ច្បាប់លេវី
២៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ថែមទៀតទៅកាន់ម៉ូសេនៅភ្នំស៊ីណាយថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹ពេលដែលចូលទៅក្នុងស្រុកដែលខ្ញុំនឹងប្រគល់ឲ្យអ្នករាល់គ្នា+ ចូរកាន់តាមច្បាប់របស់ព្រះយេហូវ៉ាស្ដីអំពីឆ្នាំឈប់សម្រាក ហើយទុកដីឲ្យនៅទំនេរ។+ ៣ ក្នុងរយៈពេល៦ឆ្នាំអ្នករាល់គ្នាអាចសាបព្រោះនៅលើដីស្រែ និងថែទាំចម្ការទំពាំងបាយជូររបស់ខ្លួន ព្រមទាំងប្រមូលផលពីដីនោះបាន។+ ៤ ប៉ុន្តែ នៅឆ្នាំទី៧អ្នករាល់គ្នាត្រូវទុកដីឲ្យនៅទំនេរ ព្រោះជាឆ្នាំឈប់សម្រាកជូនព្រះយេហូវ៉ា។ អ្នករាល់គ្នាមិនត្រូវសាបព្រោះឬថែទាំចម្ការទំពាំងបាយជូរឡើយ។ ៥ អ្នករាល់គ្នាមិនត្រូវច្រូតស្រូវដែលដុះឯងក្រោយពីរដូវចម្រូតទេ ហើយក៏មិនត្រូវប្រមូលផលទំពាំងបាយជូរដែលមិនបានថែទាំដែរ។ អ្នករាល់គ្នាត្រូវទុកដីនោះឲ្យនៅទំនេរ។ ៦ ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគផលដែលដុះឯងក្នុងអំឡុងឆ្នាំឈប់សម្រាកនោះបាន គឺទាំងអ្នករាល់គ្នា ទាំងខ្ញុំបម្រើប្រុសស្រី ពួកកម្មករ ជនបរទេសដែលស្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ៧ ថែមទាំងសត្វស្រុកនិងសត្វព្រៃផងដែរ។ ផលទាំងអស់ពីដីអាចបរិភោគបាន។
៨ «‹អ្នករាល់គ្នាត្រូវរាប់ឆ្នាំឈប់សម្រាកឲ្យគ្រប់៧ដង គឺ៧ឆ្នាំ៧ដង ស្មើនឹង៤៩ឆ្នាំ។ ៩ បន្ទាប់មក នៅថ្ងៃទី១០ ក្នុងខែទី៧ ជាថ្ងៃជម្រះភាពខុសឆ្គង+ អ្នករាល់គ្នាត្រូវផ្លុំស្នែងឲ្យលាន់ឮរំពងពេញក្នុងស្រុក។ ១០ អ្នករាល់គ្នាត្រូវញែកឆ្នាំទី៥០ទុកជាឆ្នាំបរិសុទ្ធ ហើយប្រកាសឲ្យបណ្ដាជនមានសេរីភាពនៅទូទាំងស្រុក ព្រោះឆ្នាំនោះជាឆ្នាំសោមនស្ស។+ ពេលនោះ អ្នករាល់គ្នានឹងទទួលដីធ្លីមកវិញ ហើយអាចត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសាររបស់ខ្លួនវិញបាន។+ ១១ នៅក្នុងឆ្នាំសោមនស្សជាឆ្នាំទី៥០នោះ អ្នករាល់គ្នាមិនត្រូវសាបព្រោះឬច្រូតស្រូវដែលដុះឯងក្រោយពីរដូវចម្រូតទេ ហើយក៏មិនត្រូវប្រមូលផលទំពាំងបាយជូរដែលមិនបានថែទាំដែរ។+ ១២ ព្រោះឆ្នាំសោមនស្សជាឆ្នាំបរិសុទ្ធចំពោះអ្នករាល់គ្នា។ អ្នករាល់គ្នាអាចបរិភោគតែផលដែលដុះឯងក្នុងអំឡុងឆ្នាំនោះបាន។+
១៣ «‹នៅឆ្នាំសោមនស្ស អ្នករាល់គ្នាត្រូវទទួលដីធ្លីរបស់ខ្លួនមកវិញ។+ ១៤ បើអ្នករាល់គ្នាលក់អ្វីដល់អ្នកណាម្នាក់ឬទិញអ្វីពីអ្នកណាម្នាក់ អ្នករាល់គ្នាមិនត្រូវកេងប្រវ័ញ្ចគេឡើយ។+ ១៥ ពេលអ្នករាល់គ្នាទិញដីពីអ្នកណាម្នាក់ ត្រូវគិតតម្លៃដោយរាប់ចំនួនឆ្នាំ ចាប់ពីឆ្នាំដែលទិញរហូតដល់ឆ្នាំសោមនស្ស ហើយម្ចាស់ដីត្រូវលក់ដោយគិតតម្លៃតាមចំនួនឆ្នាំនៅសល់ដែលអាចប្រមូលផលបាន។+ ១៦ បើនៅសល់ច្រើនឆ្នាំ ម្ចាស់ដីអាចដំឡើងថ្លៃ តែបើនៅសល់តិចឆ្នាំ គាត់អាចបញ្ចុះតម្លៃវិញ ព្រោះគាត់លក់ដោយគិតតម្លៃតាមចំនួនឆ្នាំដែលអាចប្រមូលផលបាន។ ១៧ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានអ្នកណាម្នាក់កេងប្រវ័ញ្ចអ្នកឯទៀតឡើយ។+ អ្នករាល់គ្នាត្រូវកោតខ្លាចព្រះរបស់ខ្លួន+ ព្រោះខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។+ ១៨ បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដោយសុខសាន្ត។+ ១៩ អ្នករាល់គ្នានឹងមានអាហារជាបរិបូរ ព្រោះដីនឹងបង្កើតផលយ៉ាងច្រើនឲ្យអ្នករាល់គ្នា+ ហើយអ្នករាល់គ្នានឹងរស់នៅក្នុងស្រុកនោះដោយសាន្តត្រាណ។+
២០ «‹ប៉ុន្តែ បើអ្នករាល់គ្នានិយាយថា៖ «បើយើងមិនសាបព្រោះឬប្រមូលផលនៅឆ្នាំទី៧ទេ ធ្វើដូចម្ដេចឲ្យយើងមានអាហារបរិភោគទៅ?»។+ ២១ នៅឆ្នាំទី៦ ខ្ញុំនឹងឲ្យពរដល់អ្នករាល់គ្នា ដោយឲ្យដីបង្កើតផលយ៉ាងបរិបូរ ហើយអ្នករាល់គ្នានឹងមានអាហារគ្រប់គ្រាន់ដល់ទៅ៣ឆ្នាំ។+ ២២ នៅឆ្នាំទី៨ អ្នករាល់គ្នាអាចសាបព្រោះសាជាថ្មីបាន តែទម្រាំដល់រដូវប្រមូលផលនៅឆ្នាំទី៩ អ្នករាល់គ្នាត្រូវបរិភោគផលដែលនៅសល់តាំងពីឆ្នាំទី៦។
២៣ «‹អ្នករាល់គ្នាមិនត្រូវលក់ដីឲ្យគេដាច់រហូតនោះទេ+ ព្រោះស្រុកនោះជារបស់ខ្ញុំ។+ តាមទស្សនៈខ្ញុំ អ្នករាល់គ្នាប្រៀបដូចជាជនបរទេសរស់នៅក្នុងស្រុកនោះ។+ ២៤ នៅក្នុងស្រុកទាំងមូល អ្នករាល់គ្នាត្រូវផ្ដល់សិទ្ធិដល់ម្ចាស់ដីឲ្យពួកគេទិញដីមត៌ករបស់ខ្លួនមកវិញ។
២៥ «‹បើជនរួមជាតិរបស់អ្នករាល់គ្នាធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីធ្លីខ្លះ នោះសាច់ញាតិជិត*របស់គាត់អាចទិញដីនោះមកវិញបាន។+ ២៦ ប៉ុន្តែ បើគាត់គ្មានសាច់ញាតិទិញទេ ហើយក្រោយមកគាត់មានជីវភាពធូរធារនិងមានលទ្ធភាពទិញដីមកវិញ ២៧ នោះគាត់អាចទិញបាន។ គាត់ត្រូវគិតតម្លៃតាមភោគផលពីដីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំដែលគាត់បានលក់ រួចបង់ឲ្យគេតាមតម្លៃចំនួនឆ្នាំដែលនៅសល់។ ក្រោយមក គាត់អាចទទួលដីធ្លីរបស់ខ្លួនមកវិញ។+
២៨ «‹ប៉ុន្តែ បើគាត់គ្មានលទ្ធភាពទិញដីមកវិញទេ ដីនោះនឹងនៅជាកម្មសិទ្ធិរបស់អ្នកទិញរហូតដល់ឆ្នាំសោមនស្ស។+ នៅឆ្នាំនោះ គាត់នឹងទទួលដីខ្លួនមកវិញ។+
២៩ «‹បើអ្នកណាលក់ផ្ទះនៅក្នុងក្រុងដែលមានកំពែង គាត់មានសិទ្ធិទិញផ្ទះមកវិញរហូតដល់ចុងឆ្នាំ ក្រោយពីគាត់លក់។ សិទ្ធិទិញមកវិញ+នោះមានសុពលភាពតែមួយឆ្នាំប៉ុណ្ណោះ។ ៣០ ប៉ុន្តែ បើក្នុងមួយឆ្នាំនោះគាត់មិនបានទិញវិញទេ ផ្ទះនោះនឹងបានទៅជាកម្មសិទ្ធិរបស់អ្នកទិញនិងកូនចៅគេរហូតតទៅ។ ទោះជាដល់ឆ្នាំសោមនស្សក្ដី ក៏គាត់មិនអាចទទួលផ្ទះនោះមកវិញដែរ។ ៣១ ឯផ្ទះនៅតាមភូមិដែលមិនមានកំពែងជុំវិញ ត្រូវចាត់ទុកជាផ្នែកនៃដីស្រែចម្ការ។ ដូច្នេះ សិទ្ធិក្នុងការទិញមកវិញនៅតែមានសុពលភាព ហើយម្ចាស់អាចទទួលមកវិញនៅឆ្នាំសោមនស្សបាន។
៣២ «‹ចំណែកផ្ទះនៅក្នុងក្រុងរបស់ពួកលេវីវិញ+ ពួកលេវីមានសិទ្ធិទិញមកវិញនៅពេលណាក៏បាន។ ៣៣ ទោះជាពួកលេវីមិនបានទិញផ្ទះនោះមកវិញក្ដី ក៏ផ្ទះដែលលក់នោះនឹងត្រូវប្រគល់ដល់ពួកគេវិញនៅឆ្នាំសោមនស្ស+ ព្រោះផ្ទះនៅក្នុងក្រុងរបស់ពួកលេវី ជាមត៌ករបស់ពួកគេក្នុងចំណោមជនជាតិអ៊ីស្រាអែល។+ ៣៤ ប៉ុន្តែ ពួកគេមិនត្រូវលក់វាលស្មៅជុំវិញ+ក្រុងទាំងនោះឡើយ ព្រោះនោះជាកម្មសិទ្ធិផ្ដាច់មុខរបស់ពួកគេ។
៣៥ «‹បើអ្នកជិតខាងដែលជាជនរួមជាតិរបស់អ្នករាល់គ្នា ធ្លាក់ខ្លួនក្រមិនអាចផ្គត់ផ្គង់ខ្លួនបាន អ្នករាល់គ្នាត្រូវជួយទំនុកបម្រុងគាត់+ ដើម្បីគាត់អាចរស់នៅតទៅទៀត ដូចដែលអ្នកជួយជនបរទេសនិងអ្នកស្នាក់នៅបណ្ដោះអាសន្នដែរ។+ ៣៦ អ្នករាល់គ្នាមិនត្រូវយកការប្រាក់ឬកេងចំណេញពីគាត់ឡើយ+ ដើម្បីគាត់អាចរស់នៅតទៅទៀត។ អ្នករាល់គ្នាត្រូវកោតខ្លាចព្រះរបស់ខ្លួន។+ ៣៧ បើអ្នករាល់គ្នាឲ្យពួកគេខ្ចីប្រាក់ឬស្បៀងអាហារ អ្នករាល់គ្នាមិនត្រូវយកការឬយកចំណេញពីពួកគេឡើយ។+ ៣៨ ខ្ញុំគឺយេហូវ៉ាជាព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប+ ហើយប្រគល់ស្រុកកាណានដល់អ្នករាល់គ្នា ដើម្បីបង្ហាញថាខ្ញុំជាព្រះនៃអ្នករាល់គ្នា។+
៣៩ «‹បើអ្នកជិតខាងដែលជាជនរួមជាតិរបស់អ្នករាល់គ្នា ធ្លាក់ខ្លួនក្រ ហើយលក់ខ្លួនបម្រើអ្នករាល់គ្នា+ នោះមិនត្រូវបង្ខំគាត់ឲ្យធ្វើការដូចទាសករឡើយ។+ ៤០ អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះគាត់ដូចកម្មករដែលគេជួល+ ឬដូចអ្នកស្នាក់នៅបណ្ដោះអាសន្នដែរ។ គាត់នឹងបម្រើអ្នករាល់គ្នារហូតដល់ឆ្នាំសោមនស្ស។ ៤១ រួចគាត់និងកូនចៅគាត់នឹងចាកចេញពីអ្នករាល់គ្នា ត្រឡប់ទៅរស់នៅជាមួយនឹងញាតិសន្ដានលើទឹកដីរបស់បុព្វបុរសគាត់វិញ។+ ៤២ ព្រោះពួកគេជាអ្នកបម្រើរបស់ខ្ញុំដែលខ្ញុំបាននាំចេញពីស្រុកអេហ្ស៊ីប។+ ពួកគេមិនត្រូវលក់ខ្លួនធ្វើជាទាសករឡើយ។ ៤៣ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តយ៉ាងឃោរឃៅទៅលើពួកគេទេ។+ អ្នករាល់គ្នាត្រូវកោតខ្លាចព្រះរបស់ខ្លួន។+ ៤៤ បើអ្នករាល់គ្នាត្រូវការខ្ញុំបម្រើប្រុសស្រី អ្នករាល់គ្នាអាចទិញពីចំណោមជនជាតិដទៃបាន។ ៤៥ អ្នករាល់គ្នាក៏អាចទិញកូនចៅរបស់ជនបរទេសដែលស្នាក់នៅក្នុងចំណោមអ្នករាល់គ្នា+ ឬពីក្រុមគ្រួសាររបស់ពួកគេដែលកើតក្នុងស្រុកនេះបានដែរ ដើម្បីយកពួកគេធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នា ហើយពួកគេនឹងទៅជាកម្មសិទ្ធិរបស់អ្នករាល់គ្នា។ ៤៦ អ្នករាល់គ្នាអាចឲ្យពួកគេបន្តបម្រើដល់កូនចៅជំនាន់ក្រោយរបស់អ្នករាល់គ្នាបាន ព្រោះពួកគេជាកម្មសិទ្ធិរបស់អ្នករាល់គ្នាហើយ។ អ្នករាល់គ្នាអាចប្រើពួកគេដូចជាកម្មករបាន។ ឯបណ្ដាជនអ៊ីស្រាអែលជាជនរួមជាតិ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តចំពោះពួកគេយ៉ាងឃោរឃៅឡើយ។+
៤៧ «‹ប្រសិនបើជនបរទេសដែលស្នាក់នៅក្នុងចំណោមអ្នករាល់គ្នាក្លាយជាអ្នកមាន តែជនរួមជាតិអ្នករាល់គ្នាធ្លាក់ខ្លួនក្រ ហើយលក់ខ្លួនបម្រើជនបទេសនោះ ឬសមាជិកគ្រួសាររបស់ជនបទេសនោះ ៤៨ ជនរួមជាតិនោះមានសិទ្ធិលោះខ្លួនវិញនៅពេលណាក៏បាន។ បន្ថែមទៅទៀត បងប្អូនរបស់គាត់អាចទិញគាត់មកវិញបាន+ ៤៩ ហើយសូម្បីតែសាច់ញាតិជិតណាម្នាក់របស់គាត់ ដូចជាពូ អ៊ំ បងប្អូនជីដូនមួយ ក៏អាចទិញគាត់មកវិញបានដែរ។
«‹ឬបើក្រោយមកគាត់មានជីវភាពធូរធារឡើងវិញ គាត់ក៏អាចលោះខ្លួនគាត់បានដែរ។+ ៥០ គាត់ត្រូវគិតចំនួនឆ្នាំជាមួយនឹងម្ចាស់ដែលទិញគាត់ ដោយរាប់ចាប់ពីឆ្នាំដែលគាត់បានលក់ខ្លួនរហូតដល់ឆ្នាំសោមនស្ស+ ហើយត្រូវបង់ប្រាក់ឲ្យម្ចាស់តាមចំនួនឆ្នាំទាំងនោះ។+ ក្នុងអំឡុងពេលដែលគាត់ធ្វើការនោះ គាត់ត្រូវទទួលប្រាក់ឈ្នួលដូចកម្មករទូទៅ។+ ៥១ បើនៅសល់ច្រើនឆ្នាំ គាត់ត្រូវបង់តម្លៃលោះខ្លួនតាមចំនួនឆ្នាំដែលនៅសល់នោះ ៥២ តែបើនៅសល់តិចឆ្នាំ គាត់ត្រូវបង់តម្លៃលោះខ្លួនតាមចំនួនឆ្នាំដែលនៅសល់តិចនោះ។ ៥៣ គាត់ត្រូវបន្តបម្រើម្ចាស់នោះពីមួយឆ្នាំទៅមួយឆ្នាំ ដូចកម្មករទូទៅ ហើយអ្នករាល់គ្នាត្រូវប្រាកដថាម្ចាស់នោះមិនប្រព្រឹត្តទៅលើគាត់ដោយឃោរឃៅទេ។+ ៥៤ ប៉ុន្តែបើគាត់មិនអាចលោះខ្លួនបានទេ គាត់នឹងត្រូវដោះលែងឲ្យមានសេរីភាពនៅឆ្នាំសោមនស្ស+ ព្រមជាមួយនឹងកូនចៅគាត់ដែរ។
៥៥ «‹ព្រោះបណ្ដាជនអ៊ីស្រាអែលជាខ្ញុំបម្រើរបស់ខ្ញុំ ជាអ្នកដែលខ្ញុំបាននាំចេញពីស្រុកអេហ្ស៊ីបមក។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។