ពោលគឺក្រុងយេរូសាឡិមថ្មី។ ក្រុងនៅស្ថានសួគ៌នេះ«ប្រកបដោយសិរីរុងរឿងរបស់ព្រះ» ហើយមានរស្មី«ដូចត្បូងល្អវិសេស ដូចត្បូងយ៉ាស្បាដែលភ្លឺថ្លាដូចកែវចរណៃ»។ (បប. ២១:១០, ១១) ភាពរុងរឿងនៃក្រុងយេរូសាឡិមថ្មីបានត្រូវរៀបរាប់យ៉ាងពីរោះនៅក្នុងសៀវភៅការបើកបង្ហាញ។ (បប. ២១:១៨-២១) មិនចម្លែកឡើយដែលអ្នកតែងទំនុកតម្កើងបានរៀបរាប់អំពីកូនក្រមុំថា«មានសេចក្ដីរុងរឿង»! យ៉ាងណាមិញ ពិធីមង្គលការរបស់ស្តេចធ្វើឡើងនៅស្ថានសួគ៌។
៩. តើអ្នកណាជាស្តេចដែលគេនាំកូនក្រមុំមក ហើយតើនាងស្លៀកពាក់បែបណា?
៩ កូនក្រមុំបានត្រូវនាំទៅកូនកំលោះដែលជាស្តេចនិងជាមេស្ស៊ី។ លោកកំពុងរៀបចំនាងដោយ‹ធ្វើឲ្យនាងស្អាតដោយសម្អាតជាមួយនឹងទឹកដែលជាបណ្ដាំរបស់ព្រះ›។ នាង«បរិសុទ្ធ ឥតសៅហ្មង»។ (អេភ. ៥:២៦, ២៧) កូនក្រមុំក៏ត្រូវស្លៀកពាក់សមនឹងឱកាសនោះដែរ។ នាងបានធ្វើដូច្នេះមែន! សម្លៀកបំពាក់«របស់នាងចំរុះដោយមាស» ហើយ«គេនឹងនាំនាងមក»ឯស្តេច «ប្រដាប់ដោយព្រះភូសាប៉ាក់»ឬតាក់តែងខ្លួនដោយសម្លៀកបំពាក់ប៉ាក់។ សម្រាប់ពិធីមង្គលការរបស់កូនចៀម «នាងបានត្រូវអនុញ្ញាតឲ្យស្លៀកពាក់ក្រណាត់សាច់ល្អដែលស្អាតហើយភ្លឺ ពីព្រោះក្រណាត់សាច់ល្អនោះជាតំណាងការប្រព្រឹត្តដ៏សុចរិតរបស់ពួកអ្នកបរិសុទ្ធ»។—បប. ១៩:៨
‹វេលាសម្រាប់ពិធីមង្គលការបានមកដល់›
១០. តើពិធីមង្គលការរបស់កូនចៀមត្រូវធ្វើឡើងនៅពេលណា?
១០ សូមអាន ការបើកបង្ហាញ ១៩:៧។ តើពិធីមង្គលការរបស់កូនចៀមត្រូវធ្វើឡើងនៅពេលណា? ទោះជាសៀវភៅការបើកបង្ហាញ ១៩:៧ចែងថា៖ «ភរិយារបស់លោកបានរៀបចំខ្លួន»សម្រាប់ពិធីមង្គលការនោះក៏ដោយ ខបន្ទាប់មិនរៀបរាប់អំពីពិធីមង្គលការទេ។ ផ្ទុយទៅវិញ ខនោះរៀបរាប់យ៉ាងច្បាស់អំពីដំណាក់កាលចុងក្រោយនៃគ្រាទុក្ខវេទនាជាខ្លាំង។ (បប. ១៩:១១-២១) តើនេះមានន័យថាពិធីមង្គលការនោះធ្វើឡើងមុនស្តេចដែលជាកូនកំលោះបង្ហើយជ័យជម្នះរបស់លោកឬ? មិនមែនទេ។ ការបើកឲ្យឃើញក្នុងគំនិតនៅសៀវភៅការបើកបង្ហាញមិនបានរៀបរាប់តាមលំដាប់ពេលទេ។ នៅទំនុកទី៤៥ ពិធីមង្គលការរបស់ស្តេចធ្វើឡើងក្រោយពីស្តេច ពោលគឺលោកយេស៊ូគ្រិស្ត ក្រវាត់ដាវរបស់លោក ហើយ«មានជ័យជំនះ»លើសត្រូវរបស់លោក។—ទំនុក. ៤៥:៣, ៤
១១. តើគ្រិស្តនឹងបង្ហើយជ័យជម្នះរបស់លោកតាមលំដាប់ពេលយ៉ាងដូចម្ដេច?
១១ ហេតុនេះ យើងអាចសន្និដ្ឋានថាលំដាប់នៃព្រឹត្ដិការណ៍នានានឹងមានដូចតទៅនេះ៖ ដំបូង ការវិនិច្ឆ័យនឹងត្រូវអនុវត្តទៅលើ«មេស្ត្រីពេស្យា» ពោលគឺបាប៊ីឡូនដ៏ខ្លាំងក្លា ដែលជាសាសនាមិនពិតទាំងអស់។ (បប. ១៧:១, ៥, ១៦, ១៧; ១៩:១, ២) បន្ទាប់មក គ្រិស្តនឹងចេញទៅដើម្បីអនុវត្តការវិនិច្ឆ័យរបស់ព្រះទៅលើផ្នែកផ្សេងទៀតទាំងអស់នៃរបៀបរបបដ៏អាក្រក់របស់សាថាននៅផែនដី ដោយបំផ្លាញផ្នែកទាំងនោះចោលនៅសង្គ្រាមហាម៉ាគេដូន ដែលជា«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ (បប. ១៦:១៤-១៦; ១៩:១៩-២១) នៅទីបំផុត ស្តេចដែលពូកែធ្វើសង្គ្រាមនឹងបង្ហើយជ័យជម្នះរបស់លោកដោយបោះសាថាននិងពួកវិញ្ញាណកំណាចរបស់វាទៅក្នុងទីជ្រៅបំផុត ហើយធ្វើឲ្យពួកវាលែងមានសកម្មភាពដែលមានសភាពដូចជាស្លាប់។—បប. ២០:១-៣
១២, ១៣. (ក) តើពិធីមង្គលការរបស់កូនចៀមនឹងធ្វើឡើងនៅពេលណា? (ខ) នៅស្ថានសួគ៌ តើអ្នកណានឹងអរសប្បាយនឹងពិធីមង្គលការរបស់កូនចៀម?
១២ កាលដែលគ្រិស្តសាសនិកដែលព្រះបានរើសតាំងបានស្លាប់ក្នុងអំឡុងវត្តមានរបស់គ្រិស្ត នោះពួកគាត់បានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។ មួយរយៈពេលក្រោយពីការបំផ្លាញចោលនៃបាប៊ីឡូនដ៏ខ្លាំងក្លា លោកយេស៊ូនឹងប្រមូលសមាជិកទាំងអស់នៃក្រុមកូនក្រមុំដែលមិនទាន់ឡើងទៅស្ថានសួគ៌ឲ្យនៅជាមួយនឹងលោក។ (១ថែ. ៤:១៦, ១៧) ដូច្នេះ មុនសង្គ្រាមហាម៉ាគេដូនផ្ទុះឡើង សមាជិកទាំងអស់នៃ«កូនក្រមុំ»នឹងនៅស្ថានសួគ៌។ ក្រោយសង្គ្រាមនោះ ពិធីមង្គលការរបស់កូនចៀមអាចធ្វើឡើង។ ពិធីមង្គលការនោះពិតជាឱកាសគួរឲ្យសប្បាយរីករាយមែន! សៀវភៅការបើកបង្ហាញ ១៩:៩ចែងថា៖ «អស់អ្នកដែលបានត្រូវអញ្ជើញឲ្យចូលរួមពិសាភោជនាហារនៅពិធីមង្គលការរបស់កូនចៀម មានសុភមង្គល»។ សមាជិកនៃក្រុមកូនក្រមុំទាំង១៤៤.០០០នាក់នឹងពិតជាសប្បាយមែន។ ស្តេចនឹងអរសប្បាយដោយមានអ្នករើសតាំងទាំងអស់នៅជាមួយលោកនៅស្ថានសួគ៌។ (លូក. ២២:១៨, ២៨-៣០) ប៉ុន្តែ មិនត្រឹមតែកូនកំលោះនិងកូនក្រមុំប៉ុណ្ណោះទេដែលអរសប្បាយនឹងពិធីមង្គលការនោះ។
១៣ ដូចបានរៀបរាប់ខាងលើ ក្រុមដ៏ធំនៅស្ថានសួគ៌រួមគ្នាច្រៀងថា៖ «ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង ហើយចូរយើងសរសើរតម្កើងលោក[ព្រះយេហូវ៉ា] ពីព្រោះវេលាសម្រាប់ពិធីមង្គលការរបស់កូនចៀមបានមកដល់ហើយ ឯភរិយារបស់លោកបានរៀបចំខ្លួន»។ (បប. ១៩:៦, ៧) ប៉ុន្តែចុះយ៉ាងណាអ្នកបម្រើព្រះយេហូវ៉ានៅផែនដី? តើពួកគេក៏នឹងចូលរួមអរសប្បាយដែរឬទេ?
«នឹងមានអ្នកនាំគេចូលមក . . . ដោយមានសេចក្ដីរីករាយសប្បាយ»
១៤. ដូចបានរៀបរាប់នៅទំនុកទី៤៥ តើអ្នកណាជា«ពួកព្រហ្មចារីជាភឿន»នៃកូនក្រមុំ?
១៤ សូមអាន ទំនុកតម្កើង ៤៥:១២, ១៤ខ, ១៥។ សាការីដែលជាអ្នកប្រកាសទំនាយបានទាយថានៅគ្រាចុងក្រោយបង្អស់ ដោយចិត្តដឹងគុណ មនុស្សទូទាំងពិភពលោកនឹងបម្រើព្រះយេហូវ៉ាជាមួយនឹងអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌។ គាត់បានសរសេរថា៖ «នៅគ្រានោះមនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា៖ ‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា›»។ (សាក. ៨:២៣) នៅទំនុកតម្កើង ៤៥:១២ «មនុស្ស១០នាក់»ក្នុងន័យធៀបបានត្រូវហៅថាជា«បុត្រីក្រុងទីរ៉ុស»និង«ពួកអ្នកមានក្នុងបណ្ដាជន»។ ពួកគេមកឯអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ដោយមានអំណោយ ដើម្បីទទួលការពេញចិត្តពីពួកអ្នករើសតាំងនិងដើម្បីទទួលជំនួយក្នុងការបម្រើព្រះ។ តាំងពីឆ្នាំ១៩៣៥ មនុស្សរាប់លាននាក់បានឲ្យអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌នាំពួកគេឲ្យ«មកឯសេចក្ដីសុចរិត»។ (ដាន. ១២:៣) «មនុស្ស១០នាក់»ទាំងនេះគឺជាដៃគូដ៏ស្មោះត្រង់នៃអ្នករើសតាំងបានសម្អាតជីវិតរបស់ពួកគេពីការគោរពប្រណិប័តន៍មិនពិតទាំងអស់។ «ពួកព្រហ្មចារីជាភឿន»ទាំងនេះនៃកូនក្រមុំបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយបានបង្ហាញថាពួកគេជារាស្ត្រដ៏ស្មោះត្រង់នៃស្តេចដែលជាកូនកំលោះ។
១៥. តើតាមរបៀបណា«ពួកព្រហ្មចារីជាភឿន»បានសហការជាមួយនឹងពួកអ្នកនៅក្នុងក្រុមកូនក្រមុំដែលនៅផែនដីនៅឡើយ?
១៥ ក្រុមកូនក្រមុំដែលមិនទាន់ឡើងទៅស្ថានសួគ៌មានចិត្តដឹងគុណ«ពួកព្រហ្មចារីជាភឿន»ទាំងនេះដោយសារពួកគេបានជួយយ៉ាងខ្នះខ្នែងក្នុងកិច្ចផ្សព្វផ្សាយ«ដំណឹងល្អនេះអំពីរាជាណាចក្រ»នៅគ្រប់ទីអាស្រ័យនៅផែនដី។ (ម៉ាថ. ២៤:១៤) មិនមានតែ«សកម្មពលនិងកូនក្រមុំនិយាយឥតឈប់ថា៖ ‹មកចុះ!›»ប៉ុណ្ណោះទេ ប៉ុន្តែពួកអ្នកដែលឮក៏និយាយថា៖ «មកចុះ!»ដែរ។ (បប. ២២:១៧) មែនហើយ «ចៀមឯទៀត»បានឮសមាជិកនៃក្រុមកូនក្រមុំដែលបានត្រូវរើសតាំងនិយាយថា«មកចុះ!» ហើយបានចូលរួមជាមួយនឹងកូនក្រមុំដោយនិយាយថា«មកចុះ!»ទៅបណ្ដាជននៅផែនដី។—យ៉ូន. ១០:១៦
១៦. តើព្រះយេហូវ៉ាបានឲ្យចៀមឯទៀតមានឯកសិទ្ធិអ្វី?
១៦ ពួកអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ស្រឡាញ់ចៀមឯទៀត។ ពួកអ្នករើសតាំងសប្បាយដោយដឹងថាព្រះយេហូវ៉ាក៏ឲ្យចៀមឯទៀតមានឯកសិទ្ធិចូលរួមអរសប្បាយនឹងពិធីមង្គលការនោះដែរ។ គម្ពីរបានទាយអំពី«ពួកព្រហ្មចារីជាភឿន»ទាំងនេះថាពួកគេនឹងត្រូវមក«ដោយមានសេចក្ដីរីករាយសប្បាយ»។ មែនហើយ ចៀមឯទៀតដែលសង្ឃឹមថានឹងរស់ជារៀងរហូតនៅផែនដីនឹងចូលរួមក្នុងការអរសប្បាយនៅទូទាំងសកលលោក ពេលពិធីមង្គលការរបស់កូនចៀមធ្វើឡើងនៅស្ថានសួគ៌។ ជាការសមត្រឹមត្រូវដែលសៀវភៅការបើកបង្ហាញរៀបរាប់ថា៖ «មនុស្សមួយក្រុមធំ . . . កំពុងឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម»។ ពួកគេបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះយេហូវ៉ានៅទីធ្លានៃវិហាររបស់ព្រះក្នុងន័យធៀប ដែលនៅផែនដី។—បប. ៧:៩, ១៥
«នឹងបានព្រះរាជបុត្រជំនួសឪពុក»
១៧, ១៨. តើអាពាហ៍ពិពាហ៍របស់កូនចៀមផ្ដល់ផលប្រយោជន៍អ្វី ហើយតើគ្រិស្តនឹងទៅជាឪពុករបស់អ្នកណា ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោក?
១៧ សូមអាន ទំនុកតម្កើង ៤៥:១៦។ «ពួកព្រហ្មចារីជាភឿន»នៃកូនក្រមុំនឹងមានហេតុថែមទៀតដើម្បីអរសប្បាយ ពេលពួកគេឃើញអាពាហ៍ពិពាហ៍នោះផ្ដល់ផលប្រយោជន៍ក្នុងពិភពលោកថ្មី។ លោកយេស៊ូគ្រិស្តដែលជាស្តេចនឹងប្រោស«ឪពុក»ឬពួកបុព្វបុរសរបស់លោកឲ្យរស់ឡើងវិញ។ ដោយសារគ្រិស្តនឹងធ្វើឲ្យពួកបុព្វបុរសមានជីវិតឡើងវិញ នោះពួកបុព្វបុរសទាំងនោះនឹងទៅជា«បុត្រ»របស់លោក។ (យ៉ូន. ៥:២៥-២៩; ហេ. ១១:៣៥) ពីចំណោមពួកអ្នកទាំងនោះ លោកនឹងតែងតាំង«ចៅហ្វាយនៅគ្រប់លើផែនដី»។ គ្រិស្តច្បាស់ជានឹងតែងតាំងអ្នកឯទៀតពីចំណោមពួកអ្នកចាស់ទុំដ៏ស្មោះត្រង់នៅសព្វថ្ងៃនេះឲ្យនាំមុខនៅពិភពលោកថ្មី។—អេ. ៣២:១
១៨ ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត លោកក៏នឹងទៅជាបិតាមួយរូបរបស់អ្នកឯទៀតដែរ។ តើតាមរបៀបណា? ពួកអ្នកដែលបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូនឹងរស់ជារៀងរហូតនៅផែនដី។ (យ៉ូន. ៣:១៦) អាស្រ័យហេតុនេះ លោកទៅជា«ព្រះវរបិតាដ៏គង់នៅអស់កល្ប»របស់ពួកគេ។—អេ. ៩:៦, ៧
មានចិត្តជំរុញឲ្យ«មានសេចក្ដីរឭកនឹកចាំពីឈ្មោះឯង»
១៩, ២០. តើព្រឹត្ដិការណ៍គួរឲ្យរំភើបចិត្តដែលបានរៀបរាប់នៅទំនុកទី៤៥មានឥទ្ធិពលយ៉ាងណាទៅលើគ្រិស្តសាសនិកពិតទាំងអស់សព្វថ្ងៃនេះ?
១៩ សូមអាន ទំនុកតម្កើង ៤៥:១, ១៧។ ពិតមែន ព្រឹត្ដិការណ៍នានាដែលបានកត់ទុកក្នុងទំនុកទី៤៥ជាប់ទាក់ទងនឹងគ្រិស្តសាសនិកទាំងអស់។ ពួកអ្នករើសតាំងដែលនៅផែនដីនៅឡើយមានចិត្តរំភើបដោយមានសេចក្ដីសង្ឃឹមថាមិនយូរទៀតពួកគាត់នឹងរួបរួមជាមួយនឹងកូនកំលោះនិងបងប្អូនរបស់ពួកគាត់នៅស្ថានសួគ៌។ ចៀមឯទៀតមានចិត្តជំរុញឲ្យកាន់តែចុះចូលក្រោមអំណាចស្តេចដ៏រុងរឿងរបស់ពួកគេ ហើយមានចិត្តដឹងគុណចំពោះឯកសិទ្ធិក្នុងការសេពគប់ជាមួយនឹងសមាជិកនៃកូនក្រមុំដែលនៅផែនដីនៅឡើយ។ ក្រោយពិធីមង្គលការរបស់ពួកគាត់ ពរដែលគ្រិស្តនិងកូនក្រមុំនឹងផ្ដល់ឲ្យមនុស្សជាតិទាំងអស់គឺអស្ចារ្យជាងយើងគិតស្មានទៅទៀត។—បប. ៧:១៧; ២១:១-៤
២០ កាលដែលយើងទន្ទឹងរង់ចាំការសម្រេចនៃទំនាយស្តីអំពីស្តេចដែលជាមេស្ស៊ី យើងប្រាកដជាមានចិត្តជំរុញឲ្យប្រកាសផ្សាយនាមរបស់លោក។ សូមឲ្យយើងនៅក្នុងចំណោមពួកអ្នកដែល‹នឹងសរសើរដល់ស្តេចនៅអស់កល្បជានិច្ចរៀងរាបតទៅ›។