មេរៀនទី០៧
តើព្រះយេហូវ៉ាជាព្រះបែបណា?
ពេលអ្នកគិតអំពីព្រះយេហូវ៉ា តើអ្នកស្រមៃឃើញថាលោកជាព្រះបែបណា? តើអ្នកគិតថាព្រះខ្ពង់ខ្ពស់អស្ចារ្យពេក រហូតដល់ធ្វើឲ្យយើងមិនអាចមានទំនាក់ទំនងជាមួយនឹងលោកឬ? តើអ្នកគិតថាលោកជាព្រះមានអំណាចខ្លាំងក្លា តែគ្មានអារម្មណ៍ឬ? តើព្រះយេហូវ៉ាពិតជាព្រះបែបណា? តាមរយៈគម្ពីរ ព្រះយេហូវ៉ារៀបរាប់អំពីគុណសម្បត្តិខ្លះៗរបស់លោក ហើយក៏ប្រាប់ដែរថា លោកយកចិត្តទុកដាក់ចំពោះអ្នក។
១. ហេតុអ្វីយើងមិនអាចមើលឃើញព្រះ?
គម្ពីរចែងថា៖ «ព្រះជាវិញ្ញាណ»។ (យ៉ូហាន ៤:២៤) ព្រះយេហូវ៉ាគ្មានរូបកាយដូចយើងទេ។ លោកជាវិញ្ញាណដែលរស់នៅស្ថានសួគ៌ ជាកន្លែងដែលយើងមិនអាចមើលឃើញ។
២. តើព្រះយេហូវ៉ាមានគុណសម្បត្តិអ្វីខ្លះ?
យើងមិនអាចមើលឃើញព្រះយេហូវ៉ាទេ តែពេលយើងស្គាល់លោកច្បាស់ នោះយើងស្រឡាញ់លោក ដោយសារលោកជាបុគ្គលពិតដែលមានគុណសម្បត្តិអស្ចារ្យជាច្រើន។ គម្ពីរចែងថា៖ «ព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ លោកនឹងមិនបោះបង់អ្នកដែលមានភក្ដីភាពចំពោះលោកទេ»។ (ចម្រៀងសរសើរព្រះ ៣៧:២៨) ម្យ៉ាងទៀត លោក«មានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពេញទៅដោយសេចក្ដីមេត្តាករុណា» ជាពិសេសចំពោះមនុស្សដែលកំពុងរងទុក្ខវេទនា។ (យ៉ាកុប ៥:១១) គម្ពីរចែងទៀតថា៖ «ព្រះយេហូវ៉ានៅជិតអ្នកដែលមានចិត្តខ្ទេចខ្ទាំ លោកជួយអ្នកដែលបាក់ទឹកចិត្ត»។ (ចម្រៀងសរសើរព្រះ ៣៤:១៨) តើអ្នកដឹងទេថាការប្រព្រឹត្តរបស់យើងអាចធ្វើឲ្យព្រះយេហូវ៉ាសប្បាយចិត្តឬឈឺចិត្ត? ពេលអ្នកណាម្នាក់ជ្រើសរើសធ្វើអ្វីដែលអាក្រក់ អ្នកនោះធ្វើឲ្យលោកឈឺចិត្តនិងពិបាកចិត្ត។ (ចម្រៀងសរសើរព្រះ ៧៨:៤០, ៤១) ប៉ុន្តែ ពេលអ្នកណាម្នាក់ធ្វើអ្វីដែលត្រឹមត្រូវ អ្នកនោះធ្វើឲ្យលោកត្រេកអរ។—សូមអាន សុភាសិត ២៧:១១
៣. តើព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាលោកស្រឡាញ់យើង?
គុណសម្បត្តិប្រសើរបំផុតរបស់ព្រះយេហូវ៉ា គឺសេចក្ដីស្រឡាញ់។ គម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) តាមរយៈគម្ពីរនិងតាមរយៈអ្វីដែលព្រះយេហូវ៉ាបានបង្កើត បង្ហាញថាលោកស្រឡាញ់យើង។ (សូមអាន សកម្មភាព ១៤:១៧) ជាឧទាហរណ៍ សូមពិចារណាអំពីពេលដែលលោកបានបង្កើតមនុស្សយើង។ លោកបានបង្កើតយើងឲ្យមានភ្នែកដែលអាចមើលឃើញពណ៌ស្អាតៗ មានត្រចៀកដែលអាចស្ដាប់ភ្លេងពីរោះៗ និងមានអណ្ដាតដែលអាចស្គាល់រសជាតិអាហារឆ្ងាញ់ៗ។ លោកចង់ឲ្យយើងមានជីវិតដ៏សប្បាយរីករាយ។
បង្កើនចំណេះ
សូមរៀនអំពីអ្វីដែលព្រះយេហូវ៉ាប្រើដើម្បីធ្វើការអស្ចារ្យផ្សេងៗ។ រួចមក សូមមើលថា តើព្រះយេហូវ៉ាបង្ហាញគុណសម្បត្តិដ៏ប្រសើររបស់លោកតាមរបៀបណាខ្លះ?
៤. ឫទ្ធានុភាពបរិសុទ្ធជាកម្លាំងដ៏ខ្លាំងក្លារបស់ព្រះ
យើងប្រើដៃដើម្បីធ្វើការ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាប្រើឫទ្ធានុភាពបរិសុទ្ធរបស់លោកដើម្បីធ្វើអ្វីដែលលោកចង់ធ្វើ។ គម្ពីរប្រាប់ថាឫទ្ធានុភាពបរិសុទ្ធមិនមែនជាបុគ្គលមួយរូបទេ តែជាកម្លាំងដ៏ខ្លាំងក្លាដែលព្រះប្រើដើម្បីសម្រេចអ្វីផ្សេងៗ។ សូមអាន លូកា ១១:១៣ និងសកម្មភាព ២:១៧ រួចពិភាក្សាសំណួរដូចតទៅ៖
ព្រះនឹង«ចាក់»ឫទ្ធានុភាពបរិសុទ្ធរបស់លោកទៅលើអស់អ្នកដែលសុំពីលោក។ ដូច្នេះ តើអ្នកគិតថាឫទ្ធានុភាពបរិសុទ្ធជាបុគ្គលមួយរូប ឬជាកម្លាំងដ៏ខ្លាំងក្លារបស់ព្រះ? ហេតុអ្វីអ្នកគិតដូច្នេះ?
ព្រះយេហូវ៉ាប្រើឫទ្ធានុភាពបរិសុទ្ធរបស់លោកដើម្បីសម្រេចអ្វីៗដ៏អស្ចារ្យ។ សូមអាន ចម្រៀងសរសើរព្រះ ៣៣:៦ និងពេត្រុសទី២ ១:២០, ២១ រួចពិភាក្សាសំណួរនេះ៖
តើព្រះយេហូវ៉ាបានប្រើឫទ្ធានុភាពបរិសុទ្ធរបស់លោកតាមវិធីណាខ្លះ?
៥. ព្រះយេហូវ៉ាមានគុណសម្បត្តិដែលទាក់ទាញចិត្តយើង
ម៉ូសេជាអ្នកគោរពប្រណិប័តន៍ព្រះយ៉ាងស្មោះត្រង់ ប៉ុន្តែគាត់នៅតែចង់ស្គាល់ព្រះដែលជាអ្នកបង្កើតឲ្យបានច្បាស់ជាង។ ដូច្នេះ ម៉ូសេនិយាយទៅកាន់ព្រះថា៖ «សូមលោកមេត្តាបង្ហាញផ្លូវរបស់លោកដល់ខ្ញុំផង ដើម្បីឲ្យខ្ញុំអាចស្គាល់លោកច្បាស់»។ (ដំណើរចាកចេញ ៣៣:១៣) ព្រះយេហូវ៉ាបានតបឆ្លើយទៅគាត់ ដោយប្រាប់អំពីគុណសម្បត្តិខ្លះៗរបស់លោក។ សូមអាន ដំណើរចាកចេញ ៣៤:៤-៦ រួចពិភាក្សាសំណួរដូចតទៅ៖
តើព្រះយេហូវ៉ាបានប្រាប់ម៉ូសេអំពីគុណសម្បត្តិអ្វីខ្លះរបស់លោក?
តើគុណសម្បត្តិមួយណារបស់ព្រះយេហូវ៉ាដែលទាក់ទាញចិត្តអ្នកខ្លាំងជាងគេ?
៦. ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះមនុស្ស
នៅសម័យបុរាណ ជនជាតិហេប្រឺគឺជារាស្ត្ររបស់ព្រះ។ ពួកគេធ្លាប់ជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីប។ ពេលដែលព្រះយេហូវ៉ាឃើញពួកគេរងទុក្ខវេទនា តើលោកមានអារម្មណ៍យ៉ាងណា? លេងវីដេអូជាសំឡេង ហើយផ្ទៀងតាម ឬអានដំណើរចាកចេញ ៣:១-១០។ រួចពិភាក្សាសំណួរដូចតទៅ៖
តើកំណត់ហេតុនេះប្រាប់អ្នកយ៉ាងណាអំពីអារម្មណ៍របស់ព្រះយេហូវ៉ា ពេលលោកឃើញមនុស្សរងទុក្ខវេទនា? (សូមមើលខ៧និង៨)
តើអ្នកគិតថាព្រះយេហូវ៉ាពិតជាចង់ជួយមនុស្សឬទេ? ហើយតើលោកមានសមត្ថភាពជួយទេ? ហេតុអ្វី?
៧. អ្វីដែលព្រះយេហូវ៉ាបានបង្កើតបង្ហាញអំពីគុណសម្បត្តិរបស់លោក
ព្រះយេហូវ៉ាបានបង្ហាញគុណសម្បត្តិរបស់លោក តាមរយៈអ្វីដែលលោកបានបង្កើត។ លេងវីដេអូ។ បន្ទាប់មក សូមអាន រ៉ូម ១:២០ រួចពិភាក្សាសំណួរនេះ៖
តើអ្នកឃើញគុណសម្បត្តិអ្វីខ្លះរបស់ព្រះយេហូវ៉ាតាមរយៈអ្វីដែលលោកបានបង្កើត?
មនុស្សខ្លះនិយាយថា៖ «ព្រះមិនមែនជាបុគ្គលពិតទេ»។
តើអ្នកគិតយ៉ាងណា?
ហេតុអ្វីអ្នកមានអារម្មណ៍ដូច្នោះ?
សេចក្ដីសង្ខេប
ព្រះយេហូវ៉ាជាវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ តែលោកមានគុណសម្បត្តិដែលទាក់ទាញចិត្តយើង ជាពិសេសសេចក្ដីស្រឡាញ់។
រៀនសាឡើងវិញ
ហេតុអ្វីយើងមិនអាចមើលឃើញព្រះយេហូវ៉ា?
តើឫទ្ធានុភាពបរិសុទ្ធជាអ្វី?
តើព្រះយេហូវ៉ាមានគុណសម្បត្តិអ្វីខ្លះ?
ស្វែងយល់ថែមទៀត
សូមរៀនថែមទៀតអំពីគុណសម្បត្តិដ៏សំខាន់បួនរបស់ព្រះយេហូវ៉ា។
«តើព្រះមានគុណសម្បត្តិអ្វីខ្លះ?» (ទស្សនាវដ្ដីប៉មយាម លេខ១ ឆ្នាំ២០១៩)
សូមពិចារណាភ័ស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាមិននៅគ្រប់កន្លែងទេ។
សូមមើលមូលហេតុដែលគម្ពីរហៅឫទ្ធានុភាពបរិសុទ្ធថាជាដៃរបស់ព្រះ។
«តើវិញ្ញាណបរិសុទ្ធជាអ្វី?» (អត្ថបទក្នុងគេហទំព័រ)
បុរសពិការភ្នែកម្នាក់ពិបាកជឿថាព្រះស្រឡាញ់គាត់។ សូមមើលថា តើអ្វីបានធ្វើឲ្យគាត់ផ្លាស់ប្ដូរគំនិត?