ការបើកបង្ហាញចំពោះយ៉ូហាន
១១ បន្ទាប់មក ខ្ញុំទទួលដើមត្រែងមួយដែលវែងដូចដំបង*+ ហើយមានសំឡេងបន្លឺមកខ្ញុំថា៖ «ចូរក្រោកឡើងទៅវាស់បន្ទប់បរិសុទ្ធនៅវិហាររបស់ព្រះ ហើយវាស់ទីបូជា និងពួកអ្នកដែលកំពុងគោរពប្រណិប័តន៍នៅទីនោះ។ ២ ប៉ុន្តែ ឯទីធ្លាខាងក្រៅបន្ទប់បរិសុទ្ធនៅវិហារ អ្នកមិនចាំបាច់វាស់ទេទុកចោលទៅ ពីព្រោះទីនោះបានត្រូវប្រគល់ដល់ប្រជាជាតិនានា ហើយពួកគេនឹងជាន់ឈ្លីក្រុងបរិសុទ្ធ+អស់៤២ខែ។+ ៣ ខ្ញុំនឹងចាត់សាក្សីពីរនាក់របស់ខ្ញុំឲ្យទៅប្រកាសទំនាយអស់រយៈពេល១.២៦០ថ្ងៃទាំងស្លៀកបាវ»។ ៤ អ្នកទាំងនោះបានត្រូវតំណាងដោយដើមអូលីវពីរដើម+ និងជើងចង្កៀងពីរ+ដែលឈរនៅមុខម្ចាស់នៃផែនដី។+
៥ ប្រសិនបើអ្នកណាចង់ធ្វើបាបសាក្សីទាំងនោះ ភ្លើងនឹងចេញពីមាត់ពួកគេទៅបញ្ឆេះពួកសត្រូវ។ ប្រសិនបើអ្នកណាចង់ធ្វើបាបពួកគេ អ្នកនោះត្រូវស្លាប់តាមរបៀបនេះ។ ៦ សាក្សីទាំងនោះមានអំណាចធ្វើឲ្យមេឃរាំង+ មិនឲ្យភ្លៀងធ្លាក់មក+ក្នុងគ្រាដែលពួកគេប្រកាសទំនាយ ហើយពួកគេមានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម+ និងមានអំណាចប្រើសេចក្ដីវេទនាសព្វបែបយ៉ាងដើម្បីវាយដំផែនដីតាមតែពួកគេចង់។
៧ ពេលដែលពួកគេបានបញ្ចប់កិច្ចការជាសាក្សីហើយ នោះសត្វសាហាវដែលឡើងមកពីទីជ្រៅបំផុតនឹងច្បាំងពួកគេ ហើយឈ្នះពួកគេ រួចសម្លាប់ពួកគេ។+ ៨ ឯសពរបស់ពួកគេនឹងនៅលើផ្លូវធំនៃក្រុងដ៏ខ្លាំងក្លាដែលត្រូវហៅថាសូដុមនិងអេហ្ស៊ីបក្នុងន័យធៀប ជាកន្លែងដែលម្ចាស់របស់ពួកគេបានត្រូវព្យួរដែរ។ ៩ បណ្ដាជនពីជនជាតិនានា កុលសម្ព័ន្ធនានា ភាសាផ្សេងៗ និងប្រជាជាតិផ្សេងៗនឹងមើលសពរបស់ពួកគេអស់បីថ្ងៃកន្លះ+ ហើយមិនឲ្យអ្នកណាបញ្ចុះសពពួកគេក្នុងផ្នូរឡើយ។ ១០ រីឯមនុស្សដែលរស់នៅផែនដីនឹងរីករាយ ហើយអរសប្បាយដោយសារសាក្សីទាំងនោះបានស្លាប់ ក៏នឹងឲ្យអំណោយគ្នាទៅវិញទៅមក ពីព្រោះអ្នកប្រកាសទំនាយពីររូបនោះធ្លាប់ធ្វើទារុណកម្មដល់មនុស្សនៅផែនដី។
១១ ក្រោយបីថ្ងៃកន្លះនោះមក កម្លាំងជីវិតពីព្រះបានចូលក្នុងពួកគេ+ ហើយពួកគេក៏ក្រោកឈរឡើង រួចអស់អ្នកដែលឃើញពួកគេតាំងភ័យខ្លាចយ៉ាងខ្លាំង។ ១២ រួចពួកគេឮសំឡេងមួយបន្លឺយ៉ាងខ្លាំងចេញពីលើមេឃថា៖ «ចូរឡើងមកទីនេះ»។ ដូច្នេះ ពួកគេក៏ឡើងទៅលើមេឃក្នុងពពក ហើយពួកសត្រូវរបស់ពួកគេក៏បានឃើញ។ ១៣ នៅម៉ោងនោះឯង ផែនដីបានរញ្ជួយយ៉ាងខ្លាំង ១ភាគ១០នៃក្រុងនោះបានរលំ ហើយមនុស្ស៧.០០០នាក់បានស្លាប់ដោយការរញ្ជួយនោះ។ ឯមនុស្សទាំងប៉ុន្មានទៀតតាំងភ័យខ្លាច ក៏បានសរសើរតម្កើងព្រះនៅស្ថានសួគ៌។
១៤ សេចក្ដីវេទនាទី២+បានកន្លងផុតទៅហើយ។ មើល! សេចក្ដីវេទនាទី៣កំពុងមកយ៉ាងលឿន។
១៥ ពេលទេវតាទី៧ផ្លុំត្រែរបស់គាត់+ មានសំឡេងមួយចំនួនបន្លឺឡើងយ៉ាងខ្លាំងនៅលើមេឃ*ថា៖ «រាជាណាចក្រនៃពិភពលោកនេះបានក្លាយទៅជារាជាណាចក្រនៃម្ចាស់របស់យើង+និងគ្រិស្តរបស់លោក+ ហើយលោកនឹងគ្រប់គ្រងជាស្ដេចជារៀងរហូត»។+
១៦ ពួកអ្នកចាស់ទុំ២៤នាក់+ដែលអង្គុយលើបល្ល័ង្កនៅមុខព្រះ បានក្រាបគោរពប្រណិប័តន៍ព្រះ ១៧ ហើយជម្រាបថា៖ «យើងសូមអរគុណព្រះយេហូវ៉ា* ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត និងជាព្រះដែលមានជីវិតរស់នៅកាលពីមុន និងរស់នៅឥឡូវនេះ+ ពីព្រោះលោកបានប្រើឫទ្ធានុភាពមហិមារបស់លោកដើម្បីចាប់ផ្ដើមគ្រប់គ្រងជាស្ដេច។+ ១៨ ប៉ុន្តែ ប្រជាជាតិនានានាំគ្នាក្រេវក្រោធ ហើយលោកក៏បង្ហាញកំហឹងរបស់លោក។ រួចពេលកំណត់បានមកដល់ សម្រាប់វិនិច្ឆ័យមនុស្សស្លាប់ ហើយសម្រាប់ឲ្យរង្វាន់+ដល់ពួកអ្នកប្រកាសទំនាយដែលជាខ្ញុំបម្រើរបស់លោក+ និងដល់ពួកអ្នកបរិសុទ្ធ ពួកអ្នកដែលកោតខ្លាចនាមរបស់លោក ហើយដល់អ្នកធំនិងអ្នកតូច ព្រមទាំងសម្រាប់បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»។+
១៩ រួចមក បន្ទប់បរិសុទ្ធនៅវិហាររបស់ព្រះនៅស្ថានសួគ៌បានត្រូវបើកឡើង ហើយក្នុងបន្ទប់បរិសុទ្ធនោះ ឃើញមានហឹបនៃកិច្ចព្រមព្រៀងរបស់លោក+ ក៏មានផ្លេកបន្ទោរ សំឡេងនិយាយ ផ្គរលាន់ រញ្ជួយផែនដី និងមានដុំទឹកកកធ្លាក់មកយ៉ាងខ្លាំង។