អ្នកទូន្មាន
៩ ដូច្នេះ ខ្ញុំបានពិចារណាយ៉ាងដិតដល់អំពីអ្វីទាំងនេះ ហើយខ្ញុំបានសន្និដ្ឋានថាទាំងមនុស្សសុចរិតទាំងមនុស្សមានប្រាជ្ញា និងកិច្ចការរបស់ពួកគេ សុទ្ធតែនៅក្នុងដៃរបស់ព្រះពិត។+ មនុស្សមិនដឹងអំពីការស្រឡាញ់និងការស្អប់របស់ពួកអ្នកដែលរស់នៅសម័យមុនទេ។ ២ មនុស្សគ្រប់រូបមានទីបញ្ចប់ដូចគ្នា+ ទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិត+ ទាំងមនុស្សល្អ មនុស្សស្អាតស្អំនិងមនុស្សមិនស្អាតស្អំ ទាំងអ្នកដែលជូនគ្រឿងបូជាទាំងអ្នកដែលមិនជូនគ្រឿងបូជា។ មនុស្សល្អក៏ដូចមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង ហើយអ្នកដែលស្បថក៏ដូចអ្នកដែលមិនហ៊ានស្បថដែរ។ ៣ នេះជារឿងដ៏គួរឲ្យខ្លោចផ្សាដែលកើតឡើងនៅក្រោមថ្ងៃគឺ៖ ដោយសារមនុស្សគ្រប់រូបមានទីបញ្ចប់ដូចគ្នា+ នោះចិត្តរបស់មនុស្សពោរពេញទៅដោយសេចក្ដីអាក្រក់ ហើយកាលដែលពួកគេនៅរស់ ពួកគេមានតែភាពឆ្កួតលីលានៅក្នុងចិត្ត។ ក្រោយមក ពួកគេក៏ស្លាប់ទៅ!
៤ អ្នកដែលនៅរស់នៅមានសង្ឃឹម ព្រោះឆ្កែរស់ប្រសើរជាងតោស្លាប់។+ ៥ មនុស្សដែលនៅរស់ដឹងថាខ្លួននឹងស្លាប់ជាមិនខាន+ តែមនុស្សស្លាប់មិនដឹងអ្វីទាល់តែសោះ+ ក៏មិនទទួលរង្វាន់*អ្វីដែរ ហើយគ្មានអ្នកណានឹកចាំអំពីពួកគេទៀតទេ។+ ៦ មិនត្រឹមតែប៉ុណ្ណោះ ការស្រឡាញ់ ការស្អប់ និងការច្រណែនរបស់ពួកគេ បានវិនាសបាត់ទៅហើយ។ ពួកគេក៏លែងមានចំណែកអ្វីនៅក្រោមថ្ងៃទៀតដែរ។+
៧ ហេតុនេះ ចូរអ្នកទៅបរិភោគអាហារឲ្យបានសប្បាយ ហើយផឹកស្រាទំពាំងបាយជូរឲ្យបានរីករាយចុះ+ ព្រោះព្រះពិតពេញចិត្តកិច្ចការរបស់អ្នក។+ ៨ ចូរអ្នកស្លៀកពាក់ស*ជានិច្ច ហើយកុំខានលាបប្រេងលើក្បាលអ្នកឡើយ។+ ៩ ចូរអ្នករស់នៅជាមួយនឹងប្រពន្ធជាទីស្រឡាញ់ដោយចិត្តសប្បាយ+អស់មួយជីវិត ជាជីវិតអសារឥតការដែលព្រះបានឲ្យដល់អ្នកនៅក្រោមថ្ងៃ។ អស់ទាំងថ្ងៃរបស់អ្នកសុទ្ធតែឥតប្រយោជន៍។ ព្រោះនោះហើយជាចំណែកក្នុងជីវិតរបស់អ្នក និងជារង្វាន់ចំពោះកិច្ចការនឿយហត់ដែលអ្នកបានធ្វើនៅក្រោមថ្ងៃ។+ ១០ ដូច្នេះ អ្វីក៏ដោយដែលដៃរបស់អ្នកអាចធ្វើបាន ចូរធ្វើឲ្យអស់ពីកម្លាំងចុះ ដោយសារនៅក្នុងផ្នូរ*ជាកន្លែងដែលអ្នកត្រូវទៅ គ្មានការងារ គ្មានគម្រោង គ្មានចំណេះ ឬគ្មានប្រាជ្ញាឡើយ។+
១១ ខ្ញុំបានឃើញអ្វីមួយទៀតនៅក្រោមថ្ងៃគឺ អ្នកដែលរត់លឿនមិនតែងតែឈ្នះក្នុងការប្រណាំងទេ ហើយអ្នកដែលពូកែច្បាំងក៏មិនតែងតែច្បាំងឈ្នះជានិច្ចដែរ។+ រីឯមនុស្សមានប្រាជ្ញាមិនតែងតែមានអាហារបរិភោគទេ ហើយមនុស្សឈ្លាសវៃក៏មិនតែងតែមានទ្រព្យសម្បត្តិដែរ។+ ចំណែកអស់អ្នកដែលមានចំណេះក៏មិនបានជោគជ័យគ្រប់ពេលដែរ+ ពីព្រោះមនុស្សទាំងអស់អាចជួបហេតុការណ៍ដែលមិនបានរំពឹងទុក នៅពេលដែលពួកគេមិននឹកស្មានដល់។ ១២ ព្រោះមនុស្សមិនដឹងថាពេលណានឹងដល់វេលារបស់ខ្លួនទេ។+ មនុស្សអាចជួបអន្តរាយ*ក្នុងមួយរំពេច ដូចត្រីជាប់ក្នុងសំណាញ់ និងដូចសត្វស្លាបជាប់អន្ទាក់។
១៣ ខ្ញុំបានសង្កេតមើលរឿងមួយទៀតអំពីប្រាជ្ញានៅក្រោមថ្ងៃ ដែលធ្វើឲ្យខ្ញុំអស្ចារ្យក្នុងចិត្ត៖ ១៤ មានក្រុងតូចមួយដែលមានបណ្ដាជនតិចតួចរស់នៅ ហើយមានស្ដេចមួយដ៏អង់អាចខ្លាំងក្លាបានលើកទ័ពមកវាយប្រហារក្រុងនោះ ទាំងឡោមព័ទ្ធនិងចាក់ដីបង្គរជុំវិញក្រុងនោះ។ ១៥ នៅក្នុងក្រុងនោះ មានបុរសក្រីក្រម្នាក់ដែលមានប្រាជ្ញា។ គាត់បានប្រើប្រាជ្ញាសង្គ្រោះក្រុងនោះ។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកចាំអំពីបុរសក្រីក្រនោះឡើយ។+ ១៦ ឃើញដូច្នោះ ខ្ញុំគិតក្នុងចិត្តថា៖ ‹ការមានប្រាជ្ញាប្រសើរជាងការមានកម្លាំងខ្លាំងក្លា។+ ប៉ុន្តែ អ្នកណាៗក៏មើលងាយប្រាជ្ញារបស់មនុស្សក្រីក្រដែរ ហើយគ្មានអ្នកណាអើពើនឹងសម្ដីរបស់គាត់ទេ›។+
១៧ ការស្ដាប់ពាក្យពេចន៍ទន់ភ្លន់របស់មនុស្សមានប្រាជ្ញា នោះប្រសើរជាងស្ដាប់សំឡេងស្រែករបស់មេដឹកនាំមនុស្សល្ងង់ខ្លៅ។*
១៨ ការមានប្រាជ្ញាប្រសើរជាងការមានគ្រឿងចម្បាំង តែមនុស្សប្រព្រឹត្តអំពើខុសឆ្គងតែម្នាក់អាចបំផ្លាញអ្វីល្អជាច្រើន។+