ពួកស្មរបន្ទាល់គ្រីស្ទានដែលជាពលរដ្ឋខាងស្ថានសួគ៌
«ឯយើងរាល់គ្នា យើងជាពលរដ្ឋនៅស្ថានសួគ៌»។—ភីលីព ៣:២០, ព.ថ.
១. តើគោលបំណងដ៏អស្ចារ្យអ្វីដែលព្រះយេហូវ៉ាមានសំរាប់ពួកមនុស្សជាតិខ្លះ?
ចំពោះបុគ្គលខ្លះដែលបានកើតមកជាមនុស្សជាតិ នឹងបានសោយរាជ្យជាស្តេចនិងជាសង្ឃនៅស្ថានសួគ៌ ព្រមទាំងគ្រប់គ្រងទៅលើពួកទេវតាទៀតផង។ (កូរិនថូសទី១ ៦:២, ៣; វិវរណៈ ២០:៦) នេះជាសេចក្ដីពិតដ៏អស្ចារ្យមែន! ប៉ុន្តែ នេះជាអ្វីដែលព្រះយេហូវ៉ាបានមានគោលបំណងមក ហើយទ្រង់នឹងសម្រេចការនេះ តាមរយៈព្រះយេស៊ូគ្រីស្ទដែលជារាជបុត្រាតែមួយគត់ដែលកើតផ្ទាល់ពីព្រះ។ ហេតុអ្វីក៏ព្រះដែលជាអ្នកបង្កើតយើងធ្វើយ៉ាងដូច្នេះ? ហើយតើការដឹងអំពីរឿងនេះ គួរតែមានឥទ្ធិពលយ៉ាងណាទៅលើពួកជនគ្រីស្ទាននៅសព្វថ្ងៃនេះ? សូមឲ្យយើងពិនិត្យមើលនូវរបៀបដែលព្រះគម្ពីរឆ្លើយសំនួរទាំងនេះ។
២. តើរបស់ថ្មីអ្វីដែលយ៉ូហាន-បាទីស្ទបានប្រកាសថាព្រះយេស៊ូនឹងធ្វើនោះ ហើយតើរបស់ថ្មីនេះទាក់ទងនឹងអ្វី?
២ នៅពេលដែលយ៉ូហាន-បាទីស្ទ កំពុងតែរៀបចំផ្លូវសំរាប់ព្រះយេស៊ូ គាត់បានប្រកាសថាព្រះយេស៊ូនឹងធ្វើអ្វីមួយថ្មី។ ដំណើររឿងនេះចែងថា៖ «[យ៉ូហាន]ប្រកាសថា៖ ‹ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនគួរនឹងឱនស្រាយខ្សែសុព័ណ៌បាទទ្រង់ផង។ ឯខ្ញុំបានធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែទ្រង់នឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធវិញ›»។ (ម៉ាកុស ១:៧, ៨) មុននឹងពេលនេះ គ្មានអ្នកណាម្នាក់បានជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធឡើយ។ នេះជាការរៀបចំថ្មីដែលទាក់ទងនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយទាក់ទងនឹងគោលបំណងរបស់ព្រះយេហូវ៉ាដែលជិតនឹងសម្ដែងប្រាប់ ក្នុងការរៀបចំមនុស្សសំរាប់ការគ្រប់គ្រងនៅស្ថានសួគ៌។
«កើតជាថ្មី»
៣. តើរបស់ថ្មីអ្វីអំពីព្រះរាជាណាចក្រនៃស្ថានសួគ៌ដែលព្រះយេស៊ូបានពន្យល់ទៅនីកូដេម?
៣ នៅពេលជួបដ៏សម្ងាត់ជាមួយនឹងបុគ្គលដ៏ធំដុំម្នាក់នៃពួកផារីស៊ី ព្រះយេស៊ូបានសម្ដែងប្រាប់ថែមទៀតអំពីគោលបំណងរបស់ព្រះ។ នីកូដេមជាផារីស៊ីបានមកជួបព្រះយេស៊ូនៅពេលយប់ ហើយព្រះយេស៊ូបានមានបន្ទូលទៅគាត់ថា៖ «បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ»។ (យ៉ូហាន ៣:៣) នីកូដេមដែលជាផារីស៊ីម្នាក់ច្បាស់ជាបានសិក្សាបទគម្ពីរភាសាហេព្រើរហើយ បានជាដឹងខ្លះៗអំពីសេចក្ដីពិតដ៏អស្ចារ្យនៃរាជាណាចក្ររបស់ព្រះនោះ។ សៀវភៅដានីយ៉ែលបានទាយថា រាជាណាចក្រនឹងប្រគល់ទៅឲ្យ‹បុគ្គលណាម្នាក់ដូចជាមនុស្សជាតិ›ហើយប្រគល់ឲ្យ«បណ្ដាជនជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត»។ (ដានីយ៉ែល ៧:១៣, ១៤, ២៧) ព្រះរាជាណាចក្រនឹងត្រូវ«បំបាក់បំបែកហើយលេបបំបាត់»រាជាណាចក្រផ្សេងៗទៀត ហើយនឹងស្ដិតនៅជានិរន្តរ៍។ (ដានីយ៉ែល ២:៤៤) នីកូដេមប្រហែលជាគិតថា ទំនាយទាំងនេះនឹងត្រូវបានសម្រេចចំពោះសាសន៍យូដា ប៉ុន្តែព្រះយេស៊ូបានមានបន្ទូលថា ដើម្បីឲ្យបានឃើញព្រះរាជាណាចក្រ បុគ្គលម្នាក់ត្រូវតែកើតជាថ្មីវិញ។ នីកូដេមមិនបានយល់ទេ ដូច្នេះព្រះយេស៊ូបានមានបន្ទូលបន្តថា៖ «បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ»។—យ៉ូហាន ៣:៥
៤. ចំពោះអស់អ្នកដែលកើតពីព្រះវិញ្ញាណបរិសុទ្ធ តើទំនាក់ទំនងរបស់គេជាមួយព្រះយេហូវ៉ានឹងផ្លាស់ប្ដូរយ៉ាងណា?
៤ យ៉ូហាន-បាទីស្ទបាននិយាយអំពីពិធីបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។ ឥឡូវនេះ ព្រះយេស៊ូបានបន្ថែមថា បុគ្គលម្នាក់ត្រូវតែកើតពីព្រះវិញ្ញាណបរិសុទ្ធ ទើបគាត់នឹងចូលទៅក្នុងរាជាណាចក្ររបស់ព្រះបាន។ តាមរយៈកំណើតដ៏អស្ចារ្យនេះ ពួកបុរសនិងស្ត្រីមិនល្អឥតខ្ចោះចូលទៅក្នុងទំនាក់ទំនងដ៏ពិសេសជាមួយព្រះយេហូវ៉ា។ ពួកគេបានក្លាយទៅជាកូនចិញ្ចឹមរបស់ព្រះ។ យើងអានថា៖ «អស់អ្នកណាដែលទទួល[ព្រះយេស៊ូ] គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ»។—យ៉ូហាន ១:១២, ១៣; រ៉ូម ៨:១៥
ជាកូនរបស់ព្រះ
៥. នៅពេលណាដែលពួកសិស្សដែលមានសេចក្ដីស្មោះត្រង់ត្រូវបានជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធជាលើកដំបូង ហើយតើការប្រព្រឹត្តអ្វីនៃព្រះវិញ្ញាណបរិសុទ្ធដែលបានកើតឡើងនៅពេលដំណាលគ្នានោះ?
៥ កាលដែលព្រះយេស៊ូបានមានបន្ទូលទៅនិកូដេម ព្រះយេស៊ូត្រូវបានចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធរួចទៅហើយ សំរាប់ការសោយរាជ្យនៅក្នុងរាជាណាចក្ររបស់ព្រះ ហើយព្រះបានទទួលស្គាល់ជាសាធារណៈនូវព្រះយេស៊ូជារាជបុត្រារបស់ទ្រង់។ (ម៉ាថាយ ៣:១៦, ១៧) ព្រះយេហូវ៉ាបានបង្កើតកូនខាងវិញ្ញាណជាច្រើនទៀតនៅបុណ្យភិន្ដាកុសឆ្នាំ៣៣ស.យ.។ ពួកសិស្សដែលមានចិត្តស្មោះត្រង់បានប្រមូលគ្នាទៅបន្ទប់ខាងលើក្នុងក្រុងយេរូសាឡិម ហើយត្រូវបានជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដដែលគ្នានេះ ពួកគេបានកើតជាថ្មីពីព្រះវិញ្ញាណបរិសុទ្ធទៅជាពួកកូនវិញ្ញាណរបស់ព្រះ។ (កិច្ចការ ២:២-៤; ៣៨; រ៉ូម ៨:១៥) ម្យ៉ាងវិញទៀត ពួកគេត្រូវបានចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីនឹងទទួលមរតកខាងស្ថានសួគ៌នៅអនាគត ហើយនៅដើមដំបូងពួកគេត្រូវបានបិទត្រាដោយព្រះវិញ្ញាណបរិសុទ្ធ ដែលជាការបញ្ជាក់ឲ្យប្រាកដអំពីសេចក្ដីសង្ឃឹមខាងស្ថានសួគ៌នោះ។—កូរិនថូសទី២ ១:២១, ២២
៦. តើគោលបំណងរបស់ព្រះយេហូវ៉ាចំពោះព្រះរាជាណាចក្រសួគ៌ាជាអ្វី ហើយហេតុអ្វីក៏ជាការសមហេតុសមផលដែលមនុស្សត្រូវមានផ្នែកក្នុងរឿងនេះ?
៦ ពួកទាំងនេះជាមនុស្សមិនល្អឥតខ្ចោះដំបូង ដែលព្រះបានជ្រើសរើសឲ្យចូលទៅក្នុងព្រះរាជាណាចក្រ។ ក្រោយពីសេចក្ដីស្លាប់និងដំណើររស់ឡើងវិញរបស់គេ ពួកគេនឹងទៅជាផ្នែកមួយនៃការរៀបចំនៃព្រះរាជាណាចក្រសួគ៌ា ដែលនឹងសោយរាជ្យលើមនុស្សនិងពួកទេវតាទាំងឡាយ។ ព្រះយេហូវ៉ាមានគោលបំណងថា តាមរយៈព្រះរាជាណាចក្រនេះ ព្រះនាមដ៏ឧត្តមរបស់ទ្រង់នឹងបានបរិសុទ្ធ ហើយអធិបតេយ្យភាពរបស់ទ្រង់នឹងឃើញថា គ្មានទោសចំពោះការបង្កើតទាំងអស់ឡើយ។ (ម៉ាថាយ ៦:៩, ១០; យ៉ូហាន ១២:២៨) ជាការគួរឲ្យសមហេតុផលណាស់ ដែលមនុស្សត្រូវមានផ្នែកក្នុងព្រះរាជាណាចក្រនេះ! នៅដើមដំបូងសាតាំងបានប្រើមនុស្ស ក្នុងការប្រកួតប្រឆាំងនឹងអធិបតេយ្យភាពរបស់ព្រះយេហូវ៉ានៅក្នុងសួនច្បារអេដែន ហើយឥឡូវនេះព្រះយេហូវ៉ាចង់ឲ្យមនុស្សមានការទាក់ទងក្នុងការតបឆ្លើយនឹងការប្រកួតប្រឆាំងនោះ។ (លោកុប្បត្តិ ៣:១-៦; យ៉ូហាន ៨:៤៤) សាវ័កពេត្រុសបានសរសេរទៅពួកបុគ្គលចាក់ប្រេងតាំងដែលនឹងសោយរាជ្យក្នុងព្រះរាជាណាចក្រនោះថា៖ «សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្ដីមេត្ដាករុណាដ៏ធំរបស់ទ្រង់ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់រស់ពីស្លាប់ឡើងវិញ ហើយឲ្យយើងបានមរដក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មងហើយមិនដែលស្រពោនឡើយ ជាមរដកដែលបំរុងទុកឲ្យយើងរាល់គ្នានៅស្ថានសួគ៌»។—ពេត្រុសទី១ ១:៣, ៤
៧. តើពួកអ្នកដែលត្រូវជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ មានទំនាក់ទំនងដ៏អស្ចារ្យយ៉ាងណាជាមួយព្រះយេស៊ូ?
៧ ជាកូនចិញ្ចឹមរបស់ព្រះ ពួកជនគ្រីស្ទានដែលត្រូវបានជ្រើសរើសទាំងនេះ ក៏បានទៅជាបងប្អូនរបស់ព្រះយេស៊ូគ្រីស្ទ។ (រ៉ូម ៨:១៦, ១៧; ៩:៤, ២៦; ហេព្រើរ ២:១១) ដោយសារព្រះយេស៊ូបានបង្ហាញថាអង្គទ្រង់ ជាពូជដែលបានសន្យាទៅលោកអ័ប្រាហាំនោះ ដូច្នេះពួកជនគ្រីស្ទានដែលចាក់ប្រេងតាំងដោយព្រះវិញ្ញាណទាំងនោះ គឺជាគូកន ឬជាអ្នកជំនួយ ជាផ្នែកនៃពូជនោះ ដែលនឹងផ្ដល់ប្រសិទ្ធិពរទៅលើពួកមនុស្សណាដែលមានជំនឿ។ (លោកុប្បត្តិ ២២:១៧, ១៨; កាឡាទី ៣:១៦, ២៦, ២៩) តើមានប្រសិទ្ធិពរអ្វីទៅ? នេះគឺជាឱកាសនៃការលោះពីអំពើបាប ការចុះសម្រុងដល់ព្រះ និងការបំរើទ្រង់នៅពេលឥឡូវនេះ ហើយជាអនន្តទៅ។ (ម៉ាថាយ ៤:២៣; ២០:២៨; យ៉ូហាន ៣:១៦, ៣៦; យ៉ូហានទី១ ២:១, ២) ពួកជនគ្រីស្ទានចាក់ប្រេងតាំងនៅលើផែនដីទាំងនេះ បង្ហាញប្រាប់ពួកមនុស្សដែលមានចិត្តស្មោះអំពីប្រសិទ្ធិពរនេះ ដោយធ្វើបន្ទាល់ពីបងប្រុសខាងវិញ្ញាណរបស់គេ គឺព្រះយេស៊ូគ្រីស្ទ ហើយអំពីព្រះវរបិតារបស់គេគឺព្រះយេហូវ៉ា។—កិច្ចការ ១:៨; ហេព្រើរ ១៣:១៥
៨. តើអ្វីជា«ការលេចមក»នៃពួកកូនប្រុសដែលបានកើតពីព្រះវិញ្ញាណរបស់ព្រះនោះ?
៨ ព្រះគម្ពីរចែងប្រាប់អំពី«ការលេចមក»នៃពួកកូនប្រុសដែលបានកើតពីព្រះវិញ្ញាណរបស់ព្រះ។ (រ៉ូម ៨:១៩) ដោយចូលទៅក្នុងព្រះរាជាណាចក្រដើម្បីនឹងសោយរាជ្យជាមួយព្រះយេស៊ូ ពួកគេក៏ចូលរួមក្នុងការកំទេចប្រព័ន្ធនៃលោកីយ៍របស់សាតាំងនេះដែរ។ ក្រោយមក ក្នុងរយៈមួយពាន់ឆ្នាំ ពួកគេនឹងបញ្ជូននូវផលប្រយោជន៍នៃយញ្ញបូជាលោះដល់មនុស្សលោក ហើយនេះនឹងលើកមនុស្សជាតិឲ្យបានទៅជាល្អឥតខ្ចោះ ដែលអ័ដាមបានបាត់បង់នោះ។ (ថែស្សាឡូនីចទី២ ១:៨-១០; វិវរណៈ ២:២៦, ២៧; ២០:៦; ២២:១, ២) ការលេចមករបស់គេ គឺរួមបញ្ចូលទាំងកត្ដាដែលបានរៀបរាប់នៅខាងលើនេះ។ នេះហើយជាអ្វីដែលពួកមនុស្សមានជំនឿកំពុងតែរង់ចាំយ៉ាងខ្លាំងនោះ។
៩. តើតាមរបៀបណាដែលព្រះគម្ពីរសម្ដែងប្រាប់គណៈជនគ្រីស្ទានចាក់ប្រេងតាំងនៅពេញពិភពលោក?
៩ គណៈជនគ្រីស្ទានចាក់ប្រេងតាំងនៅពាសពេញពិភពលោក ជា«ជំនុំពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌»។ (ហេព្រើរ ១២:២៣) ពួកគេជាពួកដែលនឹងទទួលប្រយោជន៍ពីយញ្ញបូជាលោះរបស់ព្រះយេស៊ូមុនគេបង្អស់។ ពួកគេក៏ជា«រូបកាយនៃព្រះគ្រីស្ទ» ដែលបង្ហាញនូវទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់គេនឹងគ្នាទៅវិញទៅមក ហើយនិងជាមួយព្រះយេស៊ូ។ (កូរិនថូសទី១ ១២:២៧) ប៉ុលបានសរសេរថា៖ «ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះព្រះគ្រីស្ទក៏ដូច្នោះដែរ ដ្បិតយើងទាំងអស់គ្នា ទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបំរើ ឬអ្នកជាក្ដី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ»។—កូរិនថូសទី១ ១២:១២, ១៣; រ៉ូម ១២:៥; អេភេសូរ ១:២២, ២៣; ៣:៦
«សាសន៍អ៊ីស្រាអែលនៃព្រះ»
១០, ១១. នៅក្នុងសតវត្សទីមួយ ហេតុអ្វីក៏ត្រូវការពួកអ៊ីស្រាអែលថ្មី តើអ្នកណាដែលនឹងរួបរួមទៅជាសាសន៍ថ្មីនេះ?
១០ ជាង១៥០០ឆ្នាំមុននឹងព្រះយេស៊ូយាងមកជាព្រះមេស្ស៊ីដែលបានសន្យាមកនោះ សាសន៍អ៊ីស្រាអែលជាប្រជារាស្ត្រដ៏ពិសេសរបស់ព្រះយេហូវ៉ា។ ថ្វីបើបានរំឭកយ៉ាងញឹកញាប់ក្ដី សាសន៍អ៊ីស្រាអែលទាំងមូលមិនមានសេចក្ដីស្មោះត្រង់ទេ។ នៅពេលដែលព្រះយេស៊ូបានលេចមកនោះ សាសន៍នេះបានបដិសេធទ្រង់ចោល។ (យ៉ូហាន ១:១១) ដូច្នេះ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកមេដឹកនាំសាសនាយូដាថា៖ «នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ»។ (ម៉ាថាយ ២១:៤៣) ការទទួលស្គាល់«សាសន៍បង្កើតផលរបស់នគរ»គឺសំខាន់ណាស់ចំពោះសេចក្ដីសង្គ្រោះ។
១១ សាសន៍ថ្មីនេះជាក្រុមជំនុំជនគ្រីស្ទានចាក់ប្រេងតាំង ដែលបានកើតមកនៅបុណ្យភិន្ដាកុសឆ្នាំ៣៣ស.យ.។ សមាជិកដំបូងនៃសាសន៍ថ្មីនេះ គឺជាពួកសិស្សយូដារបស់ព្រះយេស៊ូដែលបានទទួលយកទ្រង់ជាស្តេចសួគ៌ារបស់គេ។ (កិច្ចការ ២:៥, ៣២-៣៦) ប៉ុន្តែ ពួកគេជាសមាជិកនៃសាសន៍ថ្មីរបស់ព្រះ មិនមែនដោយសារតែពួកគេជាកូនចៅនៃសាសន៍យូដាទេ តែដោយសារពួកគេមានជំនឿនឹងព្រះយេស៊ូ។ ដូច្នេះ សាសន៍អ៊ីស្រាអែលថ្មីរបស់ព្រះនេះជាអ្វីមួយដ៏អស្ចារ្យ—ជាសាសន៍អ៊ីស្រាអែលខាងវិញ្ញាណ។ ការអញ្ជើញឲ្យបានជាផ្នែកមួយនៃសាសន៍ថ្មីនេះ បានប្រគល់ទៅឲ្យពួកសាម៉ារី ហើយរួចមកដល់ពួកសាសន៍ដទៃទៀត នៅពេលដែលពួកសាសន៍យូដាភាគច្រើនបានបដិសេធចោលព្រះយេស៊ូនោះ។ សាសន៍ថ្មីនេះត្រូវបានហៅជា«សាសន៍អ៊ីស្រាអែលនៃព្រះ»។—កាឡាទី ៦:១៦
១២, ១៣. តើតាមរបៀបណាដែលបានឃើញច្បាស់ថា សាសន៍អ៊ីស្រាអែលថ្មីនេះមិនមែនគ្រាន់តែជានិកាយនៃពួកយូដានោះ?
១២ នៅសាសន៍អ៊ីស្រាអែលពីសម័យបុរាណនៅពេលដែលពួកសាសន៍ដទៃ បានក្លាយចូលសាសនាយូដា ពួកគេត្រូវតែចុះចូលនឹងច្បាប់ម៉ូសេ ហើយជានិមិត្តរូប ពួកប្រុសៗត្រូវតែកាត់ស្បែក។ (និក្ខមនំ ១២:៤៨, ៤៩) ជនគ្រីស្ទានយូដាខ្លះបានមានអារម្មណ៍ថា ពួកសាសន៍អ៊ីស្រាអែលនៃព្រះដែលមិនមែនជាសាសន៍យូដាក៏ត្រូវតែធ្វើដូច្នេះដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះទ័យផ្សេងពីនេះ។ ព្រះវិញ្ញាណបរិសុទ្ធបាននាំសាវ័កពេត្រុសឲ្យទៅផ្ទះសាសន៍ដទៃម្នាក់ឈ្មោះ កូនាលាស។ នៅពេលដែលកូនាលាសនិងគ្រួសាររបស់គាត់បានប្រព្រឹត្តតាមការផ្សាយរបស់ពេត្រុស ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ—គឺមុននឹងពួកគេត្រូវជ្រមុជទឹកទៅទៀត។ នេះបង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាបានយល់ព្រមទទួលយកពួកសាសន៍ដទៃទាំងនេះជាសមាជិកនៃសាសន៍អ៊ីស្រាអែលនៃព្រះ ដោយមិនត្រូវការឲ្យពួកគេចុះចូលនឹងច្បាប់ម៉ូសេទេ។—កិច្ចការ ១០:២១-៤៨
១៣ ពួកអ្នកជឿខ្លះមានការពិបាកនឹងយល់ស្របណាស់។ ហើយមិនយូរប៉ុន្មានក្រោយមក ពួកសាវ័កនិងពួកចាស់ទុំនៅក្នុងក្រុងយេរូសាឡិម បានពិគ្រោះគ្នាអំពីរឿងទាំងនេះ។ គណៈអាជ្ញាព្រឹត្តនោះបានស្ដាប់នូវសាក្ខីភាពដែលបានរៀបរាប់មក នូវរបៀបដែលព្រះវិញ្ញាណបរិសុទ្ធមានសកម្មភាពទៅលើពួកជឿដែលមិនមែនជាសាសន៍យូដា។ ការស្រាវជ្រាវខាងព្រះគម្ពីរបានបង្ហាញថា នេះជាការបំពេញនៃទំនាយដែលព្រះបានបណ្ដាលឲ្យចែងមក។ (អេសាយ ៥៥:៥; អេម៉ុស ៩:១១, ១២) សេចក្ដីសម្រេចចិត្តត្រឹមត្រូវបានធ្វើឡើងគឺ៖ ពួកជនគ្រីស្ទានដែលមិនមែនជាពួកសាសន៍យូដា គឺមិនចាំបាច់ចុះចូលនឹងច្បាប់ម៉ូសេទេ។ (កិច្ចការ ១៥:១, ៦-២៩) ដូច្នេះ សាសន៍អ៊ីស្រាអែលខាងវិញ្ញាណ គឺពិតជាសាសន៍ថ្មីមួយ ហើយមិនមែនជានិកាយនៃសាសន៍យូដាឡើយ។
១៤. តើបានបញ្ជាក់ប្រាប់អំពីអ្វី ដែលយ៉ាកុបបានហៅក្រុមជំនុំជនគ្រីស្ទានជា«ពូជអំបូរទាំង១២ដែលត្រូវខ្ចាត់ខ្ចាយ»នោះ?
១៤ ក្នុងការចុះសម្រុងគ្នានឹងរឿងនេះ យ៉ាកុបបានសរសេរទៅពួកជនគ្រីស្ទាននៃសតវត្សទីមួយ ដោយសំដៅទៅ«ដល់ពូជអំបូរទាំង១២ដែលត្រូវខ្ចាត់ខ្ចាយ»។ (យ៉ាកុប ១:១; វិវរណៈ ៧:៣-៨) ពិតហើយ ប្រជារាស្ត្រនៃអ៊ីស្រាអែលថ្មីមិនបានចាត់ឲ្យទៅកុលសម្ព័ន្ធណាមួយទេ។ កុលសម្ព័ន្ធទាំង១២នៅក្នុងសាសន៍អ៊ីស្រាអែលខាងវិញ្ញាណគឺមិនមានការបែងចែង ដូចពួកសាសន៍អ៊ីស្រាអែលខាងសាច់ឈាមនោះឡើយ។ ប៉ុន្តែ ពាក្យរបស់យ៉ាកុបដែលព្រះបណ្ដាលឲ្យសរសេរមកនោះ បញ្ជាក់ឲ្យឃើញថា ក្នុងទស្សនៈរបស់ព្រះយេហូវ៉ា សាសន៍អ៊ីស្រាអែលនៃព្រះបានជំនួសកុលសម្ព័ន្ធ១២នៃសាសន៍អ៊ីស្រាអែលខាងសាច់ឈាមទាំងអស់។ បើសិនជាជនជាតិអ៊ីស្រាអែលបានទៅជាផ្នែកនៃសាសន៍ថ្មីនេះ ដើមកំណើតខាងសាច់ឈាមរបស់គាត់—ទោះបីគាត់ជាកុលសម្ព័ន្ធយូដាឬលេវីក្ដី—គឺមិនមានសារៈសំខាន់សោះឡើយ។—កាឡាទី ៣:២៨; ភីលីព ៣:៥, ៦
កិច្ចព្រមព្រៀងថ្មី
១៥, ១៦. (ក) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណា ចំពោះពួកសមាជិកនៃសាសន៍អ៊ីស្រាអែលថ្មីនៃព្រះដែលមិនមែនមកពីសាសន៍អ៊ីស្រាអែល? (ខ) តើពួកអ៊ីស្រាអែលថ្មីត្រូវបានស្ថាបនាឡើងដោយមានមូលដ្ឋានដ៏ពេញច្បាប់យ៉ាងណា?
១៥ ក្នុងទស្សនៈរបស់ព្រះយេហូវ៉ា ពួកសមាជិកនៃសាសន៍ថ្មីដែលមិនមែនជាសាសន៍អ៊ីស្រាអែល គឺជាសាសន៍យូដាខាងវិញ្ញាណដ៏ពេញទី! សាវ័កប៉ុលបានពន្យល់ថា៖ «ឯដំណើរដែលហៅថាសាសន៍យូដា នោះមិនមែនចំពោះតែអ្នកណាដែលមានទីសំគាល់ខាងក្រៅប៉ុណ្ណោះទេ ហើយការកាត់ស្បែកសោត ក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែរ រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្ដីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ»។ (រ៉ូម ២:២៨, ២៩) ពួកមនុស្សសាសន៍ដទៃជាច្រើនបានប្រព្រឹត្តតាមការអញ្ជើញឲ្យទៅជាផ្នែកនៃសាសន៍អ៊ីស្រាអែលនៃព្រះ ហើយការកើតឡើងនេះបានបំពេញទំនាយរបស់ព្រះគម្ពីរ។ ជាឧទាហរណ៍ ព្យាការីហូសេបានសរសេរថា៖ «អញនឹងអាណិតមេត្ដាដល់នាងដែលមិនបានសម្ដែងសេចក្ដីមេត្ដា ហើយនឹងនិយាយដល់ពួកដែលមិនប្រជារាស្ត្ររបស់អញថា៖ ‹ឯងជារាស្ត្ររបស់អញ› នោះគេនឹងឆ្លើយតបថា៖ ‹ទ្រង់ជាព្រះនៃយើងខ្ញុំ›»។—ហូសេ ២:២៣; ព.ថ. រ៉ូម ១១:២៥, ២៦
១៦ បើសិនជាពួកអ៊ីស្រាអែលខាងវិញ្ញាណមិននៅក្រោមកិច្ចព្រមព្រៀងខាងក្រិត្យវិន័យម៉ូសេទេ តើទៅលើទីសំអាងអ្វីដែលពួកគេជាផ្នែកនៃសាសន៍ថ្មីនេះ? ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងថ្មីតាមរយៈព្រះយេស៊ូជាមួយនឹងសាសន៍ខាងវិញ្ញាណនេះ។ (ហេព្រើរ ៩:១៥) នៅពេលដែលព្រះយេស៊ូបានផ្ដើមការធ្វើពិធីបុណ្យរំឭកមរណភាពរបស់ទ្រង់ នៅខែចេត្រទី១៤ ឆ្នាំ៣៣ស.យ.នោះ ទ្រង់បានហុចនំប៉័ងនិងស្រាទៅពួកសាវ័ក១១នាក់ដ៏ស្មោះត្រង់របស់ទ្រង់ ហើយមានបន្ទូលថាស្រាតំណាង‹ឈាមនៃកិច្ចព្រមព្រៀង›។ (ម៉ាថាយ ២៦:២៨; យេរេមា ៣១:៣១-៣៤) ដូចបានរៀបរាប់មកនៅក្នុងដំណើររឿងរបស់លូកា ព្រះយេស៊ូបានមានបន្ទូលថា ពែងនៃស្រាគឺតំណាង‹កិច្ចព្រមព្រៀងថ្មី›។ (លូកា ២២:២០) ក្នុងការសម្រេចពាក្យបន្ទូលរបស់ព្រះយេស៊ូ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានចាក់មកនៅបុណ្យភិន្ដាកុស ហើយពួកសាសន៍អ៊ីស្រាអែលនៃព្រះក៏បានប្រសូតមក។ ព្រះរាជាណាចក្រត្រូវបានយកចេញពីពួកអ៊ីស្រាអែលខាងសាច់ឈាម ហើយបានប្រគល់ទៅឲ្យសាសន៍អ៊ីស្រាអែលខាងវិញ្ញាណថ្មីនេះ។ ឥឡូវនេះសាសន៍ថ្មីនេះជាអ្នកបំរើរបស់ព្រះយេហូវ៉ា ជាស្មរបន្ទាល់របស់ទ្រង់ មិនមែនពួកអ៊ីស្រាអែលខាងសាច់ឈាមទេ។—អេសាយ ៤៣:១០, ១១
«យេរូសាឡិមថ្មី»
១៧, ១៨. តើការរៀបរាប់អ្វីដែលបានផ្ដល់មកនៅក្នុងសៀវភៅវិវរណៈ នៃសេចក្ដីដ៏រុងរឿងដែលពួកជនគ្រីស្ទានចាក់ប្រេងតាំងកំពុងតែរង់ចាំនោះ?
១៧ ចំពោះពួកអ្នកដែលមានឯកសិទ្ធិទៅរស់នៅស្ថានសួគ៌ គឺមានសេចក្ដីដ៏រុងរឿងកំពុងតែរង់ចាំពួកគេ! ហើយក៏ជាការរីករាយដែរ ក្នុងការរៀនដឹងអំពីការអស្ចារ្យដែលកំពុងតែរង់ចាំពួកគេ! សៀវភៅវិវរណៈផ្ដល់ឲ្យយើងឃើញខ្លះៗនៃមរតកសួគ៌ារបស់គេ។ ជាឧទាហរណ៍ នៅវិវរណៈ ៤:៤ យើងអានថា៖ «នៅព័ទ្ធជុំវិញបល្ល័ង្ក[នៃព្រះយេហូវ៉ា]នោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល»។ ពួកអ្នកចាស់ទុំ២៤នាក់ទាំងនេះ គឺជាជនគ្រីស្ទានចាក់ប្រេងតាំងដែលបានប្រោសឲ្យរស់ឡើងវិញ ហើយឥឡូវនេះកំពុងតែនៅឯទីស្ថានសួគ៌ ដែលព្រះយេហូវ៉ាបានសន្យាមកចំពោះពួកគេ។ មកុដនិងបល្ល័ង្ករបស់គេរំឭកយើងអំពីភាពជាប់ពូជស្តេច។ ហើយចូរគិតមើលចុះ អំពីសិទ្ធិដ៏ខ្ពង់ខ្ពស់របស់គេនៃការបំរើនៅជុំវិញបល្ល័ង្ករបស់ព្រះយេហូវ៉ា!
១៨ នៅវិវរណៈ ១៤:១ យើងឃើញមួយភ្លែតទៀតអំពីពួកគេ៖ «ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ដែលមានព្រះនាមទ្រង់ នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ»។ នៅទីនេះយើងឃើញចំនួនកំណត់នៃពួកអ្នកចាក់ប្រេងតាំង—គឺ១៤៤.០០០នាក់។ ឋានៈជាស្តេចរបស់គេត្រូវបានយល់ឃើញ ដោយសារពួកគេឈរជាមួយស្តេចរបស់ព្រះយេហូវ៉ា គឺ«កូនចៀម» ព្រះយេស៊ូ។ ហើយពួកគេនៅលើភ្នំស៊ីយ៉ូនសួគ៌ា។ ភ្នំស៊ីយ៉ូនខាងផែនដី គឺធ្លាប់មាននៅទីក្រុងយេរូសាឡិម ដែលជាទីក្រុងស្តេចរបស់សាសន៍អ៊ីស្រាអែល។ ភ្នំស៊ីយ៉ូនសួគ៌ាគឺតំណាងអំពីឋានៈដ៏ថ្កុំថ្កើងរបស់ព្រះយេស៊ូ និងពួកសោយរាជ្យជាមួយទ្រង់ ដែលរួបរួមគ្នាធ្វើជាក្រុងយេរូសាឡិមនៃស្ថានសួគ៌ ដែលជាព្រះរាជាណាចក្រនោះ។—របាក្សត្រទី២ ៥:២; ទំនុកដំកើង ២:៦
១៩, ២០. (ក) តើពួកជនគ្រីស្ទានចាក់ប្រេងតាំងនឹងមានផ្នែកយ៉ាងណាក្នុងអង្គការខាងស្ថានសួគ៌? (ខ) ក្នុងកំឡុងពេលណាដែលព្រះយេហូវ៉ាបានជ្រើសរើសពួកអ្នកដែលជាប្រជាពលរដ្ឋនៅក្នុងស្ថានសួគ៌នោះ?
១៩ ក្នុងការស្របជាមួយរឿងនេះ ពួកចាក់ប្រេងតាំងនៅក្នុងសិរីល្អក្នុងស្ថានសួគ៌ ក៏ត្រូវបានហៅថាជា«យេរូសាឡិមថ្មី»ដែរ។ (វិវរណៈ ២១:២) យេរូសាឡិមនៅផែនដីជា«ក្រុងនៃស្តេចធំ» ហើយក៏ជាកន្លែងនៃព្រះវិហារដែរ។ (ម៉ាថាយ ៥:៣៥) យេរូសាឡិមខាងស្ថានសួគ៌ថ្មីនេះ ជាអង្គការព្រះរាជាណាចក្រតាមរយៈព្រះមហាក្សត្រ ព្រះយេហូវ៉ា ហើយនិងព្រះយេស៊ូ ដែលឥឡូវនេះកំពុងតែសោយរាជ្យ ហើយកំពុងតែប្រព្រឹត្តកិច្ចបំរើជាប្រសិទ្ធិពរដ៏បរិបូរ ហូរចេញពីបល្ល័ង្ករបស់ព្រះយេហូវ៉ា សំរាប់ការប្រោសមនុស្សជាតិ។ (វិវរណៈ ២១:១០, ១១; ២២:១-៥) នៅក្នុងចក្ខុនិមិត្តមួយទៀត យ៉ូហានបានឮពួកជនគ្រីស្ទានចាក់ប្រេងតាំងដ៏ស្មោះត្រង់ទាំងឡាយ ដែលបានប្រោសឲ្យរស់ឡើងវិញ ត្រូវបានហៅថាជា‹ប្រពន្ធរបស់កូនចៀម›។ នេះជាការពន្យល់ដែលគួរឲ្យកក់ក្ដៅណាស់ នៃភាពស្និទ្ធស្នាលដែលពួកគេមានជាមួយនឹងព្រះយេស៊ូ ហើយពីការចុះចូលនឹងទ្រង់នោះ! ចូរគិតអំពីអំណរនៅក្នុងស្ថានសួគ៌ នៅពេលដែលបុគ្គលចុងក្រោយបង្អស់បានទទួលរង្វាន់ខាងស្ថានសួគ៌នោះ។ ឥឡូវនេះនៅទីបំផុត «ពេលរៀបវីវាហមង្គលនៃកូនចៀម»នឹងអាចមានឡើង! នៅពេលនោះអង្គការនៃស្ថានសួគ៌នេះនឹងបានសម្រេចពេញលេញហើយ។—វិវរណៈ ១៩:៦-៨
២០ ត្រូវហើយ ប្រសិទ្ធិពរដ៏អស្ចារ្យគឺទុកសំរាប់អស់អ្នកដែលសាវ័កប៉ុលបាននិយាយថា៖ «ឯយើងរាល់គ្នា យើងជាពលរដ្ឋនៅស្ថានសួគ៌វិញ»។ (ភីលីព ៣:២០, ព.ថ.) ជិតពីរពាន់ឆ្នាំកន្លងទៅហើយ ព្រះយេហូវ៉ាបានជ្រើសរើសកូនចៅខាងវិញ្ញាណ ហើយរៀបចំពួកគេឲ្យបានទទួលមរតកនៅស្ថានសួគ៌។ យោងទៅតាមទីសំអាងជាច្រើន កិច្ចការនៃការជ្រើសរើសនិងការរៀបចំនេះគឺជិតបានសម្រេចហើយ។ ប៉ុន្តែ នៅមានអ្វីជាបន្ទាប់ទៀត ដូចជាបានសម្ដែងប្រាប់យ៉ូហានក្នុងចក្ខុនិមិត្តរបស់គាត់ ដែលបានកត់ទុកមកនៅវិវរណៈជំពូក៧។ ដូច្នេះឥឡូវនេះ មានក្រុមជនគ្រីស្ទានមួយទៀត ដែលយើងត្រូវពិចារណាមើលដែរ ហើយយើងនឹងពិនិត្យអំពីក្រុមនេះនៅក្នុងអត្ថបទជាបន្ទាប់។
តើអ្នកនៅចាំទេ?
◻ តើមានការប្រតិបត្ដិការនៃព្រះវិញ្ញាណបរិសុទ្ធផ្សេងៗគ្នាណាខ្លះ ចំពោះពួកអ្នកដែលមានមរតកសួគ៌ានោះ?
◻ តើពួកចាក់ប្រេងតាំងកំពុងតែមានទំនាក់ទំនងដ៏ស្និទ្ធស្នាលយ៉ាងណា ជាមួយព្រះយេហូវ៉ា? និងជាមួយព្រះយេស៊ូ?
◻ តើតាមរបៀបណាដែលក្រុមជំនុំនៃពួកជនគ្រីស្ទានចាក់ប្រេងតាំងបានរៀបរាប់មកនៅក្នុងព្រះគម្ពីរ?
◻ តើមានមូលដ្ឋានដ៏ពេញច្បាប់យ៉ាងណា ដែលពួកសាសន៍អ៊ីស្រាអែលនៃព្រះត្រូវបានស្ថាបនាឡើងនោះ?
◻ តើសិទ្ធិខាងស្ថានសួគ៌អ្វីដែលពួកជនគ្រីស្ទានចាក់ប្រេងតាំងកំពុងតែរង់ចាំ?
[រូបភាពនៅទំព័រ៨]
ក្នុងកំឡុងជិតពីរពាន់ឆ្នាំមកហើយ ដែលព្រះយេហូវ៉ាបានជ្រើសរើសអស់អ្នកដែលនឹងសោយរាជ្យនៅក្នុងព្រះរាជាណាចក្រសួគ៌ា