ដំណើរចាកចេញ
៣៩ ពួកជាងបានយកអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* អំបោះពណ៌ក្រហម+ ត្បាញចូលគ្នាយ៉ាងល្អ ដើម្បីធ្វើសម្លៀកបំពាក់សម្រាប់ប្រើនៅកន្លែងបរិសុទ្ធ។ ពួកគេធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់អេរ៉ុន+ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
២ គាត់*ធ្វើអាវអេផូឌ+ពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម អំបោះល្អដែលវេញចូលគ្នា និងសរសៃមាស។ ៣ ដំបូងពួកជាងដំមាសទៅជាបន្ទះស្តើងៗ រួចគាត់កាត់ទៅជាសរសៃឆ្មារៗដើម្បីយកទៅប៉ាក់លើក្រណាត់ដែលធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងអំបោះល្អដែលវេញចូលគ្នា។ ៤ បន្ទាប់មក ពួកគេយកក្រណាត់ពីរចំណែកមកធ្វើជាស្មាអាវអេផូឌ ដើម្បីភ្ជាប់ផ្ទាំងខាងមុខជាមួយនឹងផ្ទាំងខាងក្រោយ។ ៥ ឯខ្សែក្រវាត់ដែលនៅជាប់នឹងអាវអេផូឌសម្រាប់ចង+ បានត្រូវធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម អំបោះល្អដែលវេញចូលគ្នា និងសរសៃមាស ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៦ បន្ទាប់មក ពួកគេដាំត្បូងអូនីក្សលើគ្រោងមាស ហើយឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលលើត្បូងទាំងនោះ តាមលំនាំនៃការឆ្លាក់ត្រា។+ ៧ រួចគាត់ដាក់ត្បូងទាំងនោះនៅលើស្មាអាវអេផូឌ ជាត្បូងនៃសេចក្ដីរំលឹកសម្រាប់កូនចៅអ៊ីស្រាអែល+ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។ ៨ បន្ទាប់មក គាត់ធ្វើប្រដាប់បាំងទ្រូង+ដូចអាវអេផូឌដែរ ដោយប្រើអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម អំបោះល្អដែលវេញចូលគ្នា និងសរសៃមាស។ គាត់ធ្វើប្រដាប់បាំងទ្រូងនោះ តាមលំនាំអ្នកដេរប៉ាក់។+ ៩ ពេលបត់ប្រដាប់បាំងនោះជាពីរ វាមានរាងបួនជ្រុង គឺបណ្ដោយប្រវែងមួយចំអាម* និងទទឹងប្រវែងមួយចំអាម ១០ ហើយនៅលើប្រដាប់បាំងនោះ ពួកគេដាំត្បូងបួនជួរ។ ជួរទី១ មានត្បូងទទឹម ត្បូងថូផាស និងត្បូងមរកត។ ១១ ជួរទី២ មានត្បូងថឺខយ ត្បូងកណ្ដៀង និងត្បូងយ៉ាស្បា។ ១២ ជួរទី៣ មានត្បូងលេសិម ត្បូងថ្មកែវ និងត្បូងអេម៉ាទេស។ ១៣ ជួរទី៤ មានត្បូងគ្រីសូឡែត ត្បូងអូនីក្ស និងត្បូងហ្គេច។ ពួកគេដាំត្បូងទាំងនោះក្នុងគ្រោងមាស។ ១៤ ត្បូងទាំងនោះមានឈ្មោះកូនប្រុសទាំង១២របស់អ៊ីស្រាអែល ដែលជាឈ្មោះតំណាងកុលសម្ព័ន្ធទាំង១២។ ឈ្មោះនៅលើត្បូងនីមួយៗ ត្រូវឆ្លាក់តាមលំនាំនៃការឆ្លាក់ត្រា។
១៥ បន្ទាប់មក ពួកគេធ្វើខ្សែពីមាសសុទ្ធវេញដូចជាខ្សែពួរភ្ជាប់នឹងប្រដាប់បាំងទ្រូង។+ ១៦ រួចពួកគេធ្វើគ្រោងមាសពីរនិងកងមាសពីរ ហើយដាក់កងមាសពីរនោះនៅគែមខាងលើចុងសងខាងប្រដាប់បាំងទ្រូង។ ១៧ ពួកគេស៊កខ្សែមាសទាំងពីរ ភ្ជាប់នឹងកងមាសដែលនៅគែមសងខាងប្រដាប់បាំងទ្រូងនោះ។ ១៨ រួចមក ពួកគេភ្ជាប់ចុងខ្សែមាសទាំងពីរលើគ្រោងមាសទាំងពីរដែលនៅលើស្មាអាវអេផូឌទាំងសងខាងផ្នែកខាងមុខ។ ១៩ នៅគែមខាងក្រោមសងខាងប្រដាប់បាំងទ្រូង ពួកគេធ្វើកងមាសពីរទៀតដាក់ភ្ជាប់ខាងក្នុងទល់នឹងអាវអេផូឌ។+ ២០ រួចមក ពួកគេធ្វើកងមាសពីរទៀតដាក់នៅខាងមុខអេផូឌ ក្រោមផ្នែកសងខាងស្មា ជិតកន្លែងដែលភ្ជាប់គ្នា ខាងលើខ្សែក្រវាត់អេផូឌ។ ២១ បន្ទាប់មក ពួកគេយកខ្សែធ្វើពីអំបោះពណ៌ខៀវ មកចងកងនៃប្រដាប់បាំងទ្រូងភ្ជាប់នឹងកងនៃអាវអេផូឌ។ យ៉ាងនេះ ប្រដាប់បាំងទ្រូងនឹងមិនរបូតពីអាវអេផូឌ ហើយនៅខាងលើខ្សែក្រវាត់។ ពួកគេបានធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
២២ ក្រោយនោះ គាត់ត្បាញរវៃធ្វើអាវអត់ដៃពីអំបោះពណ៌ខៀវ សម្រាប់ពាក់ពីក្រោមអាវអេផូឌ។+ ២៣ ផ្នែកខាងលើអាវនោះ គាត់កាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាលដូចកអាវទាហាន ហើយគាត់ដេររឹមជុំវិញឲ្យមាំដើម្បីកុំឲ្យរហែក។ ២៤ បន្ទាប់មក ពួកគេវេញធ្វើផ្លែទទឹមពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ និងអំបោះពណ៌ក្រហម សម្រាប់ដាក់នៅជាយអាវអត់ដៃ។ ២៥ រួចពួកគេធ្វើកណ្ដឹងពីមាសសុទ្ធ សម្រាប់ដាក់នៅជាយអាវអត់ដៃជាមួយនឹងផ្លែទទឹម គឺដាក់កណ្ដឹងមាសនៅចន្លោះផ្លែទទឹម។ ២៦ ពួកគេដាក់កណ្ដឹងមួយ ផ្លែទទឹមមួយ គឺដាក់ឆ្លាស់គ្នាជុំវិញជាយអាវអត់ដៃនោះ សម្រាប់ពាក់បំពេញកិច្ចបម្រើពិសិដ្ឋ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
២៧ បន្ថែមទៀត ពួកគេបានធ្វើអាវវែងពីក្រណាត់សាច់ល្អដែលត្បាញដោយអ្នកជំនាញ សម្រាប់អេរ៉ុននិងកូនប្រុសៗរបស់គាត់។+ ២៨ ពួកគេយកក្រណាត់សាច់ល្អធ្វើឈ្នួតក្បាល+សម្រាប់អេរ៉ុន និងមួក+សម្រាប់កូនប្រុសៗគាត់។ ពួកគេក៏យកក្រណាត់ធ្វើពីអំបោះវេញយ៉ាងល្អមកធ្វើខោខ្លី+សម្រាប់ពួកគាត់ដែរ។ ២៩ ពួកគេធ្វើខ្សែក្រវាត់ដែលត្បាញពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងអំបោះល្អដែលវេញចូលគ្នា។ ពួកគេធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៣០ ក្រោយមក ពួកគេធ្វើស្លាកមួយពីមាសសុទ្ធខាត់យ៉ាងភ្លឺ ហើយឆ្លាក់លើស្លាកនោះតាមលំនាំនៃការឆ្លាក់ត្រា។ ស្លាកនោះជាស្លាកសញ្ញាបរិសុទ្ធនៃការប្រគល់ខ្លួនជូនព្រះ ហើយមានសេចក្ដីថា៖ «ភាពបរិសុទ្ធជារបស់ព្រះយេហូវ៉ា»។+ ៣១ រួចពួកគេយកខ្សែធ្វើពីអំបោះពណ៌ខៀវមកចងស្លាកនោះភ្ជាប់ខាងមុខឈ្នួតក្បាល ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៣២ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលបានធ្វើកិច្ចការទាំងអស់សម្រាប់ត្រសាលជំនុំចប់សព្វគ្រប់។ ពួកគេបានធ្វើតាមបង្គាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេ+ គឺពួកគេធ្វើតាមសព្វគ្រប់ទាំងអស់។
៣៣ រួចមក ពួកគេបាននាំយកត្រសាល+ និងឧបករណ៍ទាំងអស់សម្រាប់ត្រសាល+មកឲ្យម៉ូសេ។ អ្វីទាំងនោះមានដូចតទៅ៖ កន្លាស់+ ក្ដារស៊ុម+ រនុក+ សសរ និងជើងសសរ+ ៣៤ ផ្ទាំងស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម+ ផ្ទាំងស្បែកទន់* និងវាំងននសម្រាប់ខណ្ឌ+ ៣៥ ហឹបនៃសេចក្ដីរំលឹក គម្របហឹប+ និងដងឈើស្នែងហឹប+ ៣៦ តុនិងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងតុ+ និងនំប៉័ងតាំងទុក ៣៧ ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង+តម្រៀបជាជួរនៅលើជើងនោះ ប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងចង្កៀង+ និងប្រេងសម្រាប់ដុតបំភ្លឺ+ ៣៨ ទីបូជា+ធ្វើពីមាស ប្រេងសម្រាប់ចាក់តែងតាំង+ គ្រឿងក្រអូប+ និងវាំងននបាំង+មាត់ទ្វារត្រសាល ៣៩ ទីបូជាធ្វើពីស្ពាន់+ ប្រទាសពីស្ពាន់ ដងឈើស្នែង+ទីបូជា ប្រដាប់ប្រដាទាំងអស់សម្រាប់ប្រើប្រាស់+នៅលើទីបូជា អាងទឹកនិងជើងទ្រ+ ៤០ រនាំងជុំវិញទីធ្លា បង្គោលនិងជើងទ្រ+ វាំងននបាំង+ច្រកចូលទីធ្លា ស្នឹងត្រសាល និងខ្សែចង+ ព្រមទាំងប្រដាប់ប្រដាទាំងអស់សម្រាប់ប្រើប្រាស់នៅត្រសាលជំនុំ ៤១ សម្លៀកបំពាក់ធ្វើពីក្រណាត់ត្បាញយ៉ាងល្អសម្រាប់ពាក់បម្រើនៅទីបរិសុទ្ធ ថែមទាំងសម្លៀកបំពាក់បរិសុទ្ធសម្រាប់អេរ៉ុនជាសង្ឃ+ និងសម្លៀកបំពាក់សង្ឃសម្រាប់កូនប្រុសៗរបស់គាត់។
៤២ បណ្ដាជនអ៊ីស្រាអែលបានសម្រេចកិច្ចការទាំងអស់ ស្របតាមបង្គាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេ។+ ៤៣ ពេលម៉ូសេពិនិត្យមើលអ្វីៗគ្រប់យ៉ាងដែលពួកគេបានយកមក គាត់ឃើញថាពួកគេបានធ្វើ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ទាំងអស់ ហើយម៉ូសេបានឲ្យពរពួកគេ។