ជំពូកទី៩
«ចូររត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
«ដូច្នេះ ចូររម្ងាប់ភាពទោរទន់ដែលមាននៅក្នុងអវយវៈរូបកាយរបស់អ្នករាល់គ្នា គឺភាពទោរទន់ទៅរកអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក តម្រេក សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងការច្រណែនចង់បានរបស់អ្នកដទៃ ដែលទុកដូចជាការគោរពបូជារូបព្រះ»។—កូឡុស ៣:៥
១, ២. តើបាឡាមបាននឹកឃើញវិធីអ្វីដើម្បីធ្វើបាបរាស្ត្ររបស់ព្រះ?
សូមស្រមៃគិតអំពីអ្នកនេសាទម្នាក់ទៅស្ទូចត្រីនៅកន្លែងដែលគាត់ចូលចិត្តជាងគេ។ គាត់ចង់ស្ទូចតែត្រីមួយប្រភេទប៉ុណ្ណោះ។ អ្នកនេសាទនោះជ្រើសរើសនុយ ហើយបិទនុយនឹងផ្លែសន្ទូច រួចគ្រវែងវាទៅក្នុងទឹក។ មួយសន្ទុះក្រោយមក គាត់ឃើញថាខ្សែសន្ទូចតឹងនាំឲ្យដងសន្ទូចកោង។ ឃើញដូច្នេះ អ្នកនេសាទវាត់សន្ទូចឡើងហើយយកត្រីដែលគាត់បានប៉ងស្ទូចនោះ។ គាត់ញញឹមដោយពេញចិត្ត ព្រោះដឹងថាគាត់បានជ្រើសរើសនុយត្រឹមត្រូវ។
២ នៅឆ្នាំ១៤៧៣ មុនគ.ស. បុរសម្នាក់ឈ្មោះបាឡាមក៏បានពិចារណាយ៉ាងដិតដល់អំពីនុយដែលគាត់ចង់ប្រើដែរ។ ប៉ុន្តែបាឡាមមិនមែនចង់បានត្រីទេ គឺគាត់ចង់បានរាស្ត្ររបស់ព្រះ ដែលកំពុងបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅព្រំប្រទល់នៃស្រុកដែលព្រះបានសន្យាឲ្យ។ បាឡាមបាននិយាយថាគាត់ជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា ប៉ុន្តែតាមការពិត គាត់គ្រាន់តែជាបុរសដែលមានចិត្តលោភលន់ប៉ុណ្ណោះ ដែលគេបានជួលឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រាអែល។ ទោះជាយ៉ាងនោះក៏ដោយ ដោយសារព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍ នោះបាឡាមមិនអាចធ្វើអ្វីក្រៅពីឲ្យពរជនជាតិអ៊ីស្រាអែលវិញទេ។ ប៉ុន្តែបាឡាមបានតាំងចិត្តចង់បានប្រាក់ឈ្នួល ដូច្នេះគាត់បានគិតឃើញថា គាត់ប្រហែលជាអាចនាំឲ្យព្រះដាក់បណ្ដាសារាស្ត្រលោកវិញ បើអាចល្បួងពួកគេឲ្យប្រព្រឹត្តអំពើខុសឆ្គងដ៏ធ្ងន់ធ្ងរ។ ក្នុងបំណងនេះ បាឡាមបានរៀបចំនុយ។ តើនុយនោះជាអ្វី? គឺស្ត្រីស្អាតៗនៅស្រុកម៉ូអាប់។—ជនគណនា ២២:១-៧; ៣១:១៥, ១៦; ការបើកបង្ហាញ ២:១៤
៣. តើឧបាយកលរបស់បាឡាមបានសម្រេចដល់កម្រិតណា?
៣ តើឧបាយកលនេះបានសម្រេចដូចបំណងឬទេ? បានសម្រេចមួយកម្រិតមែន។ បុរសជនជាតិអ៊ីស្រាអែលរាប់ម៉ឺននាក់បានត្រូវទាក់ទាញដោយនុយរបស់បាឡាម ហើយប្រព្រឹត្ត«[«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»]នឹងពួកកូនស្រីរបស់សាសន៍ម៉ូអាប់»។ ពួកគេក៏ចាប់ផ្ដើមគោរពបូជាព្រះផ្សេងៗរបស់សាសន៍ម៉ូអាប់ដែលក្នុងនោះមានព្រះនៃការរួមភេទផងដែរ គឺព្រះបាលពេអរជាព្រះដ៏គួរឲ្យខ្ពើមឆ្អើម។ ដោយហេតុនោះ ជនជាតិអ៊ីស្រាអែល២៤.០០០នាក់បានស្លាប់នៅព្រំប្រទល់ស្រុកដែលព្រះសន្យាឲ្យ។ នេះជារឿងដ៏គួរឲ្យខ្លោចផ្សាណាស់!—ជនគណនា ២៥:១-៩; ព.ថ.
៤. ហេតុអ្វីបានជាជនជាតិអ៊ីស្រាអែលរាប់ម៉ឺននាក់បានចាញ់សេចក្ដីល្បួងហើយប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ?
៤ តើអ្វីបាននាំឲ្យជនជាតិអ៊ីស្រាអែលជួបអន្តរាយដូច្នេះ? ពួកគេជាច្រើននាក់មានចិត្តទុច្ចរិតដោយសារថយចេញពីព្រះយេហូវ៉ា ជាព្រះដែលបានរំដោះពួកគេពីស្រុកអេស៊ីប ផ្ដល់អាហារឲ្យពួកគេនៅតំបន់ស្ងាត់ជ្រងំ ហើយនាំពួកគេទៅដល់ស្រុកដែលលោកបានសន្យាឲ្យ ដោយសុវត្ថិភាព។ (ហេប្រឺ ៣:១២) ដោយគិតអំពីរឿងនេះ សាវ័កប៉ូលបានសរសេរថា៖ «កុំឲ្យយើងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ដូចពួកគេខ្លះបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួចស្លាប់អស់ពីរម៉ឺនបីពាន់នាក់ក្នុងមួយថ្ងៃ»។a—កូរិនថូសទី១ ១០:៨
៥, ៦. ហេតុអ្វីកំណត់ហេតុអំពីអំពើខុសឆ្គងរបស់ជនជាតិអ៊ីស្រាអែលនៅវាលទំនាបស្រុកម៉ូអាប់មានប្រយោជន៍ចំពោះយើងសព្វថ្ងៃនេះ?
៥ កំណត់ហេតុនៅសៀវភៅជនគណនាមានមេរៀនសំខាន់ៗជាច្រើនសម្រាប់រាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ ដែលហៀបនឹងចូលក្នុងស្រុកដ៏អស្ចារ្យជាងស្រុកដែលព្រះបានសន្យាឲ្យជនជាតិអ៊ីស្រាអែល។ (កូរិនថូសទី១ ១០:១១) ជាឧទាហរណ៍ ពិភពលោកនេះក៏ឆ្កួតនឹងការរួមភេទដូចជនជាតិម៉ូអាប់ដែរ ប៉ុន្តែដល់កម្រិតខ្លាំងជាង។ ម្យ៉ាងទៀត រៀងរាល់ឆ្នាំគ្រិស្តសាសនិករាប់ពាន់នាក់ចាញ់សេចក្ដីល្បួង ហើយប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ គឺនុយដដែល ដែលបានបញ្ឆោតជនជាតិអ៊ីស្រាអែល។ (កូរិនថូសទី២ ២:១១) ម្យ៉ាងវិញទៀត មានបុគ្គលខ្លះដែលចូលរួមជាមួយនឹងរាស្ត្ររបស់ព្រះចាប់ផ្ដើមមានឥទ្ធិពលអាក្រក់ទៅលើសមាជិកក្រុមជំនុំគ្រិស្តសាសនិក តាមគំរូរបស់ស៊ីមរីដែលហ៊ានបណ្ដើរស្រីជនជាតិម៉ាឌានចូលជំរំអ៊ីស្រាអែល នាំទៅក្នុងត្រសាលរបស់គាត់តែម្ដង។—ជនគណនា ២៥:៦, ១៤; យូដាស ៤
៦ តើអ្នកយល់ថាស្ថានភាពរបស់អ្នកគឺដូចជនជាតិអ៊ីស្រាអែលនៅវាលទំនាបស្រុកម៉ូអាប់ឬទេ? តើអ្នកអាចឃើញក្នុងចិត្តនូវរង្វាន់ដែលអ្នកបានរង់ចាំយូរហើយឬទេ ពោលគឺពិភពលោកថ្មីដែលនឹងមកដល់មិនយូរទៀតនោះ? បើដូច្នេះ ចូរខំអស់ពីសមត្ថភាពដើម្បីរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ ដោយធ្វើតាមបញ្ញត្ដិដែលថា៖ «ចូររត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។—កូរិនថូសទី១ ៦:១៨
តើអ្វីជាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ?
៧, ៨. តើអ្វីជា«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»? ហើយតើអ្នកដែលប្រព្រឹត្តអំពើនោះជាទម្លាប់ ទទួលផលអ្វីខ្លះ?
៧ ក្នុងគម្ពីរ ពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ» (ភាសាក្រិចផូនៀ) សំដៅទៅលើការរួមដំណេកគ្រប់បែបយ៉ាងដែលខុសច្បាប់ ក្រៅពីអាពាហ៍ពិពាហ៍ដែលត្រឹមត្រូវតាមគោលការណ៍គម្ពីរ។ នោះរួមបញ្ចូលការផិតក្បត់ ពេស្យាចារ និងការរួមដំណេករវាងមនុស្សដែលនៅលីវ ការរួមភេទតាមមាត់ តាមផ្លូវបាត និងការស្ទាបអង្អែលអវយវៈភេទរបស់បុគ្គលដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន ក្នុងបំណងបំពេញចំណង់ផ្លូវភេទ។ ការប្រព្រឹត្តទាំងអស់នេះជាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ទោះជាបុគ្គលទាំងពីរជាភេទដូចគ្នាក៏ដោយ។ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទក៏រួមបញ្ចូលការរួមភេទជាមួយនឹងសត្វដែរ ឬការស្ទាបអង្អែលអវយវៈភេទរបស់សត្វក្នុងបំណងប្រព្រឹត្តអំពើថោកទាបខាងផ្លូវភេទ។b
៨ បទគម្ពីរបញ្ជាក់ច្បាស់ណាស់ថា អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាទម្លាប់ មិនអាចនៅក្នុងក្រុមជំនុំគ្រិស្តសាសនិកបានទេ ហើយក៏នឹងមិនទទួលជីវិតដែលគ្មានទីបញ្ចប់ដែរ។ (កូរិនថូសទី១ ៦:៩; ការបើកបង្ហាញ ២២:១៥) ម្យ៉ាងទៀត សូម្បីតែឥឡូវនេះក៏ពួកគេនាំឲ្យខ្លួនមានទុក្ខលំបាកជាច្រើនដែរ ដូចជាការបាត់បង់ភាពថ្លៃថ្នូររបស់ខ្លួននិងទំនុកចិត្តពីអ្នកឯទៀត ការមិនចុះសម្រុងគ្នាជាមួយនឹងគូអាពាហ៍ពិពាហ៍ កាមរោគ មានផ្ទៃពោះដោយមិនចង់បានកូន និងអារម្មណ៍ស្ដាយយ៉ាងខ្លាំងជាដើម។ ពួកគេក៏អាចស្លាប់ទៀតផង។ (សូមអាន កាឡាទី ៦:៧, ៨) យើងមិនគួរចាប់ផ្ដើមដើរផ្លូវមួយដែលនាំឲ្យជួបតែទុក្ខវេទនាទេ មែនទេ? ប៉ុន្តែគួរឲ្យស្ដាយណាស់ មនុស្សជាច្រើនមិនគិតវែងឆ្ងាយដូច្នេះទេ ពេលដែលពួកគេចាប់ផ្ដើមដើរផ្លូវខុស។ តើពួកគេចាប់ផ្ដើមដើរផ្លូវខុសយ៉ាងដូចម្ដេច? ច្រើនដង គឺដោយមើលរូបអាសអាភាស។
ការមើលរូបអាសអាភាសជាដំណាក់កាលដំបូង
៩. តើមនុស្សនិយាយត្រឹមត្រូវឬទេ ពេលប្រាប់ថារូបអាសអាភាសពុំអាចបង្កគ្រោះថ្នាក់នោះ? សូមពន្យល់។
៩ នៅពាសពេញប្រទេសជាច្រើនសព្វថ្ងៃនេះ មានរូបភាព អត្ថបទ និងសូរសំឡេងដែលបានត្រូវផលិតដើម្បីធ្វើឲ្យមនុស្សមានអារម្មណ៍ស្រើបស្រាល។ អ្វីៗទាំងនោះមានតាំងពីរូបភាពដែលបង្ហាញអំពីបុគ្គលម្នាក់មានឥរិយាបថដែលធ្វើឲ្យស្រើបស្រាល រហូតដល់រូបដែលបង្ហាញឈុតរួមភេទដ៏ថោកទាបរវាងមនុស្សពីរនាក់ឬច្រើននាក់។ គេដាក់បង្ហាញអ្វីៗបែបនេះនៅកន្លែងលក់សៀវភៅ និងតាមកញ្ចក់ទូរទស្សន៍។ ប្រព័ន្ធអ៊ីនធឺណិតគឺពោរពេញទៅដោយអ្វីៗបែបនេះ ហើយបទភ្លេងនិងចម្រៀងក៏មានអ្វីៗបែបនេះដែរ។ តើនេះជាអ្វីដែលពុំបង្កគ្រោះថ្នាក់ដូចមនុស្សខ្លះនិយាយឬ? មិនមែនដូច្នេះទេ! អ្នកដែលមើលរូបអាសអាភាសអាចទៅជាអ្នកដែលមានទម្លាប់ស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនដើម្បីបំពេញចំណង់ផ្លូវភេទ ហើយអាចចិញ្ចឹមនូវ«ចំណង់ដ៏គួរស្អប់ខ្ពើមខាងផ្លូវភេទ» ដែលអាចនាំឲ្យញៀនការរួមភេទ មានសេចក្ដីប៉ងប្រាថ្នាខុសពីធម្មតា នាំឲ្យមិនចុះសម្រុងគ្នាជាមួយនឹងគូអាពាហ៍ពិពាហ៍ ហើយរហូតដល់លែងលះគ្នាទៀតផង។c (រ៉ូម ១:២៤-២៧; អេភេសូរ ៤:១៩) អ្នកស្រាវជ្រាវម្នាក់បានប្រដូចការញៀនរួមភេទទៅនឹងមហារីក។ គាត់ប្រាប់ថា៖ «អារម្មណ៍ញៀននោះគឺកាន់តែខ្លាំងឡើងៗជានិច្ច ហើយវាកម្រថយចុះណាស់។ អារម្មណ៍ញៀននោះក៏ពិបាកព្យាបាលឲ្យជាដែរ»។
១០. តើយើងអាចធ្វើតាមគោលការណ៍នៅយ៉ាកុប ១:១៤, ១៥យ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា «របៀបដែលខ្ញុំទទួលបានកម្លាំងចិត្តដើម្បីមានរបៀបរស់នៅដ៏ស្អាតស្អំ»)
១០ សូមគិតអំពីពាក្យនៅយ៉ាកុប ១:១៤, ១៥ដែលថា៖ «មនុស្សទាំងអស់ត្រូវល្បងលដោយសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញនិងល្បួងលួងលោម។ រួចមក ពេលដែលសេចក្ដីប៉ងប្រាថ្នានោះចាប់មានគភ៌ នោះក៏សម្រាលចេញជាអំពើខុសឆ្គង កាលណាអំពើខុសឆ្គងបានសម្រេចហើយ នោះនាំឲ្យស្លាប់»។ ដូច្នេះ បើអ្នកចាប់ផ្ដើមមានសេចក្ដីប៉ងប្រាថ្នាអាក្រក់ណាមួយ ចូរបំបាត់វាចេញភ្លាម! ជាឧទាហរណ៍ បើអ្នកឃើញដោយចៃដន្យនូវរូបភាពណាមួយដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រើបស្រាល ចូរបែរចេញ ឬបិទកុំព្យូទ័រ ឬមួយដូរប៉ុស្តិ៍។ ចូរធ្វើអ្វីក៏ដោយដែលចាំបាច់ដើម្បីកុំឲ្យចាញ់សេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌ មុនដែលសេចក្ដីប៉ងប្រាថ្នានោះទៅជាខ្លាំងពេកហើយឈ្នះអ្នក!—សូមអាន ម៉ាថាយ ៥:២៩, ៣០
១១. ពេលដែលខំតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាអាក្រក់ តើយើងអាចបង្ហាញថាយើងទុកចិត្តព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១១ ព្រះស្គាល់យើងច្បាស់ជាងយើងស្គាល់ខ្លួនយើងទៅទៀត ដូច្នេះលោកមានមូលហេតុត្រឹមត្រូវពេលដាស់តឿនយើងថា៖ «ចូររម្ងាប់ភាពទោរទន់ដែលមាននៅក្នុងអវយវៈរូបកាយរបស់អ្នករាល់គ្នា គឺភាពទោរទន់ទៅរកអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក តម្រេក សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងការច្រណែនចង់បានរបស់អ្នកដទៃ ដែលទុកដូចជាការគោរពបូជារូបព្រះ»។ (កូឡុស ៣:៥) ការធ្វើដូច្នេះប្រហែលជាពិបាកណាស់។ ប៉ុន្តែសូមចាំថាយើងអាចសុំជំនួយពីបិតារបស់យើងនៅស្ថានសួគ៌ដែលស្រឡាញ់ ហើយមានចិត្តអត់ធ្មត់ចំពោះយើង។ (ទំនុកតម្កើង ៦៨:១៩) ដូច្នេះ ចូរឆាប់សុំជំនួយពីលោកពេលគំនិតស្មោកគ្រោកចូលក្នុងគំនិតអ្នក។ ចូរអធិដ្ឋានសុំ«ឫទ្ធានុភាពដែលលើសពីធម្មតា» ហើយបង្ខំខ្លួនឲ្យគិតអំពីរឿងផ្សេងទៀត (សូមមើលប្រអប់ដែលមានចំណងជើងថា «តើខ្ញុំអាចផ្ដាច់ទម្លាប់អាក្រក់យ៉ាងដូចម្ដេច?»)។—កូរិនថូសទី២ ៤:៧; កូរិនថូសទី១ ៩:២៧
១២. តើ«ចិត្ត»របស់យើងជាអ្វី? ហើយហេតុអ្វីបានជាយើងត្រូវតែការពារចិត្តរបស់យើង?
១២ សាឡូម៉ូនដែលជាអ្នកប្រាជ្ញម្នាក់ធ្លាប់សរសេរថា៖ «ចូររក្សាចិត្តដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក»។ (សុភាសិត ៤:២៣) «ចិត្ត»សំដៅទៅលើធាតុពិតរបស់យើងតាមទស្សនៈរបស់ព្រះ។ ម្យ៉ាងទៀត យើងទទួលឬមិនទទួលជីវិតជារៀងរហូតអាស្រ័យទៅលើទស្សនៈរបស់ព្រះចំពោះ«ចិត្ត»របស់យើង មិនមែនទស្សនៈដែលអ្នកឯទៀតមានចំពោះយើងទេ។ ចំណុចនេះច្បាស់ហើយស្រួលយល់។ មិនត្រឹមតែប៉ុណ្ណោះទេ នេះក៏ជារឿងស្លាប់រស់ដែរ។ យ៉ូបដែលជាបុរសស្មោះត្រង់នឹងព្រះ បានតាំងសញ្ញាឬធ្វើកិច្ចព្រមព្រៀងជាមួយនឹងភ្នែករបស់គាត់ កុំឲ្យមើលស្ត្រីក្នុងបំណងមិនត្រឹមត្រូវ។ (យ៉ូប ៣១:១) នេះជាគំរូល្អណាស់សម្រាប់យើង! ដោយមានគំនិតដូចគ្នានោះ អ្នកតែងទំនុកតម្កើងធ្លាប់អធិដ្ឋានថា៖ «សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍»។—ទំនុកតម្កើង ១១៩:៣៧
ឌីណាសម្រេចចិត្តមិនត្រឹមត្រូវ
១៣. តើឌីណាជាអ្នកណា? ហើយហេតុអ្វីយើងអាចនិយាយថានាងជ្រើសរើសមិត្តភក្ដិមិនត្រឹមត្រូវ?
១៣ យើងបានរៀនក្នុងជំពូកទី៣ថាមិត្តភក្ដិរបស់យើងអាចមានឥទ្ធិពលខ្លាំងមកលើយើង គឺឥទ្ធិពលល្អឬឥទ្ធិពលអាក្រក់។ (សុភាសិត ១៣:២០; សូមអាន កូរិនថូសទី១ ១៥:៣៣) សូមគិតអំពីគំរូរបស់ឌីណា ជាកូនរបស់យ៉ាកុប។ ទោះជាឌីណាបានត្រូវចិញ្ចឹមអប់រំយ៉ាងល្អក៏ដោយ នាងបានធ្វើការសម្រេចចិត្តមិនត្រឹមត្រូវដោយយកស្ត្រីជនជាតិកាណានធ្វើជាមិត្តភក្ដិ។ ដូចជនជាតិម៉ូអាប់ដែរ ជនជាតិកាណានល្បីឈ្មោះថាជាអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (លេវីវិន័យ ១៨:៦-២៥) តាមទស្សនៈរបស់ពួកបុរសជនជាតិកាណាន រួមទាំងស៊ីគែមដែលជា«មនុស្សដែលគេរាប់អានលើសជាងទាំងអស់»នៅក្នុងពួកដំណាក់បិតា ឌីណាមើលទៅដូចជាស្ត្រីដែលនឹងពេញចិត្តប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយនឹងពួកគេ។—លោកុប្បត្តិ ៣៤:១៨, ១៩
១៤. ដោយសារឌីណាមិនបានជ្រើសរើសមិត្តភក្ដិឲ្យបានត្រឹមត្រូវ តើនេះនាំឲ្យមានរឿងខ្លោចផ្សាយ៉ាងដូចម្ដេច?
១៤ ពេលដែលឌីណាឃើញស៊ីគែម នាងប្រហែលជាពុំបានគិតអំពីការរួមភេទទេ។ ក៏ប៉ុន្តែចំណែកស៊ីគែមវិញ គាត់បានធ្វើអ្វីដែលជនជាតិកាណានភាគច្រើនចាត់ទុកជាទង្វើធម្មតារបស់មនុស្សដែលមានតម្រេកខាងផ្លូវភេទ។ នៅពេលនោះ ទោះជាឌីណាខំបដិសេធយ៉ាងណាក៏ដោយ គឺគ្មានប្រយោជន៍ទេ ពីព្រោះស៊ីគែមបាន«នាំយក»នាង«ទៅដេកបង្ខូច»។ តាមមើលទៅ ក្រោយមកស៊ីគែម«ប្រតិព័ទ្ធ»ស្រឡាញ់ឌីណា ប៉ុន្តែនោះមិនអាចទូទាត់ជម្រះអ្វីដែលគាត់បានធ្វើចំពោះនាងឡើយ។ (សូមអាន លោកុប្បត្តិ ៣៤:១-៤) មិនមែនតែឌីណាប៉ុណ្ណោះទេដែលបានរងទុក្ខដោយសារអំពើនោះ។ ដោយសារនាងមិនបានជ្រើសរើសមិត្តភក្ដិឲ្យបានត្រឹមត្រូវ នោះបណ្ដាលឲ្យមានរឿងថែមទៀតកើតឡើងដែលនាំឲ្យខូចកិត្ដិយសក្រុមគ្រួសាររបស់នាងទាំងមូល។—លោកុប្បត្តិ ៣៤:៧, ២៥-៣១; កាឡាទី ៦:៧, ៨
១៥, ១៦. តើយើងអាចបានប្រាជ្ញាដ៏ពិតប្រាកដពីកន្លែងណា? (សូមមើលប្រអប់ដែលមានចំណងជើងថា «បទគម្ពីរសម្រាប់រំពឹងគិត»)
១៥ បើឌីណាបានទាញយកមេរៀនពីអ្វីដែលកើតឡើង នោះគឺក្រោយពេលដែលនាងបានឆ្លងកាត់បទពិសោធន៍ល្វីងជូរចត់រួចហើយ។ អ្នកដែលស្រឡាញ់ ហើយស្ដាប់បង្គាប់ព្រះយេហូវ៉ាមិនចាំបាច់រៀនដោយឆ្លងកាត់បទពិសោធន៍អាក្រក់ឡើយ។ ដោយសារពួកគេស្ដាប់ព្រះ ពួកគេសម្រេចចិត្ត«ដើរជាមួយនឹងមនុស្សប្រាជ្ញ»។ (សុភាសិត ១៣:២០ក) យ៉ាងនេះ ពួកគេចាប់ផ្ដើមយល់«គ្រប់ទាំងផ្លូវល្អ» ហើយជៀសវាងពីបញ្ហានិងទុក្ខលំបាកដ៏មិនចាំបាច់។—សុភាសិត ២:៦-៩; ទំនុកតម្កើង ១:១-៣
១៦ អស់អ្នកដែលចង់បានប្រាជ្ញាពីព្រះអាចទទួលបាន បើពួកគេរកប្រាជ្ញានោះដោយព្យាយាមអធិដ្ឋានជានិច្ច ហើយសិក្សាជាទៀងទាត់នូវបណ្ដាំរបស់លោកនិងព័ត៌មានផ្សេងៗដែលខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាផ្ដល់ឲ្យ។ (ម៉ាថាយ ២៤:៤៥; យ៉ាកុប ១:៥) ពួកគេក៏ត្រូវមានចិត្តរាបទាបដែរ ហើយបង្ហាញចិត្តរាបទាបនោះដោយព្រមធ្វើតាមឱវាទក្នុងគម្ពីរ។ (ពង្សាវតារក្សត្រទី២ ២២:១៨, ១៩) ជាឧទាហរណ៍ គ្រិស្តសាសនិកម្នាក់ប្រហែលជាទទួលស្គាល់ចំណុចដែលថា ចិត្តរបស់គាត់អាចធ្វើជាគ្រឿងបញ្ឆោត ហើយក៏អាក្រក់ហួសល្បត់ដែរ។ (យេរេមា ១៧:៩) ប៉ុន្តែពេលគាត់ប្រព្រឹត្តមិនត្រឹមត្រូវ តើគាត់សុខចិត្តទទួលឱវាទចំៗនិងជំនួយដែលអ្នកឯទៀតផ្ដល់ឲ្យដោយសេចក្ដីស្រឡាញ់ឬទេ?
១៧. សូមរៀបរាប់អំពីស្ថានភាពមួយដែលអាចកើតឡើងក្នុងក្រុមគ្រួសារ ហើយបញ្ជាក់អំពីរបៀបដែលឪពុកអាចវែកញែកជាមួយនឹងកូនស្រីអំពីរឿងនោះ។
១៧ សូមស្រមៃគិតអំពីឪពុកម្នាក់ដែលមិនព្រមឲ្យកូនស្រីដើរលេងជាមួយនឹងយុវបុរសគ្រិស្តសាសនិកម្នាក់ បើគ្មានអ្នកណាទៅជាមួយនឹងពួកគេទេ។ កូនស្រីឆ្លើយថា៖ «ហេតុអ្វីប៉ា? ប៉ាមិនទុកចិត្តខ្ញុំទេឬ? យើងនឹងមិនធ្វើអ្វីខុសទេ!»។ នាងប្រហែលជាស្រឡាញ់ព្រះយេហូវ៉ា ហើយមានបំណងចិត្តល្អបំផុត ប៉ុន្តែបើនាងគិតដូច្នេះ តើនាងកំពុង«ប្រព្រឹត្តដោយប្រាជ្ញា[ពីព្រះ]»ឬទេ? តើនាងកំពុង«រត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»ឬទេ? ឬតើនាងកំពុងបង្ហាញគំនិតល្ងីល្ងើដោយ«ទីពឹងតែចិត្តខ្លួន»វិញ? (សុភាសិត ២៨:២៦) ប្រហែលជាអ្នកអាចនឹកឃើញគោលការណ៍ឯទៀតដែលឪពុកនិងកូនស្រីបែបនេះអាចយកមកពិចារណា។—សូមមើល សុភាសិត ២២:៣; ម៉ាថាយ ៦:១៣; ២៦:៤១
យ៉ូសែបបានរត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ
១៨, ១៩. តើយ៉ូសែបជួបនឹងសេចក្ដីល្បួងអ្វី? ហើយតើគាត់ប្រព្រឹត្តយ៉ាងណា?
១៨ យ៉ូសែបជាប្អូនប្រុសម្នាក់របស់ឌីណាដែលមានឪពុកតែមួយម្ដាយទីទៃ។ យ៉ូសែបជាយុវជនល្អដែលបានស្រឡាញ់ព្រះ ហើយរត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (លោកុប្បត្តិ ៣០:២០-២៤) យ៉ូសែបធ្លាប់ឃើញដោយផ្ទាល់ភ្នែកនូវផលអាក្រក់ដែលមកពីការប្រព្រឹត្តដោយឥតពិចារណារបស់ឌីណា។ ច្រើនឆ្នាំក្រោយមក សេចក្ដីនឹកចាំនេះព្រមទាំងចិត្តចង់រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ បានការពារយ៉ូសែបពេលដែលគាត់នៅស្រុកអេស៊ីប ហើយប្រពន្ធរបស់ចៅហ្វាយគាត់ខំល្បួងលួងលោមគាត់«រាល់ថ្ងៃ»ឲ្យដេកជាមួយនឹងនាង។ ដោយសារយ៉ូសែបជាខ្ញុំបម្រើ គាត់មិនអាចលាលែងពីការងារតាមចិត្តគាត់បានទេ! គាត់ត្រូវប្រព្រឹត្តដោយក្លាហាន ហើយប្រើប្រាជ្ញាដើម្បីដោះស្រាយបញ្ហានោះ។ គាត់បានធ្វើដូច្នេះដោយប្រាប់ប្រពន្ធរបស់ប៉ូទីផារថាគាត់មិនព្រមទេ ហើយនៅទីបំផុតគាត់រត់ចេញពីនាង។—សូមអាន លោកុប្បត្តិ ៣៩:៧-១២
១៩ ឧបមាថាយ៉ូសែបធ្លាប់ដេកគិតអំពីប្រពន្ធរបស់ប៉ូទីផារដើម្បីធ្វើឲ្យខ្លួនមានអារម្មណ៍ស្រើបស្រាល ឬចេះតែគិតមមៃអំពីការរួមភេទ តើគាត់នឹងអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះឬទេ? គាត់ទំនងជាមិនអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈបានទេ។ ជាជាងដេកគិតអំពីអំពើខុសឆ្គង យ៉ូសែបបានចាត់ទុកថាចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាមានតម្លៃវិសេស។ អ្វីដែលគាត់និយាយទៅកាន់ប្រពន្ធរបស់ប៉ូទីផារបញ្ជាក់ចំណុចនោះ។ យ៉ូសែបធ្លាប់និយាយថា៖ «ចៅហ្វាយខ្ញុំ . . . មិនបានហួងទុករបស់ណាមួយនឹងខ្ញុំ . . . លើកតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក ដូច្នេះ ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង»។—លោកុប្បត្តិ ៣៩:៨, ៩
២០. តើព្រះយេហូវ៉ាបានបណ្ដាលឲ្យអ្វីខ្លះកើតឡើងក្នុងករណីរបស់យ៉ូសែប?
២០ សូមនឹកគិតថាព្រះយេហូវ៉ារីករាយយ៉ាងណា ពេលលោកឃើញយ៉ូសែបដែលនៅក្មេងហើយនៅឆ្ងាយពីក្រុមគ្រួសារ បានរក្សាចិត្តស្មោះគ្រប់លក្ខណៈជារៀងរាល់ថ្ងៃ។ (សុភាសិត ២៧:១១) នៅពេលក្រោយមក ព្រះយេហូវ៉ាបានបណ្ដាលឲ្យគេដោះលែងយ៉ូសែបពីគុក ហើយតែងតាំងគាត់ជានាយករដ្ឋមន្ត្រីរបស់ស្រុកអេស៊ីប និងជាអ្នកគ្រប់គ្រងស្បៀងអាហាររបស់ស្រុកអេស៊ីបទៀត! (លោកុប្បត្តិ ៤១:៣៩-៤៩) ពាក្យនៅទំនុកតម្កើង ៩៧:១០ពិតជាត្រឹមត្រូវមែន ដែលថា៖ «ឱពួកអ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ! ចូរស្អប់ការអាក្រក់ចុះ ទ្រង់ទំនុកបំរុងព្រលឹងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ ក៏ជួយគេឲ្យរួចពីកណ្ដាប់ដៃនៃពួកមនុស្សអាក្រក់»។
២១. តើប្អូនប្រុសម្នាក់នៅទ្វីបអាហ្វ្រិកបានកាន់ខ្ជាប់តាមសីលធម៌ដោយចិត្តក្លាហានយ៉ាងដូចម្ដេច?
២១ ដូចគ្នាដែរសព្វថ្ងៃនេះ អ្នកបម្រើជាច្រើននាក់របស់ព្រះយេហូវ៉ាបង្ហាញថាពួកគេ«ស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ»។ (អេម៉ុស ៥:១៥) ប្អូនប្រុសម្នាក់នៅទ្វីបអាហ្វ្រិកនឹកឃើញថា សិស្សស្រីរួមថ្នាក់ម្នាក់បានប្រាប់ដោយឥតអៀនខ្មាសថានាងសុខចិត្តរួមភេទជាមួយនឹងគាត់ បើគាត់ជួយនាងពេលប្រឡងគណិតវិទ្យា។ ប្អូនប្រុសនោះប្រាប់ថា៖ «ខ្ញុំបានបដិសេធការស្នើសុំរបស់គាត់ភ្លាមៗ។ ដោយសារខ្ញុំបានរក្សាចិត្តស្មោះគ្រប់លក្ខណៈ នោះខ្ញុំមិនបាត់បង់នូវសេចក្ដីថ្លៃថ្នូររបស់ខ្លួនឬតម្លៃខ្លួនទេ ហើយនោះមានតម្លៃជាងមាសនិងប្រាក់»។ ពិតមែនតែអំពើខុសឆ្គងអាចនាំឲ្យ«សប្បាយមួយរយៈពេលខ្លី» ប៉ុន្តែការសប្បាយតែមួយភ្លែតដូច្នេះច្រើនតែនាំឲ្យឈឺចាប់ក្រោយមក។ (ហេប្រឺ ១១:២៥) ម្យ៉ាងទៀត ការសប្បាយដែលមកពីអំពើខុសឆ្គងពុំអាចប្រៀបស្មើនឹងសុភមង្គលដែលស្ថិតស្ថេរជានិច្ច ដែលមកពីការស្ដាប់បង្គាប់ព្រះយេហូវ៉ាឡើយ។—សុភាសិត ១០:២២
ចូរទទួលជំនួយពីព្រះនៃសេចក្ដីមេត្ដាករុណា
២២, ២៣. (ក) បើគ្រិស្តសាសនិកម្នាក់ប្រព្រឹត្តអំពើខុសធ្ងន់ ហេតុអ្វីស្ថានភាពរបស់គាត់មិនគួរឲ្យអស់សង្ឃឹម? (ខ) តើអ្នកដែលបានប្រព្រឹត្តអំពើខុសឆ្គងអាចទទួលជំនួយបែបណា?
២២ ដោយសារយើងមានភាពខុសឆ្គង យើងត្រូវខំប្រឹងព្យាយាមយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់យើង ហើយធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះ។ (រ៉ូម ៧:២១-២៥) ព្រះយេហូវ៉ាជ្រាបអំពីចំណុចនេះ ព្រោះលោក«នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ (ទំនុកតម្កើង ១០៣:១៤) ប៉ុន្តែជួនកាលគ្រិស្តសាសនិកប្រហែលជាប្រព្រឹត្តអំពើខុសធ្ងន់។ តើស្ថានភាពរបស់គាត់គួរឲ្យអស់សង្ឃឹមឬទេ? មិនគួរអស់សង្ឃឹមសោះ! ពិតមែនតែអ្នកដែលប្រព្រឹត្តខុសនោះប្រហែលជាទទួលផលដ៏ល្វីងជូរចត់ដូចដាវីឌបានទទួល ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ ព្រះ«បំរុងតែនឹងអត់ទោស»ជានិច្ចឲ្យអស់អ្នកដែលពិបាកចិត្ត ហើយ«សារភាពការខុសឆ្គងរបស់ខ្លួនដោយចំហ»។—ទំនុកតម្កើង ៨៦:៥; យ៉ាកុប ៥:១៦; សូមអាន សុភាសិត ២៨:១៣
២៣ ម្យ៉ាងទៀត ព្រះបានបង្ហាញសេចក្ដីសប្បុរសដោយរៀបចំឲ្យក្រុមជំនុំគ្រិស្តសាសនិកមាន«អំណោយជាមនុស្ស» គឺជាគង្វាលមានភាពចាស់ទុំដែលជួយយើងរក្សាចំណងមិត្តភាពជាមួយនឹងព្រះ។ ពួកគាត់មានគុណសម្បត្ដិគ្រប់គ្រាន់ ហើយប្រុងប្រៀបផ្ដល់ជំនួយ។ (អេភេសូរ ៤:៨, ១២; យ៉ាកុប ៥:១៤, ១៥) គោលដៅរបស់ពួកគាត់គឺចង់ជួយអ្នកដែលប្រព្រឹត្តខុសឲ្យផ្សះផ្សាចំណងមិត្តភាពជាមួយនឹងព្រះឡើងវិញ ហើយបាន«យោបល់[ឬ«ការយល់ដឹង»]»ដើម្បីកុំធ្វើអំពើខុសឆ្គងនោះម្ដងទៀត។—សុភាសិត ១៥:៣២; ព.ថ.
ចូរព្យាយាមឲ្យបាន«ការយល់ដឹង»
២៤, ២៥. (ក) តើកំលោះដែលបានត្រូវរៀបរាប់នៅសុភាសិត ៧:៦-២៣បង្ហាញយ៉ាងដូចម្ដេចថាគាត់«គ្មានការយល់ដឹង»? (ខ) តើតាមរបៀបណាយើងអាចព្យាយាមឲ្យបាន«ការយល់ដឹង»?
២៤ គម្ពីររៀបរាប់អំពីមនុស្សដែល«ឥតយោបល់[ឬ«គ្មានការយល់ដឹង»]» ហើយរៀបរាប់អំពីអ្នកដែលបាន«ការយល់ដឹង»។ (សុភាសិត ៧:៧; ព.ថ.) ដោយសារអ្នកដែល«គ្មានការយល់ដឹង»ប្រហែលជាមិនយល់ច្បាស់អំពីខ្នាតតម្រារបស់ព្រះ ហើយខ្វះបទពិសោធន៍ក្នុងកិច្ចបម្រើព្រះ នោះគាត់ប្រហែលជាមិនមានសុភនិច្ឆ័យឡើយ។ ដូចកំលោះដែលបានត្រូវរៀបរាប់នៅសុភាសិត ៧:៦-២៣ អ្នកនោះប្រហែលជាងាយភ្លាត់ធ្វើអំពើខុសធ្ងន់។ ក៏ប៉ុន្តែ «អ្នកណាដែលបានប្រាជ្ញា[ឬ«ការយល់ដឹង»]» ពិនិត្យពិច័យធាតុពិតរបស់ខ្លួន ដោយអធិដ្ឋាននិងសិក្សាបណ្ដាំរបស់ព្រះជាទៀងទាត់។ ម្យ៉ាងទៀត គាត់ខំអស់ពីសមត្ថភាពរបស់គាត់ដែលជាមនុស្សមិនល្អឥតខ្ចោះ ដើម្បីមានគំនិត គោលដៅក្នុងជីវិត សេចក្ដីប៉ងប្រាថ្នា និងអារម្មណ៍ដែលព្រះពេញចិត្ត។ ដោយធ្វើដូច្នេះ គាត់‹ស្រឡាញ់ខ្លួន› ហើយនឹង«បានសេចក្ដីល្អ»។—សុភាសិត ១៩:៨; ព.ថ.
២៥ សូមសួរខ្លួនអ្នកថា‹តើខ្ញុំជឿជាក់ថាខ្នាតតម្រារបស់ព្រះគឺត្រឹមត្រូវឬទេ? តើខ្ញុំជឿស៊ប់ថាខ្ញុំនឹងមានសុភមង្គលច្រើនបំផុតឬទេ បើខ្ញុំកាន់ខ្ជាប់តាមខ្នាតតម្រាទាំងនោះ?›។ (ទំនុកតម្កើង ១៩:៧-១០; អេសាយ ៤៨:១៧, ១៨) បើអ្នកមានការសង្ស័យ សូម្បីតែបន្ដិចក៏ដោយ សូមព្យាយាមបំបាត់ការសង្ស័យនោះ។ សូមរំពឹងគិតអំពីផលអាក្រក់ដែលមកពីការមិនអើពើចំពោះច្បាប់របស់ព្រះ។ ម្យ៉ាងទៀត «សូមភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អ» ដោយរស់នៅឲ្យសមស្របតាមសេចក្ដីពិត ហើយដោយធ្វើឲ្យគំនិតរបស់អ្នកពេញទៅដោយគំនិតល្អៗ គឺអ្វីៗដែលពិត សុចរិត បរិសុទ្ធ គួរឲ្យស្រឡាញ់ និងប្រកបដោយគុណធម៌។ (ទំនុកតម្កើង ៣៤:៨; ភីលីព ៤:៨, ៩) ពេលដែលអ្នកធ្វើដូច្នេះកាន់តែច្រើន អ្នកប្រាកដជាកាន់តែស្រឡាញ់ព្រះ កាន់តែស្រឡាញ់អ្វីដែលលោកស្រឡាញ់ ហើយកាន់តែស្អប់អ្វីដែលលោកស្អប់។ យ៉ូសែបមិនមែនជាមនុស្សល្អឥតខ្ចោះទេ ប៉ុន្តែគាត់អាច«រត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ» ពីព្រោះគាត់ឲ្យព្រះយេហូវ៉ាអប់រំចិត្តគំនិតរបស់គាត់អស់ជាច្រើនឆ្នាំ ដើម្បីជួយគាត់បណ្ដុះឲ្យមានសេចក្ដីប៉ងប្រាថ្នាធ្វើអ្វីដែលព្រះពេញចិត្ត។ សូមឲ្យអ្នកធ្វើដូច្នេះដែរ។—អេសាយ ៦៤:៨
២៦. តើយើងនឹងរៀនអំពីប្រធានបទអ្វីក្រោយមក?
២៦ ព្រះដែលជាអ្នកបង្កើតយើង មិនបានបង្កើតអវយវៈបន្តពូជរបស់យើងជាសរីរាង្គសម្រាប់ធ្វើឲ្យមានអារម្មណ៍ស្រើបស្រាលប៉ុណ្ណោះទេ តែគឺដើម្បីផ្ដល់លទ្ធភាពឲ្យយើងបន្តពូជហើយមានភាពស្និទ្ធស្នាលក្នុងអាពាហ៍ពិពាហ៍។ (សុភាសិត ៥:១៨) ជំពូកបន្តបន្ទាប់ទាំងពីរនឹងពន្យល់ទស្សនៈរបស់ព្រះចំពោះអាពាហ៍ពិពាហ៍។
a តាមមើលទៅ ចំនួនមនុស្សដែលសៀវភៅជនគណនាចែងថាបានស្លាប់ គឺរាប់បញ្ចូល«ពួកមេ»នៃបណ្ដាជន ដែលពួកចៅហ្វាយបានប្រហារជីវិត គឺប្រហែល១.០០០នាក់ និងមនុស្សដែលព្រះយេហូវ៉ាបានប្រហារជីវិតដោយផ្ទាល់។—ជនគណនា ២៥:៤, ៥
b ដើម្បីអានសេចក្ដីពន្យល់អំពីអត្ថន័យនៃភាពស្មោកគ្រោកនិងការប្រព្រឹត្តដែលបំពានច្បាប់របស់ព្រះយ៉ាងធ្ងន់ធ្ងរដោយឥតកោតក្រែង (សូមមើល«សំណួរពីអ្នកអាន»ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០១១ បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា)។
c សេចក្ដីពន្យល់បន្ថែមដែលមានចំណងជើងថា «អ្នកអាចឈ្នះទម្លាប់បំពេញចំណង់ផ្លូវភេទតាមរបៀបមិនត្រឹមត្រូវ» បញ្ជាក់អំពីការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនដើម្បីបំពេញចំណង់ផ្លូវភេទ។