ប្រវត្តិហេតុទី២
៦ នៅពេលនោះ សាឡូម៉ូនបានថ្លែងថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ថាលោកនឹងនៅក្នុងពពកយ៉ាងក្រាស់។+ ២ ឯវិហារដ៏ឧត្តុង្គឧត្តមរបស់លោក ខ្ញុំបានសង់ជូនលោករួចរាល់ជាស្ថាពរហើយ គឺជាកន្លែងដែលបានរៀបចំឡើងសម្រាប់លោកអាស្រ័យនៅជារៀងរហូត»។+
៣ រួចមក ស្ដេចបែរទៅពួកជំនុំអ៊ីស្រាអែលដែលកំពុងឈរជុំគ្នា ហើយលោកជូនពរពួកគេ។+ ៤ សាឡូម៉ូនបានមានប្រសាសន៍ថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលទទួលការសរសើរតម្កើង លោកជាអ្នកដែលបានសន្យាជាមួយនឹងដាវីឌឪពុកខ្ញុំ ហើយលោកបានធ្វើឲ្យសេចក្ដីសន្យានោះបានសម្រេចដោយដៃរបស់លោកផ្ទាល់។ លោកបានមានប្រសាសន៍ថា៖ ៥ ‹តាំងពីថ្ងៃដែលខ្ញុំបាននាំអ៊ីស្រាអែលជារាស្ត្រខ្ញុំចេញពីស្រុកអេហ្ស៊ីបមក ខ្ញុំមិនបានជ្រើសរើសក្រុងណាមួយពីកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល សម្រាប់សង់វិហារដើម្បីឲ្យនាមរបស់ខ្ញុំទទួលការលើកតម្កើងនៅទីនោះទេ+ ហើយខ្ញុំក៏មិនបានជ្រើសរើសបុគ្គលណាម្នាក់ឲ្យគ្រប់គ្រងលើអ៊ីស្រាអែលជារាស្ត្រខ្ញុំដែរ។ ៦ ប៉ុន្តែ ខ្ញុំបានជ្រើសរើសក្រុងយេរូសាឡិម+ដើម្បីឲ្យនាមខ្ញុំទទួលការលើកតម្កើងនៅទីនោះ ហើយខ្ញុំបានជ្រើសរើសដាវីឌឲ្យគ្រប់គ្រងលើអ៊ីស្រាអែលជារាស្ដ្រខ្ញុំ›។+ ៧ ដាវីឌឪពុកខ្ញុំមានបំណងចង់សាងសង់វិហារមួយសម្រាប់នាមរបស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។+ ៨ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រាប់ដាវីឌឪពុកខ្ញុំថា៖ ‹អ្នកមានបំណងចង់សង់វិហារសម្រាប់នាមខ្ញុំ នោះជាបំណងដ៏ប្រសើរណាស់។ ៩ ប៉ុន្តែ អ្នកនឹងមិនសង់វិហារនោះទេ គឺកូនដែលនឹងកើតពីអ្នក នឹងសង់វិហារសម្រាប់នាមខ្ញុំវិញ›។+ ១០ ព្រះយេហូវ៉ាបានធ្វើតាមពាក្យដែលលោកបានសន្យាមែន ព្រោះលោកបានឲ្យខ្ញុំស្នងរាជ្យពីដាវីឌឪពុកខ្ញុំ ហើយខ្ញុំបានអង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែល+ ដូចដែលព្រះយេហូវ៉ាបានសន្យា។+ ខ្ញុំក៏បានសង់វិហារសម្រាប់នាមរបស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលដែរ ១១ ហើយបានរៀបចំកន្លែងមួយនៅទីនោះសម្រាប់ដាក់ហឹបដែលមានកិច្ចព្រមព្រៀង+ ជាកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងប្រជាជាតិអ៊ីស្រាអែល»។
១២ បន្ទាប់មក សាឡូម៉ូនឈរនៅមុខទីបូជារបស់ព្រះយេហូវ៉ា និងនៅមុខបណ្ដាជនអ៊ីស្រាអែលទាំងអស់ ហើយលើកដៃទៅលើមេឃ។+ ១៣ (ពេលនោះ សាឡូម៉ូនឈរលើវេទិកាមួយ។ វេទិកានោះ គាត់បានធ្វើពីស្ពាន់ ហើយគាត់ដាក់នៅកណ្ដាលទីធ្លាវិហារ។+ វេទិកានោះមានបណ្ដោយប្រាំហត្ថ* ទទឹងប្រាំហត្ថ និងកម្ពស់បីហត្ថ)។ គាត់បានលុតជង្គង់នៅមុខបណ្ដាជនអ៊ីស្រាអែលទាំងអស់ ហើយលើកដៃទៅលើមេឃ+ ១៤ ហើយគាត់មានប្រសាសន៍ថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! គ្មានព្រះណាទៀតដូចលោកឡើយ ទោះនៅលើមេឃ*ឬនៅផែនដីក៏ដោយ គឺលោកហើយដែលធ្វើតាមកិច្ចព្រមព្រៀង និងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអស់អ្នកដែលបម្រើលោកយ៉ាងស្មោះអស់ពីចិត្ត។+ ១៥ លោកបានធ្វើតាមពាក្យដែលលោកបានសន្យានឹងដាវីឌឪពុករបស់ខ្ញុំ។+ លោកបានសន្យាផ្ទាល់មាត់ ហើយនៅថ្ងៃនេះលោកបានធ្វើឲ្យសេចក្ដីសន្យានោះបានសម្រេចដោយដៃរបស់លោកផ្ទាល់។+ ១៦ ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! សូមលោកធ្វើតាមពាក្យដែលលោកបានសន្យានឹងដាវីឌឪពុកខ្ញុំជាអ្នកបម្រើរបស់លោក កាលដែលលោកមានប្រសាសន៍ថា៖ ‹បើកូនៗរបស់អ្នកតែងតែដើរតាមផ្លូវរបស់ខ្ញុំ+ ដោយស្មោះអស់ពីដួងចិត្ត ដូចដែលអ្នកបានដើរតាមផ្លូវរបស់ខ្ញុំ+ នោះនឹងមានបុគ្គលម្នាក់ពីពូជពង្សរបស់អ្នក អង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែលជានិច្ច›។ ១៧ ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាឲ្យពាក្យដែលលោកបានសន្យានឹងដាវីឌឪពុកខ្ញុំជាអ្នកបម្រើរបស់លោកក្លាយទៅជាការពិតផង។
១៨ «ប៉ុន្តែ តើព្រះនឹងស្នាក់នៅផែនដីពិតមែនឬ?+ មើល! សូម្បីតែមេឃនិងលំហអាកាសដ៏ធំធេងក៏មិនធំល្មមសម្រាប់ជាលំនៅរបស់លោកផង+ ទម្រាំតែវិហារនេះដែលខ្ញុំបានសាងសង់ តើលោកអាចអាស្រ័យនៅយ៉ាងដូចម្ដេចបាន?+ ១៩ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ! សូមមេត្តាស្ដាប់សេចក្ដីអធិដ្ឋាននិងពាក្យអង្វរសុំរបស់ខ្ញុំជាអ្នកបម្រើលោក ហើយសូមលោកមេត្តាស្ដាប់សម្រែកសុំជំនួយ និងពាក្យអធិដ្ឋានរបស់ខ្ញុំជាអ្នកបម្រើលោកនៅថ្ងៃនេះផង។ ២០ សូមលោកមើលមកវិហារនេះទាំងយប់ទាំងថ្ងៃ ជាកន្លែងដែលលោកបានមានប្រសាសន៍ថា៖ ‹ទីនេះជាតំណាងនាមរបស់ខ្ញុំ›+ ហើយសូមលោកស្ដាប់ពាក្យដែលខ្ញុំជាអ្នកបម្រើលោកអធិដ្ឋានតម្រង់មកទីនេះផង។ ២១ សូមលោកស្ដាប់ពាក្យអង្វរសុំរបស់ខ្ញុំជាអ្នកបម្រើលោក និងសំណូមពររបស់ជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់លោក កាលដែលពួកគេអធិដ្ឋានតម្រង់មកកន្លែងនេះ។+ សូមលោកមេត្តាស្ដាប់ពីទីអាស្រ័យនៅរបស់លោកពីស្ថានសួគ៌+ ហើយសូមអភ័យទោសឲ្យផង។+
២២ «បើមនុស្សម្នាក់ប្រព្រឹត្តខុសនឹងម្នាក់ទៀត រួចគេបង្ខំឲ្យអ្នកនោះស្បថឲ្យត្រូវបណ្ដាសា ហើយក្រោយពីគាត់បានស្បថរួច គាត់ក៏ចូលមកឈរនៅមុខទីបូជារបស់លោកនៅឯវិហារនេះ+ ២៣ សូមលោកមេត្តាស្ដាប់ពីស្ថានសួគ៌ ហើយវិនិច្ឆ័យពួកអ្នកបម្រើលោក ស្របតាមការប្រព្រឹត្តរបស់ពួកគេ ហើយសូមសម្រេចក្ដីឲ្យមនុស្សទុច្ចរិតជាប់ទោស+ តែសូមសម្រេចក្ដីឲ្យមនុស្សសុចរិតថាគ្មានទោសវិញ ហើយផ្ដល់រង្វាន់ដល់គាត់ស្របតាមអំពើសុចរិតរបស់គាត់។+
២៤ «បើបណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោកចាញ់សត្រូវ ដោយសារពួកគេចេះតែប្រព្រឹត្តខុសចំពោះលោក+ ហើយបើពួកគេត្រឡប់មករកលោកវិញ ព្រមទាំងសរសើរតម្កើងនាមលោក+ និងអធិដ្ឋាន+សុំសេចក្ដីមេត្តាពីលោកនៅវិហារនេះ+ ២៥ សូមលោកស្ដាប់ពីស្ថានសួគ៌+ ហើយអភ័យទោសចំពោះអំពើខុសឆ្គងរបស់បណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោកផង ហើយសូមលោកនាំពួកគេត្រឡប់មកស្រុកដែលលោកបានឲ្យដល់បុព្វបុរសរបស់ពួកគេវិញ។+
២៦ «កាលណាស្រុករាំងស្ងួតគ្មានភ្លៀង+ ដោយសារពួកគេចេះតែប្រព្រឹត្តខុសចំពោះលោក+ បើពួកគេអធិដ្ឋានតម្រង់មកកន្លែងនេះហើយតម្កើងនាមលោក ព្រមទាំងប្រែចិត្តពីអំពើខុសឆ្គងរបស់ពួកគេ ដោយសារលោកបានបន្ទាបពួកគេ+ ២៧ សូមលោកស្ដាប់ពីស្ថានសួគ៌ ហើយអភ័យទោសចំពោះអំពើខុសឆ្គងរបស់អ្នកបម្រើលោក គឺបណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោក ព្រោះលោកនឹងបង្រៀនពួកគេអំពីផ្លូវល្អដែលពួកគេគួរដើរ+ ហើយសូមបង្អុរភ្លៀង+មកលើស្រុកដែលលោកបានឲ្យដល់រាស្ត្ររបស់លោកជាមត៌កផង។
២៨ «ប្រសិនបើស្រុកមានការអត់ឃ្លាន+ រោគរាតត្បាត+ ផលដំណាំក្រៀមស្វិត មានផ្សិត+ ឬហ្វូងកណ្ដូបស៊ីបំផ្លាញ+ ឬបើសត្រូវរបស់ពួកគេឡោមព័ទ្ធពួកគេនៅក្រុងណាមួយក្នុងស្រុក+ ឬបើមានសេចក្ដីវេទនាឬជំងឺណាមួយកើតឡើង+ ២៩ ទោះបើបុគ្គលណាម្នាក់ឬបណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោក (ព្រោះបុគ្គលម្នាក់ៗដឹងនូវទុក្ខវេទនាក្នុងចិត្តរបស់ខ្លួន)+ លើកដៃឡើងតម្រង់មកវិហារនេះ+ ហើយអធិដ្ឋាន+ឬអង្វរសុំអ្វីក៏ដោយពីលោក+ ៣០ សូមលោកស្ដាប់ពីស្ថានសួគ៌ ពីទីអាស្រ័យនៅរបស់លោក+ ហើយសូមលោកអភ័យទោសឲ្យ+ ព្រមទាំងឲ្យរង្វាន់ដល់បុគ្គលម្នាក់ៗតាមការប្រព្រឹត្តរបស់គេ ព្រោះលោកស្គាល់ចិត្តរបស់គេ (មានតែលោកទេដែលស្គាល់ចិត្តរបស់មនុស្សជាតិយ៉ាងច្បាស់)+ ៣១ ដើម្បីឲ្យពួកគេកោតខ្លាចលោក ហើយដើរតាមផ្លូវរបស់លោកនៅគ្រប់វេលាដែលពួកគេរស់នៅក្នុងស្រុកដែលលោកបានឲ្យដល់បុព្វបុរសរបស់យើង។
៣២ «ម្យ៉ាងវិញទៀត ចំពោះជនបរទេសដែលមិនមែនជាជនជាតិអ៊ីស្រាអែល ជាអ្នកមកពីស្រុកឆ្ងាយ ដោយសារបានឮអំពីនាមដ៏ឧត្ដមរបស់លោក+ និងឫទ្ធានុភាពដ៏ខ្លាំងក្លាមហិមារបស់លោក បើគាត់មក ហើយអធិដ្ឋានតម្រង់មកវិហារនេះ+ ៣៣ សូមលោកស្ដាប់ពីស្ថានសួគ៌ ជាទីអាស្រ័យនៅរបស់លោក ហើយសូមលោកធ្វើតាមសំណូមពរទាំងប៉ុន្មានរបស់ជនបរទេសនោះ ដើម្បីឲ្យមនុស្សទាំងអស់នៅផែនដីស្គាល់នាមរបស់លោក+ ហើយកោតខ្លាចលោក ដូចបណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់លោកដែរ ហើយសូមឲ្យពួកគេដឹងថាវិហារដែលខ្ញុំបានសាងសង់នេះ គឺតំណាងនាមលោក។
៣៤ «បើរាស្ត្ររបស់លោកទៅច្បាំងនឹងសត្រូវរបស់ពួកគេតាមបង្គាប់លោក+ ហើយពួកគេអធិដ្ឋាន+ទៅលោកតម្រង់មកឯក្រុងដែលលោកបានជ្រើសរើស និងតម្រង់មកវិហារដែលខ្ញុំបានសាងសង់សម្រាប់នាមរបស់លោក+ ៣៥ នោះសូមលោកស្ដាប់ពីស្ថានសួគ៌នូវសេចក្ដីអធិដ្ឋាននិងពាក្យអង្វរសុំរបស់ពួកគេ ហើយសូមលោកជួយពួកគេផង។+
៣៦ «បើពួកគេប្រព្រឹត្តខុសចំពោះលោក (ព្រោះគ្មានមនុស្សណាម្នាក់ដែលមិនចេះធ្វើខុសនោះទេ)+ ហើយលោកខឹងនឹងពួកគេ ព្រមទាំងប្រគល់ពួកគេដល់ពួកខ្មាំងសត្រូវ រួចពួកគេត្រូវគេចាប់យកទៅធ្វើជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅជិតឬឆ្ងាយក្ដី+ ៣៧ ក្រោយមក បើពួកគេភ្ញាក់ខ្លួននៅក្នុងស្រុកដែលសត្រូវចាប់ពួកគេយកទៅធ្វើជាឈ្លើយ ហើយវិលមករកលោកវិញ ថែមទាំងអង្វរសុំសេចក្ដីមេត្តាពីលោកនៅក្នុងស្រុកនោះ ដោយនិយាយថា៖ ‹យើងខ្ញុំបានប្រព្រឹត្តខុសឆ្គងហើយ យើងខ្ញុំក៏បានប្រព្រឹត្តអំពើអាក្រក់ដែរ›។+ ៣៨ បើពួកគេវិលត្រឡប់មករកលោកវិញដោយអស់ពីចិត្ត+ អស់ពីកម្លាំង* នៅក្នុងស្រុករបស់ពួកសត្រូវដែលបានចាប់ពួកគេយកទៅធ្វើជាឈ្លើយ+ ហើយពួកគេអធិដ្ឋានទៅលោកដោយបែរមកឯស្រុកដែលលោកបានឲ្យដល់បុព្វបុរសរបស់ពួកគេ ហើយឆ្ពោះមកឯក្រុងដែលលោកបានជ្រើសរើស+ ព្រមទាំងតម្រង់មកវិហារដែលខ្ញុំបានសាងសង់សម្រាប់នាមរបស់លោក ៣៩ នោះសូមលោកស្ដាប់សេចក្ដីអធិដ្ឋាននិងពាក្យអង្វរសុំរបស់ពួកគេ ពីស្ថានសួគ៌ជាទីអាស្រ័យនៅរបស់លោក ហើយសូមលោកជួយពួកគេផង+ ថែមទាំងអភ័យទោសឲ្យរាស្ត្ររបស់លោកដែលបានប្រព្រឹត្តខុសចំពោះលោកផង។
៤០ «ឱព្រះរបស់ខ្ញុំអើយ! សូមលោកមើលមក ហើយស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកបម្រើលោកដែលមកអធិដ្ឋាននៅទីនេះផង។+ ៤១ ឱព្រះយេហូវ៉ាអើយ! សូមលោកមកជាមួយនឹងហឹបនៃឫទ្ធានុភាពរបស់លោក ហើយអាស្រ័យនៅក្នុងទីសម្រាកនេះចុះ។+ ឱព្រះយេហូវ៉ាអើយ! សូមឲ្យសង្ឃរបស់លោកបង្ហាញថាសេចក្ដីសង្គ្រោះគឺមកពីលោក ហើយសូមឲ្យពួកអ្នកដែលមានភក្ដីភាពចំពោះលោក អរសប្បាយនឹងគុណធម៌របស់លោកផង។+ ៤២ ឱព្រះយេហូវ៉ាអើយ! សូមលោកកុំបោះបង់បុគ្គលដែលលោកបានរើសតាំងឡើយ។+ សូមលោកចងចាំសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ដែលលោកបានបង្ហាញចំពោះដាវីឌជាអ្នកបម្រើលោកផង»។+