សិរីល្អដ៏ធំធេងនៃដំណាក់របស់ព្រះយេហូវ៉ា
«ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ‹នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ›»។—ហាកាយ ២:៧
១. តើព្រះវិញ្ញាណបរិសុទ្ធជាប់ទាក់ទងជាមួយនឹងជំនឿនិងការប្រព្រឹត្តយ៉ាងណា?
កាលកំពុងផ្សាយពីផ្ទះមួយទៅផ្ទះមួយ ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់បានជួបស្ត្រីម្នាក់ខាងសាសនាភិន្ដាកុស ដែលមានប្រសាសន៍ថា៖ ‹យើងមានព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអ្នកជាពួកដែលធ្វើកិច្ចការផ្សាយ›។ រួចគេបានពន្យល់ប្រាប់នាងយ៉ាងសុភាពថា ពួកអ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធ ជាធម្មតា មានចិត្តប្រទាក់ប្រទាញចង់ធ្វើកិច្ចការរបស់ព្រះ។ យ៉ាកុប ២:១៧ ចែងថា៖ «សេចក្ដីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង»។ ដោយមានជំនួយពីព្រះវិញ្ញាណរបស់ព្រះ ស្មរបន្ទាល់របស់ទ្រង់បានបណ្ដុះឲ្យមានជំនឿដ៏មុតមាំ ហើយទ្រង់បាន ‹បំពេញដំណាក់របស់ទ្រង់ដោយសិរីល្អ› ដោយបានចាត់ពួកគេឲ្យធ្វើកិច្ចការសុចរិតនេះ—គឺជា ‹ការផ្សាយប្រកាសដំណឹងល្អនេះ ដែលសម្ដែងពីព្រះរាជាណាចក្រទូទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍›។ កាលណាព្រះយេហូវ៉ាពេញព្រះទ័យថាកិច្ចការនេះបានសម្រេចហើយ «នោះទើបនឹងបានដល់ចុងបំផុត»។—ម៉ាថាយ ២៤:១៤
២. (ក) ការបំរើក្នុងកិច្ចការរបស់ព្រះយេហូវ៉ា នឹងនាំឲ្យមានពរអ្វីដល់យើង? (ខ) ហេតុអ្វីក៏យើងគួរសប្បាយអំពីការ«បង្អង់»ពេល?
២ ពីពាក្យបន្ទូលរបស់ព្រះយេស៊ូនេះ យើងយល់ថា កិច្ចការរបស់យើងនៅសព្វថ្ងៃនេះ គឺត្រូវផ្សាយប្រាប់ដល់អ្នកដទៃអំពី«ដំណឹងពីសិរីល្អនៃព្រះដ៏មានពរ» ជាដំណឹងដែលបានប្រគល់មកយើង។ (ធីម៉ូថេទី១ ១:១១) កាលណាយើងបំរើព្រះយេហូវ៉ារឹតតែច្រើនឡើងដោយចិត្តសប្បាយ នោះទីបញ្ចប់ក៏ហាក់បីដូចជាមករឹតរហ័សដែរ។ នៅហាបាគុក ២:២, ៣ យើងអានពាក្យបន្ទូលរបស់ព្រះយេហូវ៉ាថា៖ «ចូរកត់ការជាក់ស្តែងនេះទុក ត្រូវឲ្យចារឹកឲ្យច្បាស់នៅលើក្ដារចុះ ដើម្បីឲ្យមនុស្សដែលកំពុងរត់ ក៏អាចមើលបានដែរ ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងច្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ»។ ត្រូវហើយ «ការជាក់ស្តែងនេះ»នឹងមកជាពិត ទោះបីជាត្រូវ«បង្អង់យូរ»ក៏ដោយ។ ដោយព្រោះតែយើងកំពុងតែរស់នៅក្នុងឆ្នាំទី៨៣នៃការសោយរាជ្យរបស់ព្រះយេស៊ូ អ្នកខ្លះប្រហែលជាគិតថាយើងកំពុងរស់នៅក្នុងគ្រាបង្អង់យូរឥឡូវនេះ។ តើយើងមិនគួរសប្បាយចិត្តទេឬ ដែលទីបញ្ចប់មិនទាន់មកដល់នៅឡើយនោះ? ក្នុងកំឡុងទសវត្សនៃឆ្នាំ១៩៩០នេះ ហាក់បីដូចជាដោយអព្ភូតហេតុ បំរាមផ្សេងៗដែលបានដាក់មកលើការផ្សាយដំណឹងល្អ ត្រូវបានដកចេញ នៅអឺរ៉ុបខាងកើត កន្លែងផ្សេងៗក្នុងទ្វីបអាហ្វ្រិក ហើយនៅប្រទេសផ្សេងៗទៀត។ ការ«បង្អង់យូរ»នេះ អនុញ្ញាតឲ្យពេលវេលាសំរាប់ប្រមូល«ចៀម»ជាច្រើនទៀត ពីប្រទេសផ្សេងៗដែលទើបតែបានបើកឲ្យមានសិទ្ធិសេរីភាព។—យ៉ូហាន ១០:១៦
៣. ហេតុអ្វីក៏ការយល់ថ្មីៗរបស់យើងអំពី«មនុស្សដំណ»នេះ រំជួលចិត្តយើងឲ្យធ្វើកិច្ចការរបស់ព្រះជាបន្ទាន់?
៣ ព្យាការីនោះមានប្រសាសន៍ថា «ឥតរារង់ឡើយ»។ ព្រះយេស៊ូមានបន្ទូលថា មនុស្សដំណដ៏អាក្រក់នេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែ«គ្រប់ការទាំងនេះបានកើតមកដល់»។ (ម៉ាថាយ ២៤:៣៤) តើការយល់ថ្មីរបស់យើងនេះអំពីពាក្យបន្ទូលរបស់ទ្រង់ មានន័យថាសកម្មភាពផ្សាយរបស់យើង លែងមានភាពបន្ទាន់ទៀតឬ?a ការពិតបង្ហាញឲ្យឃើញផ្ទុយពីនេះទៅវិញ! មនុស្សដំណយើងនេះកំពុងតែធ្លាក់ចុះដល់សភាពដ៏អាក្រក់ក្រៃលែងនិងពុករលួយ ដែលមិនមានពីមុនមកក្នុងប្រវត្ដិសាស្ត្រ។ (ប្រៀបធៀប កិច្ចការ ២:៤០) យើងគួរតែខំប្រឹងធ្វើកិច្ចការនេះជាបន្ទាន់។ (ធីម៉ូថេទី២ ៤:២) គ្រប់ទំនាយអំពីពេលកំណត់នៃសេចក្ដីវេទនាជាខ្លាំងបង្ហាញថា វានឹងមកមួយរំពេច មួយភ្លែត ដោយសម្ងាត់—ប្រៀបដូចជាចោរ។ (ថែស្សាឡូនីចទី១ ៥:១-៤; វិវរណៈ ៣:៣; ១៦:១៥) «ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។ (ម៉ាថាយ ២៤:៤៤) កាលដែលដំណមនុស្សដែលគ្មានព្រះនេះសំកាំងលើគែមនៃសេចក្ដីហិនវិនាស ចូរឲ្យយើងកុំបោះចោលសេចក្ដីសង្ឃឹមដ៏មានតម្លៃនៃជីវិតអស់កល្បជានិច្ចរបស់យើង ដោយត្រឡប់ទៅ«ននៀលនៅក្នុងខ្នាច»នៃសេចក្ដីរំខានរបស់លោកីយ៍នេះ!—ពេត្រុសទី២ ២:២២; ៣:១០; លូកា ២១:៣២-៣៦
៤. តើអ្វីជាស្ថានការណ៍ដែលតម្រូវឲ្យបើក‹អាហារផ្ដល់ឲ្យបរិភោគតាមត្រូវពេល› ហើយបំពេញតាមសេចក្ដីត្រូវការនេះយ៉ាងដូចម្ដេច?
៤ ពិតតាមទំនាយរបស់ព្រះយេស៊ូ ក្នុងឆ្នាំ១៩១៤ មាន«ដើមចមនៃសេចក្ដីទុក្ខ» កាលដែលមនុស្សលោកខិតចូលក្នុង‹គ្រាចុងបញ្ចប់នៃរបបលោកីយ៍›នេះ។ សេចក្ដីទុក្ខព្រួយ ព្រឹត្ដិការណ៍ហិនវិនាសផ្សេងៗ និងការគ្មានច្បាប់ទម្លាប់ បានរីកចំរើនរហូតមកដល់សម័យនេះ។ (ម៉ាថាយ ២៤:៣-៨, ១២) នៅដំណាលគ្នានេះ ព្រះយេហូវ៉ាបានចាត់តាំងពួកអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ ឲ្យផ្ដល់‹អាហារតាមត្រូវពេល› ដល់ពួកផ្ទះនៃចៅហ្វាយរបស់គេ គឺព្រះគ្រីស្ទ។ (ម៉ាថាយ ២៤:៤៥-៤៧) ពីបល្ល័ង្ករបស់ទ្រង់នៅស្ថានសួគ៌ ស្តេចមេស្ស៊ីនេះឥឡូវកំពុងតែដឹកនាំកម្មវិធីផ្ដល់អាហារខាងវិញ្ញាណនៅជុំវិញផែនដី។
«អាហារ»ដ៏បរិបូរ
៥. វត្ថុធំដុំនៃ«អាហារ»កំពុងតែទទួលការយកចិត្តទុកដាក់យ៉ាងណា?
៥ សូមគិតអំពីការរៀបចំ«អាហារ»នេះ។ (លូកា ១២:៤២) វត្ថុដ៏សំខាន់ក្នុងបញ្ជីមុខម្ហូបគ្រីស្ទានគឺពាក្យបន្ទូលរបស់ព្រះ ព្រះគម្ពីរ។ ដើម្បីបង្រៀនព្រះគម្ពីរឲ្យបានសក្ដិសិទ្ធិ នោះត្រូវតែមានសេចក្ដីបកប្រែដែលមានលក្ខណៈអាចអានបាននិងច្បាស់ត្រឹមត្រូវ។ ជាច្រើនឆ្នាំមក សេចក្ដីតម្រូវនេះបានទទួលការសម្រេចបន្ដិចម្ដងៗ ជាពិសេសចាប់ពីឆ្នាំ១៩៥០មក ជាគ្រាដែលសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធបានបោះពុម្ពផ្សាយចេញជាភាសាអង់គ្លេស។ មកដល់ឆ្នាំ១៩៦១ ព្រះគម្ពីរទាំងមូលនៃសេចក្ដីបកប្រែពិភពលោកថ្មីបានបើកឲ្យមានប្រើប្រាស ហើយមិនយូរប៉ុន្មានក៏មានផ្សាយចេញជាភាសាធំដុំផ្សេងៗទៀតដែរ។ ព្រះគម្ពីរ៣ក្បាលដែលបានបើកឲ្យមានប្រើប្រាសក្នុងកំឡុងកិច្ចបំរើប្រចាំឆ្នាំ១៩៩៦ បានសរុបចំនួនដល់២៧ក្បាល ដែលពីចំនួននេះមាន១៤ក្បាលជាព្រះគម្ពីរទាំងមូល។ ដើម្បីទប់ទល់កិច្ចការបកប្រែព្រះគម្ពីរទាំងនេះ ព្រមទាំងជំនួយព្រះគម្ពីរជាច្រើនទៀត មានគ្រីស្ទានដែលថ្វាយខ្លួនប្រមាណ១១៧៤នាក់ ឥឡូវនេះកំពុងតែធ្វើការបកប្រែពេញពេលនៅក្នុង៧៧ប្រទេស។
៦. តើសមាគមប៉មយាមបានបំពេញសេចក្ដីត្រូវការប្រកាសនវត្ថុខាងព្រះគម្ពីរយ៉ាងដូចម្ដេចខ្លះ?
៦ ក្នុងការជួយគាំទ្រដល់ពួកអ្នកបកប្រែជាច្រើននេះ ២៤សាខានៃសមាគមប៉មយាមដែលមានម៉ាស៊ីនបោះពុម្ព កំពុងតែផលិតបានប្រកាសនវត្ថុរឹតតែច្រើនឡើង។ ដោយហេតុនេះ នៅតាមសាខាធំៗ គេកំពុងតែតម្លើងជាបន្តបន្ទាប់នូវម៉ាស៊ីនបោះពុម្ពល្បឿនខ្ពស់ ធុនបង្វិល។ ការផលិតទស្សនាវដ្ដីប៉មយាម និង ភ្ញាក់រឭក! កើនចំនួនរៀងរាល់ខែ ឡើងដល់ចំនួនសរុប៩៤៣.៨៩២.៥០០ក្បាល គឺឡើង១៣.៤ភាគរយសំរាប់ឆ្នាំនេះ។ ចំនួនសរុបនៃព្រះគម្ពីរនិងសៀវភៅដែលមានក្របរឹង ដែលបានផលិតនៅសហរដ្ឋអាមេរីក ប្រេហ្ស៊ីល ហ្វ័ងឡង់ដ៍ អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ និងម៉ិចស្សីកូ បានឡើងដល់៤០ភាគរយ ពីឆ្នាំ១៩៩៥ ទៅឆ្នាំ១៩៩៦ ឡើងដល់៧៦.៧៦០.០៩៨ក្បាល។ សាខានៅប្រទេសឯទៀតក៏មានការរីកចំរើនដែរនូវការផលិតប្រកាសនវត្ថុ។
៧. តើអេសាយ ៥៤:២ មានភាពបន្ទាន់ជាខ្លាំងយ៉ាងណានៅសព្វថ្ងៃនេះ?
៧ ការរីកចំរើនជាច្រើននេះ អាចធ្វើទៅបានក្នុងកំឡុងទសវត្សនៃឆ្នាំ១៩៩០ ដោយសារការដកហូតបំរាមចេញពីពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅអឺរ៉ុបខាងកើតនិងនៅទ្វីបអាហ្វ្រិក។ នៅកន្លែងទាំងនេះ មានការស្រេកឃ្លានអាហារខាងវិញ្ញាណខ្លាំងណាស់។ ដូច្នេះ ការស្នើសុំក៏បានបន្លឺចេញឡើងដោយភាពបន្ទាន់ជាខ្លាំងថា៖ «ចូរពង្រីកទីដំឡើងត្រសាលឯងឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយសំពត់ត្រសាលរបស់ឯងទៅ កុំឲ្យសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចំរឹងឲ្យមាំឡើងចុះ»។—អេសាយ ៥៤:២
៨. តើមានការតបដោយចិត្តសទ្ធាយ៉ាងណាក្នុងការជួយផ្គត់ផ្គង់ជាថវិកានោះ?
៨ ដូច្នេះហើយ ជាការចាំបាច់ក្នុងការពង្រីករបស់របរផ្សេងៗក្នុងសាខាជាច្រើននៃសមាគមប៉មយាមដែលមានចំនួន១០៤កន្លែង។ ដោយសារតែសេដ្ឋកិច្ចដ៏ដុនដាបជាខ្លាំងក្នុងប្រទេសភាគច្រើនដែលទើបតែបើក ការជួយឧបត្ថម្ភជាថវិកាចំពោះការរីកចំរើននេះភាគច្រើនចេញមកពីវិភាគទានសំរាប់ផ្គត់ផ្គង់បេសកកម្មពិភពលោក ដែលចេញមកពីប្រទេសអ្នកមាន។ គួរឲ្យរីករាយដែរ ពួកជំនុំនិងបុគ្គលម្នាក់ៗគេបានតបឆ្លើយដោយស្មោះអស់ពីចិត្ត តាមគំនិតនៃនិក្ខមនំ ៣៥:២១ ដែលបានចែងថា៖ «ដូច្នេះ អស់អ្នកណាដែលមានសេចក្ដីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្ដាលឲ្យថ្វាយស្ម័គ្រពីចិត្ត នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា . . . សំរាប់ការងារ»។ យើងសូមយកឱកាសនេះដើម្បីសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានចូលរួមក្នុងការធ្វើទានដោយចិត្តសទ្ធានេះ។—កូរិនថូសទី២ ៩:១១
៩. តើរ៉ូម ១០:១៣, ១៨ បានសម្រេចយ៉ាងណាខ្លះនៅសព្វថ្ងៃនេះ?
៩ ក្នុងកំឡុងឆ្នាំ១៩៩៦នេះ ប្រកាសនវត្ថុជាច្រើននៃសមាគមប៉មយាមពិតជាបានលើកដំកើងព្រះនាមនិងគោលបំណងនៃព្រះយេហូវ៉ារហូតដល់ចុងបំផុតនៃផែនដី។ នេះបានកើតឡើងដូចសាវ័កប៉ុលបានទាយមកមែន។ ដោយស្រង់ចេញពីទំនាយរបស់យ៉ូអែលនិងទំនុកដំកើងទី១៩ លោកបានសរសេរថា៖ «ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ តែខ្ញុំសួរថាតើគេមិនបានឮទេឬអី បានឮមែន ‹សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី ហើយពាក្យនោះបានឮទៅដល់ចុងលោកីយបំផុត›»។ (រ៉ូម ១០:១៣, ១៨) ដូច្នេះ ដោយបានលើកដំកើងព្រះនាមដ៏ជាទីស្រឡាញ់នេះ យេហូវ៉ា ប្រជារាស្ត្ររបស់ទ្រង់បានមានមុខនាទីដ៏សំខាន់ក្នុងការបំពេញដំណាក់ថ្វាយបង្គំរបស់ទ្រង់ដោយសិរីល្អ។ ប៉ុន្តែ តើការប្រកាសនេះបានទទួលការរីកចំរើនយ៉ាងណាដែរក្នុងកំឡុងឆ្នាំ១៩៩៦?
ការច្រូតកាត់នៅជុំវិញពិភពលោក
១០. តើអ្នកសម្គាល់ឃើញលក្ខណៈល្អៗអ្វីខ្លះក្នុងសកម្មភាពនៃប្រជារាស្ត្ររបស់ព្រះយេហូវ៉ា?
១០ ពាក្យបន្ទូលរបស់ព្រះយេស៊ូនៅលូកា ១០:២ មានន័យខ្លឹមសាណាស់នៅទីនេះ គឺថា៖ «ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ឲ្យសូមអង្វរដល់ព្រះអម្ចាស់ចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»។ តើអ្នកនឹងធ្វើតបឆ្លើយតាមសំណូមពរនេះទេ? មនុស្សរាប់លាននាក់នៅជុំវិញផែនដីកំពុងតែធ្វើដូច្នេះ។ នេះបង្ហាញឲ្យឃើញពីចំនួនអ្នកផ្សាយព្រះរាជាណាចក្រដែលមានកំពូលថ្មី៥.៤១៣.៧៦៩នាក់ ដែលបានរាយការណ៍ពីកិច្ចផ្សាយរបស់គេក្នុងកំឡុងឆ្នាំ១៩៩៦។ មានបងប្អូនថ្មី៣៦៦.៥៧៩នាក់ទៀតដែលបានធ្វើបុណ្យជ្រមុជទឹក។ យើងមានចិត្តអបអរណាស់ចំពោះ«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍» ដែលឥឡូវកំពុងតែចូលរួម‹បំពេញដំណាក់សំរាប់ថ្វាយបង្គំនៃព្រះយេហូវ៉ាដោយសិរីល្អ›!—ហាកាយ ២:៧
១១. ហេតុអ្វីក៏យើងទាំងអស់គ្នាសប្បាយចិត្តម្ល៉េះ?
១១ របាយការណ៍អំពីការរីកចំរើននៅក្នុងប្រទេសដែលទើបតែបើកថ្មីៗនេះ គឺជាការអស្ចារ្យមែន។ តើស្មរបន្ទាល់ឯទៀតគួរច្រណែននឹងបងប្អូនយើងដែលទទួលការលូតលាស់នេះឬ? អត់ទេ ផ្ទុយទៅវិញ យើងសប្បាយរីករាយជាមួយពួកគេ។ ប្រទេសទាំងអស់ពីមុនមានការចាប់ផ្ដើមដ៏តូចមួយ។ ព្យាការីនៅជំនាន់ហាកាយ លោកសាការីបានសរសេរថា៖ «តើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្ដិចបន្តួចនោះ»? (សាការី ៤:១០) យើងសប្បាយរីករាយដោយដឹងថា នៅក្នុងប្រទេសដែលកិច្ចផ្សាយបានស្ថាបនាយ៉ាងប្រសើរនោះ ឥឡូវមានអ្នកផ្សាយព្រះរាជាណាចក្ររាប់លាននាក់ហើយ ហើយតំបន់នោះទទួលការផ្សាយជាញឹកញាប់ ថែមទាំងរាល់សប្ដាហ៍ក្នុងទីក្រុងធំៗជាច្រើន។ តើយើងគួរតែបង្អង់ដៃឬ កាលដែលព្រះយេហូវ៉ាឥឡូវកំពុងតែបើកឲ្យមានការសង្គ្រោះដល់ប្រទេសផ្សេងៗដែលពីដើមជាប់បំរាមនោះ? មិនគួរសោះឡើយ! ព្រះយេស៊ូមានបន្ទូលថា៖ «ចំណែកស្រែ នោះគឺជាតួលោកីយ»។ (ម៉ាថាយ ១៣:៣៨) យើងត្រូវតែបន្តធ្វើបន្ទាល់ដ៏ហ្មត់ចត់ ដូចពួកសិស្សពីដើមដែរ ដែលគេបានធ្វើបន្ទាល់ដ៏ហ្មត់ចត់រហូតដល់ទីបញ្ចប់នៃរបបសម័យយូដា។—កិច្ចការ ២:៤០; ១០:៤២; ២០:២៤; ២៨:២៣
ការជឿនទៅមុខជានិច្ច
១២. តើមានអ្វីជួយយើងឲ្យជឿន«ទៅខាងមុខ»ជានិច្ច?
១២ ត្រូវហើយ យើងត្រូវតែដើរឲ្យទាន់ គឺត្រូវតែជឿន«ទៅខាងមុខ» ជាមួយរទេះកង់របស់ព្រះយេហូវ៉ានៅស្ថានសួគ៌។ (អេសេគាល ១:១២) យើងនឹកឃើញដល់ពាក្យរបស់ពេត្រុសដែលថា៖ «ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។ (ពេត្រុសទី២ ៣:៩) ចូរឲ្យគំរូដ៏ខ្នះខ្នែងនៃបងប្អូនរបស់យើងដែលរស់នៅក្នុងប្រទេសក្រីក្រ រំជួលចិត្តយើងឡើង។ ការពន្យាពេលនៃការផ្ទុះសង្គ្រាមអើម៉ាគេដូន ជាការអនុញ្ញាតឲ្យប្រមូលមនុស្សរាប់រយសែននាក់ពីប្រទេសទាំងនេះ ហើយពីតំបន់ដែលផ្សាយជាញឹកញាប់ផង។ សូមកុំច្រឡំឲ្យសោះចំពោះរឿងនេះ ដ្បិត៖ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ»។ (សេផានា ១:១៤) យើងក៏គួរតែប្រញាប់ប្រញាល់ក្នុងការធ្វើបន្ទាល់យ៉ាងហ្មត់ចត់នៅទីចុងបំផុតនេះដែរ!
១៣, ១៤. (ក) តើអាចនិយាយយ៉ាងណាខ្លះចំពោះការចែកចាយប្រកាសនវត្ថុក្នុងឆ្នាំ១៩៩៦? (ខ) តើក្រុមជំនុំអាចធ្វើគម្រោងការណ៍ពិសេសអ្វីរៀងរាល់ឆ្នាំ ហើយតើអ្នកនឹងចូលរួមក្នុងការនេះយ៉ាងដូចម្ដេច?
១៣ មានការរីកចំរើនយ៉ាងសន្ធឹកក្នុងការចែកចាយព្រះគម្ពីរ សៀវភៅ និងទស្សនាវដ្ដីក្នុងកំឡុងឆ្នាំមុននេះ។ ឧទាហរណ៍ ការចែកចាយទស្សនាវដ្ដីក្នុងពិភពលោកបានឡើងដល់១៩ភាគរយ ចំនួនចែកចាយសរុបទាំងអស់មាន៥៤៣.៦៦៧.៩២៣ក្បាល។ ទស្សនាវដ្ដីរបស់យើងអាចសម្រួលទៅតាមការផ្សាយគ្រប់បែបយ៉ាង—ដូចជានៅតាមផ្លូវ ក្នុងសួនច្បារ នៅចំណតឡានបឺស និងនៅទីផ្សាយ។ មានសេចក្ដីរាយការណ៍មកថា ក្នុងតំបន់ដែលផ្សាយជាញឹកញាប់ខ្លះ ពួកអ្នកវិជ្ជាជីវៈបានចាប់អារម្មណ៍នឹងគុណភាពនៃទស្សនាវដ្ដីរបស់យើង ហើយពួកគេបានយល់ព្រមសិក្សាព្រះគម្ពីរ។
១៤ រៀងរាល់ឆ្នាំក្នុងខែមេសា ក្រុមជំនុំតែងតែរៀបចំនូវសកម្មភាពពិសេសមួយសំរាប់ចែកចាយទស្សនាវដ្ដី នេះជាកម្មវិធីផ្សាយពេញមួយថ្ងៃពីផ្ទះមួយទៅផ្ទះមួយ ហើយនៅទីសាធារណៈ។ តើក្រុមជំនុំរបស់អ្នកនឹងចូលរួមក្នុងសកម្មភាពនេះទេក្នុងខែមេសាឆ្នាំ១៩៩៧នេះ? ទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក! នៃខែមេសាត្រូវបានរៀបចំឡើង ហើយការចែកចាយនៅពាសពេញផែនដីក្នុងពេលដំណាលគ្នានេះ ជាការអស្ចារ្យមែន! នៅកោះសែប្រឹស ក្រុមជំនុំនៅទីនោះមានពាក្យស្លោកមួយថា «ត្រូវយកសារព្រះរាជាណាចក្រដល់មនុស្សគ្រប់រូប» ហើយគេបានអនុវត្តកម្មវិធីចែកចាយទស្សនាវដ្ដីរៀងរាល់ខែ ដែលគេចែកចាយបានចំនួនច្រើនបំផុតថ្មីនៃ២៧៥.៣៥៩ក្បាលក្នុងឆ្នាំនោះ ឡើង៥៤ភាគរយ។
សារចុងក្រោយបង្អស់របស់ហាកាយ
១៥. (ក) ហេតុអ្វីក៏ព្រះយេហូវ៉ាបានបញ្ជូនសារថែមទៀតតាមរយៈលោកហេកាយ? (ខ) តើសារទីបីរបស់ហាកាយមានមេរៀនអ្វីសំរាប់យើង?
១៥ ៦៣ថ្ងៃក្រោយពីគាត់បានបញ្ជូនសារទីពីរ ព្រះយេហូវ៉ាបានចាត់លោកហាកាយឲ្យនាំសេចក្ដីប្រកាសទីបីនេះ ដែលយើងអាចយកចិត្តទុកដាក់នៅសព្វថ្ងៃនេះ។ លោកហាកាយបាននិយាយហាក់បីដូចជានៅគ្រានោះពួកយូដាកំពុងតែចាក់គ្រឹះព្រះវិហារ តែពួកគេបានចាក់គ្រឹះ១៧ឆ្នាំមុននេះទៅហើយ។ ម្ដងនេះទៀត ព្រះយេហូវ៉ាទតឃើញថានេះសមនឹងធ្វើការសំអាត។ ពួកសង្ឃនិងពួកបណ្ដាជនបានធ្វេសប្រហែសនឹងការបំពេញភារៈរបស់គេ ដូច្នេះហើយបានជាពួកគេមិនមានការស្អាតស្អំនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ាឡើយ។ នៅសព្វថ្ងៃនេះ តើអាចមានប្រជារាស្ត្រខ្លះនៃព្រះយេហូវ៉ាបានធ្វេសប្រហែស ថែមទាំងបណ្ដោយខ្លួនគេទៅតាមផ្លូវអាវ៉ាសែនិងវត្ថុនិយមនៃលោកីយ៍នេះឬទេ? ‹ចាប់តាំងពីថ្ងៃនេះទៅមុខ› យើងទាំងអស់គ្នាត្រូវតែតាំងចិត្តជាបន្ទាន់ ដើម្បីនាំសិរីល្អមកដល់ព្រះនាមនៃព្រះយេហូវ៉ា ទាំងទុកចិត្តនឹងកិច្ចសន្យារបស់ទ្រង់នេះថា៖ «ចាប់តាំងពីថ្ងៃនេះទៅ អញនឹងផ្ដល់ពរដល់ឯងវិញ»។—ហាកាយ ២:១០-១៩; ហេព្រើរ ៦:១១, ១២
១៦. តើការ«អង្រួន»អ្វីដែលជិតមកដល់ ហើយតើនឹងមានលទ្ធផលយ៉ាងណា?
១៦ នៅថ្ងៃដដែលនោះ ពាក្យបន្ទូលរបស់«ព្រះយេហូវ៉ានៃពួកពលបរិវារ»បានបន្លឺប្រាប់ហាកាយជាលើកទីបួន គឺជាលើកចុងក្រោយបង្អស់។ ទ្រង់បានឲ្យដឹងអំពីអ្វីៗដែលជាប់ទាក់ទងនឹងការ«អង្រួនផ្ទៃមេឃហើយនឹងផែនដី» ដោយមានបន្ទូលថា៖ «អញនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងរំលាងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន អញនឹងបំភ្លូកអស់ទាំងរទេះចំបាំងព្រមទាំងមនុស្សដែលជិះផង ឯសេះ នឹងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន»។ (ហាកាយ ២:៦, ២១, ២២) ការ«អង្រួន»នេះនឹងឡើងដល់កំពូលនៅពេលព្រះយេហូវ៉ាសម្អាតផែនដីនេះនៅអើម៉ាគេដូន។ មកដល់គ្រានោះ «ទីគាប់ចិត្តរបស់អស់ទាំងសាសន៍» នឹងបានចូលមកហើយ ដើម្បីធ្វើជាគ្រឹះនៃសង្គមមនុស្សសំរាប់ពិភពលោកថ្មី។ នេះជាមូលហេតុល្អណាស់ហ្ន៎ក្នុងការសប្បាយរីករាយនិងក្នុងការសរសើរព្រះយេហូវ៉ា!—ហាកាយ ២:៧; វិវរណៈ ១៩:៦, ៧; ២១:១-៤
១៧. តើតាមរបៀបណាដែលព្រះយេស៊ូជា«ចិញ្ចៀនត្រា»?
១៧ ក្នុងការបញ្ចប់ទំនាយរបស់គាត់ ហាកាយសរសេរថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃនោះ ឱសូរ៉ូបាបិល . . . អញនឹងយកឯង តាំងឡើងជាចិញ្ចៀនត្រា ដ្បិតអញបានរើសឯងទុកហើយ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។ (ហាកាយ ២:២៣) នៅសព្វថ្ងៃនេះ ព្រះគ្រីស្ទយេស៊ូគឺជាស្តេចមេស្ស៊ីហើយជាសម្ដេចសង្ឃនៃព្រះយេហូវ៉ានៅស្ថានសួគ៌ ជាមុខតំណែងដែលចៅហ្វាយសូរ៉ូបាបិលនិងសម្ដេចសង្ឃយេសួរធ្លាប់កាន់កាប់នៅក្នុងយេរូសាឡិមនៅលើផែនដី។ ដូចចិញ្ចៀនត្រាផ្លូវការមួយនៅនឹងព្រះហស្តស្ដាំនៃព្រះយេហូវ៉ា ព្រះយេស៊ូជាបុគ្គលដែលបានក្លាយទៅជា«បាទ» ជាមធ្យោបាយនៃព្រះយេហូវ៉ាក្នុងការសម្រេច«សេចក្ដីសន្យារបស់ព្រះ»ជាច្រើន។ (កូរិនថូសទី២ ១:២០; អេភេសូរ ៣:១០, ១១; វិវរណៈ ១៩:១០) សារទំនាយទាំងអស់នៅក្នុងព្រះគម្ពីរសំដៅទៅលើសំវិធានការនៃព្រះយេហូវ៉ា គឺជាព្រះគ្រីស្ទ ជាស្តេចនិងជាអ្នកលោះ។—យ៉ូហាន ១៨:៣៧; ពេត្រុសទី១ ១:១៨, ១៩
១៨. តើ‹បន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ›ចុងក្រោយបង្អស់ ទទួលការសម្រេចដ៏អស្ចារ្យយ៉ាងណា?
១៨ ពិតមែនហើយ នៅសព្វថ្ងៃនេះ សិរីល្អដ៏ធំបំផុតគឺអាចរកឃើញនៅឯព្រះវិហារខាងវិញ្ញាណដ៏ភ្លឺចាំងនៃព្រះយេហូវ៉ា! ហើយមិនយូរប៉ុន្មាន បន្ទាប់ពីព្រះយេហូវ៉ាបានកំចាត់ចោលរបបលោកីយ៍ទាំងអស់របស់សាតាំង ហាកាយ ២:៩ នឹងបានសម្រេចយ៉ាងអស្ចារ្យថា៖ «អញនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ នៅទីបំផុតនឹងមានសន្ដិភាព!—ជាសន្ដិភាពស្ថាពរនៅពាសពេញសកលលោក ដែលធានារ៉ាប់រងដោយ«ចិញ្ចៀនត្រា» គឺព្រះគ្រីស្ទយេស៊ូ ជា«ម្ចាស់នៃមេត្រីភាព»។ នេះជាសេចក្ដីដែលបានចែងអំពីទ្រង់ថា៖ «ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុត . . . គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ»។ (អេសាយ ៩:៦, ៧) សិរីល្អនៃដំណាក់ថ្វាយបង្គំនៃព្រះយេហូវ៉ានឹងបំភ្លឺចាំងនៅពេញពិភពដ៏សុខសាន្តនៃអធិបតេយ្យភាពសកលលោករបស់ទ្រង់ ជារហូតតទៅ។ សូមឲ្យយើងរក្សាខ្លួននៅក្នុងដំណាក់នោះជានិច្ច!—ទំនុកដំកើង ២៧:៤; ៦៥:៤; ៨៤:១០
[កំណត់សម្គាល់]
a សូមមើលអត្ថបទ «ការសង្គ្រោះពី‹ដំណមនុស្សអាក្រក់›» និង «គ្រាដែលត្រូវចាំយាម» ក្នុងប៉មយាម ១ កុម្ភៈ ១៩៩៦។
តើអ្នកអាចពន្យល់ទេ?
◻ តើដំណាក់នៃព្រះយេហូវ៉ាត្រូវបាន‹បំពេញដោយសិរីល្អ›យ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
◻ ហេតុអ្វីក៏ការផ្សាយដំណឹងល្អជាការបន្ទាន់ម្ល៉េះនៅសព្វថ្ងៃនេះ?
◻ តើរបាយការណ៍ពីកិច្ចបំរើប្រចាំឆ្នាំ១៩៩៦ ផ្ដល់ឲ្យការលើកទឹកចិត្តអ្វីខ្លះក្នុងការផ្សាយជាបន្ទាន់នោះ?
◻ តើព្រះគ្រីស្ទបំរើជា«ចិញ្ចៀនត្រា»នៃព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៤, ១៥]
«ទីគាប់ចិត្តរបស់សាសន៍ទាំងអស់» កំពុងតែប្រមូលចូលពីកោះទាំងឡាយនៅសមុទ្រ (១) អាមេរិកខាងត្បូង (២) ទ្វីបអាហ្វ្រិក (៣) អាស៊ី (៤) អាមេរិកខាងជើង (៥) និងទ្វីបអឺរ៉ុប (៦)