សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច
៥ ឥឡូវបងប្អូនអើយ ស្ដីអំពីពេលកំណត់ អ្នករាល់គ្នាមិនត្រូវការឲ្យអ្នកណាសរសេរទៅកាន់អ្នករាល់គ្នាឡើយ។ ២ ព្រោះអ្នករាល់គ្នាដឹងច្បាស់ថា ថ្ងៃរបស់ព្រះយេហូវ៉ា*+នឹងមកដូចជាចោរមកនៅពេលយប់។+ ៣ នៅពេលដែលពួកគេនិយាយថា៖ «មានសន្តិភាពនិងសន្តិសុខហើយ!» នោះស្រាប់តែសេចក្ដីហិនវិនាសកើតមានដល់ពួកគេភ្លាមមួយរំពេច+ ដូចជាការឈឺចាប់របស់ស្ត្រីដែលហៀបនឹងសម្រាលកូន។ ពួកគេនឹងគេចមិនផុតឡើយ។ ៤ ប៉ុន្តែ បងប្អូនអើយ អ្នករាល់គ្នាមិននៅក្នុងភាពងងឹតទេ ដូច្នេះថ្ងៃនោះនឹងមិនមកដោយអ្នករាល់គ្នាមិនដឹងខ្លួន ដូចជាពន្លឺថ្ងៃមកដោយពួកចោរមិនដឹងខ្លួននោះឡើយ ៥ ព្រោះអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។+ យើងមិនមែនជាកូននៃភាពងងឹត ឬជាកូននៃយប់ទេ។+
៦ ដូច្នេះ កុំឲ្យយើងដេកលង់លក់ដូចអ្នកឯទៀត+ តែចូរឲ្យយើងភ្ញាក់+ហើយដឹងខ្លួនជានិច្ច។+ ៧ ព្រោះអ្នកដែលដេក ក៏ដេកនៅពេលយប់ ហើយអ្នកដែលស្រវឹងស្រា ក៏ស្រវឹងនៅពេលយប់។+ ៨ ប៉ុន្តែ ចំណែកយើងដែលនៅខាងថ្ងៃវិញ ចូរឲ្យយើងដឹងខ្លួនជានិច្ច ហើយពាក់ជំនឿនិងសេចក្ដីស្រឡាញ់ជាអាវការពារដើមទ្រូង ថែមទាំងពាក់សេចក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះជាមួកការពារក្បាល+ ៩ ពីព្រោះព្រះបានជ្រើសរើសយើង មិនមែនដើម្បីឲ្យយើងទទួលកំហឹងរបស់លោកទេ តែដើម្បីឲ្យយើងទទួលសេចក្ដីសង្គ្រោះ+តាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។ ១០ លោកបានស្លាប់ដើម្បីឲ្យយើង+អាចរស់ជាមួយនឹងលោក ទោះជាយើងដេកលក់*ឬនៅភ្ញាក់ក៏ដោយ។+ ១១ ដូច្នេះ ចូរបន្តលើកទឹកចិត្តគ្នា*ទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក+ ដូចអ្នករាល់គ្នាកំពុងធ្វើ។
១២ បងប្អូនអើយ ឥឡូវយើងសុំឲ្យអ្នករាល់គ្នាគោរពពួកអ្នកដែលកំពុងខំធ្វើការយ៉ាងនឿយហត់ក្នុងចំណោមអ្នករាល់គ្នា និងកំពុងដឹកនាំអ្នករាល់គ្នាក្នុងកិច្ចបម្រើលោកម្ចាស់ ព្រមទាំងកំពុងដាស់តឿនអ្នករាល់គ្នា។ ១៣ បន្ថែមទៅទៀត ចូរអ្នករាល់គ្នាបង្ហាញសេចក្ដីស្រឡាញ់និងឲ្យតម្លៃខ្ពស់ចំពោះពួកគាត់ ដោយសារកិច្ចការដែលពួកគាត់បានធ្វើ។+ ចូររក្សាឲ្យមានសន្តិភាពរវាងគ្នានឹងគ្នា។+ ១៤ មួយវិញទៀត បងប្អូនអើយ យើងជំរុញចិត្តអ្នករាល់គ្នាឲ្យព្រមាន*ពួកអ្នកដែលមិនស្ដាប់បង្គាប់+ និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ត គាំពារពួកអ្នកដែលខ្សោយ និងមានចិត្តអត់ធ្មត់ចំពោះមនុស្សទាំងអស់។+ ១៥ កុំឲ្យអ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើអាក្រក់ឡើយ+ តែចូររកវិធីធ្វើអំពើល្អចំពោះគ្នាទៅវិញទៅមក និងចំពោះអ្នកឯទៀតជានិច្ច។+
១៦ ចូរអរសប្បាយជានិច្ច។+ ១៧ ចូរអធិដ្ឋានឥតឈប់។+ ១៨ ចូរថ្លែងអំណរគុណសម្រាប់អ្វីៗទាំងអស់។+ នេះជាបំណងប្រាថ្នារបស់ព្រះសម្រាប់អ្នកកាន់តាមគ្រិស្តយេស៊ូ។ ១៩ កុំរារាំងឥទ្ធិពលនៃឫទ្ធានុភាពរបស់ព្រះ។+ ២០ កុំចាត់ទុកទំនាយថាគ្មានតម្លៃឡើយ។+ ២១ ចូរពិចារណាអ្វីៗទាំងអស់ឲ្យប្រាកដថាត្រឹមត្រូវ+ ចូរកាន់ខ្ជាប់តាមអ្វីៗដែលប្រសើរ។ ២២ ចូរជៀសចេញពីអំពើទុច្ចរិតគ្រប់យ៉ាង។+
២៣ សូមឲ្យព្រះនៃសេចក្ដីសុខសាន្តធ្វើឲ្យអ្នករាល់គ្នាបរិសុទ្ធទាំងស្រុង។ សូមឲ្យចិត្តគំនិត ជីវិត* និងរូបកាយរបស់បងប្អូនបានត្រូវរក្សាឲ្យមានគ្រប់លក្ខណៈ ហើយការពារមិនឲ្យមានកន្លែងបន្ទោស ក្នុងអំឡុងវត្តមានរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។+ ២៤ លោកដែលកំពុងហៅអ្នករាល់គ្នាគឺស្មោះត្រង់ ហើយលោកនឹងធ្វើការនោះពិតមែន។
២៥ បងប្អូនអើយ សូមបន្តអធិដ្ឋានឲ្យយើង។+
២៦ សូមសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើប។*
២៧ ខ្ញុំបង្គាប់អ្នករាល់គ្នាក្នុងនាមលោកម្ចាស់ ឲ្យអានសំបុត្រនេះជូនបងប្អូនទាំងអស់ស្ដាប់។+
២៨ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនៅជាមួយនឹងអ្នករាល់គ្នា។