សៀវភៅម៉ាថាយ
២៦ ពេលដែលលោកយេស៊ូបានពោលពាក្យទាំងអស់នោះចប់ហើយ លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ ២ «អ្នករាល់គ្នាដឹងថា នៅពីរថ្ងៃទៀតមានបុណ្យរំលង+ ហើយពេលនោះកូនមនុស្សនឹងត្រូវបញ្ជូនទៅឲ្យគេព្យួរលើបង្គោល»។+
៣ នៅពេលនោះ ពួកសង្ឃនាយកនិងពួកបុរសចាស់ទុំ បានជួបជុំគ្នានៅទីធ្លាផ្ទះរបស់សម្ដេចសង្ឃឈ្មោះកៃផាស។+ ៤ រួចពួកគេបានប្រឹក្សាគ្នារិះរកល្បិចកល+ ដើម្បីចាប់លោកយេស៊ូយកទៅសម្លាប់។ ៥ ក៏ប៉ុន្តែ ពួកគេបាននិយាយគ្នាថា៖ «កុំធ្វើអ្វីដល់គាត់ក្នុងអំឡុងពេលបុណ្យ ខ្លាចក្រែងបណ្ដាជនកើតចលាចល»។
៦ ពេលដែលលោកយេស៊ូនៅភូមិបេថានីក្នុងផ្ទះរបស់ស៊ីម៉ូនដែលធ្លាប់កើតជំងឺឃ្លង់+ ៧ នោះមានស្ត្រីម្នាក់បានមកឯលោកទាំងកាន់ប្រេងក្រអូបដ៏ថ្លៃក្នុងដបថ្មកែវមួយ ហើយនាងចាប់ផ្ដើមចាក់ប្រេងលើក្បាលរបស់លោក ពេលលោកកំពុងបរិភោគ។* ៨ ឃើញដូច្នេះ អ្នកកាន់តាមលោកបានទាស់ចិត្ត ក៏និយាយថា៖ «ហេតុអ្វីបង្ខាតប្រេងចោលដូច្នេះ? ៩ ព្រោះបើយកប្រេងនេះទៅលក់ អាចបានថ្លៃណាស់ ហើយអាចចែកដល់អ្នកក្រ»។ ១០ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ហេតុអ្វីអ្នករាល់គ្នារករឿងស្ត្រីនេះដូច្នេះ? នាងបានធ្វើអំពើល្អចំពោះខ្ញុំ។ ១១ ព្រោះអ្នករាល់គ្នាតែងតែមានអ្នកក្រនៅជាមួយ+ តែអ្នករាល់គ្នានឹងមិនមានខ្ញុំនៅជាមួយរហូតទេ។+ ១២ នាងបានចាក់ប្រេងក្រអូបលើរូបកាយខ្ញុំ ដើម្បីត្រៀមសម្រាប់ខ្ញុំ មុនពេលគេយកសពខ្ញុំទៅបញ្ចុះ។+ ១៣ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នៅគ្រប់កន្លែងក្នុងពិភពលោកដែលដំណឹងល្អនេះត្រូវផ្សព្វផ្សាយ អ្វីដែលស្ត្រីនេះបានធ្វើក៏នឹងត្រូវរៀបរាប់ដែរ ដើម្បីរំលឹកអំពីនាង»។+
១៤ រួចមក យូដាសអ៊ីស្ការីយ៉ុតពីចំណោមអ្នកកាន់តាមទាំង១២នាក់+ បានទៅជួបពួកសង្ឃនាយក+ ១៥ ហើយបានសួរថា៖ «បើខ្ញុំបញ្ជូន*អ្នកនោះមកឲ្យអ្នករាល់គ្នា តើអ្នកនឹងឲ្យអ្វីមកខ្ញុំ?»។+ ពួកគេបានព្រមព្រៀងគ្នាថា នឹងឲ្យ៣០កាក់ធ្វើពីប្រាក់។+ ១៦ ចាប់ពីពេលនោះមក គាត់ខំរកឱកាសល្អដើម្បីក្បត់លោក។
១៧ នៅថ្ងៃដំបូងនៃបុណ្យនំប៉័ងឥតដំបែ+ ពួកអ្នកកាន់តាមបានមកឯលោកយេស៊ូ ហើយសួរថា៖ «តើលោកចង់ឲ្យយើងទៅរៀបចំអាហារបុណ្យរំលងឲ្យលោកពិសានៅកន្លែងណា?»។+ ១៨ លោកប្រាប់ពួកគាត់ថា៖ «ចូរចូលទៅក្នុងក្រុង ហើយអ្នកនឹងជួបបុរសម្នាក់ រួចចូរប្រាប់គាត់ថា៖ ‹លោកគ្រូមានប្រសាសន៍ថា៖ «ពេលកំណត់របស់ខ្ញុំគឺជិតដល់ហើយ។ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំ នៅផ្ទះរបស់អ្នក»›»។ ១៩ រួចមក អ្នកកាន់តាមបានធ្វើតាមបង្គាប់លោកយេស៊ូ ក៏បានរៀបចំអ្វីៗជាស្រេចសម្រាប់បុណ្យរំលង។
២០ លុះព្រលប់+ លោកអង្គុយរួមតុជាមួយនឹងអ្នកកាន់តាមទាំង១២នាក់។+ ២១ កាលដែលលោកនិងពួកគាត់កំពុងពិសាអាហារ លោកមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។+ ២២ ឮដូច្នេះ ពួកគាត់ព្រួយចិត្តជាខ្លាំង ក៏ចាប់ផ្ដើមសួរលោកម្នាក់ម្ដងៗថា៖ «លោកម្ចាស់ មិនមែនខ្ញុំទេ មែនទេ?»។ ២៣ លោកតបឆ្លើយថា៖ «អ្នកដែលលូកដៃក្នុងចានជាមួយនឹងខ្ញុំ ជាអ្នកដែលនឹងក្បត់ខ្ញុំ។+ ២៤ ពិតមែន កូនមនុស្សនឹងចាកចេញទៅ ដូចអ្វីដែលបានត្រូវសរសេរអំពីលោក។ ប៉ុន្តែ បុរសដែលគេប្រើដើម្បីក្បត់កូនមនុស្ស+ ត្រូវវេទនាណាស់!+ ចំពោះអ្នកនោះ បើគាត់មិនបានកើតមក នោះប្រសើរជាង»។+ ២៥ យូដាសដែលហៀបនឹងក្បត់លោក បានតបឆ្លើយថា៖ «រ៉ាប៊ី* មិនមែនខ្ញុំទេ មែនទេ?»។ លោកមានប្រសាសន៍ទៅគាត់ថា៖ «គឺអ្នកហើយដែលនិយាយ»។
២៦ ពេលដែលពួកគាត់កំពុងពិសា លោកយកនំប៉័ងមួយដុំ ហើយអធិដ្ឋាន រួចកាច់+ បន្ទាប់មកឲ្យពួកគាត់ ទាំងពោលថា៖ «ចូរយកពិសាចុះ។ នេះជាតំណាងរូបកាយរបស់ខ្ញុំ»។+ ២៧ លោកក៏បានយកពែងមួយ អរគុណព្រះ រួចឲ្យដល់ពួកគាត់ ដោយពោលថា៖ «ចូរអ្នកទាំងអស់គ្នាពិសាពីពែងនេះ+ ២៨ ព្រោះនេះជាតំណាងឈាមរបស់ខ្ញុំ+ ជា‹ឈាមសម្រាប់កិច្ចព្រមព្រៀង›។+ ឈាមនោះនឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន+ ដើម្បីឲ្យពួកគេទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន។+ ២៩ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរនេះទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំពិសាស្រាទំពាំងបាយជូរថ្មីជាមួយនឹងអ្នករាល់គ្នាក្នុងរាជាណាចក្ររបស់បិតាខ្ញុំ»។+ ៣០ រួចមក ក្រោយពីបានច្រៀងសរសើរព្រះហើយ លោកនិងពួកគាត់បានចេញទៅភ្នំដើមអូលីវ។+
៣១ ពេលនោះ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «នៅយប់នេះ អ្នកទាំងអស់គ្នានឹងជំពប់ដួល* ដោយសារអ្វីដែលកើតឡើងដល់ខ្ញុំ ពីព្រោះបទគម្ពីរចែងថា៖ ‹ខ្ញុំនឹងប្រហារគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ›។+ ៣២ ប៉ុន្តែ ក្រោយពីខ្ញុំបានត្រូវប្រោសឲ្យរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ ហើយរង់ចាំអ្នករាល់គ្នានៅទីនោះ»។+ ៣៣ ប៉ុន្តែ ពេត្រុសតបទៅលោកថា៖ «ទោះជាពួកគេទាំងអស់គ្នាជំពប់ដួលដោយសារអ្វីដែលនឹងកើតឡើងចំពោះលោកក៏ដោយ តែខ្ញុំនឹងមិនជំពប់ដួលឡើយ!»។+ ៣៤ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកការពិតថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងមិនទទួលស្គាល់ខ្ញុំបីដង»។+ ៣៥ ពេត្រុសជម្រាបលោកថា៖ «ទោះជាខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំមិនឈប់ទទួលស្គាល់លោកដែរ»។+ ពួកអ្នកកាន់តាមគ្រប់គ្នាក៏និយាយដូចគ្នាដែរ។
៣៦ លុះក្រោយមក លោកយេស៊ូនិងពួកគាត់បានទៅដល់កន្លែងមួយហៅថាកេតសេម៉ានី+ ហើយលោកប្រាប់អ្នកកាន់តាមថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះសិន ពេលខ្ញុំទៅអធិដ្ឋាននៅទីនោះ»។+ ៣៧ រួចលោកនាំពេត្រុស និងកូនប្រុសពីរនាក់របស់សេបេដេទៅជាមួយ ហើយលោកក៏តាំងកើតទុក្ខ និងពិបាកចិត្តក្រៃលែង។+ ៣៨ លោកប្រាប់ពួកគាត់ថា៖ «ខ្ញុំកំពុងកើតទុក្ខស្ទើរស្លាប់។ សូមនៅទីនេះ ហើយចាំយាមជាមួយនឹងខ្ញុំ»។+ ៣៩ ក្រោយមក លោកដើរទៅមុខបន្តិច ហើយក្រាបមុខដល់ដី រួចអធិដ្ឋានថា៖+«បិតាអើយ! បើអាចធ្វើទៅបាន សូមដកពែង*នេះ+ចេញពីខ្ញុំ។ ប៉ុន្តែ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច មិនមែនបំណងប្រាថ្នារបស់ខ្ញុំទេ»។+
៤០ ក្រោយមក លោកទៅឯពួកអ្នកកាន់តាម ហើយឃើញពួកគាត់កំពុងដេកលក់។ រួចលោកសួរពេត្រុសថា៖ «តើអ្នកមិនអាចចាំយាមជាមួយនឹងខ្ញុំសូម្បីតែមួយម៉ោងទេឬ?+ ៤១ ចូរចាំយាម+ ហើយអធិដ្ឋានជានិច្ច+ ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួងឡើយ។+ ចិត្តប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមគឺខ្សោយណាស់»។+ ៤២ រួចមក លោកចេញទៅអធិដ្ឋានជាលើកទី២ ដោយពោលថា៖ «បិតាខ្ញុំអើយ! ប្រសិនបើមិនអាចដកពែងនេះចេញពីខ្ញុំ លុះត្រាតែខ្ញុំផឹកពីពែងនេះ នោះសូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច»។+ ៤៣ បន្ទាប់មក លោកវិលមកវិញ ហើយឃើញពួកគាត់កំពុងដេកលក់ទៀត ពីព្រោះងងុយខ្លាំងណាស់។ ៤៤ រួចលោកចេញពីពួកគាត់ទៅអធិដ្ឋានជាលើកទី៣ ដោយពោលពាក្យដដែលដូចមុន។ ៤៥ ក្រោយមក លោកទៅឯពួកអ្នកកាន់តាម ហើយមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងដេកយកកម្លាំងនៅពេលដ៏សំខាន់នេះ? មើល! ពេលដែលកូនមនុស្សនឹងត្រូវបញ្ជូន*ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សប្រព្រឹត្តអំពើខុសឆ្គង គឺជិតដល់ហើយ។ ៤៦ ចូរក្រោកឡើង យើងនាំគ្នាទៅ។ មើល! អ្នកដែលក្បត់ខ្ញុំ មកជិតដល់ហើយ»។ ៤៧ កាលដែលលោកកំពុងមានប្រសាសន៍នៅឡើយ មើល! យូដាសពីចំណោមសាវ័កទាំង១២នាក់ បានមកជាមួយនឹងមនុស្សមួយក្រុមធំដែលពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបានបញ្ជូនមក។ ពួកគេមកទាំងកាន់ដាវកាន់ដំបង។+
៤៨ អ្នកដែលក្បត់លោកបានប្រាប់ពួកគេនូវសញ្ញាសម្គាល់មួយថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ។ ចាប់ខ្លួនគាត់ទៅ»។ ៤៩ រួចអ្នកនោះដើរតម្រង់ទៅឯលោកយេស៊ូ ហើយពោលថា៖ «ជម្រាបសួររ៉ាប៊ី!»។ រួចថើបលោកដោយថ្នម។ ៥០ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកមកទីនេះក្នុងបំណងអ្វី?»។+ រួចពួកគេចូលមកចាប់ខ្លួនលោកយេស៊ូ។ ៥១ ប៉ុន្តែខណៈនោះ ម្នាក់ក្នុងចំណោមអ្នកដែលនៅជាមួយនឹងលោកយេស៊ូ បានលូកដៃទៅដកដាវចេញ ហើយបានកាប់ដាច់ស្លឹកត្រចៀកខ្ញុំបម្រើម្នាក់របស់សម្ដេចសង្ឃ។+ ៥២ នោះលោកយេស៊ូមានប្រសាសន៍ទៅអ្នកនោះថា៖ «ចូរស៊កដាវរបស់អ្នកទៅក្នុងស្រោមវិញ+ ព្រោះអស់អ្នកដែលប្រើដាវ ក៏នឹងស្លាប់ដោយដាវដែរ។+ ៥៣ ឬក៏តើអ្នកមិនគិតថាខ្ញុំអាចអង្វរបិតាខ្ញុំឲ្យចាត់ទេវតា១២កងពលមកភ្លាមៗទេឬ?+ ៥៤ បើយ៉ាងនោះ តើអ្វីដែលបទគម្ពីរបានចែងទុក នឹងសម្រេចដូចម្ដេចបាន?»។ ៥៥ នៅពេលនោះ លោកយេស៊ូមានប្រសាសន៍ទៅកាន់មនុស្សមួយក្រុមធំនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ទាំងកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរប្លន់ដូច្នេះ? ខ្ញុំធ្លាប់អង្គុយបង្រៀននៅក្នុងវិហាររៀងរាល់ថ្ងៃ+ តែអ្នករាល់គ្នាមិនបានមកចាប់ខ្ញុំទេ។+ ៥៦ ប៉ុន្តែ ការទាំងនេះបានកើតឡើង ដើម្បីសម្រេចនូវបទគម្ពីររបស់ពួកអ្នកប្រកាសទំនាយ»។+ រួចពួកអ្នកកាន់តាមទាំងអស់បានរត់ចោលលោក។+
៥៧ ពួកអ្នកដែលបានចាប់ខ្លួនលោកយេស៊ូបាននាំលោកទៅផ្ទះរបស់កៃផាស+ ជាសម្ដេចសង្ឃ។ នៅទីនោះ ពួកអ្នកជំនាញខាងច្បាប់និងពួកបុរសចាស់ទុំបានជួបជុំគ្នាជាមួយនឹងកៃផាស។+ ៥៨ ប៉ុន្តែ ពេត្រុសបានដើរតាមក្រោយនៅឆ្ងាយល្មមពីលោក រហូតទៅដល់ទីធ្លាផ្ទះរបស់សម្ដេចសង្ឃ។ លុះក្រោយពីបានចូលទីធ្លាហើយ គាត់ក៏អង្គុយជាមួយនឹងពួកអ្នកថែទាំផ្ទះ ដើម្បីឲ្យដឹងថារឿងនោះនឹងទៅជាយ៉ាងណា។+
៥៩ ពួកសង្ឃនាយកនិងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល កំពុងរកសាក្សីក្លែងក្លាយឲ្យចោទប្រកាន់លោកយេស៊ូ ដើម្បីមានហេតុប្រហារជីវិតលោក។+ ៦០ ប៉ុន្តែ ទោះជាមានសាក្សីក្លែងក្លាយជាច្រើនចូលមកក៏ដោយ ក៏ពួកគេរកហេតុមិនបានដែរ។+ ក្រោយមក មានសាក្សីក្លែងក្លាយពីរនាក់ទៀតចូលមក ៦១ ហើយប្រាប់ថា៖ «បុរសនេះធ្លាប់និយាយថា៖ ‹ខ្ញុំអាចរុះវិហាររបស់ព្រះចោល រួចសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ›»។+ ៦២ ឮដូច្នេះ សម្ដេចសង្ឃបានក្រោកឈរសួរលោកថា៖ «តើអ្នកមិនព្រមឆ្លើយសោះឬ? តើអ្នកគិតដូចម្ដេចអំពីអ្វីដែលពួកគេកំពុងចោទប្រកាន់អ្នក?»។+ ៦៣ ប៉ុន្តែ លោកយេស៊ូនៅស្ងៀម។+ ដូច្នេះ សម្ដេចសង្ឃនិយាយទៅលោកថា៖ «ចូរអ្នកប្រាប់យើងឲ្យត្រង់មក ដោយស្បថយកព្រះដែលមានជីវិតរស់នៅជាសាក្សីថា អ្នកជាគ្រិស្តជាបុត្ររបស់ព្រះឬមិនមែន!»។+ ៦៤ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «គឺអ្នកហើយដែលនិយាយ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្ស+អង្គុយនៅខាងស្ដាំនៃឫទ្ធានុភាព+ ព្រមទាំងមកលើពពកនៅលើមេឃ»។+ ៦៥ នោះសម្ដេចសង្ឃក៏ហែកសម្លៀកបំពាក់ក្រៅរបស់គាត់ ហើយពោលថា៖ «អ្នកនេះបាននិយាយប្រមាថព្រះហើយ! តើយើងត្រូវការសាក្សីធ្វើអ្វីទៀត? មើល! អ្នករាល់គ្នាបានឮអ្នកនេះនិយាយប្រមាថព្រះហើយ។ ៦៦ តើអ្នករាល់គ្នាសម្រេចចិត្តយ៉ាងណា?»។ ពួកគេឆ្លើយថា៖ «អ្នកនេះសមតែស្លាប់»។+ ៦៧ រួចពួកគេស្ដោះទឹកមាត់ដាក់មុខលោក+ ហើយដាល់លោក។+ ពួកគេខ្លះទៀតបានទះកំផ្លៀងលោក+ ៦៨ ទាំងនិយាយថា៖ «គ្រិស្តឯងប្រកាសទំនាយមក តើអ្នកណាវាយឯង?»។
៦៩ ពេលនោះ ពេត្រុសកំពុងអង្គុយខាងក្រៅក្នុងទីធ្លា ហើយស្ត្រីជាអ្នកបម្រើម្នាក់បានចូលមកជិតគាត់ ដោយនិយាយថា៖ «អ្នកក៏បាននៅជាមួយនឹងយេស៊ូពីស្រុកកាលីឡេដែរ!»។+ ៧០ ប៉ុន្តែ គាត់បដិសេធនៅមុខពួកគេទាំងអស់គ្នាថា៖ «អ្នកច្រឡំមនុស្សហើយ»។ ៧១ ក្រោយពីគាត់បានចេញទៅបន្ទប់ជាប់ខ្លោងទ្វារចូល នោះស្ត្រីម្នាក់ទៀតបានឃើញគាត់ ក៏បានប្រាប់ពួកអ្នកនៅទីនោះថា៖ «បុរសនេះធ្លាប់នៅជាមួយនឹងយេស៊ូពីក្រុងណាសារ៉ែត»។+ ៧២ ពេត្រុសបដិសេធម្ដងទៀតដោយស្បថថា៖ «ខ្ញុំមិនស្គាល់បុរសនោះទេ!»។ ៧៣ មិនយូរក្រោយមក ពួកអ្នកដែលឈរនៅក្បែរនោះបានចូលមកជិតពេត្រុស ហើយនិយាយថា៖ «អ្នកច្បាស់ជាពួកនោះដែរ ព្រោះសូរសំឡេងរបស់អ្នកបញ្ជាក់ឲ្យយើងដឹង»។ ៧៤ ពេលនោះ គាត់ចាប់ផ្ដើមដាក់បណ្ដាសាខ្លួនឯង ហើយស្បថថា៖ «ខ្ញុំមិនស្គាល់បុរសនោះទេ!»។ រំពេចនោះ មាន់ក៏រងាវឡើង។ ៧៥ រួចពេត្រុសនឹកឃើញពាក្យដែលលោកយេស៊ូមានប្រសាសន៍ប្រាប់គាត់ថា៖ «មុនមាន់រងាវ អ្នកនឹងមិនទទួលស្គាល់ខ្ញុំបីដង»។+ រួចគាត់ចេញទៅក្រៅ ហើយយំដោយនឹកស្ដាយយ៉ាងខ្លាំង។