ច្បាប់លេវី
២៤ ព្រះយេហូវ៉ាបានមានប្រសាសន៍បន្តទៀតទៅកាន់ម៉ូសេថា៖ ២ «ចូរបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យនាំយកប្រេងអូលីវសម្រាំងដ៏ល្អបំផុតមកជូនអ្នក សម្រាប់អុជចង្កៀងឲ្យភ្លឺជានិច្ច+ ៣ គឺចង្កៀងដែលតម្កល់នៅខាងមុខវាំងននបាំងហឹបនៃសេចក្ដីរំលឹកក្នុងត្រសាលជំនុំ។ អេរ៉ុនត្រូវរៀបចំអុជចង្កៀងនោះឲ្យភ្លឺពីល្ងាចដល់ព្រឹក នៅចំពោះព្រះយេហូវ៉ាជានិច្ច។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមគ្រប់ជំនាន់តរៀងទៅ។ ៤ គាត់ត្រូវមើលថែចង្កៀងដែលនៅលើជើងចង្កៀង+ធ្វើពីមាសសុទ្ធ ដើម្បីឲ្យភ្លើងនៅឆេះជានិច្ចនៅចំពោះព្រះយេហូវ៉ា។
៥ «អ្នករាល់គ្នាត្រូវយកម្សៅម៉ដ្ឋមកដុតធ្វើជានំកង១២ដុំ។ ត្រូវធ្វើនំនីមួយៗពីម្សៅ២ភាគ១០អេហ្វា។* ៦ អ្នករាល់គ្នាត្រូវដាក់នំនោះលើតុធ្វើពីមាសសុទ្ធនៅចំពោះព្រះយេហូវ៉ា+ គឺតម្រៀបលើគ្នាជាពីរគំនរ មួយគំនរ៦ដុំ។+ ៧ អ្នករាល់គ្នាត្រូវដាក់គ្រឿងក្រអូបនៅលើនំទាំងពីរគំនរនោះ ហើយនោះនឹងទៅជានំប៉័ងសម្រាប់តំណាងគ្រឿងបូជា+ដែលដុតជូនព្រះយេហូវ៉ា។ ៨ រៀងរាល់ថ្ងៃឈប់សម្រាក អេរ៉ុនត្រូវរៀបចំនំទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច។+ នេះជាកិច្ចព្រមព្រៀងដែលស្ថិតស្ថេរជារៀងរហូត រវាងខ្ញុំនិងបណ្ដាជនអ៊ីស្រាអែល។ ៩ នំទាំងនេះនឹងបានទៅជាចំណែករបស់អេរ៉ុននិងកូនប្រុសៗរបស់គាត់+ ហើយពួកគាត់ត្រូវបរិភោគនៅកន្លែងបរិសុទ្ធ+ ព្រោះនំទាំងនោះជាអ្វីដែលបរិសុទ្ធបំផុតពីគ្រឿងបូជាដុតរបស់ព្រះយេហូវ៉ា។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមជាដរាប»។
១០ គ្រានោះ កូនប្រុសម្នាក់របស់ស្ត្រីជនជាតិអ៊ីស្រាអែលដែលមានប្ដីជាជនជាតិអេហ្ស៊ីប+ បានវាយតប់គ្នាជាមួយនឹងបុរសជនជាតិអ៊ីស្រាអែលម្នាក់ទៀតនៅក្នុងជំរំ។ ១១ ពេលនោះ កូនប្រុសរបស់ស្ត្រីជនជាតិអ៊ីស្រាអែលបានជេរប្រមាថហើយដាក់បណ្ដាសានាមព្រះ។*+ ដូច្នេះ គេបាននាំកូនប្រុសនោះទៅជួបម៉ូសេ។+ ម្ដាយរបស់កូននោះឈ្មោះសេឡូមីត ជាកូនស្រីរបស់ឌីប្រាយ ដែលមកពីកុលសម្ព័ន្ធដាន់។ ១២ គេបានយកកូននោះទៅឃុំទុក ចាំរហូតដល់ទទួលការសម្រេចពីព្រះយេហូវ៉ា។+
១៣ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ១៤ «ចូរនាំអ្នកដែលជេរនោះចេញទៅក្រៅជំរំ ហើយឲ្យពួកអ្នកដែលឮពាក្យជេរប្រមាថនោះដាក់ដៃលើក្បាលគាត់ រួចពួកជំនុំទាំងមូលត្រូវគប់ដុំថ្មសម្លាប់គាត់ចោល។+ ១៥ អ្នកត្រូវប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើអ្នកណាជេរប្រមាថព្រះរបស់ខ្លួន អ្នកនោះនឹងទទួលទោស។ ១៦ ដូច្នេះ អ្នកដែលជេរប្រមាថនាមព្រះយេហូវ៉ា ត្រូវស្លាប់ជាមិនខាន។+ ពួកជំនុំទាំងមូលត្រូវគប់ដុំថ្មសម្លាប់អ្នកនោះចោល ទោះគាត់ជាអ្នកស្រុកឬជនបរទេសក្ដី។
១៧ «‹បើអ្នកណាសម្លាប់អ្នកឯទៀត អ្នកនោះត្រូវស្លាប់ជាមិនខាន។+ ១៨ បើអ្នកណាសម្លាប់សត្វរបស់អ្នកឯទៀត អ្នកនោះត្រូវសងសត្វវិញ គឺជីវិតសងនឹងជីវិត។ ១៩ បើអ្នកណាធ្វើឲ្យអ្នកឯទៀតមានរបួស អ្នកនោះនឹងត្រូវគេធ្វើឲ្យមានរបួសវិញ+ ២០ គឺការបាក់ឆ្អឹងសងនឹងការបាក់ឆ្អឹង ភ្នែកសងនឹងភ្នែក ធ្មេញសងនឹងធ្មេញ របួសសងនឹងរបួស។+ ២១ អ្នកដែលសម្លាប់សត្វ ត្រូវសងសត្វវិញ+ តែអ្នកដែលសម្លាប់មនុស្ស ត្រូវស្លាប់ជាមិនខាន។+
២២ «‹មានក្រមច្បាប់តែមួយប៉ុណ្ណោះសម្រាប់អ្នករាល់គ្នា ទោះជាអ្នកស្រុកឬជនបរទេសក្ដី+ ព្រោះខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា›»។
២៣ បន្ទាប់មក ម៉ូសេប្រាប់បណ្ដាជនអ៊ីស្រាអែល ហើយគេនាំអ្នកដែលជេរប្រមាថនោះចេញទៅក្រៅជំរំ រួចគប់ដុំថ្មសម្លាប់គាត់ចោលទៅ។+ យ៉ាងនោះ បណ្ដាជនអ៊ីស្រាអែលបានធ្វើតាមដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។