សៀវភៅម៉ាកុស
១២ ក្រោយមក លោកចាប់ផ្ដើមមានប្រសាសន៍ទៅកាន់ពួកគេ ដោយប្រើឧទាហរណ៍ថា៖ «បុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរ+ ក៏បានព័ទ្ធរបង និងជីកកន្លែងសម្រាប់ជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា ហើយសង់ប៉មមួយ+ រួចប្រវាស់ចម្ការនោះឲ្យពួកកសិករ។ បន្ទាប់មក បុរសនោះធ្វើដំណើរទៅក្រៅប្រទេស។+ ២ លុះដល់រដូវផ្លែទុំ គាត់ចាត់ខ្ញុំបម្រើម្នាក់ឲ្យទៅឯពួកកសិករ ដើម្បីទទួលផលដែលជាចំណែករបស់គាត់ពីពួកគេ។ ៣ ប៉ុន្តែ ពួកកសិករបានចាប់ខ្ញុំបម្រើនោះ វាយដំ រួចបណ្ដេញឲ្យទៅវិញដោយដៃទទេ។ ៤ ក្រោយមក បុរសនោះចាត់ខ្ញុំបម្រើម្នាក់ទៀតឲ្យទៅឯពួកកសិករម្ដងទៀត តែពួកគេវាយក្បាលអ្នកនោះ ហើយប្រមាថមើលងាយគាត់។+ ៥ រួចបុរសនោះបានចាត់ខ្ញុំបម្រើម្នាក់ទៀត តែពួកកសិករសម្លាប់អ្នកនោះចោល។ បុរសនោះចាត់ខ្ញុំបម្រើជាច្រើននាក់ទៀតឲ្យទៅ តែអ្នកខ្លះត្រូវពួកកសិករវាយដំ ហើយខ្លះទៀតត្រូវពួកគេសម្លាប់។ ៦ បុរសនោះមានកូនប្រុសម្នាក់ដែលគាត់ស្រឡាញ់ខ្លាំងណាស់។+ ក្រោយបង្អស់ គាត់ក៏ចាត់កូនប្រុសនោះឲ្យទៅ ដោយពោលថា៖ ‹ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ›។ ៧ ប៉ុន្តែ កសិករទាំងនោះបាននិយាយគ្នាថា៖ ‹គាត់ជាអ្នកទទួលមត៌ក។+ ចូរយើងនាំគ្នាសម្លាប់គាត់ រួចមត៌កនេះនឹងក្លាយជារបស់យើង›។ ៨ ដូច្នេះ ពួកគេចាប់កូនប្រុសនោះ ហើយសម្លាប់ចោល រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។+ ៩ តើម្ចាស់ចម្ការនោះនឹងធ្វើយ៉ាងណា? គាត់នឹងមកសម្លាប់កសិករទាំងនោះ រួចប្រវាស់ចម្ការឲ្យអ្នកផ្សេងទៀត។+ ១០ តើអ្នករាល់គ្នាមិនធ្លាប់អានបទគម្ពីរដែលចែងថា៖ ‹ថ្មដែលអ្នកសាងសង់មិនព្រមយក បានទៅជាថ្មដ៏សំខាន់បំផុត›*ទេឬ?+ ១១ តើមិនធ្លាប់អានទេឬថា៖ ‹ព្រះយេហូវ៉ា*បានធ្វើឲ្យការនេះកើតឡើង ហើយនោះជាការអស្ចារ្យចំពោះយើង›?»។+
១២ ឮដូច្នេះ ពួកគេចង់ចាប់លោក ព្រោះពួកគេដឹងថាលោកលើកឧទាហរណ៍នេះសំដៅលើពួកគេ។ ប៉ុន្តែ ដោយសារខ្លាចបណ្ដាជន ពួកគេបានចេញពីលោកទៅ។+
១៣ បន្ទាប់មក ពួកគេចាត់ផារិស៊ីខ្លះ និងអ្នកគាំទ្រខ្លះរបស់ហេរ៉ូឌ ឲ្យទៅនិយាយជាមួយនឹងលោក ដើម្បីរកហេតុចោទប្រកាន់លោក។+ ១៤ ពេលទៅដល់ អ្នកទាំងនោះក៏សួរលោកថា៖ «លោកគ្រូ! យើងដឹងថាលោកតែងមានប្រសាសន៍ជាសេចក្ដីពិត ហើយមិនផ្គាប់ផ្គុនអ្នកណាឡើយ ពីព្រោះលោកមិនចាប់អារម្មណ៍នឹងសម្បកក្រៅរបស់អ្នកណាទេ តែលោកបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ។ សូមប្រាប់យើង តើមានច្បាប់ឲ្យបង់ពន្ធជូនសេសារ*ឬទេ?* ១៥ តើយើងត្រូវបង់ពន្ធឬមិនត្រូវបង់?»។ ប៉ុន្តែ លោកជ្រាបអំពីពុតត្បុតរបស់ពួកគេ។ លោកក៏សួរពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នាខំល្បងមើលខ្ញុំដូច្នេះ? ចូរយកប្រាក់ឌីណារី*មួយមកបង្ហាញខ្ញុំ»។ ១៦ ពួកគេយកប្រាក់ឌីណារីមួយមក រួចលោកសួរពួកគេថា៖ «តើនេះជារូបនិងឈ្មោះរបស់អ្នកណា?»។ ពួកគេឆ្លើយថា៖ «ជារូបនិងឈ្មោះរបស់សេសារ»។ ១៧ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ+ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។+ រួចពួកគេកោតស្ងើចនឹងលោក។
១៨ បន្ទាប់មក ពួកសាឌូស៊ីដែលជាអ្នកមិនជឿថាមានការប្រោសឲ្យរស់ឡើងវិញ+ បានមកសួរលោកថា៖+ ១៩ «លោកគ្រូ! ម៉ូសេបានសរសេរបង្គាប់យើងថា បើអ្នកណាម្នាក់ស្លាប់ចោលប្រពន្ធ ហើយមិនមានកូនទេ នោះបងឬប្អូនប្រុសរបស់គាត់គួរយកនាងធ្វើជាប្រពន្ធ ដើម្បីបង្កើតកូនបន្តពូជឲ្យបងឬប្អូនដែលបានស្លាប់ទៅ។+ ២០ មានបងប្អូនប្រុស៧នាក់។ បងច្បងបានរៀបការ តែពេលស្លាប់ទៅ គាត់មិនមានកូនទេ។ ២១ រួចមក ប្អូនបន្ទាប់បានយកនាងធ្វើជាប្រពន្ធ តែពេលស្លាប់ទៅ គាត់ក៏គ្មានកូនដែរ។ ប្អូនទី២ក៏ដូច្នេះដែរ។ ២២ បងប្អូនទាំង៧នាក់នោះមិនមានកូនសោះ។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ២៣ នៅពេលដែលរស់ឡើងវិញ តើអ្នកណាត្រូវជាប្ដីរបស់នាង? ព្រោះថាបងប្អូនទាំង៧នាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធ»។ ២៤ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «គឺហេតុនេះហើយបានជាអ្នករាល់គ្នាយល់ខុស ពីព្រោះអ្នកមិនស្គាល់បទគម្ពីរ ហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់ព្រះដែរ។+ ២៥ ពេលដែលមនុស្សរស់ឡើងវិញ បុរសនិងស្ត្រីមិនយកគ្នាជាប្ដីប្រពន្ធឡើយ តែពួកគេគឺដូចបណ្ដាទេវតានៅស្ថានសួគ៌វិញ។+ ២៦ ប៉ុន្តែ ស្ដីអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ តើអ្នកមិនធ្លាប់អានក្នុងកំណត់ហេតុដែលម៉ូសេបានសរសេរអំពីគុម្ពបន្លាទេឬ ពេលដែលព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំជាព្រះរបស់អាប្រាហាំ និងជាព្រះរបស់អ៊ីសាក ហើយជាព្រះរបស់យ៉ាកុប›?+ ២៧ លោកមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ តែជាព្រះរបស់មនុស្សរស់វិញ។ អ្នករាល់គ្នាយល់ខុសទាំងស្រុង»។+
២៨ ពេលនោះ មានអ្នកជំនាញខាងច្បាប់ម្នាក់កំពុងស្ដាប់ពួកគេជជែកជាមួយនឹងលោក។ គាត់ឃើញថាលោកបានឆ្លើយសំណួររបស់ពួកគេយ៉ាងល្អប្រសើរ។ ដូច្នេះ គាត់សួរលោកថា៖ «តើបញ្ញត្ដិមួយណាជាបញ្ញត្ដិទី១?»។+ ២៩ លោកយេស៊ូឆ្លើយថា៖ «បញ្ញត្ដិទី១គឺ ‹ឱអ៊ីស្រាអែលអើយ! ចូរស្ដាប់! ព្រះយេហូវ៉ា*ជាព្រះរបស់យើង គឺព្រះយេហូវ៉ា*តែមួយប៉ុណ្ណោះ។ ៣០ អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ា*ជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីជីវិត* អស់ពីសមត្ថភាពរិះគិត និងអស់ពីកម្លាំងកាយ›។+ ៣១ បញ្ញត្ដិទី២គឺ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›។+ គ្មានបញ្ញត្ដិណាសំខាន់ជាងបញ្ញត្ដិទាំងនេះឡើយ»។ ៣២ អ្នកជំនាញខាងច្បាប់នោះជម្រាបលោកថា៖ «លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ ហើយសមស្របតាមសេចក្ដីពិតថា៖ ‹មានព្រះតែមួយទេ ហើយគ្មានព្រះណាទៀតឡើយ›។+ ៣៣ ម្យ៉ាងទៀត បើមនុស្សម្នាក់ស្រឡាញ់ព្រះអស់ពីដួងចិត្ត អស់ពីសមត្ថភាពយល់ដឹង និងអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង នោះមានតម្លៃជាងគ្រឿងបូជាដុតនិងគ្រឿងបូជាឯទៀតទាំងអស់»។+ ៣៤ ឮដូច្នេះ លោកយេស៊ូជ្រាបថាគាត់បានឆ្លើយដោយប្រាជ្ញា ហើយលោកបានមានប្រសាសន៍ទៅគាត់ថា៖ «អ្នកនៅមិនឆ្ងាយពីរាជាណាចក្ររបស់ព្រះទេ»។ រួចគ្មានអ្នកណាហ៊ានសួរលោកតទៅទៀតឡើយ។+
៣៥ ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូបន្តបង្រៀនក្នុងវិហារ ដោយមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាពួកអ្នកជំនាញខាងច្បាប់បង្រៀនថាគ្រិស្តជាបុត្ររបស់ដាវីឌ?+ ៣៦ ប៉ុន្តែ ដោយមានការដឹកនាំពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ ដាវីឌបាននិយាយថា៖ ‹ព្រះយេហូវ៉ា*មានប្រសាសន៍ទៅកាន់លោកម្ចាស់របស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំដៃខ្ញុំ រហូតដល់ខ្ញុំដាក់សត្រូវរបស់អ្នកនៅក្រោមបាតជើងអ្នក»›។+ ៣៧ បើដាវីឌបានហៅលោកថាលោកម្ចាស់ នោះតើលោកអាចជាបុត្ររបស់ដាវីឌដូចម្ដេចបាន?»។+
បណ្ដាជនមួយក្រុមធំពេញចិត្តស្ដាប់អ្វីដែលលោកមានប្រសាសន៍។ ៣៨ រួចលោកបង្រៀនតទៅទៀត ដោយមានប្រសាសន៍ថា៖ «ចូរប្រុងប្រយ័ត្ននឹងពួកអ្នកជំនាញខាងច្បាប់ ដែលចូលចិត្តពាក់អាវផាយដើរចុះឡើង ហើយចូលចិត្តឲ្យមនុស្សជម្រាបសួរ បង្ហាញការគោរពចំពោះពួកគេនៅឯផ្សារ+ ៣៩ ព្រមទាំងចូលចិត្តអង្គុយនៅមុខគេក្នុងសាលាប្រជុំ ហើយនៅពេលពិសាភោជនាហារ ពួកគេចូលចិត្តអង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេ។+ ៤០ ពួកគេប្រវ័ញ្ចយកផ្ទះ*របស់ស្ត្រីមេម៉ាយ ហើយអធិដ្ឋានយ៉ាងយូរដើម្បីឲ្យមនុស្សកោតស្ងើច។ ពួកគេនឹងត្រូវទទួលទោសធ្ងន់ជាងអ្នកឯទៀត»។
៤១ រួចមក លោកអង្គុយនៅទល់មុខប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់+ ហើយសង្កេតមើលបណ្ដាជនមកដាក់កាក់ក្នុងប្រដាប់ទាំងនោះ។ ពួកអ្នកមានជាច្រើននាក់បានដាក់កាក់ជាច្រើន។+ ៤២ ពេលនោះ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដាក់កាក់តូចពីរដែលមានតម្លៃតិចណាស់។*+ ៤៣ ម្ល៉ោះហើយ លោកហៅពួកអ្នកកាន់តាមឲ្យមកឯលោក រួចមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ស្ត្រីមេម៉ាយក្រីក្រមួយរូបនេះ បានដាក់ច្រើនជាងពួកគេទាំងអស់ដែលមកដាក់ក្នុងប្រដាប់ដាក់កាក់+ ៤៤ ព្រោះពួកគេបានដាក់ប្រាក់សំណល់របស់ខ្លួន។ ចំណែកនាងវិញ ពិតមែនតែនាងខ្វះខាត ប៉ុន្តែនាងបានដាក់ប្រាក់ទាំងអស់ គឺអ្វីៗទាំងអស់ដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។+