ព្រះគ្រីស្ទមានបន្ទូលទៅកាន់ក្រុមជំនុំ
«ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្ដាំ . . . ទ្រង់មានបន្ទូលសេចក្ដីទាំងនេះ»។—វិវរណៈ ២:១
១, ២. ហេតុអ្វីក៏យើងគួរចាប់អារម្មណ៍នឹងបន្ទូលរបស់ព្រះគ្រីស្ទទៅកាន់ក្រុមជំនុំប្រាំពីរនៅតំបន់អាស៊ីមីន័រ?
ព្រះយេស៊ូគ្រីស្ទជារាជបុត្រាតែមួយគត់ដែលព្រះយេហូវ៉ាបង្កើតផ្ទាល់ ហើយទ្រង់ជាអ្នកនាំមុខក្រុមជំនុំគ្រីស្ទាន។ ហើយទ្រង់ប្រើឋានៈរបស់ទ្រង់ជាប្រមុខក្រុមជំនុំ ដើម្បីរក្សាក្រុមជំនុំនៃពួកគ្រីស្ទានចាក់ប្រេងតាំងកុំឲ្យសៅហ្មង ដោយសរសើរនិងកែតម្រូវពួកគេ។ (អេភេសូរ ៥:២១-២៧) នៅវិវរណៈជំពូក២និង៣ គឺមានគំរូដែលយើងអាចអាននូវបន្ទូលដ៏ខ្លាំងនិងប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូទៅកាន់ក្រុមជំនុំប្រាំពីរនៅតំបន់អាស៊ីមីន័រ។
២ មុននឹងយ៉ូហានបានឮបន្ទូលរបស់ព្រះយេស៊ូទៅកាន់ក្រុមជំនុំប្រាំពីរ នោះគាត់បានទទួលចក្ខុនិមិត្តមួយអំពី«ថ្ងៃនៃព្រះអម្ចាស់»។ (វិវរណៈ ១:១០) «ថ្ងៃ»នោះបានចាប់ផ្ដើមនៅពេលដែលព្រះរាជាណាចក្រនៃព្រះមេស្ស៊ីបានស្ថាបនាឡើងនៅឆ្នាំ១៩១៤។ ដូច្នេះ បន្ទូលរបស់ព្រះគ្រីស្ទទៅកាន់ក្រុមជំនុំទាំងនោះ ក៏មានសារៈសំខាន់ណាស់ក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ។ ការលើកទឹកចិត្តនិងឱវាទរបស់ទ្រង់ជួយយើងឲ្យចេះប្រឈមមុខនឹងគ្រាលំបាកនេះ។—ធីម៉ូថេទី២ ៣:១-៥
៣. តើ«ផ្កាយ» «ទេវតា» និង«ជើងចង្កៀងមាស»ដែលសាវ័កយ៉ូហានបានឃើញតំណាងអ្វី?
៣ យ៉ូហានបានឃើញព្រះយេស៊ូគ្រីស្ទដែលត្រូវដំកើងឲ្យមានសិរីរុងរឿង«កាន់ផ្កាយទាំង៧នៅព្រះហស្តស្ដាំ» និង«យាងនៅកណ្ដាលជើងចង្កៀងមាសទាំង៧នោះ» ដែលតំណាងបណ្ដាក្រុមជំនុំ។ «ផ្កាយ»គឺជា«ទេវតារបស់ពួកជំនុំទាំង៧»។ (វិវរណៈ ១:២០; ២:១) ជួនកាលផ្កាយក៏តំណាងសត្តនិករវិញ្ញាណដែរ ប៉ុន្តែព្រះគ្រីស្ទមិនប្រើមនុស្សដើម្បីកត់សារសំរាប់ជូនសត្តនិករវិញ្ញាណឡើយ។ ហេតុនេះហើយ គឺសមហេតុសមផលដែលថា «ផ្កាយ»ទាំងនេះតំណាងអ្នកត្រួតពិនិត្យចាក់ប្រេងតាំងដោយវិញ្ញាណ ឬក៏ក្រុមនៃអ្នកចាស់ទុំចាក់ប្រេងតាំង។ ពាក្យថា«ទេវតា»ក៏ទាក់ទងនឹងតួនាទីរបស់ពួកគាត់ជាអ្នកនាំសារនោះដែរ។ ដោយសារអង្គការរបស់ព្រះបានរីកចំរើន នោះ«នាយដំរួតការដែលស្មោះត្រង់»ក៏បានរើសតាំងបុរសដែលមានលក្ខណៈគ្រប់គ្រាន់ពី«ចៀមឯទៀត»របស់ព្រះគ្រីស្ទ ឲ្យបំរើជាអ្នកត្រួតពិនិត្យដែរ។—លូកា ១២:៤២-៤៤; យ៉ូហាន ១០:១៦
៤. តើពួកអ្នកចាស់ទុំទទួលប្រយោជន៍យ៉ាងណា បើគេយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះយេស៊ូទៅកាន់ក្រុមជំនុំទាំងនោះ?
៤ «ផ្កាយ»ដែលនៅក្នុងព្រះហស្តរបស់ព្រះយេស៊ូ គឺមានន័យថានៅក្រោមអំណាច ការកាន់កាប់ ព្រះគុណ និងការការពាររបស់ទ្រង់។ ដូច្នេះ ពួកគេទទួលខុសត្រូវនៅចំពោះព្រះយេស៊ូ។ ដោយយកចិត្តទុកដាក់នឹងបន្ទូលរបស់ទ្រង់ទៅកាន់ក្រុមជំនុំទាំងប្រាំពីរ នោះពួកអ្នកចាស់ទុំនៅសម័យនេះ ក៏ដឹងនូវរបៀបដែលពួកគាត់ត្រូវប្រឈមមុខនឹងស្ថានការណ៍ស្រដៀងនោះដែរ។ ប្រាកដហើយ បណ្ដាគ្រីស្ទានទាំងអស់ត្រូវស្ដាប់រាជបុត្រារបស់ព្រះ។ (ម៉ាកុស ៩:៧) ដូច្នេះ តើយើងរៀនអ្វីខ្លះពីការស្ដាប់ដោយយកចិត្តទុកដាក់ ពេលព្រះយេស៊ូមានបន្ទូលទៅកាន់ក្រុមជំនុំទាំងនោះ?
ផ្ញើជូនទេវតារបស់ក្រុមជំនុំនៅក្រុងអេភេសូរ
៥. តើក្រុងអេភេសូរជាក្រុងបែបណា?
៥ ព្រះយេស៊ូបានសរសើរនិងប្រដៅតម្រង់ក្រុមជំនុំនៅក្រុងអេភេសូរ។ (សូមអាន វិវរណៈ ២:១-៧ ) ព្រះវិហារដ៏ធំសម្បើមនៃព្រះនាងឌីអាន (អារទេមីស) ស្ថិតនៅក្រុងនេះដែលនៅឆ្នេរខាងលិចនៃតំបន់អាស៊ីមីន័រ ហើយជាមជ្ឈមណ្ឌលរីកចំរើនផ្នែកពាណិជ្ជកម្មនិងសាសនា។ ទោះជាក្រុងអេភេសូរពោរពេញទៅដោយអំពើអសីលធម៌ សាសនាមិនពិត និងការធ្វើមន្តអាគមក៏ដោយ ក៏ព្រះបានប្រទានពរដល់កិច្ចបំរើផ្សាយរបស់សាវ័កប៉ុលនិងអ្នកឯទៀតនៅក្រុងនោះដែរ។—កិច្ចការ ជំពូក១៩
៦. តើពួកគ្រីស្ទានស្មោះត្រង់សព្វថ្ងៃនេះមានគំនិតដូចគ្រីស្ទាននៅក្រុងអេភេសូរពីដើមយ៉ាងដូចម្ដេច?
៦ ព្រះគ្រីស្ទបានសរសើរក្រុមជំនុំនៅក្រុងអេភេសូរ ដោយមានបន្ទូលថា៖ ‹យើងស្គាល់អស់ទាំងការដែលអ្នកធ្វើ នឹងសេចក្ដីនឿយហត់ ហើយសេចក្ដីអត់ធ្មត់របស់អ្នកហើយ ក៏ដឹងថា អ្នកទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺអ្នកបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវ័កទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ›។ សព្វថ្ងៃនេះ ក្រុមជំនុំនៃពួកអ្នកបំរើពិតរបស់ទ្រង់ ក៏មានកំណត់ហេតុអំពីអំពើល្អ ការខំព្យាយាម និងការស៊ូទ្រាំដូចនោះដែរ។ ពួកគេមិនត្រាប្រណីចំពោះបងប្អូនក្លែងក្លាយដែលចង់ឲ្យអ្នកដទៃចាត់ទុកពួកគេជាសាវ័កនោះទេ។ (កូរិនថូសទី២ ១១:១៣, ២៦) ពួកគ្រីស្ទានស្មោះត្រង់នៅសព្វថ្ងៃនេះ ក៏‹ទ្រាំនឹងមនុស្សអាក្រក់ពុំបាន› ដូចពួកគ្រីស្ទាននៅក្រុងអេភេសូរដែរ។ ដូច្នេះ ដើម្បីរក្សានូវភាពបរិសុទ្ធនៃការថ្វាយបង្គំព្រះយេហូវ៉ា និងដើម្បីការពារក្រុមជំនុំ នោះពួកគេមិនសេពគប់ជាមួយពួកក្បត់ជំនឿដែលមិនប្រែចិត្តនោះទេ។—កាឡាទី ២:៤, ៥; យ៉ូហានទី២ ៨-១១
៧, ៨. តើក្រុមជំនុំនៅក្រុងអេភេសូរមានបញ្ហាដ៏ធ្ងន់ធ្ងរអ្វី? ហើយតើយើងអាចប្រឈមមុខនឹងស្ថានការណ៍ស្រដៀងគ្នានេះដូចម្ដេច?
៧ ក៏ប៉ុន្តែ បណ្ដាគ្រីស្ទាននៅក្រុងអេភេសូរមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ ព្រះយេស៊ូបានមានបន្ទូលថា៖ ‹តែយើងប្រកាន់សេចក្ដីនេះនឹងអ្នក គឺថា អ្នកបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ›។ សមាជិកនៅក្នុងក្រុមជំនុំត្រូវបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ដូចពួកគេធ្លាប់មានកាលពីដើមដំបូងនោះ។ (ម៉ាកុស ១២:២៨-៣០; អេភេសូរ ២:៤; ៥:១, ២) យើងគ្រប់គ្នាក៏ត្រូវតែការពារកុំឲ្យបាត់នូវសេចក្ដីស្រឡាញ់ចំពោះព្រះដែលយើងមាននៅដើមដំបូងនោះ។ (យ៉ូហានទី៣ ៣) ប៉ុន្តែ ចុះយ៉ាងណាវិញ បើសេចក្ដីប្រាថ្នាចំពោះទ្រព្យសម្បត្ដិឬការស្វែងរកការកំសាន្ត ក្លាយទៅជាមានអាទិភាពក្នុងជីវិតរបស់យើងនោះ? (ធីម៉ូថេទី១ ៤:៨; ៦:៩, ១០) បើដូច្នេះ យើងគួរតែអធិស្ឋានអស់ពីចិត្តឲ្យព្រះជួយ ដើម្បីដកចេញនូវទំនោរចិត្តបែបនេះ ហើយដាក់ជំនួសដោយសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ាថែមទាំងមានទឹកចិត្តកតញ្ញូធម៌ចំពោះអ្វីៗដែលទ្រង់និងរាជបុត្រារបស់ទ្រង់បានធ្វើសំរាប់យើង។—យ៉ូហានទី១ ៤:១០, ១៦
៨ ព្រះគ្រីស្ទបានដាស់តឿនពួកគ្រីស្ទាននៅក្រុងអេភេសូរថា៖ ‹ដូច្នេះ ចូរនឹកចាំ ដែលអ្នកបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ! រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ›។ ចុះយ៉ាងណាវិញ បើពួកគេឥតធ្វើដូច្នេះ? ព្រះយេស៊ូមានបន្ទូលថា៖ ‹ពុំនោះសោត យើងនឹងមកឯអ្នក ហើយនឹងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែអ្នកប្រែចិត្តឡើងវិញ›។ ប្រសិនបើសមាជិកទាំងអស់លែងមានសេចក្ដីស្រឡាញ់ដូចគេធ្លាប់មានពីដើមដំបូង នោះ«ជើងចង្កៀង»ឬក៏ក្រុមជំនុំនឹងលែងមានដែរ។ ក្នុងនាមជាគ្រីស្ទានដែលមានចិត្តខ្នះខ្នែង សូមឲ្យយើងខំព្យាយាមធ្វើឲ្យក្រុមជំនុំបញ្ចេញពន្លឺខាងវិញ្ញាណជានិច្ច។—ម៉ាថាយ ៥:១៤-១៦
៩. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះពួកនិកាយនិយម?
៩ គឺគួរឲ្យសរសើរដែលពួកគ្រីស្ទាននៅក្រុងអេភេសូរបានស្អប់«ការរបស់ពួកនីកូឡាស»។ ក្រៅពីពត៌មានដែលបានចែងក្នុងសៀវភៅវិវរណៈ យើងឥតមានពត៌មានជាក់លាក់អំពីដើមកំណើត លទ្ធិ ឬការប្រព្រឹត្តរបស់និកាយនេះទេ។ ប៉ុន្តែ ដោយព្រោះព្រះយេស៊ូបានផ្ដន្ទាទោសការស្ដាប់តាមមនុស្សទាំងនេះ យើងក៏ត្រូវស្អប់ពួកនិកាយនិយមដូចពួកគ្រីស្ទាននៅក្រុងអេភេសូរដែរ។—ម៉ាថាយ ២៣:១០
១០. តើពួកអ្នកដែលស្ដាប់តាមបន្ទូលរបស់វិញ្ញាណបរិសុទ្ធនឹងទទួលបានអ្វី?
១០ ព្រះគ្រីស្ទបានមានបន្ទូលថា៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ»។ ពេលព្រះយេស៊ូគង់នៅលើផែនដី នោះវិញ្ញាណបរិសុទ្ធរបស់ព្រះមានឥទ្ធិពលលើបន្ទូលរបស់ទ្រង់។ (អេសាយ ៦១:១; លូកា ៤:១៦-២១) ដូច្នេះ យើងគួរតែយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះតាមរយៈបន្ទូលរបស់ព្រះយេស៊ូដែលមានឥទ្ធិពលពីវិញ្ញាណបរិសុទ្ធរបស់ព្រះ។ ក្រោមការដឹកនាំរបស់វិញ្ញាណបរិសុទ្ធ នោះព្រះយេស៊ូបានសន្យាថា៖ ‹ឯអស់អ្នកណាដែលឈ្នះ នោះយើងនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ›។ ចំពោះពួកគ្រីស្ទានចាក់ប្រេងតាំងដែលស្ដាប់តាមអ្វីដែលវិញ្ញាណបរិសុទ្ធមានបន្ទូល នេះមានន័យថាពួកគេនឹងទទួលបានជីវិតអមតៈនៅ‹ស្ថានបរមសុខរបស់ព្រះ›គឺជាស្ថានសួគ៌ ឬក៏នៅកន្លែងដែលព្រះយេហូវ៉ាមានវត្តមាន។ ‹ហ្វូងធំ›ដែលស្ដាប់តាមអ្វីដែលវិញ្ញាណបរិសុទ្ធមានបន្ទូល នឹងរីករាយចំពោះសួនមនោរម្យនៅលើផែនដី ដែលពួកគេនឹងផឹកពី‹ទន្លេដែលមានទឹកផ្ដល់ជីវិត› ហើយទទួលការប្រោសឲ្យជាពី«ស្លឹកឈើ»នៅតាមទន្លេនោះ។—វិវរណៈ ៧:៩; ២២:១, ២; លូកា ២៣:៤៣
១១. តើយើងអាចបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១១ ពួកគ្រីស្ទាននៅក្រុងអេភេសូរលែងមានសេចក្ដីស្រឡាញ់ដែលគេធ្លាប់មានពីដើមដំបូង ប៉ុន្តែចុះយ៉ាងណាវិញ បើមានស្ថានភាពដូចនេះកើតឡើងក្នុងក្រុមជំនុំសព្វថ្ងៃនេះ? សូមឲ្យយើងម្នាក់ៗបណ្ដុះនូវសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ដោយប្រាប់អំពីកិច្ចការដែលទ្រង់ធ្វើគឺប្រកបដោយសេចក្ដីស្រឡាញ់។ យើងអាចបង្ហាញនូវកតញ្ញូធម៌ចំពោះសេចក្ដីស្រឡាញ់ដែលព្រះបានសម្ដែងក្នុងការប្រទានរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ទុកជាតម្លៃលោះ។ (យ៉ូហាន ៣:១៦; រ៉ូម ៥:៨) នៅពេលដែលសមគួរ យើងអាចប្រាប់ពីសេចក្ដីស្រឡាញ់របស់ព្រះនៅពេលយើងឆ្លើយនិងពេលមានផ្នែកក្នុងកិច្ចប្រជុំ។ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ដោយសរសើរព្រះនាមទ្រង់ក្នុងកិច្ចបំរើផ្សាយ។ (ទំនុកដំកើង ១៤៥:១០-១៣) មែនហើយ យើងអាចធ្វើបានយ៉ាងច្រើនដោយពាក្យសំដីនិងការប្រព្រឹត្តក្នុងការបណ្ដុះឬពង្រឹងសេចក្ដីស្រឡាញ់ ដែលសមាជិកក្នុងក្រុមជំនុំធ្លាប់មានពីដើមដំបូង។
ផ្ញើជូនទេវតារបស់ក្រុមជំនុំនៅក្រុងស្មឺន៉ា
១២. តើប្រវត្ដិសាស្ត្របង្ហាញយ៉ាងណាស្តីអំពីក្រុងស្មឺន៉ានិងការកាន់សាសនានៅទីនោះ?
១២ ព្រះគ្រីស្ទដែលជា«ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ» បានសរសើរក្រុមជំនុំនៅក្រុងស្មឺន៉ា។ (សូមអាន វិវរណៈ ២:៨-១១) ក្រុងស្មឺន៉ា (ឥឡូវឈ្មោះអ៊ីស្មា ប្រទេសតួគី) គឺស្ថិតនៅឆ្នេរខាងលិចនៃតំបន់អាស៊ីមីន័រ។ ជនជាតិក្រិចបានកសាងទីក្រុងនោះ តែពួកលីឌាបានបំផ្លាញចោលក្រុងនេះប្រហែលជានៅឆ្នាំ៥៨០មុនស.យ.។ អ្នកស្នងរាជ្យពីអាឡិចសង់ដ៏ឧត្តមបានកសាងក្រុងស្មឺន៉ាម្ដងទៀតនៅកន្លែងផ្សេង។ ក្រុងនេះបានក្លាយទៅជាភូមិមួយរបស់សាសន៍រ៉ូមនៅតំបន់អាស៊ី ហើយជាមណ្ឌលដែលមានការរីកចំរើនខាងពាណិជ្ជកម្ម ហើយបានល្បីឈ្មោះដោយសារសំណង់ដ៏ល្អវិចិត្រ។ ព្រះវិហាររបស់សេសារ-ទីប៊ើរ គឺជាមណ្ឌលសំរាប់ការថ្វាយបង្គំអធិរាជ។ ពួកអ្នកថ្វាយបង្គំត្រូវតែដុតម្សៅធូបមួយច្បិចនិងត្រូវនិយាយថា «សេសារជាព្រះអម្ចាស់»។ បណ្ដាគ្រីស្ទានពុំអាចធ្វើតាមបានទេ ពីព្រោះចំពោះពួកគេ ‹ព្រះយេស៊ូជាព្រះអម្ចាស់›។ ហេតុនេះហើយ ពួកគេបានរងទុក្ខ។—រ៉ូម ១០:៩
១៣. ទោះជាក្រក៏ដោយ តើពួកគ្រីស្ទាននៅក្រុងស្មឺន៉ាជាអ្នកមានយ៉ាងដូចម្ដេច?
១៣ ក្រៅពីការរងទុក្ខ នោះបណ្ដាគ្រីស្ទាននៅក្រុងស្មឺន៉ាបានស៊ូទ្រាំនឹងភាពក្រីក្រ ប្រហែលជារងទណ្ឌកម្មខាងសេដ្ឋកិច្ច ដោយសារពួកគេមិនថ្វាយបង្គំអធិរាជ។ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះក៏ទទួលរងទុក្ខដូចនេះដែរ។ (វិវរណៈ ១៣:១៦, ១៧) ទោះជាបងប្អូនខ្លះក្រក៏ដោយ ក៏ពួកគេជាអ្នកមានខាងវិញ្ញាណ ដូចពួកគ្រីស្ទាននៅក្រុងស្មឺន៉ា ហើយនេះពិតជាអ្វីដ៏សំខាន់បំផុត!—សុភាសិត ១០:២២; យ៉ូហានទី៣ ២
១៤, ១៥. តើពួកគ្រីស្ទានចាក់ប្រេងតាំងអាចទទួលការសម្រាលទុក្ខយ៉ាងណាពីវិវរណៈ ២:១០?
១៤ ជនជាតិយូដាភាគច្រើននៅក្រុងស្មឺន៉ាគឺជា«ពួកជំនុំរបស់អារក្សសាតាំង» ពីព្រោះពួកគេធ្វើតាមទំនៀមទំលាប់ដែលប្រឆាំងព្រះគម្ពីរ បដិសេធរាជបុត្រារបស់ព្រះ និងប្រមាថមើលងាយពួកអ្នកកាន់តាមទ្រង់ដែលព្រះយេហូវ៉ាបានបង្កើតដោយវិញ្ញាណបរិសុទ្ធ។ (រ៉ូម ២:២៨, ២៩) ប៉ុន្តែ ពួកគ្រីស្ទានចាក់ប្រេងតាំងអាចទទួលការសម្រាលទុក្ខយ៉ាងខ្លាំង ពីបន្ទូលរបស់ព្រះគ្រីស្ទដែលមានជាបន្ទាប់នេះ! ទ្រង់មានបន្ទូលថា៖ ‹កុំឲ្យអ្នកខ្លាចសេចក្ដីដែលអ្នកត្រូវរងទុក្ខនោះឡើយ មើល! អារក្សវារៀបនឹងបោះអ្នកខ្លះទៅក្នុងគុក ដើម្បីនឹងល្បងលមើលអ្នក នោះអ្នករាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ! នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក›។—វិវរណៈ ២:១០
១៥ ព្រះយេស៊ូមិនខ្លាចសោយទិវង្គតដោយព្រោះគាំទ្រអធិបតេយ្យរបស់ព្រះយេហូវ៉ាឡើយ។ (ភីលីព ២:៥-៨) ទោះបីសាតាំងកំពុងតែច្បាំងនឹងពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ក៏ដោយ ជាក្រុមតែមួយពួកគេមិនខ្លាចនឹងការរងទុក្ខឡើយ មិនថាសេចក្ដីវេទនា ការជាប់គុក ឬសេចក្ដីស្លាប់ដោយអំពើឃោរឃៅក៏ដោយ។ (វិវរណៈ ១២:១៧) ពួកគេនឹងបានឈ្នះលោកីយ៍។ ព្រះគ្រីស្ទសន្យាថាពួកគ្រីស្ទានដែលប្រោសឲ្យរស់ឡើងវិញនឹងបាន‹មកុដនៃជីវិត› ជាបុគ្គលដែលមានជីវិតអមតៈនៅស្ថានសួគ៌ មិនដូចពួកអ្នកឈ្នះក្នុងល្បែងរបស់ពាហិរជនដែលពាក់កំរងផ្កាដែលតែងតែស្រពោនទៅវិញនោះ។ នេះប្រាកដជាអំណោយដែលមានតម្លៃក្រៃលែងមែន!
១៦. ប្រសិនបើយើងសេពគប់នឹងក្រុមជំនុំមួយដូចនៅក្រុងស្មឺន៉ាពីបុរាណ តើយើងគួរតែប្រមូលអារម្មណ៍គិតអំពីអ្វី?
១៦ មិនថាយើងមានសេចក្ដីសង្ឃឹមនៅស្ថានសួគ៌ឬនៅផែនដីទេ តើយើងនឹងធ្វើយ៉ាងណា បើយើងនៅក្នុងក្រុមជំនុំដែលមានសភាពដូចក្រុងស្មឺន៉ាពីបុរាណនោះ? បើដូច្នេះ សូមយើងជួយអ្នកជឿគ្នីគ្នាឲ្យប្រមូលអារម្មណ៍គិតអំពីមូលហេតុដ៏ចំបងដែលព្រះអនុញ្ញាតឲ្យមានការបៀតបៀន គឺដោយសារទាក់ទងនឹងរឿងអធិបតេយ្យសកលលោករបស់ទ្រង់។ ស្មរបន្ទាល់គ្រប់គ្នាដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះយេហូវ៉ាសឲ្យឃើញថា សាតាំងជាអ្នកកំភូតនិងបង្ហាញថា សូម្បីតែមនុស្សជាតិបានទទួលការបៀតបៀនក៏ដោយ ក៏ពួកគេនៅតែគាំទ្រនូវភាពត្រឹមត្រូវនៃការសោយរាជ្យរបស់ព្រះជាព្រះមហាក្សត្រសកលលោកដែរ។ (សុភាសិត ២៧:១១) សូមឲ្យយើងលើកទឹកចិត្តគ្រីស្ទានឯទៀតឲ្យស៊ូទ្រាំនឹងការបៀតបៀន ហើយជាលទ្ធផលយើងនឹងមានឯកសិទ្ធិ«បំរើទ្រង់ ឥតភ័យខ្លាច ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីសុចរិត នៅចំពោះ[ព្រះយេហូវ៉ា] អស់១ជីវិតយើង» និងជារៀងរហូតតទៅ។—លូកា ១:៦៨, ៦៩, ៧៤, ៧៥
ផ្ញើជូនទេវតារបស់ក្រុមជំនុំនៅក្រុងពើកាម៉ុស
១៧, ១៨. តើក្រុងពើកាម៉ុសជាមណ្ឌលនៃការថ្វាយបង្គំបែបណា? បើបុគ្គលម្នាក់បដិសេធមិនថ្វាយបង្គំរូបព្រះ តើនឹងទទួលលទ្ធផលយ៉ាងណា?
១៧ ចំពោះក្រុមជំនុំនៅក្រុងពើកាម៉ុស នោះទទួលការសរសើរនិងការកែតម្រូវផងដែរ។ (សូមអាន វិវរណៈ ២:១២-១៧) ក្រុងពើកាម៉ុសនៅទិសខាងជើងនៃក្រុងស្មឺន៉ាដែលមានចម្ងាយពីគ្នា៨០គីឡូម៉ែត្រ ហើយក្រុងនេះពោរពេញទៅដោយសាសនាមិនពិត។ តាមមើលទៅ ពួកគ្រូមន្តអាគមសាសន៍បាប៊ីឡូន (ពួកហោរា) បានរត់ចេញពីស្រុករបស់ខ្លួនទៅនៅក្រុងនោះ។ មនុស្សឈឺតែងតែទៅព្រះវិហារមួយដ៏ល្បីនៅក្រុងពើកាម៉ុស ពោលគឺវិហារនៃព្រះអាឃ្លីភាសដែលជាព្រះក្លែងក្លាយខាងការប្រោសឲ្យជានិងខាងវិជ្ជាពេទ្យ។ ក្រុងពើកាម៉ុសនិងព្រះវិហារក្នុងក្រុងនោះគឺសំរាប់ថ្វាយបង្គំសេសារអូគូស្ទ ក្រុងនេះក៏មានឈ្មោះថា«មណ្ឌលសំខាន់បំផុតសំរាប់ការថ្វាយបង្គំអធិរាជក្នុងចក្រភពដើម»។—សព្វវចនាធិប្បាយប៊្រីធែណនីកា ឆ្នាំ១៩៥៩ ក្បាលទី១៧ ទំព័រ៥០៧ (ជាភាសាអង់គ្លេស)
១៨ នៅក្រុងពើកាម៉ុសមានអាសនៈដែលបានថ្វាយដល់ព្រះសឺស។ ក្រុងនេះក៏ជាមណ្ឌលនៃការថ្វាយបង្គំមនុស្ស ដែលបង្កើតឡើងដោយអារក្ស។ ដូច្នេះហើយ បានជាគេថាក្រុមជំនុំនៅទីនេះស្ថិតក្នុងកន្លែង«ដែលមានបល្ល័ង្ករបស់អារក្សសាតាំង»! ចំពោះមនុស្សដែលគាំទ្រអធិបតេយ្យរបស់ព្រះយេហូវ៉ា ការមិនថ្វាយបង្គំអធិរាជអាចនាំឲ្យគេបាត់បង់ជីវិត។ លោកីយ៍នេះនៅតែស្ថិតក្នុងកណ្ដាប់ដៃរបស់អារក្ស ហើយវត្ថុដែលតំណាងជាតិកំពុងត្រូវគេគោរពដូចព្រះ។ (យ៉ូហានទី១ ៥:១៩) តាំងតែពីសតវត្សទីមួយមកដល់សព្វថ្ងៃនេះ ពួកគ្រីស្ទានស្មោះត្រង់ជាច្រើនបានត្រូវគេសម្លាប់ដោយសារជំនឿ គឺដូចបុគ្គលម្នាក់ដែលព្រះគ្រីស្ទហៅថា‹អាន់ទីប៉ាសជាស្មរបន្ទាល់ដ៏ស្មោះត្រង់របស់យើងនៅកណ្ដាលអ្នករាល់គ្នា›។ ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទប្រាកដជានៅចាំអ្នកបំរើស្មោះត្រង់ទាំងនេះជាក់ជាពុំខាន។—យ៉ូហានទី១ ៥:២១
១៩. តើបាឡាមបានធ្វើអ្វី? ហើយតើពួកគ្រីស្ទានទាំងអស់ត្រូវប្រុងប្រយ័ត្ននឹងអ្វី?
១៩ ព្រះគ្រីស្ទក៏បានមានបន្ទូលអំពី«សេចក្ដីបង្រៀនរបស់បាឡាម»។ ព្យាការីក្លែងក្លាយនេះបានខំដាក់បណ្ដាសាអ៊ីស្រាអែល ដោយសារគាត់ចង់បានវត្ថុទ្រព្យ។ ពេលព្រះបានធ្វើឲ្យបណ្ដាសាគាត់ទៅជាពរវិញ នោះបាឡាមបានចូលដៃជាមួយស្តេចបាឡាកសាសន៍ម៉ូអាប់ ដើម្បីល្បួងជនជាតិអ៊ីស្រាអែលជាច្រើនឲ្យថ្វាយបង្គំរូបព្រះនិងឲ្យប្រព្រឹត្តអំពើអសីលធម៌។ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំត្រូវតែមានការម៉ឺងម៉ាត់ចំពោះសេចក្ដីសុចរិតដូចភីនេហាស ដែលគាត់បានប្រព្រឹត្តប្រឆាំងនឹងកលល្បិចរបស់បាឡាម។ (ជនគណនា ២២:១–២៥:១៥; ពេត្រុសទី២ ២:១៥, ១៦; យូដាស ១១) តាមការពិត បណ្ដាគ្រីស្ទានទាំងអស់ត្រូវតែជៀសឲ្យផុតពីការថ្វាយបង្គំរូបព្រះនិងមិនឲ្យអំពើអសីលធម៌ជ្រាបចូលក្នុងក្រុមជំនុំ។—យូដាស ៣,៤
២០. ប្រសិនបើគ្រីស្ទានណាម្នាក់ចាប់ផ្ដើមមានទស្សនៈដូចពួកក្បត់ជំនឿ តើគាត់គួរតែធ្វើអ្វី?
២០ ក្រុមជំនុំនៅក្រុងពើកាម៉ុសអាចមានគ្រោះថ្នាក់យ៉ាងខ្លាំង ពីព្រោះក្រុមជំនុំនេះអនុញ្ញាតឲ្យ«អ្នកខ្លះដែលកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាស»ស្ថិតនៅក្នុងចំណោមពួកគេ។ ព្រះគ្រីស្ទបានប្រាប់ក្រុមជំនុំនេះថា៖ ‹ដូច្នេះ ចូរប្រែចិត្តចុះ! ពុំនោះសោត យើងនឹងមកឯអ្នកជាឆាប់ នោះយើងនឹងយកដាវ ដែលនៅមាត់យើងច្បាំងនឹងគេ›។ ពួកនិកាយដែលចង់ធ្វើឲ្យមានគ្រោះថ្នាក់ខាងវិញ្ញាណដល់ពួកគ្រីស្ទានពិត និងអស់អ្នកដែលចង់តែជំនះដើម្បីឲ្យមានការបែកបាក់គ្នានិងធ្វើឲ្យមាននិកាយផ្សេងៗ នោះនឹងមិនបានព្រះរាជាណាចក្ររបស់ព្រះជាមរតកឡើយ។ (រ៉ូម ១៦:១៧, ១៨; កូរិនថូសទី១ ១:១០; កាឡាទី ៥:១៩-២១) ប្រសិនបើគ្រីស្ទានណាម្នាក់ចាប់ផ្ដើមមានទស្សនៈដូចពួកអ្នកក្បត់ជំនឿក្នុងគំនិតគាត់ និងចង់ផ្សាយគំនិតនោះ គាត់គួរតែគិតអំពីការព្រមានរបស់ព្រះគ្រីស្ទ! ដើម្បីសង្គ្រោះខ្លួនគាត់ពីក្ដីមហន្តរាយ គាត់គួរតែប្រែចិត្តនិងរកជំនួយខាងវិញ្ញាណពីពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ។ (យ៉ាកុប ៥:១៣-១៨) ការចាត់វិធានការភ្លាមៗគឺសំខាន់ចាំបាច់ ដ្បិតព្រះយេស៊ូកំពុងតែមកយ៉ាងឆាប់ដើម្បីធ្វើការជំនុំជំរះ។
២១, ២២. តើអ្នកណាបរិភោគ«នំម៉ាន៉ាដ៏លាក់កំបាំង»? ហើយតើនេះតំណាងអ្វី?
២១ ពួកគ្រីស្ទានចាក់ប្រេងតាំងដ៏ស្មោះត្រង់និងគូកនរបស់គេ មិនចាំបាច់ខ្លាចការជំនុំជំរះដែលមាននៅខាងមុខនេះទេ។ ពួកអ្នកដែលស្ដាប់តាមឱវាទរបស់ព្រះយេស៊ូ ដែលផ្ដល់មកក្រោមការដឹកនាំរបស់វិញ្ញាណបរិសុទ្ធនឹងទទួលពរយ៉ាងច្រើន។ ជាឧទាហរណ៍ ពួកគ្រីស្ទានដែលឈ្នះលោកីយ៍នេះនឹងត្រូវអញ្ជើញឲ្យបរិភោគ«នំម៉ាន៉ាដ៏លាក់កំបាំង»និងទទួល«គ្រួសស១»ដែលមាន«ឈ្មោះថ្មី»។
២២ ព្រះបានប្រទាននំម៉ាន៉ាដើម្បីផ្គត់ផ្គង់ពួកអ៊ីស្រាអែលក្នុងកំឡុងការធ្វើដំណើរ៤០ឆ្នាំកាត់ទីរហោស្ថាន។ «នំ»នោះខ្លះបានទុកក្នុងចានមាសនៅក្នុងហិបនៃកិច្ចព្រមព្រៀង ដូច្នេះហើយ«នំ»នេះបានទុកនៅរោងឧបោសថក្នុងទីបរិសុទ្ធបំផុត ដែលមានពន្លឺដោយអព្ភូតហេតុ គឺជាការតំណាងវត្តមានរបស់ព្រះយេហូវ៉ា។ (និក្ខមនំ ១៦:១៤, ១៥, ២៣,២៦, ៣៣; ២៦:៣៤; ហេព្រើរ ៩:៣, ៤) គ្មានអ្នកណាត្រូវបរិភោគនំម៉ាន៉ាដ៏លាក់កំបាំងនេះទេ។ ប៉ុន្តែ ក្រោយពីពួកគ្រីស្ទានចាក់ប្រេងតាំងរស់ឡើងវិញ ហើយទទួលបានជីវិតអមតៈដែលតំណាងដោយការបរិភោគ«នំម៉ាន៉ាដ៏លាក់កំបាំង»។—កូរិនថូសទី១ ១៥:៥៣-៥៧
២៣. តើ«គ្រួសស១»និង«ឈ្មោះថ្មី»មានអត្ថន័យដ៏សំខាន់អ្វី?
២៣ គ្រួសខ្មៅនាំឲ្យមានការកាត់ទោសពីតុលាការរបស់រ៉ូម។ រីឯគ្រួសសបានន័យថាខ្លួនគ្មានទោស។ ដោយព្រះយេស៊ូប្រទានឲ្យ«គ្រួសស១»ដល់ពួកគ្រីស្ទានចាក់ប្រេងតាំងបង្ហាញថា ទ្រង់ចាត់ទុកពួកគេគ្មានទោស បរិសុទ្ធ និងស្អាត។ ដោយព្រោះពួករ៉ូមក៏បានប្រើគ្រួសសប្រៀបដូចជាសំបុត្រចូលរួមពិធីដ៏សំខាន់ៗ នោះ«គ្រួសស១»នេះប្រហែលជាតំណាងពួកគ្រីស្ទានចាក់ប្រេងតាំងត្រូវអនុញ្ញាតឲ្យចូលស្ថានសួគ៌ពេលមានអាពាហ៍ពិពាហ៍របស់កូនចៀម។ (វិវរណៈ ១៩:៧-៩) តាមមើលទៅ «ឈ្មោះថ្មី»តំណាងនូវឯកសិទ្ធិបានចូលរួមជាអ្នកគ្រងមរតកជាមួយព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ រឿងទាំងនេះប្រាកដជាលើកទឹកចិត្តពួកអ្នកចាក់ប្រេងតាំងនិងគូកនរបស់គេក្នុងកិច្ចបំរើព្រះយេហូវ៉ា ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីមនោរម្យ!
២៤. តើយើងគួរមានជំហរយ៉ាងណាចំពោះការក្បត់ជំនឿ?
២៤ យកល្អយើងគួរចាំថាក្រុមជំនុំនៅក្រុងពើកាម៉ុសអាចមានគ្រោះថ្នាក់ដោយពួកអ្នកក្បត់ជំនឿ។ ប្រសិនបើមានស្ថានការណ៍ដូចនេះ ដែលអាចគំរាមកំហែងដល់សុខុមាលភាពខាងវិញ្ញាណនៃក្រុមជំនុំយើង សូមឲ្យយើងបដិសេធទាំងស្រុងនូវការក្បត់ជំនឿ និងបន្តដើរតាមសេចក្ដីពិតវិញ។ (យ៉ូហាន ៨:៣២, ៤៤; យ៉ូហានទី៣ ៤) ដោយព្រោះគ្រូក្លែងក្លាយឬក៏បុគ្គលដែលមានទស្សនៈរេទៅរកការក្បត់ជំនឿអាចបង្ខូចក្រុមជំនុំទាំងមូលនោះ យើងត្រូវតែរក្សាជំហរមុតមាំប្រឆាំងនឹងការក្បត់ជំនឿ ដោយមិនឲ្យការបញ្ចុះបញ្ចូលមិនត្រឹមត្រូវទាំងនេះរារាំងយើងពីការស្ដាប់បង្គាប់តាមសេចក្ដីពិតនោះឡើយ។—កាឡាទី ៥:៧-១២; យ៉ូហានទី២ ៨-១១
២៥. សាររបស់ព្រះគ្រីស្ទដែលយើងនឹងពិនិត្យមើលជាបន្ទាប់នោះ តើផ្ញើទៅកាន់ក្រុមជំនុំណាខ្លះ?
២៥ យើងបានពិនិត្យមើលពាក្យសរសើរនិងឱវាទ ដែលព្រះយេស៊ូបានមានបន្ទូលទៅកាន់ក្រុមជំនុំបីក្នុងចំណោមប្រាំពីរក្រុមជំនុំនៅតំបន់អាស៊ីមីន័រ ក្រោយទ្រង់ត្រូវបានដំកើងឲ្យមានសិរីរុងរឿងនោះ បន្ទូលនេះពិតជាគួរឲ្យយកមកត្រិះរិះពិចារណាមែន! ប៉ុន្តែ ព្រះយេស៊ូក៏មានបន្ទូលយ៉ាងច្រើនទៅកាន់ក្រុមជំនុំបួនទៀតដែរ តាមរយៈការដឹកនាំពីវិញ្ញាណបរិសុទ្ធ។ សារទាំងនេះគឺផ្ញើទៅក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ ដែលយើងនឹងត្រូវពិនិត្យមើលក្នុងអត្ថបទជាបន្ទាប់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីក៏យើងគួរយកចិត្តទុកដាក់នឹងបន្ទូល របស់ព្រះយេស៊ូទៅកាន់ក្រុមជំនុំ?
• តើយើងអាចជួយបណ្ដុះឲ្យក្រុមជំនុំ មានសេចក្ដីស្រឡាញ់ដូចដើមដំបូងវិញយ៉ាងដូចម្ដេច?
• ហេតុអ្វីក៏អាចនិយាយថា ពួកគ្រីស្ទានក្រីក្រនៅក្រុងស្មឺន៉ាពីបុរាណពិតជាអ្នកមាននោះ?
• បើយើងគិតអំពីស្ថានភាពនៅក្រុមជំនុំក្នុងក្រុងពើកាម៉ុស តើយើងគួរមានទស្សនៈយ៉ាងណាចំពោះគំនិត នៃអ្នកក្បត់ជំនឿ?
[ផែនទីនៅទំព័រ២៣]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ប្រទេសក្រិច
តំបន់អាស៊ីមីន័រ
ក្រុងអេភេសូរ
ក្រុងស្មឺន៉ា
ក្រុងពើកាម៉ុស
ក្រុងធាទេរ៉ា
ក្រុងសើដេស
ក្រុងភីឡាដិលភា
ក្រុងឡៅឌីសេ
[រូបភាពនៅទំព័រ២៦]
ពួកគ្រីស្ទានដែលបានទទួលការបៀតបៀនគឺជាអ្នកដែលឈ្នះលោកីយ៍