តើភាពខុសឆ្គងជាអ្វី?
ចម្លើយពីគម្ពីរ
ភាពខុសឆ្គងគឺជាការប្រព្រឹត្តណាមួយ អារម្មណ៍ ឬគំនិតដែលប្រឆាំងនឹងខ្នាតតម្រារបស់ព្រះ។ នេះរួមបញ្ចូលការបំពានច្បាប់ព្រះដោយធ្វើអ្វីដែលខុសឬមិនសុចរិតតាមទស្សនៈរបស់ព្រះ។ (យ៉ូហានទី១ ៣:៤; ៥:១៧) គម្ពីរក៏បានរៀបរាប់ដែរថា ការខុសឆ្គងគឺជាការមិនបានធ្វើអ្វីដែលត្រឹមត្រូវ។—យ៉ាកុប ៤:១៧
នៅក្នុងគម្ពីរ ពាក្យភាសាដើមដែលបានត្រូវបកប្រែថាភាពខុសឆ្គងមានន័យថា«ខុសសញ្ញា»ឬគោលដៅ។ ជាឧទាហរណ៍ ក្រុមទាហានអ៊ីស្រាអែលសម័យបុរាណ ពួកគេពូកែប្រើខ្សែដង្ហក់ដល់ម្ល៉េះបានជាពួកគេបាញ់«ត្រូវឥតខុស»។ ពាក្យនេះបើបកប្រែចំៗអាចមានន័យថា«ត្រូវឥតខុសឆ្គង»។ (អ្នកសម្រេចក្ដី ២០:១៦) ដូច្នេះ ការខុសឆ្គងគឺមិនត្រូវនឹងខ្នាតតម្រាដ៏ល្អឥតខ្ចោះរបស់ព្រះ។
ក្នុងនាមជាអ្នកបង្កើត ព្រះមានសិទ្ធិកំណត់ខ្នាតតម្រាឲ្យមនុស្សជាតិ។ (ការបើកបង្ហាញ ៤:១១) យើងត្រូវទទួលខុសត្រូវចំពោះលោកសម្រាប់ការប្រព្រឹត្តរបស់យើង។—រ៉ូម ១៤:១២
តើយើងអាចជៀសវាងពីការប្រព្រឹត្តខុសឆ្គងទាំងស្រុងបានទេ?
អត់ទេ។ គម្ពីរចែងថា៖«គ្រប់គ្នាធ្លាប់ធ្វើខុស ហើយមិនដល់កម្រិតកំណត់នៃសិរីរុងរឿងរបស់ព្រះទេ»។ (រ៉ូម ៣:២៣; បណ្ដាស្ដេចទី១ ៨:៤៦; អ្នកទូន្មាន ៧:២០; យ៉ូហានទី១ ១:៨) ហេតុអ្វីដូច្នេះ?
នៅដើមដំបូង អាដាមនិងអេវ៉ាដែលជាមនុស្សដំបូងបង្អស់ មិនមានភាពខុសឆ្គងទេ។ ព្រោះព្រះបានបង្កើតពួកគេឲ្យល្អឥតខ្ចោះមានភាពដូចលោក។ (ដើមកំណើត ១:២៧) ប៉ុន្តែ ពួកគេបានបាត់បង់ជីវិតដ៏ល្អឥតខ្ចោះ ដោយសារពួកគេមិនស្ដាប់បង្គាប់ព្រះ។ (ដើមកំណើត ៣:៥, ៦, ១៧-១៩) ពេលពួកគេមានកូន ពួកគេបានចម្លងភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះដល់កូនរបស់ពួកគេដែរ។ (រ៉ូម ៥:១២) ដូចដាវីឌស្ដេចស្រុកអ៊ីស្រាអែលនិយាយថា៖«ខ្ញុំកើតមកទាំងមានកំហុស»។—ចម្រៀងសរសើរព្រះ ៥១:៥
តើអំពើខុសឆ្គងខ្លះធ្ងន់ធ្ងរជាងអំពើខុសឆ្គងខ្លះឬ?
មែនហើយ។ ជាឧទាហរណ៍ គម្ពីរចែងថាពួកអ្នកក្រុងសូដុមសុទ្ធតែជា«មនុស្សទុច្ចរិត ហើយប្រព្រឹត្តអំពើដ៏លាមកអាក្រក់»។ អំពើខុសឆ្គងទាំងនេះ គឺ«ធ្ងន់ធ្ងរណាស់»។ (ដើមកំណើត ១៣:១៣; ១៨:២០) សូមពិចារណាកត្តាបីយ៉ាងដើម្បីឲ្យដឹងថាអំពើខុសឆ្គងនោះធ្ងន់ដល់កម្រិតណា។
១. កម្រិតធ្ងន់ធ្ងរ។ គម្ពីរព្រមានយើងឲ្យជៀសវាងពីការប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដូចជា ការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការគោរពបូជារូបព្រះ ការលួច ការប្រមឹកស្រា ការគំរាមយកទ្រព្យ ឃាតកម្ម និងការទាក់ទងនឹងពួកវិញ្ញាណកំណាច។ (កូរិនថូសទី១ ៦:៩-១១; ការបើកបង្ហាញ ២១:៨) ប៉ុន្តែ គម្ពីរក៏រៀបរាប់អំពីអំពើខុសឆ្គងដោយអចេតនាផងដែរ។ ឧទាហរណ៍ ពាក្យសម្ដីនិងការប្រព្រឹត្តដែលធ្វើឲ្យអ្នកឯទៀតឈឺចិត្ត។ (សុភាសិត ១២:១៨; អេភេសូរ ៤:៣១, ៣២) ទោះជាយ៉ាងនោះក៏ដោយ គម្ពីរលើកទឹកចិត្តយើងកុំឲ្យមើលស្រាលអំពើខុសឆ្គងណាមួយឡើយ ព្រោះអំពើខុសឆ្គងទាំងនោះអាចនាំឲ្យយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរប្រឆាំងនឹងច្បាប់របស់ព្រះ។—ម៉ាថាយ ៥:២៧, ២៨
២. បំណងចិត្ត។ អំពើខុសឆ្គងខ្លះបានត្រូវធ្វើឡើងដោយមិនដឹងអំពីអ្វីដែលព្រះតម្រូវ។ (សកម្មភាព ១៧:៣០; ធីម៉ូថេទី១ ១:១៣) ទោះជាយ៉ាងណាក៏ដោយ ការប្រព្រឹត្តទាំងនោះនៅតែជាអំពើខុសឆ្គង។ គម្ពីរចែងយ៉ាងច្បាស់ថាអំពើខុសឆ្គងមួយណាទាក់ទងនឹងការបំពានច្បាប់ព្រះដោយចេតនា។ (ជំរឿនបណ្ដាជន ១៥:៣០, ៣១) អំពើខុសឆ្គងដោយចេតនា គឺផុសចេញពី«ចិត្តអាក្រក់»។—យេរេមា ១៦:១២
៣. ញឹកញាប់ប៉ុនណា។ គម្ពីរជួយយើងឲ្យចេះសម្គាល់ភាពខុសគ្នារវាងអំពើខុសឆ្គងតែម្ដង និងការប្រព្រឹត្តអំពើខុសឆ្គងច្រើនដងជាទម្លាប់អស់រយៈពេលយូរ។ (យ៉ូហានទី១ ៣:៤-៨) អស់អ្នកដែល«ប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា» ទោះជាក្រោយពីពួកគេដឹងអំពីរបៀបប្រព្រឹត្តអ្វីដែលត្រឹមត្រូវក៏ដោយ នោះពួកគេនឹងទទួលការវិនិច្ឆ័យពីព្រះ។—ហេប្រឺ ១០:២៦, ២៧
អស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរអាចមានអារម្មណ៍កើតទុក្ខយ៉ាងខ្លាំងដោយសារអំពើខុសឆ្គងដែលពួកគេបានធ្វើ។ ជាឧទាហរណ៍ ស្ដេចដាវីឌបានសរសេរថា៖«កំហុសរបស់ខ្ញុំឡើងលិចក្បាលខ្ញុំ ដូចជាបន្ទុកដ៏ធ្ងន់ដែលខ្ញុំមិនអាចទ្រាំទ្របានឡើយ»។ (ចម្រៀងសរសើរព្រះ ៣៨:៤) ប៉ុន្តែ គម្ពីរក៏ផ្ដល់សេចក្ដីសង្ឃឹមនេះ ដែលថា៖«ចូរឲ្យមនុស្សទុច្ចរិតលះចោលផ្លូវរបស់ខ្លួន ហើយមនុស្សអាក្រក់លះបង់គំនិតរបស់ខ្លួនទៅ។ ចូរឲ្យគាត់ត្រឡប់មកព្រះយេហូវ៉ា ព្រោះលោកនឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះគាត់ គឺមកឯព្រះនៃយើង ព្រោះលោកនឹងអភ័យទោសឲ្យជាបរិបូរ។»។—អេសាយ ៥៥:៧