ចូរជួយបងប្អូនដែលបានវង្វេងចេញឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះវិញជាប្រញាប់!
«តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»។—យ៉ូន. ៦:៦៨
១. នៅពេលសិស្សជាច្រើនដកខ្លួនចេញពីព្រះយេស៊ូ តើពេត្រុសបាននិយាយអ្វី?
នៅគ្រាមួយសិស្សជាច្រើនរបស់ព្រះយេស៊ូគ្រិស្តបានដកខ្លួនចេញពីទ្រង់មិនតាមទ្រង់ទៀតទេ ដោយសារពួកគេមិនពេញចិត្តនឹងចំណុចមួយនៃការបង្រៀនរបស់ទ្រង់។ ព្រះយេស៊ូសួរពួកសាវ័កថា៖ «អ្នករាល់គ្នាចង់ថយទៅដែរឬ?»។ ស៊ីម៉ូនពេត្រុសឆ្លើយថា៖ «ព្រះអម្ចាស់អើយ! តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»។ (យ៉ូន. ៦:៥១-៦៩) មែនហើយ គឺគ្មានកន្លែងណាឲ្យទៅឡើយ ដ្បិតសាសនាយូដាមិនមាន«ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»ទេ។ ហើយសព្វថ្ងៃនេះ បាប៊ីឡូនដ៏ធំដែលសំដៅទៅលើសាសនាមិនពិតទាំងឡាយដែលប្រៀបដូចជាចក្រភពមួយ ក៏មិនមាន«បន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»ដែរ។ ចំពោះអ្នកណាដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ តែឥឡូវចង់ផ្គាប់ចិត្តព្រះយេហូវ៉ាគឺ«ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ» ដើម្បីត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ។—រ៉ូម ១៣:១១
២. ស្តីអំពីរឿងវិនិច្ឆ័យឬរឿងសម្ងាត់ តើយើងត្រូវធ្វើអ្វី?
២ ព្រះយេហូវ៉ាបានយកចិត្តទុកដាក់នឹងចៀមដែលវង្វេងបាត់នៅស្រុកអ៊ីស្រាអែល។ (សូមអាន អេសេគាល ៣៤:១៥, ១៦) ស្រដៀងគ្នាដែរ ពួកអ្នកចាស់ទុំជាគ្រិស្តសាសនិកមានចិត្ត និងភារកិច្ចជួយបងប្អូនដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ។ ប្រសិនបើពួកគាត់ចាត់ឲ្យអ្នកផ្សាយម្នាក់សិក្សាជាមួយនឹងបងប្អូនអសកម្មដែលចង់បានជំនួយ ហើយអ្នកបង្រៀនដឹងថា បុគ្គលនោះបានធ្វើអំពើបាបធ្ងន់ធ្ងរ តើនឹងត្រូវធ្វើយ៉ាងណា? អ្នកផ្សាយមិនត្រូវឲ្យឱវាទអំពីរឿងវិនិច្ឆ័យ ឬប្រាប់រឿងសម្ងាត់ណាមួយទេ តែគាត់ត្រូវប្រាប់អ្នកដែលមានកំហុសនោះឲ្យទៅជម្រាបពួកអ្នកចាស់ទុំ។ បើគាត់មិនធ្វើទេ គប្បីឲ្យអ្នកផ្សាយជម្រាបពួកអ្នកចាស់ទុំដោយខ្លួនឯង។—លេវី. ៥:១; កា. ៦:១
៣. តើបុរសដែលមានចៀម១០០ក្បាលមានប្រតិកម្មយ៉ាងណា ពេលរកឃើញចៀមមួយដែលវង្វេងបាត់?
៣ នៅអត្ថបទមុន មានការរៀបរាប់អំពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូស្តីអំពីបុរសម្នាក់ដែលមានចៀម១០០ក្បាល។ ពេលចៀមមួយវង្វេងបាត់ពីហ្វូង នោះគាត់ទុកចៀម៩៩ក្បាលនៅមួយកន្លែង ដើម្បីទៅតាមរកចៀមមួយដែលបាត់។ ពេលដែលរកឃើញចៀមនោះវិញ បុរសនោះមានចិត្តសប្បាយណាស់! (លូ. ១៥:៤-៧) ស្រដៀងគ្នាដែរ យើងមានចិត្តសប្បាយនៅពេលដែលបងប្អូនអសកម្មម្នាក់ត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ។ ដោយសារមានសេចក្ដីស្រឡាញ់ អ្នកចាស់ទុំនិងសមាជិកក្នុងក្រុមជំនុំ ប្រហែលជាបានទៅសួរសុខទុក្ខបងប្អូនអសកម្ម។ ពួកគាត់ពិតជាចង់ឃើញបងប្អូនអសកម្មនេះត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ និងទទួលការគាំទ្រ ការការពារនិងពរពីព្រះ។ (ចោទិ. ៣៣:២៧; ទំនុក. ៩១:១៤; សុ. ១០:២២) ប្រសិនបើពួកគាត់មានឱកាសជួយបងប្អូនអសកម្មឲ្យត្រឡប់មកក្រុមជំនុំវិញ តើពួកគាត់អាចធ្វើអ្វី?
៤. តើយើងអាចយល់អ្វីពីកាឡាទី ៦:២, ៥?
៤ ប្រហែលជាពួកគាត់អាចលើកទឹកចិត្តបងប្អូនអសកម្មឲ្យត្រឡប់មកក្រុមជំនុំវិញ ដោយចិត្តសប្បុរសបង្ហាញគាត់ថាព្រះយេហូវ៉ាស្រឡាញ់ចៀមទ្រង់ និងមិនតម្រូវអ្វីដែលយើងមិនអាចបំពេញឡើយ។ ទ្រង់តម្រូវឲ្យយើងសិក្សាគម្ពីរ ចូលរួមកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក និងផ្សព្វផ្សាយដំណឹងល្អអំពីសាររាជាណាចក្រ។ ប្រហែលជាល្អបើអានកាឡាទី ៦:២, ៥ និងប្រាប់ថាគ្រិស្តសាសនិកអាចយកអាសាគ្នាទៅវិញទៅមក ប៉ុន្តែ «គ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន»នៅចំពោះព្រះយេហូវ៉ា។ គ្មានអ្នកណាម្នាក់អាចរក្សាចិត្តស្មោះចំពោះព្រះជំនួសយើងបានឡើយ។
តើ«សេចក្ដីខ្វល់ខ្វាយនៅជីវិត» ធ្វើឲ្យពួកគេអសកម្មឬ?
៥, ៦. (ក) ពេលបងប្អូនរួមជំនឿដែលអសកម្មប្រាប់អំពីអារម្មណ៍ខ្លួន ហេតុអ្វីបានជាសំខាន់ឲ្យយើងស្ដាប់ដោយយកចិត្តទុកដាក់? (ខ) តើអ្នកអាចជួយបងប្អូនអសកម្មឲ្យឃើញថា ការមិនមកកិច្ចប្រជុំមានលទ្ធផលមិនល្អចំពោះពួកគាត់យ៉ាងដូចម្ដេច?
៥ ដើម្បីដឹងរបៀបដែលអាចជួយបងប្អូនរួមជំនឿដែលអសកម្ម នោះពួកអ្នកចាស់ទុំ និងអ្នកផ្សាយដែលមានគំនិតចាស់ទុំត្រូវស្ដាប់ដោយយកចិត្តទុកដាក់ពេលពួកគាត់ប្រាប់អំពីអារម្មណ៍ខ្លួន។ ឧបមាថា អ្នកជាអ្នកចាស់ទុំម្នាក់ដែលបានទៅសួរសុខទុក្ខគូស្វាមីភរិយាដែលខានមកកិច្ចប្រជុំ ពីព្រោះ«សេចក្ដីខ្វល់ខ្វាយនៅជីវិត»ធ្វើឲ្យពួកគាត់ទៅជាអសកម្ម។ (លូ. ២១:៣៤) បញ្ហាខាងលុយកាក់ ឬភារកិច្ចកាន់តែច្រើនក្នុងគ្រួសារ អាចធ្វើឲ្យពួកគាត់ឈប់បំពេញភារកិច្ចរបស់ខ្លួនជាគ្រិស្តសាសនិកបន្ដិចម្ដងៗ។ ពួកគាត់ប្រហែលជាគិតថាចង់ផ្អាកបន្ដិចពីភារកិច្ចទាំងនេះ ប៉ុន្តែ អ្នកអាចប្រាប់ថា ការញែកខ្លួនចេញពីបងប្អូនគឺមិនមានប្រយោជន៍ទេ។ (សូមអាន សុភាសិត ១៨:១) ដោយទន់ភ្លន់ អ្នកអាចសួរថា «តាំងពីឈប់មកប្រជុំ តើអ្នកសប្បាយជាងទេ? តើជីវភាពក្នុងគ្រួសារបានប្រសើរជាងទេ? តើអ្នកនៅតែមានអំណរដែលមកពីការទុកចិត្តលើព្រះយេហូវ៉ាទេ?»។—នេ. ៨:១០
៦ បើបងប្អូនអសកម្មគិតយ៉ាងជ្រាលជ្រៅអំពីសំណួរទាំងនេះ គឺអាចជួយពួកគាត់ឲ្យឃើញថា ដោយសារឈប់មកកិច្ចប្រជុំ ពូកគាត់លែងមានទស្សនៈរបស់ព្រះយេហូវ៉ាចំពោះស្ថានភាពរបស់ខ្លួន ជាលទ្ធផលពួកគាត់លែងមានសុភមង្គលដូចពីមុន។ (ម៉ាថ. ៥:៣; ហេ. ១០:២៤, ២៥) យើងក៏អាចជួយពួកគាត់ឲ្យឃើញថា ពួកគាត់លែងមានអំណរដោយសារឈប់ទៅផ្សព្វផ្សាយដំណឹងល្អដែរ។ (ម៉ាថ. ២៨:១៩, ២០) បើដូច្នេះ តើបងប្អូនអសកម្មត្រូវធ្វើអ្វី?
៧. ចំពោះបងប្អូនដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ តើយើងអាចធ្វើអ្វីដើម្បីលើកទឹកចិត្តពួកគាត់?
៧ ព្រះយេស៊ូមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត . . . ដូច្នេះ ចូរចាំយាមចុះ! ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក»។ (លូ. ២១:៣៤-៣៦) ចំពោះបងប្អូនដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ ប៉ុន្តែ ចង់មានចិត្តសប្បាយដូចមុនវិញ យើងអាចលើកទឹកចិត្តពួកគាត់ឲ្យអធិដ្ឋានសូមសកម្មពលបរិសុទ្ធរបស់ព្រះនិងជំនួយពីទ្រង់ និងឲ្យប្រព្រឹត្តតាមពាក្យអធិដ្ឋានរបស់ពួកគាត់។—លូ. ១១:១៣
តើមានអ្វីឬអ្នកណាម្នាក់ ធ្វើឲ្យពួកគាត់ជំពប់ដួលឬ?
៨, ៩. តើអ្នកចាស់ទុំអាចវែកញែកយ៉ាងណាជាមួយបងប្អូនដែលបានជំពប់ដួល?
៨ ដោយហេតុថាយើងជាមនុស្សមិនល្អឥតខ្ចោះ ជួនកាលមានការខ្វែងគំនិតគ្នា ហើយនេះធ្វើឲ្យបុគ្គលម្នាក់មានហេតុជំពប់ដួល។ អ្នកខ្លះជំពប់ដួលពេលឃើញបងប្អូនដែលគេគោរពគ្រប់គ្នាក្នុងក្រុមជំនុំ បានប្រព្រឹត្តផ្ទុយពីគោលការណ៍ក្នុងគម្ពីរ។ ប្រសិនបើនេះជាហេតុដែលធ្វើឲ្យគាត់ជំពប់ដួល អ្នកចាស់ទុំដែលទៅសួរសុខទុក្ខអាចប្រាប់បងប្អូនអសកម្មថា ព្រះយេហូវ៉ាមិនបណ្ដាលឲ្យអ្នកណាម្នាក់ជំពប់ដួលទេ។ នេះមិនមែនជាហេតុដែលយើងគួរផ្ដាច់ទំនាក់ទំនងជាមួយព្រះយេហូវ៉ា និងរាស្ត្ររបស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ យើងគួរបន្តបម្រើព្រះទាំងទុកចិត្តថា«ចៅក្រមនៃផែនដីទាំងមូល» ដឹងនូវអ្វីដែលបានកើតឡើង និងដោះស្រាយរឿងនោះដោយយុត្ដិធម៌ មែនទេ? (លោ. ១៨:២៥; កូល. ៣:២៣-២៥) ប្រសិនបើបុគ្គលម្នាក់ជំពប់ជើងដួលមែនទែន គាត់មិនមែនមិនព្រមងើបឡើងវិញនោះឡើយ។
៩ ក្នុងការខំប្រឹងជួយបងប្អូនអសកម្មឲ្យត្រឡប់មកវិញ អ្នកចាស់ទុំនោះអាចប្រាប់គាត់ថា អ្វីដែលបណ្ដាលឲ្យគាត់ជំពប់ដួល យូរៗទៅលែងសំខាន់ទៀតហើយ។ តាមពិត អ្វីដែលបណ្ដាលឲ្យគាត់ជំពប់ដួលប្រហែលជាលែងមានទៀតដែរ។ បើបងប្អូនអសកម្មនោះជំពប់ដួលដោយសារខ្លួនបានទទួលការទូន្មាន យកល្អឲ្យគាត់រំពឹងគិតនិងអធិដ្ឋាន នេះអាចជួយគាត់ឲ្យទទួលស្គាល់ថា គាត់មានកំហុសខ្លះដែរ ហើយមិនគួរធ្វើឲ្យគាត់ជំពប់ដួលឡើយ។—ទំនុក. ១១៩:១៦៥; ហេ. ១២:៥-១៣
តើការបង្រៀនណាមួយក្នុងគម្ពីរធ្វើឲ្យគាត់ទៅជាអសកម្ម?
១០, ១១. ក្នុងការខំជួយបងប្អូនដែលមានការយល់ផ្សេងអំពីសេចក្ដីបង្រៀនខ្លះៗក្នុងគម្ពីរ តើការវែកញែកអ្វីដែលមានប្រសិទ្ធភាព?
១០ អ្នកខ្លះប្រហែលជាបានចាកចេញពីហ្វូងចៀមរបស់ព្រះ ពីព្រោះពួកគេមិនយល់ស្របនឹងការបង្រៀនណាមួយក្នុងគម្ពីរ។ ពួកអ៊ីស្រាអែលដែលបានរួចពីចំណងជាខ្ញុំបម្រើ «ភ្លេចកិច្ចការរបស់ទ្រង់»ដែលបានធ្វើជំនួសពួកគេ ហើយ«មិនបានរង់ចាំស្ដាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ»។ (ទំនុក. ១០៦: ១៣) ប្រហែលជាមានប្រយោជន៍ដែរក្នុងការរំលឹកបងប្អូនអសកម្មថា«អ្នកបំរើស្មោះត្រង់»កំពុងតែផ្ដល់ការណែនាំយ៉ាងល្អប្រសើរ។ (ម៉ាថ. ២៤:៤៥) ពេលគាត់ចាប់ផ្ដើមរៀនសេចក្ដីពិត គាត់បានរៀនតាមរយៈ«អ្នកបំរើស្មោះត្រង់»។ ដូច្នេះ គប្បីឲ្យគាត់តាំងចិត្តប្រព្រឹត្តតាមសេចក្ដីពិតម្ដងទៀត មែនទេ?—២យ៉ូន. ៤
១១ នៅពេលដែលអ្នកចាស់ទុំខំជួយបងប្អូនដែលបានវង្វេងពីហ្វូងចៀមរបស់ព្រះ គាត់អាចលើកអំពីពួកសិស្សដែលដកខ្លួនថយចេញពីព្រះយេស៊ូ ពីព្រោះពួកគាត់មិនព្រមជឿចំណុចមួយក្នុងការបង្រៀនរបស់ទ្រង់។ (យ៉ូន. ៦:៥៣, ៦៦) ដោយសារពួកគាត់ផ្ដាច់ខ្លួនពីព្រះគ្រិស្តនិងអ្នកកាន់តាមដ៏ស្មោះត្រង់របស់ទ្រង់ នោះពួកគាត់លែងត្រេកអរនឹងការថ្វាយបង្គំព្រះ ហើយក៏លែងមានអំណរក្នុងជីវិតដែរ។ តើបងប្អូនដែលឈប់មកកិច្ចប្រជុំក្រុមជំនុំនៃពួកគ្រិស្តសាសនិក បានរកឃើញកន្លែងមួយទៀតដែលមានការបង្រៀនខាងឯបណ្ដាំរបស់ព្រះយ៉ាងវិសេសជាងទេ? អត់ទេ គឺគ្មានទាស់តែសោះ!
តើគាត់បានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរឬ?
១២, ១៣. ប្រសិនបើបងប្អូនម្នាក់បានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ ហើយសារភាពថាគាត់បានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ តើយើងអាចជួយគាត់យ៉ាងដូចម្ដេច?
១២ បុគ្គលខ្លះឈប់ផ្សព្វផ្សាយនិងឈប់មកកិច្ចប្រជុំ ពីព្រោះពួកគាត់បានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ។ ពួកគាត់ប្រហែលជាគិតថា បើសារភាពប្រាប់អ្នកចាស់ទុំអំពីអំពើខុសឆ្គងធ្ងន់ធ្ងរនោះ ពួកគាត់នឹងត្រូវបណ្ដាច់មិត្តភាព។ ប៉ុន្តែ ប្រសិនបើពួកគាត់មិនបន្តធ្វើអំពើខុសឆ្គងនោះទៀត ហើយបានប្រែចិត្តដ៏ស្មោះ នោះនឹងមិនត្រូវបណ្ដាច់មិត្តភាពពួកគាត់ទេ។ (២កូ. ៧:១០, ១១) ផ្ទុយទៅវិញ ពួកគេនឹងត្រូវទទួលស្វាគមន៍មកវិញ ហើយពួកអ្នកចាស់ទុំនឹងផ្ដល់ជំនួយដើម្បីផ្សះផ្សាចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។
១៣ ឧបមាថាបងប្អូនជាអ្នកផ្សាយដែលមានជំនឿមាំមួន ហើយពួកអ្នកចាស់ទុំចាត់អ្នកឲ្យទៅជួយបងប្អូនអសកម្ម។ ចុះបើគាត់ប្រាប់ថាបានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ តើអ្នកគួរធ្វើយ៉ាងណា? ដូចបានរៀបរាប់រួចមកហើយ ជាជាងឲ្យឱវាទអំពីរឿងវិនិច្ឆ័យ អ្នកគួរលើកទឹកចិត្តបងប្អូនអសកម្មឲ្យជម្រាបពួកអ្នកចាស់ទុំវិញ។ បើគាត់មិនធ្វើដូច្នេះទេ អ្នកគួរជម្រាបពួកអ្នកចាស់ទុំ ដ្បិតទង្វើនេះគឺស្របតាមការបង្គាប់របស់ព្រះ ដោយគិតអំពីព្រះនាមរបស់ព្រះយេហូវ៉ា និងប្រយោជន៍នៃក្រុមជំនុំ។ (សូមអាន លេវីវិន័យ ៥:១) ពួកអ្នកចាស់ទុំដឹងថាត្រូវធ្វើដូចម្ដេច ដើម្បីជួយបងប្អូនណាដែលចង់ត្រឡប់មកវិញឲ្យរស់នៅស្របតាមបំណងប្រាថ្នារបស់ព្រះ។ ដោយសេចក្ដីស្រឡាញ់ នោះពួកអ្នកចាស់ទុំនឹងទូន្មានប្រដៅបងប្អូនអសកម្មនោះ។ (ហេ. ១២:៧-១១) ប្រសិនបើគាត់ទទួលស្គាល់ថាបានប្រព្រឹត្តអំពើខុសឆ្គងនឹងព្រះ ហើយបានឈប់ធ្វើអំពើនោះទៀត និងពិតជាបានប្រែចិត្តយ៉ាងស្មោះមែន នោះពួកអ្នកចាស់ទុំនឹងជួយគាត់ ហើយគាត់អាចទទួលការអត់ឱនទោសពីព្រះយេហូវ៉ា។—អេសា. ១:១៨; ៥៥:៧; យ៉ា. ៥:១៣-១៦
កូនត្រឡប់មកវិញនាំឲ្យមានអំណរ
១៤. តាមរបៀបដែលងាយសម្រាប់អ្នក សូមរៀបរាប់រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូស្តីអំពីកូនបង្ហិនទ្រព្យ។
១៤ នៅពេលព្យាយាមជួយចៀមដែលវង្វេងចេញ បងប្អូនដែលត្រូវបានចាត់ឲ្យជួយនោះ អាចលើករឿងប្រៀបប្រដូចដែលព្រះយេស៊ូបានប្រាប់នៅលូកា ១៥:១១-២៤។ នៅក្នុងរឿងនោះ កូនពៅបង្ហិនទ្រព្យអស់រលីង ដោយសារមានជីវិតរស់នៅដែលប្រាសចាកសីលធម៌។ នៅទីបំផុត កូនពៅនេះស្អប់ខ្ពើមរបៀបរស់នៅដ៏ថោកទាបនោះ។ គាត់ឃ្លានអាហារ នឹកឪពុកម្ដាយបងប្អូន ហើយគាត់ក៏សម្រេចចិត្តត្រឡប់មកផ្ទះវិញ។ ឪពុកឃើញកូនដើរមកពីចម្ងាយ គាត់ក៏រត់ទៅទទួល ឱបថើបកូនដោយមានចិត្តសប្បាយណាស់។ ការគិតអំពីរឿងប្រៀបប្រដូចនេះ អាចជំរុញចិត្តបងប្អូនដែលរសាត់ចេញពីសេចក្ដីពិតឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ។ ដោយសាររបៀបរបបពិភពលោកនេះបន្ដិចទៀតនឹងត្រូវបំផ្លាញចោល គប្បីឲ្យគាត់ត្រឡប់មកព្រះយេហូវ៉ាវិញជាបន្ទាន់។
១៥. ហេតុអ្វីបានជាបងប្អូនខ្លះរសាត់ចេញពីក្រុមជំនុំ?
១៥ បងប្អូនភាគច្រើនដែលបានរសាត់ចេញពីសេចក្ដីពិត មិនមានលក្ខណៈបេះបិទដូចកូនបង្ហិនទ្រព្យនេះទេ។ ចំពោះបងប្អូនខ្លះ គាត់រសាត់ចេញពីក្រុមជំនុំបន្ដិចម្ដងៗ ប្រៀបដូចទូកមួយដែលបណ្ដែតលើទឹក បណ្ដោយតាមខ្យល់ឲ្យរសាត់ជាបណ្ដើរៗកាន់តែឆ្ងាយទៅៗពីដីគោក។ បងប្អូនឯទៀត មានកង្វល់អំពីជីវិតដល់ម្ល៉េះបានជាពួកគាត់លែងយកចិត្តទុកដាក់នឹងចំណងមេត្រីភាពជាមួយព្រះយេហូវ៉ា។ បងប្អូនខ្លះទៀតជំពប់ដួលដោយសារសមាជិកម្នាក់ក្នុងក្រុមជំនុំ ឬក៏ចាកចេញ ពីព្រោះពួកគាត់មិនព្រមជឿការបង្រៀនណាមួយក្នុងគម្ពីរ។ អ្នកខ្លះបានប្រព្រឹត្តអំពើដែលខុសគោលការណ៍ក្នុងគម្ពីរ។ អ្នកអាចយកឱវាទដែលទាក់ទងនឹងកាលៈទេសៈនីមួយៗ ដើម្បីជួយបងប្អូនដែលបានចាកចេញពីក្រុមជំនុំដោយមូលហេតុណាមួយ ឲ្យត្រឡប់មកវិញមុនហួសពេល។
«សូមស្វាគមន៍កូន!»
១៦-១៨. (ក) តើអ្នកចាស់ទុំម្នាក់បានជួយបងប្រុសអសកម្មយូរឆ្នាំហើយយ៉ាងណា? (ខ) ហេតុអ្វីបានជាបងប្រុសនេះទៅជាអសកម្ម? តើគាត់បានទទួលជំនួយយ៉ាងដូចម្ដេច? តើបងប្អូនក្នុងក្រុមជំនុំទទួលស្វាគមន៍គាត់យ៉ាងណា?
១៦ អ្នកចាស់ទុំម្នាក់និយាយថា៖ «ក្រុមអ្នកចាស់ទុំក្នុងក្រុមជំនុំខំព្យាយាមទៅសួរសុខទុក្ខបងប្អូនអសកម្ម។ ខ្ញុំបានគិតអំពីបងប្រុសម្នាក់ដែលខ្ញុំបានសិក្សាជាមួយ ហើយបានជួយឲ្យចូលក្នុងសេចក្ដីពិត។ គាត់អសកម្មអស់២៥ឆ្នាំ ហើយកំពុងតែស្ថិតក្នុងស្ថានភាពដ៏ពិបាកណាស់។ ខ្ញុំបានពន្យល់គាត់ថា បើអនុវត្តតាមគោលការណ៍ក្នុងគម្ពីរ នោះនឹងអាចជួយគាត់បាន។ យូរបន្ដិចក្រោយមក គាត់ចាប់ផ្ដើមមកកិច្ចប្រជុំវិញ ហើយយល់ព្រមសិក្សាគម្ពីរ ដើម្បីជួយគាត់ឲ្យតាំងចិត្តត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ»។
១៧ ហេតុអ្វីក៏គាត់ទៅជាអសកម្ម? គាត់សារភាពថា៖ «ខ្ញុំបានប្រមូលអារម្មណ៍ច្រើនពេកលើគោលដៅខាងពិភពលោកនេះ និងរបៀបរស់នៅប្រចាំថ្ងៃ ជាជាងគិតអំពីចំណងមេត្រីភាពរបស់ខ្ញុំជាមួយនឹងព្រះយេហូវ៉ា។ បន្ទាប់មក ខ្ញុំឈប់សិក្សាគម្ពីរ ឈប់ទៅផ្សព្វផ្សាយ និងឈប់ទៅកិច្ចប្រជុំ។ មិនទាំងចាប់ភ្លឹកផង ខ្ញុំឈប់មានទំនាក់ទំនងជាមួយក្រុមជំនុំនៃគ្រិស្តសាសនិក។ ប៉ុន្តែ អ្នកចាស់ទុំបានយកចិត្តទុកដាក់យ៉ាងស្មោះចំពោះខ្ញុំ ហើយជួយខ្ញុំឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ»។ ក្រោយពីបងប្រុសនេះយល់ព្រមសិក្សាគម្ពីរ នោះគាត់ក៏មានបញ្ហាកាន់តែតិចទៅៗ។ គាត់និយាយថា៖ «ខ្ញុំបានដឹងថា អ្វីដែលខ្ញុំខ្វះក្នុងជីវិត គឺសេចក្ដីស្រឡាញ់និងការដឹកនាំ ពីព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់»។
១៨ តើបងប្អូនក្នុងក្រុមជំនុំទទួលស្វាគមន៍បងប្រុសម្នាក់នេះយ៉ាងណាដែរ? គាត់ពោលថា៖ «ខ្ញុំមានអារម្មណ៍ដូចកូនបង្ហិនទ្រព្យក្នុងរឿងប្រៀបប្រដូចដែលព្រះយេស៊ូបានប្រាប់។ តាមពិត បងស្រីចំណាស់ម្នាក់ដែលនៅក្នុងក្រុមជំនុំនោះ៣០ឆ្នាំមុន ហើយនៅតែបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ និយាយប្រាប់ខ្ញុំថា ‹សូមស្វាគមន៍កូន!›។ ពាក្យនោះមានឥទ្ធិពលលើចិត្តខ្ញុំមែន! ខ្ញុំដឹងថា ក្រុមជំនុំគឺជាកន្លែងដែលខ្ញុំត្រូវនៅ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះអ្នកចាស់ទុំនោះនិងសមាជិកក្នុងក្រុមជំនុំដែលបង្ហាញនូវសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ការអត់ធ្មត់ និងយកចិត្តទុកដាក់ចំពោះខ្ញុំ។ សេចក្ដីស្រឡាញ់ដែលគេមានចំពោះព្រះយេហូវ៉ានិងអ្នកជិតខាង ពិតជាបានជួយខ្ញុំឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះវិញមែន!»។
ចូរដាស់តឿនបងប្អូនអសកម្មឲ្យចាត់វិធានការភ្លាមៗ
១៩, ២០. តើអ្នកអាចលើកទឹកចិត្តបងប្អូនអសកម្មឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះជាប្រញាប់យ៉ាងដូចម្ដេច? តើអ្នកអាចបង្ហាញពួកគាត់យ៉ាងដូចម្ដេច ថាព្រះមិនតម្រូវអ្វីដែលហួសពីសមត្ថភាពរបស់យើង?
១៩ យើងរស់នៅជាន់ក្រោយបង្អស់ ហើយទីបញ្ចប់នៃរបៀបរបបពិភពលោកនោះកៀកណាស់ហើយ។ ដូច្នេះ ចូរលើកទឹកចិត្តបងប្អូនអសកម្មឲ្យមកកិច្ចប្រជុំគ្រិស្តសាសនិក។ ចូរដាស់តឿនពួកគាត់ឲ្យមកចូលរួមកិច្ចប្រជុំភ្លាមៗ។ ចូររំលឹកពួកគាត់ថា សាតាំងកំពុងព្យាយាមបង្ខូចចំណងមេត្រីភាពរបស់ពួកគាត់ជាមួយព្រះយេហូវ៉ា ហើយធ្វើឲ្យគិតថា ទុក្ខលំបាកក្នុងជីវិតនឹងទៅជាធូរស្រាលជាង បើបោះបង់ចោលការថ្វាយបង្គំពិត។ អ្នកអាចជួយពួកគាត់ឲ្យដឹងថា មានតែអ្នកកាន់តាមព្រះយេស៊ូដោយចិត្តស្មោះប៉ុណ្ណោះ ដែលអាចមានកម្លាំងចិត្តដ៏ពិត។—សូមអាន ម៉ាថាយ ១១:២៨-៣០
២០ ចូររំលឹកបងប្អូនអសកម្មថា ព្រះតម្រូវឲ្យយើងខំប្រឹងអស់ពីសមត្ថភាព។ នៅពេលដែលគេរិះគន់ម៉ារា ដែលជាបងស្រីរបស់ឡាសារអំពីការចាក់ប្រេងដ៏ថ្លៃលើក្បាលព្រះយេស៊ូមុនពេលទទួលមរណភាព នោះទ្រង់មានប្រសាសន៍ថា៖ «នាងបានធ្វើការអ្វីដែលនាងធ្វើបាន»។ (ម៉ាក. ១៤:៦-៨) ព្រះយេស៊ូបានលើកសរសើរស្រីមេម៉ាយក្រម្នាក់ដែលដាក់ថ្វាយលុយតិចតួចនៅឯវិហារ។ នាងក៏បានថ្វាយរបស់ដែលនាងថ្វាយបានដែរ។ (លូ. ២១:១-៤) យើងភាគច្រើនអាចចូលរួមកិច្ចប្រជុំគ្រិស្តសាសនិក និងផ្សព្វផ្សាយដំណឹងល្អ។ ដោយមានជំនួយពីព្រះយេហូវ៉ា បងប្អូនជាច្រើនដែលអសកម្មនឹងអាចធ្វើកិច្ចការដូចយើងដែរ។
២១, ២២. ចំពោះបងប្អូនដែលត្រឡប់មកព្រះយេហូវ៉ាវិញ តើអ្នកអាចប្រាប់ថាពួកគាត់នឹងទទួលអ្វីជាក់ជាមិនខាន?
២១ ប្រសិនបើបងប្អូនដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះខ្លាចមិនហ៊ានជួបបងប្អូនគ្រិស្តសាសនិក អ្នកអាចរំលឹកគាត់អំពីអំណរពេលដែលកូនបង្ហិនទ្រព្យបានត្រឡប់មកផ្ទះវិញ។ បងប្អូនដែលត្រឡប់មកក្រុមជំនុំវិញ ក៏ជាហេតុនាំឲ្យមានអំណរច្រើនដែរ។ ចូរលើកទឹកចិត្តពួកគាត់ឲ្យចាត់វិធានការភ្លាមៗ ដើម្បីប្រឆាំងនឹងមេកំណាច ហើយចូលទៅជិតព្រះវិញ។—យ៉ា. ៤:៧, ៨
២២ អស់អ្នកដែលត្រឡប់មកព្រះយេហូវ៉ាវិញនឹងត្រូវទទួលស្វាគមន៍យ៉ាងរីករាយ។ (បរិ. ៣:៤០) ការបម្រើព្រះយេហូវ៉ានៅពេលមុនច្បាស់ជាធ្វើឲ្យពួកគាត់សប្បាយរីករាយណាស់! បងប្អូនដែលត្រឡប់មកហ្វូងចៀមរបស់ព្រះវិញជាប្រញាប់ ក៏នឹងទទួលពរជាច្រើនមែន!
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ចំពោះគ្រិស្តសាសនិកដែលបានជំពប់ដួលនិងក្លាយទៅជាអសកម្ម តើអ្នកអាចជួយគាត់យ៉ាងដូចម្ដេច?
• បើបងប្អូនម្នាក់ដែលបានចាកចេញពីហ្វូងចៀមរបស់ព្រះ ដោយសារមិនព្រមជឿសេចក្ដីបង្រៀនណាមួយក្នុងគម្ពីរ តើការវែកញែកបែបណាអាចជួយគាត់?
• បើបងប្អូនណាម្នាក់ខ្លាចមិនហ៊ានត្រឡប់មកក្រុមជំនុំវិញ តើអ្នកប្រហែលជាអាចជួយគាត់បានយ៉ាងណា?
[រូបភាពនៅទំព័រ២០]
ពេលបងប្អូនរួមជំនឿដែលអសកម្មប្រាប់ពីអារម្មណ៍ខ្លួន សូមស្ដាប់ដោយយកចិត្តទុកដាក់
[រូបភាពនៅទំព័រ២២]
ការគិតអំពីរឿងប្រៀបប្រដូចដែលព្រះយេស៊ូលើកអំពីកូនបង្ហិនទ្រព្យ អាចជំរុញបងប្អូនខ្លះឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ