ហាកាយ
២ នៅថ្ងៃទី២១ ខែទី៧ ព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈហាកាយ+ជាអ្នកប្រកាសទំនាយថា៖ ២ «សូមទៅសួរសេរ៉ូបាបិល+ជាកូនសាលធាលនិងជាអភិបាលស្រុកយូដា+ ហើយសួរយ៉ូស្វេ+ជាកូនយេហូសាដាក+និងជាសម្ដេចសង្ឃ ព្រមទាំងសួរបណ្ដាជនទាំងអស់ថា៖ ៣ ‹ក្នុងចំណោមអ្នករាល់គ្នា តើអ្នកណាធ្លាប់ឃើញសិរីរុងរឿងរបស់វិហារនេះនៅសម័យមុន?+ តែឥឡូវ តើវិហារនេះយ៉ាងដូចម្ដេចដែរ? គឺមិនអាចប្រៀបធៀបគ្នាបានទាល់តែសោះ មែនទេ?›។+
៤ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ប៉ុន្តែ ឥឡូវនេះសេរ៉ូបាបិលអើយ! ចូររឹងមាំឡើង។ ឱយ៉ូស្វេជាកូនយេហូសាដាកនិងជាសម្ដេចសង្ឃអើយ! ចូររឹងមាំឡើង›។
«ព្រះយេហូវ៉ាប្រកាសថា៖ ‹ឱបណ្ដាជនទាំងអស់ដែលនៅក្នុងស្រុកអើយ! ចូររឹងមាំឡើង+ ហើយធ្វើការចុះ›។
«‹ព្រោះខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាហើយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។ ៥ ‹សូមនឹកចាំពាក្យដែលខ្ញុំបានសន្យានឹងអ្នករាល់គ្នានៅពេលដែលអ្នករាល់គ្នាចាកចេញពីស្រុកអេហ្ស៊ីប+ ហើយខ្ញុំនៅតែដឹកនាំអ្នករាល់គ្នាដោយឫទ្ធានុភាពរបស់ខ្ញុំ។+ ដូច្នេះ កុំភ័យខ្លាចឡើយ›»។+
៦ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹បន្តិចទៀត ខ្ញុំនឹងអង្រួនមេឃនិងផែនដី សមុទ្រនិងដីគោកម្ដងទៀត›។+
៧ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ខ្ញុំនឹងអង្រួនប្រជាជាតិនានា ហើយអ្វីៗដែលមានតម្លៃ*ពីប្រជាជាតិទាំងអស់នឹងចូលមកក្នុងវិហារនេះ។+ រួចខ្ញុំនឹងធ្វើឲ្យវិហារនេះពេញទៅដោយសិរីរុងរឿង›។+
៨ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រកាសថា៖ ‹មាសជារបស់ខ្ញុំ ហើយប្រាក់ក៏ជារបស់ខ្ញុំដែរ›។
៩ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹វិហារថ្មីនេះនឹងមានសិរីរុងរឿងអស្ចារ្យជាងវិហារនៅសម័យមុនទៅទៀត›។+
«‹ហើយខ្ញុំនឹងធ្វើឲ្យកន្លែងនេះមានសេចក្ដីសុខសាន្ត›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌»។
១០ នៅថ្ងៃទី២៤ ខែទី៩ ក្នុងឆ្នាំទី២នៃការគ្រប់គ្រងរបស់ស្ដេចដារីយុស ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ហាកាយ+ជាអ្នកប្រកាសទំនាយថា៖ ១១ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹សូមសួរពួកសង្ឃអំពីច្បាប់នេះថា៖+ ១២ «បើអ្នកណាម្នាក់យកសាច់នៃគ្រឿងបូជាដែលជាចំណែកបរិសុទ្ធទៅដាក់ក្នុងថ្នក់សម្លៀកបំពាក់ ហើយសម្លៀកបំពាក់របស់គាត់ប៉ះនឹងសម្ល ស្រា ប្រេង នំប៉័ង ឬអាហារផ្សេងៗ តើអ្វីទាំងនោះនឹងទៅជាបរិសុទ្ធឬទេ?»›»។
ពួកសង្ឃឆ្លើយថា៖ «ទេ!»។
១៣ បន្ទាប់មក ហាកាយក៏សួរទៀតថា៖ «ចុះបើអ្នកណាម្នាក់មិនស្អាតបរិសុទ្ធដោយសារប៉ះសាកសព ហើយគាត់ទៅប៉ះនឹងអាហារទាំងនោះ តើអាហារនោះនឹងទៅជាមិនស្អាតបរិសុទ្ធឬ?»។+
ពួកសង្ឃតបថា៖ «វានឹងទៅជាមិនស្អាតបរិសុទ្ធ»។
១៤ រួចហាកាយនិយាយថា៖ «ព្រះយេហូវ៉ាប្រកាសថា៖ ‹បណ្ដាជននេះនិងប្រជាជាតិនេះក៏យ៉ាងដូច្នោះដែរនៅចំពោះមុខខ្ញុំ ហើយកិច្ចការណាក៏ដោយដែលពួកគេធ្វើ និងអ្វីក៏ដោយដែលពួកគេជូន គឺសុទ្ធតែមិនស្អាតបរិសុទ្ធ›។
១៥ «‹ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ សូមអ្នករាល់គ្នាគិតពិចារណាឲ្យបានដិតដល់អំពីអ្វីដែលបានកើតឡើងមុនពេលគេតម្រៀបថ្មសង់វិហាររបស់ព្រះយេហូវ៉ា+ ១៦ តើធ្លាប់មានស្ថានភាពយ៉ាងណានៅពេលនោះ? គឺមនុស្សម្នាក់មកឯគំនរស្រូវដោយរំពឹងថាបានស្រូវ២០រង្វាល់ តែបែរជាបាន១០រង្វាល់វិញ ហើយពេលមនុស្សម្នាក់មកឯកន្លែងត្រងស្រាដើម្បីដងស្រា៥០រង្វាល់ តែបែរជាបានត្រឹម២០រង្វាល់ប៉ុណ្ណោះ។+ ១៧ ខ្ញុំបានបំផ្លាញអស់ទាំងកិច្ចការដែលអ្នករាល់គ្នាធ្វើ ដោយធ្វើឲ្យមានខ្យល់ក្ដៅដែលនាំឲ្យដំណាំក្រៀមស្វិត ហើយធ្វើឲ្យកើតផ្សិត+ ព្រមទាំងបណ្ដាលឲ្យមានដុំទឹកកកធ្លាក់ផង។ ទោះជាយ៉ាងនោះក៏ដោយ គ្មានអ្នកណាម្នាក់បានវិលមករកខ្ញុំវិញទេ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៨ «‹ចាប់ពីថ្ងៃនេះទៅ គឺពីថ្ងៃទី២៤ ខែទី៩ ជាថ្ងៃដែលគេបានដាក់គ្រឹះវិហាររបស់ព្រះយេហូវ៉ា+ សូមពិចារណាឲ្យបានដិតដល់ គឺគិតឲ្យបានហ្មត់ចត់អំពីការនេះដូចតទៅ៖ ១៩ តើមានគ្រាប់ពូជនៅសល់ក្នុងជង្រុកទេ?+ ដើមទំពាំងបាយជូរ ដើមល្វាតូច ដើមទទឹម និងដើមអូលីវ មិនទាន់ចេញផ្លែទេ មែនទេ? ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងឲ្យពរជាបរិបូរ›»។+
២០ នៅថ្ងៃទី២៤ ក្នុងខែដដែល ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ហាកាយម្ដងទៀត+ថា៖ ២១ «ចូរប្រាប់សេរ៉ូបាបិលជាអភិបាលស្រុកយូដាថា៖ ‹ខ្ញុំនឹងអង្រួនមេឃនិងផែនដី។+ ២២ ខ្ញុំនឹងកម្ទេចបល្ល័ង្ករបស់ស្ដេចនានា និងបំផ្លាញកងកម្លាំងរបស់រាជាណាចក្រទាំងឡាយ។+ ខ្ញុំនឹងបំផ្លាញទាំងរទេះចម្បាំងទាំងអ្នកបរ ព្រមទាំងប្រហារទាំងសេះទាំងអ្នកជិះ។ ពេលនោះ ពួកគេនឹងសម្លាប់គ្នាឯងដោយដាវ›»។+
២៣ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រកាសថា៖ ‹នៅថ្ងៃនោះ ឱសេរ៉ូបាបិលជាអ្នកបម្រើខ្ញុំ+និងជាកូនសាលធាល+អើយ! ខ្ញុំនឹងប្រើអ្នក›។ ព្រះយេហូវ៉ាប្រកាសថា៖ ‹ខ្ញុំនឹងធ្វើឲ្យអ្នកដូចជាចិញ្ចៀនត្រា ព្រោះអ្នកហើយជាបុគ្គលដែលខ្ញុំបានជ្រើសរើស›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌»។