សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
៥ ព្រោះយើងដឹងថា បើត្រសាលនេះដែលជាផ្ទះ*របស់យើងនៅផែនដីត្រូវរំលំចោល*+ នោះព្រះនឹងផ្ដល់ឲ្យយើងនូវផ្ទះមួយដែលស្ថិតស្ថេរជារៀងរហូតនៅស្ថានសួគ៌ មិនមែនដូចផ្ទះដែលធ្វើឡើងដោយដៃមនុស្សឡើយ។+ ២ ព្រោះក្នុងផ្ទះ*នេះយើងថ្ងូរ ដោយប្រាថ្នាយ៉ាងខ្លាំងចង់បំពាក់ខ្លួនដោយផ្ទះ*ពីស្ថានសួគ៌ដែលបានត្រូវរៀបចំសម្រាប់យើង។+ ៣ ដូច្នេះ ក្រោយពីយើងបានបំពាក់ខ្លួនដោយផ្ទះនោះហើយ យើងនឹងមិនអាក្រាតទេ។ ៤ តាមការពិត យើងដែលជាអ្នកនៅក្នុងត្រសាលនេះថ្ងូរនិងមានទុក្ខធ្ងន់ ដោយសារយើងមិនចង់ដោះត្រសាលនេះចេញទេ តែយើងចង់បំពាក់ខ្លួនដោយផ្ទះមួយនោះវិញ+ ដើម្បីឲ្យជីវិតដែលគ្មានទីបញ្ចប់លេបបាត់អ្វីដែលអាចស្លាប់បាន។+ ៥ ឯលោកដែលបានរៀបចំយើងសម្រាប់ការនេះ គឺជាព្រះ+ ហើយលោកបានឲ្យអ្វីមួយមកយើងទុកជាការបញ្ចាំចិត្ត ពោលគឺឫទ្ធានុភាពរបស់លោក។+
៦ ដូច្នេះ យើងមានចិត្តក្លាហានជានិច្ច ហើយយើងដឹងថាដរាបណាយើងរស់នៅ*ក្នុងរូបកាយនេះ ដរាបនោះយើងមិននៅជាមួយនឹងលោកម្ចាស់ទេ+ ៧ ព្រោះយើងរស់នៅស្របតាមជំនឿ មិនមែនតាមអ្វីដែលយើងមើលឃើញនោះទេ។ ៨ ប៉ុន្តែ យើងមានចិត្តក្លាហាន ហើយពេញចិត្តតាំងលំនៅ*ជាមួយនឹងលោកម្ចាស់ ជាជាងនៅក្នុងរូបកាយនេះ។+ ៩ ដូច្នេះ យើងតាំងចិត្តធ្វើឲ្យលោកពេញចិត្តយើង ទោះជាយើងមានលំនៅជាមួយនឹងលោក ឬយើងគ្មានលំនៅជាមួយនឹងលោកក៏ដោយ។ ១០ ព្រោះធាតុពិតរបស់យើងទាំងអស់គ្នានឹងត្រូវសឲ្យឃើញនៅមុខកន្លែងកាត់ក្ដីរបស់គ្រិស្ត ដើម្បីឲ្យម្នាក់ៗទទួលរង្វាន់តាមការដែលខ្លួនបានប្រព្រឹត្តតាមរយៈរូបកាយ ទោះជាការប្រព្រឹត្តនោះល្អ ឬអាក្រក់ក៏ដោយ។+
១១ ម្ល៉ោះហើយ ដោយដឹងថាយើងគួរកោតខ្លាចលោកម្ចាស់ យើងបន្តបង្រៀនអ្នកឯទៀតដោយវែកញែកដើម្បីឲ្យគេជឿជាក់ តែព្រះស្គាល់ច្បាស់ថាយើងជាមនុស្សប្រភេទណា។ ប៉ុន្តែ ខ្ញុំសង្ឃឹមថាសមត្ថភាពវិនិច្ឆ័យរបស់អ្នករាល់គ្នា ក៏បានជួយអ្នករាល់គ្នាឲ្យស្គាល់ច្បាស់ថាយើងជាមនុស្សប្រភេទណាដែរ។ ១២ យើងមិនចង់ណែនាំខ្លួនឲ្យអ្នករាល់គ្នាស្គាល់ម្ដងទៀតទេ តែយើងកំពុងលើកទឹកចិត្តអ្នករាល់គ្នាឲ្យអួតអំពីយើង ដើម្បីអ្នករាល់គ្នាអាចឆ្លើយតបនឹងពួកអ្នកដែលអួតអំពីសម្បកក្រៅ+ ជាជាងអួតអំពីអ្វីដែលមាននៅក្នុងចិត្ត។ ១៣ ព្រោះប្រសិនបើយើងវង្វេងស្មារតី+ នោះគឺដើម្បីព្រះ។ ប្រសិនបើយើងមានស្មារតីធម្មតា នោះគឺដើម្បីអ្នករាល់គ្នា។ ១៤ ព្រោះសេចក្ដីស្រឡាញ់របស់គ្រិស្តជំរុញចិត្តយើង ដោយសារយើងយល់ឃើញថា បុរសម្នាក់បានស្លាប់ដើម្បីមនុស្សទាំងអស់+ ពីព្រោះមនុស្សទាំងអស់បានស្លាប់ហើយ។ ១៥ លោកបានស្លាប់ដើម្បីមនុស្សទាំងអស់ ដើម្បីឲ្យអ្នកដែលរស់ អាចរស់ដើម្បីលោកដែលបានស្លាប់ជំនួសពួកគេ ហើយដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ។+
១៦ ហេតុនេះ ចាប់ពីពេលនេះទៅ ទស្សនៈដែលយើងមានចំពោះអ្នកឯទៀត មិនផ្អែកលើសម្បកក្រៅរបស់ពួកគេឡើយ។+ ទោះជាទស្សនៈដែលយើងមានពីមុនអំពីគ្រិស្តបានផ្អែកលើលក្ខណៈក្រៅរបស់លោកជាមនុស្សក៏ដោយ តែពេលនេះយើងមិនមានទស្សនៈនោះទៀតទេ។+ ១៧ ម្ល៉ោះហើយ ប្រសិនបើអ្នកណារួបរួមជាមួយនឹងគ្រិស្ត អ្នកនោះបានត្រូវបង្កើតជាថ្មី។+ អ្វីៗដែលចាស់បានបាត់សូន្យទៅ មើល! អ្វីៗដែលថ្មីបានកើតឡើង។ ១៨ ប៉ុន្តែ អ្វីៗទាំងអស់មកពីព្រះ ដែលបានផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងលោកតាមរយៈគ្រិស្ត+ ហើយព្រះបានប្រគល់កិច្ចបម្រើខាងការផ្សះផ្សាឲ្យយើង+ ១៩ ពោលគឺការប្រកាសថា ព្រះបានផ្សះផ្សាជាមួយនឹងពិភពលោកតាមរយៈគ្រិស្ត+ ហើយមិនបានផ្ដន្ទាទោសពួកគេដោយសារកំហុសរបស់ពួកគេឡើយ+ តែលោកបានប្រគល់ឲ្យយើងនូវដំណឹងអំពីការផ្សះផ្សា។+
២០ ដូច្នេះ យើងជាទូត+តំណាងគ្រិស្ត+ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង។ ក្នុងនាមជាតំណាងគ្រិស្ត យើងអង្វរថា៖ «សូមផ្សះផ្សាជាមួយនឹងព្រះ»។ ២១ ព្រះបានធ្វើឲ្យលោកដែលមិនបានស្គាល់ភាពខុសឆ្គង+ ទៅជាគ្រឿងបូជាសម្រាប់លោះយើងពីភាពខុសឆ្គង ដើម្បីឲ្យយើងទៅជាមនុស្សសុចរិតនៅចំពោះមុខព្រះ តាមរយៈលោក។+