ជំពូកទី១៦
ចូរ«គូសសញ្ញាសម្គាល់លើថ្ងាសមនុស្ស»
គោលចំណុច: របៀបដែលមនុស្សស្មោះត្រង់នៅសម័យអេសេគាលទទួលសញ្ញាសម្គាល់ដើម្បីរួចរស់ជីវិត និងអត្ថន័យនៃការគូសសញ្ញាសម្គាល់នៅសម័យយើង
១-៣. (ក) ហេតុអ្វីអេសេគាលភ្ញាក់ផ្អើល? ហើយតើគាត់ដឹងអ្វីអំពីការបំផ្លាញក្រុងយេរូសាឡិម? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
អេសេគាលភ្ញាក់ផ្អើលជាខ្លាំង! គាត់ទើបតែឃើញក្នុងគំនិតនូវអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលពួកយូដាក្បត់ជំនឿកំពុងធ្វើនៅវិហារក្នុងក្រុងយេរូសាឡិម។a ពួកអ្នកបះបោរទាំងនោះបានធ្វើឲ្យវិហាររបស់ព្រះស្មោកគ្រោក។ វិហារនោះជាមណ្ឌលនៃការគោរពប្រណិប័តន៍ពិតនៅស្រុកអ៊ីស្រាអែល។ ពួកគេមិនគ្រាន់តែធ្វើឲ្យវិហាររបស់ព្រះស្មោកគ្រោកប៉ុណ្ណោះទេ តែធ្វើឲ្យស្រុកយូដាពេញទៅដោយអំពើឃោរឃៅរហូតដល់កែលែងឡើង។ អ្វីដែលរាស្ត្ររបស់ព្រះយេហូវ៉ាកំពុងធ្វើ បណ្ដាលឲ្យលោកខឹងយ៉ាងខ្លាំង។ ហេតុនេះ ព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ «ខ្ញុំនឹងបញ្ចេញកំហឹងរបស់ខ្ញុំ»។—អេគ. ៨:១៧, ១៨
២ អេសេគាលច្បាស់ជាឈឺចិត្តខ្លាំងណាស់ ពេលដឹងថាក្រុងយេរូសាឡិមនិងវិហារដែលធ្លាប់ពិសិដ្ឋ នឹងត្រូវបំផ្លាញចោល ដោយសារព្រះយេហូវ៉ាខឹងនឹងរាស្ត្រលោក ហើយលែងពេញចិត្តក្រុងនោះនិងវិហារនោះទៀត។ អេសេគាលច្បាស់ជាឆ្ងល់ថា‹ចុះអស់អ្នកស្មោះត្រង់នៅក្នុងក្រុងយ៉ាងណាទៅ? តើពួកគេនឹងរួចរស់ជីវិតឬទេ? បើរួចរស់ តើតាមរបៀបណា?›។ អេសេគាលមិនចាំបាច់រង់ចាំចម្លើយយូរទេ។ បន្ទាប់ពីគាត់បានឮការវិនិច្ឆ័យចំៗទៅលើក្រុងយេរូសាឡិម ភ្លាមនោះគាត់ឮសំឡេងយ៉ាងខ្លាំងហៅអ្នកប្រហារដែលធ្វើតាមការវិនិច្ឆ័យរបស់ព្រះឲ្យមក។ (អេគ. ៩:១) ក្នុងការបើកបង្ហាញ គាត់ក៏ឃើញថាការប្រហារនោះមិនមែនធ្វើទៅលើមនុស្សទាំងអស់នោះទេ។ នេះច្បាស់ជាសម្រាលទុក្ខគាត់។ ពិតមែនហើយ ពួកអ្នកដែលមានភក្ដីភាពចំពោះព្រះនឹងរួចរស់ជីវិត!
៣ កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែជិតមកដល់ យើងក៏ប្រហែលជាឆ្ងល់ថាអ្នកណានឹងរួចរស់ជីវិតនៅគ្រាដែលមានការបំផ្លាញដ៏ធំនៅថ្ងៃខាងមុខ។ ដូច្នេះ សូមឲ្យយើងពិចារណាសំណួរដូចតទៅ៖ (១) ក្នុងការបើកបង្ហាញនេះ តើអេសេគាលបានឃើញអ្វីបន្ទាប់មក? (២) តើតាមរបៀបណាការបើកបង្ហាញនេះបានកើតឡើងនៅសម័យគាត់? (៣) តើការបើកបង្ហាញនេះមានន័យយ៉ាងណានៅសម័យយើង?
«ចូរហៅពួកអ្នកដែលនឹងដាក់ទោស»
៤. សូមរៀបរាប់អំពីអ្វីដែលអេសេគាលបានឃើញនិងឮបន្ទាប់មកក្នុងការបើកបង្ហាញនេះ?
៤ ក្នុងការបើកបង្ហាញនេះ តើអេសេគាលបានឃើញនិងឮអ្វីបន្ទាប់មក? (សូមអាន អេសេគាល ៩:១-១១) មានបុរស៧នាក់ធ្វើដំណើរចូល«មកតាមខ្លោងទ្វារខាងលើដែលនៅប៉ែកខាងជើង»។ កន្លែងនេះប្រហែលនៅក្បែររូបព្រះនៃសេចក្ដីប្រច័ណ្ឌឬត្រង់កន្លែងដែលពួកស្ត្រីយំស្ដាយព្រះថាមូស។ (អេគ. ៨:៣, ១៤) បុរស៧នាក់នោះបានចូលទីធ្លាខាងក្នុងនៃវិហារ ហើយឈរនៅក្បែរទីបូជាដែលធ្វើពីស្ពាន់។ ប៉ុន្តែ ពួកគេមិនមែននៅទីនោះដើម្បីជូនគ្រឿងបូជាទេ ព្រោះព្រះលែងទទួលគ្រឿងបូជានៅវិហារនោះទៀតហើយ។ បុរស៦នាក់ក្នុងចំណោមពួកគេ«កាន់អាវុធសម្រាប់ប្រហារ»មកជាមួយដែរ។ រីឯបុរសទី៧វិញ ខុសប្លែកពីបុរស៦នាក់នោះ។ គាត់ស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់សាច់ល្អ ហើយមិនមានអាវុធនៅដៃទេ តែមាន«ប្រដាប់ប្រដាសរសេររបស់លេខាធិការ»ឬ«ប្រដាប់ដាក់ទឹកខ្មៅរបស់អ្នកចម្លងច្បាប់»ដូចកំណត់សម្គាល់បានចែង។
៥, ៦. តើយើងអាចសន្និដ្ឋានយ៉ាងណាចំពោះពួកអ្នកដែលទទួលសញ្ញាសម្គាល់? (សូមមើលរូបភាពនៅដើមអត្ថបទ)
៥ តើបុរសដែលមានប្រដាប់ដាក់ទឹកខ្មៅត្រូវធ្វើអ្វី? គាត់បានទទួលភារកិច្ចដ៏សំខាន់ពីព្រះយេហូវ៉ាផ្ទាល់។ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរដើរឲ្យសព្វក្នុងក្រុងយេរូសាឡិម ហើយគូសសញ្ញាសម្គាល់លើថ្ងាសមនុស្សណាដែលដកដង្ហើមធំនិងស្រែកថ្ងូរ ព្រោះតែអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលកំពុងកើតឡើងនៅក្នុងក្រុងនេះ»។ ភ្លាមនោះ អេសេគាលប្រហែលនឹកគិតដល់ជនជាតិអ៊ីស្រាអែលស្មោះត្រង់ដែលជាឪពុកម្ដាយ ដែលបានលាបឈាមនៅលើប្រអប់ទ្វារផ្ទះ ទុកជាសញ្ញាសម្គាល់ដើម្បីសង្គ្រោះកូនច្បងរបស់ខ្លួនពីការប្រហារ។ (ដច. ១២:៧, ២២, ២៣) ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញ តើសញ្ញាសម្គាល់នៅលើថ្ងាសដែលបុរសកាន់ប្រដាប់ដាក់ទឹកខ្មៅគូស មានគោលបំណងដូចគ្នាដែរឬ? តើអ្នកដែលមានសញ្ញាសម្គាល់នោះនឹងរួចជីវិតពេលក្រុងយេរូសាឡិមត្រូវបំផ្លាញឬ?
៦ យើងដឹងចម្លើយច្បាស់ពេលយើងគិតអំពីមូលដ្ឋាននៃការគូសសញ្ញាសម្គាល់។ សញ្ញាសម្គាល់នោះត្រូវគូសនៅលើថ្ងាសរបស់អស់អ្នកដែល«ដកដង្ហើមធំនិងស្រែកថ្ងូរ» ព្រោះតែអំពើដ៏គួរឲ្យស្អប់ខ្ពើមដែល«កំពុងកើតឡើងនៅក្នុងក្រុងនេះ»។ តើយើងអាចសន្និដ្ឋានយ៉ាងណាអំពីអស់អ្នកដែលមានសញ្ញាសម្គាល់នោះ? ចំណុចមួយ ពួកគេមិនគ្រាន់តែកើតទុក្ខយ៉ាងខ្លាំងដោយសារការគោរពបូជារូបព្រះនៅឯវិហារទេ តែពួកគេក៏កើតទុក្ខដោយសារអំពើឃោរឃៅ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងការខូចអាក្រក់ដែលមានពេញក្រុងយេរូសាឡិមផងដែរ។ (អេគ. ២២:៩-១២) បន្ថែមទៅទៀត ពួកគេទំនងជាមិនលាក់អារម្មណ៍របស់ខ្លួនទេ។ តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់ពួកអ្នកដែលមានចិត្តស្មោះ ច្បាស់ជាបង្ហាញថាពួកគេស្អប់ខ្ពើមអ្វីដែលកំពុងកើតឡើងនៅក្នុងស្រុក ព្រមទាំងបង្ហាញថាពួកគេមានភក្ដីភាពចំពោះការគោរពប្រណិប័តន៍ពិត។ ដោយសេចក្ដីមេត្តាករុណា ព្រះយេហូវ៉ានឹងទុកជីវិតឲ្យអ្នកទាំងនោះ។
៧, ៨. តើតាមរបៀបណាពួកបុរសដែលកាន់អាវុធសម្រាប់ប្រហារបំពេញភារកិច្ចរបស់ខ្លួន? ហើយតើទីបំផុតមានលទ្ធផលយ៉ាងណា?
៧ តើតាមរបៀបណាបុរសទាំង៦នាក់ដែលកាន់អាវុធសម្រាប់ប្រហារ បំពេញភារកិច្ចរបស់ខ្លួន? អេសេគាលបានឮបង្គាប់របស់ព្រះយេហូវ៉ាទៅកាន់ពួកគេថា ចូរទៅតាមបុរសដែលមានប្រដាប់ដាក់ទឹកខ្មៅ ហើយប្រហារមនុស្សទាំងអស់ លើកលែងតែអស់អ្នកដែលមានសញ្ញាសម្គាល់នៅលើថ្ងាស។ ព្រះយេហូវ៉ាបង្គាប់ថា៖ «អ្នករាល់គ្នាត្រូវចាប់ផ្ដើមប្រហារពីទីបរិសុទ្ធរបស់ខ្ញុំ»។ (អេគ. ៩:៦) ពួកបុរសទាំងនោះត្រូវចាប់ផ្ដើមប្រហារពីវិហារព្រះ ដែលជាទីតាំងដ៏សំខាន់ក្នុងក្រុងយេរូសាឡិម។ វិហារនោះលែងពិសិដ្ឋចំពោះព្រះយេហូវ៉ាទៀតហើយ។ មនុស្សមួយក្រុមដំបូងដែលបានត្រូវប្រហារគឺ«ពួកបុរសចាស់ទុំដែលនៅខាងមុខវិហារ»។ ពួកគេគឺជាបុរសចាស់ទុំ៧០នាក់នៃអ៊ីស្រាអែលដែលនៅក្នុងវិហារ ហើយកំពុងដុតគ្រឿងក្រអូបដល់ព្រះមិនពិត។—អេគ. ៨:១១, ១២; ៩:៦
៨ នៅទីបំផុត តើមានលទ្ធផលយ៉ាងណា? ពេលអេសេគាលកំពុងមើលនិងស្ដាប់ បុរសដែលមានប្រដាប់ដាក់ទឹកខ្មៅ មករាយការណ៍ដល់ព្រះយេហូវ៉ាថា៖ «ខ្ញុំបានធ្វើតាមដូចដែលលោកបានបង្គាប់ហើយ»។ (អេគ. ៩:១១) យើងទំនងជាឆ្ងល់ថា‹តើមានអ្វីកើតឡើងចំពោះអ្នកក្រុងយេរូសាឡិម? តើមានមនុស្សស្មោះត្រង់ណាម្នាក់បានរួចជីវិតពីការបំផ្លាញនេះទេ?›។
តើតាមរបៀបណាការបើកបង្ហាញនេះបានកើតឡើងនៅសម័យអេសេគាល?
៩, ១០. តើមនុស្សស្មោះត្រង់ដែលបានរួចជីវិតពីការបំផ្លាញក្រុងយេរូសាឡិមមានអ្នកណាខ្លះ? ហើយតើយើងអាចសន្និដ្ឋានយ៉ាងណាអំពីពួកគេ?
៩ សូមអាន ប្រវត្តិហេតុទី២ ៣៦:១៧-២០។ ទំនាយរបស់អេសេគាលបានកើតឡើងនៅឆ្នាំ៦០៧ មុនគ.ស. នៅពេលដែលទ័ពបាប៊ីឡូនបំផ្លាញក្រុងយេរូសាឡិមនិងវិហារនៅទីនោះ។ ពួកបាប៊ីឡូនប្រៀបដូចជា‹ពែងនៅក្នុងដៃព្រះយេហូវ៉ា›។ លោកប្រើពួកគេដើម្បីវិនិច្ឆ័យទោសអ្នកក្រុងយេរូសាឡិមដែលមិនស្មោះត្រង់។ (យេ. ៥១:៧) តើមនុស្សទាំងអស់បានត្រូវបំផ្លាញឬ? មិនមែនទេ។ ការបើកបង្ហាញដែលអេសេគាលបានឃើញ ប្រាប់ទុកជាមុនថាពួកបាប៊ីឡូននឹងមិនបំផ្លាញមនុស្សទាំងអស់ឡើយ។—ដក. ១៨:២២-៣៣; ២ពេ. ២:៩
១០ មនុស្សស្មោះត្រង់មួយចំនួនដែលបានរួចជីវិត រួមបញ្ចូលពួករេកាប អ៊ីបេតមេលេកជាជនជាតិអេត្យូពី យេរេមាជាអ្នកប្រកាសទំនាយ និងបារូកជាលេខាធិការរបស់គាត់។ (យេ. ៣៥:១-១៩; ៣៩:១៥-១៨; ៤៥:១-៥) តាមរយៈការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត យើងអាចសន្និដ្ឋានថាមនុស្សទាំងនោះច្បាស់ជា«ដកដង្ហើមធំនិងស្រែកថ្ងូរ ព្រោះតែអំពើដ៏គួរឲ្យស្អប់ខ្ពើម»ដែលកំពុងកើតឡើងនៅក្នុងក្រុងយេរូសាឡិម។ (អេគ. ៩:៤) មុនការបំផ្លាញក្រុងយេរូសាឡិម ពួកអ្នកទាំងនោះច្បាស់ជាបង្ហាញថាពួកគេស្អប់ខ្ពើមអំពើទុច្ចរិតយ៉ាងខ្លាំង ហើយបង្ហាញថាពួកគេមានភក្ដីភាពចំពោះការគោរពប្រណិប័តន៍ពិត។ ម្ល៉ោះហើយ ពួកគេអាចរួចរស់ជីវិត។
១១. តើបុរសដែលមានប្រដាប់ប្រដាសរសេររបស់លេខាធិការនិងបុរស៦នាក់ដែលកាន់អាវុធសម្រាប់ប្រហារតំណាងឲ្យអ្នកណា?
១១ តើពួកអ្នកស្មោះត្រង់បានទទួលសញ្ញាសម្គាល់សម្រាប់រួចរស់ជីវិតក្នុងន័យត្រង់ឬទេ? មិនមែនទេ។ ព្រោះគ្មានកំណត់ហេតុណាដែលបញ្ជាក់ថាអេសេគាលឬអ្នកប្រកាសទំនាយណាម្នាក់ បានដើរកាត់ក្រុងយេរូសាឡិម ហើយគូសសញ្ញាសម្គាល់នៅលើថ្ងាសរបស់ពួកអ្នកស្មោះត្រង់ឡើយ។ ដូច្នេះ តាមមើលទៅការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត បង្ហាញអំពីអ្វីដែលកើតឡើងនៅស្ថានសួគ៌ ហើយមនុស្សមើលមិនឃើញទេ។ បុរសដែលមានប្រដាប់ប្រដាសរសេររបស់លេខាធិការនិងពួកបុរស៦នាក់ដែលកាន់អាវុធសម្រាប់ប្រហារ តំណាងឲ្យបុគ្គលវិញ្ញាណស្មោះត្រង់របស់ព្រះយេហូវ៉ាដែលតែងតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ (ចសព. ១០៣:២០, ២១) ព្រះយេហូវ៉ាច្បាស់ជាប្រើទេវតារបស់លោកដើម្បីណែនាំឲ្យមានការវិនិច្ឆ័យទោសពួកអ្នកក្រុងយេរូសាឡិមដែលមិនស្មោះត្រង់។ ពួកទេវតាគូសសញ្ញាសម្គាល់នៅលើថ្ងាសពួកអ្នកដែលនឹងត្រូវសង្គ្រោះក្នុងន័យថាពួកទេវតាគ្រាន់តែប្រហារមនុស្សទុច្ចរិតប៉ុណ្ណោះ ហើយមិនប្រហារដោយមិនរើសមុខនោះទេ។
តើការបើកបង្ហាញដែលអេសេគាលបានឃើញមានន័យយ៉ាងណានៅសម័យយើង?
១២, ១៣. (ក) ហេតុអ្វីព្រះយេហូវ៉ាបញ្ចេញកំហឹងទៅលើក្រុងយេរូសាឡិម? ហើយហេតុអ្វីយើងគួររំពឹងថាលោកនឹងធ្វើដូចគ្នានៅសម័យយើង? (ខ) តើយេរូសាឡិមមិនស្មោះត្រង់តំណាងឲ្យពិភពគ្រិស្តសាសនាឬ? សូមពន្យល់។ (សូមមើលប្រអប់«តើពិភពគ្រិស្តសាសនាតំណាងដោយយេរូសាឡិមឬ?»)
១២ បន្តិចទៀត យើងនឹងឃើញការវិនិច្ឆ័យដ៏ធំពីព្រះដែលមិនធ្លាប់កើតឡើងពីមុន ពោលគឺ«ទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយនឹងមិនមានដូច្នោះទៀតឡើយ»។ (ម៉ាថ. ២៤:២១) កាលដែលយើងរង់ចាំព្រឹត្តិការណ៍ផ្ដាច់ព្រ័ត្រនោះ យើងចង់រកចម្លើយចំពោះសំណួរសំខាន់ៗដូចតទៅ៖ តើការបំផ្លាញនៅថ្ងៃខាងមុខមិនមែនធ្វើឡើងទៅលើមនុស្សទាំងអស់ឬ? តើអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ានឹងទទួលសញ្ញាសម្គាល់សម្រាប់រួចរស់ជីវិតឬ? តើការបើកបង្ហាញដែលអេសេគាលបានឃើញ អំពីបុរសដែលមានប្រដាប់ដាក់ទឹកខ្មៅបានកើតឡើងនៅសម័យយើងទេ? ចម្លើយចំពោះសំណួរទាំងបីនោះគឺមែន។ ហេតុអ្វីយើងអាចសន្និដ្ឋានដូច្នោះ? ដើម្បីរកចម្លើយ សូមឲ្យយើងពិនិត្យមើលម្ដងទៀតអំពីការបើកបង្ហាញដែលអេសេគាលបានឃើញ។
១៣ តើអ្នកចាំមូលហេតុដែលព្រះយេហូវ៉ាបញ្ចេញកំហឹងទៅលើក្រុងយេរូសាឡិមសម័យបុរាណទេ? សូមមើលអេសេគាល ៩:៨, ៩ ម្ដងទៀត។ (សូមអាន) ពេលអេសេគាលបារម្ភថាការបំផ្លាញដែលនឹងមកដល់ អាចនាំឲ្យ«ជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់»ត្រូវបំផ្លាញចោល នោះព្រះយេហូវ៉ាបានលើកឡើងមូលហេតុបួនយ៉ាងសម្រាប់ការវិនិច្ឆ័យនោះ។ ទី១ «កំហុសឆ្គង»របស់ប្រជាជាតិអ៊ីស្រាអែល គឺ«ធ្ងន់ធ្ងរណាស់»។b ទី២ ស្រុកយូដា«មានសុទ្ធតែការបង្ហូរឈាម»។ ទី៣ ក្រុងយេរូសាឡិមដែលជារាជធានីនៃរាជាណាចក្រយូដា មានពេញទៅដោយ«អំពើខូចអាក្រក់»។ ទី៤ បណ្ដាជនដោះសាចំពោះអំពើទុច្ចរិតរបស់ពួកគេដោយបញ្ឆោតខ្លួនថា ព្រះយេហូវ៉ា«មិនឃើញ»អំពើអាក្រក់របស់ពួកគេទេ។ ចំណុចទាំងបួននោះក៏អាចរៀបរាប់អំពីពិភពលោកនេះដែលពេញទៅដោយអំពើប្រាសចាកសីលធម៌ អំពើឃោរឃៅ ការខូចអាក្រក់ និងការខ្វះជំនឿលើព្រះ មែនទេ? ដោយសារព្រះយេហូវ៉ា«មិនប្រែប្រួល» អ្វីដែលធ្វើឲ្យលោកខឹងនៅសម័យអេសេគាល ក៏ធ្វើឲ្យលោកខឹងនៅសម័យយើងដែរ។ (យ៉ា. ១:១៧; ម៉ាឡ. ៣:៦) ហេតុនេះ យើងអាចរំពឹងថាពួកបុរស៦នាក់ដែលកាន់អាវុធសម្រាប់ប្រហារនិងបុរសដែលមានប្រដាប់ដាក់ទឹកខ្មៅ នឹងមានភារកិច្ចដែលពួកគេត្រូវធ្វើនៅសម័យយើងដែរ។
១៤, ១៥. តើមានឧទាហរណ៍អ្វីខ្លះដែលបង្ហាញថាព្រះយេហូវ៉ាព្រមានមនុស្សមុនការបំផ្លាញមកដល់?
១៤ តើតាមរបៀបណាការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិត បានកើតឡើងនៅសម័យយើង? បើយើងគិតអំពីរបៀបដែលការបើកបង្ហាញនោះបានកើតឡើងនៅអតីតកាល នោះយើងអាចដឹងអំពីអ្វីដែលកើតឡើងនៅឥឡូវនេះនិងនៅថ្ងៃអនាគត។ សូមយើងពិចារណាព្រឹត្តិការណ៍ខ្លះៗដែលយើងបានឃើញរួចហើយ ឬនឹងឃើញនៅថ្ងៃខាងមុខ ពេលដែលទំនាយអេសេគាលកើតឡើង។
១៥ ព្រះយេហូវ៉ាព្រមានមនុស្សមុនការបំផ្លាញមកដល់។ ដូចយើងបានរៀនក្នុងជំពូកទី១១នៃសៀវភៅនេះ ព្រះយេហូវ៉ាបានតែងតាំងអេសេគាល«ជាអ្នកចាំយាមសម្រាប់ពូជពង្សអ៊ីស្រាអែល»។ (អេគ. ៣:១៧-១៩) តាំងពីឆ្នាំ៦១៣ មុនគ.ស. អេសេគាលបានព្រមានប្រជាជាតិអ៊ីស្រាអែលចំៗអំពីការបំផ្លាញដែលនឹងមកដល់។ អ្នកប្រកាសទំនាយឯទៀត ដូចជាអេសាយនិងយេរេមា ក៏បានព្រមានអំពីអន្តរាយដែលនឹងធ្លាក់មកលើក្រុងយេរូសាឡិមដែរ។ (អេ. ៣៩:៦, ៧; យេ. ២៥:៨, ៩, ១១) នៅសម័យយើង តាមរយៈគ្រិស្ត ព្រះយេហូវ៉ាប្រើអ្នកបម្រើដែលលោកបានរើសតាំងមួយក្រុមតូច ឲ្យផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់ពួកអ្នកគោរពប្រណិប័តន៍លោកដែលជាខ្ញុំបម្រើឯទៀត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ត្រូវព្រមានអ្នកឯទៀតអំពីគ្រាទុក្ខវេទនាជាខ្លាំងដែលកំពុងមកយ៉ាងលឿន។—ម៉ាថ. ២៤:៤៥
១៦. តើរាស្ត្ររបស់ព្រះយេហូវ៉ាគូសសញ្ញាសម្គាល់នៅលើពួកអ្នកដែលនឹងរួចរស់ជីវិតឬទេ? សូមពន្យល់។
១៦ រាស្ត្ររបស់ព្រះយេហូវ៉ាមិនគូសសញ្ញាសម្គាល់នៅលើអស់អ្នកដែលនឹងរួចរស់ជីវិតទេ។ សូមចាំថាអេសេគាលមិនបានត្រូវបង្គាប់ឲ្យដើរកាត់ក្រុងយេរូសាឡិម ហើយគូសសញ្ញាសម្គាល់លើអ្នកឯទៀតដើម្បីឲ្យពួកគេបានរួចរស់ជីវិតនោះឡើយ។ ដូចគ្នាដែរ រាស្ត្ររបស់ព្រះយេហូវ៉ានៅសព្វថ្ងៃមិនបានត្រូវចាត់ឲ្យគូសសញ្ញាសម្គាល់លើអស់អ្នកដែលសមនឹងរួចរស់ជីវិតទេ។ ផ្ទុយទៅវិញ ក្នុងនាមជាខ្ញុំបម្រើឯទៀតនៃក្រុមគ្រួសាររបស់គ្រិស្ត យើងទទួលភារកិច្ចផ្សព្វផ្សាយ។ យើងបង្ហាញថាយើងបំពេញភារកិច្ចនេះយ៉ាងយកចិត្តទុកដាក់ ដោយផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះយ៉ាងខ្នះខ្នែង និងដោយខំព្រមានមនុស្សថាពិភពលោកដ៏ទុច្ចរិតនេះកាន់តែជិតមកដល់ទីបញ្ចប់ហើយ។ (ម៉ាថ. ២៤:១៤; ២៨:១៨-២០) ហេតុនេះ យើងរួមចំណែកក្នុងការជួយមនុស្សដែលមានចិត្តស្មោះឲ្យទទួលយកការគោរពប្រណិប័តន៍ពិត។—១ធី. ៤:១៦
១៧. តើមនុស្សម្នាក់ៗត្រូវធ្វើអ្វីនៅឥឡូវនេះដើម្បីទទួលសញ្ញាសម្គាល់នៅថ្ងៃអនាគត?
១៧ ដើម្បីរួចរស់ជីវិតពីការបំផ្លាញដែលនឹងមកដល់ មនុស្សម្នាក់ៗត្រូវបង្ហាញថាពួកគេមានជំនឿនៅឥឡូវនេះ។ ដូចយើងរៀននៅខាងដើម អស់អ្នកដែលរួចរស់ជីវិតពីការបំផ្លាញក្រុងយេរូសាឡិមនៅឆ្នាំ៦០៧ មុនគ.ស. បានបង្ហាញជាមុនថាពួកគេស្អប់ខ្ពើមអំពើទុច្ចរិតជាខ្លាំង ហើយពួកគេមានភក្ដីភាពចំពោះការគោរពប្រណិប័តន៍ពិត។ សព្វថ្ងៃនេះ ក៏ដូចគ្នាដែរ។ មុនការបំផ្លាញមកដល់ មនុស្សម្នាក់ៗត្រូវ«ដកដង្ហើមធំនិងស្រែកថ្ងូរ» ពោលគឺកើតទុក្ខក្នុងចិត្តយ៉ាងខ្លាំង ចំពោះអំពើទុច្ចរិតក្នុងពិភពលោកនេះ។ ពួកគេមិនត្រូវលាក់អារម្មណ៍របស់ខ្លួនទេ តែតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត ពួកគេបង្ហាញថាខ្លួនមានភក្ដីភាពចំពោះការគោរពប្រណិប័តន៍ពិត។ តើពួកគេធ្វើដូច្នេះយ៉ាងដូចម្ដេច? ពួកគេត្រូវពេញចិត្តធ្វើដូចតទៅ គឺព្រមទទួលដំណឹងល្អដែលរាស្ត្រព្រះផ្សព្វផ្សាយ បន្តបំពាក់បុគ្គលិកលក្ខណៈដូចគ្រិស្ត ប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងទទួលការជ្រមុជទឹក ព្រមទាំងគាំទ្របងប្អូនរបស់គ្រិស្តយ៉ាងស្មោះត្រង់។ (អេគ. ៩:៤; ម៉ាថ. ២៥:៣៤-៤០; អេភ. ៤:២២-២៤; ១ពេ. ៣:២១) មានតែអស់អ្នកដែលមានគន្លងជីវិតបែបនេះ និងអស់អ្នកដែលចូលក្នុងគ្រាទុក្ខវេទនាជាខ្លាំងក្នុងនាមជាអ្នកគោរពប្រណិប័តន៍ពិតប៉ុណ្ណោះ ទើបអាចទទួលសញ្ញាសម្គាល់ដើម្បីរួចរស់ជីវិត។
១៨. (ក) តើនៅពេលណាលោកយេស៊ូគ្រិស្តនឹងគូសសញ្ញាសម្គាល់លើពួកអ្នកស្មោះត្រង់? ហើយតើតាមរបៀបណា? (ខ) តើពួកអ្នកស្មោះត្រង់ដែលព្រះបានរើសតាំងត្រូវទទួលសញ្ញាសម្គាល់ដែរឬទេ? សូមពន្យល់។
១៨ ការគូសសញ្ញាសម្គាល់លើអស់អ្នកស្មោះត្រង់នឹងត្រូវធ្វើឡើងពីស្ថានសួគ៌។ នៅសម័យអេសេគាល ពួកទេវតាមានតួនាទីគូសសញ្ញាសម្គាល់លើអស់អ្នកស្មោះត្រង់ដែលនឹងរួចរស់ជីវិត។ ស្ដីអំពីការសម្រេចទំនាយអេសេគាលនៅសម័យយើង បុរសដែលមានប្រដាប់ប្រដាសរសេររបស់លេខាធិការតំណាងឲ្យលោកយេស៊ូគ្រិស្ត ពេលលោក«មកប្រកបដោយសិរីរុងរឿង»ក្នុងនាមជាចៅក្រមនៃប្រជាជាតិទាំងឡាយ។ (ម៉ាថ. ២៥:៣១-៣៣) លោកយេស៊ូនឹងមកក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង គឺក្រោយការបំផ្លាញសាសនាមិនពិត។c នៅគ្រាដ៏សំខាន់នោះ បន្តិចមុនសង្គ្រាមអាម៉ាគេដូនចាប់ផ្ដើម លោកយេស៊ូនឹងវិនិច្ឆ័យមនុស្សថាជាចៀមឬពពែ។ «មនុស្សមួយក្រុមធំ»នឹងត្រូវវិនិច្ឆ័យឬទទួលសញ្ញាសម្គាល់ថាជាចៀម នេះបញ្ជាក់ថាពួកគេនឹង«ទទួល . . . ជីវិតដែលគ្មានទីបញ្ចប់»។ (បប. ៧:៩-១៤; ម៉ាថ. ២៥:៣៤-៤០, ៤៦) ចុះយ៉ាងណាពួកអ្នករើសតាំងដែលស្មោះត្រង់? ពួកគេមិនចាំបាច់ទទួលសញ្ញាសម្គាល់ដើម្បីរួចជីវិតពីសង្គ្រាមអាម៉ាគេដូនទេ។ ផ្ទុយទៅវិញ ពួកគេនឹងទទួលការបោះត្រាចុងក្រោយមុនពួកគេស្លាប់ ឬមុនគ្រាទុក្ខវេទនាជាខ្លាំងផ្ទុះឡើង។ បន្ទាប់មក នៅពេលមួយមុនសង្គ្រាមអាម៉ាគេដូនចាប់ផ្ដើម ពួកគេនឹងត្រូវយកទៅស្ថានសួគ៌។—បប. ៧:១-៣
១៩. តើអ្នកណានឹងរួមចំណែកជាមួយនឹងលោកយេស៊ូក្នុងការកាត់ទោសរបៀបរបបពិភពលោកនេះ? (សូមមើលប្រអប់«ការដកដង្ហើមធំ ការស្រែកថ្ងូរ ការគូសសញ្ញាសម្គាល់ និងការប្រហារ តើកើតឡើងនៅពេលណានិងតាមរបៀបណា?»)
១៩ លោកយេស៊ូគ្រិស្តជាស្ដេចនៅស្ថានសួគ៌និងបណ្ដាកងទ័ពរបស់លោក នឹងកាត់ទោសរបៀបរបបពិភពលោកនេះ។ ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញ បុរស៦នាក់ដែលកាន់អាវុធសម្រាប់ប្រហារមិនបានចាប់ផ្ដើមបំផ្លាញទេ ទាល់តែបុរសដែលស្លៀកសម្លៀកបំពាក់ពីក្រណាត់សាច់ល្អ បញ្ចប់ការគូសសញ្ញាសម្គាល់សិន។ (អេគ. ៩:៤-៧) ដូចគ្នាដែរ ការបំផ្លាញនៅថ្ងៃខាងមុខនឹងចាប់ផ្ដើមក្រោយពីលោកយេស៊ូវិនិច្ឆ័យប្រជាជាតិទាំងអស់ និងបង្ហើយការគូសសញ្ញាសម្គាល់លើចៀមដែលនឹងរួចរស់ជីវិត។ បន្ទាប់មក ក្នុងអំឡុងសង្គ្រាមអាម៉ាគេដូន លោកយេស៊ូនឹងនាំមុខកងទ័ពនៅស្ថានសួគ៌ដែលរួមបញ្ចូលបណ្ដាទេវតាបរិសុទ្ធនិងពួក១៤៤.០០០នាក់ ដែលជាអ្នកគ្រប់គ្រងជាមួយលោក មកច្បាំងនឹងពិភពលោកដ៏ទុច្ចរិតនេះ ហើយបំផ្លាញចោលទាំងស្រុង។ រួចលោកសង្គ្រោះពួកអ្នកគោរពប្រណិប័តន៍ពិតឲ្យចូលក្នុងពិភពលោកថ្មីដ៏សុចរិត។—បប. ១៦:១៤-១៦; ១៩:១១-២១
២០. ស្ដីអំពីការបើកបង្ហាញដែលអេសេគាលបានឃើញអំពីបុរសដែលមានប្រដាប់ដាក់ទឹកខ្មៅ តើយើងបានទាញមេរៀនអ្វីខ្លះដែលគួរឲ្យលើកទឹកចិត្ត?
២០ យើងពិតជាមានអំណរគុណខ្លាំងណាស់ចំពោះមេរៀនដែលគួរឲ្យលើកទឹកចិត្តពីការបើកបង្ហាញដែលអេសេគាលបានឃើញអំពីបុរសដែលមានប្រដាប់ដាក់ទឹកខ្មៅ។ យើងអាចមានទំនុកចិត្តទាំងស្រុងថាព្រះយេហូវ៉ានឹងមិនបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សទុច្ចរិតទេ។ (ចសព. ៩៧:១០) យើងដឹងអំពីអ្វីដែលយើងត្រូវធ្វើនៅឥឡូវនេះ ដើម្បីទទួលសញ្ញាសម្គាល់សម្រាប់រួចរស់ជីវិតនៅថ្ងៃខាងមុខ។ ក្នុងនាមជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា យើងតាំងចិត្តរួមចំណែកឲ្យបានច្រើនបំផុតក្នុងការផ្សព្វផ្សាយដំណឹងល្អ ហើយប្រកាសការព្រមានដល់ពួកអ្នកដែលដកដង្ហើមធំនិងស្រែកថ្ងូរចំពោះអំពើទុច្ចរិតក្នុងពិភពលោកសាថាន។ ហេតុនេះ យើងមានឯកសិទ្ធិជួយអស់អ្នកដែលមាន«ចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់» ឲ្យចូលរួមក្នុងការគោរពប្រណិប័តន៍ពិតជាមួយនឹងយើង។ ជាលទ្ធផល ពួកគេអាចទទួលសញ្ញាសម្គាល់សម្រាប់រួចរស់ជីវិតនៅថ្ងៃខាងមុខ ហើយចូលក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ។—សកម្ម. ១៣:៤៨
a ការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិត អំពីអ្វីដែលគួរឲ្យស្អប់ខ្ពើមនៅក្នុងវិហារបានត្រូវរៀបរាប់នៅក្នុងជំពូកទី៥នៃសៀវភៅនេះ។
b យោងទៅតាមឯកសារមួយ ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«កំហុសឆ្គង»អាចសំដៅទៅលើ«ការរឹងចចេស»។ ឯកសារយោងមួយទៀតរៀបរាប់ថា៖ «ពាក្យនេះច្រើនតែប្រើខាងសាសនា ហើយបញ្ជាក់អំពីកំហុសឆ្គងខាងសីលធម៌ឬការប្រព្រឹត្តអំពើទុច្ចរិតនៅចំពោះព្រះ»។
c តាមមើលទៅការបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លា មិនមែនមានន័យថាសមាជិកទាំងអស់នៃសាសនាមិនពិតនឹងត្រូវបំផ្លាញទេ។ នៅពេលនោះ សូម្បីតែបព្វជិតខ្លះប្រហែលបោះបង់ចោលសាសនារបស់ខ្លួន ហើយអះអាងថាពួកគេមិនធ្លាប់ជាសមាជិកសាសនានោះទេ។—សាក. ១៣:៣-៦