ចូរបំពេញតាមគោលបំណងដែលនាំឲ្យជីវិតមានន័យខ្លឹមសារ
«គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា»។—ទំនុកដំកើង ១៥០:៦
១. សូមរៀបរាប់អំពីរបៀបដែលបុរសម្នាក់បានស្វែងរកគោលបំណងដែលអាចនាំឲ្យជីវិតមានន័យខ្លឹមសារ។
បុរសម្នាក់ដែលបានធំឡើងនៅប្រទេសកូរ៉េ រំលឹកថា៖ «ខ្ញុំបានរៀនវិជ្ជាពេទ្យពីព្រោះខ្ញុំមានបំណងចង់ជួយមនុស្ស។ ខ្ញុំក៏គិតស្មានថា ធ្វើជាគ្រូពេទ្យ ខ្ញុំអាចមានមុខមាត់ធំនិងប្រាក់ខែច្រើន នេះហើយដែលនាំឲ្យមានសុភមង្គល។ បន្ដិចម្ដងៗខ្ញុំឃើញថា គ្រូពេទ្យគ្មានសមត្ថភាពជួយមនុស្សទាំងស្រុងទេ នេះបានធ្វើឲ្យខ្ញុំអស់សង្ឃឹមវិញ។ បន្ទាប់មក ខ្ញុំរៀនធ្វើជាជាងគំនូរ តែគំនូររបស់ខ្ញុំក៏មិនជួយអ្នកដទៃបានច្រើនដែរ ដូច្នេះខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងរកតែប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ ក្រោយមកទៀត ខ្ញុំធ្វើជាគ្រូបង្រៀន ហើយក៏យល់ថាគ្រូអាចបង្រៀនមេរៀនមែន តែមិនមានឱកាសផ្ដល់ការណែនាំដែលពិតជានាំឲ្យមានសុភមង្គលទេ»។ ដូចបុរសនេះ មនុស្សជាច្រើនកំពុងស្វែងរកគោលបំណងដែលអាចនាំឲ្យជីវិតមានន័យខ្លឹមសារ។
២. (ក) តើយើងត្រូវការអ្វីដើម្បីឲ្យមានគោលបំណងដែលអាចនាំឲ្យជីវិតមានន័យខ្លឹមសារ? (ខ) តើអ្វីបង្ហាញថា ព្រះដែលបានបង្កើតរបស់សព្វសារពើពិតជាមានគោលបំណងសម្រាប់មនុស្សជាតិ?
២ ដើម្បីមានគោលបំណងដែលនាំឲ្យជីវិតមានន័យខ្លឹមសារ យើងត្រូវការគោលដៅជាក់លាក់ដែលផ្ដល់ហេតុឲ្យយើងសម្រេចការផ្សេងៗ។ តើមនុស្សពិតជាអាចមានគោលបំណងបែបនេះ ដែលនាំឲ្យជីវិតមានន័យខ្លឹមសារឬ? យើងអាចមានមែន! ដោយសារយើងមានសតិបញ្ញា ចេះវែកញែកហេតុផល ហើយមានសមត្ថភាពវិនិច្ឆ័យខ្លួន នេះបង្ហាញថាព្រះដែលជាអ្នកបង្កើតមានគោលបំណងក្នុងការបង្កើតមនុស្សលោក។ អាស្រ័យហេតុនេះ ជាការសមហេតុសមផលថា យើងអាចស្វែងយល់ ហើយបំពេញតាមគោលបំណងពិតដែលយើងគួរមានក្នុងជីវិត ឲ្យតែយើងមានរបៀបរស់នៅសមស្របទៅតាមគោលបំណងដើមរបស់ព្រះដែលបានបង្កើតរបស់សព្វសារពើ។
៣. តើគោលបំណងរបស់ព្រះចំពោះមនុស្សរួមបញ្ចូលអ្វីខ្លះ?
៣ គម្ពីររៀបរាប់អំពីអ្វីៗជាច្រើនដែលជាប់ទាក់ទងនឹងគោលបំណងរបស់ព្រះចំពោះយើង។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានបង្កើតយើងមកយ៉ាងអស្ចារ្យ ហើយនេះបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ដែលមិនរកតែប្រយោជន៍ទ្រង់ផ្ទាល់ទេ។ (ទំនុកដំកើង ៤០:៥; ១៣៩:១៤) បើដូច្នេះ ការបំពេញតាមគោលបំណងរបស់ព្រះ តម្រូវឲ្យយើងស្រឡាញ់មនុស្សដទៃដូចជាទ្រង់ដែរ គឺដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ (យ៉ូហានទី១ ៤:៧-១១) ពេលដែលយើងធ្វើតាមការណែនាំពីព្រះយេហូវ៉ា នេះក៏ជួយយើងឲ្យរស់សមស្របទៅតាមគោលបំណងរបស់ទ្រង់ដែរ ដែលបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង។—សាស្ដា ១២:១៣; យ៉ូហានទី១ ៥:៣
៤. (ក) តើយើងត្រូវធ្វើអ្វីដើម្បីឲ្យមានគោលបំណងដែលនាំឲ្យជីវិតមានន័យខ្លឹមសារ? (ខ) តើអ្វីជាគោលបំណងសំខាន់ចម្បងដែលមនុស្សយើងអាចបំពេញតាម?
៤ ព្រះយេហូវ៉ាក៏មានគោលបំណងឲ្យមនុស្សរស់នៅជាមួយគ្នាដោយសុខសាន្តដែលនាំឲ្យមានសុភមង្គល។ ទ្រង់ក៏មានបំណងមិនឲ្យមនុស្សធ្វើបាបសត្វនិងបង្ខូចបរិស្ថាន។ (លោកុប្បត្តិ ១:២៦; ២:១៥) ប៉ុន្តែ តើយើងត្រូវធ្វើអ្វីដើម្បីឲ្យមានសុភមង្គល ចិត្តស្ងប់និងភាពសុខសាន្ត? បើយើងចង់បានជីវិតដែលពិតជាមានន័យខ្លឹមសារនិងគោលបំណងផង យើងត្រូវការទំនាក់ទំនងល្អជាមួយបិតារបស់យើងនៅស្ថានសួគ៌។ នេះគឺប្រហាក់ប្រហែលនឹងកូនដែលត្រូវការឪពុកម្ដាយឲ្យនៅជិត ទើបវាសប្បាយហើយមានអារម្មណ៍សុខស្រួល។ (ហេព្រើរ ១២:៩) ព្រះយេហូវ៉ាបើកឱកាសឲ្យយើងមានទំនាក់ទំនងជាមួយនឹងទ្រង់ ដោយស្ដាប់ការអធិស្ឋានរបស់យើង និងអនុញ្ញាតឲ្យយើងចូលទៅជិតទ្រង់។ (យ៉ាកុប ៤:៨; យ៉ូហានទី១ ៥:១៤, ១៥) បើយើងជឿទៅលើព្រះយេហូវ៉ានិងក្លាយជាមិត្តសម្លាញ់របស់ទ្រង់ ហាក់ដូចជាយើងកំពុង‹ដើរជាមួយនឹងទ្រង់› នោះយើងអាចលើកតម្កើងបិតារបស់យើងនៅស្ថានសួគ៌ និងនាំឲ្យទ្រង់មានអំណរផង។ (លោកុប្បត្តិ ៦:៩; សុភាសិត ២៣:១៥, ១៦; យ៉ាកុប ២:២៣) នេះហើយជាគោលបំណងសំខាន់ចម្បងដែលមនុស្សយើងអាចបំពេញតាម។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា»។—ទំនុកដំកើង ១៥០:៦
តើអ្នកមានគោលបំណងអ្វី?
៥. ហេតុអ្វីក៏ការផ្ដោតអារម្មណ៍ទៅលើទ្រព្យសម្បត្ដិគ្មានប្រយោជន៍?
៥ ព្រះយេហូវ៉ាមានគោលបំណងឲ្យយើងថែរក្សាខ្លួន និងថែទាំក្រុមគ្រួសាររបស់ខ្លួនយើងផង។ នេះរួមបញ្ចូលការចិញ្ចឹមជីវិត និងការបណ្ដុះបណ្ដាលឲ្យមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ប៉ុន្តែ យើងត្រូវចេះគិតថ្លឹងថ្លែងស្តីអំពីការចិញ្ចឹមជីវិត ដោយមិនចំណាយពេលនិងគិតច្រើនពេកអំពីរឿងទាំងនោះ ដល់ម្ល៉េះបានជាយើងលែងយកចិត្តទុកដាក់ចំពោះអ្វីដែលសំខាន់ជាង ពោលគឺ ចំណងមិត្តភាពជាមួយនឹងព្រះ។ (ម៉ាថាយ ៤:៤; ៦:៣៣) គួរឲ្យស្ដាយណាស់! មនុស្សជាច្រើនចេះតែផ្ដោតអារម្មណ៍ទៅលើការប្រមូលទ្រព្យសម្បត្ដិប៉ុណ្ណោះ។ ប៉ុន្តែ ការផ្អែកទៅលើទ្រព្យសម្បត្ដិទាំងស្រុង មិនអាចនាំឲ្យជីវិតមានន័យខ្លឹមសារទេ។ ការស្ទង់មតិមហាសេដ្ឋីនៅទ្វីបអាស៊ីពេលថ្មីៗនេះ បង្ហាញថាពួកគេភាគច្រើនចេះតែ«ភ័យព្រួយ ព្រមទាំងខ្វះទំនុកចិត្តទៅលើសមត្ថភាពរបស់ខ្លួន សូម្បីតែពួកគេមានមុខមានមាត់ជាអ្នកដែលមានទ្រព្យសម្បត្ដិស្តុកស្តម្ភក្ដី»។—សាស្ដា ៥:១១
៦. តើព្រះយេស៊ូបានជូនយោបល់អ្វីស្តីអំពីការប្រមូលទ្រព្យសម្បត្ដិ?
៦ ព្រះយេស៊ូធ្លាប់មានប្រសាសន៍អំពី«សេចក្ដីឆបោករបស់ទ្រព្យសម្បត្ដិ»។ (ម៉ាកុស ៤:១៩) តើទ្រព្យសម្បត្ដិអាចបោកបញ្ឆោតយើងយ៉ាងណា? គឺដោយធ្វើឲ្យយើងគិតថា ទ្រព្យសម្បត្ដិនាំឲ្យមានសុភមង្គល។ ប៉ុន្តែ តាមការពិត សុភមង្គលមិនផ្អែកទៅលើទ្រព្យសម្បត្ដិទេ។ ស្តេចសាឡូម៉ូនជាអ្នកប្រាជ្ញមានប្រសាសន៍ថា៖ «អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ»។ (សាស្ដា ៥:១០) បើយើងមានគោលដៅប្រមូលទ្រព្យសម្បត្ដិ តើយើងអាចបំពេញតាមគោលដៅនោះនិងបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តបានទេ? អត់បានទេ។ ព្រះយេស៊ូពន្យល់ថា៖ «គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ហើយមើលងាយ១។ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះនឹងទ្រព្យសម្បត្ដិផងបានទេ»។ ព្រះយេស៊ូដាស់តឿនអ្នកកាន់តាមទ្រង់ថា មិនគប្បីឲ្យពួកគេប្រមូលទ្រព្យសម្បត្ដិនៅផែនដីទេ តែពួកគេគួរ«ប្រមូលទ្រព្យសម្បត្ដិទុកសំរាប់ខ្លួននៅឯស្ថានសួគ៌វិញ»។ នេះមានន័យថា ពួកគេគួរព្យាយាមបង្កើតឲ្យមានកេរ្ដិ៍ឈ្មោះល្អនៅចំពោះព្រះយេហូវ៉ាដែល‹ជ្រាបនូវរបស់អ្វីដែលមនុស្សត្រូវការ មុនដែលពួកគេសូមផង›។—ម៉ាថាយ ៦:៨, ១៩-២៥
៧. តើយើងអាច«ចាប់បានជីវិតអស់កល្បជានិច្ច»ដោយរបៀបណា?
៧ ពេលសាវ័កប៉ុលបានសរសេរសំបុត្រជូនចំពោះប្អូនធីម៉ូថេដែលធ្លាប់ធ្វើការជាមួយនឹងគាត់ ប៉ុលជូនឱវាទយ៉ាងម៉ឺងម៉ាត់ស្តីអំពីការប្រមូលទ្រព្យសម្បត្ដិ។ ប៉ុលប្រាប់ធីម៉ូថេថា៖ «ចូរហាមប្រាមដល់ពួកអ្នកមាន . . . កុំឲ្យគេ . . . ទុកចិត្តនឹងទ្រព្យសម្បត្ដិដែលមិនទៀងនោះឡើយ [តែ]ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ។ ចូរ . . . ចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង។ យ៉ាងនោះឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្ដិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច»ដែលគ្មានទីបញ្ចប់។—ធីម៉ូថេទី១ ៦:១៧-១៩
តើអ្វីដែលនាំឲ្យសប្បាយនឹងជីវិត?
៨. (ក) ហេតុអ្វីក៏មនុស្សជាច្រើនចេះតែស្វែងរកទ្រព្យសម្បត្ដិនិងមុខមាត់ធំដុំ? (ខ) តើអ្នកទាំងនោះមិនទទួលស្គាល់អ្វី?
៨ ពេលនិយាយអំពីអ្វីដែលនាំឲ្យសប្បាយនឹងជីវិត មនុស្សជាច្រើនគិតពីរបៀបរស់នៅដ៏ហ៊ឺហា ថែមទាំងមានការកម្សាន្តសប្បាយ។ ទស្សនាវដ្ដីមួយនៅទ្វីបអាស៊ីកត់សម្គាល់ថា៖ «ពេលមើលភាពយន្តនិងទូរទស្សន៍ មនុស្សបង្កើតឲ្យមានចំណង់ចង់បានអ្វីដែលពួកគេមើលឃើញ ថែមទាំងស្រមៃគិតពីអ្វីដែលពួកគេសង្ឃឹមថានឹងមាននៅពេលអនាគត»។ មនុស្សជាច្រើនមានគោលដៅស្វែងរកតែទ្រព្យសម្បត្ដិនិងមុខមាត់ធំដុំជាអ្វីដែលសំខាន់ចម្បងក្នុងជីវិត។ តាំងពីក្មេងមក ពួកគេស្វែងរករបស់ទាំងនោះ ដោយមិនគិតដល់សុខភាព ជីវភាពក្រុមគ្រួសារនិងគោលការណ៍សីលធម៌ជាដើម។ កម្រណាស់ដែលមនុស្សទទួលស្គាល់ថា សាតាំងកំពុងមានឥទ្ធិពលទៅលើពួកគេ ដោយញុះញង់មនុស្សក្នុងពិភពលោកនេះឲ្យគិតតែពីការសប្បាយ ដែលប្រឆាំងនឹងគោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិ។ (កូរិនថូសទី១ ២:១២; អេភេសូរ ២:២) អាស្រ័យហេតុនេះ ពុំមែនជាការចម្លែកអ្វីឡើយ ដែលពិភពលោកនេះសម្បូរទៅដោយមនុស្សដែលមិនមានសុភមង្គល!—សុភាសិត ១៨:១១; ២៣:៤, ៥
៩. តើមនុស្សមិនអាចសម្រេចអ្វី? ហេតុអ្វី?
៩ ចុះយ៉ាងណាចំពោះមនុស្សដែលលះបង់ប្រយោជន៍ខ្លួនឯងដើម្បីជួយអ្នកដទៃ ដោយព្យាយាមទប់ស្កាត់កង្វះអាហារ ជំងឺតម្កាត់និងភាពមិនស្មើគ្នាជាដើម? តាមពិត ស្មារតីលះបង់របស់ពួកគេបាននាំឲ្យមនុស្សជាច្រើនមានជីវិតធូរធារមែន! ប៉ុន្តែ ទោះបើសប្បុរសជនខំព្យាយាមច្រើនប៉ុណ្ណាក៏ដោយ ពួកគេមិនអាចប្ដូរសង្គមនេះឲ្យទៅជាល្អនិងយុត្ដិធម៌បានឡើយ។ ហេតុអ្វី? ពីព្រោះពិភពលោក«ទាំងមូលដេកនៅក្នុងឱវាទ[ឬ«ស្ថិតនៅក្រោមអំណាច»]នៃមេកំណាច» គឺសាតាំង ហើយវាក៏មិនចង់ឲ្យសង្គមនេះលូតលាស់ប្រសើរជាងដែរ។—យ៉ូហានទី១ ៥:១៩; ខ.ស.
១០. តើមនុស្សស្មោះត្រង់អាចសប្បាយនឹងជីវិតដែលស្របទៅតាមគោលបំណងរបស់ព្រះនៅពេលណា?
១០ គួរឲ្យអាណិតណាស់! អស់អ្នកដែលគ្មានសេចក្ដីសង្ឃឹមចំពោះពេលអនាគត។ ប៉ុលបានសរសេរថា៖ «បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទនៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនាលើសជាងមនុស្សទាំងអស់ទៅទៀត»។ មនុស្សដែលជឿថា មានជីវិតមួយរយៈនេះតែប៉ុណ្ណោះ ក៏មានទស្សនៈថា៖ «ចូរយើងស៊ីផឹកទៅចុះ! ដ្បិតស្អែកយើងត្រូវស្លាប់ហើយ»។ (កូរិនថូសទី១ ១៥:១៩, ៣២) ប៉ុន្តែ តាមការពិត មនុស្សយើងអាចមានអនាគតល្អបាន។ គម្ពីររៀបរាប់ថា ស្របទៅតាម‹សេចក្ដីសន្យារបស់ព្រះ› នោះ«យើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មីនឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ (ពេត្រុសទី២ ៣:១៣) នៅគ្រានោះ គ្រិស្តសាសនិកទាំងឡាយអាចសប្បាយនឹង«ជីវិតអស់កល្បជានិច្ច»ដែលគ្មានទីបញ្ចប់ និងមានភាពល្អឥតខ្ចោះ ហើយរស់ជារៀងរហូត មិនថានៅឯស្ថានសួគ៌ ឬក្រោមការគ្រប់គ្រងនៃរាជរដ្ឋាភិបាលរបស់ព្រះដែលបង្ហាញសេចក្ដីស្រឡាញ់។—ធីម៉ូថេទី១ ៦:១២
១១. ហេតុអ្វីក៏ការព្យាយាមបំពេញតាមគោលបំណងរបស់ព្រះយេហូវ៉ានិងរាជាណាចក្ររបស់ទ្រង់មានប្រយោជន៍?
១១ មានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហាគ្រប់សព្វរបស់មនុស្សជាតិ។ អាស្រ័យហេតុនេះ ការព្យាយាមបំពេញតាមគោលបំណងរបស់ព្រះយេហូវ៉ានិងរាជាណាចក្ររបស់ទ្រង់ ជាគោលបំណងដែលមានប្រយោជន៍ច្រើនបំផុត។ (យ៉ូហាន ៤:៣៤) ពេលធ្វើកិច្ចការនោះ យើងអាចមានទំនាក់ទំនងជិតស្និទ្ធជាមួយបិតារបស់យើងនៅស្ថានសួគ៌។ យើងក៏មានអំណរពេលធ្វើការជាមួយបងប្អូនរួមជំនឿរាប់លាននាក់ដែលមានគោលបំណងដូចគ្នាដែរ។
តើយើងគួរលះចោលអ្វីខ្លះ?
១២. សូមពន្យល់អំពីលក្ខណៈខុសគ្នារវាងជីវិតក្នុងពិភពលោកនេះ និងជីវិតក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ។
១២ គម្ពីរប្រកាសឲ្យដឹងថា ពិភពលោកនេះនិង«សេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ»។ អ្វីៗទាំងអស់ក្នុងពិភពលោករបស់សាតាំងនឹងវិនាសទៅ រួមទាំងទ្រព្យសម្បត្ដិនិងអ្នកដែលមានមុខមាត់ធំដុំ។ ប៉ុន្តែ «អ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៥-១៧) មនុស្សក្នុងពិភពលោកនេះចេះតែចង់បានទ្រព្យសម្បត្ដិដែលជារបស់មិនទៀង ឈ្មោះល្បីល្បាញដែលមានតែមួយភ្លែត និងការសប្បាយដែលគ្មានន័យខ្លឹមសារសោះ។ ចំពោះយើងវិញ ការលះបង់ដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់ក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ គឺសំខាន់ជាង។ ប៉ុន្តែ ពេលសម្រេចចិត្តអំពីអ្វីដែលគួរនឹងលះចោលនោះ យើងក៏ត្រូវតែប្រុងប្រយ័ត្នដែរ។
១៣. តើស្វាមីភរិយាមួយគូនេះបានលះចោលអ្វីខ្លះដែលគួរនោះ?
១៣ សូមកត់សម្គាល់អ្វីដែលស្វាមីភរិយាមួយគូនេះបានធ្វើ។ ពួកគាត់មានជំនឿស៊ប់ទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា អស់អ្នកដែលរក្សាទុករាជាណាចក្ររបស់ទ្រង់ជាអាទិភាពក្នុងជីវិត នឹងទទួលជំនួយពីទ្រង់វិញ។ (ម៉ាថាយ ៦:៣៣) អាស្រ័យហេតុនេះ ពួកគាត់បានសម្រេចចិត្តរស់នៅក្នុងផ្ទះមួយយ៉ាងសមរម្យ ដែលមានន័យថា មិនចាំបាច់ឲ្យគាត់ទាំងពីរនាក់ធ្វើការច្រើនទេ។ ដូច្នេះ ពួកគាត់អាចចំណាយពេលកាន់តែច្រើនក្នុងកិច្ចបម្រើព្រះ ជាមួយនឹងកូនស្រីទាំងពីរនាក់។ (ហេព្រើរ ១៣:១៥, ១៦) ពួកម៉ាកម្នាក់មិនយល់អំពីមូលហេតុដែលពួកគាត់សម្រេចចិត្តរស់នៅក្នុងផ្ទះធម្មតាបែបនោះ។ ដូច្នេះ គាត់ប្រាប់បងស្រីដោយបំណងចិត្តល្អថា៖ «បើឯងចង់បានផ្ទះស្អាតជាង ឯងត្រូវលះចោលអ្វីខ្លះ»។ យ៉ាងណាក៏ដោយ គូស្វាមីភរិយានេះដឹងថា ពេលដែលកិច្ចបម្រើព្រះយេហូវ៉ាមានអាទិភាពក្នុងជីវិត នោះទ្រង់ក៏«សន្យា»ថា ពួកគាត់អាចទទួល«ជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង»។ (ធីម៉ូថេទី១ ៤:៨; ទីតុស ២:១២) ពេលកូនស្រីរបស់ពួកគាត់បានធំឡើង ពួកគេក៏មានចិត្តខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយពេញពេលដែរ។ ជាក្រុមគ្រួសារ ពួកគាត់ទាំងអស់គ្នាមានអារម្មណ៍ថា ការខំបំពេញតាមគោលបំណងចង់ទទួលជីវិតក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ នោះមិននាំឲ្យពួកគាត់ខ្វះខាតអ្វីដ៏ល្អសោះ តែនាំឲ្យមានប្រយោជន៍ច្រើនវិញ។—ភីលីព ៣:៨; ធីម៉ូថេទី១ ៦:៦-៨
កុំ‹ប្រើប្រាសលោកីយនេះឲ្យហួសខ្នាតទេ›
១៤. បើយើងភ្លេចគោលបំណងពិតក្នុងជីវិត តើយើងអាចរងគ្រោះថ្នាក់អ្វីខ្លះ?
១៤ បើយើងភ្លេចគោលបំណងពិតក្នុងជីវិត ហើយមិនរក្សាឲ្យមានសេចក្ដីសង្ឃឹមរឹងមាំចំពោះជីវិតក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ នោះយើងអាចរងគ្រោះថ្នាក់វិញ។ ‹សេចក្ដីខ្វល់ខ្វាយ ទ្រព្យសម្បត្ដិ នឹងសេចក្ដីស្រើបស្រាលនៅជីវិតនេះ› អាច«ចូលមកខ្ទប់ជិត»យើង។ (លូកា ៨:១៤) បើយើងមិនទប់ចិត្តដែលចេះតែចង់ប្រមូលវត្ថុទ្រព្យ ឬមួយក៏«ខ្វល់ខ្វាយ»ច្រើនពេកអំពីការចិញ្ចឹមជីវិត នេះអាចនាំឲ្យយើងចូលប្រឡូកហួសប្រមាណក្នុងពិភពលោកនេះ។ (លូកា ២១:៣៤) គួរឲ្យស្ដាយណាស់! បងប្អូនខ្លះបានចុះញ៉មទៅតាមបរិយាកាសដែលនាំឲ្យជក់ស្លុងនឹងការប្រមូលទ្រព្យសម្បត្ដិ ហើយជាលទ្ធផលនោះ បាន«លួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេដោយសេចក្ដីព្រួយលំបាកជាច្រើន»។ អ្នកខ្លះក៏បានរងទុក្ខរហូតដល់បាត់បង់ចំណងមិត្តភាពជាមួយព្រះយេហូវ៉ាដែរ។ ពួកគេពិតជាបានបង់ប្រយោជន៍មែន! ដោយមិនកាន់ខ្ជាប់នឹងសេចក្ដីសង្ឃឹមដើម្បីទទួល«ជីវិតអស់កល្បជានិច្ច»។—ធីម៉ូថេទី១ ៦:៩, ១០, ១២; សុភាសិត ២៨:២០
១៥. តើក្រុមគ្រួសារមួយបានទទួលប្រយោជន៍អ្វីខ្លះដោយមិន‹ប្រើប្រាសលោកីយនេះឲ្យហួសខ្នាត›?
១៥ ចំពោះអស់អ្នកដែល«ប្រើប្រាសលោកីយ»នេះ ប៉ុលបានជូនយោបល់ថា ពួកគេ‹មិនគួរប្រើវាហួសខ្នាតទេ›។ (កូរិនថូសទី១ ៧:៣១) ស្វាមីភរិយាមួយគូបានធ្វើតាមយោបល់នេះ។ បងប្រុសពន្យល់ថា៖ «ពេលរៀនជិតចប់នូវវិជ្ជាពេទ្យធ្មេញ ខ្ញុំបានក្លាយជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ខ្ញុំត្រូវធ្វើការសម្រេចចិត្តមួយ ខ្ញុំអាចសម្រេចចិត្តព្យាបាលអ្នកជំងឺច្រើននាក់ ហើយប្រមូលលុយច្រើនផងដែរ តែនេះនឹងរារាំងកិច្ចបម្រើព្រះបន្ដិច។ ដូច្នេះ ខ្ញុំសម្រេចចិត្តព្យាបាលអ្នកជំងឺតែមួយចំនួនប៉ុណ្ណោះ ហើយនេះអនុញ្ញាតឲ្យខ្ញុំមានពេលច្រើនជាងដើម្បីជួយក្រុមគ្រួសាររបស់ខ្ញុំ ខាងផ្លូវចិត្តនិងក្នុងកិច្ចបម្រើព្រះដែរ។ នៅទីបំផុតខ្ញុំមានកូនស្រីប្រាំនាក់។ យើងបានរៀនឲ្យចេះសន្សំសំចៃ ពីព្រោះកម្រណាស់ដែលយើងមានថវិកាលើសពីអ្វីដែលយើងត្រូវការ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនដែលខ្វះខាតអ្វីឡើយ។ យើងមានភាពជិតស្និទ្ធនិងអារម្មណ៍កក់ក្ដៅជាក្រុមគ្រួសារ ហើយជីវិតយើងពេញទៅដោយអំណរ។ នៅទីបំផុត យើងរាល់គ្នាបានចុះឈ្មោះជាអ្នកផ្សព្វផ្សាយពេញពេល។ ឥឡូវ កូនស្រីទាំងអស់របស់យើងបានរៀបការនិងមានសុភមង្គល ហើយបីនាក់ក៏មានកូនផង។ ក្រុមគ្រួសាររបស់ពួកគេក៏មានសុភមង្គលដែរ ពីព្រោះពួកគេរក្សាទុកគោលបំណងរបស់ព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិត»។
ចូររក្សាទុកគោលបំណងរបស់ព្រះជាអាទិភាពក្នុងជីវិតចុះ!
១៦, ១៧. តើគម្ពីររៀបរាប់អំពីមនុស្សណាខ្លះដែលជាអ្នកស្ទាត់ជំនាញ? តើពួកគាត់ច្រើនតែមានឈ្មោះល្បីដោយសារអ្វី?
១៦ គម្ពីររៀបរាប់អំពីមនុស្សជាច្រើនទុកជាគំរូ ខ្លះបានរស់សមស្របទៅតាមគោលបំណងរបស់ព្រះយេហូវ៉ា ហើយខ្លះទៀតមិនបានធ្វើតាមគោលបំណងរបស់ព្រះទេ។ មនុស្សគ្រប់អាយុ មិនថាមានកាលៈទេសៈណាក្នុងជីវិត ឬមានទំនៀមទម្លាប់បែបណាក៏ដោយ អាចទាញយកមេរៀនល្អៗពីគំរូទាំងនោះ។ (រ៉ូម ១៥:៤; កូរិនថូសទី១ ១០:៦, ១១) ជាឧទាហរណ៍ បុរសឈ្មោះនីមរ៉ុឌ បានសាងសង់ទីក្រុងធំៗមួយចំនួន ប៉ុន្តែគាត់សម្រេចការនោះខុសពីបំណងចិត្តព្រះយេហូវ៉ា។ (លោកុប្បត្តិ ១០:៨-១២) យ៉ាងណាក៏ដោយ បុរសឯទៀតបានតាំងគំរូល្អវិញ។ ជាឧទាហរណ៍ លោកម៉ូសេមិនមានបំណងចង់រក្សាការពារមុខតំណែងជាអ្នកធំនៅស្រុកអេស៊ីបទេ។ ផ្ទុយទៅវិញ គាត់ចាត់ទុកភារកិច្ចក្នុងការបម្រើព្រះយេហូវ៉ា«ជាទ្រព្យសម្បត្ដិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ»។ (ហេព្រើរ ១១:២៦) ក្នុងនាមជាគ្រូពេទ្យ យើងមិនសង្ស័យថាលោកលូកាបានជួយព្យាបាលជំងឺរបស់ប៉ុលនិងបងប្អូនឯទៀតដែរ។ យ៉ាងណាក៏ដោយ កិច្ចការដែលមានប្រយោជន៍ច្រើនបំផុតក្នុងជីវិតគាត់ គឺកិច្ចការផ្សព្វផ្សាយនិងការរួមដៃសរសេរគម្ពីរ។ រីឯប៉ុល គាត់មិនមានឈ្មោះល្បីជាអ្នកប្រាជ្ញច្បាប់ទេ តែមានកេរ្ដិ៍ឈ្មោះជាសាសនទូត ហើយជា«សាវកដល់សាសន៍ដទៃ»។—រ៉ូម ១១:១៣
១៧ ពេលឮឈ្មោះដាវីឌ យើងមិនសូវគិតពីសមត្ថភាពរបស់គាត់ជាមេទ័ព អ្នកតែងបទចម្រៀងឬអ្នកលេងភ្លេងទេ តែនឹកចាំពីគាត់ជា‹មនុស្សម្នាក់ដែលត្រូវនឹងព្រះហឫទ័យព្រះយេហូវ៉ា›។ (សាំយូអែលទី១ ១៣:១៤) យើងស្គាល់លោកដានីយ៉ែល មិនមែនជារាជការម្នាក់នៅស្រុកបាប៊ីឡូន តែជាអ្នកដែលមានភក្ដីភាពក្នុងកិច្ចបម្រើជាអ្នកប្រកាសទំនាយរបស់ព្រះ។ រីឯនាងអេសធើរ យើងមិនចំណាំនាងជាមហាក្សត្រីនៅស្រុកពើស៊ីទេ តែនឹកគិតពីគំរូរបស់នាងជាអ្នកដែលមានជំនឿមាំមួននិងចិត្តក្លាហាន។ ឈ្មោះពេត្រុស អនទ្រេ យ៉ាកុបនិងយ៉ូហានមិននាំឲ្យយើងគិតពីបុរសដែលពូកែនេសាទត្រីទេ តែពួកគាត់មានឈ្មោះល្បីជាសាវ័ករបស់ព្រះយេស៊ូ។ គំរូដ៏ប្រសើរបំផុតគឺព្រះយេស៊ូ ពីព្រោះយើងមិនសូវគិតពីកិច្ចការរបស់ទ្រង់ជា«ជាងឈើ»ទេ តែគិតពីមុខនាទីរបស់ទ្រង់ជា«ព្រះគ្រីស្ទ»វិញ។ (ម៉ាកុស ៦:៣; ម៉ាថាយ ១៦:១៦) បុរសនិងស្ត្រីទាំងនេះបានយល់ច្បាស់ថា ទោះជាពួកគាត់ពូកែធ្វើអ្វីក៏ដោយ ហើយមានទ្រព្យសម្បត្ដិនិងមុខមាត់ធំក្ដី នោះមុខរបរនិងអាជីពរបស់ពួកគាត់មិនគួរចាត់ទុកជាអ្វីដែលសំខាន់បំផុតទេ តែកិច្ចបម្រើព្រះយេហូវ៉ាជាអ្វីដែលគួរមានអាទិភាពក្នុងជីវិតទៅវិញ។ ពួកគាត់ជ្រាបថា គោលបំណងដ៏ប្រសើរបំផុតដែលនាំឲ្យមានប្រយោជន៍ច្រើនជាងគេ គឺឲ្យពួកគាត់បម្រើព្រះយេហូវ៉ាដោយកោតខ្លាច។
១៨. តើគ្រិស្តសាសនិកម្នាក់បានសម្រេចចិត្តធ្វើអ្វីក្នុងជីវិត? តើគាត់យល់យ៉ាងណា?
១៨ នៅទីបំផុត បុរសនៅប្រទេសកូរ៉េដែលបានរៀបរាប់នៅដើមអត្ថបទនេះ ក៏យល់ចំណុចនេះដែរ។ គាត់ពន្យល់ថា៖ «ជាជាងផ្ដោតអារម្មណ៍ទាំងស្រុងទៅលើកិច្ចការជាគ្រូពេទ្យ គ្រូបង្រៀននិងជាងគំនូរនោះ ខ្ញុំសម្រេចចិត្តរស់នៅស្របទៅតាមការឧទ្ទិសថ្វាយខ្លួនរបស់ខ្ញុំចំពោះព្រះ។ ឥឡូវខ្ញុំបម្រើការនៅកន្លែងដែលត្រូវការអ្នកបង្រៀនគម្ពីរច្រើនជាង ហើយខ្ញុំកំពុងជួយមនុស្សឲ្យស្គាល់ផ្លូវដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់។ ពីមុនខ្ញុំគិតថា កិច្ចការផ្សព្វផ្សាយពេញពេលមិនអាចគាប់ចិត្តខ្ញុំបានទេ ពីព្រោះស្រួលធ្វើពេក។ ប៉ុន្តែ ឥឡូវនេះខ្ញុំឃើញថាកិច្ចការនោះមិនសូវស្រួលទេ តែតម្រូវឲ្យខ្ញុំកែប្រែលក្ខណៈរបស់ខ្លួនឲ្យបានល្អឡើង ហើយខំបណ្ដុះឲ្យមានសមត្ថភាពច្រើនថែមទៀតក្នុងការជួយបង្រៀនមនុស្សដែលមានទំនៀមទម្លាប់ខុសៗគ្នា។ ខ្ញុំទទួលស្គាល់ថា ពេលដែលយើងក្រសោបយកគោលបំណងរបស់ព្រះយេហូវ៉ាទុកជាគោលបំណងរបស់យើង នោះហើយជាវិធីតែមួយគត់ដែលជីវិតយើងអាចមានន័យខ្លឹមសារបាន»។
១៩. តើអ្វីនឹងជួយយើងឲ្យបំពេញតាមគោលបំណងពិតក្នុងជីវិត?
១៩ ក្នុងនាមជាគ្រិស្តសាសនិក យើងមានឯកសិទ្ធិពិសេសជាអ្នកដែលស្គាល់ព្រះ ហើយមានចំណេះដែលផ្ដល់ហេតុឲ្យយើងសង្ឃឹមទទួលសេចក្ដីសង្គ្រោះ។ (យ៉ូហាន ១៧:៣) បើដូច្នេះ កុំឲ្យយើង«ទទួលព្រះគុណរបស់ព្រះដោយបែបឥតប្រយោជន៍» ឬ«ទុកចោលជាអសារឥតការឡើយ»។ (កូរិនថូសទី២ ៦:១; ខ.ស.) ផ្ទុយទៅវិញ ចូរឲ្យយើងយកពេលដែលមានតម្លៃក្នុងជីវិតយើងសរសើរព្រះយេហូវ៉ាចុះ! ចូរជួយអ្នកដទៃឲ្យទទួលចំណេះដែលអាចនាំឲ្យពួកគេមានសុភមង្គលឥឡូវនេះ និងជីវិតដែលគ្មានទីបញ្ចប់នៅពេលអនាគតផង។ ពេលដែលយើងធ្វើដូច្នេះ យើងនឹងពិសោធនូវសច្ចភាពនៃពាក្យរបស់ព្រះយេស៊ូដែលថា៖ «[ការ]ឲ្យ នោះបានពរជាជាងទទួល»។ (កិច្ចការ ២០:៣៥) ណាមួយទៀត នេះនឹងនាំឲ្យយើងបំពេញគោលបំណងពិតក្នុងជីវិត។
តើអ្នកអាចពន្យល់ទេ?
• តើអ្វីជាគោលបំណងសំខាន់ចម្បងដែលមនុស្សយើងអាចបំពេញតាម?
• ហេតុអ្វីក៏ការផ្អែកទៅលើទ្រព្យសម្បត្ដិទាំងស្រុង មិនអាចនាំឲ្យជីវិតមានន័យខ្លឹមសារ?
• តើព្រះយេហូវ៉ាសន្យាជីវិតបែបណាឲ្យយើង?
• តើយើងអាចធ្វើយ៉ាងណាដើម្បីរក្សាទុកគោលបំណងរបស់ព្រះជាអាទិភាពក្នុងជីវិត?
[រូបភាពនៅទំព័រ២១]
ពេលធ្វើការសម្រេចចិត្តអំពីអ្វីដែលគួរនឹងលះចោលនោះ ពួកគ្រិស្តសាសនិកត្រូវតែប្រុងប្រយ័ត្នដែរ