ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកាឡាទី
៦ បងប្អូនអើយ ទោះជាមនុស្សម្នាក់ចាប់ផ្ដើមដើរផ្លូវខុសដោយមិនដឹងខ្លួនក៏ដោយ ចូរអ្នករាល់គ្នាជាគ្រិស្តសាសនិកដែលមានគុណសម្បត្តិគ្រប់គ្រាន់ ព្យាយាមកែតម្រង់អ្នកនោះដោយចិត្តស្លូតបូត។+ ប៉ុន្តែ ចូរប្រយ័ត្នខ្លួនផង+ ក្រែងលោអ្នកត្រូវល្បួងដែរ។+ ២ ចូរបន្តរែកពុនបន្ទុកគ្នាទៅវិញទៅមក+ ធ្វើដូច្នេះអ្នករាល់គ្នានឹងបំពេញច្បាប់គ្រិស្តគ្រប់ជំពូក។+ ៣ ព្រោះប្រសិនបើអ្នកណាគិតថាខ្លួនសំខាន់ តែតាមពិតខ្លួនមិនមែនជាអ្វីសោះ+ អ្នកនោះកំពុងបញ្ឆោតខ្លួនហើយ។ ៤ ចូរឲ្យម្នាក់ៗពិនិត្យមើលការប្រព្រឹត្តរបស់ខ្លួន+ រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត។+ ៥ ព្រោះម្នាក់ៗត្រូវទទួលភារៈរបស់ខ្លួន។*+
៦ ម្យ៉ាងទៀត ចូរឲ្យអ្នកណាដែលទទួលការបង្រៀន*ពីបណ្ដាំរបស់ព្រះ និងអ្នកដែលបានបង្រៀនសេចក្ដីនោះ ចែករំលែកអ្វីៗល្អទាំងអស់ជាមួយគ្នា។+
៧ កុំច្រឡំឡើយ បញ្ឆោតព្រះមិនបានទេ។ ព្រោះមនុស្សទទួលផលតាមតែអ្វីដែលគេសាបព្រោះ។+ ៨ ពីព្រោះអ្នកណាដែលសាបព្រោះដោយគិតអំពីសេចក្ដីប៉ងប្រាថ្នានៃរូបកាយ អ្នកនោះនឹងទទួលផលជាសេចក្ដីហិនវិនាសពីរូបកាយ។ ប៉ុន្តែ អ្នកណាដែលសាបព្រោះដោយគិតអំពីឫទ្ធានុភាពរបស់ព្រះ អ្នកនោះនឹងទទួលផលជាជីវិតដែលគ្មានទីបញ្ចប់ពីឫទ្ធានុភាពរបស់ព្រះ។+ ៩ ដូច្នេះ យើងមិនត្រូវឈប់ព្យាយាមធ្វើអ្វីដែលល្អប្រសើរឡើយ ព្រោះនៅពេលកំណត់យើងនឹងទទួលផល បើយើងមិនរសាយចិត្តទេ។*+ ១០ ម្ល៉ោះហើយ ដរាបណាយើងមានឱកាស នោះចូរយើងធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់បងប្អូនរួមជំនឿ។
១១ មើល! ខ្ញុំបានសរសេរអក្សរធំៗទៅកាន់អ្នករាល់គ្នាដោយដៃខ្ញុំផ្ទាល់។
១២ អស់អ្នកដែលចង់ឲ្យអ្នកឯទៀតពេញចិត្តនឹងសម្បកក្រៅរបស់ពួកគេ គឺជាអ្នកដែលខំជំរុញឲ្យអ្នករាល់គ្នាទទួលការកាត់ចុងស្បែក ដើម្បីកុំឲ្យគេបៀតបៀនខ្លួនដោយសារបង្គោលទារុណកម្ម*របស់គ្រិស្ត។ ១៣ ព្រោះសូម្បីតែពួកអ្នកដែលទទួលការកាត់ចុងស្បែកក៏មិនធ្វើតាមច្បាប់ដែរ+ ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាទទួលការកាត់ចុងស្បែក ដើម្បីឲ្យពួកគេអាចអួតអំពីសម្បកក្រៅរបស់អ្នករាល់គ្នា។ ១៤ ក៏ប៉ុន្តែ ខ្ញុំនឹងមិនអួតអំពីអ្វីក្រៅពីបង្គោលទារុណកម្ម*របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងឡើយ។+ ចំពោះខ្ញុំ ពិភពលោកបានស្លាប់ហើយ* ចំពោះពិភពលោក ខ្ញុំក៏បានស្លាប់ដែរ។ ១៥ ព្រោះការកាត់ចុងស្បែកឬមិនកាត់ នោះមិនសំខាន់ឡើយ+ តែអ្វីដែលពិតជាសំខាន់ គឺព្រះធ្វើឲ្យអ្នករាល់គ្នាទៅជាមនុស្សថ្មី។+ ១៦ ចំណែកអស់អ្នកដែលរស់នៅស្របតាមខ្នាតតម្រានៃការប្រព្រឹត្តនេះ ពោលគឺអ៊ីស្រាអែលនៃព្រះ សូមឲ្យបានប្រកបទៅដោយសេចក្ដីសុខសាន្តនិងសេចក្ដីមេត្តាករុណា។+
១៧ ចាប់ពីពេលនេះតទៅ កុំឲ្យអ្នកណាធ្វើឲ្យខ្ញុំមានបញ្ហាទៀត ព្រោះនៅលើរូបកាយខ្ញុំមានស្លាកស្នាមដែលសម្គាល់ថាខ្ញុំជាខ្ញុំបម្រើរបស់លោកយេស៊ូ។+
១៨ បងប្អូនអើយ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនៅជាមួយនឹងអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាមានចិត្តគំនិតត្រឹមត្រូវ។ អាមេន។