ជំរឿនបណ្ដាជន
១០ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរយកប្រាក់មកដំធ្វើជាត្រែពីរ+ ដើម្បីផ្លុំហៅបណ្ដាជនឲ្យមកជួបជុំគ្នា និងដើម្បីផ្លុំជាសញ្ញារើជំរំ។ ៣ ពេលឮសំឡេងត្រែទាំងពីរនោះ ពួកជំនុំត្រូវមូលគ្នាមកឯអ្នក នៅត្រង់ច្រកចូលត្រសាលជំនុំ។+ ៤ ប៉ុន្តែ បើឮសំឡេងត្រែតែមួយ មានតែពួកមេដឹកនាំដែលជាមេលើ១.០០០នាក់ប៉ុណ្ណោះ ត្រូវមូលមកឯអ្នក។+
៥ «ពេលដែលគេផ្លុំត្រែឲ្យឮសំឡេងញាប់រន្ថាន់ នោះជាសញ្ញាឲ្យពួកអ្នកដែលបោះជំរំនៅប៉ែកខាងកើត+ចេញដំណើរ។ ៦ ពេលដែលគេផ្លុំត្រែឲ្យឮសំឡេងញាប់រន្ថាន់ជាលើកទី២ នោះជាសញ្ញាឲ្យពួកអ្នកដែលបោះជំរំនៅប៉ែកខាងត្បូង+ចេញដំណើរ។ គេត្រូវផ្លុំត្រែតាមរបៀបនេះរាល់ដង មុននឹងចេញដំណើរ។
៧ «ប៉ុន្តែ ពេលដែលផ្លុំត្រែហៅពួកជំនុំមកជួបជុំគ្នា+ មិនចាំបាច់ផ្លុំឲ្យឮសំឡេងញាប់រន្ថាន់ទេ។ ៨ កូនប្រុសៗរបស់អេរ៉ុនដែលជាសង្ឃត្រូវផ្លុំត្រែទាំងនេះ។+ នេះនឹងទៅជាច្បាប់ដែលអ្នករាល់គ្នាត្រូវធ្វើតាមនៅគ្រប់ជំនាន់តរៀងទៅ។
៩ «បើអ្នករាល់គ្នាត្រូវធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកសង្កត់សង្កិនដែលតែងមកធ្វើទុក្ខអ្នករាល់គ្នានៅក្នុងស្រុក នោះត្រូវផ្លុំត្រែជាសញ្ញាសង្គ្រាម+ ហើយព្រះយេហូវ៉ានឹងនឹកឃើញអ្នករាល់គ្នា រួចលោកជួយអ្នករាល់គ្នាឲ្យយកឈ្នះពួកសត្រូវ។
១០ «អ្នករាល់គ្នាក៏ត្រូវផ្លុំត្រែក្នុងឱកាសសប្បាយរីករាយដែរ+ គឺនៅថ្ងៃបុណ្យផ្សេងៗ+ និងនៅរៀងរាល់ដើមខែ ពេលជូនគ្រឿងបូជាដុត+ និងគ្រឿងបូជានៃមេត្រីភាព។+ សំឡេងត្រែនោះនឹងធ្វើឲ្យព្រះនឹកឃើញអ្នករាល់គ្នា។ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា»។+
១១ នៅថ្ងៃទី២០ ខែទី២ ក្នុងឆ្នាំទី២+ បង្គោលពពកបានឡើងផុតពីត្រសាលជំនុំ+ដែលមានហឹបនៃសេចក្ដីរំលឹក។ ១២ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលបានធ្វើដំណើរចេញពីតំបន់ស្ងាត់ជ្រងំស៊ីណាយតាមលំដាប់លំដោយ។+ ពេលទៅដល់តំបន់ស្ងាត់ជ្រងំប៉ារ៉ាន បង្គោលពពកក៏ឈប់នៅទីនោះ។+ ១៣ នេះជាលើកទី១ដែលពួកគេធ្វើដំណើរចេញទៅ តាមបង្គាប់ព្រះយេហូវ៉ាតាមរយៈម៉ូសេ។+
១៤ ដូច្នេះ ក្រុមកុលសម្ព័ន្ធបីដែលមានកុលសម្ព័ន្ធយូដាជាអ្នកនាំមុខ បានធ្វើដំណើរចេញទៅមុនគេបង្អស់ ដោយមានណាសូន+ជាកូនអាមីណាដាបជាមេដឹកនាំ។ ១៥ ក្នុងក្រុមនោះមានកុលសម្ព័ន្ធអ៊ីសាខារ មេដឹកនាំពួកគេគឺនេថានេល+ជាកូនសួអា។ ១៦ ក្នុងក្រុមនោះក៏មានកុលសម្ព័ន្ធសេប៊ូឡូនដែរ ហើយមេដឹកនាំពួកគេគឺអេលាប+ជាកូនហេឡន។
១៧ ពេលដែលរុះត្រសាលជំនុំរួចរាល់ហើយ+ កូនចៅគើសុន+និងកូនចៅមេរេរ៉ាយ+ ក៏សែងប្រដាប់ប្រដាទាំងនោះ ហើយធ្វើដំណើរចេញទៅ។
១៨ បន្ទាប់មក ក្រុមកុលសម្ព័ន្ធបីដែលមានកុលសម្ព័ន្ធរូបេនជាអ្នកនាំមុខ បានធ្វើដំណើរចេញទៅ ដោយមានអេលីសឺ+ជាកូនសេដេអឺជាមេដឹកនាំ។ ១៩ ក្នុងក្រុមនោះមានកុលសម្ព័ន្ធស៊ីម្មាន មេដឹកនាំពួកគេគឺសេឡូមៀល+ជាកូនស៊ូរីសាដាយ។ ២០ ក្នុងក្រុមនោះក៏មានកុលសម្ព័ន្ធកាដដែរ ហើយមេដឹកនាំពួកគេគឺអេឡាយអាសាប+ជាកូនឌូអែល។
២១ បន្ទាប់មក កូនចៅកូហាតបានសែងប្រដាប់ប្រដាសម្រាប់កន្លែងបរិសុទ្ធ+ រួចធ្វើដំណើរចេញទៅ។ មុនពួកគេទៅដល់ ត្រូវដំឡើងត្រសាលជំនុំឲ្យរួចរាល់សិន។
២២ បន្ទាប់មក ក្រុមកុលសម្ព័ន្ធបីដែលមានកុលសម្ព័ន្ធអេប្រាអ៊ីមជាអ្នកនាំមុខ បានធ្វើដំណើរចេញទៅ ដោយមានអេលីសាម៉ា+ជាកូនអាំម៉ាយហ៊ូតជាមេដឹកនាំ។ ២៣ ក្នុងក្រុមនោះមានកុលសម្ព័ន្ធម៉ាណាសេ មេដឹកនាំពួកគេគឺកាម៉េលាល+ជាកូនភេដាសឺ។ ២៤ ក្នុងក្រុមនោះក៏មានកុលសម្ព័ន្ធបេនយ៉ាមីនដែរ ហើយមេដឹកនាំពួកគេគឺអាប៊ីដាន+ជាកូនគីឌីអូណាយ។
២៥ ក្រោយបង្អស់ ក្រុមកុលសម្ព័ន្ធបីដែលមានកុលសម្ព័ន្ធដាន់ជាអ្នកនាំមុខ បានធ្វើដំណើរចេញទៅ ដោយមានអាហាយអ៊ីសឺ+ជាកូនអាំមីសាដាយជាមេដឹកនាំ។ ពួកគេមានភារកិច្ចការពារពីខាងក្រោយ។ ២៦ ក្នុងក្រុមនោះមានកុលសម្ព័ន្ធអេស៊ើរ មេដឹកនាំពួកគេគឺផាគាល+ជាកូនអូក្រាន។ ២៧ ក្នុងក្រុមនោះក៏មានកុលសម្ព័ន្ធណែបថាលីដែរ ហើយមេដឹកនាំពួកគេគឺអាហាយរ៉ា+ជាកូនអេណាន់។ ២៨ ដូច្នេះ ពេលបណ្ដាជនអ៊ីស្រាអែលចាកចេញទៅ ពួកគេធ្វើដំណើរតាមលំដាប់លំដោយ តាមក្រុមពួកគេនីមួយៗ។+
២៩ បន្ទាប់មក ម៉ូសេបាននិយាយទៅកាន់ហូបាប់ជាកូនរូអាល់។*+ រូអាល់ជាជនជាតិម៉ាឌាន ត្រូវជាឪពុកក្មេករបស់ម៉ូសេ។ ម៉ូសេបានប្រាប់ហូបាប់ថា៖ «ពួកយើងកំពុងចេញដំណើរទៅកន្លែងដែលព្រះយេហូវ៉ាសន្យាប្រគល់ឲ្យពួកយើង។+ សូមអញ្ជើញទៅជាមួយនឹងពួកយើង+ ពួកយើងនឹងប្រព្រឹត្តល្អចំពោះអ្នក។ ព្រោះព្រះយេហូវ៉ាបានសន្យាថានឹងប្រគល់អ្វីល្អៗដល់បណ្ដាជនអ៊ីស្រាអែល»។+ ៣០ ប៉ុន្តែ ហូបាប់បានឆ្លើយថា៖ «ខ្ញុំមិនទៅទេ។ ខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតខ្ញុំនិងញាតិសន្ដានរបស់ខ្ញុំវិញ»។ ៣១ ប៉ុន្តែ ម៉ូសេអង្វរថា៖ «សូមកុំត្រឡប់ទៅវិញឡើយ សូមធ្វើជាអ្នកណែនាំពួកយើង ព្រោះអ្នកដឹងថាគួរបោះជំរំនៅទីណាក្នុងតំបន់ស្ងាត់ជ្រងំ។ ៣២ បើអ្នកព្រមទៅជាមួយយើង+ ពរណាដែលយើងទទួលពីព្រះយេហូវ៉ា អ្នកក៏នឹងទទួលដែរ»។
៣៣ ដូច្នេះ ពួកគេក៏ចេញពីភ្នំនៃព្រះយេហូវ៉ា+ ធ្វើដំណើរអស់រយៈពេលបីថ្ងៃដើម្បីរកកន្លែងសម្រាក ហើយហឹប+នៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ានាំមុខពួកគេ។+ ៣៤ នៅពេលថ្ងៃ ពេលដែលពួកគេចេញទៅ បង្គោលពពករបស់ព្រះយេហូវ៉ា+នៅពីលើពួកគេ។
៣៥ ពេលដែលគេសែងហឹបនោះ ម៉ូសេតែងនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! សូមលោកអញ្ជើញក្រោកឡើង+ សូមលោកធ្វើឲ្យសត្រូវរបស់លោកខ្ចាត់ខ្ចាយ ហើយសូមឲ្យពួកអ្នកដែលស្អប់លោក រត់ចេញពីលោកទៅ»។ ៣៦ ពេលដែលគេដាក់ហឹបនោះចុះ ម៉ូសេតែងនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! សូមលោកអញ្ជើញត្រឡប់មករកពួកអ៊ីស្រាអែលដ៏ច្រើនឥតគណនានេះវិញផង»។+