សំបុត្ររបស់យូដាស
១ ខ្ញុំ យូដាស ជាខ្ញុំបម្រើរបស់លោកយេស៊ូគ្រិស្ត និងជាប្អូនប្រុសរបស់យ៉ាកុប+ ជូនចំពោះអស់អ្នកដែលបានត្រូវហៅ+ គឺអ្នកដែលជាទីស្រឡាញ់របស់ព្រះជាបិតា និងជាអ្នកដែលបានត្រូវរក្សាទុកសម្រាប់លោកយេស៊ូគ្រិស្ត៖+
២ សូមឲ្យអ្នករាល់គ្នាទទួលបានសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើងពីព្រះ។
៣ អ្នករាល់គ្នាជាទីស្រឡាញ់អើយ! ទោះជាខ្ញុំខំអស់ពីសមត្ថភាពដើម្បីសរសេរទៅកាន់អ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងនឹងទទួលក៏ដោយ+ តែឥឡូវខ្ញុំយល់ថា ជាការចាំបាច់ដែលខ្ញុំត្រូវសរសេរដាស់តឿនអ្នករាល់គ្នា ឲ្យតស៊ូដើម្បីការពារជំនឿ+ដែលបានត្រូវផ្ដល់ឲ្យអ្នកបរិសុទ្ធទាំងឡាយមួយដងជាការស្រេច។ ៤ ខ្ញុំត្រូវសរសេរពីព្រោះមានបុរសខ្លះបានលួចបន្លំចូលមកក្នុងចំណោមអ្នករាល់គ្នា ហើយបុរសទាំងនោះដែលមិនគោរពព្រះ បានយកគុណដ៏វិសេសលើសលប់របស់ព្រះជាលេស ដើម្បីបណ្ដោយខ្លួនទៅតាមការប្រព្រឹត្តដោយឥតកោតក្រែង។*+ ពួកគេបានក្បត់ម្ចាស់តែមួយរបស់យើងដែលបានទិញយើង គឺលោកយេស៊ូគ្រិស្ត។+ ទោសដែលបុរសទាំងនោះត្រូវទទួល បានត្រូវកំណត់ទុកក្នុងបទគម្ពីរតាំងពីយូរយារមកហើយ។
៥ ថ្វីបើអ្នករាល់គ្នាដឹងទាំងអស់រួចហើយ ក៏ខ្ញុំចង់រំលឹកអ្នកថា ទោះជាព្រះយេហូវ៉ា*បានសង្គ្រោះប្រជាជាតិមួយឲ្យចេញពីស្រុកអេហ្ស៊ីបក៏ដោយ+ តែក្រោយមកលោកបានបំផ្លាញចោលអស់អ្នកដែលមិនបង្ហាញជំនឿក្នុងចំណោមប្រជាជាតិនោះ។+ ៦ ចំណែកបណ្ដាទេវតាដែលបានបោះបង់ចោលតួនាទី* និងស្ថានដែលខ្លួនត្រូវនៅនោះ+ ព្រះក៏បានឃុំទេវតាទាំងនោះក្នុងភាពងងឹតសូន្យសុងទាំងជាប់ចំណងជានិច្ច ដើម្បីទទួលការវិនិច្ឆ័យទោសនៅថ្ងៃដ៏ធំ។+ ៧ ស្រដៀងគ្នានឹងទេវតាទាំងនោះដែរ មនុស្សនៅក្រុងសូដុមនិងកូម៉ូរ៉ា ព្រមទាំងក្រុងទាំងប៉ុន្មានដែលនៅជុំវិញ បានឈ្លក់វង្វេងនឹងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ក៏បានស្វះស្វែងរកបំពេញកាមតណ្ហាខុសពីធម្មជាតិ+ ហើយពួកគេបានទទួលការវិនិច្ឆ័យទោស ដោយភ្លើងដែលឆេះជារៀងរហូត។ អ្វីដែលបានកើតឡើងដល់មនុស្សទាំងនោះ ត្រូវទុកជាការព្រមានដល់យើង។+
៨ ទោះជាយ៉ាងនេះក៏ដោយ បុរសទាំងនោះដែលបណ្ដែតបណ្ដោយខ្លួនទៅតាមការស្រមើស្រមៃ កំពុងបង្ខូចខ្លួនឯងនិងអ្នកឯទៀត ព្រមទាំងមើលងាយអ្នកដែលមានអំណាចលើពួកគេ និងនិយាយប្រមាថអ្នកដែលព្រះបានផ្ដល់កិត្តិយសឲ្យទៀតផង។+ ៩ ក៏ប៉ុន្តែ ពេលដែលមហាទេវតា+មីកែល+មានទំនាស់ជាមួយនឹងមេកំណាច* ហើយជំទាស់អំពីសពរបស់ម៉ូសេ+ នោះលោកមិនហ៊ានផ្ដន្ទាទោសដោយពាក្យប្រមាថទេ។+ ផ្ទុយទៅវិញ លោកមានប្រសាសន៍ថា៖ «សូមឲ្យព្រះយេហូវ៉ា*ស្ដីបន្ទោសអ្នកចុះ!»។+ ១០ រីឯបុរសទាំងនោះ ពួកគេនិយាយប្រមាថអំពីអ្វីៗដែលតាមពិតពួកគេមិនយល់សោះ។+ ប៉ុន្តែ អ្វីៗដែលពួកគេដឹង គឺដឹងតាមលក្ខណៈធម្មជាតិ ដូចសត្វដែលគ្មានវិចារណញ្ញាណ+ គឺពួកគេចេះតែបង្ខូចខ្លួនទៅតាមអ្វីៗទាំងនោះ។
១១ គួរឲ្យស្ដាយណាស់! ពីព្រោះពួកគេបានប្រព្រឹត្តដូចកាអ៊ីន+ ហើយបានស្ទុះទៅធ្វើអំពើខុសឆ្គងដូចបាឡាម+ដើម្បីបានប្រាក់ឈ្នួល។ ពួកគេបានវិនាសទៅ ដោយសារពួកគេនិយាយប្រឆាំង+នឹងពួកបុរសដែលមានអំណាចលើពួកគេ ដូចកូរ៉ា+បានធ្វើ។* ១២ ពេលដែលពួកគេជប់លៀងសំណេះសំណាលជាមួយនឹងអ្នករាល់គ្នា ពួកគេប្រៀបដូចជាផ្ទាំងថ្មនៅក្រោមផ្ទៃទឹក+ និងដូចជាគង្វាលដែលគិតតែពីក្រពះខ្លួនដោយឥតអៀនខ្មាស+ ថែមទាំងប្រៀបដូចជាពពកដែលរសាត់តាមខ្យល់ឥតភ្លៀង+ ហើយក៏ប្រៀបបាននឹងដើមឈើដែលមិនបង្កើតផលតាមរដូវកាល រួចត្រូវគេរំលើងចោល ពីព្រោះបានងាប់ពីរដងហើយ។ ១៣ ពួកគេដូចជារលកសមុទ្រដែលបក់បោកបែកពពុះចេញជាសេចក្ដីអាម៉ាស់ខ្មាសរបស់គេ+ ហើយក៏ដូចជាផ្កាយវង្វេងទិស ដែលត្រូវបម្រុងទុកឲ្យស្ថិតនៅក្នុងភាពងងឹតជារៀងរហូត។+
១៤ អេណុក+ដែលជាតំណទី៧ពីអាដាមមក បានប្រកាសទំនាយអំពីអ្នកទាំងនោះថា៖ «មើល! ព្រះយេហូវ៉ា*បានមកជាមួយនឹងទេវតាបរិសុទ្ធរាប់ម៉ឺនរបស់លោក+ ១៥ ដើម្បីដាក់ទោសមនុស្សគ្រប់រូប+ និងដើម្បីផ្ដន្ទាទោសអស់អ្នកដែលមិនគោរពព្រះចំពោះអំពើទុច្ចរិតដែលពួកគេបានប្រព្រឹត្តដោយមិនកោតខ្លាចព្រះ និងចំពោះសម្ដីដ៏គួរឲ្យខ្ពើមរអើមដែលមនុស្សទុច្ចរិត*ទាំងនោះបានពោលប្រឆាំងលោក»។+
១៦ បុរសទាំងនេះចេះតែត្អូញត្អែរ+ រអ៊ូរទាំអំពីជីវភាពរបស់ខ្លួន ហើយបណ្ដែតបណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នាអាក្រក់។+ ពួកគេនិយាយអួតបំប៉ោង ព្រមទាំងផ្គាប់ផ្គុនអ្នកដទៃដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន។+
១៧ ចំណែកអ្នករាល់គ្នាដែលជាទីស្រឡាញ់ ចូរនឹកដល់សម្ដីដែលបណ្ដាសាវ័ក*របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងបានប្រាប់។ ១៨ ពួកគាត់ធ្លាប់ប្រាប់អ្នករាល់គ្នាថា៖ «នៅគ្រាចុងក្រោយ នឹងមានពួកអ្នកចំអកដែលបណ្ដែតបណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នាខាងអំពើទុច្ចរិត»។*+ ១៩ បុរសទាំងនេះហើយដែលធ្វើឲ្យមានការបែកបាក់។+ ពួកគេប្រព្រឹត្តដូចសត្វធាតុ* ហើយក៏គ្មានឫទ្ធានុភាពរបស់ព្រះដឹកនាំដែរ។ ២០ ក៏ប៉ុន្តែ អ្នករាល់គ្នាជាទីស្រឡាញ់អើយ! ចូរធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក ព្រមទាំងអធិដ្ឋានដោយនូវឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ ២១ ដើម្បីរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់+ កាលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំទទួលសេចក្ដីមេត្តាករុណាពីលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង ដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់។+ ២២ ម្យ៉ាងទៀត ចូរបន្តបង្ហាញចិត្តមេត្តា+ចំពោះអ្នកខ្លះដែលមានការសង្ស័យ។+ ២៣ ចូរសង្គ្រោះពួកគេ+ ដោយកន្ដ្រាក់ពួកគេចេញពីភ្លើង។ ប៉ុន្តែ ចូរបន្តបង្ហាញចិត្តមេត្តាចំពោះអ្នកឯទៀតដែរ ថែមទាំងប្រុងប្រយ័ត្នខ្លួនផង កាលដែលអ្នករាល់គ្នាស្អប់ទាំងសម្លៀកបំពាក់ដែលប្រឡាក់ដោយសាររូបកាយ។+
២៤ ព្រះដែលអាចការពារអ្នករាល់គ្នាមិនឲ្យជំពប់ដួល និងមិនឲ្យសៅហ្មង+នៅមុខសិរីរុងរឿងរបស់លោក និងដែលនាំឲ្យអ្នកមានអំណរក្រៃលែង ២៥ ហើយជាព្រះតែមួយ ជាអ្នកសង្គ្រោះយើងតាមរយៈលោកយេស៊ូគ្រិស្តដែលជាម្ចាស់របស់យើង សូមឲ្យព្រះមានសិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ឫទ្ធានុភាព និងអំណាចស្ថិតស្ថេរតរៀងមកដល់ឥឡូវនេះ និងជារៀងរហូតតទៅ។ អាមេន។