សៀវភៅយ៉ូហាន
៣ មានបុរសផារិស៊ីម្នាក់ឈ្មោះនីកូដេម+ គាត់ជាអ្នកគ្រប់គ្រងម្នាក់របស់ជនជាតិយូដា។ ២ គាត់មកជួបលោកយេស៊ូនៅពេលយប់+ ហើយជម្រាបថា៖ «រ៉ាប៊ី*+ យើងដឹងថាលោកជាអ្នកបង្រៀនដែលមកពីព្រះ ព្រោះគ្មានអ្នកណាអាចធ្វើសញ្ញាសម្គាល់ទាំងប៉ុន្មាន+ដែលលោកធ្វើទេ លុះត្រាតែព្រះនៅជាមួយនឹងអ្នកនោះ»។+ ៣ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកការពិតថា អ្នកណាដែលមិនកើតម្ដងទៀត+ អ្នកនោះមិនអាចឃើញរាជាណាចក្ររបស់ព្រះបានឡើយ»។+ ៤ នីកូដេមសួរលោកថា៖ «តើមនុស្សវ័យចាស់ម្នាក់អាចកើតម្ដងទៀតដូចម្ដេចបាន? គាត់មិនអាចចូលក្នុងផ្ទៃម្ដាយម្ដងទៀត ហើយកើតមកបានឡើយ មែនទេ?»។ ៥ លោកយេស៊ូឆ្លើយថា៖ «ខ្ញុំប្រាប់អ្នកការពិតថា គ្មានអ្នកណាអាចចូលក្នុងរាជាណាចក្ររបស់ព្រះបានឡើយ លុះត្រាតែអ្នកនោះកើតពីទឹក+និងពីឫទ្ធានុភាពរបស់ព្រះ។+ ៦ អ្វីដែលកើតពីសាច់ឈាមគឺជាកូនរបស់មនុស្ស ហើយអ្វីដែលកើតពីឫទ្ធានុភាពរបស់ព្រះគឺជាកូនរបស់ព្រះ។ ៧ កុំឲ្យពាក្យដែលខ្ញុំប្រាប់ថាអ្នករាល់គ្នាត្រូវកើតម្ដងទៀត ធ្វើឲ្យអ្នកងឿងឆ្ងល់ឡើយ។ ៨ ខ្យល់បក់ទៅទិសណាក៏បាន ហើយអ្នកឮសូរខ្យល់ តែមិនដឹងថាខ្យល់នោះមកពីណានិងកំពុងបក់ទៅណាទេ។ ម្ល៉ោះហើយ អស់អ្នកដែលកើតពីឫទ្ធានុភាពរបស់ព្រះក៏ដូច្នោះដែរ»។+
៩ នីកូដេមតបទៅលោកថា៖ «តើការទាំងនេះអាចកើតឡើងយ៉ាងដូចម្ដេច?»។ ១០ លោកយេស៊ូតបទៅគាត់ថា៖ «អ្នកជាអ្នកបង្រៀនជនជាតិអ៊ីស្រាអែល តើអ្នកមិនដឹងការទាំងនេះទេឬ? ១១ ខ្ញុំប្រាប់អ្នកការពិតថា យើងនិយាយអំពីអ្វីដែលយើងដឹង ហើយធ្វើជាសាក្សីបញ្ជាក់អំពីអ្វីដែលយើងបានឃើញ។ ប៉ុន្តែ អ្នករាល់គ្នាមិនបានទទួលសក្ខីភាពពីយើងទេ។ ១២ ពេលដែលខ្ញុំប្រាប់អំពីអ្វីដែលទាក់ទងនឹងផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ទម្រាំតែខ្ញុំប្រាប់អំពីអ្វីដែលទាក់ទងនឹងស្ថានសួគ៌ អ្នករាល់គ្នាច្បាស់ជាមិនជឿទេ។ ១៣ ម្យ៉ាងទៀត គ្មានមនុស្សណាម្នាក់ធ្លាប់ឡើងទៅស្ថានសួគ៌ឡើយ+ មានតែលោកដែលបានចុះពីស្ថានសួគ៌ប៉ុណ្ណោះ+ គឺកូនមនុស្ស។ ១៤ ដូចម៉ូសេបានលើកសត្វពស់ឡើងនៅតំបន់ស្ងាត់ជ្រងំ+ នោះកូនមនុស្សក៏នឹងត្រូវលើកឡើងដូច្នោះដែរ+ ១៥ ដើម្បីឲ្យអស់អ្នកដែលជឿលោក អាចមានជីវិតដែលគ្មានទីបញ្ចប់។+
១៦ «ពីព្រោះព្រះស្រឡាញ់ពិភពលោកខ្លាំងដល់ម្ល៉េះ បានជាលោកឲ្យបុត្រតែមួយ*+របស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះ អាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ។+ ១៧ ព្រោះព្រះបានចាត់បុត្ររបស់លោកឲ្យចូលក្នុងពិភពលោក មិនមែនដើម្បីវិនិច្ឆ័យពិភពលោកទេ តែដើម្បីឲ្យពិភពលោកអាចត្រូវសង្គ្រោះតាមរយៈបុត្ររបស់លោក។+ ១៨ អ្នកណាដែលបង្ហាញជំនឿលើបុត្ររបស់លោក អ្នកនោះនឹងមិនត្រូវវិនិច្ឆ័យឡើយ។+ ឯអ្នកណាដែលមិនបង្ហាញជំនឿ អ្នកនោះបានត្រូវវិនិច្ឆ័យរួចហើយ ពីព្រោះអ្នកនោះមិនបានបង្ហាញជំនឿលើនាមនៃបុត្រតែមួយរបស់ព្រះទេ។+ ១៩ នេះជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យ ពោលគឺពន្លឺបានចូលក្នុងពិភពលោក+ តែមនុស្សបានស្រឡាញ់ភាពងងឹតជាជាងពន្លឺនោះ ព្រោះការប្រព្រឹត្តរបស់ពួកគេគឺទុច្ចរិត។ ២០ ពីព្រោះអ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ជាទម្លាប់ អ្នកនោះស្អប់ពន្លឺ ហើយមិនមកឯពន្លឺឡើយ ដើម្បីកុំឲ្យការប្រព្រឹត្តរបស់ខ្លួនត្រូវលាតត្រដាង។ ២១ ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តអំពើសុចរិត អ្នកនោះមកឯពន្លឺ+ ដើម្បីសឲ្យឃើញថាការប្រព្រឹត្តរបស់ខ្លួនគឺសមស្របតាមបំណងប្រាថ្នារបស់ព្រះ»។
២២ ក្រោយពីការទាំងនេះ លោកយេស៊ូនិងពួកអ្នកកាន់តាមបានទៅឯជនបទក្នុងតំបន់យូឌា។ នៅទីនោះ លោកបានចំណាយពេលជាមួយនឹងពួកគាត់ ហើយបណ្ដាជនក៏បានទទួលការជ្រមុជទឹកដែរ។+ ២៣ ចំណែកយ៉ូហានវិញ គាត់កំពុងជ្រមុជទឹកឲ្យគេនៅអ៊ីណនជិតសាលិម ពីព្រោះនៅទីនោះមានទឹកច្រើន+ ហើយមានមនុស្សមកឥតដាច់ ដើម្បីឲ្យគាត់ជ្រមុជទឹកឲ្យ+ ២៤ ព្រោះពេលនោះយ៉ូហានមិនទាន់ត្រូវគេដាក់គុកទេ។+
២៥ នៅពេលមួយ ពួកអ្នកកាន់តាមយ៉ូហានមានជម្លោះជាមួយនឹងជនជាតិយូដាម្នាក់ អំពីរឿងលាងសម្អាតឲ្យបរិសុទ្ធ។ ២៦ ដូច្នេះ ពួកគាត់បានមកឯយ៉ូហាន ហើយប្រាប់គាត់ថា៖ «រ៉ាប៊ី បុរសដែលបាននៅជាមួយនឹងអ្នកឯត្រើយម្ខាងនៃទន្លេយ៉ូដាន់ ដែលអ្នកបានធ្វើជាសាក្សីបញ្ជាក់ឲ្យនោះ+ សូមមើល! គាត់កំពុងជ្រមុជទឹកឲ្យគេ ហើយមនុស្សទាំងអស់កំពុងទៅឯគាត់»។ ២៧ យ៉ូហានតបថា៖ «គ្មានអ្នកណាម្នាក់អាចទទួលអ្វីសោះ លុះត្រាតែអ្នកនោះបានទទួលពីស្ថានសួគ៌។ ២៨ អ្នករាល់គ្នាជាសាក្សីដែលខ្ញុំបាននិយាយថា៖ ‹ខ្ញុំមិនមែនជាគ្រិស្តទេ+ តែខ្ញុំបានត្រូវចាត់ឲ្យមកមុនលោក›។+ ២៩ កូនក្រមុំនៅជាមួយនឹងអ្នកណា អ្នកនោះជាកូនកំលោះហើយ។+ ក៏ប៉ុន្តែ មិត្តភក្ដិរបស់កូនកំលោះត្រេកអរយ៉ាងខ្លាំងនៅពេលដែលឮសំឡេងរបស់កូនកំលោះ។ ដូច្នេះ ខ្ញុំមានអំណរខ្លាំងក្រៃលែង។ ៣០ លោកត្រូវតែចម្រើនឡើងតទៅទៀត តែខ្ញុំត្រូវតែបន្តថយចុះ»។
៣១ លោកដែលមកពីស្ថានលើ+គឺធំជាងអ្នកឯទៀតទាំងអស់។ អ្នកដែលមកពីផែនដី គឺមកពីផែនដី ហើយនិយាយតែអំពីអ្វីដែលទាក់ទងនឹងផែនដី។ លោកដែលមកពីស្ថានសួគ៌គឺធំជាងអ្នកឯទៀតទាំងអស់។+ ៣២ លោកធ្វើការបញ្ជាក់អំពីអ្វីដែលលោកបានឃើញនិងបានឮ+ តែគ្មានមនុស្សណាម្នាក់ព្រមទទួលការបញ្ជាក់របស់លោកឡើយ។+ ៣៣ អ្នកណាដែលបានទទួលការបញ្ជាក់របស់លោក ក៏បានបោះត្រា*ថាព្រះគឺពិតត្រង់មែន។+ ៣៤ ពីព្រោះលោកដែលព្រះបានចាត់ឲ្យមក មានប្រសាសន៍តាមប្រសាសន៍របស់ព្រះ+ ព្រោះព្រះឲ្យឫទ្ធានុភាពរបស់លោកដោយចិត្តទូលាយ។* ៣៥ បិតាដែលនៅស្ថានសួគ៌ស្រឡាញ់បុត្ររបស់លោក+ ហើយបានប្រគល់អ្វីៗទាំងអស់ទៅក្នុងដៃរបស់បុត្រលោក។+ ៣៦ អ្នកណាដែលបង្ហាញជំនឿលើបុត្ររបស់លោក អ្នកនោះនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។+ រីឯអ្នកណាដែលមិនស្ដាប់បង្គាប់បុត្ររបស់លោក អ្នកនោះនឹងមិនទទួលជីវិតឡើយ+ តែកំហឹងរបស់ព្រះនៅជាប់នឹងអ្នកនោះវិញ។+