ជំពូកទី១
«មើល! នេះគឺជាព្រះនៃយើងរាល់គ្នា»
១, ២. (ក) តើអ្នកមានសំនួរអ្វីខ្លះដែលអ្នកចង់ទូលសួរព្រះនោះ? (ខ) តើម៉ូសេបានទូលសួរព្រះអំពីរឿងអ្វី?
សូមគិតក្នុងចិត្តថា អ្នកកំពុងតែសន្ទនាជាមួយនឹងព្រះ។ គ្រាន់តែគិតអំពីរឿងនេះធ្វើឲ្យអ្នកកោតស្ងើចទៅហើយ ដោយព្រោះព្រះមហាក្សត្រនៃសកលលោកកំពុងតែមានបន្ទូលនឹងអ្នកផ្ទាល់! មុនដំបូង អ្នកដូចជានិយាយមិនចេញឡើយ តែរួចមកអ្នកអាចទូលតបទៅទ្រង់វិញបាន។ ទ្រង់ព្រះសណ្ដាប់អ្នកនិងមានបន្ទូលតបឆ្លើយមកអ្នកវិញ ហើយទ្រង់អនុញ្ញាតឲ្យអ្នកទូលទ្រង់ដោយសេរី និងសួរសំនួរណាដែលអ្នកចង់សួរទៀតផង។ ដូច្នេះ តើអ្នកនឹងទូលសួរព្រះអំពីរឿងអ្វី?
២ ពីសម័យបុរាណ ធ្លាប់មានបុរសម្នាក់ដែលមានឱកាសបែបនេះ។ បុរសនោះឈ្មោះម៉ូសេ។ ប៉ុន្តែ សំនួរដែលគាត់បានជ្រើសរើសទូលសួរព្រះ ប្រហែលជាធ្វើឲ្យអ្នកប្លែកក្នុងចិត្តណាស់។ ម៉ូសេមិនបានទូលសួរអំពីខ្លួនគាត់ មិនបានទូលសួរអំពីរឿងអនាគត ហើយក៏មិនបានទូលសួរអំពីស្ថានការណ៍របស់មនុស្សជាតិនោះទេ។ ម៉ូសេបានទូលសួរអំពីព្រះនាមរបស់ព្រះវិញ។ អ្នកប្រហែលជាគិតថាសំនួរនេះគួរឲ្យចម្លែកណាស់ ដ្បិតម៉ូសេបានស្គាល់ព្រះនាមផ្ទាល់របស់ព្រះរួចទៅហើយ។ ដូច្នេះ សំនួររបស់គាត់ តាមមើលទៅច្បាស់ជាបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅជាងនេះទៅទៀត។ តាមការពិត ម៉ូសេបានជ្រើសរើសនូវសំនួរដ៏សំខាន់បំផុតដើម្បីទូលសួរទ្រង់។ ចម្លើយនោះមានអានុភាពមកលើយើងទាំងអស់គ្នា ហើយក៏អាចជួយអ្នកផ្ទាល់ឲ្យធ្វើតាមជំហានដ៏សំខាន់មួយក្នុងការចូលទៅជិតព្រះ។ តើនេះអាចជួយយ៉ាងដូចម្ដេច? សូមឲ្យយើងពិនិត្យមើលនូវការសន្ទនាដ៏អស្ចារ្យនោះរវាងព្រះនិងម៉ូសេ។
៣, ៤. មុនម៉ូសេមានការសន្ទនាជាមួយនឹងព្រះនោះ តើមានបាតុភូតអ្វីកើតឡើង? តើម៉ូសេនិងព្រះបានសន្ទនាអំពីរឿងអ្វី?
៣ ម៉ូសេមានអាយុ៨០ឆ្នាំ។ គាត់បានរស់នៅជានិរទេសជនអស់៤០ឆ្នាំឃ្លាតឆ្ងាយពីសាសន៍របស់ខ្លួន គឺពួកអ៊ីស្រាអែល ដែលជាខ្ញុំកញ្ជះនៅប្រទេសអេស៊ីប។ នៅថ្ងៃមួយ ក្នុងពេលម៉ូសេកំពុងតែឃ្វាលហ្វូងចៀមរបស់ឪពុកក្មេកគាត់ នោះម៉ូសេបានឃើញបាតុភូតដ៏ចម្លែកមួយ។ គាត់ឃើញភ្លើងឆេះគុម្ពបន្លា តែឆេះមិនសុសទេ។ គុម្ពបន្លានោះបន្តឆេះជះពន្លឺហាក់ដូចជាភ្លើងគោមនៅលើភ្នំ។ ម៉ូសេក៏ដើរទៅជិតដើម្បីសង្កេតមើល។ គាត់ច្បាស់ជាភ្ញាក់ផ្អើលណាស់ ពេលមានសម្លេងនិយាយមកកាន់គាត់ពីកណ្ដាលគុម្ពភ្លើងនោះ! តាមរយៈទេវតាជាអ្នកនាំសារ ព្រះបានសន្ទនាជាមួយនឹងម៉ូសេយ៉ាងយូរនៅពេលនោះ។ អ្នកប្រហែលជាដឹងស្រាប់ហើយថា ពេលនោះព្រះបានប្រគល់មុខងារដល់ម៉ូសេ ហើយគាត់បានទទួលទាំងទើសទាល់។ ព្រះបានបង្គាប់ម៉ូសេឲ្យចាកចេញពីជីវិតដ៏ក្សេមក្សាន្តរបស់គាត់ ហើយត្រឡប់ទៅប្រទេសអេស៊ីបវិញ ដើម្បីរំដោះពួកអ៊ីស្រាអែលចេញពីសេវកភាព។—និក្ខមនំ ៣:១-១២
៤ នៅពេលនោះ ម៉ូសេអាចទូលសួរព្រះនូវសំនួរអ្វីក៏បានដែរ។ ក៏ប៉ុន្តែ ចូរកត់សម្គាល់នូវសំនួរដែលគាត់បានទូលសួរព្រះ គឺថា៖ «មើល! កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ‹ព្រះនៃឰយុកោអ្នករាល់គ្នា ទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា› ហើយគេសួរទូលបង្គំថា ‹តើព្រះទ្រង់ព្រះនាមជាអ្វី?› នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្ដេច?»។—និក្ខមនំ ៣:១៣
៥, ៦. (ក) ពេលយើងពិចារណាសំនួររបស់ម៉ូសេ តើអ្វីជាសេចក្ដីពិតដ៏បឋមនិងសំខាន់ដែលយើងរៀនពីនោះ? (ខ) តើមនុស្សបានធ្វើអ្វីដល់ព្រះនាមរបស់ព្រះផ្ទាល់ដែលគួរឲ្យទទួលទោសនោះ? (គ) ហេតុអ្វីក៏គួរឲ្យកត់សម្គាល់ម្ល៉េះដែលព្រះបានមានបន្ទូលប្រាប់មនុស្សជាតិនូវព្រះនាមរបស់ទ្រង់?
៥ ពេលយើងពិចារណាសំនួររបស់លោកម៉ូសេ មុនបង្អស់យើងរៀនថា ព្រះមានព្រះនាមផ្ទាល់។ យើងមិនត្រូវមើលស្រាលនូវការពិតដ៏បឋមនេះឡើយ។ ប៉ុន្តែ មនុស្សជាច្រើនមើលស្រាលនូវសេចក្ដីពិតនេះមែន។ នៅក្នុងសេចក្ដីបកប្រែព្រះគម្ពីរជាច្រើនឥតគណនា មនុស្សបានដកព្រះនាមទ្រង់ផ្ទាល់ចេញ ហើយដាក់ជំនួសដោយឋានន្តរដូចជា«ព្រះអម្ចាស់»និង«ព្រះ»ទៅវិញ។ ទង្វើនេះក្នុងនាមសាសនា ជាអ្វីដ៏គួរឲ្យសោកស្ដាយជាងគេបំផុត ហើយនេះគួរនឹងទទួលទោសជាងគេបំផុតដែរ។ គឺប្រាកដជាដូច្នេះមែន ពីព្រោះធម្មតា ពេលអ្នកជួបមនុស្សម្នាក់ដំបូង តើអ្នកសួរអ្វីទៅ? អ្នកនឹងសួរឈ្មោះគាត់ មែនទេ? ការស្គាល់ព្រះក៏ស្រដៀងគ្នាដែរ។ ទ្រង់មិនមែនជាបុគ្គលដែលគ្មានព្រះនាម ជាបុគ្គលដែលមិនអើពើនឹងយើង ឬជាបុគ្គលដែលយើងមិនអាចស្គាល់ឬយល់បាននោះទេ។ ទោះជាយើងមើលទ្រង់មិនឃើញពិតមែន តែទ្រង់ជាបុគ្គលពិតមួយអង្គ ហើយទ្រង់ក៏មានព្រះនាមដែរ ព្រះនាមនោះគឺ យេហូវ៉ា។
៦ ម្យ៉ាងវិញទៀត ពេលព្រះទ្រង់មានបន្ទូលប្រាប់អំពីព្រះនាមទ្រង់ផ្ទាល់នោះ នេះបានន័យថាមានអ្វីដ៏អស្ចារ្យនិងគួរឲ្យរំភើបចិត្តស្ថិតនៅនាអនាគត។ ព្រះទ្រង់កំពុងតែអញ្ជើញយើងគ្រប់រូបឲ្យមកស្គាល់ទ្រង់។ ទ្រង់មានព្រះទ័យចង់ឲ្យយើងធ្វើការសម្រេចចិត្តដ៏ល្អបំផុត គឺថាចូលទៅជិតទ្រង់។ ប៉ុន្តែ ព្រះយេហូវ៉ាមិនគ្រាន់តែបានមានបន្ទូលប្រាប់យើងនូវព្រះនាមរបស់ទ្រង់ប៉ុណ្ណោះទេ ទ្រង់ក៏បានប្រព្រឹត្តច្រើនជាងនេះទៅទៀត។ ទ្រង់ក៏បានបង្រៀនយើងអំពីរបៀបដែលព្រះនាមនោះបញ្ជាក់អំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ដែរ។
អត្ថន័យនៃព្រះនាមរបស់ព្រះ
៧.(ក) តាមមើលទៅ តើព្រះនាមរបស់ព្រះផ្ទាល់មានន័យដូចម្ដេច? (ខ) តាមពិត ពេលម៉ូសេទូលសួរអំពីព្រះនាមរបស់ព្រះនោះ តើគាត់ចង់ដឹងអ្វីទៅ?
៧ ព្រះយេហូវ៉ាបានជ្រើសរើសព្រះនាមរបស់ទ្រង់ដោយអង្គទ្រង់ផ្ទាល់។ ព្រះនាមទ្រង់គឺពោរពេញទៅដោយខ្លឹមសារ។ តាមមើលទៅ ព្រះនាម«យេហូវ៉ា»មានន័យថា«ទ្រង់ធ្វើឲ្យក្លាយជា»ឬ«ទ្រង់ធ្វើឲ្យកើតមក»។ ក្នុងសកលលោកទាំងមូល គ្មានអ្នកណាដូចព្រះយេហូវ៉ាទេ ពីព្រោះទ្រង់បានបង្កើតអ្វីៗទាំងអស់ ហើយទ្រង់ធ្វើឲ្យអ្វីៗទាំងអស់កើតឡើងស្របតាមគោលបំណងរបស់ទ្រង់។ អត្ថន័យនេះពិតជាអស្ចារ្យមែន។ ប៉ុន្តែ តើព្រះនាមរបស់ទ្រង់រួមបញ្ចូលអ្វីទៀតទេ? តាមមើលទៅ ម៉ូសេចង់ដឹងច្រើនថែមទៀត។ គាត់ដឹងថា ព្រះយេហូវ៉ាជាអ្នកបង្កើតអ្វីៗទាំងអស់ ហើយក៏ស្គាល់ព្រះនាមរបស់ទ្រង់ដែរ។ ចំពោះគាត់ ព្រះនាមរបស់ព្រះមិនមែនជាពត៌មានថ្មីទេ។ មនុស្សធ្លាប់បានប្រើព្រះនាមនោះអស់រាប់រយឆ្នាំមកហើយ។ តាមពិតទៅ ពេលម៉ូសេទូលសួរអំពីព្រះនាមរបស់ព្រះ គាត់បានសួរអំពីរបៀបដែលព្រះនាមនោះបញ្ជាក់អំពីបុគ្គលិកលក្ខណៈរបស់ទ្រង់។ បើនិយាយឲ្យចំទៅ ម៉ូសេកំពុងតែទូលសួរថា៖ ‹តើមានអ្វីអំពីទ្រង់ដែលខ្ញុំអាចប្រាប់រាស្ត្ររបស់ទ្រង់ ជាសាសន៍អ៊ីស្រាអែល ដើម្បីពង្រឹងជំនឿរបស់ពួកគេទៅលើទ្រង់ និងធ្វើឲ្យពួកគេជឿស៊ប់ថា ទ្រង់ពិតជានឹងសង្គ្រោះពួកគេនោះ?›។
៨, ៩. (ក) តើព្រះយេហូវ៉ាបានតបឆ្លើយនឹងសំនួររបស់ម៉ូសេដោយមានបន្ទូលដូចម្ដេច? ហើយតើបន្ទូលដែលទ្រង់បានតបឆ្លើយ បានត្រូវគេបកប្រែខុសយ៉ាងណា? (ខ) តើឃ្លាដែលថា៖ «យើងនឹងក្លាយទៅជាអ្វីដែលយើងនឹងក្លាយទៅជា»មានន័យយ៉ាងណា?
៨ ព្រះយេហូវ៉ាបានមានបន្ទូលតបឆ្លើយដោយបញ្ជាក់អំពីលក្ខណៈមួយរបស់ទ្រង់ដែលធ្វើឲ្យយើងរំភើបចិត្ត និងដែលជាប់ទាក់ទងនឹងអត្ថន័យនៃព្រះនាមរបស់ទ្រង់។ ទ្រង់បានមានបន្ទូលទៅម៉ូសេថា៖ «អញជាព្រះដ៏ជាព្រះ[«យើងនឹងក្លាយទៅជាអ្វីដែលយើងនឹងក្លាយទៅជា», ព.ថ.]»។ (និក្ខមនំ ៣:១៤) សេចក្ដីបកប្រែព្រះគម្ពីរជាច្រើនបកប្រែឃ្លានេះថា៖ «អញជាព្រះដ៏ជាព្រះ»។ ប៉ុន្តែ ការបកប្រែយ៉ាងហ្មត់ចត់បង្ហាញថា ព្រះមិនគ្រាន់តែបញ្ជាក់ថាទ្រង់ជាព្រះនោះទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាកំពុងបង្រៀនម៉ូសេនិងយើងរាល់គ្នាថា ទ្រង់នឹង«ទៅជា»ឬក្លាយជាអ្វីដ៏ចាំបាច់ ដើម្បីសម្រេចសេចក្ដីសន្យាទាំងប៉ុន្មានរបស់ទ្រង់។ សេចក្ដីបកប្រែព្រះគម្ពីររបស់លោកយ៉ូសែប ប្រាញ រ៉ូថឺរ៉ាម បកស្រាយខនេះថា៖ «យើងនឹងក្លាយទៅជាអ្វីដែលយើងចង់ក្លាយទៅជា»។ បណ្ឌិតម្នាក់ខាងព្រះគម្ពីរភាសាហេព្រើរពន្យល់ឃ្លានេះដូចតទៅថា៖ «មិនថាមានស្ថានការណ៍អ្វីឬសេចក្ដីត្រូវការអ្វីក៏ដោយ . . . ព្រះនឹង‹ក្លាយទៅជា›អ្វីដ៏ចាំបាច់ដើម្បីបំពេញសេចក្ដីត្រូវការនោះ»។
៩ តើនេះទាក់ទងនឹងពួកអ៊ីស្រាអែលយ៉ាងណា? ទោះជាពួកគេនឹងប្រឈមមុខនឹងឧបសគ្គអ្វីក៏ដោយ ឬស្ថិតក្នុងសភាពលំបាកយ៉ាងណាក្ដី ក៏ព្រះយេហូវ៉ានឹងក្លាយទៅជាអ្វីដែលចាំបាច់ ដើម្បីរំដោះពួកគេចេញពីសេវកភាព និងនាំពួកគេចូលទៅក្នុងស្រុកសន្យា។ ប្រាកដណាស់ ព្រះនាមនោះពិតជាធ្វើឲ្យមានទំនុកចិត្តលើព្រះមែន។ សព្វថ្ងៃនេះព្រះនាមរបស់ព្រះក៏អាចធ្វើឲ្យយើងមានទំនុកចិត្តដូចនេះដែរ។ (ទំនុកដំកើង ៩:១០) តើហេតុអ្វី?
១០, ១១. តើអត្ថន័យព្រះនាមយេហូវ៉ាបង្ហាញយ៉ាងដូចម្ដេចថា ទ្រង់ចង់ឲ្យយើងចាត់ទុកទ្រង់ជាព្រះវរបិតាដ៏ល្អបំផុត និងដែលចេះប្រែប្រួលទៅតាមកាលៈទេសៈនោះ? សូមលើកឧទាហរណ៍។
១០ ជាឧទាហរណ៍៖ មាតាបិតាដឹងថាពួកគាត់ត្រូវចេះប្រែប្រួលទៅតាមកាលៈទេសៈ ដើម្បីបីបាច់មើលថែរក្សាកូនចៅរបស់ខ្លួន។ ក្នុងកំឡុងពេលមួយថ្ងៃ មាតាឬបិតាម្នាក់ប្រហែលត្រូវធ្វើជាមេដោះ ចុងភៅ គ្រូបង្រៀន អ្នកប្រដៅ ចៅក្រម និងធ្វើអ្វីច្រើនជាងនេះទៅទៀត។ មាតាបិតាខ្លះមានអារម្មណ៍មិនស្រួលទេ ពេលដែលពួកគាត់ត្រូវមានតួនាទីច្រើនយ៉ាងនេះ។ ពួកគាត់កត់សម្គាល់ថា កូនៗបានទុកចិត្តលើពួកគាត់ទាំងស្រុង ពីព្រោះកូនមិនដែលសង្ស័យលើមាតាបិតាទេ។ ពួកគេសង្ឃឹមថា ប៉ាឬម៉ាក់នឹងអាចធ្វើឲ្យរបួសកូនសះស្បើយ ឬអាចដោះស្រាយបញ្ហារវាងកូនៗ ជួយជួសជុលប្រដាប់ប្រដាលេងរបស់កូន ឬក៏អាចឆ្លើយសំនួរសព្វបែបយ៉ាងដែលផុសឡើងក្នុងគំនិតរបស់កូនដែលស្រេកឃ្លានចង់ដឹងចង់ឮជានិច្ចនោះ។ មាតាបិតាខ្លះមានអារម្មណ៍ថាខ្លួនពុំសមទទួលការទុកចិត្តរបស់កូនឡើយ ហើយយូរៗម្ដងពួកគាត់មានអារម្មណ៍អស់សង្ឃឹមពេលខ្លួនគ្មានសមត្ថភាពបំពេញមុខនាទីតាមចិត្តចង់ និងគិតថាខ្លួនខ្វះសមត្ថភាពច្រើនណាស់។
១១ ព្រះយេហូវ៉ាក៏ជាព្រះវរបិតាដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ដែរ។ ប៉ុន្តែ គ្មានអ្វីដែលទ្រង់ពុំអាចធ្វើដើម្បីថែរក្សាបុត្រាបុត្រីរបស់ទ្រង់លើផែនដីនេះតាមវិធីដ៏ប្រសើរបំផុត ដោយឥតបំពានលើខ្នាតតម្រាដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់នោះឡើយ។ ដូច្នេះ អត្ថន័យព្រះនាមយេហូវ៉ាបង្ហាញថា ព្រះយេហូវ៉ាចង់ឲ្យយើងចាត់ទុកទ្រង់ជាព្រះវរបិតាដ៏ប្រសើរបំផុត។ (យ៉ាកុប ១:១៧) ម៉ូសេនិងពួកអ៊ីស្រាអែលឯទៀតដែលមានចិត្តភក្ដី ក៏បានពិសោធថាព្រះយេហូវ៉ាធ្វើតាមព្រះនាមរបស់ទ្រង់ពិតមែន។ ពួកគេឃើញទាំងមានចិត្តស្ញប់ស្ញែង ពេលទ្រង់ក្លាយទៅជាមេបញ្ជាការដែលពុំអាចចាញ់ ក្លាយជាម្ចាស់នៃធម្មជាតិ ក្លាយជាអ្នកប្រទានច្បាប់ដែលប្រៀបផ្ទឹមពុំបាន ក្លាយជាចៅក្រម វិស្វករ អ្នកប្រទានអាហារនិងទឹក ថែមទាំងទ្រង់ការពារសំលៀកបំពាក់និងស្បែកជើង និងអ្វីៗជាច្រើនទៀត។
១២. តើទស្សនៈរបស់ស្តេចផារ៉ូនិងម៉ូសេចំពោះព្រះយេហូវ៉ាខុសគ្នាយ៉ាងណា?
១២ តាមរបៀបនេះហើយ ព្រះបានធ្វើឲ្យព្រះនាមទ្រង់ល្បីសុសសាយ និងបានឲ្យដឹងអំពីរបៀបដែលព្រះនាមនោះបញ្ជាក់អំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ ហើយក៏បានបង្ហាញដែរថា អ្វីដែលទ្រង់មានបន្ទូលអំពីអង្គទ្រង់គឺពិតមែន។ ប្រាកដហើយ ព្រះទ្រង់ចង់ឲ្យយើងស្គាល់ទ្រង់។ តើយើងនឹងតបឆ្លើយយ៉ាងណា? ម៉ូសេចង់ស្គាល់ព្រះ។ ចំណង់ដ៏ខ្លាំងនោះបានដឹកនាំដំណើរជីវិតរបស់លោកម៉ូសេ និងបាននាំគាត់ឲ្យចូលទៅជិតព្រះវរបិតាសួគ៌ា។ (ជនគណនា ១២:៦-៨; ហេព្រើរ ១១:២៧) គួរឲ្យស្ដាយណាស់ នៅសម័យរបស់ម៉ូសេមិនសូវមានមនុស្សច្រើនឯទៀតដែលមានចំណង់ដូចម៉ូសេទេ។ ពេលម៉ូសេទូលប្រាប់ស្តេចផារ៉ូអំពីព្រះយេហូវ៉ា ស្តេចអេស៊ីបដ៏ក្រអឺតក្រទមនេះបានមានបន្ទូលតបថា៖ «តើព្រះយេហូវ៉ាជាអ្នកណា?»។ (និក្ខមនំ ៥:២) ស្តេចផារ៉ូមិនចង់ដឹងអំពីព្រះយេហូវ៉ាទេ។ ផ្ទុយទៅវិញ ស្តេចផារ៉ូបានមើលងាយថាព្រះនៃសាសន៍អ៊ីស្រាអែល គឺជាបុគ្គលមិនសំខាន់ទាល់តែសោះ។ ទស្សនៈបែបនេះគឺមានទូទៅនៅសព្វថ្ងៃនេះ។ នេះធ្វើឲ្យមនុស្សងងឹតងងល់ចំពោះសេចក្ដីពិតដ៏សំខាន់បំផុតគឺថា ព្រះយេហូវ៉ាជាព្រះអម្ចាស់មហាក្សត្រ។
ព្រះយេហូវ៉ាជាព្រះអម្ចាស់មហាក្សត្រ
១៣, ១៤. (ក) ហេតុអ្វីបានជាព្រះយេហូវ៉ាមានឋានន្តរជាច្រើនក្នុងព្រះគម្ពីរ? តើមានឋានន្តរអ្វីខ្លះ? (សូមមើលប្រអប់«ឋានន្តរខ្លះៗរបស់ព្រះយេហូវ៉ា») (ខ) ហេតុអ្វីមានតែព្រះយេហូវ៉ាដែលមានលក្ខណៈសមជា‹ព្រះដ៏ខ្ពស់បំផុត›?
១៣ ព្រះយេហូវ៉ាមានសមត្ថភាពប្រែប្រួលទៅតាមកាលៈទេសៈដល់ម្ល៉េះ ដែលទ្រង់មានឋានន្តរផ្សេងៗជាច្រើនក្នុងបទគម្ពីរ។ ឋានន្តរទាំងនេះគឺមិនស្មើនឹងព្រះនាមផ្ទាល់របស់ទ្រង់ទេ តែឋានន្តរទាំងនេះបង្រៀនយើងច្រើនទៀតអំពីអ្វីដែលព្រះនាមទ្រង់តំណាង។ ជាឧទាហរណ៍ ទ្រង់មានឋានន្តរជា‹ព្រះដ៏ខ្ពស់បំផុត›។ (ទំនុកដំកើង ៩៧:៩) ឋានន្តរដ៏ខ្ពង់ខ្ពស់នេះ ដែលមានជាច្រើនដងក្នុងព្រះគម្ពីរ ប្រាប់យើងអំពីឋានៈរបស់ព្រះយេហូវ៉ា។ មានតែទ្រង់ទេដែលមានសិទ្ធិគ្រប់គ្រងសកលលោកទាំងមូល។ ចូរពិនិត្យមើលមូលហេតុ។
១៤ មានតែព្រះយេហូវ៉ាដែលជាអ្នកបង្កើត។ វិវរណៈ ៤:១១ចែងថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ! ទ្រង់គួរនឹងទទួលសិរីល្អ កិត្ដិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។ ពាក្យដ៏ឧត្តុង្គឧត្តមទាំងនេះមិនអាចយកមកប្រើ ដើម្បីពណ៌នាអំពីបុគ្គលណាផ្សេងទៀតឡើយ។ អ្វីៗទាំងអស់នៅក្នុងសកលលោកគឺមានដោយសារព្រះយេហូវ៉ាតែប៉ុណ្ណោះ! ប្រាកដហើយ ព្រះយេហូវ៉ាគឺសមនឹងទទួលនូវកិត្ដិយស ព្រះចេស្ដា និងសិរីរុងរឿងដែលជារបស់ផងទ្រង់ ដោយសារទ្រង់ជាព្រះអម្ចាស់មហាក្សត្រ និងជាព្រះដែលបង្កើតរបស់សព្វសារពើ។
១៥. ហេតុអ្វីបានជាព្រះយេហូវ៉ាមានឋានន្តរជា«ស្តេចនៃអស់ទាំងកល្ប»?
១៥ ឋានន្តរមួយទៀតដែលមានតែចំពោះព្រះយេហូវ៉ាគឺជា«ស្តេចនៃអស់ទាំងកល្ប»។ (ធីម៉ូថេទី១ ១:១៧) តើនេះមានន័យយ៉ាងណា? ព្រះយេហូវ៉ាមានព្រះជន្មតាំងពីពេលអនន្តរហូតដល់ពេលអនន្ត តែដោយសារយើងមានគំនិតឥតគ្រប់ល័ក្ខណ៍នោះ យើងពិបាកយល់ចំណុចនេះណាស់។ ទំនុកដំកើង ៩០:២ចែងថា៖ «ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ»។ ដូច្នេះ ព្រះយេហូវ៉ាគ្មានការចាប់ផ្ដើមទេ។ ទ្រង់ធ្លាប់មានព្រះជន្មតាំងពីពេលអនន្តមក។ ព្រះយេហូវ៉ាបានត្រូវពណ៌នាយ៉ាងត្រឹមត្រូវថា «ព្រះដ៏មានព្រះជន្មពីចាស់បុរាណ» ពីព្រោះព្រះយេហូវ៉ាធ្លាប់មានព្រះជន្មចាប់ពីពេលអនន្តមក គឺមុនបុគ្គលណាម្នាក់ ឬក៏អ្វីណាមួយក្នុងសកលលោកនេះទៅទៀត! (ដានីយ៉ែល ៧:៩, ១៣, ២២) តើអ្នកណាអាចរកទីសំអាងដើម្បីទំលាក់នូវការសង្ស័យទៅលើសិទ្ធិរបស់ទ្រង់ជាអ្នកមានឋានៈជាព្រះអម្ចាស់មហាក្សត្រនោះ?
១៦, ១៧. (ក) ហេតុអ្វីក៏យើងមើលព្រះយេហូវ៉ាពុំឃើញ? ហើយហេតុអ្វីរឿងនេះគ្មានអ្វីគួរឲ្យចម្លែកទេ? (ខ) តើក្នុងន័យអ្វីដែលព្រះយេហូវ៉ាជាបុគ្គលដ៏ពិតប្រាកដជាងអ្វីដែលយើងអាចឃើញនិងប៉ះបាននោះ?
១៦ ប៉ុន្តែ មានមនុស្សខ្លះដែលសង្ស័យទៅលើសិទ្ធិរបស់ទ្រង់មែន ដូចជាស្តេចផារ៉ូជាដើម។ មូលហេតុមួយនោះគឺថា មនុស្សឥតគ្រប់ល័ក្ខណ៍ដាក់ទម្ងន់ហួសហេតុទៅលើអ្វីដែលពួកគេអាចឃើញផ្ទាល់នឹងភ្នែក។ យើងមិនអាចមើលឃើញព្រះអម្ចាស់មហាក្សត្រព្រះយេហូវ៉ាទេ។ ទ្រង់ជាបុគ្គលវិញ្ញាណ ដែលភ្នែកមនុស្សយើងពុំអាចមើលឃើញឡើយ។ (យ៉ូហាន ៤:២៤) យ៉ាងណាមិញ ប្រសិនបើមនុស្សដែលជាសាច់ឈាមនោះ ត្រូវឈរនៅជិតព្រះយេហូវ៉ានោះ ពួកគេនឹងត្រូវស្លាប់ជាមិនខាន។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ម៉ូសេថា៖ ‹អ្នកពុំអាចនឹងមើលមុខយើងបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញយើង ហើយរស់នៅមិនបានទេ›។—និក្ខមនំ ៣៣:២០; យ៉ូហាន ១:១៨
១៧ រឿងនេះគ្មានអ្វីគួរឲ្យចម្លែកទេ។ ម៉ូសេបានឃើញតែមួយផ្នែកនៃសិរីរុងរឿងរបស់ព្រះយេហូវ៉ា ហើយតាមមើលទៅ គឺតាមរយៈទេវតាមួយរូបដែលជាអ្នកតំណាងទ្រង់។ តើមានលទ្ធផលយ៉ាងណា? ក្រោយមក មុខរបស់ម៉ូសេបាន«ភ្លឺ»អស់មួយរយៈពេលយ៉ាងយូរ។ ពួកអ៊ីស្រាអែលបានខ្លាច មិនហ៊ានមើលចំមុខម៉ូសេទៀត។ (និក្ខមនំ ៣៣:២១-២៣; ៣៤:៥-៧, ២៩,៣០) ដូច្នេះ គឺប្រាកដហើយដែលថា គ្មានមនុស្សជាតិណាម្នាក់ដែលអាចមើលឃើញសិរីរុងរឿងទាំងស្រុងរបស់ព្រះអម្ចាស់មហាក្សត្រព្រះយេហូវ៉ាបានឡើយ! តើនេះបានសេចក្ដីថា ទ្រង់មិនមែនជាបុគ្គលដ៏ពិតមួយអង្គពីព្រោះយើងមិនអាចមើលឃើញឬប៉ះទ្រង់ឬ? អត់ទេ! យើងក៏ធ្លាប់ទទួលស្គាល់ថាមានរបស់ជាច្រើនដែលយើងមើលពុំឃើញដែរ ដូចជាខ្យល់ រលកធាតុអាកាស និងគំនិតជាដើម។ ម្យ៉ាងទៀត ព្រះយេហូវ៉ាមិនចេះប្រែប្រួលឡើយ។ ពេលវេលាដែលកន្លងទៅនេះគ្មានអានុភាពលើទ្រង់ឡើយ ទោះជារាប់សិបលានកោដិឆ្នាំក៏ដោយ! គឺក្នុងន័យនេះហើយដែលថា ទ្រង់ជាបុគ្គលដ៏ពិតប្រាកដជាងអ្វីៗដែលយើងអាចប៉ះឬក៏មើលឃើញទៅទៀត ដ្បិតអ្វីៗទាំងនោះអាចចាស់ទៅនិងពុកផុយអស់ទៅវិញ។ (ម៉ាថាយ ៦:១៩) ប៉ុន្តែ តើយើងគួរគិតអំពីទ្រង់ គ្រាន់តែជាកម្លាំងអរូបិយមួយ ឬក៏បុព្វហេតុមួយដែលយើងមិនអាចយល់ច្បាស់ឬ? យើងសូមពិចារណាតទៅទៀត។
ព្រះមួយអង្គដែលមានបុគ្គលិកលក្ខណៈ
១៨. តើអេសេគាលបានឃើញចក្ខុនិមិត្តអ្វី? តើមុខបួននៃ«តួមានជីវិត»ដែលនៅជិតព្រះយេហូវ៉ាតំណាងអ្វី?
១៨ ទោះជាយើងមើលព្រះមិនឃើញក៏ដោយនោះ មានផ្នែកខ្លះក្នុងព្រះគម្ពីរដែលធ្វើឲ្យយើងរំភើបចិត្ត ដែលប្រៀបដូចជាហុចឱកាសឲ្យយើងក្រឡេកមើលទៅក្នុងស្ថានសួគ៌។ ឧទាហរណ៍មួយគឺនៅក្នុងសៀវភៅអេសេគាលជំពូកទីមួយ។ លោកអេសេគាលបានឃើញចក្ខុនិមិត្តមួយអំពីអង្គការសួគ៌ារបស់ព្រះយេហូវ៉ា ដែលបានតំណាងដោយរទេះនៅស្ថានសួគ៌ក្នុងចក្ខុនិមិត្តនោះ។ អ្វីដែលគួរឲ្យនឹកស្ងើចជាពិសេសនោះ គឺការពិពណ៌នាអំពីបណ្ដាបុគ្គលវិញ្ញាណខ្លាំងក្លាដែលនៅជុំវិញព្រះយេហូវ៉ា។ (អេសេគាល ១:៤-១០) «តួមានជីវិត»ទាំងនេះនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា និងអាការក្រៅរបស់តួមានជីវិតទាំងនេះ បង្ហើបឲ្យយើងដឹងនូវអ្វីដ៏សំខាន់មួយអំពីព្រះដែលតួមានជីវិតទាំងនេះបំរើ។ តួមានជីវិតនិមួយៗមានមុខបួន គឺមុខសត្វគោមួយ មុខសត្វសិង្ហមួយ មុខឥន្ទ្រីមួយ និងមុខដូចជាមនុស្សមួយ។ តាមមើលទៅ មុខទាំងនេះតំណាងគុណសម្បត្ដិបួនដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។—វិវរណៈ ៤:៦-៨,១០
១៩. តើអ្វីជាគុណសម្បត្ដិដែលតំណាងដោយ(ក) មុខសត្វគោ? (ខ) មុខសត្វសិង្ហ? (គ) មុខសត្វឥន្ទ្រី? (ឃ) មុខមនុស្ស?
១៩ នៅក្នុងព្រះគម្ពីរ គោឈ្មោលតែងតំណាងកម្លាំង ហើយនេះគឺសមហេតុសមផលមែន ដ្បិតនេះជាសត្វដែលមានកម្លាំងខ្លាំងណាស់។ ម្យ៉ាងវិញទៀត សត្វសិង្ហតែងតំណាងយុត្ដិធម៌ ដ្បិតការប្រព្រឹត្តដោយយុត្ដិធម៌ពិតតម្រូវឲ្យមានចិត្តក្លាហាន ហើយសត្វសិង្ហត្រូវគេស្គាល់ជាទូទៅថាជាសត្វដ៏ក្លាហានមែន។ សត្វឥន្ទ្រីបានល្បីជាសត្វដែលមានភ្នែកមុត ដោយមើលឃើញវត្ថុតូចល្អិតពីចម្ងាយច្រើនគីឡូម៉ែត្រ។ ដូច្នេះមុខនៃសត្វឥន្ទ្រីតំណាងយ៉ាងសមរម្យនូវប្រាជ្ញារបស់ព្រះដែលចេះទតមើលវែងឆ្ងាយ។ ចុះយ៉ាងណាចំពោះមុខមនុស្ស? មនុស្សបានត្រូវបង្កើតមកឲ្យមានភាពដូចព្រះ ហេតុនេះហើយមនុស្សមានភាពចម្លែកអស្ចារ្យមួយ គឺសមត្ថភាពសម្ដែងនូវសេចក្ដីស្រឡាញ់ ដែលជាគុណសម្បត្ដិដ៏ចំបងរបស់ព្រះ។ (លោកុប្បត្តិ ១:២៦) តេជានុភាព យុត្ដិធម៌ ប្រាជ្ញានិងសេចក្ដីស្រឡាញ់ជាគុណសម្បត្ដិផ្សេងៗនៃបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា។ គុណសម្បត្ដិទាំងនេះត្រូវលើកបញ្ជាក់ក្នុងបទគម្ពីរជាញឹកញយដល់ម្ល៉េះ ដែលគុណសម្បត្ដិទាំងនេះអាចត្រូវហៅជា គុណសម្បត្ដិដ៏ចំបងរបស់ព្រះ។
២០. តើយើងត្រូវព្រួយបារម្ភថាបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ាអាចប្រែប្រួលទេ? ហេតុអ្វីក៏អ្នកឆ្លើយដូច្នេះ?
២០ តើយើងគួរព្រួយបារម្ភថា បុគ្គលិកលក្ខណៈរបស់ព្រះប្រហែលជាបានប្រែប្រួលក្នុងកំឡុងរាប់ពាន់ឆ្នាំ តាំងពីទ្រង់បានត្រូវពណ៌នាក្នុងព្រះគម្ពីរនោះឬ? មិនប្រែប្រួលសោះឡើយ។ បុគ្គលិកលក្ខណៈរបស់ព្រះមិនប្រែប្រួលទេ។ ទ្រង់មានបន្ទូលប្រាប់យើងថា៖ ‹ដ្បិតយើង គឺយេហូវ៉ា យើងមិនប្រែប្រួលឡើយ›។ (ម៉ាឡាគី ៣:៦) ជាជាងប្រែប្រួលទៅតាមតែសំទុះចិត្តនោះ ព្រះយេហូវ៉ាសឲ្យឃើញថាទ្រង់ជាព្រះវរបិតាដ៏ល្អបំផុត ដោយរបៀបដែលទ្រង់បានប្រព្រឹត្តចំពោះស្ថានការណ៍និមួយៗ។ ទ្រង់សម្ដែងបុគ្គលិកលក្ខណៈណារបស់ទ្រង់ ដែលសមបំផុតនឹងស្ថានភាពនោះ។ ក្នុងចំណោមគុណសម្បត្ដិទាំងបួន គុណសម្បត្ដិដែលលេចធ្លោជាងគេគឺជាសេចក្ដីស្រឡាញ់។ គុណសម្បត្ដិនេះត្រូវសម្ដែងក្នុងគ្រប់ការទាំងអស់ដែលទ្រង់ធ្វើ។ ទ្រង់ប្រើតេជានុភាព យុត្ដិធម៌ និងប្រាជ្ញាតាមរបៀបដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ តាមការពិត ព្រះគម្ពីរចែងអ្វីមួយដ៏អស្ចារ្យអំពីព្រះនិងគុណសម្បត្ដិនេះ។ ព្រះគម្ពីរចែងថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) ចូរកត់សម្គាល់ថា ព្រះគម្ពីរមិនបានចែងថាព្រះមានសេចក្ដីស្រឡាញ់ ឬក៏ថាព្រះប្រកបទៅដោយសេចក្ដីស្រឡាញ់ទេ។ ផ្ទុយទៅវិញ ព្រះគម្ពីរចែងថាព្រះជាសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់ជាធាតុពិតរបស់ទ្រង់ និងជាកម្លាំងដែលជំរុញព្រះទ័យទ្រង់ក្នុងអ្វីៗទាំងអស់ដែលទ្រង់ធ្វើ។
«មើល! នេះគឺជាព្រះនៃយើងរាល់គ្នា»
២១. តើយើងនឹងមានអារម្មណ៍យ៉ាងណា កាលដែលយើងយល់ដឹងអំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ាឲ្យរឹតតែច្បាស់ទៅៗ?
២១ តើអ្នកធ្លាប់ឃើញក្មេងតូចម្នាក់ចង្អុលទៅឪពុកឲ្យពួកម៉ាកស្គាល់ ហើយពោលទាំងមានអំណរនិងមានមោទនភាពថា«នេះជាប៉ារបស់ខ្ញុំ»ទេ? ពួកអ្នកថ្វាយបង្គំរបស់ព្រះក៏មានហេតុសម្ដែងនូវអារម្មណ៍បែបនេះចំពោះព្រះយេហូវ៉ាដែរ។ ព្រះគម្ពីរបានទាយទុកជាមុនអំពីគ្រាដែលមនុស្សស្មោះត្រង់នឹងប្រកាសថា៖ «មើល! នេះគឺជាព្រះនៃយើងរាល់គ្នា»។ (អេសាយ ២៥:៨, ៩) កាលណាអ្នកយល់ដឹងកាន់តែច្រើនអំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា នោះអ្នកនឹងកាន់តែប្រាកដក្នុងអារម្មណ៍ថា អ្នកមានព្រះវរបិតាដ៏ល្អបំផុត។
២២, ២៣. តើព្រះគម្ពីរពណ៌នាយ៉ាងណាអំពីព្រះវរបិតាសួគ៌ារបស់យើង? ហេតុដូចម្ដេចបានជាយើងអាចដឹងថា ទ្រង់ចង់ឲ្យយើងចូលទៅជិតទ្រង់នោះ?
២២ ព្រះវរបិតានេះចង់មានភាពជិតស្និទ្ធនឹងយើង ទ្រង់ចង់បង្ហាញភាពកក់ក្ដៅចំពោះយើង ហើយទ្រង់មិនសោះអង្គើយទេ ទោះជាពួកទស្សនវិទូខ្លះនិងពួកអ្នកប្រកាន់សាសនាយ៉ាងតឹងរ៉ឹងបានបង្រៀនថាទ្រង់គឺដូច្នោះក៏ដោយ។ យើងច្បាស់ជាមិនចង់មានភាពជិតស្និទ្ធនឹងព្រះមួយអង្គដ៏សោះអង្គើយឡើយ ហើយព្រះគម្ពីរក៏មិនបានពណ៌នាថា ព្រះវរបិតាសួគ៌ារបស់យើងមានលក្ខណៈដូចនេះទេ។ ផ្ទុយទៅវិញ ព្រះគម្ពីរពណ៌នាថាទ្រង់ជា «ព្រះដ៏មានពរ[«ព្រះដែលមានព្រះទ័យសប្បាយ», ព.ថ.]»។ (ធីម៉ូថេទី១ ១:១១) ទ្រង់ចេះម៉ឺងម៉ាត់ហើយក៏ចេះទន់ភ្លន់ដែរ។ ទ្រង់ចេះ«មានព្រះទ័យព្រួយ» ពេលបុគ្គលវិញ្ញាណឬបុគ្គលសាច់ឈាមបំពានលើគោលការណ៍ណែនាំ ដែលទ្រង់ប្រទានមកសំរាប់ប្រយោជន៍ពួកគេនោះ។ (លោកុប្បត្តិ ៦:៦; ទំនុកដំកើង ៧៨:៤១) ប៉ុន្តែ ពេលយើងប្រព្រឹត្តដោយមានប្រាជ្ញាសមស្របទៅតាមបន្ទូលរបស់ព្រះ នោះយើងធ្វើឲ្យ‹ព្រះទ័យទ្រង់បានរីករាយ›។—សុភាសិត ២៧:១១
២៣ ព្រះវរបិតារបស់យើងចង់ឲ្យយើងចូលទៅជិតទ្រង់។ ព្រះបន្ទូលរបស់ទ្រង់អញ្ជើញយើងឲ្យ«ស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ»។ (កិច្ចការ ១៧:២៧) ប៉ុន្តែ តើមនុស្សឥតគ្រប់ល័ក្ខណ៍អាចចូលទៅជិតព្រះអម្ចាស់មហាក្សត្រនៃសកលលោកនេះបានយ៉ាងដូចម្ដេច?