សៀវភៅម៉ាថាយ
២៧ លុះព្រឹកឡើង ពួកសង្ឃនាយកនិងបុរសចាស់ទុំទាំងឡាយ បានប្រឹក្សាគ្នារិះរកវិធីសម្លាប់លោកយេស៊ូ។+ ២ រួចមក ពួកគេចងលោក ហើយនាំទៅប្រគល់ឲ្យពីឡាតដែលជាអភិបាល។+
៣ ពេលយូដាសដែលជាអ្នកក្បត់លោក បានឃើញថាលោកត្រូវគេកាត់ទោសហើយ នោះគាត់ស្ដាយក្រោយ ក៏បានយក៣០កាក់ធ្វើពីប្រាក់ទៅប្រគល់ឲ្យពួកសង្ឃនាយកនិងពួកបុរសចាស់ទុំវិញ+ ៤ ដោយប្រាប់ថា៖ «ខ្ញុំបានធ្វើខុស ពេលដែលខ្ញុំក្បត់បុរសដែលគ្មានកំហុស*នោះ»។ ពួកគេនិយាយថា៖ «នេះមិនមែនជារឿងរបស់យើងទេ អ្នកត្រូវដោះស្រាយរឿងនេះដោយខ្លួនឯង!»។ ៥ ដូច្នេះ គាត់បោះកាក់ប្រាក់ទាំងនោះទៅក្នុងវិហារ រួចបានចេញទៅចងកសម្លាប់ខ្លួន។+ ៦ ក៏ប៉ុន្តែ ពួកសង្ឃនាយកបានរើសកាក់ប្រាក់ទាំងនោះ ហើយនិយាយថា៖ «យើងគ្មានច្បាប់ដាក់ប្រាក់នេះក្នុងឃ្លាំងពិសិដ្ឋទេ ពីព្រោះប្រាក់នេះជាថ្លៃឈាម»។* ៧ ក្រោយពីពួកគេបានប្រឹក្សាគ្នា ពួកគេបានយកប្រាក់នោះទៅទិញវាលរបស់ជាងស្មូនសម្រាប់បញ្ចុះសពអ្នកមកពីក្រៅ។ ៨ ហេតុនេះ គេហៅវាលនោះថាវាលឈាម+ រហូតមកដល់សព្វថ្ងៃ។ ៩ ពេលនោះ ទំនាយដែលបានត្រូវប្រកាសតាមរយៈយេរេមាបានសម្រេច។ ទំនាយនោះថា៖ «រួចពួកគេបានយក៣០កាក់ប្រាក់ ជាតម្លៃដែលពួកកូនអ៊ីស្រាអែលខ្លះបានសន្មតថា ជាថ្លៃដែលគេនឹងទិញលោក ១០ ហើយពួកគេបានយកប្រាក់នោះទៅទិញវាលរបស់ជាងស្មូន ដូចព្រះយេហូវ៉ា*បានបង្គាប់ខ្ញុំ»។+
១១ ឯលោកយេស៊ូ លោកឈរនៅមុខអភិបាល។ អភិបាលសួរថា៖ «តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?»។ លោកយេស៊ូឆ្លើយថា៖ «គឺអ្នកហើយដែលនិយាយ»។+ ១២ ក៏ប៉ុន្តែ ពេលដែលពួកសង្ឃនាយកនិងពួកបុរសចាស់ទុំចោទប្រកាន់លោក នោះលោកមិនតបឆ្លើយឡើយ។+ ១៣ រួចមក ពីឡាតសួរលោកថា៖ «តើអ្នកមិនឮរឿងទាំងប៉ុន្មានដែលពួកគេកំពុងចោទប្រកាន់អ្នកទេឬ?»។ ១៤ ក៏ប៉ុន្តែ លោកមិនបានតបឆ្លើយមួយម៉ាត់សោះ ជាហេតុធ្វើឲ្យអភិបាលឆ្ងល់យ៉ាងខ្លាំង។
១៥ ក្នុងអំឡុងបុណ្យនេះ អភិបាលមានទម្លាប់ដោះលែងអ្នកទោសម្នាក់ដែលបណ្ដាជនចង់ឲ្យដោះលែង។+ ១៦ នៅពេលនោះ គេកំពុងឃុំអ្នកទោសដ៏ល្បីល្បាញម្នាក់ហៅថាបារ៉ាបាស។ ១៧ ដូច្នេះ ក្រោយពីបណ្ដាជនបានជួបជុំគ្នា នោះពីឡាតក៏សួរពួកគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា? បារ៉ាបាស ឬក៏យេស៊ូដែលហៅថាគ្រិស្ត?»។ ១៨ ព្រោះពីឡាតដឹងថាពួកគេបានប្រគល់លោកយេស៊ូមក ដោយសារពួកគេមានចិត្តច្រណែន។ ១៩ ម្យ៉ាងទៀត កាលដែលគាត់កំពុងអង្គុយនៅកន្លែងសម្រេចក្ដី នោះភរិយារបស់គាត់បានចាត់គេឲ្យទៅប្រាប់គាត់ថា៖ «កុំជាប់ពាក់ព័ន្ធនឹងបុរសសុចរិតនោះឲ្យសោះ ដោយសារខ្ញុំបានយល់សប្ដិអំពីគាត់ ហើយសប្ដិនោះធ្វើឲ្យខ្ញុំភ័យខ្លាចខ្លាំងណាស់»។ ២០ ប៉ុន្តែ ពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបានបញ្ចុះបញ្ចូលបណ្ដាជនឲ្យសុំដោះលែងបារ៉ាបាស+ តែសុំឲ្យសម្លាប់លោកយេស៊ូវិញ។+ ២១ អភិបាលបានសួរពួកគេម្ដងទៀតថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាក្នុងចំណោមពីរនាក់នេះ?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស»។ ២២ ពីឡាតសួរពួកគេថា៖ «ចុះតើចង់ឲ្យខ្ញុំធ្វើយ៉ាងណាចំពោះយេស៊ូដែលហៅថាគ្រិស្ត?»។ ពួកគេទាំងអស់គ្នានិយាយថា៖ «ព្យួរគាត់ទៅ!»។*+ ២៣ គាត់សួរពួកគេថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអាក្រក់អ្វីទៅ?»។ តែពួកគេស្រែកកាន់តែខ្លាំងថែមទៀតថា៖ «ព្យួរអ្នកនោះទៅ!»។+
២៤ កាលដែលពីឡាតឃើញថាការខំប្រឹងរបស់ខ្លួនគ្មានប្រយោជន៍ តែឃើញក្រុមមនុស្សកើតចលាចលកាន់តែខ្លាំងឡើង នោះគាត់ក៏យកទឹកមកលាងដៃនៅចំពោះមុខពួកគេ ហើយនិយាយថា៖ «ខ្ញុំមិនទទួលខុសត្រូវចំពោះការស្លាប់របស់បុរសនេះឡើយ។* រឿងនេះស្រេចនៅលើអ្នករាល់គ្នាទេ»។ ២៥ ពេលនោះ បណ្ដាជនទាំងអស់ឆ្លើយថា៖ «យើងនិងកូនចៅរបស់យើងនឹងទទួលខុសត្រូវចំពោះការប្រហារជីវិតអ្នកនេះ»។*+ ២៦ បន្ទាប់មក ពីឡាតក៏ដោះលែងបារ៉ាបាសប្រគល់ឲ្យពួកគេ តែបានបញ្ជាឲ្យពួកទាហានវាយលោកយេស៊ូ+ ហើយឲ្យពួកគេយកលោកទៅព្យួរលើបង្គោល។+
២៧ បន្ទាប់មកទៀត ពួកទាហានរបស់អភិបាលនាំលោកយេស៊ូចូលទៅក្នុងវិមានរបស់អភិបាល ហើយបានប្រមូលពួកទាហានគ្រប់រូបឲ្យមកនៅជុំវិញលោក។+ ២៨ រួចមក ពួកគេដោះសម្លៀកបំពាក់របស់លោកចេញ ហើយយកសំពត់ដណ្ដប់ពណ៌ក្រហមឆ្អៅមកបំពាក់ឲ្យលោកវិញ។+ ២៩ ពួកគេក៏បានក្រងបន្លាធ្វើជាមកុដមួយ មកបំពាក់លើក្បាលលោក ហើយយកដើមត្រែងមួយដាក់ក្នុងដៃស្ដាំរបស់លោក។ រួចមក ពួកគេលុតជង្គង់នៅមុខលោក ហើយចំអកថា៖ «សូមគោរពស្ដេចនៃជនជាតិយូដា!»។ ៣០ ពួកគេក៏ស្ដោះទឹកមាត់ដាក់លោក+ ថែមទាំងយកដើមត្រែងនោះវាយក្បាលលោក។ ៣១ ក្រោយពីបានចំអកឲ្យលោករួចហើយ នៅទីបំផុតពួកគេដោះសំពត់ដណ្ដប់ចេញពីលោក ហើយយកសម្លៀកបំពាក់ក្រៅរបស់លោកមកបំពាក់ឲ្យវិញ។ រួចមក ពួកគេនាំលោកយកទៅព្យួរលើបង្គោលឈើ។+
៣២ កាលដែលពួកគេកំពុងចេញទៅ ពួកគេប្រទះឃើញអ្នកក្រុងគីរេនម្នាក់ឈ្មោះស៊ីម៉ូន។ ពួកគេបង្ខំបុរសនេះឲ្យលីបង្គោលទារុណកម្ម*របស់លោក។+ ៣៣ ពេលដែលពួកគេទៅដល់កន្លែងមួយហៅថាកុលកូថា ដែលមានន័យថាកន្លែងលលាដ៍ក្បាល+ ៣៤ នោះពួកគេយកស្រាលាយជាមួយនឹងថ្នាំម្យ៉ាងដែលមានជាតិល្វីងមកជូនលោកពិសា+ តែក្រោយពីលោកភ្លក់ហើយ លោកមិនព្រមពិសាឡើយ។ ៣៥ ពេលដែលពួកគេបានព្យួរលោកលើបង្គោល*រួច ពួកគេក៏យកសម្លៀកបំពាក់ក្រៅរបស់លោកមកចាប់ឆ្នោតចែកគ្នា+ ៣៦ ហើយពួកគេអង្គុយចាំយាមលោកនៅទីនោះ។ ៣៧ ម្យ៉ាងទៀត នៅខាងលើក្បាលរបស់លោក ពួកគេដាក់សេចក្ដីប្រកាសដែលចោទប្រកាន់លោកថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាស្ដេចនៃជនជាតិយូដា»។+
៣៨ ក្រោយមក ពួកគេបានព្យួរចោរប្លន់ពីរនាក់នៅក្បែរលោក ម្នាក់នៅខាងស្ដាំលោក និងម្នាក់នៅខាងឆ្វេងលោក។+ ៣៩ ដូច្នេះ អ្នកដែលដើរកាត់គ្រវីក្បាល+ ហើយនិយាយមើលងាយលោក+ ៤០ ដោយពោលថា៖ «នែ! អ្នកដែលរុះវិហារ ហើយសង់ឡើងវិញក្នុងបីថ្ងៃអើយ!+ ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកឯងជាបុត្រព្រះមែន ចូរចុះពីបង្គោលទារុណកម្ម*មក!»។+ ៤១ ពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកបុរសចាស់ទុំ ក៏តាំងចំអកឲ្យលោកបែបដូច្នោះដែរ ដោយនិយាយថា៖+ ៤២ «អ្នកនេះបានសង្គ្រោះអ្នកដទៃ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ! គាត់ជាស្ដេចនៃអ៊ីស្រាអែល+ ចូរឲ្យគាត់ចុះពីបង្គោលទារុណកម្ម*មក ហើយយើងនឹងជឿលើគាត់។ ៤៣ គាត់បានទុកចិត្តព្រះ ដូច្នេះបើព្រះចង់បានគាត់ ទុកឲ្យព្រះសង្គ្រោះគាត់ចុះ+ ព្រោះគាត់បាននិយាយថា៖ ‹ខ្ញុំជាបុត្ររបស់ព្រះ›»។+ ៤៤ សូម្បីតែចោរប្លន់ដែលគេព្យួរនៅក្បែរលោក ក៏ចាប់ផ្ដើមតិះដៀលលោកបែបដូច្នោះដែរ។+
៤៥ ចាប់ពីម៉ោងទី៦* រហូតដល់ម៉ោងទី៩* ស្រុកទាំងមូលបានទៅជាងងឹត។+ ៤៦ ប្រហែលជាម៉ោងទី៩ លោកយេស៊ូបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាក់ ថានី?» ដែលមានន័យថា«ព្រះខ្ញុំអើយ ព្រះខ្ញុំអើយ ហេតុអ្វីបានជាលោកបោះបង់ចោលខ្ញុំ?»។+ ៤៧ ពេលឮដូច្នេះ អ្នកខ្លះក្នុងចំណោមពួកអ្នកដែលឈរនៅក្បែរនោះចាប់ផ្ដើមនិយាយថា៖ «បុរសនេះកំពុងហៅអេលីយ៉ា»។+ ៤៨ ក្រោយមក ម្នាក់ក្នុងចំណោមពួកគេបានរត់ទៅភ្លាម យកវត្ថុម្យ៉ាងដែលអាចជក់ទឹកបាន ក៏ជ្រលក់ក្នុងស្រាជូរ រួចដាក់លើដើមត្រែងមួយ ហើយឲ្យលោកពិសា។+ ៤៩ ប៉ុន្តែ អ្នកឯទៀតក្នុងចំណោមពួកគេបាននិយាយថា៖ «កុំរវល់នឹងគាត់! ចាំមើលថាតើអេលីយ៉ាមកសង្គ្រោះគាត់ឬមិនមក»។ ៥០ លោកយេស៊ូបន្លឺសំឡេងយ៉ាងខ្លាំងម្ដងទៀត រួចក៏ផុតដង្ហើមទៅ។+
៥១ ខណៈនោះ វាំងនន*នៅវិហារ+បានរហែកជាពីរ+ ចាប់ពីលើចុះដល់ក្រោម+ ដីក៏រញ្ជួយ ថ្មបានប្រេះដាច់ពីគ្នា ៥២ នោះបានធ្វើឲ្យទីបញ្ចុះសពរបើកឡើង បណ្ដាលឲ្យសពពួកអ្នកបរិសុទ្ធជាច្រើនចេញមកក្រៅ ៥៣ ហើយមនុស្សជាច្រើនបានឃើញសពទាំងនោះ (មនុស្សខ្លះដែលបានចេញពីកន្លែងបញ្ចុះសព ក៏ចូលទៅក្នុងក្រុងបរិសុទ្ធ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ)។ ៥៤ ប៉ុន្តែ ពេលដែលនាយទាហាននិងពួកអ្នកដែលនៅយាមលោកយេស៊ូ បានឃើញដីរញ្ជួយនិងអ្វីៗដែលកំពុងកើតឡើង នោះពួកគេភ័យយ៉ាងខ្លាំង ក៏បាននិយាយថា៖ «អ្នកនេះប្រាកដជាបុត្ររបស់ព្រះមែន»។+
៥៥ ម្យ៉ាងទៀត មានស្ត្រីជាច្រើននៅទីនោះដែលកំពុងឈរមើលពីចម្ងាយ។ ពួកនាងបានតាមបម្រើលោកយេស៊ូ តាំងពីស្រុកកាលីឡេមក។+ ៥៦ ក្នុងចំណោមពួកនាងមានម៉ារៀម៉ាក់ដាឡេន ម៉ារៀដែលជាម្ដាយរបស់យ៉ាកុបនិងយ៉ូសេ និងម្ដាយរបស់កូនប្រុសសេបេដេ។+
៥៧ លុះព្រលប់ហើយ បុរសអ្នកមានម្នាក់ឈ្មោះយ៉ូសែបពីក្រុងអារីម៉ាថេបានមកដល់។ គាត់ជាអ្នកកាន់តាមលោកយេស៊ូដែរ។+ ៥៨ បុរសនេះបានទៅជួបពីឡាត ហើយសុំយកសពលោកយេស៊ូ។+ ក្រោយមក ពីឡាតបង្គាប់ឲ្យគេប្រគល់សពដល់គាត់។+ ៥៩ រួចមក យ៉ូសែបយកសពលោករុំនឹងក្រណាត់សាច់ល្អ+ ៦០ ហើយដាក់ក្នុងទីបញ្ចុះសពថ្មីរបស់គាត់+ ដែលគាត់បានដាប់ថ្មធ្វើជារូង។ ក្រោយពីគាត់បានប្រមៀលថ្មមួយមកបិទទីបញ្ចុះសពនោះហើយ គាត់ក៏ចាកចេញទៅ។ ៦១ ប៉ុន្តែ ម៉ារៀម៉ាក់ដាឡេន និងម៉ារៀមួយទៀតមិនបានចេញទៅណាទេ តែបន្តអង្គុយនៅមុខទីបញ្ចុះសពនោះ។+
៦២ លុះស្អែកឡើង ដែលជាថ្ងៃបន្ទាប់ពីថ្ងៃរៀបចំ*+ នោះពួកសង្ឃនាយកនិងពួកផារិស៊ីបានប្រមូលគ្នាទៅជួបពីឡាត ៦៣ ដោយនិយាយថា៖ «លោក! យើងបាននឹកឃើញអ្វីដែលអ្នកបោកប្រាស់នោះបាននិយាយកាលនៅរស់ថា៖ ‹ក្រោយបីថ្ងៃ ខ្ញុំនឹងត្រូវប្រោសឲ្យរស់ឡើងវិញ›។+ ៦៤ ដូច្នេះ សូមបញ្ជាឲ្យគេទៅយាមកន្លែងបញ្ចុះសពនោះរហូតដល់ថ្ងៃទី៣ ដើម្បីកុំឲ្យពួកអ្នកកាន់តាមអ្នកនោះមកលួចសពគាត់+ ហើយប្រាប់បណ្ដាជនថា៖ ‹លោកបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ!› រួចការបោកប្រាស់ចុងក្រោយនេះនឹងអាក្រក់ជាងលើកមុនទៅទៀត»។ ៦៥ ពីឡាតប្រាប់ពួកគេថា៖ «ចូរយកទាហានទៅយាមឲ្យបានមាំទាំនៅកន្លែងបញ្ចុះសពនោះ តាមការយល់ឃើញរបស់អ្នករាល់គ្នាចុះ»។ ៦៦ ម្ល៉ោះហើយ ពួកគេបានទៅបិទត្រាលើថ្មដែលបិទកន្លែងបញ្ចុះសពនោះ ក៏បានចាត់ចែងឲ្យគេយាមយ៉ាងមាំទាំផង។