សៀវភៅលូកា
១១ មានពេលមួយ លោកយេស៊ូកំពុងអធិដ្ឋាន ហើយពេលអធិដ្ឋានចប់ អ្នកកាន់តាមម្នាក់របស់លោកបានសុំថា៖ «លោកម្ចាស់ សូមបង្រៀនយើងឲ្យចេះអធិដ្ឋាន ដូចយ៉ូហានក៏បានបង្រៀនពួកអ្នកកាន់តាមគាត់ឲ្យចេះអធិដ្ឋានដែរ»។
២ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ពេលណាដែលអ្នកអធិដ្ឋាន ចូរពោលថា៖ ‹បិតាអើយ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។+ សូមឲ្យរាជាណាចក្ររបស់លោកមកដល់។+ ៣ សូមផ្ដល់អាហារ*ឲ្យយើងរៀងរាល់ថ្ងៃ តាមសេចក្ដីត្រូវការរបស់យើង+ ៤ ហើយសូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង+ ព្រោះយើងក៏អភ័យទោសដល់អស់អ្នកដែលបានធ្វើខុសនឹងយើង*ដែរ។+ សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ›»។+
៥ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ឧបមាថា អ្នកមានមិត្តភក្ដិម្នាក់ ហើយអ្នកទៅរកគាត់កណ្ដាលអធ្រាត្រ រួចនិយាយថា៖ ‹សម្លាញ់អើយ! សូមឲ្យខ្ញុំខ្ចីនំប៉័ងបីដុំសិន ៦ ព្រោះខ្ញុំមានមិត្តភក្ដិម្នាក់ទើបតែមកដល់ គាត់ធ្វើដំណើរមកពីឆ្ងាយ ហើយខ្ញុំគ្មានអ្វីទទួលគាត់សោះ›។ ៧ ប៉ុន្តែ មិត្តភក្ដិរបស់អ្នកតបពីក្នុងផ្ទះថា៖ ‹ឈប់រំខានខ្ញុំ ព្រោះទ្វារចាក់សោហើយ ឯកូនតូចៗរបស់ខ្ញុំកំពុងដេកនៅគ្រែជាមួយនឹងខ្ញុំដែរ។ ខ្ញុំមិនអាចក្រោកឡើងយកអ្វីទៅឲ្យអ្នកបានទេ›។ ៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ប្រាកដជានឹងក្រោកឡើង ហើយឲ្យអ្វីដែលមិត្តភក្ដិរបស់គាត់ត្រូវការ មិនមែនឲ្យដោយសារអ្នកនោះជាមិត្តភក្ដិទេ តែឲ្យដោយសារអ្នកនោះទទូចសុំឥតខ្លាចចិត្ត។+ ៩ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសុំឥតឈប់+ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ។+ ១០ ពីព្រោះអស់អ្នកដែលសុំ នឹងទទួល+ ហើយអស់អ្នកដែលរក នឹងរកឃើញ ហើយចំពោះអស់អ្នកដែលគោះ ទ្វារនឹងត្រូវបើកឲ្យ។ ១១ ក្នុងចំណោមអ្នករាល់គ្នាជាឪពុក បើកូនសុំត្រី តើមានអ្នកណាម្នាក់នឹងឲ្យសត្វពស់មួយទៅកូន ជាជាងឲ្យត្រីមួយទេ?+ ១២ ឬបើកូនសុំស៊ុតមួយ តើនឹងឲ្យខ្ទួយមួយទៅកូនទេ? ១៣ ដូច្នេះ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សទុច្ចរិត ចេះឲ្យរបស់ល្អដល់កូន ទម្រាំតែបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោកច្រើនជាងនោះទៅទៀត!»។+
១៤ ក្រោយមក លោកបានបណ្ដេញវិញ្ញាណកំណាចដែលធ្វើឲ្យបុរសម្នាក់គ។+ លុះវិញ្ញាណកំណាចចេញពីបុរសនោះហើយ គាត់ចាប់ផ្ដើមនិយាយ ហើយបណ្ដាជនបានភ្ញាក់ផ្អើលជាខ្លាំង។+ ១៥ ប៉ុន្តែ អ្នកខ្លះក្នុងចំណោមពួកគេបាននិយាយថា៖ «បុរសនេះបណ្ដេញវិញ្ញាណកំណាចបាន ដោយសារតែទទួលអំណាចពីបេលសេប៊ូល*ដែលជាអ្នកគ្រប់គ្រងពួកវិញ្ញាណកំណាច»។+ ១៦ រីឯអ្នកខ្លះទៀតបានល្បងលលោក ដោយសុំលោកឲ្យបង្ហាញសញ្ញាសម្គាល់មួយ+ពីលើមេឃ។ ១៧ លោកជ្រាបអំពីគំនិតរបស់ពួកគេ+ ក៏មានប្រសាសន៍ថា៖ «រាជាណាចក្រណាដែលបែកបាក់ទាស់ប្រឆាំងគ្នា នឹងវិនាសទៅ ហើយផ្ទះណាដែលបែកបាក់ទាស់ប្រឆាំងគ្នានឹងរលំ។ ១៨ ដូចគ្នាដែរ បើសាថាន*បានបែកបាក់ទាស់ប្រឆាំងខ្លួនឯងហើយ តើរាជាណាចក្ររបស់សាថានអាចស្ថិតស្ថេរដូចម្ដេចបាន? ព្រោះអ្នករាល់គ្នានិយាយថាខ្ញុំបណ្ដេញវិញ្ញាណកំណាចបាន ដោយសារតែទទួលអំណាចពីបេលសេប៊ូល។ ១៩ បើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយសារបេលសេប៊ូល ចុះតើអ្នកកាន់តាមអ្នករាល់គ្នាបណ្ដេញវិញ្ញាណកំណាចដោយសារអ្នកណាវិញ? ហេតុនេះហើយបានជាពួកគេនឹងវិនិច្ឆ័យអ្នករាល់គ្នា។ ២០ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយម្រាមដៃរបស់ព្រះវិញ+ នោះមានន័យថារាជាណាចក្ររបស់ព្រះបានមកដល់ដោយអ្នកមិនដឹងខ្លួន។+ ២១ ពេលបុរសខ្លាំងពូកែម្នាក់ប្រដាប់អាវុធសព្វគ្រប់ ការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិរបស់គាត់នៅគង់វង្ស។ ២២ ប៉ុន្តែ ពេលអ្នកដែលខ្លាំងជាងមកច្បាំងឈ្នះគាត់ អ្នកនោះក៏ដកហូតអាវុធទាំងអស់ដែលគាត់បានទុកចិត្ត ហើយទ្រព្យសម្បត្តិដែលអ្នកនោះបានរឹបអូសពីគាត់ អ្នកនោះក៏ចែករំលែកដល់អ្នកដទៃ។ ២៣ អ្នកណាដែលមិនគាំទ្រខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមនុស្សជាមួយនឹងខ្ញុំ អ្នកនោះធ្វើឲ្យមនុស្សខ្ចាត់ខ្ចាយវិញ។+
២៤ «នៅពេលដែលវិញ្ញាណអសោចចេញពីមនុស្សម្នាក់ វាឆ្លងកាត់ទីហួតហែង ដើម្បីរកកន្លែងសម្រាក តែរកមិនបានទេ។ រួចមក វានិយាយថា៖ ‹ខ្ញុំនឹងត្រឡប់ទៅឯបុគ្គលនោះដែលធ្លាប់ជាផ្ទះរបស់ខ្ញុំវិញ›។+ ២៥ លុះទៅដល់ហើយ ឃើញថាផ្ទះនោះបានត្រូវបោសស្អាត និងតុបតែងយ៉ាងល្អ។ ២៦ ក្រោយមក វាចេញទៅនាំវិញ្ញាណ៧ទៀតដែលទុច្ចរិតជាងវាចូលបុគ្គលនោះ។ ពេលចូលហើយ ពួកវាអាស្រ័យនៅទីនោះ រួចស្ថានភាពចុងក្រោយរបស់មនុស្សម្នាក់នោះគឺអាក្រក់ជាងមុនទៅទៀត»។
២៧ កាលដែលលោកកំពុងពោលពាក្យទាំងនេះ ស្ត្រីម្នាក់បន្លឺសំឡេងពីក្នុងចំណោមបណ្ដាជនទៅលោកថា៖ «ស្ត្រីដែលបានរក្សាលោកក្នុងផ្ទៃ ហើយបំបៅលោក មានសុភមង្គលហើយ!»។+ ២៨ ប៉ុន្តែ លោកមានប្រសាសន៍ថា៖ «ទេ! គឺអស់អ្នកដែលឮបណ្ដាំរបស់ព្រះ ហើយធ្វើតាម ទើបមានសុភមង្គល!»។+
២៩ ពេលដែលបណ្ដាជនកំពុងប្រមូលផ្ដុំគ្នា លោកមានប្រសាសន៍ថា៖ «មនុស្សជំនាន់នេះជាជំនាន់ទុច្ចរិត ព្រោះពួកគេចេះតែរកមើលសញ្ញាសម្គាល់។ ប៉ុន្តែ គ្មានសញ្ញាសម្គាល់ណានឹងត្រូវបើកបង្ហាញឲ្យពួកគេឃើញឡើយ ក្រៅពីសញ្ញាសម្គាល់នៃយ៉ូណាស។+ ៣០ ព្រោះដូចយ៉ូណាស+បានធ្វើជាសញ្ញាសម្គាល់ដល់អ្នកក្រុងនីនីវេ នោះកូនមនុស្សក៏នឹងធ្វើជាសញ្ញាសម្គាល់ដល់មនុស្សជំនាន់នេះដែរ។ ៣១ នៅថ្ងៃវិនិច្ឆ័យក្ដី មហាក្សត្រីនៃភាគខាងត្បូង+នឹងត្រូវប្រោសឲ្យរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយមហាក្សត្រីនោះនឹងផ្ដន្ទាទោសពួកគេ ពីព្រោះនាងបានមកពីចុងផែនដីដើម្បីស្ដាប់សម្ដីប្រកបដោយប្រាជ្ញារបស់សាឡូម៉ូន។ ប៉ុន្តែ មើល! អ្នកដែលធំជាងសាឡូម៉ូននៅទីនេះហើយ។+ ៣២ នៅថ្ងៃវិនិច្ឆ័យក្ដី មនុស្សពីក្រុងនីនីវេនឹងរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយនឹងផ្ដន្ទាទោសពួកគេ ពីព្រោះអ្នកក្រុងនោះបានប្រែចិត្តពេលស្ដាប់អ្វីដែលយ៉ូណាសផ្សព្វផ្សាយ។+ ប៉ុន្តែ មើល! អ្នកដែលធំជាងយ៉ូណាសនៅទីនេះហើយ។ ៣៣ ក្រោយពីអុជចង្កៀង គេមិនដែលយកវាទៅលាក់ ឬដាក់ក្រោមកញ្ឆេ*ឡើយ តែគេដាក់លើជើងចង្កៀងវិញ+ ដើម្បីឲ្យអ្នកដែលចូលមកអាចឃើញពន្លឺបាន។ ៣៤ ភ្នែករបស់អ្នកជាចង្កៀងនៃរូបកាយ។ ពេលភ្នែករបស់អ្នកមើលរបស់តែមួយ នោះរូបកាយទាំងមូលរបស់អ្នកក៏ភ្លឺ។ ប៉ុន្តែ បើភ្នែករបស់អ្នកសម្លឹងមើលដោយចិត្តច្រណែន* នោះរូបកាយទាំងមូលរបស់អ្នកនឹងងងឹតវិញ។+ ៣៥ ដូច្នេះ ចូរប្រុងប្រយ័ត្ន ក្រែងពន្លឺដែលនៅក្នុងអ្នក គឺជាសេចក្ដីងងឹតវិញ។ ៣៦ ម្ល៉ោះហើយ បើរូបកាយទាំងមូលរបស់អ្នកភ្លឺ ដោយគ្មានកន្លែងណាងងឹតសោះ នោះនឹងបានភ្លឺពេញរូបកាយ ដូចពេលដែលចង្កៀងបំភ្លឺអ្នកដែរ»។
៣៧ លុះមានប្រសាសន៍ចប់ហើយ ផារិស៊ីម្នាក់បានអញ្ជើញលោកមកពិសាអាហារជាមួយនឹងគាត់។ ដូច្នេះ លោកបានចូលទៅអង្គុយនៅតុ។ ៣៨ ក៏ប៉ុន្តែ ផារិស៊ីនោះបានភ្ញាក់ផ្អើលពេលឃើញថាលោកមិនបានលាងដៃ*មុនពិសាអាហារ។+ ៣៩ ប៉ុន្តែ លោកម្ចាស់យេស៊ូបានមានប្រសាសន៍ទៅគាត់ថា៖ «អ្នករាល់គ្នាដែលជាពួកផារិស៊ី អ្នកលាងពែងនិងចានតែខាងក្រៅប៉ុណ្ណោះ ឯខាងក្នុងចិត្តអ្នករាល់គ្នាវិញ គឺពេញទៅដោយភាពលោភលន់និងអំពើទុច្ចរិត។+ ៤០ មនុស្សឥតសមហេតុសមផល! លោកដែលបានបង្កើតខាងក្រៅ ក៏បានបង្កើតខាងក្នុងដែរ មែនទេ? ៤១ ប៉ុន្តែ ពេលធ្វើទាន ចូរធ្វើដោយចេញពីក្នុងចិត្តវិញ ហើយមើល! អ្វីៗទាំងអស់អំពីអ្នកក៏នឹងស្អាតបរិសុទ្ធដែរ។ ៤២ ប៉ុន្តែ អ្នករាល់គ្នាជាពួកផារិស៊ី អ្នកនឹងត្រូវវេទនា! ពីព្រោះអ្នករាល់គ្នាឲ្យ១ភាគ១០ពីជីរអង្កាម ប៉េកាណុន* និងជីរ*ឯទៀត+ តែអ្នកមើលរំលងយុត្តិធម៌និងសេចក្ដីស្រឡាញ់ចំពោះព្រះ! អ្នកមានកាតព្វកិច្ចឲ្យអ្វីៗទាំងនោះ តែអ្នកមិនត្រូវលះចោលរឿងផ្សេងទៀតឡើយ។+ ៤៣ អ្នករាល់គ្នាជាពួកផារិស៊ី អ្នកនឹងត្រូវវេទនា! ពីព្រោះអ្នកចូលចិត្តអង្គុយកន្លែងនៅមុខគេក្នុងសាលាប្រជុំ ហើយចង់ឲ្យមនុស្សជម្រាបសួរ បង្ហាញការគោរពចំពោះអ្នកនៅទីផ្សារ!+ ៤៤ អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកដូចជាទីបញ្ចុះសពដែលគេមើលមិនឃើញ+ ហើយដើរជាន់ដោយមិនដឹងខ្លួន!»។
៤៥ អ្នកចេះច្បាប់ស្ទាត់ម្នាក់បានជម្រាបលោកថា៖ «លោកគ្រូ លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថាលោកក៏ដៀលត្មះយើងខ្ញុំដែរ»។ ៤៦ រួចលោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាអ្នកចេះច្បាប់ស្ទាត់ អ្នកនឹងត្រូវវេទនា! ពីព្រោះបន្ទុកដែលអ្នកដាក់លើមនុស្ស គឺជាបន្ទុកដែលពិបាករែកពុន ប៉ុន្តែអ្នកមិនព្រមយកម្រាមដៃមកពាល់បន្ទុកនោះបន្តិចសោះ!+
៤៧ «អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកធ្វើទីបញ្ចុះសពរបស់ពួកអ្នកប្រកាសទំនាយ តែបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់ពួកគេ!+ ៤៨ អ្នករាល់គ្នាដឹងច្បាស់អំពីការប្រព្រឹត្តនៃបុព្វបុរសរបស់អ្នករាល់គ្នា ប៉ុន្តែអ្នកនៅតែពេញចិត្តការប្រព្រឹត្តរបស់ពួកគេ ពីព្រោះពួកគេបានសម្លាប់ពួកអ្នកប្រកាសទំនាយ+ ឯអ្នករាល់គ្នាកំពុងធ្វើទីបញ្ចុះសពរបស់អ្នកប្រកាសទំនាយទាំងនោះ។ ៤៩ ហេតុនេះ ព្រះបានមានប្រសាសន៍ដោយប្រាជ្ញាថា៖ ‹ខ្ញុំនឹងចាត់ពួកអ្នកប្រកាសទំនាយនិងពួកសាវ័កទៅឯពួកគេ រួចអ្នកខ្លះនឹងត្រូវពួកគេសម្លាប់ ហើយអ្នកខ្លះនឹងត្រូវពួកគេបៀតបៀន ៥០ ដើម្បីឲ្យមនុស្សជំនាន់នេះទទួលទោសចំពោះការសម្លាប់*ពួកអ្នកប្រកាសទំនាយទាំងអស់ តាំងពីកំណើតពិភពលោកមក+ ៥១ តាំងពីឈាមរបស់អេបិល+ រហូតដល់ឈាមរបស់សាការី ដែលគេបានសម្លាប់នៅចន្លោះទីបូជានិងវិហារ›។+ ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងទទួលទោសចំពោះឈាមរបស់អ្នកទាំងអស់នោះពិតមែន។
៥២ «អ្នករាល់គ្នាជាអ្នកចេះច្បាប់ស្ទាត់ អ្នកនឹងត្រូវវេទនា! ពីព្រោះអ្នកបានដកយកកូនសោនៃចំណេះចេញ។ អ្នករាល់គ្នាមិនបានចូល ហើយអ្នកដែលកំពុងចូល ក៏អ្នករាល់គ្នាឃាត់មិនឲ្យចូលដែរ!»។+
៥៣ ដូច្នេះ ពេលដែលលោកចេញពីទីនោះ ពួកអ្នកជំនាញខាងច្បាប់ និងពួកផារិស៊ីចាប់ផ្ដើមប្រជ្រៀតគ្នាចោមរោមលោក រួចសួរដេញដោលអំពីរឿងផ្សេងទៀតជាច្រើន ៥៤ ហើយពួកគេចាំឲ្យលោកមានប្រសាសន៍អំពីអ្វីមួយ ដើម្បីអាចចាប់កំហុសលោកបាន។+